រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន
កម្ពុជាដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ការកើនឡើងនៃសម្ពាធអតិផរណា រក្សាស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ
រាជរដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកា ៥៣ លានដុល្លារ សម្រាប់បន្តអភិវឌ្ឍន៍ជំនាញគាំទ្រ MSMEs

សេដ្ឋកិច្ច និង កសិកម្ម

រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦

2026/05/06 10:31:25 pm        199
រាជរដ្ឋាភិបាលបានធ្វើការវាយតម្លៃសារជាថ្មី លើវិស័យចម្បងៗដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ដោយ​បាន​ទម្លាក់នូវអត្រាកំណើន បន្ទាប់ពីមានផលប៉ះពាល់បញ្ហាប្រេងឥន្ធនៈ បញ្ហាព្រំដែន​កម្ពុជា​-ថៃ និងការប៉ះពាល់រយៈខ្លីនៃការបង្ក្រាបសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា តែ​ទោះ​បី​យ៉ាង​ណាក៏​មានអនុវិស័យមួយចំនួននៅរក្សាកំណើនល្អ។ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ របស់រាជរដ្ឋាភិបាល ដែល​ទើប​ដាក់​ចេញផ្លូវការបាន​បង្ហាញផលអវិជ្ជមានធំៗចំនួន៣ រួមមាន៖ ការកើនឡើងថ្លៃប្រេងឥន្ធនៈ ដែល​ធ្វើឱ្យប៉ះពាល់ដល់វិស័យពឹងផ្អែកប្រេងដូចជា ផលិតកម្ម ដឹកជញ្ជូន និងទេសចចរណ៍ជាដើម គួប​ផ្សំនឹងការកើនឡើងនៃសម្ពោធអតិផរណា ដែលអាចបង្ហាក់បន្ទុចដល់ការចាយវាយ និងការ ប្រើ​ប្រាស់​ជារួម។ ចំណែកកម្មវិបាក និងឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដូចជាការ​បង្វែរ​ប្រាក់​ឯកជន ទេសចរណ៍ ដែលពឹងផ្អែកច្រកព្រំដែនអន្តរជាតិ និងការនាំចេញ​កសិផល​កម្ពុជា​ជា​ដើម និងការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺអាចប៉ះ ពាល់ខ្លី​ទៅ​លើ​វិស័យ​មួយ​ចំនួន​។ជុំវិញការជះឥទ្ធិពលខាងលើ, បើក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ ​រាជរដ្ឋាភិបាលបានធ្វើ ការវាយតម្លៃសារជាថ្មី នៅលើវិស័យ​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​រួម​មាន​៖ ​វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ក្នុងនោះ ចំពោះ​វិស័យ​ឧស្សាហកម្ម​ក្នុង​ឆ្នាំ​២​០២៦នេះ បានទម្លាក់ការវាយតម្លៃមកនៅត្រឹមប្រមាណ ៦,៧% ដោយសារ​កំណើន​ថម​ថយ​ជាង​ ការរំពឹងទុកនៃអនុវិស័យសំណង់ ខណៈដែលអនុវិស័យកាត់ដេរ និងមិនមែនកាត់ដេរ នៅ​រក្សា​បាន​ស្ថិរភាពកំណើន ខណៈដែលវិស័យ នេះនៅដើមឆ្នាំ ត្រូវបានវាយតម្លៃក្នុងអត្រា ៧,២%។ចំណែកវិស័យសេវាកម្ម ត្រូវបានវាយតម្លៃថា នឹងមានកំណើនថមថយបន្ថែមទៀត ក្នុង​អត្រា​កំណើន ​២,៦% (ខណៈនៅដើម ឆ្នាំបានវាយតម្លៃក្នុងអត្រា ៣,៧%), ចំណែកនិន្នាការ​ធ្លាក់​ចុះ​នេះ​ដោយ​សារ​ការថមថយនៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូប អាហារ (ទេសចរណ៍) និង​កំណើនថមថយនៃអនុវិស័យលក់ដុំ-រាយ និងអចលនទ្រព្យ ដែលបង្ក​ឡើង​នូវ​ឥទ្ធិពល​ផ្ទួន​ៗ​គ្នា។​ ដោយឡែកវិស័យកសិកម្មក្នុងឆ្នាំ២០២៦ ត្រូវបានរំពឹងថា នឹងមានកំណើនថមថយក្នុងអត្រា ០,៧% ដោយសារនិន្នាការថមថយនៃគ្រប់អនុ- វិស័យគាំទ្រកំណើន ស្របពេលនៅដើមឆ្នាំ វិស័យ​នេះ​ត្រូវ​បានរំពឹងថា ០,៩%។សូមបញ្ជាក់ថា ទោះបីវិស័យនឹងអាចថមថយ តែអនុវិស័យ​មួយ​ចំនួន​នៅ​បន្ត​មាន​កំណើន​ល្អ​ដូច​ជា៖​ អនុវិស័យកាត់ដេរ នឹងអាចបន្ត មានកំណើនល្អក្នុងអត្រា ៨,៦%, អនុវិស័យកម្ម​ន្តសាល​មិន​មែន​កាត់​ដេរ ​អាចរក្សាកំណើនក្នុងរង្វង់ ៨,៥% ដោយការរំពឹងទុកនៃនិន្នា ការល្អ​នៃ​ផលិត​កម្ម​បម្រើ​ទីផ្សារ​នាំចេញ ខណៈវិស័យសំណង់អាចបន្តក្នុងល្បឿនយឺត។ ក្រៅពីនេះ​អនុវិស័យ​បច្ចេក​វិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ ក៏នឹងបន្តកំណើនល្អ ខណៈអនុវិស័យលក់ដុំ-រាយ និង​អនុ​វិស័យ​ដឹក​ជញ្ជូន និងស្តុក អាចថមថយកំណើនបន្តិចបន្ទួច។ជុំវិញបញ្ហាខាងលើនេះ, លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​រាជ​បណ្ឌិតសភាកម្ពុជា លើកឡើងថា ទោះបីកម្ពុជាជួបបញ្ហាប្រឈមខ្លះៗក្តី តែ​ទីផ្សារ​នាំ​ចេញ​ទំនិញសំខាន់ៗនៅតែមានភាពធន់ ក្នុងការបន្តជ្រោមជ្រែងដល់ ទីផ្សារនាំចេញ ខណៈ​រាជ​រដ្ឋាភិបាល​បាន​ត្រៀមខ្លួនសមស្រប ទប់ទល់និងផលប៉ះពាល់ដូចជា ការកើនឡើង​នូវ​ភាព​តាន់​តឹង​នៃ​ភូមិសាស្រ្តនយោបាយ និងការរីកដុះដាលនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលប៉ះ​ពាល់​ដល់​ខ្សែច្រ​វាក់​ផលិត​កម្មជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%

