សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ចោទប្រកាន់លោក Netanyahu ពីការរារាំងកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស

2024/07/18 07:10:04 pm        274
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកយ៉ូអាវ ហ្គាលែន(Yoav Gallant) និយាយថា លក្ខខណ្ឌជាច្រើនសម្រាប់កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស ជុំវិញបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ ត្រូវបានបំពេញ។ លោក Gallant បានបង្ហាញពីទស្សនៈនេះ ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃពុធ។លោកបាននិយាយថា ប្រតិបត្តិការរបស់យោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានបង្កើតលក្ខខណ្ឌចាំបាច់ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការវិលត្រឡប់មកវិញនៃចំណាប់ថ្នូរ។ការលើកឡើងបែបនេះ បានគូសបញ្ជាក់ពីជំហររបស់យោធាថា កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស ត្រូវតែឈានដល់ ខណៈប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបតែមួយមុខ នឹងពុំអាចនាំយកចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ត្រឡប់ទៅផ្ទះវិញបានទេ។ជាមួយគ្នានេះ លោក Gallant នៅតែរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលនៅតែរក្សាជំហរប្រកាន់តឹងប្រឆាំងក្រុមហាម៉ាស។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃពុធនៅក្នុងកិច្ចប្រជុំចង្អៀតមួយថា លោក Gallant បានចោទប្រកាន់នាយករដ្ឋមន្រ្តីថា បានដាក់ឧបសគ្គជាច្រើន នៅក្នុងមធ្យោបាយនៃកិច្ចព្រមព្រៀង។ដោយប្រឆាំងទៅនឹងទិដ្ឋភាពខាងក្រោយ ទាហានអ៊ីស្រាអែល បានបន្តការវាយលុករបស់ពួកគេនៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស្វាគមន៍ជំហររបស់បេក្ខជនអនុប្រធានាធិបតីអាមេរិក លើអ៊ុយក្រែន ក្នុងពេលមានការព្រួយបារម្ភរបស់អឺរ៉ុប

2024/07/18 07:02:24 pm        302
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយមេដឹកនាំអាមេរិកណាមួយក៏ដោយ ដែលមានឆន្ទះចូលរួមក្នុង «ការសន្ទនាប្រកបដោយសមភាព និងការគោរពគ្នាទៅវិញទៅមក» ខណៈស្វាគមន៍ចំពោះជំហរលើអ៊ុយក្រែនរបស់បេក្ខជនអនុប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក J.D. Vance ។លោក Vance ដែលត្រូវបានជ្រើសរើសក្នុងសប្តាហ៍នេះដោយលោក Donald Trump ជាអ្នករួមការងាររបស់លោក មានបំណងកាត់បន្ថយការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន នៅក្នុងសង្រ្គាមរបស់ប្រទេសនេះជាមួយរុស្ស៊ី និងបាននិយាយថា ទីក្រុងគីវ ពុំមានឱកាសក្នុងការដណ្តើមយកមកវិញនូវទឹកដីទាំងអស់ដែលរុស្ស៊ីយកបាន ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមវាយយលុកពេញលេញរបស់ខ្លួនទៅលើ អ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។លោក Lavrov បាននិយាយទៅកាន់អ្នកសារព័ត៌មានថា លោកគាំទ្រសន្តិភាព លោកគាំទ្រក្នុងការបញ្ចប់ជំនួយដែលត្រូវបានផ្តល់ ហើយយើងអាចស្វាគមន៍ ព្រោះនោះជាអ្វីដែលយើងត្រូវការ ដើម្បីបញ្ឈប់ការទាមទារសព្វាវុធរបស់អ៊ុយក្រែន ហើយបន្ទាប់មកសង្រ្គាមនឹងបញ្ចប់។សម្ព័ន្ធមិត្តសហភាពអឺរ៉ុបរបស់សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការជ្រើសរើសលោក Vance ជាបេក្ខជនអនុប្រធានាធិបតីរបស់លោក Trump នៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកា ខាងមុខ។ លោក Trump បានសម្តែងការមិនសប្បាយចិត្តជុំវិញកញ្ចប់ជំនួយចុងក្រោយ របស់សភាសម្រាប់អ៊ុយក្រែន ដែលត្រូវបានអនុម័តកាលពីខែមេសា។ លោក ពូទីន បាននិយាយថា រុស្ស៊ីនឹងបញ្ចប់សង្រ្គាម ប្រសិនបើទីក្រុងគីវ ប្រគល់តំបន់ចំនួនបួននៅភាគខាងកើត និងភាគខាងត្បូងរបស់ប្រទេស ដែលទាមទារដោយទីក្រុងមូស្គូ។

