កម្ពុជាកំពុងពិនិត្យសំណើសុំចុះបញ្ជីវិនិយោគចំនួន ១៧ គម្រោង មានទុនសរុប ១៥០លានដុល្លារ
កសិករនៅឃុំស្រះរាំង ប្រមូលផលស្រូវសែនក្រអូប និងលក់ជូនក្រុមហ៊ុនបៃតង ក្នុងតម្លៃចុះកិច្ចសន្យាទុកជាមុន ១៣៥០៛/គីឡូក្រាម
ធនាគារជាតិបោះផ្សាយលក់មូលបត្ររដ្ឋលើកទី៣០ ក្នុងទំហំជួញដូរ ៥០០ប៊ីលានរៀល
អង្គការ FAO គ្រោងអនុវត្តគម្រោងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

កិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCET រំពឹងទាក់ទាញវិនិយោគិនកាន់តែកើនឡើងថែមទៀត មកបណ្តាក់ទុននៅកម្ពុជា

2024/11/27 10:35:37 am        113
តាមរយៈកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សា ប្រឹក្សា​គោល​នយោបាយ​ពាណិជ្ជ​កម្ម និងជាប្រធានគណៈកម្មាធិការរៀបចំកម្ពុជា បង្ហាញក្តីសង្ឃឹមថា ចិននឹងទាក់ទាញវិនិយោគបរទេសមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសអ្នកវិនិយោគមកពីប្រទេសចិនឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល កាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ រៀបចំឡើងស្របពេលដែលពិភពលោកកំពុងភាពស្មុគស្មាញដែលមិនធ្លាប់មានពីមុនមក កម្ពុជាស្វាគមន៍ចំពោះកិច្ចសន្ទនាដ៏សំខាន់នេះ ដើម្បីធ្វើការជាមួយដៃគូទាំងអស់ក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់តំបន់របស់យើង។ឯកឧត្ដមបណ្ឌិត បានលើកឡើងបន្តថា កិច្ចប្រជុំកំពូលខាងលើនេះ ពិតជាបាននាំមកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ ឯកឧត្តមបន្តថា ពេលដែលយើងរៀបចំសន្និសីទក្នុងកិច្ចប្រជុំបែបនេះ យើងរំពឹងថា អ្នកវិនិយោគទុនគាត់មកជជែក ពិភាក្សា និងមកស្វែងយល់ពីសេដ្ឋកិច្ចទីផ្សារនៅកម្ពុជាបានដោយស្រួល ជាពិសេសការស្វែងរកកាលានុវត្តភាព។ ឯកឧត្តម សុក ស៊ីផាន់ណា បានបញ្ជាក់ទៀតថា កិច្ចប្រជុំថ្ងៃនេះ នៅពេលខាងមុខ ប្រហែលអាចជា ៣ខែ ឬ១ឆ្នាំទៀត គេនឹងអាចមកម្ពុជា។ ប៉ុន្តែសំខាន់ចំពោះមុខ គឺគេបានមកស្រុកយើង បានឃើញស្រុកយើង។ អ្នកវិនិយោគទុនគេ មានកាលវិភាគរបស់គេ គេនឹងបញ្ជូនអ្នកជំនាញរបស់គេមកសិក្សា មកជួបអ្នកវិនិយោគស្រុកយើង។ ដូច្នេះ ទាល់ពេលហ្នឹង ទើបយើងឃើញសកម្មភាពជាក់ស្តែង។សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ពីមុនត្រូវបានស្គាល់ថា ជាកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោករបស់ចិន គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយ ដែលផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន អាស៊ាន និងប្រជាជនចិនទូទាំងពិភពលោក។ កិច្ចប្រជុំកំពូលនេះ ក៏ជួយសម្រួលដល់ការសិក្សានៃវប្បធម៌ចម្រុះ និងការផ្លាស់ប្ដូររវាងទស្សនវិស័យលោកខាងកើត និងលោកខាងលិច។ ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងនានា រួមមានទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី , ម៉ែលបូន ប្រទេសកាណាដា, ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស , ទីក្រុងឆុងឈីង , ទីក្រុងប៉េកាំង , ហុងកុង និងម៉ាកាវជាដើម៕ អត្ថបទ ឈិត បូរ៉ាវី 

ADB អនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា

2024/11/27 10:10:06 am        127
ADB អនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យ បរិយាកាសធុរកិច្ចកាន់តែងាយ ស្រួលសម្រាប់ការវិនិយោគ លើក​កម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយ របាំង​ពាណិជ្ជកម្ម​។បើតាមរបាយការណ៍ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ADB ចេញផ្សាយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ បានបង្ហាញ នូវការអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០ លាន​ដុល្លារ គាំទ្រកំណែទម្រង់គោលនយោបាយ ដើម្បីជំរុញពាណិជ្ជកម្ម និង សមត្ថភាព​ប្រកួត​ប្រជែង​នៅ​កម្ពុជា។ ចំណែកកម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង កំពុង​ដំណើ​​រ​នេះ គឺពង្រឹង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការ​វិនិយោគ​ពី​វិស័យ​ឯក​ជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយ បរិយាបន្ន និងមានចីរភាព ដើម្បីលើ​ក​​កម្ពស់​ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។ជុំវិញគម្រោងខាងលើ, លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំកម្ពុជា លើកឡើងថា «កម្មវិធី នេះគាំទ្រដល់ការបន្តការប្ដេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឱ្យអាជីវ កម្មកាន់តែរីកចម្រើន នាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្មវិធីនេះផ្ដោត លើសហគ្រាសធុនមីក្រូ តូច និងមធ្យម ឬ MSMEs ដោយសារវិស័យនេះគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំណើនរបស់វាមានសារៈ សំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ជាមួយប្រាក់បន្ថែមពិសេសនេះ គឺដើម្បីលើកទឹកចិត្តដល់ សហគ្រាសគោលដៅមួយចំនួន ដោយ ADB មានគោលបំណងជំរុញសហគ្រាសទាំងនោះក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព។ កម្មវិធីនេះក៏សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន តាមរយៈ ការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រួលនីតិវិធី និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជា ជ្រៀត ចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។ចំពោះឧបសគ្គចម្បងដែលប្រទាក់ក្រឡាគ្នាចំនួនបី ដែលបង្កជាបញ្ហាប្រឈមធំសម្រាប់ការអភិវឌ្ឍរបស់កម្ពុជារួមមាន បរិយាកាស សម្រាប់ការវិនិយោគ និងអាជីវកម្មដែលមិនទាន់ដំណើរការល្អសហគ្រាសធុនមីក្រូ តូច និងមធ្យម មិនទាន់សូវរីកចម្រើន និងរបាំងមួយ ចំនួនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន។ កត្តាទាំងនេះបានកាត់បន្ថយផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយរារាំងសេដ្ឋកិច្ច ពីការ សម្រេចបាននូវសក្តានុពលកំណើនពេញលេញ។ កម្មវិធីរបស់ ADB ខាងលើគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការ ដោះស្រាយបញ្ហាប្រឈមទាំងនេះ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ វានឹងជួយសម្រួលបទប្បញ្ញត្តិធុរកិច្ច និងលើក កម្ពស់សេវាសាធារណៈ ឱ្យកាន់តែប្រសើរសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។ បញ្ហានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្តេជ្ញាថានឹងសម្រេច ឱ្យបាននូវវិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ ភាពក្រីក្រផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តភារៈកិច្ចប្រកបដោយប្រសិទ្ធិភាព

2024/11/21 04:17:19 pm        162
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងមានសារៈសំខាន់ណាស់។ក្នុងអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា មន្ទីរទាំងអស់ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដោយក្រសួងជាឪពុក ឯរាជធានី-ខេត្តជាម្ដាយ រាល់សកម្មភាពការងាររបស់មន្ទីរ គឺដឹកនាំបញ្ជាពីក្រសួង និងរាជធានី-ខេត្ត បើក្រសួង និងរាជធានី-ខេត្ត ដែលជាឪពុកម្ដាយ មិនស៊ីចង្វាក់គ្នា នោះការងាររបស់មន្ទីរក៏មានបញ្ហាទៅតាមនោះដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានបន្ស៊ីការងារគ្នា និងដាក់ទិសដៅតែមួយឲ្យមន្ទីរក្រោមឱវាទអនុវត្តមិនធ្លាប់មានបញ្ហាទេ។ឯកឧត្តម ឌិត ទីណា បានបន្តថា តំណែងប្រធានមន្ទីរឥឡូវ ឋានៈស្មើនឹងប្រធាននាយកដ្ឋាន ពោលគឺតែងតាំងដោយអនុក្រឹត្យ ខណៈដែលពីមុនតែងតាំងដោយប្រកាសប៉ុណ្ណោះ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ត្រូវបំពេញការងារឲ្យបានល្អប្រសើរទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។ មួយវិញទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងនេះ មានសារៈសំខាន់ណាស់ បើគ្មានសាមគ្គីភាពផ្ទៃក្នុងទេ ការអនុវត្តការងារពិតជាមិនទទួលបានជោគជ័យនោះទេ។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងពីស្ថានភាពការងាររដ្ឋបាលរាជធានីភ្នំពេញ និងការងារសន្តិសុខសណ្ដាប់ធ្នាប់ទូទៅ ដែលការងារនេះរដ្ឋបាលរាជធានីភ្នំពេញអនុវត្តបានយ៉ាងល្អរហូតទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ឯកឧត្ដម ឃួង ស្រេង លើកឡើងថា ចំពោះការតែងតាំងប្រធានមន្ទីរថ្មីនេះ ធ្វើឡើងជាធម្មតាសម្រាប់មន្ត្រីរាជការ ដើម្បីសម្រួលភារកិច្ចឲ្យមន្ទីរអនុវត្តការងារកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្ដមអភិបាលរាជធានីបានស្នើឲ្យប្រធានមន្ទីរកសិកម្មថ្មីត្រូវសហការឲ្យបានល្អជាមួយមន្ត្រីក៏ដូចជាអាជ្ញាធរដែនដីលើវិស័យកសិកម្មនេះ ពិសេសរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង។នៅក្នុងឱកាសនោះដែរ លោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញថ្មី បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញដែលបានផ្ដល់នូវជំនឿទុកចិត្ត តែងតាំងលោកជាប្រធានមន្ទីរកសិកម្ម។ ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ លោកបានប្តេជ្ញាចិត្តបំពេញការងារជូនអង្គភាព ក្រសួងកសិកម្ម និងរដ្ឋបាលរាជធានីភ្នំពេញឲ្យបានល្អបំផុត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ធ្វើអ្វីៗដើម្បីផលប្រយោជន៍រួម។ លោកប្ដេជ្ញា បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋលើវិស័យកសិកម្មនេះឲ្យកាន់តែល្អប្រសើរជាមួយនឹងការពង្រឹងប្រមូលពន្ធតាមអ្វីដែលអាចធ្វើទៅបាន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តអង្គការតុកកែញញឹមកម្ពុជា​ឲ្យបន្តលើក​កម្ពស់​ការអប់រំ​ធនធាន​មនុស្ស​ក្នុង​វិស័យកសិកម្ម

2024/11/21 03:22:11 pm        87
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការ តុកកែ​ញញឹមកម្ពុជា (Smiling Gecko) ចូលជួបពិភាក្សាការងារ អំពី​គំនិត​ផ្តួចផ្តើម​បង្កើត​កម្ម​វិធី​ឧត្តម​សិក្សាថ្នាក់បរិញ្ញាបត្ររួមគ្នា នៅទីស្តីការក្រសួង។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យ​ដឹង​ក្នុង​បណ្តាញ​សង្គម​ថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយ​ចំពោះ​អង្គការ​តុកកែញញឹមកម្ពុជា ក្នុងការពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យកសិកម្ម ដោយមាន​បំណង​ចង់​លើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ខណៈ អង្គការនេះជា​គំរូ​សហគមន៍​មួយ​ដ៏​ល្អ ដែលអាចផ្សាភ្ជាប់ការអប់រំ កសិកម្ម សិប្បកម្ម សេវាកម្ម និងទេសចរណ៍ មានភាព​ស៊ី​ចង្វាក់​គ្នា និងល្អប្រសើរ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ឱ្យ​អង្គការ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ចូល​រួម​ការ​អភិវឌ្ឍ​ធ​នធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីជួយគាំទ្រនូវសហគមន៍កសិកម្មទំនើប ដែលត្រូវ​ការ​ធន​ធានមនុស្ស ដែលអាចដឹកនាំទៅរកភាពចំនេញ ពង្រឹងនូវខ្សែច្រវ៉ាក់ផលិតកម្មនិងតម្លៃ និង​អាច​នាំយកផលិតផលពីកសិដ្ឋានទៅទីផ្សារបានយ៉ាងពិតប្រាកដ។ ក្នុងការងារនេះ ឯកឧត្តម បាន​បង្ហាញ​ការ​ចាប់អារម្មណ៍ និងបានគូសបញ្ជាក់ថា កម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញកសិ-ធុរកិច្ច និង​ការ​កែ​ច្នៃអាហារគឺពិតជាសំខាន់ក្នុងវិស័យកសិកម្ម ដែលត្រូវអភិវ​ឌ្ឍ​ធនធា​ន​មនុស្ស​ប្រកប​ទៅ​ដោយ​ចំណេះ​ដឹង ចំណេះធ្វើ មានភាពជាអ្នកដឹកនាំ និងមានភាពបុរេសកម្ម។ ឯកឧត្តម ជឿ​ជាក់​ថា អង្គការតុកកែញញឹមកម្ពុជា នឹងបន្ត​អភិវ​ឌ្ឍ​បេសកកម្ម​របស់​ខ្លួន​តទៅ​មុខ​បន្ថែម​ទៀត​ទូទាំង​ប្រទេស​កម្ពុជា ហើយក្រសួងកសិកម្ម នឹងជួយគាំទ្រដល់កិច្ចសហការអភិវឌ្ឍធនធានមនុស្ស ក្នុង​វិស័យកសិកម្មឱ្យកាន់តែរីកចំរើន។សូម​ជម្រាបជូនថា ជំនួបខាងលើនេះ ធ្វើឡើងក្នុង​គោល​បំណង​ពិភាក្សា​អំពី​គំនិត​ផ្តួចផ្តើម​បង្កើត​កម្ម​វិធី​ឧត្តមសិក្សាថ្នាក់បរិញ្ញាបត្ររួមគ្នា ដែលពាក់ព័ន្ធជំនាញការកែច្នៃអាហារ និងជំនាញកសិ-ធុរ​កិច្ច និងការអភិវឌ្ឍជាចង្កោមសំដៅដល់ការបង្កើតភូមិអភិវឌ្ឍដែលមាន ហេដ្ឋារចនាសម្ព័ន្ធ ការ​អប់រំ មុខរបរ កសិកម្ម សិប្បកម្ម សេវាកម្ម និងការសិក្សាស្រាវជ្រាវ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ចិនធ្វើការស្វែងយល់ លើការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធថវិការបស់កម្ពុជា