2026/05/06 10:04:37 pm        270
កម្ពុជានាំចេញបន្ទះសូឡា នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦, មានទឹកប្រាក់សរុបប្រមាណជាង ៥,៧លានដុល្លារអាមេរិក កើន ឡើងជិត ៧៥ភាគរយ ធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន ក្នុង​នោះ​ទីផ្សារ​សហរដ្ឋអាមេរិកបានស្រូបយកជិត ៨០ ភាគរយ នៃការនាំចេញ សរុប។ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍ នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុងនោះ ការនាំចេញបន្ទះសូឡា នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦ មាន​ទឹក​ប្រាក់​សរុប​ប្រមាណជាង ៥,៧ លានដុល្លារអាមេរិក កើនឡើង ជិត ៧៥ ភាគរយ ធៀបរយៈ​ពេល​ដូច​គ្នា​នឹងឆ្នាំ២០២៥ (ដែលបាននាំចេញត្រឹម ៣,២ លានដុល្លារអាមេរិកប៉ុណ្ណោះ) ដែល​នេះ​បាន​បង្ហាញនូវនិន្នាការនាំចេញកើនឡើង គាំទ្រដល់ការនាំចេញបន្ទះសូឡារបស់កម្ពុជា។ចំពោះប្រទេសដែលកម្ពុជាបាននាំចេញបន្ទះសូឡារួមមាន៖ សហរដ្ឋអាមេរិកមានទឹកប្រាក់ជាង ៤,៥ ​លានដុល្លារ កើនជាង ១.២០០ ភាគរយ, ប្រទេសឡាវ ជាង ៨៣ ម៉ឺនដុល្លារ កើន ១១៣ ភាគរយ, ហ្គាណា ជាង ១៤ ម៉ឺនដុល្លារ (ទីផ្សារថ្មី), តៃវ៉ាន់ និង ខេត្តមួយចំនួននៃប្រទេសចិន ជាង ១០ម៉ឺនដុល្លារ ថមថយជាង ៤០ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ក្រៅពីនេះ កម្ពុជា​បាននាំចេញទៅទីផ្សារថ្មីៗផ្សេងទៀតដូចជា ម៉ាឡេស៊ី អេស្បាញ ហូឡង់ និង​អូស្រ្តាលី​ជា​ដើម ​ដែលបានកំពុងគាំទ្រដល់ការនាំ ចេញផលិតផលបន្ទះសូឡានេះ។ជុំវិញការនាំចេញបន្ទះសូឡានេះដែរ កម្ពុជាបាននាំចេញបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិក មាន​ភា​​ពលេចធ្លោជាងគេ ជាក់ ស្តែងការនាំចេញនៅក្នុងរយៈពេល៣ខែនេះ ទីផ្សារ​សហ​រដ្ឋអាមេរិ​ក​បាន​ស្រូប​យកផលិតផលបន្ទះសូឡា ត្រូវប្រមាណជិត ៨០ភាគរយ នៃការនាំ​ចេញ​បន្ទះ​សូឡា​សរុប​របស់​កម្ពុជា។សូមបញ្ជាក់ថា ទីផ្សារសហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំមួយ ដោយបាននិងកំពុង​ជួយ​ជ្រោម​ជ្រែង​ដល់​កំណើន​នៃការនាំចេញទំនិញរបស់ កម្ពុជា ជាក់ស្តែងនៅក្នុងរយៈពេល៣ខែនេះ ទីផ្សារ​សហ​រដ្ឋ​អាមេរិកបានស្រូបយកទំនិញគ្រប់ប្រភេទរបស់កម្ពុជា មានទឹកប្រាក់សរុប ប្រមាណជាង ៣,៣ ពាន់​លានដុល្លារ កើនជាង ៣៨ ភាគរយ នៃការ​នាំ​ចេញ​សរុប​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​របស់​កម្ពុជា​៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីក្នុងត្រីមាសទី១ មានទឹកប្រាក់ ៣៥៨លានដុល្លារកើនជាង ២២%

