រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន
កម្ពុជាដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ការកើនឡើងនៃសម្ពាធអតិផរណា រក្សាស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ
រាជរដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកា ៥៣ លានដុល្លារ សម្រាប់បន្តអភិវឌ្ឍន៍ជំនាញគាំទ្រ MSMEs

សេដ្ឋកិច្ច និង កសិកម្ម

ប្រធានសមាគម៖ រយៈពេលជាង ៤ខែដើមនេះវិស័យដឹកជញ្ជូនកម្ពុជា​មានស្ថានភាព​ល្អ​ទោះ​តម្លៃ​ប្រេង​ខ្ពស់​ក៏​ដោយ

2026/05/20 06:34:30 pm        403
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា ថ្លែងថា នៅ​ក្នុង​រយៈពេលជាង ៤ខែ ដើមឆ្នាំ២០២៦ វិស័យ ដឹកជញ្ជូននៅកម្ពុជាមានស្ថានភាពល្អប្រសើរ ជាង​នៅដើមឆ្នាំ២០២៥ គាំទ្រដោយលំហូរនៃទំនិញ (ចេញ-ចូល) និងសកម្មភាពអាជីវកម្ម ក្នុង​ស្រុក​ទោះបីកម្ពុជាជួបបញ្ហានៃការហក់ឡើងប្រេងឥន្ធនៈក៏ដោយ។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារ​ជើង​សានៅ​កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីប្រតិបត្តិការ​នៃ​សេវា​ដឹក​ជញ្ជូន​ក្នុង​ពេល​បច្ចុប្បន្ន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះថា វិស័យដឹកជញ្ជូនពឹងផ្អែកទាំងស្រុងលើប្រេងឥន្ធនៈ (ជាពិសេសប្រេង ម៉ាស៊ូត) បន្ទាប់ពីការហក់ឡើងថ្លៃនៃប្រេងឥន្ធ​នៈ ដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ា សេវានៃប្រតិបត្តិការដឹកជញ្ជូនក៏បានហក់ឡើងថ្លៃ ផងដែរ នៅក្នុងរង្វង់ប្រមាណ ២៥ ទៅ ៣០% ចំណែកនៅក្នុងស្ថានភាពមិនប្រាកដប្រជានេះ អាចនឹងពិបាកក្នុងការវាយតម្លៃ ប៉ុន្តែ ទោះបីយ៉ាងណា ជុំវិញបញ្ហាប្រេងឥន្ធនៈនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានដាក់ចេញនូវកិច្ចអន្តរាគមន៍ជាបន្ត បន្ទាប់រួមមាន តាមរយៈការបញ្ចុះអាករ និងដកពន្ធលើការនាំចូលប្រេង ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ការសម្រួលដល់ប្រតិបត្តិកាដឹកជញ្ជូន ដែលជាផ្នែកមួយជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចជាតិផងដែរ។លោកបន្តថា ជុំវិញការដឹកជញ្ជូននេះឃើញថា ក្នុងរយៈពេលជាង ៤ខែ ដើមឆ្នាំ២០២៦នេះ មានស្ថានភាពល្អប្រសើរ បើធៀប រយៈពេលដូចនឹងឆ្នាំមុន ខណៈនៅក្នុងឆ្នាំ២០២៥កន្លងមក កម្ពុជាទទួលបានគម្រោងវិនិយោគជាច្រើន គាំទ្រដល់ការនាំចេញទំនិញ របស់កម្ពុជា គួបផ្សំជាមួយការហូរចូលទំ​និញមានកំណើនកើនឡើង រួមជាមួយសកម្មភាពអាជីវកម្មក្នុងស្រុកមានភាពមមាញឹកជាងមុនបានគាំទ្រដល់សេវានៃការដឹកជញ្ជូន ហើយបញ្ហានេះលោករំពឹងថា វិស័យដឹកជញ្ជូននៅក្នុងឆ្នាំ២០២៦ នឹងមានស្ថានភាពល្អ ប្រសើរទោះបីជួបបញ្ហាខ្លះៗក៏ដោយ។ ទាក់ទិនអនុវិស័យដឹកជញ្ជូននេះ, បើយោងតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩, អនុវិស័យនេះ ត្រូវបានវាយតម្លៃថា នៅក្នុងឆ្នាំ២០២៦នេះ នឹងបន្តសម្រេចបានកំណើនល្អក្នុងអត្រា ៤,៥% ដែលគាំទ្រដោយនិន្នាការល្អនៃវិស័យ បម្រើការនាំចេញ គួបផ្សំនឹងការបន្តពង្រីក និងពង្រឹងសមត្ថភាពផ្ទុក និងចរាចរណ៍ទំនិញនៅតាមកំពង់ផែទាំងពីរ, ស្របពេលដែល ការដឹកជញ្ជូនបញ្ញើរហ័ស ក៏នៅបន្តរក្សាបាននិន្នាការល្អ ។ ចំណែកការកើនថ្លៃប្រេងឥន្ធនៈ ក៏បង្កផលប៉ះពាល់ដល់សកម្មភាព និង ប្រាក់ចំណេញរបស់ក្រុមហ៊ុនដឹកជញ្ជូនផងដែរ ដែលធ្វើឱ្យមានការកាត់បន្ថយនូវចំនួនជើងនៃការដឹកជញ្ជូន ពិសេសការដឹកជញ្ជូនបញ្ញើរហ័សក្នុងស្រុក, ប៉ុន្តែការដឹកជញ្ជូន ពិសេសទំនិញបម្រើការនាំចេញ នៅបន្តរក្សាបាននិន្នាការល្អ ដែលចូលរួមគាំទ្រដល់ អនុវិស័យនេះជារួម៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីជាន់ខ្ពស់ CDC និង AmCham ប្តេជ្ញាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ

2026/05/18 10:46:37 pm        651
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ប្តេជ្ញាបន្ត​ពង្រឹង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ រវាងរដ្ឋនិងឯកជន ឱ្យកាន់តែរឹងមាំ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គ​ម​កម្ពុជា ឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួប​ប្រតិភូ​សភា​ពាណិជ្ជ​កម្ម​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា (AmCham) ដឹកនាំដោយលោក Devin Barta ប្រធាន AmCham ពិភាក្សា​ការ​ងារ​អំពី​ការត្រៀមរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័ន​រដ្ឋ និង​វិស័យ​ឯក​ជន ដែលគ្រោងនឹងធ្វើឡើង នាដើមខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមាន AmCham ទទួល​បន្ទុកធ្វើជាអ្នកសម្របសម្រួលនិងរៀបចំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំឱ្យផ្តោតការយកចិត្តទុកដាក់ លើការ​កំណត់​ប្រធាន​បទ​ពិភាក្សាឱ្យបាន ច្បាស់លាស់ ចំគោលដៅ និងឆ្លើយតបទៅនឹង​បច្ចុប្បន្ន​ភាព​នៃ​និន្នាការ​សេដ្ឋ​កិច្ច​សកល ជាពិសេសការលើកឡើងពីបញ្ហាប្រឈម និង ការស្វែងរកដំណោះស្រាយរួមគ្នា សំដៅ​ធានាដល់កាលានុវត្តភាពវិនិយោគយ៉ាងពិតប្រាកដសម្រាប់ធុរជនទាំងអស់។ ជាការឆ្លើយតប, លោកប្រធាន Devin Barta បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង​បាន​បង្ហាញ​នូវ​ក្តីសោមនស្សរីករាយ ដែល AmCham ទទួលបានសេចក្តីទុកចិត្ត ក្នុងការរៀបចំ​ពិធី​ទទួល​ទាន​អាហារពេលព្រឹកធុរកិច្ចលើកទី២ ដែលនេះជាវេទិកាដ៏សំខាន់ ក្នុងការបង្កើន​ការ​សន្ទនា​ដោយ​ត្រង់​ទៅត្រ​ង់មក និងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងតំណាងវិស័យឯកជន។  តាមរយៈការត្រៀមរៀបចំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភា​ពាណិជ្ជកម្ម​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា​រំពឹងថា នឹងបន្តដើរតួ ជាកាតាលីករដ៏សំខាន់មួយ ក្នុងការលើក​កម្ពស់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ​ឱ្យកាន់តែមានភាពបត់បែន និងបង្កភាពងាយស្រួល ដល់ប្រតិបត្តិការ​វិនិយោគិន​ពី​វិស័យ​ឯក​ជន​។ បញ្ហានេះដែរ ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នា ក្នុងការរៀបចំកម្មវិធីនេះ ឱ្យ​ទទួល​បាន​លទ្ធផលជាផ្លែផ្កា សំដៅបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋនិងឯកជនឱ្យកាន់តែរឹងមាំ ក្នុង​ន័យរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីក​ចម្រើន​ប្រក​ប​ដោយ​ចីរភាព និងបរិយាបន្ន៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យស្រូវអង្ករត្រូវការដើមទុនប្រមាណ ៤០០លាន​ដុល្លារអាម៉េរិក ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​នៅ​ឆ្នាំ​នេះ​