2024/11/21 03:03:30 pm        98
ចិនធ្វើការស្វែងយល់ អំពីសមិទ្ធផលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏​ដូច​ជា​ប្រព័ន្ធ​ថវិកា​របស់កម្ពុជា ទាំងនៅថ្នាក់ជាតិ និង​ក្រោមជាតិ, អំពីដំណើរការ នៃ​ការ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិរដ្ឋ និងសហគ្រាសសាធារណៈរបស់រដ្ឋ, ព្រមទាំង សមិទ្ធិផល និងផ្នែក​ហិរញ្ញប្ប​ទាន​សហ​ប្រតិបត្តិការ។ឯកឧត្តម ស៊ី ហុងឆាយ ប្រធានគណៈកម្មការកិច្ចការថវិកានៃគណៈអចិន្ត្រៃយ៍ តំណាង​សភា​ប្រជា​ជន​ចិន​ទូទាំងប្រទេស នៅក្នុងជំនួបជាមួយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅថ្ងៃទី ២០ ម្សិលមិញនេះ បានគូសបញ្ជាក់ ថា ឯកឧត្តមមានសេចក្តីរីករាយ និង​អបអរ​សារទរ ចំពោះចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ដែលតែងជួយគាំទ្រគ្នា និងរួម សុខ​រួមទុក្ខជាមួយគ្នា ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម គូសរំលេចផងដែរថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ គឺ​ស្ថិត​ក្នុង​បរិការណ៍ជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេស​ទាំង​ពីរ​កាន់​តែ​រីក​ចម្រើន និងរឹងមាំជាលំដាប់លើគ្រប់វិស័យ ជាពិសេសវិស័យ ពាណិជ្ជកម្ម វិស័យទេសចរណ៍ សេដ្ឋកិច្ច​ឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងហិរញ្ញាប្បទានសហប្រតិបត្តិការ ជាឧត្តម​ប្រយោជន៍ នៃប្រជាជនរបស់ប្រទេសទាំងពីរ នៅក្នុងយុគសម័យថ្មីនេះ។នៅក្នុងជំនួបនេះ, ឯកឧត្តម ចាន់ សុធី បានអរគុណចំពោះការជួយគាំទ្ររបស់រដ្ឋាភិបាល និង​ប្រជាជន​ចិន នៅលើដំណើរការ នៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាកន្លងមក, កម្ពុជាបាន​ប្រើ​ប្រាស់​ហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសចិន ក៏ដូចជាដៃគូអភិវឌ្ឍន៍ ផ្សេងទៀត ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ, ដែលប្រការនេះបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការ​រីក​ចម្រើន​ធំ​ឡើង ជាលំដាប់, បើទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបាន​ប្រឈម​ទៅ​នឹង​វិបត្តិធំៗជាបន្តបន្ទាប់ក្តី។ ឯកឧត្តម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់​ឯកឧត្តម​ប្រធាន​គណៈកម្មការ​កិច្ច​ការ​ថវិកា​នា​ពេល​នេះ នឹងជាការពាំនាំ ដ៏សំខាន់ ជូនទៅដល់ថ្នាក់ដឹកនាំ នៃសភាតំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស​ អំពីផ្លែផ្កាគួរជាទីមោទនៈ នៃកិច្ចសហប្រតិត្តិការ រវាងរដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកនាំចេញសង្ឃឹមថា ការនាំចេញផលិតផលធ្វើដំណើរ និងស្បែកជើង​នឹង​កើនឡើងបន្ថែមទៀត​នៅឆ្នាំ២០២៥ ខាងមុខ

2024/11/21 02:43:59 pm        148
ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានដាក់ក្តីរំពឹងទុកថា សម្រាប់ការនាំចេញ​ការ​វិស័យ​កាត់​ដេរខាងផ្នែក ផលិតផលធ្វើដំណើរ កាបូប និងស្បែកជើង នៅឆ្នាំ២០២៥ខាងមុខ នឹង​មានសញ្ញាវិជ្ជមានកើនឡើងបន្តទៀត ដោយសារតែស្ថានភាពសេដ្ឋកិច្ច ក៏ដូច​ជា​នយោបាយ​កម្ពុជា​រក្សា​បាននូវភាពល្អប្រសើរ និងម៉្យាងទៀត អ្នកបញ្ជាទិញក៏ដូចជារោងចក្រពីបរទេស មានទំនុក​ចិត្ត​ខ្ពស់​មកកាន់កម្ពុជា។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា កត្តាដែលនាំឲ្យលោកមានជំនឿជឿជាក់លើការនាំចេញនេះ ទី១.​គឺ​យោង​លើ​ទិន្ន​ន័យ​លើ​ការនាំចេញ ដោយគិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៤ សម្រេចបានចំនួនប្រមាណជាង ១,៣០០លានដុល្លារអាម៉េរិក។ និង​ទី២.