2026/05/05 10:44:11 pm        391
កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទី ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៦ គិតជាទឹក​ប្រាក់​សរុប​ប្រមាណ ​៣៥៨​លានដុល្លារអាមេរិក កើនឡើងជាង ២២ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ខណៈទីផ្សារប្រទេសវៀតណាម បានស្រូបយកស្ទើរ ១០០ភាគរយ នៃ​ការ​នាំ​ចេញ​សរុប​នៃ​កសិផល​នេះ។​ តាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទី នៅ​ក្នុង​រយៈ​ពេល​៣ខែ​ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបប្រមាណ ៣៥៨ លានដុល្លារអាមេរិក កើនជាង ២២% ចំពោះទីផ្សារ គាំទ្រដល់ការនាំចេញរួមមាន៖ ទីផ្សារវៀតណាម មានទឹកជាង ៣៥៦​លានដុល្លារ កើនជាង ២២​ភាគរយ, តៃវ៉ាន់ និងខេត្តមួយចំនួន នៃប្រទេសចិន មាន​ទឹក​ប្រាក់​ជាង ៤១​ម៉ឺនដុល្លារ កើន ២១៨ ភាគរយ, ទួកគី ជាង ៣៦ ម៉ឺនដុល្លារ (ជាទីផ្សារថ្មី), អារ៉ាប់​អេមីរ៉ាត ជាង ២២ ម៉ឺនដុល្លារ កើនជាង ៥ ម៉ឺនភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ក្រៅ​ពី​នេះ​នៅ​មាន​ទីផ្សារផ្សេងៗដែលជួយគាំទ្រដល់ កំណើននៃការនាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​របស់​កម្ពុជា​។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា ជុំវិញការប្រមូលផល, នៅ​ក្នុង​ពេល​២​ឆ្នាំ​ចុងក្រោយនេះ អាកាសធាតុមានការប្តូរផ្លាស់ គិតមកដល់រយៈពេល៤ខែ ដើម​ឆ្នាំ​២០២៦​, ​កសិករទើបប្រមូលផលសម្រេចបានក្នុងរង្វង់ប្រមាណ ៦០ ប៉ុណ្ណោះ ខណៈ​ការ​ព្យាករ​នៅ​ក្នុង​ឆ្នាំ​នេះ ​កម្ពុជានឹងអាចប្រមូលផលគ្រាប់ស្វាយចន្ទីបានចន្លោះពី ៨០ ម៉ឺនតោន ទៅ ១ លាន​តោន​។ ចំណែកតម្លៃវិញ លោកបានបញ្ជាក់ឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីសើម នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំកន្លងមកនេះ គឺគ្មានឆ្នាំណា ដែលល្អដូចឆ្នាំ២០២៦នេះឡើយ (ទំាងទិន្ន​ផល​ និង​តម្លៃ​) ​ដោយឆ្នាំនេះអាចធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញច្រើន។ លោក អួន ស៊ីឡុត បានបញ្ជាក់ឱ្យដឹងថា តម្លៃការនាំចេញគ្រាប់ស្វាយចន្ទីសើមនេះ កាលពីខែមករា ឆ្នាំ២០២៦ មានតម្លៃក្នុងរង្វង់ ៧.២០០ រៀល ក្នុងមួយគីឡូក្រាម, នៅក្នុងខែ កុម្ភៈ មានតម្លៃ ៦.១០០ រៀល, ខែ មីនា តម្លៃ ៦.៣០០ រៀល, ខែ មេសា ៦.២០០ រៀល និងនៅក្នុងឧសភានេះ មានតម្លៃក្នុងរង្វង់ ៥.៦០០ រៀល ក្នុងមួយគីឡូក្រាម៕ អត្ថបទ៖ សុន រ៉ាឌី

ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែងនឹងបង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ ខណៈរបាយទឹកភ្លៀងក៏ល្អប្រសើរ