លោក Maduro មានបំណងបន្តអាណត្តិទីបីនៅវ៉េណេស៊ុយអេឡា ទោះបីសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ

2024/07/18 06:59:39 pm        281
លោក Nicolas Maduro បានក្លាយជាប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៣ រយៈពេលបីថ្ងៃបន្ទាប់ពីមរណភាពរបស់ប្រធានាធិបតី លោក Hugo Chavez ដោយសារជំងឺមហារីក ហើយ១១ឆ្នាំក្រោយមក លោកបានស្វែងរកការបោះឆ្នោតជាថ្មី សម្រាប់អាណត្តិទីបី នៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា។លោក Maduro និយាយថា ជ័យជម្នះរបស់លោកនឹងក្លាយជាអំណោយសម្រាប់អ្នកគាំទ្ររបស់លោក។ លោក Maduro ដែលបានកាន់តំណែងរយៈពេល១១ឆ្នាំ បានជាប់ឆ្នោតជាលើកដំបូងក្នុងឆ្នាំ ២០១៣ បន្ទាប់ពីមរណភាពរបស់លោក Chavez ។ បច្ចុប្បន្ននេះ នៅក្នុងការបោះឆ្នោតនៅថ្ងៃទី ២៨ ខែកក្កដា ខាងមុខ លោកនឹងត្រូវប្រឈមមុខជាមួយអតីតអ្នកការទូត លោក អ៊ីដមុនដូ ហ្គុងហ្សាឡេស(Edmundo Gonzalez) ជាគូប្រជែងដ៏សំខាន់របស់លោកមកពីក្រុមចម្រុះប្រឆាំង។ប្រធានាធិបតីអាយុ ៦១ ឆ្នាំ ដែលទទួលខុសត្រូវចំពោះការដួលរលំសេដ្ឋកិច្ច នាំឱ្យមានអតិផរណាហក់ឡើងខ្ពស់ និងការធ្វើអន្តោប្រវេសន៍ច្រើនបំផុតរបស់ប្រជាជនវេណេស៊ុយអេឡា ជារឿយៗហៅក្រុមប្រឆាំងថា «ហ្វាស៊ីសនិយម»។លោក Maduro ត្រូវបានចោទប្រកាន់ដោយក្រុមអ្នករិះគន់លោក ថា ផ្តាច់ការនិយម ដឹកនាំរបបផ្តាច់ការ ចាប់ឃុំឃាំងអ្នកនយោបាយប្រឆាំង ព្រមទាំងការមិនអនុញ្ញាតឱ្យមានការចូលរួមដោយសេរីនៅក្នុងការបោះឆ្នោត ដោយមានបម្រាមការបោះឆ្នោត លើបេក្ខជនដែលគេនិយមច្រើន។សហរដ្ឋអាមេរិក ដែលនៅតែចោទប្រកាន់ និងផ្តល់រង្វាន់ចំនួន១៥លានដុល្លារសម្រាប់ការចាប់ខ្លួន លោក Maduro បានដាក់ទណ្ឌកម្មប្រេងឡើងវិញលើប្រទេសវេណេស៊ុយអេឡា កាលពីពាក់កណ្តាលខែមេសា ដោយចោទប្រកាន់ លោក Maduro ថាពុំបានអនុវត្តពេញលេញតាមការធានាក្នុងការបោះឆ្នោត ដែលលោកបានធ្វើនៅក្នុងកិច្ចព្រមព្រៀងជាមួយគណបក្សប្រឆាំង។