​កាលពីថ្មីៗ​កន្លង​ទៅ​នេះ​ក្នុង​ពិព័រណ៍​អន្តរជាតិ​ពាណិជ្ជកម្ម​កម្ពុជា រយៈពេល២ថ្ងៃ នៅកោះពេជ្រ សមាគម​របស់​លោក​បាន​ទទួល​ជួប​ជាមួយ​អ្នក​បញ្ជា​ទិញ​ទំនិញ​ជា​ច្រើន​មក​ពីចក្រភពអង់គ្លេស ដើម្បីជួបជជែកគ្នា និងស្វែងយល់ដោយ​ផ្ទាល់​តាម​បណ្តា​រោង​ចក្រ​អំពី​គុណភាពទំនិញ និងតម្លៃនាំចេញ។អ្នកឧកញ៉ា បញ្ជាក់ឲ្យដឹងទៀតថា បើតាម​ការព្យាករណ៍​ការវិភាគ​របស់​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ ការបញ្ជាទិញ នឹងអាចកើនឡើង​ច្រើ​ន​ជាង​ឆ្នាំ​២០២៤​ ដែលកើនឡើងយ៉ាងតិចមិនក្រោម ២០ទៅ៣០% នោះទេ។ ខណៈសព្វថ្ងៃនេះ ការ​នាំ​ចេញ​ផលិតផលទាំងអស់នោះ មានចំនួនដ៏ច្រើនគួរសមទៅខាងប៉ែកប្រទេសអឺរ៉ុប សហរដ្ឋ​អាម៉េរិក អង់គ្លេស កាណាដា និងបណ្តាប្រទេសក្នុងអាស៊ីដូចជា ចិន ជប៉ុន និងកូរ៉េជាដើម។ ជុំវិញ​ការនាំចេញនេះដែរ នៅថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម បានរៀប​ចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយអំពី អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាង​កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) បន្ទាប់​ពី​បាន​ចូល​ជា​ធរមាន​កាល​ពី​ខែ​មករា ឆ្នាំ២០២៤នេះ។ កិច្ចព្រមព្រៀងនេះ កម្ពុជានឹងអាចនាំ​ទំនិញ​ទៅ​ទី​ផ្សារ​អេមីរ៉ាត​អារ៉ាប់​រួម​ជាមួយ​អត្រា​ពន្ធសូន្យលើមុខទំនិញសំខាន់ៗដូចជា៖ កាបូបធ្វើដំណើរ, ស្បែកជើង, សម្លៀក​បំពាក់, កង់, ផ្លែឈើ និងប្រភេទទំនិញកសិកម្មកែច្នៃជាដើម។ កិច្ចព្រមព្រៀងនេះដែរ ក៏នឹង​អនុញ្ញាត​ឱ្យកម្ពុជាអាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗដូចជា៖ សេវាកម្មអាជីពនិងធុរកិច្ច សេវា​កម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន ជាដើម។ តាម​ឲ្យ​ដឹងរបស់សមាគមស្បែកជើងកម្ពុជា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមាន​រោង​ចក្រ​ផលិត​ផលិត​ផល​ស្បែកជើងសរុបចំនួន ១៥៥រោងចក្រ ដែលផ្តល់ឱកាស​ការងារ​ជូន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន​ជាង ១៥ម៉ឺន ៥ពាន់នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី

គណៈកម្មាធិការវិនិយោគកម្ពុជា ផ្សព្វផ្សាយពីរបបវិនិយោគមានលក្ខណៈបើកចំហ និងមាន​តម្លាភាព

2024/11/21 02:13:05 pm        86
គណៈកម្មាធិការវិនិយោគកម្ពុជា ផ្សព្វផ្សាយអំពីរបបវិនិយោគក្នុងស្រុក ដែល​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​កែលម្អ ឱ្យកាន់តែមាន ភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកប​ដោយ​ភាព​អំណោយផលសម្រាប់ការវិនិយោគ ដោយគ្មានការរើស អើង។ឯកឧត្តម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ ស្តីពីអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា និង​អេមីរ៉ា​ត​អារ៉ាប់រួម នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្តម បានធ្វើការ​បរិយាយ​អំពី​ទិដ្ឋភាព​ទូទៅ នៃជំពូកស្តីពីវិនិយោគ ដែលបានសំយោគនូវឧត្តមានុវត្តន៍អន្តរជាតិ ក៏ដូចជា​សមាហរណ​កម្ម ខ្លឹមសារ នៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ ទៅវិញទៅមករវាងកម្ពុជា និង​អេមីរ៉ាតអារ៉ាប់រួម ដែលបានចុះ ហត្ថលេខាកាលពីឆ្នាំ២០១៧។បន្ថែមពីនេះ ឯកឧត្តម ក៏បានគូសរំលេច អំពីសមាសធាតុសំខាន់ៗ ដែលបាន​ចារឹក​ក្នុង​ជំពូក​ស្តីពី​វិនិយោគ ដោយរាប់បញ្ចូល ប៉ុន្តែមិនកម្រិតត្រឹមការជំរុញវិនិយោគ, កិច្ចសម្រួល វិនិយោគ និង​ការ​ប្រកប​ធុរកិច្ចប្រកបដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមបាន​ឆ្លៀត​យក​ឱកាស​ដ៏​មាន​សារៈ​សំខាន់ ធ្វើការផ្សព្វផ្សាយអំពីរបបវិនិយោគក្នុងស្រុក ដែលរាជរដ្ឋាភិបាល​បាន​ធ្វើ​ការ​កែ​ល​ម្អ ឱ្យកាន់តែមានភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកប​ដោយ​ភាព​អំណោយ​ផល​សម្រាប់ការវិនិយោគ ដោយគ្មានការរើសអើង។ សូមបញ្ជាក់ថា ជុំវិញនិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណា​ចក្រ​កម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់ រួមនេះ បានចូលជាធរមានកាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ​២០២៤។ ចំណែកសិក្ខាសាលាខាងលើ ដែលរៀបចំឡើងដោយក្រសួង ពាណិជ្ជកម្ម មាន​គោល​បំណង​បញ្ជ្រាបការឈ្វេងយល់អំពីខ្លឹមសារ នៃជំពូកស្តីពីវិនិយោគ នៃកិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាបច្ចុប្បន្នភាពថ្មី នៃបរិយាកាស​វិនិយោគ​ក្នុង​ស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