2026/05/05 10:21:47 pm        290
រដូវវស្សានៅឆ្នាំ២០២៦ នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ ក្នុងខែឧសភានេះ ដោយ​បរិមាណ​ទឹក​ភ្លៀង ​និងរបាយទឹកភ្លៀងមានភាពល្អប្រសើរដូចកាលពីឆ្នាំ២០២៥។ ប្រព័ន្ធធារា​សាស្ត្រ​ជាង​ពីរ​ពាន់​កន្លែងនឹ​ងប​ង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ។ឯកឧត្តម សាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក ​និងឧតុនិយម នៅថ្ងៃទី០៥ ខែឧសភា នេះ បានប្រាប់BTVថា ប្រជាពលរដ្ឋ​នឹង​ចាប់​ផ្តើម​ធ្វើ​ស្រែ​វស្សា​ក្នុង​ពេលឆាប់ៗនេះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តនៅក្នុងរដូវវស្សា ដោយចាប់​ផ្តើម​ក្នុង​សប្តាហ៍​ទី​១ ក្នុង​ខែឧសភានេះ។ ឯកឧត្តម​បន្តទៀតថា សម្រាប់បរិមាណទឹកភ្លៀង និងរបាយទឹកភ្លៀង នៅក្នុងឆ្នាំនេះ គឺ​មាន​ភាព​ល្អ​ច្រើន​ដូច​កាលពីឆ្នាំ២០២៥ផងដែរ។ ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែង នឹងដើរ​តួនាទី​ជា​អ្នក​ផ្ដល់​ទឹ​កសម្រាប់ការងារស្រែចម្ការដល់ប្រមាណជិតពីរលានហិកតា។គិត​ត្រឹម​អំឡុងឆ្នាំ២០២៥ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួនជាងពីរពាន់ប្រព័ន្ធ ក្នុង​នោះ​ប្រព័ន្ធ​ខ្នាត​ធំ ចំនួនជាង៥០ប្រព័ន្ធ ខ្នាតមធ្យមចំនួនជាង១ពាន់ប្រព័ន្ធ និងខ្នាតតូច​ចំនួន​ជាង​១​ពាន់​ប្រព័ន្ធ ​និងអាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើន​លទ្ធភាព​ស្រោច​ស្រព​លើ​ផ្ទៃ​ដី​ចំនួន​ជិត​ពីរ​លាន​ហិកតា​។ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រសួង ធនធានទឹក និងឧតុនិយម បានដាក់ចេញ​នូវ​ផែន​ការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល៥ឆ្នាំ (២០២៤-២០២៨​) ​ដោយបានកំណត់សកម្មភាពជាអាទិភាព សូចនាករពេល​វេលា​ច្បាស់​លាស់​សម្រាប់​អនុវត្តន៍ ​និងយន្តការសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកលើក្របខ័ណ្ឌលទ្ធផល ដើម្បី​ទទួល​បាន​ជោគជ័យក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព ស័ក្តិ​សិទ្ធិ​ភាព​ និងនិរន្តរភាព ដើម្បីពង្រឹងសន្តិសុខទឹក ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និង កាត់បន្ថយ​នូវ​ការ​ខូច​ខាត ​ដែលបណ្តាលមកពីគ្រោះធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុង​បរិបទ​នៃ​ការ​ប្រែ​ប្រួលអាកាសធាតុ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយភាពធន់ ក្រោមកិច្ចសហការ យ៉ាង​ជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍៕ អត្ថបទ៖ ទូច សោភ័ណ 