ក្រុមអ្នកគាំទ្រលោក Trump ថាលោក Biden ធ្វើពុតជាមានជំងឺកូវីដ ដើម្បីបង្វែរការចាប់អារម្មណ៍

2024/07/18 06:53:49 pm        276
ក្រុមអ្នកគាំទ្រលោក Donald Trump មានមន្ទិលសង្ស័យចំពោះព័ត៌មានដែលថាប្រធានាធិបតីអាមេរិក លោក Joe Biden ធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង ឡាសវេហ្កាស (Las Vegas) កាលពីថ្ងៃពុធ (១៧ កក្កដា)។ អ្នកនាំពាក្យសេតវិមាន លោកស្រី ខាតារីន ហ្សង់ព្យែរ (Karine Jean-Pierre) បានប្រកាសថាលោកប្រធានាធិបតីបក្សប្រជាធិបតេយ្យ វ័យ ៨១ឆ្នាំរូបនេះវិជ្ជមានកូវីដ១៩ បន្ទាប់ពីលោក Biden លុបចោលសុន្ទរកថាដោយសារតែមានជំងឺនេះ។ ប៉ុន្តែក្រុមអ្នកគាំទ្រលោក Trump នៅទីក្រុង មីលវ៉ូឃី (Milwaukee) រដ្ឋ វីស្ខនស៊ិន (Wisconsin) គិតថានោះជាព័ត៌មានមិនពិត។ អ្នកគាំទ្រលោក Trump ម្នាក់ឈ្មោះ ចេសុន (Jason) បាននិយាយថា «ខ្ញុំគិតថាវាជារឿងក្លែងក្លាយ» លោក Biden កំពុងធ្វើពុតដើម្បីបង្វែរការចាប់អារម្មណ៍ពីការធ្វើមិនបានល្អក្នុងពេលជជែកដេញដោល និងអ្វីៗផ្សេងទៀតដែលកើតឡើង។ អ្នកគាំទ្រម្នាក់ទៀតឈ្មោះ ម៉ូ ហ្សេណេសកូ (Moe Zenezzko) បាននិយាយថា លោក Biden ត្រូវការលេសមួយ ហើយនឹងប្រើកូវីដជាបញ្ហាសុខភាពរបស់លោកដើម្បីចុះចេញពីតំណែង។ជំងឺនេះកើតឡើងនៅពេលវេលាដ៏សំខាន់សម្រាប់លោក Biden ដែលកំពុងបាត់បង់ការគាំទ្រនៅក្នុងរដ្ឋប្រទាញប្រទូងប្រឆាំងនឹងលោក Trump ដែលកំពុងដឹកនាំសន្និបាតដ៏ជោគជ័យមួយក្នុងសប្តាហ៍នេះ បន្ទាប់ពីលោកបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃសៅរ៍។ ប្រតិភូមកពីបក្សសាធារណរដ្ឋនិយាយថា ពួកគេមិនគិតថាជំងឺកូវីដរបស់លោក Biden នឹងផ្លាស់ប្តូរផ្លូវនៃយុទ្ធនាការសម្រាប់គណបក្សណាមួយនោះទេ៕

ការប្រណាំងសព្វាវុធកាន់តែខ្លាំង ខណៈរុស្ស៊ី និងអាមេរិក គ្រោងពង្រាយអាវុធដែលបានហាមឃាត់ឡើងវិញ