អេស្ប៉ាញ ស្នើសុំកម្ពុជារៀបចំវេទិការធុរកិច្ច ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគដល់ធុរជនអេស្ប៉ាញ

2024/11/20 10:46:32 am        119
ឯកឧត្តមឯកអគ្គរាជទូត អេស្ប៉ាញ ស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យលទ្ធភាព សម្រប​សម្រួលរៀបចំ វេទិការធុរកិច្ច ក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យ​លើក​ទឹក​ចិត្ត​នានា ជូនដល់ធុរជនអេស្ប៉ាញបន្ថែមទៀត។ ឯកឧត្តម Felipe De La Morena Casado ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអេស្ប៉ាញ ប្រចាំ​កម្ពុជា​ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធាន​ទី១​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកាម្សិលមិញនេះ ឯកឧត្តម បាន​បញ្ជាក់​អំពី​ការតាំងចិត្ត​ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារ វិនិយោគរវាងកម្ពុជា និង​អេស្ប៉ាញ។ បន្ថែមពីនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានលើកឡើងអំពីកង្វល់មួយចំនួន ក្នុង​កិច្ច​ការងារទាក់ទាញ និងជំរុញវិនិយោគ ទាមទារឱ្យកម្ពុជាពិនិត្យ និងសម្រប សម្រួល​ដោះស្រាយ​ឱ្យ​បាន​កាន់​តែ​ល្អប្រសើរផងដែរ។ក្រៅពីគោលការណ៍ខាងលើ, ឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើសុំទៅកាន់ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្នុងការពិនិត្យលទ្ធភាព សម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បី​បញ្ជ្រាប​ព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេស្ប៉ាញបន្ថែមទៀត។ ឆ្លៀត​ឱកាសនេះ ឯកឧត្តម បានដើម្បីសាកសួរអំពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់​ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសអេស្ប៉ាញកាលពីខែមិថុនាកន្លងទៅផងដែរ។  ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាប​ជូន​អំពី​លទ្ធផល​យ៉ាង​ល្អ​ប្រ​សើរ និងប្រកបដោយ ផ្លែផ្កា ដែលទទួលបាន​ពី​បេសកកម្ម​គោះទ្វារ​វិនិយោគ​នៅ​ប្រទេស​អេស្ប៉ាញ ​ដោយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការ រៀបចំជាមួយបណ្ដាក្រសួងស្ថាប័ន និង​គ្រប់​ភាគីពាក់ព័ន្ធ កាលពីខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ការគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុនអេស្ប៉ាញ ដែលគ្រោង​នឹង​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជាបន្ថែម​៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីជាន់ខ្ពស់ CDC ស្នើដល់វិនិយោគិនជប៉ុននិងកម្ពុជា បង្កើនកិច្ចសហការឱ្យជិតស្និត លើការធ្វើធុរកិច្ចនៅកម្ពុជា

2024/11/20 10:33:03 am        129
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តអំពាវនាវដល់វិនិយោគិនជប៉ុន និង​វិនិយោគិន​កម្ពុជា​ទាំង​អស់ ចាប់ដៃគ្នាសិក្សាពិនិត្យ លទ្ធភាពជំរុញកិច្ចសហការធុរកិច្ច ក៏ដូចជាស្វែង​យល់​នូវ​កាលានុវត្តភាព​វិនិយោគរបស់កម្ពុជា ពិសេសការបន្តចូលរួមផ្សព្វផ្សាយ ដើម្បី ទាក់ទាញ​វិនិយោគិន​មកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ជំនួប​ផ្គូផ្គង​ធុរកិច្ចរវាងសមាគម ឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ប្រចាំឆ្នាំ២០២៤ នៅថ្ងៃ​ទី១៩ ខែវិច្ឆិកា​ម្សិល​មិញ​នេះ, ឯកឧត្តម បានចូលរួមអបអរសាទរដល់សមាគម ជប៉ុន-កម្ពុជា ដែល​បាន​បើក​ការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ, ដែល​នេះ​ជា​សក្ខីភាព នៃទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងកម្ពុជានិងមិត្តជប៉ុន និងស្មារតីជឿជាក់​មក​លើ​រាជ​រដ្ឋាភិបាលកម្ពុជា និងបានកោតសរសើរចំពោះ សមាគមជប៉ុន-កម្ពុជា និងសមាគម​ឧកញ៉ា​កម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជា ដើម្បី​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងការជំរុញ និងការកៀរគរ​វិនិយោគិ​ន​ឱ្យ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ព្រមទាំងផ្ដួចផ្ដើម រៀបចំជំនួបផ្គូផ្គងធុរកិច្ច