ផលិតផលសមូហភាពត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារកាន់តែខ្ពស់

2026/05/04 08:34:07 pm        305
ផលិតផលក្នុងស្រុកដែលចុះបញ្ជីម៉ាកសមូហភាព ត្រូវបានទទួលគេស្គាល់យ៉ាងទូលំទូលាយ និង​មាន​តម្រូវ​ការទីផ្សារខ្ពស់ទាំងក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្តែង ទឹកឃ្មុំព្រៃធម្មជាតិ ព្រះវិហារ និងផលិតផល ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដែលជាផលិតផលម៉ាកសមូហភាព កំពុង​បង្ហាញ​ពី​ភាព​រីក​ចម្រើន ទាំងទីផ្សារ និងជំនឿទុកចិត្តពីអ្នកប្រើប្រាស់។ ការចុះបញ្ជីម៉ាកសមូហភាពគឺ ដើម្បី​ការពារកេរ្តិ៍ឈ្មោះទំនិញរួម និងផ្តល់ការធានាគុណភាពដល់អ្នកប្រើប្រាស់។ផលិតផលសមូហភាព (Collective Marks) គឺជាសញ្ញា​សម្គាល់​ដែល​ប្រើ​សម្រាប់​សម្គាល់​ប្រភព​ដើម​ គុណភាព ឬលក្ខណៈរួមនៃទំនិញ/ សេវាកម្មរបស់សមាជិកក្រុម ឬសមាគមណាមួយ ដែល​ត្រូវ​បាន​ចុះបញ្ជីត្រឹមត្រូវក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាក។ លោកស្រី ហ៊ើ រ៉ាម៉ាណែត អនុប្រធាន សមាកមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ ខេត្តកណ្តាល បង្ហាញ​ក្តី​រីក​រាយដែលផលិតផល ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ត្រូវបានចុះបញ្ជី​ម៉ាក​សមូហភាព​ជា​ផ្លូវកា​រ ​កាលពីថ្មីៗនេះ ដោយក្រសួងពាណិជ្ជកម្ម។ នេះគឺជាភាព​ជោគជ័យ​សម្រាប់​សហគមន៍​របស់​លោក​ស្រី ដែលវានឹងជួយបង្កើនជំនឿទំនុកចិត្ត និងការគាំទ្រកាន់តែខ្លាំងៗ ពីសំណាក់​អ្នក​ប្រើ​ប្រាស់​ទាំងក្នុងស្រុក និងក្រៅស្រុក។ លោកស្រី បញ្ជាក់ថា បច្ចុប្បន្ន ទីផ្សារចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល កំពុងមា​ន​ការ​កើនឡើង​ជា​លំដាប់​ ដោយមានការជ្រោមជ្រែងពីក្រសួងពាណិជ្ជកម្ម ក្នុងការ​ជួយ​ផ្សព្វ​ផ្សាយ​ទី​ផ្សារច​ម្លាក់​ប្រាក់​ស្ពាន់​ខេត្ត​កណ្តាល កាន់តែទូលំទូលាយ ទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារ​អន្តរជាតិ​សំខាន់​ៗ​មួយ​ទៀត​។​ ភាពរីកចម្រើននេះ បានចូលរួ​ម​ចំណែក​ជួយ​លើក​កម្ពស់​ជីវភាព​សហគមន៍​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។ ដោយឡែក សមាជិក សហគ្រាសសហគមន៍ ឃ្មុំព្រៃ ព្រះវិហារ លោក ជា យឿន បានប្រាប់ BTV ថា លោក​មាន​មោទន​ភាព​ដែល​ទឹកឃ្មុំ​ព្រៃ​របស់​សហគម​ន៍របស់លោ​ក​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ម៉ាក​សមូហ​ភាព​ ព្រោះ ទឹកឃ្មុំ ផលិតដោយ សហគ្រាសសហគមន៍ ឃ្មុំព្រៃ ព្រះវិហារ គឺជាទឹកឃ្មុំព្រៃ​ធម្ម​ជាតិ​សុទ្ធ១០០% ដែលបានប្រមូលផលពីក្នុងព្រៃសហគមន៍ឆែបលិច ដែលស្ថិតនៅ ស្រុក​ឆែប ​ខេត្តព្រះវិហារ។ លោកសង្ឃឹមថា ការចុះបញ្ជីជា​ម៉ាក​សមូហភាព​នេះ​នឹង​ជួយ​លើក​កម្ពស់ក​ម្រិត​ជីវភាពសហគមន៍របស់លោកកាន់តែប្រសើរ។ដើម្បីលើកកម្ពស់ ផលិតផលសក្តានុពលក្នុងស្រុក រាជរដ្ឋាភិបាលដែ​ល​មាន​ក្រសួង​ពាណិជ្ជ​កម្ម​ជា​សេនា​ធិការបានជំរុញការប្រើប្រាស់ កម្មសិទ្ធិបញ្ញា ដើម្បីកសាងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា តាម​រយៈ​ការ​ចុះម៉ាកសមូហភាពកម្ពុជា រួមមាន គុយទាវភ្នំពេញ, អង្ករព្រះវិហារ, អំបុកកំពង់ធំ, អង្ករ​ក្រអូប​ SKO ,អង្ករដំណើប DSMK, នំបញ្ចុកសៀមរាប, ប្រហុកសៀមរាប, ក្រូចថ្លុងកោះពីរ, ដូង​ខ្ទិះ​បាត់​ដំបង, ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល, ថ្នាំជក់កម្ពុជា, សំបុកត្រចៀកកាំកម្ពុជា និងទឹក​ឃ្មុំ​ព្រៃ​ព្រះវិហារ ជាដើម៕ អត្ថបទ៖ ធូ វិរៈ 

អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%

2026/05/04 06:51:48 pm        314
កម្ពុជានាំចេញទំនិញគ្រប់ប្រភេទទៅទីផ្សារសហភាពអឺរ៉ុប ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានទំហំ​ទឹក​ប្រាក់​ជិត ១.២០០ លានដុល្លារអាមេរិក កើនជាង ៨% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែល​គាំទ្រ​ដោយការនាំចេញសម្លៀកបំពាក់, ស្បែកជើង, កង់, សំបកកង់រថយន្ត, អង្ករ, ស្វាយចន្ទី​, ​ម្រេច ​និងផលិតផលផ្សេងៗជាច្រើនទៀត។ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍នៃការធ្វើពាណិជ្ជកម្ម នៅក្នុងរយៈពេល ៣ខែ ឆ្នាំ​២០២៦ ​រវាងកម្ពុជា-អឺរ៉ុប មាន ទំហំទឹកប្រាក់សរុបជាង ១.៣០០ លានដុល្លារអាមេរិក កើនជាង ៨% ក្នុងនោះកម្ពុជាបាននាំចេញទីផ្សារអឺរ៉ុប មានទឹកប្រាក់ជិត ១.២០០ លានដុល្លារ កើនជាង ៨%​ ធៀប​រយៈពេលដូចគ្នាឆ្នាំ២០២៥ ដោយកម្ពុជាបាននាំចេញទៅប៊ែកហ្សិក មានទឹកប្រាក់ ១១៥ លានដុល្លារ, បារាំង ១១៦ លានដុល្លារ, អាល្លឺម៉ង់ជិត ២០០ លានដុល្លារ, ហូឡង់ ២២៥ លាន​ដុល្លារ និងអេស្បាញជិត ៣០០ លានដុល្លារ។  ជុំវិញទីផ្សារអឺរ៉ុបនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ទីផ្សារ​អឺរ៉ុប​គឺជាទីផ្សារមួយ ដ៏សំខាន់សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ដោយ​ទីផ្សារ​មួយ​នេះ​នៅ​បន្ត​អនុគ្រោះ (EBA) នៅលើការនាំចេញប្រភេទទំនិញ មួយចំនួន។ ចំណែក​ទីផ្សារ​ប្រទេស​អង់​គ្លេស​វិញកម្ពុជាក៏នៅទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (GSP) រួមជាមួយកិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរីផ្សេងៗទៀត ដែលបាននិងកំពុងរួមចំណែកដល់ការទាក់ទាញវិនិយោគិនបរទេស ឱ្យ​មកបណ្តាក់ទុននៅកម្ពុជាមាន ជាបន្តបន្ទាប់ ទាំងផលិតសម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប ក៏​ដូច​ជា​ទីផ្សារផ្សេងៗទៀតផងដែរ។សូមបញ្ជក់ថា ទីផ្សារអឺរ៉ុបស្រូបយកទំនិញសំខាន់ៗរបស់កម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រួម​មាន​៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជិត ៦២០ លានដុល្លា, ស្បែកជើង​ និង​សម្ភារៈ​ធ្វើ​ដំណើរជាង ៩៦ លានដុល្លារ, ការនាំចេញកង់ និងគ្រឿងបន្លាស់កង់ និងម៉ូតូ ជាង ៩៣ លាន​ដុល្លារ ​និងសំបកកង់រថយន្ត មានទឹកប្រាក់ជាង ២០ លានដុល្លារ។ ចំណែកការនាំចេញកសិផលវិញ ក្នុង នោះការនាំចេញអង្ករ មានទឹកប្រាក់ជិត ៣០ លានដុល្លារ, ស្វាយចន្ទី ជាង ១២០ ពាន់ដុល្លារ, ម្រេចជិត ២ លានដុល្លារ ក្រៅពីនេះ នៅមាន​ទំនិញ និង​កសិផល​ផ្សេង​ៗដែលបាននាំចេញទៅទីផ្សារនោះ៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម ៤,២% ដោយសារ​កម្មវិបាក​នៃ​ឥទ្ធិពល​ផ្សេង​ៗ