2026/05/18 10:17:47 pm        483
វិស័យស្រូវអង្ករ ត្រូវការឥណទាន​សម្រាប់​​ទុនបង្វិលប្រមាណចន្លោះពី ៣០០ ទៅ ៤០០ លាន​ដុល្លារ​អាម៉េរិក​សម្រាប់ប្រមូល​ទិញស្រូវសើមពីប្រជាកសិករ​នៅរដូវប្រមូលផលឆ្នាំ២០២៦-២០២៧​​។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​ដែ​​ល​តែង​តែ​គិត​គូរ​ខ្ពស់​ដល់វិស័យស្រូវអង្ករ ជាពិសេស ការបញ្ចេញកញ្ចាប់ថវិការាប់រយលាន​ដុល្លាអាម៉េរិក តាម​រយៈ​​ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) នៅពេល​រដូវប្រមូលផលស្រូវ​ម្តង់ៗ។ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​មើលឃើញថា រាជរដ្ឋាភិបាល​តែង​តែ​គិ​តគូរដល់វិស័យស្រូវអង្ករ​ ជាពិសេស​ ការផ្តល់ភាពងាយស្រួលក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន​​​ ពី​ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) ដែលជា​ស​ហគ្រាស​របស់​រដ្ឋ​គ្រប់​គ្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​។​លោកឧកញ៉ា បានបញ្ជាក់ទៀតថា នៅរដូវប្រមូលផលស្រូវខាងមុខនេះ អ្នកក្នុងវិស័យស្រូវអង្ករ ត្រូវ​ការ​ឥណទានសម្រាប់​ទុនបង្វិលប្រមាណ ៣០០ ទៅ ៤០០លាន​ដុល្លារអាម៉េរិក ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ដែលរំពឹងថា​នឹង​ផលិតបានលើសពី ១៥លាន​តោន។ ក្រៅពីនេះ សហព័ន្ធ​ស្រូវ​អង្ករ ​ក៏​មានផែនការត្រៀមថវិកាប្រមាណ ​១៥០លានដុល្លារអាម៉េរិកទៀត ​សម្រាប់វិនិយោគ​លើ​ការ​​​​ពង្រីកហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យស្រូវអង្ករ​​ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និង ឡ​សំម្ងួត បន្ថែមទៀត ក្នុងទិសដៅសម្រាប់​រយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ។​ ដោយ​ភាព​រីក​ច្រើន​ជា​លំដាប់​នៃការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្ររបស់រាជរដ្ឋាភិបាល​ លោកជឿជាក់ថា កម្ពុជាអាច​ផលិត​ស្រូវ ​ទាំងស្រូវវស្សា និងស្រូវប្រាំង កើន​​ដល់ ១៨ ទៅ ២០ លាន​តោន ក្នុងរយៈពេល ៥​ឆ្នាំ​ខាង​មុខ។​ជារៀងរាល់ឆ្នាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ​ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) តែងតែបញ្ចេញថវិការប្រមាណ ១០០ លានដុល្លារអាម៉េរិក​ ដែល​ជាទុនបង្វិល និង​ទុន​វិនិយោគ​​ ផ្តល់ទៅឱ្យ​អ្នក​កក្នុង​វិស័យស្រូវអង្ករ​ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ។​ ជាមួយគ្នា រាជ​រដ្ឋាភិបាល​ក៏មាន​ឥណទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក ​ ដើម្បី​លើក​ស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ដែលថវិកា​នេះ​នឹង​បញ្ចេញ​មក​អន្តរាគមន៍​ជាបន្ទាន់នៅពេល​ដែល​តម្លៃកសិផលនានាជួបនឹង​វិបត្តិប៉ុណ្ណោះ​។ នេះ​បើ​តាម​​ លោក ចាន់ សីហា អ្នកនាំពាក្យ ធនាគារ ARDB ។ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បង្ហាញថា ក្នុងឆ្នាំ២០២៥ កន្លង​ទៅ​​ កម្ពុជាផលិតស្រូវសរុបបានចំនួន ១៥,០៩លានតោន (ស្រូវប្រាំងចំនួន ៤,២៥​លាន​តោន និងស្រូវវស្សាចំនួន ១០,៨៤លានតោន) កើនឡើងចំនួន ១,២០លានតោន ស្មើនឹង ៨,៦៥% ធៀបឆ្នាំ២០២៤។ តាមការវាយតម្លៃតុល្យភាពស្បៀង កម្ពុជាមានអតិរេកស្រូវចំនួនជាង ៩,១៥​លានតោន និង គិតជាអង្ករ ៥,៨៦លានតោន ដែលអាចសន្និដ្ឋានបានថា កម្ពុជា​ធានា​បាននូ​វ​សន្តិសុខស្បៀង និងសល់សម្រាប់នាំចេញ៕ អត្ថបទ៖ ធូ វិរៈ

វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះ​នៃការរីក​ចម្រើន​វិស័យ​ឧស្សាហកម្ម