2024/07/18 06:40:23 pm        299
អតីតមេដឹកនាំសហភាពសូវៀត លោក មីកហែល ហ្កូបាឈេវ (Mikhail Gorbachev) និងអតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រ៉េហ្កាន (Ronald Reagan) ក្នុងខែធ្នូ ឆ្នាំ១៩៨៧ បានព្រមព្រៀងរុះរើប្រព័ន្ធសព្វាវុធប្រជែង ក្រោមសន្ធិសញ្ញាលុបបំបាត់អាវុធនុយក្លេអ៊ែរ និងអាវុធធម្មតា ដែលមានមូលដ្ឋានបាញ់ពីដី ចម្ងាយខ្លី និងមធ្យម (INF) ទាំងអស់ ដែលមានចម្ងាយចន្លោះពី ៥០០គីឡូម៉ែត្រ និង ៥.៥០០គីឡូម៉ែត្រ។ប៉ុន្តែគ្រាប់ពូជសន្តិភាពនោះរស់រានត្រឹមឆ្នាំ២០១៩ប៉ុណ្ណោះ នៅពេលលោក Donald Trump ដែលកាលនោះជាប្រធានាធិបតីអាមេរិក បានចាកចេញពីសន្ធិសញ្ញានោះដោយលើកឡើងពីការរំលោភបំពាន ដែលរុស្ស៊ីបានបដិសេធ។ ភាពស្មុគស្មាញដ៏គ្រោះថ្នាក់នៃការចេញពីកិច្ចព្រមព្រៀងនេះកំពុងតែលេចចេញជារូបរាងនៅពេលនេះ ខណៈដែលភាគីទាំងពីរបានកំណត់ផែនការរបស់ពួកគេសម្រាប់ការដាក់ពង្រាយសព្វាវុធជាថ្មី។កាលពីថ្ងៃទី២៨ មិថុនា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយជាសាធារណៈថា រុស្ស៊ីនឹងបន្តផលិតមីស៊ីលរយៈចម្ងាយខ្លី និងមធ្យមបាញ់ពីដី ដោយជាអ្វីដែលលោកខាងលិចសង្ស័យថារុស្ស៊ីកំពុងធ្វើរួចហើយ ហើយនិងធ្វើការសម្រេចចិត្តពីទីតាំងដែលត្រូវដាក់ពង្រាយអាវុធទាំងនោះ ប្រសិនបើចាំបាច់។ក្រុមអ្នកជំនាញផ្នែកសន្តិសុខសន្មត់ថា មីស៊ីលទាំងនេះ ដែលដូចជាប្រព័ន្ធរុស្ស៊ីភាគច្រើនដែរ នឹងអាចផ្ទុកក្បាលគ្រាប់ធម្មតា ឬនុយក្លេអ៊ែរ។ចំណែកអាមេរិក ក៏បាននិយាយនៅថ្ងៃទី១០ កក្កដា ថា ខ្លួននឹងចាប់ផ្តើមដាក់ពង្រាយក្នុងអាល្លឺម៉ង់ ចាប់ពីឆ្នាំ២០២៦ នូវសព្វាវុធដែលនឹងរួមបញ្ចូលមីស៊ីលស្តង់ដារ-៦ (SM-6s) និងមីស៊ីលតម្រង់គោលដៅ ថូម៉ាហក (Tomahawks)។ ទាំងនេះគឺជាប្រព័ន្ធធម្មតាប៉ុណ្ណោះ ប៉ុន្តែតាមទ្រឹស្តី អាវុធមួយចំនួនក្នុងចំណោមនោះក៏អាចបំពាក់ដោយគន្លឹះនុយក្លេអ៊ែរ ហើយអ្នកជំនាញសន្តិសុខនិយាយថា ផែនការដាក់ពង្រាយរបស់រុស្ស៊ី នឹងអនុញ្ញាតឱ្យមានលទ្ធភាពបែបនោះកើតឡើង៕

ប្រភព៖ ហ្វីលីពីន និងចិន បង្កើតបណ្តាញថ្មីដើម្បីដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង

2024/07/18 06:29:57 pm        321
យោងតាមឯកសារមួយ និងប្រភពការទូតហ្វីលីពីនបានឱ្យដឹងថា ប្រទេសហ្វីលីពីន និងចិនបានព្រមព្រៀងគ្នាបង្កើតខ្សែបណ្ដាញទំនាក់ទំនងថ្មី ដើម្បីកែលម្អការដោះស្រាយជម្លោះដែនសមុទ្ររបស់ពួកគេ ខណៈដែលទំនាក់ទំនងមានភាពជូរចត់ជុំវិញការប៉ះទង្គិចគ្នាលើដែនទឹកនៅសមុទ្រចិនខាងត្បូង។ប្រទេសទាំងពីរបានចោទដាក់គ្នាម្តងហើយម្តងទៀតជុំវិញយុត្តាធិការនៅក្នុងសមុទ្រចិនខាងត្បូងដ៏ប្រកួតប្រជែង ខណៈហ្វីលីពីន ដែលមានការគាំទ្រពីសម្ព័ន្ធមិត្តការពារជាតិគឺសហរដ្ឋអាមេរិក បានប្រឈមមុខនឹងវត្តមានជាអចិន្ត្រៃយ៍របស់ចិន ជុំវិញដែនទឹកយុទ្ធសាស្ត្រក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងម៉ានីល។បណ្តាញទំនាក់ទំនងចំនួនបីនឹងត្រូវបានបង្កើតឡើងជាពិសេសសម្រាប់បញ្ហាដែនសមុទ្រ នេះបើយោងតាមប្រភពដែលបានផ្តល់ឯកសារ ជាមួយនឹងការគូសបញ្ជាក់លើ «ការរៀបចំកែលម្អយន្តការទំនាក់ទំនងដែនសមុទ្រហ្វីលីពីន-ចិន» ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី០២ ខែកក្កដា។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បានប្រាប់សន្និសីទសារព័ត៌មាននៅពេលត្រូវសាកសួរពីកិច្ចព្រមព្រៀងនេះថា «ចិនតែងតែប្តេជ្ញាចិត្តធ្វើការមួយហ្វីលីពីន ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានត្រឹមត្រូវ តាមរយៈការសន្ទនា និងការពិគ្រោះយោបល់»។ ក្រសួងការបរទេសចិន និងហ្វីលីពីន និងស្ថានទូតចិននៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗទេកាលពីថ្ងៃពុធ លើសំណើសុំការអត្ថាធិប្បាយលើបញ្ហានេះ៕