2026/05/04 06:35:07 pm        250
រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ច ដែលគ្រោង​ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៦ នៅក្នុងរង្វង់ ៥,០% មកនៅត្រឹម ៤,២% ដោយសារកម្មវិបា​ក​នៃ​ឥទ្ធិពល​សាយ​ភាយ​ ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និង​ការ​កើន​ថ្លៃ​ថាមពល។រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ត្រូវបានដាក់ចេញ ដោយផ្តល់នូវទស្សនវិស័យ និង​ការ​តម្រង់​ទិស​ការ​គ្រប់​គ្រង់​ម៉ាក្រូ​សេដ្ឋ​កិច្ច ​និងហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ព្រមទាំងសម្រួច ទិសដៅអាទិភាព​រប​ស់​រាជ​រដ្ឋាភិបាល បន្ទាប់ពីរយៈពេល២ឆ្នាំចុងក្រោយកម្ពុជាទទួលរងផលប៉ះពាល់ចំនួន៣រួមមាន៖ ការ​អនុវត្ត​គោល នយោបាយពន្ធគយបដិការសហរដ្ឋអាមេរិក, ជម្លោះព្រំដែនកម្ពុជា-ថៃ និង​សង្គ្រាម​នៅ​មជ្ឈឹ​ម​បូព៌ាដែលបណ្តាលឱ្យមានវិបត្តិថាមពល, ទាំងអស់​នៅ​បាន​បង្កើត​នូវ​ភាព​មិន​ប្រាកដ​ប្រជា និ​ងការបង្កមានីភ័យដល់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។បញ្ហា​ធំ​ៗទាំង៣ខាងលើនេះ, ធ្វើឱ្យកម្ពុជាប្រឈមនឹងការលំបាកទ្វេដង ក្នុងការប​ត់​បែន​គោល​នយោបាយ​របស់ខ្លួន ទាំងផ្នែក សេដ្ឋកិច្ច ផ្នែកការទូត និងផ្នែកសង្គម ដើម្បីបញ្ចៀស និងកាត់​បន្ថយ​នូវ​កម្មវិបាកនានា, ទាំងផ្ទាល់និងប្រយោលមកលើសង្គម និង សេដ្ឋកិច្ច។ ក្នុងបរិការណ៍នេះ, កំណើនសេដ្ឋកិច្ចកម្ពុជា ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ក្នុងរង្វង់ ៥,០% ត្រូវបានវាយតម្លៃថា នឹងអាចសម្រេចបានត្រឹម ៤,២% ដោយសារកម្មវិបាក និងឥទ្ធិពលសាយភាយពីបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃផង, ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការកើនថ្លៃថាមពល ដែលធ្វើឱ្យមានសម្ពាធអតិផរណា និងបន្តជះ ឥទ្ធិពលដល់វិស័យសំខាន់ៗដូចជា កសិកម្ម, ដឹកជញ្ជូន, ទេសចរណ៍ និងលក់ដុំ-រាយជាដើម ។ ចំពោះអនុវត្តថវិកាឆ្នាំ២០២៦, ចំណូលសរុបត្រូវបានប៉ាន់ស្មានថា នឹងពុំមានកំណើននោះទេ ធៀបនឹងលទ្ធផលអនុវត្ត (បណ្តោះអាសន្ន) ឆ្នាំ២០២៥ ដោយសារការថមថយនូវផ្នែកចំណូលផ្សេងៗ ខណៈចំណូលចរន្តត្រូវបានរំពឹងទុកថា នឹងមានកំណើន ។ ជាក់ស្តែងចំណូលចរន្ត ត្រូវបានប៉ាន់ស្មានថា នឹងបន្តកើនឡើងក្នុងអត្រា ៤,៧% សមមូលនឹងប្រមាណជាង ១៤% នៃ ផ.ស.ស. និងជាង ១០២% នៃច្បាប់ថវិកា ដោយផ្អែកលើការវាយតម្លៃប្រកបដោយភាពប្រុងប្រយ័ត្ន លើនិន្នាការសេដ្ឋកិច្ច និងសមត្ថភាពប្រមូល ចំណូលជាក់ស្តែង ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការផ្នែកសារពើពន្ធមួយចំនួន សំដៅកាត់បន្ថយបញ្ហាប្រឈម នៃការកើនថ្លៃថាមពលសកល ។ បញ្ហានេះចំណូលពន្ធដារ ត្រូវបានរំពឹងថា នឹងមានកំណើនល្អ គាំទ្រចម្បងដោយការសម្រេចបាននូវលទ្ធផលយ៉ាងប្រសើរ នៃ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ខណៈចំណូលគយ និងរដ្ឋាករកម្ពុជា ត្រូវបានរំពឹងថានឹងថមថយ ចំពោះមុខនៃសម្ពាធពីវិបត្តិថាមពល និងការកើននៃចំណាយសារពើពន្ធ ។ ចំណែកចំណូលមិនមែនសារពើពន្ធ ត្រូវរំពឹងថា នឹងបន្តមាននិន្នាការល្អ ដោយមានការគាំទ្រពី ប្រភពចំណូលសំខាន់ៗដូចជា ប្រៃសណីយ៍ និងទូរគមនាគមន៍, សម្បទានពីប្រេងកាត និងរ៉ែ និងចំណូលពីអាជ្ញាបណ្ណ។ ចំណែក ចំណាយសរុបឆ្នាំ២០២៦ ត្រូវបានគ្រោងក្នុងច្បាប់ថវិកាថានឹងកើនក្នុងអត្រាជាង១៣% ធៀបនឹងលទ្ធផលអនុវត្តឆ្នាំ២០២៥ សមមូល ប្រមាណជាង ១៨% នៃ ផ.ស.ស. ដែលក្នុងនោះចំណាយចរន្ត មានទំហំប្រមាណជាង ១២% នៃ ផ.ស.ស. និងចំណាយមូលធន មានទំហំប្រមាណជាង ៦% នៃ ផ.ស.ស. ៕ អត្ថបទ៖ សុន រ៉ាឌី