ដ៏មានសារៈសំខាន់នេះឡើង។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចផងដែរ អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែល​បាន​និង​កំពុង​ដើរតួនាទីជាអ្នក សម្របសម្រួលធុរកិច្ច និងវិនិយោគ ដោយបាន​ចាត់​ទុក​វិស័យ​ឯក​ជ​ន​ជា​ដៃ​គូ និងជាកាតាលីករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ជាងនេះ ជាបេសកកម្ម​របស់​ក្រុម​ប្រឹក្សា​អ​ភិវឌ្ឍន៍កម្ពុជា ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់កិច្ចសហការពេញទំហឹង ជូនដល់​វិស័យឯកជន ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ជាងនេះទៅទៀត, នា​ពេល​ឆាប់​ៗ​ខាង​មុខនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រង គម្រោង​វិនិយោគកម្ពុជា (CDC Investment Project Management) ឬ (ប្រព័ន្ធ cdcIPM) ដំណាក់កាលទី១ ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិន ដាក់ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមប្រព័ន្ធអនឡាញ​បាន​ពី​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា។ ការដាក់ពាក្យ និងការទទួលបាន វិញ្ញាបនបត្រចុះបញ្ជីគម្រោង គឺសុទ្ធ​សឹង​តែ​ធ្វើឡើងជាទម្រង់ឌីជីថល។ ពិសេសជាងនេះនៅពេលឆាប់ៗ ប្រព័ន្ធនេះក៏នឹងឈានទៅ ដល់​ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។ក្នុងជំនួបនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តអំពាវនាវឱ្យវិនិយោគិនជប៉ុន និង​វិនិយោគិន​កម្ពុ​ជា​ទាំងអស់ ដែលមាន វត្តមាននៅក្នុងកម្មវិធី ចាប់ដៃគ្នាសិក្សា​ពិនិត្យ​លទ្ធភាព​ជំរុញ​កិច្ច​សហការ​ធុរកិច្ច ក៏ដូចជាស្វែងយល់ឱ្យកាន់តែច្បាស់ នូវកាលានុវត្តភាព វិនិយោគរបស់កម្ពុជា ពិសេស​លើក​ទឹកចិត្តដល់សមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា បន្តចូលរួមផ្សព្វ​ផ្សាយ​អំពី​បរិយាកាស វិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីទាក់​ទាញ​វិនិយោគិន​មក​បណ្តាក់​ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា បង្កើត ការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏​ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យ ជាប្រទេសចំណូលខ្ពស់ នៅ​ឆ្នាំ​២០៥០​។សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគសរុបចំនួន ៣៤៦ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ ប៊ីលាន​ដុល្លារ​អាមេរិក កើនឡើង ៣៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះ​ប្រទេស​ជប៉ុន​ឈរ​នៅលំដាប់ទី ៧ ដែលមានទុនវិនិយោគសរុបប្រមាណ ៤០ លានដុល្លារអាម៉េរិក នៃរំហូរ​ទុន​វិនិយោគ សរុបនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាបានកំពុងរីកធំធាត់ និងកំពុងផ្តល់ផល​វិជ្ជមាន​ដល់​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា

2024/11/19 03:08:16 pm        171
ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុនជាង ២ដង បើធៀបនឹងឆ្នាំ ២០១៧, បច្ចុប្បន្ន​ប្រព័ន្ធ​គាំពារ​សង្គម​កំពុង​គ្របដណ្ដប់ពលរដ្ឋជាង ៧លាននាក់ ខណៈដែលចំណាយថវិកាជាតិ ក៏បានកើនធំ​ជាង​មុន​ជាង ៣ដង ដោយបានកំពុងផ្តល់ផលវិជ្ជមាន ដល់ម៉ាក្រូសេដ្ឋកិច្ច កម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា ជាតិគាំពារសង្គម លើកឡើងនៅក្នុងសន្និសីទជាតិ ស្ដីពី​សមិទ្ធ​ផល​នៃ​ប្រព័ន្ធគាំពារសង្គមកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ការដាក់ចេញ​នូវ​អន្ត​រាគមន៍ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារពលរដ្ឋនាពេលកន្លងទៅរួមមាន៖ ការ​ពង្រឹង​ភាព​ធន់​របស់ពលរដ្ឋ ដោយផ្ដល់ការគាំពារ តាមរយៈកម្មវិធីជាតិជំនួយសង្គម និងរបប​សន្តិសុខ​សង្គម ជាប្រក្រតី ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស, សមត្ថភាព និងកាលានុវត្ត​ភាព​ការងារ និងការជួយរក្សាលំនឹងជីវភាពពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈ​ការ​ផ្ដល់​នូវ​ការ​គាំពារបន្ថែម