2026/05/18 08:54:26 pm        667
វិនិយោគិនចិនកោតសរសើរដល់កម្ពុជា ចំពោះការរីកចម្រើននៃវិស័យឧស្សាហកម្មយ៉ាងខ្លាំងក្លា និងចាត់ទុកការពង្រឹងឧបករណ៍ មានហានិភ័យ គឺជាគ្រឹះដ៏សំខាន់បំផុត សម្រាប់វិស័យឧស្សាហកម្ម និងជាកម្លាំងចលករជួយជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម។ លោក ចុង ប៊ូ ប្រធាននាយកដ្ឋានបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការអនុវត្តអនុស្សរណៈយោគយល់គ្នា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ាន ជីវ យ័ន (ខេមបូឌា) និងប្រកាសស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃដំណើរការ ឧបករណ៍គ្រឿងចក្រ គ្រឿងម៉ាស៊ីន ដែលមានហានិភ័យក្នុងរោងចក្រនិងសិប្បកម្ម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ, លោក បានសម្ដែងនូវភក្តីភាព និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទីកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការ ដឹកនាំដ៏ឈ្លាសវៃ ដែលធ្វើឱ្យកម្ពុជាមានស្ថិរភាពនយោបាយរឹងមាំ និងមានការរីកចម្រើនលើវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចយ៉ាង ឆាប់រហ័ស។លោក បន្តថា ជុំវិញវិស័យឧស្សាហកម្មនៅកម្ពុជា បាននិងកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា ខណៈដែលបទដ្ឋាន សុវត្ថិភាព និងប្រព័ន្ធត្រួតពិនិត្យឧបករណ៍មានហានិភ័យ នៅមានចន្លោះប្រហោងចំណុចខ្វះខាតផ្នែកសុវត្ថិភាពឧបករណ៍ និងការ ការពារសុវត្ថិភាពក្នុងផលិតកម្ម ដែលនេះគឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់វិស័យឧស្សាហកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ហើយវាក៏ជាកម្លាំងចលករដែលជួយជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងផ្តល់នូវវគុណប្រយោជន៏ដ៏ធំធេងដល់មនុស្សជាតិ ប៉ុន្តែ ប្រសិនបើអវត្តមាននៃបទដ្ឋានគតិយុត្ត ឬខ្វះខាតការត្រួតពិនិត្យ និងការគ្រប់គ្រងឲ្យបានដិតដល់ វានឹងបង្កឱ្យមានគ្រោះថ្នាក់ ដែលនាំឱ្យមានការបាត់បង់ជីវិត និងទ្រព្យសម្បត្តិជាដើម។ ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា សិក្ខា សាលាផ្សព្វផ្សាយនេះ គឺធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីប្រកាស ស្តីអំពីការផ្តល់វិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃដំណើរការឧបករណ៍ គ្រឿងចក្រ គ្រឿងម៉ាស៊ីន ដែលមានហានិភ័យក្នុងរោងចក្រនិងសិប្បកម្ម។ ប្រកាសនេះក៏មាន គោលបំណងសំខាន់ដើម្បីធានាថា គ្រឿងចក្រទាំងនោះ មិនបង្កគ្រោះថ្នាក់ដល់កម្មករ និងបរិស្ថាន ដែលស្របតាមស្ដង់ដារជាតិ និង អន្តរជាតិ ដើម្បីបង្ការហានិភ័យនៃគ្រោះថ្នាក់ការងារ ដើម្បីរឹតបន្តឹងទៅលើសុវត្ថិភាព លក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃដំណើរ ការ និងការគ្រប់គ្រងឧបករណ៍ គ្រឿងចក្រ គ្រឿងម៉ាស៊ីនដែលមានហានិភ័យក្នុងរោងចក្រ និងសិប្បកម្ម៕ អត្ថបទ៖ សុន រ៉ាឌី 

សហគ្រាសអនុវត្តបញ្ជីគណនេយ្យបានល្អ អាចទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម

2026/05/18 06:13:49 pm        808
អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម ថ្លែងថា ការ​ចូលរួម​អនុវត្ត​បញ្ជី​កាតព្វកិច្ច​គណ​នេយ្យ ​និងសវនកម្ម របស់វិស័យឯកជន បានត្រឹមត្រូវ និងអាចទុកចិត្តបាន នឹងធ្វើឱ្យសហគ្រាស​ទទួល​បាន​ឥណទានសម្រាប់ពង្រីកអាជីវកម្ម និងក៏ជាការចូលរួមចំណែក ដល់ដំណើរ​ការ​អភិវឌ្ឍន៍​ប្រទេសជាតិផងដែរ។ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម លើកឡើង​នៅ​ក្នុង​សន្និសីទ​ស្តីពី​អាជីព ​ផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារឆ្នាំ២០២៦ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ​ថា ​បច្ចុប្បន្ននេះវិស័យគណនេយ្យ និងសវនកម្ម បាននិងកំពុង ពង្រឹងតាម​គោលដៅ​ដែល​បាន​កំណត់ ​នៅក្នុងឯកសារយុទ្ធសាស្រ្តអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម គឺការបង្កើត​ប្រព័ន្ធ​គណ​នេយ្យ ​និងសវនកម្មមួយដែលរឹងមាំ គណនេយ្យភាព តម្លាភាព និងអាចទុកចិត្តបាន ។ បញ្ហា​នេះ កម្ពុជាមានយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យ គណនេយ្យ និងសវនកម្មឆ្នាំ២០២៥-២០៣៥ ហើយក​ន្លងមកក្នុងក្របខណ្ឌនៃច្បាប់, និយ័តករគណនេយ្យ និងសវនកម្ម បានអនុវត្ត វិធាន​ការ​ពង្រឹងអ​នុលោមភាព, ក្នុងនោះវិធានការទោសទណ្ឌ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ហើយ​ចាប់​ពី​ឆ្នាំ​២០២០ និយ័តករ បានចាប់អនុវត្តកាតព្វកិច្ចកំណត់ដោយច្បាប់រួមមាន៖ កាតព្វកិច្ច​កាន់​បញ្ជី​គណនេយ្យ, កាតព្វកិច្ចរៀបចចំរបាយការណ៍ហិរញ្ញវត្ថុស្រប តាមស្តង់ដារជាធរមាន និង​កាតព្វ​កិច្ច​ដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។ ឯកឧត្តម បន្តថា បញ្ហានេះវិស័យឯកជនដែលកំពុងប្រតិបត្តិការក្នុងអាជីវកម្ម ត្រូវ​មាន​ការ​យល់ដឹ​ង​បន្ថែម​អំពី​បទប្បញ្ញត្តិថ្មីៗ និងការដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ក្នុងនោះការ​ចូល​រួម​អនុវត្ត​តាម​ស្តង់ដារ គណនេយ្យ និងសវនកម្មបានល្អ អាចផ្តល់ អត្ថប្រយោជន៍ដល់ក្រុមហ៊ុន រោង​ចក្រ សហគ្រាស មានមូលដ្ឋានក្នុងការគ្រប់គ្រង របាយការណ៍ហិរញ្ញវត្ថុ និង​បញ្ជី​គណនេយ្យ​អាច​ទុក ចិត្តបាន និងអាចទាញផលប្រយោជន៍បានជាច្រើនដូចជា ការទទួលបាន​ឥណទាន​ផ្សេង​ៗ​ដើម្បី​បង្កើន​ទុនវិនិយោគ និងជាការចូលរួម ចំណែកដល់ដំណើរ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ផង​ដែរ​។ ឯកឧត្តម ប៊ូ ថារិន សង្កត់ធ្ងន់ថា ជុំវិញបញ្ហាខាងលើនេះ ម្ចាស់រោងចក្រ សហគ្រាស​ទាំង​អស់​គឺស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង់នៃ បទប្បញ្ញត្តិ ដោយមិនអាចអនុវត្តវិជ្ជាជីវៈគណនេយ្យ និង​សវន​កម្ម​ដោយ​សេរីគ្មានការគ្រប់គ្រងនោះឡើយ ដោយក្នុងក្រមខណ្ឌនៃច្បាប់ និយ័តករគណនេយ្យ និង​សវនកម្មបានកំពុងអនុវត្តវិធានការពង្រឹងអនុលោមភាព វិធានការទោសទណ្ឌ ក្នុងនោះ​ចាប់​ពី​ឆ្នាំ​២០២០ និយ័តករបានអនុវត្តកាពត្វកិច្ចដែលកំណត់ដោយច្បាប់រួមមាន កាពត្វកិច្ច​កាន់​បញ្ជី​គណ​នេយ្យ ការរៀបចចំរបាយការណ៍ហិរញ្ញវត្ថុស្រប តាមស្តង់ដារជាធរមាន និងកាពត្វកិច្ច​ដាក់​របាយ​ការណ៍ហិរញ្ញវត្ថុឱ្យរបាយការណ៍សវនកម្មឯករាជ្យ ប្រសិនជាប់លក្ខខណ្ឌតម្រូវ។ បញ្ហា នេះ​ឃើញ​ថា​ក្រុមហ៊ុនជាច្រើនចូលខ្លួនដោយស្ម័គ្រចិត្ត ខណៈក្រុមហ៊ុនមួយចំនួនត្រូវបានបង្ខំ។ ឯកឧត្តម បញ្ជាក់ថាបន្ថែមថា ប្រសិន រោងចក្រ សហគ្រាសនានា មិនអនុវត្តនូវ​កាពត្វកិច្ច​គណ​នេយ្យ​ដាក់​របាយការណ៍គ្រប់ប្រព័ន្ធ E-filing របស់និយ័តករ នឹងរងនូវការផាក ពិន័យ (សហ​គ្រាស​មិន​អនុវត្ត ៥០ លានរៀល និងសហគ្រាសដែលរងសវនកម្មពិន័យ ៦០ លានរៀល)៕ អត្ថបទ៖ សុន រ៉ាឌី

កសិករគាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេន ខណៈ​ទិន្នផល​ទុរេន​មាន​ការ​កើនឡើង