ចិនបញ្ឈប់កិច្ចពិភាក្សាលើការគ្រប់គ្រងអាវុធជាមួយអាមេរិក ជុំវិញបញ្ហាកោះតៃវ៉ាន់

2024/07/18 06:22:56 pm        216
ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធ (១៧ កក្កដា) ថា ប្រទេសចិន បានបញ្ឈប់កិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក នៅក្នុងការតវ៉ាប្រឆាំងនឹងការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យុកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ដែលទីក្រុងប៉េកាំង អះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន។ក្រុមអ្នកវិភាគបាននិយាយថា ការសម្រេចចិត្តរបស់ចិន អាចជាលទ្ធភាពនៃជំហានថយក្រោយដ៏ធ្ងន់ធ្ងរចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងអាវុធសកល ដោយទីក្រុងប៉េកាំង បានចូលរួមជាមួយទីក្រុងមូស្គូ ក្នុងការបដិសេធមិនពិភាក្សាជាមួយវិធានការរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការប្រណាំងអាវុធនុយក្លេអ៊ែរ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បាននិយាយថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ម្តងហើយម្តងទៀតទៅឱ្យកោះតៃវ៉ាន់ ក្នុងប៉ុន្មានខែថ្មីៗនេះបាន «បង្កើនភាពតានតឹងដល់បរិយាកាសនយោបាយសម្រាប់ការបន្តការពិគ្រោះយោបល់គ្រប់គ្រងអាវុធ»។ លោក Lin បាននិយាយថា ចិនមានឆន្ទៈក្នុងការរក្សាទំនាក់ទំនងលើការគ្រប់គ្រងអាវុធអន្តរជាតិ ប៉ុន្តែថាសហរដ្ឋអាមេរិក «ត្រូវតែគោរពផលប្រយោជន៍ស្នូលរបស់ចិន និងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការសន្ទនា និងការផ្លាស់ប្តូរ»។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាស៊ូ មីលឡឺ (Matthew Miller) បាននិយាយថា ចិនបានជ្រើសរើសធ្វើតាមការដឹកនាំរបស់រុស្ស៊ី ដោយអះអាងថាការចូលរួមគ្រប់គ្រងអាវុធមិនអាចដំណើរការបានទេ ខណៈពេលមានបញ្ហាប្រឈមផ្សេងទៀតនៅក្នុងទំនាក់ទំនងទ្វេភាគី៕

សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រកបដោយទទួលខុសត្រូវ

2024/07/18 05:50:40 pm        321
សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់ គប្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសហ្វេសប៊ុកប្រកបដោយទទួលខុសត្រូវ សូមកុំធ្វើអ្វីទៅតាម អារម្មណ៍ និងដើម្បីគេងចំណេញនយោបាយជាដើមនោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការផ្តល់ព័ត៌មានមិនពិត គឺនឹង​ធ្វើឲ្យមានបញ្ហាដល់សង្គម និងប្រទេសជាតិទាំងមូល ជាក់ស្តែងករណីនៅខេត្តកណ្តាល​នាពេល​កន្លងទៅថ្មីៗ ​ដោយផ្សាយតាមគ្នា ដោយគ្មានជាការពិត ដោយ​ចោទ​ប្រកាន់​ដល់​អាជ្ញាធរថា បិទមិនឲ្យធ្វើការដង្ហែរទីងមោង និងព័ត៌មានជាច្រើនទៀតថា មានបាតុកម្មប្រឆាំង និង​រាជរដ្ឋាភិបាលនៅរាជធានីភ្នំពេញជាដើមនោះ។ សម្តេច បានបន្ថែមទៀតថា ​ការផ្តល់ និងការទទួលមិនពិតនេះហើយនឹងនាំឲ្យប្រជាពលរដ្ឋ​អន្តរាយ និង​គ្រោះថ្នាក់បំផុតសម្រាប់ជាតិ។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​ក៏បានណែនាំ​ដល់រដ្ឋមន្រ្តីក្រសួង ព័ត៌មានគប្បីត្រូវពិនិត្យ ​អាជ្ញាបណ្ណដល់សារព័ត៌មានណា​ ដែលមិនគោរពទៅតាមវិជ្ជាជីវៈរបស់ខ្លួន ហើយបន្ទាប់ពីធ្វើការណែនាំអប់រំ​ហើយមិនស្តាប់ត្រូវតែដកអាជ្ញាបណ្ណ​សារ​ព័ត៌មាននោះចូល​បញ្ជីខ្មៅ ដោយ​ឈប់ផ្តល់ដល់ពួកគេទាំងនោះជារៀងរហូតផងដែរ។ការលើកឡើងរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ​នេះគឺបានធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅវត្តរាជបូព៌​ ខេត្តសៀមរាប នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕ អត្ថបទ៖ បាន ចក់ 

សម្តេចធិបតី បញ្ជាបន្ទាន់ឲ្យធនាគារជាតិ ធ្វើការជាមួយធនាគារឯកជន ដើម្បីពិនិត្យប្រាក់ដុល្លារដែលពិបាកចាយ