ដោយប្រកាន់ខ្ជាប់នូវស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូបញ្ជាក់ថា តាមរយៈវិធីសាស្ត្រទាំងពីរខាងលើ ជារួម, វិសាល​ភាព​របស់​ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុន ជាង ២ ដង, បើធៀបនឹងឆ្នាំ ២០១៧ ដោយ​បច្ចុប្បន្ន, ប្រព័ន្ធគាំពារសង្គមកំពុងគ្របដណ្ដប់ពលរដ្ឋជាង ៧ លាននាក់, ខណៈដែល​ចំណាយ​ថវិកា​ជាតិ ក៏បានកើនធំជាងមុន ជាង ៣ ដង បើគិតជារួម, ទំហំចំណាយ​ថវិកា​សរុប​លើ​ប្រព័ន្ធ​គាំពារ​សង្គម មាន ចំនួនជាង ១៧,៥ ទ្រីលានរៀល, សមមូលប្រមាណ ៤,៣ ប៊ីលានដុល្លា​រ​​អាមេរិក ចាប់តាំងពីរាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ក្នុងឆ្នាំ២០១៧ មក ។ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ លើប្រព័ន្ធគាំពារសង្គមនេះ បាននាំមកនូវផ្លែផ្កាគួរជាទីមោទនៈ សម្រាប់​គ្រួសារ និងពលរដ្ឋ ដែលទទួលផល ក្នុងនោះបើគិតជាមធ្យម, ម្នាក់ៗ​ទទួល​បាន​នូវ​ថវិកា​ចំនួន​ ៤,៧ លានរៀល, សមមូលនឹង ១ ១៨៥ ដុល្លារអាមេរិក។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុង​អំឡុង​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលត្រូវបានអនុវត្តរយៈពេល ៤៦ខែ បានចំណាយ​ថវិកា​ជាតិ​សរុប​ប្រមាណ ៥,៤ ទ្រីលានរៀល, សមមូលនឹង ១ ៣៦០ លានដុល្លារអាមេរិក, សម្រាប់គ្រួសារ​មាន​បណ្ណ​សមធម៌ ជាង ៧០ ម៉ឺនគ្រួសារ, ដោយគ្រួសារ នីមួយៗ ទទួលបានថវិកា​ឧបត្ថម្ភ​ជា​មធ្យម ​ចំនួន ១ ៩៤៩ ដុល្លារ ឬ ៤២ ដុល្លារ ក្នុងមួយខែ ឬ ៥០៤ ដុល្លារក្នុងមួយឆ្នាំ ។ការទទួលបានថវិកាឧបត្ថម្ភនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួល និង​ការ​រក្សា​លំនឹងជីវភាពគ្រួសារ ពលរដ្ឋ, ទាំងក្នុងពេលប្រក្រតី និងពេលមានគ្រោះអាសន្ន, ព្រម​ទាំង​បាន​ធ្វើ​ឱ្យស្ថានភាពសុខភាព និងការអប់រំរបស់សមាជិកគ្រួសារ មាន ភាពប្រសើរឡើងផងដែរ ។ បន្ថែមលើនេះ, ការវិនិយោគដ៏ច្រើននេះ បានផ្តល់ផលវិជ្ជមាន ដល់ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ការ​អភិវឌ្ឍ​មូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ដោយបានធ្វើឱ្យ​គោល​នយោបាយ​គាំពារ​សង្គម​ ក្លាយជាគោលនយោបាយដ៏សំខាន់ និង មិនអាច ខ្វះបាន ព្រមទាំង​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់ ក្នុងយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ​រដ្ឋ​សភា ក្នុងគោលបំណងបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ សំដៅ​កាត់​បន្ថយ​វិសមភាពសង្គម និងពង្រឹងសាមគ្គីធម៌ ក្នុងសង្គម៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[BREAKING NEWS] អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងហើយ
01/16/2025 06:01 AM
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ អញ្ជើញបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាលកីឡាបញ្ចស៊ីឡាត់
01/15/2025 09:01 PM
អតីតអ្នកទោសស៊ីរី រៀបរាប់ពីជីវិតរបស់ខ្លួននៅក្នុងពន្ធនាគារ Sednayaស្ថិតក្រោមការគ្រប់គ្រងរបស់លោក Assad
01/15/2025 08:01 PM
ទីក្រុងម៉ូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែនដោះដូរឈ្លើយសឹកចំនួន ២៥នាក់ដែលសម្របសម្រួលដោយអារ៉ាប់រួម
01/15/2025 08:01 PM
ចិន និងស្រីលង្កា យល់ព្រមលើការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត
01/15/2025 08:01 PM
មនុស្ស ១២១នាក់ ត្រូវបានជួយសង្គ្រោះ នៅហ្វីលីពីន បន្ទាប់ពីរសាត់អណ្ដែត ៦ថ្ងៃ នៅសមុទ្រ
01/15/2025 08:01 PM
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន៖ អាជ្ញាធរប៉ាឡេស្ទីនត្រូវតែគ្រប់គ្រងតំបន់ហ្កាហ្សា ក្រោយសង្រ្គាម
01/15/2025 08:01 PM
សម្ដេចតេជោ៖បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ
01/15/2025 08:01 PM
រដ្ឋមន្ត្រី៖ អាល្លឺម៉ង់ករណីជំងឺអ៊ុតក្ដាមបន្ថែមទេ ហើយប្រភពនៃការផ្ទុះឡើង នៅតែស្ថិតក្នុងការស្វែងរក
01/15/2025 08:01 PM
លោក Erdogan ៖ ទួរគីអាចកម្ទេចក្រុមភេរវករទាំងអស់នៅស៊ីរី និងអំពាវនាវឲ្យមហាអំណាចបរទេសដកដៃចេញ
01/15/2025 08:01 PM