2026/05/15 10:32:25 pm        435
ភ្នំពេញ៖ ម្ចាស់ចម្ការ ទុរេន និងប្រធានសហគមន៍ទុរេនបែកអន្លូង បានលើកឡើងថា ទុរេន​របស់​ខ្មែរ​កំពុង​មានទីផ្សារ និង​តម្លៃល្អ ហើយទិន្នផលទុរេនឆ្នាំនេះ គឺផ្តល់បានល្អ ដែលមាន​កំណើន​ប្រមាណ ​៣០%​ បើធៀបនឹងឆ្នាំមុន​ ខណៈប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលខ្មែរ និង​បន្ត​ពហិកា​ផលិត​ផល​នាំចូល​។​ ពួកគេ ​គាំទ្រចំណាត់ការ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​ការ​នាំ​ចូល​ទុរេន​ពី​ថៃ​។ម្ចាស់ចម្ការទុរេន រិទ្ធិដានី ស្ថិតនៅខេត្តកោះកុង​ ប្រាប់ BTV ថា សព្វថ្ងៃ ទីផ្សារទុរេនខ្មែរ​ មាន​ការ​គាំទ្រ​ខ្លាំង​ពី​ប្រជាពលរដ្ឋ ដោយសារ​ ពួកគេមានទំនុកចិត្តថាជាទុរេនរបស់ខ្មែរ។ អ្នកស្រីថា សព្វថ្ងៃ ទុរេនលក់អស់ប្រមាណ ២ ទៅ ៣ តោនក្នុងមួយថ្ងៃ និងមួយចំនួនទៀតលក់នៅក្នុងផ្សារទំនើប ជីប ម៉ុង។​អ្នកស្រី សប្បាយចិត្ត​ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​នាំចូល​ទុរេន​ពី​ថៃក្នុ​ងអំឡុងពេល​នេះ។ការណ៍នឹងជួយឱ្យទីផ្សារទុរេនក្នុងស្រុកកាន់តែរីកចម្រើន ហើយ​ប្រជា​ពលរដ្ឋក៏ទទួលបាន​ទុរេនរបស់ខ្មែរពិតៗ។​ សម្រាប់​ចម្ការ​ទុរេន​នៅ​ខេត្តកោះកុង​នឹង​ប្រមូល​អស់​នៅ​ចុង​ខែឧសភានេះ ដែលរំពឹងថា នឹងផ្តល់ផលប្រមាណ​ចន្លោះពី៧០ ទៅ ៨០ តោន​។​ដោយឡែក លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្ថិតខេត្តកំពង់ចាម​ ប្រាប់ BTV ថា ទិន្នផលទុរេន​របស់សហគមលោកឆ្នាំនេះ គឺទទួលបានផលល្អ ដែលមានចំនួន ៤ ០០០ តោន កើនឡើងប្រមាណ ៣០% បើធៀបនឹងឆ្នាំមុន​។ សម្រាប់ទុរេនបែកអន្លូង បានចាប់ផ្តើមប្រមូលផលជាបណ្តើៗហើយ តែប្រមូលផល​ពេញលេញគឺចាប់ពីចុងខែឧសភានេះតទៅ។ សហគមន៍ទុរេនបែកអន្លូង មានផ្ទៃដីទុរេនប្រមូលផលប្រមាណ​ ៣២០ ហិកតា។របាយការណ៍ក្រសួងកសិកម្ម បង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជា​មានផ្ទៃដីដាំដុះទុរេនមានចំនួន ១៦ ១៩៣ហិកតា និងផ្តល់ផលទុរេនប្រមាណ ១៣៥ ៥៤៦តោន​។​ បើតាម ប្រធានសហគមន៍ទុរេនបែកអន្លូង ក្រៅពីទុរេនផ្គត់ផ្គង់ក្នុងស្រុក ទុរេនសហគមន៍បែកអន្លូង ក៏បាននាំចេញទៅទីផ្សារប្រទេសចិនប្រមាណ២ ទូរកុងតឺន័រ ស្មើនឹងប្រមាណ ៤០ ទៅ ៦០ តោន​ កាលពីថ្មីៗនេះ៕ អត្ថបទ៖ ធូ វិរៈ

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារ កើនជាង ៤ %

2026/05/15 10:00:12 pm        3820
ការដោះប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារអា មេរិក កើនឡើងជាង ៤ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញមានទឹកប្រាក់ជិត ២ ពាន់លានដុល្លារ និងការនាំចូលជាង ១,៣ ពាន់លានដុល្លារ។ជុំវិញការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការដោះប្តូរពាណិជ្ជកម្មនៃ ប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសទីផ្សារវៀតណាមបានស្រូបយកទំនិញ និងផលិតផលរបស់កម្ពុជា ឈរក្នុងលំដាប់ទី៣ បន្ទាបពីការនំាចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក។ ជាក់ស្តែងនៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦នេះ, បើយោងតាមរយបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា ការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់សរុបជាង ៣,៣ ពាន់លាន ដុល្លារអាមេរិក កើនឡើងជាង ៤ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅទីផ្សារវៀតណាម មានទឹកប្រាក់ជិត ២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១១ ភាគរយ ខណៈការនាំចូលទំនិញពីប្រទេសវៀតណាមមកកម្ពុជា មានទឹកប្រាក់ជាង ១,៣ លានដុល្លារអាមេរិក ថយចុះជាង ៤ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញទៅប្រទេសវៀតណាមរួមមាន៖ គ្រឿងអេឡិចត្រូនិច, ខ្សែភ្លើងនិងគ្រឿងបង្គុំខ្សែភ្លើង, គ្រឿង បន្លាស់រថយន្តនិងម៉ូតូ។ ចំណែកកសិផលកម្ពុជាបាននាំចេញមាន៖ ស្រូវ​ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ជាដើម។ ចំណែកការនាំចូលពី​វៀតណាម​មានដូចជា សម្ភារៈ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ឧបក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ-ផ្លែឈើជាដើម​។​សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ប្រទេសទាំងពីរនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង គាំទ្រដល់យុទ្ធសាស្ត្រទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើង ដល់ ២០ ពាន់លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី 

ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច

2026/05/14 06:50:13 pm        577
កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិចំនួន ២០ ប្រភេទ ក្នុងរយៈពេល ៤ ខែ ក្នុងឆ្នាំ២០២៦ ដែលមានកំណើនខ្ពស់ជាងគេ មានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារអាមេរិក កើនជាង ២១ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដែលទំនិញទាំងនេះបាន គាំទ្រដល់កំណើននៃសេដ្ឋកិច្ចជាតិ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ការនាំចេញមុខទំនិញរបស់កម្ពុជា ក្នុងងរយៈពេល ៤ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ សរុបជាង ១១ ពាន់លានដុល្លារអាមេរិក មានកំណើនកើនឡើងជាង ២១ ភាគរយ ខណៈការនាំចេញក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៥ មានទឹកប្រាក់ជាង ៩ ពាន់លានដុល្លារប៉ុណ្ណោះ។ ការនាំចេញទំនិញរបស់នេះ បានគាំទ្រដោយទីផ្សារសំខាន់ៗដូចជា៖ ទីផ្សារសហរដ្ឋ អាមេរិក, វៀតណាម, ជប៉ុន, ម៉ាឡេស៊ី, កាដាណា, អេស្បាញ និងអង់គ្លេសជាដើម។ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា បច្ចុប្បន្នពិភពលោកមិនទាន់មានភាពប្រាកដប្រជា នៅឡើយដូចជា ការអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន, សង្គ្រាមនូវមជ្ឈឹមបូព៌ា (ធ្វើឱ្យហក់ឡើងថ្លៃនៃប្រេងឥន្ធនៈ បានប៉ះពាល់ដល់ វិស័យដឹកជញ្ជូន ប្រតិបត្តិការអាជីវកម្ម និងាការហក់ឡើងអតិផរណា), បញ្ហាព្រំដែនកម្ពុជា-ថៃ (មិនទាន់មានភាពច្បាស់លាស់) និង បញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ាជាដើម ទោះបីមានផលប៉ះពាល់ខាងលើ ក៏ការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា បាននិងកំពុង បន្ត កំណើននាំចេញល្អប្រសើរ, ដែលការណ៍នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដាក់ចេញ នូវគោលនយោបាយ, យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ច្បាស់លាស់ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។សូមបញ្ជាក់ថា ទំនិញដែលគាំទ្រដល់ការនាំចេញ ដែលមានកំណើនខ្ពស់ជាងគេនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៦ មានចំនួន ២០ ប្រភេទរួមមាន៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ, ស្បែកជើងជាង ៧០០ លានដុល្លារ, វត្ថុធ្វើពី ស្បែកនិងរោម ៧២៣ លានដុល្លារ, ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ៥០០ លានដុល្លារ, ផ្លែឈើនិងគ្រាប់ផ្លែឈើជាង ១ ពាន់លាន ដុល្លារ, កៅស៊ូនិងផលិតផលពីកៅស៊ូ ៨៤៤ លានដុល្លារ, ធញ្ញជាតិជាង ៥០០ លានដុល្លារ ក្រៅពីនេះនៅមានប្រភេទទំនិញជាច្រើន ទៀត ដែលជួយគាំទ្រដល់ការនាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ

2026/05/14 06:36:40 pm        944
កម្ពុជាបា​នដាក់ចេញនូវផែនការសកម្មភាព សំដៅធានាលើការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវ​រាល់​វិធាន​ការ​គន្លឹះ ជំរុញប្រែក្លាយ វិស័យសក្តានុពល សហគ្រាសធុនតូច និងមធ្យម, រ៉ែ និង​ថាមពល​, ​ការអភិវឌ្ឍវិស័យទេសចរណ៍, កសិកម្ម, ឱ្យទៅជាថាមពលរុញច្រាន កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែរឹងមាំ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ បានដឹក​នាំ​កិច្ច​ពិភា​ក្សា​ពិគ្រោះ​យោបល់​ជាមួយ គណៈប្រតិភូក្រសួងបរិស្ថានដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យម (SMEs), ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​, កសិកម្ម, រ៉ែ និងថាមពល ក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងស្មារតី​បុរេស​ក​ម្ម ក្នុងនោះអង្គប្រជុំបានឆ្លងកាត់ការពិភាក្សាផ្លាស់ប្តូរ មតិយោបល់យ៉ាងផុលផុស និង​ស៊ី​ជម្រៅ ​ដោយផ្អែកលើមូលដ្ឋាននៃកិច្ចសហការអន្តរស្ថាប័ន និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះ ឧត្តម​ប្រយោជន៍ជាតិ។ ជាលទ្ធផល, អង្គប្រជុំបានដាក់ចេញនូវផែនការសកម្មភាព និងទិសដៅ​ការងារបន្ត​យ៉ាងច្បាស់​លាស់​ សំដៅធានាឱ្យបាននូវការ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់វិធានការគន្លឹះ ដែល​នឹង​ប្រែ​ក្លាយ​វិស័យសក្តានុពលទាំងនោះ ឱ្យទៅជាថាមពលរុញច្រានកំណើន សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់​តែ​រឹ​ងមាំ​ ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពយូរអង្វែង។ សូមបញ្ជាក់ថា កិច្ចពិភាក្សា និងពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅដោយមានវត្តមាន ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក., ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប៕ អត្ថបទ៖ សុន រ៉ាឌី

ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធបាគងគាំទ្រដល់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល

2026/05/13 09:28:53 pm        349
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើង​ពី​អត្ថ​ប្រយោជន៍​នៃ​កិច្ច​ដំណើរ​ការ​ប្រព័ន្ធ​ទូទាត់​បាគង ​បាននិងកំពុងគាំទ្រដល់ការ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ការ​អភិវឌ្ឍ​វិស័យ​ទេសចរ​ណ៍ និងការជំរុញការប្រើប្រាស់ប្រាក់រៀល។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៦ ​ម្សិលមិញនេះ បាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា, ក្នុងជំនួបនេះភាគីទាំងពីរ បានលើកឡើងពីកិច្ចសហ- ប្រតិបត្តិ​ការ​ល្អ ​ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុដូចជា គម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) និង​កិច្ច​សហ​ប្រតិបត្តិការរវាង ការិយាល័យឥណទាននៃប្រទេសទាំងពីរជាដើម។ ភាគីទាំងពី​រ​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនាទាន អំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកបញ្ហាប្រឈម និងស្ថានភាព​សេដ្ឋ​កិច្ច​កម្ពុជា​ផង​ដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃប្រព័ន្ធ​ទូទាត់​ឌីជីថល​នៅ​​កម្ពុជា និងភាពងាយ ស្រួលក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code នៅកម្ពុជា។ ជាការឆ្លើយតប, លោកជំទាវទេសាភិបាល បាន​លើកឡើ​ង​ពី​វឌ្ឍនភាព​នៃ​ដំណើរកា​រ​ប្រព័ន្ធ​ទូទាត់​បាគង ​និងអត្ថប្រយោជន៍នៃ ដំណើរការប្រព័ន្ធទូទាត់នេះ ក្នុងការគាំទ្រដល់​ការ​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការជំរុញការប្រើ ប្រាស់ប្រាក់រៀល។ ជាមួ​យ​គ្នា​នេះ ​ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុង​ការ​ចែក​រំលែកព័ត៌មាន និងការពង្រឹងវិធានការនានា សំដៅទប់ស្កាត់ ក៏ដូចជាប្រយុទ្ធ​ប្រឆាំង​ការឆបោ​ក​តាមអនឡាញ និងបទល្មើសហិរញ្ញវត្ថុ ឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម នៅទីតាំងមួយកន្លែង ខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស១៧នាក់
09/08/2026 10:09 PM
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
09/08/2026 08:09 PM
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
09/08/2026 08:09 PM
មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម. ចុះពិនិត្យការងារគ្រោះមហន្តរាយ និងសួរសុខទុក្ខភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ
09/08/2026 08:09 PM
ពលរដ្ឋអេក្វាឌ័ររាប់ម៉ឺននាក់បោះបង់ចោលផ្ទះសម្បែងរបស់ខ្លួនស្របពេលអំពើហិង្សាជនអន្ធពាលកើនឡើង
09/08/2026 07:09 PM
លោកLavrov និយាយប្រាប់សមភាគីអារ៉ាប៊ីសាអ៊ូឌីតថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ ដើម្បីជួយដោះស្រាយស្ថានភាពនៅមជ្ឈិមបូព៌ា
09/08/2026 06:09 PM
ជ័យជម្នះរបស់គណបក្ស​ AfD ធ្វើ​ឱ្យ​​របៀបវារៈកំណែទម្រង់របស់លោក Merz កាន់តែ​មិន​ច្បាស់លាស់​
09/08/2026 06:09 PM
រដ្ឋមន្រ្តីការបរទេសគុយបាច្រានចោលការចរចារបស់អាមេរិក បើទោះបីជាមានការបិទច្រកក៏ដោយ
09/08/2026 06:09 PM
ប៉ាគីស្ថានបង្ហាញប្រព័ន្ធមីស៊ីលដែល​អាច​ជារបស់​ចិន ខណៈទំនាក់ទំនងកាន់តែស៊ីជម្រៅ
09/08/2026 06:09 PM
កោះហាវ៉ៃប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ខណៈព្យុះសង្ឃរា Lowell បោកបក់ជិតមកដល់
09/08/2026 06:09 PM