2024/07/18 05:17:27 pm        471
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាជាបន្ទាន់ឱ្យធនាគារជាតិនៃកម្ពុជា ធ្វើការជាមួយធនាគារឯកជនពិនិត្យឡើងវិញ លើបញ្ហាពិបាកចាយលុយដុល្លារ ដោយសារមានបញ្ហាលុយចាស់ និងបញ្ហា​បន្តិចបន្តួច ដែលបង្កជាការមិនសប្បាយចិត្តដល់ទេសចរ។ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅវត្តរាជបូព៌ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានរិះគន់ និងមានការ​ថ្នាំងថ្នាក់​ចំពោះលុយ​ដែល​ពួកគេបានដកចេញ​ពីធនាគារ​ ដោយសារតែលុយខ្លះប្រឡាក់ ​និង​មាន​ស្នាមអ្វី​បន្តិចបន្តួច​ហើយ​ពិបាកចាយ ដូច្នេះខាង​ធនាគារជាតិត្រូវធ្វើការរឿងនេះជាបន្ទាន់ ធ្វើយ៉ាងណាកុំឲ្យ​បញ្ហានេះ បន្តបង្កើតឡើង​ជាបន្តទៀតនោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ក៏បានលើកឡើងផងដែរថា ​ការដោះស្រាយ​បញ្ហា​បន្តិចបន្ទួច​នេះសម្រាប់ភ្ញៀវទេសចរ ​គឺជាការធ្វើបដិសណ្ឋារកិច្ចមួយដ៏ល្អសម្រាប់ពួកគេ ហើយ​ក៏ជាការទាក់ទាញភ្ញៀវទេសចឲ្យមកលេង​កម្សាន្ត​នៅ​កម្ពុជា​បន្ថែម​ទៀតផងដែរ ប្រសិន​បើសេវាកម្មយើងល្អ និងពុំផ្តល់ភាពរកាំរកូសដល់ពួកគេនោះ។ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានឆើ្លយតបចំពោះការ រិះគន់មួយ​ចំនួនទាក់ទង នឹងភាព​ស្ងៀមស្ងាត់​ភ្ញៀវទេសចរនៅខេត្តសៀមរាបផងដែរ ដោយ​សម្តេច បានការពារចំពោះភាពរិះគន់នេះថា វិស័យទេសចរណ៍​ប្រៀប​បាន​ដូចជាវិស័យកសិកម្ម​យ៉ាង​ដូច្នេះដែរ ពោលគឺវា មានរដូវកាលរបស់វា ​ដូចខ្លះ ឬខែខ្លះមានភ្ញៀវតិច និងខ្លះមានភ្ញៀវច្រើនជាដើម ពុំមែនមកពីការដឹកនាំ​របស់ក្រសួងទេសចរណ៍​ ឬស្ថាប័ន​ណា​មួយនោះទេ៕អត្ថបទ៖ បាន ចក់

លោក Netanyahu ត្រូវបានរិះគន់ចំពោះដំណើរទៅកាន់អាមេរិក ខណៈការចរចាចំណាប់ខ្មាំងជាប់គាំង

2024/07/18 04:40:56 pm        289
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រឈមការជំទាស់យ៉ាងដាច់អហង្ការពីបក្សប្រឆាំងនៅក្នុងសភា កាលពីថ្ងៃពុធ ១៧ កក្កដា។ លោកត្រូវបានរំខាន និងប្រឆាំង ម្តងហើយម្តងទៀត ចំពោះការគ្រប់គ្រងរបស់លោកក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅហ្កាហ្សា និងជុំវិញការចរចារសម្របសម្រួលដោយអេហ្ស៊ីប និងកាតានៅតែជាប់គាំងក្នុងគោលបំណងដោះលែងជនជាតិអ៊ីស្រាអែល ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។លោក Netanyahu បានការពារសមិទ្ធផលរបស់យោធា ដោយនិយាយថា លោកបានផ្គើននឹងសម្ពាធអន្តរជាតិឲ្យបញ្ឈប់ផែនឈ្លានពាន ដែលលោកនិយាយថា ត្រូវតែកម្ចាត់ក្រុមហាម៉ាសឲ្យអស់។មិនមែនតែសម្ពាធក្រៅស្រុកទេ នៅក្នុងប្រទេសវិញ ក្រុមបាតុកម្មអ៊ីស្រាអែល ពេលខ្លះមានរហូតដល់រាប់ម៉ឺននាក់ បានចេញតវ៉ា ឈានដល់អំពើហិង្សា ទាមទារឱ្យលោក Netanyahu នាំយកអ្នកដែលត្រូវបានចាប់ឃុំខ្លួនមកផ្ទះវិញ និងទាមទារឲ្យលោកលាលែងពីតំណែង។ការប៉ះទង្គិចគ្នានៅក្នុងសភារបស់ប្រទេសនេះ កាលពីថ្ងៃពុធ បានកើតឡើងនៅមុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក Netanyahu ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ដែលលោកគ្រោងនឹងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំរួមនៃសភាសហរដ្ឋអាមេរិក។មេដឹកនាំបក្សប្រឆាំងលោក យ៉ែ ឡាពីត (Yair Lapid )បានទាមទារឱ្យលោក Netanyahu បកស្រាយថាតើ លោក នឹងប្រើឱកាសនេះដើម្បីប្រកាសថា លោកទទួលយកកិច្ចព្រមព្រៀងចំណាប់ខ្មាំងដែរឬទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម
09/28/2026 08:09 PM
ការ​ស្ទង់មតិ៖ បេក្ខជន​ស្ដាំ​និយមជ្រុល និង​ឆ្វេងនិយម​ជ្រុល​​ ទំនង​ឈានដល់ជុំទី២ នៃ​ការបោះឆ្នោតប្រធានាធិបតីបារាំង
09/28/2026 07:09 PM
វិមានក្រឹមឡាំង៖ ការចរចាគ្រប់គ្រងអាវុធរុស្ស៊ី-អាមេរិក គួរតែបានចាប់ផ្តើមឡើងវិញ តាំងពី «ម្សិលមិញ»
09/28/2026 07:09 PM
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
09/28/2026 06:09 PM
បុគ្គលិកសង្គ្រោះ៖ ទឹកជំនន់ និងបំណាក់ដី នៅភាគខាងត្បូងមីយ៉ាន់ម៉ា បណ្ដាល​ឱ្យ​មនុស្ស​ ៨នាក់ស្លាប់​​
09/28/2026 06:09 PM
សារព័ត៌មាន Bild ៖ សេវាស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់បង្កើនការស៊ើបការណ៍លើស្ថានទូតរុស្ស៊ី នៅទីក្រុងប៊ែរឡាំង
09/28/2026 06:09 PM
ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវរបស់ប្រទេសកាតាឆ្លងកាត់ច្រកសមុទ្រ Hormuz កើនឡើង ទោះបីជាមានជម្លោះក្តី
09/28/2026 06:09 PM
ទីភ្នាក់ងារសន្តិសុខអាល្លឺម៉ង់ប្រឈមការ​លំបាក ក្រោយក្រុម​ស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុល ឈ្នះ​
09/28/2026 06:09 PM
នាយករដ្ឋមន្ត្រីអេស្ប៉ាញប្ដេជ្ញាចាត់វិធានការ ខណៈការតវ៉ាជុំវិញបញ្ហាលំនៅឋាននៅក្រុង​ម៉ាឌ្រីដ​ កើនឡើង
09/28/2026 06:09 PM
UN ៖ ប្រជាជនស៊ីរីជាង ៦០.០០០នាក់ បានត្រឡប់ពីជំរំជនភៀសខ្លួនទៅផ្ទះសម្បែងវិញ ចាប់តាំងពីខែមករា
09/28/2026 06:09 PM