កម្មករនិយោជិតអរគុណរដ្ឋាភិបាលដែលលើកកម្ពស់បរិយាកាសនៅកន្លែងការងារកាន់តែល្អប្រសើរ

2026/05/01 11:37:29 pm        538
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ គឺជាទិវាពលកម្មអន្ដរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ “រួម​គ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”។ នៅក្នុងឱកាសនេះ កម្មករនិយោជិតបានថ្លែងអំណរ​គុណ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកកម្ពស់ បរិយាកាសនៅកន្លែងការងារកាន់តែល្អ​ប្រសើរ ដែលមានលក្ខខណ្ឌការងារល្អ ប្រាក់ខែសមរម្យ និងកន្លែងធ្វើការមានផាសុកភាព។កម្មករកម្មការិនីដែលកំពុងធ្វើការនៅក្នុង សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង ស្ថិតនៅសង្កាត់​ជើង​ឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ BTV ថាពួកគេធ្វើការនៅក្នុងសប្បកម្មនេះ រយៈពេល ៤ឆ្នាំហើយ។ ការងាររបស់ពួកគេ ទទួលបានការយកចិត្តទុកដាក់ពីថៅកែ ទាំងការថែ​ទាំ​សុខភាព និងសុវត្ថិភាពការងារ ស្របតាមស្ដង់ដារ អនុឡោមតាមច្បាប់ ។ ពួកគេ អរគុណរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ខ្ពស់លើស្ដង់ដាការងារ និងការបង្កើតការងារក្នុងស្រុកសម្រាប់ពលរដ្ឋ មិនចាំបាច់ចំណាកស្រុក។ចំណែកលោកស្រី សម្បត្តិ កល្យាណ អគ្គនាយិកាក្រុមហ៊ុន Ample Agro Product co., Ltd. (អ៊ែមផល អាហ្រ្គោ ប្រដាក់) កែច្នៃគ្រាប់ស្វាយចន្ទី ផ្គត់ផ្គង់ក្នុងស្រុក និងនាំទៅកាន់ប្រទេសនៅតំបន់អាស៊ី និងតំបន់អឺរ៉ុប បានប្រាប់ថា បរិយាកាសការងារនៅរោងចក្ររបស់លោកស្រី អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងគោរពតាមច្បាប់ ស្របតាមស្ដង់ដារសុវត្ថិភាព ដើម្បីឲ្យរោងចក្រសហគ្រាសមួយ ក្លាយជាសហគមន៍សុខសាន្ដមួយ។ នៅក្នុងឱកាសទិវាពលកម្មអន្ដរជាតិ ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើក​កម្ពស់ ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ​, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្ដមប្រយោជន៍របស់កម្មករ និយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ៕ អត្ថបទ ៖ លៀ ស៊ីណា 

វិស័យឯកជន សាទរចំពោះរដ្ឋាភិបាលសម្រេចមិនយកកម្រៃស្កេនទូកុងតឺដឹកទំនិញ ចាប់អនុវត្តនៅថ្ងៃទី១ឧសភានេះ

2026/05/01 11:18:01 pm        345
ភ្នំពេញ៖ ដើម្បីសម្រួលដល់ធុរជនក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមអនុវត្ត ការមិនយកប្រាក់កម្រៃពីសេវាស្កេនទូកុងតឺន័រសម្រាប់ទំនិញនាំចេញដឹក​ឆ្លងកាត់កំពង់ផែ និងព្រំដែនគោកអន្តរជាតិទាំងអស់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ។ ជុំវិញ​ការសម្រេចនេះ វិស័យឯកជន បានអបអរសាទរ ហើយថា ការលុបចោលថ្លៃស្កេននេះ នឹងបង្កើន​ល្បឿនរំហូពាណិជ្ជកម្មកាន់តែប្រសើរឡើង និងកាត់បន្ថយចំណាយលើថ្លៃដឹកជញ្ជូនយ៉ាងច្រើន ក្នុងអំឡុងពេលស្ថានភាពដ៏លំបាកនៃវិបត្តិផ្គត់ផ្គង់ប្រេងឥន្ធនៈនិងឧស្ម័នជាសកលដោយ​សារ​សង្រ្គាម​នៅ​មជ្ឈិមបូព៌ា។កាលពីថ្មីៗនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃ​អគ្គ​នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសថា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម រដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឈប់យកថ្លៃស្កេនកុងតឺន័រទៀតហើយ ចាប់​ពីថ្ងៃទី១ឧសភានេះ តទៅ!។លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា នេះគឺជាការគិតគូរដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកអំពីសុខទុក្ខរបស់វិស័យឯកជនដែលកំពុងរងផលប៉ះពាល់​ពី​ការឡើងថ្លៃសេវាដឹកជញ្ជូនទំនិញ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយ ការសម្រេចឈប់​យកកម្រៃស្កេនទូកុងតឺន័រ នឹងជួយបង្កើនប្រសិទ្ធភាពការងារនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ​កាន់​តែប្រសើរឡើង។ជុំវិញសេចក្តីសម្រេចនេះ វិស័យឯកជន បានអបអរសាទរ និងថ្លែងអំណរគុណសម្តេចធិបតីនាយ​ក​រ​ដ្ឋមន្តី្រដែលបានគិតគូរទុកលំបាករបស់វិស័យឯកជនក្នុងស្ថានភាពដ៏លំបាក ដោយសារសង្គ្រា​ម​នៅមជ្ឈិមបូព៌ា។ ពួកគេថា ការលុបចោលថ្លៃស្កេននេះ នឹងបង្កើនល្បឿនរំហូពាណិជ្ជកម្មកាន់តែប្រសើរឡើង និងកាត់បន្ថយចំណាយលើថ្លៃដឹកជញ្ជូនយ៉ាងច្រើនសម្រាប់អ្នកនាំចេញទំនិញទៅទីផ្សារ​អន្តរជាតិ ព្រោះអាចកាត់បន្ថយការចំណាយលើតម្លៃស្កេនចន្លោះពី ១០ ទៅ ២០ ដុល្លារអាម៉េរិក​ក្នុងមួយទូកុងតឺន័រ។សូមបព្ជា​ក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ សម្រេចបានបរិមាណកុង​តឺន័រឆ្លងកាត់សរុបជាង ១,៣៤ លាន TEUs កើនឡើង ៣០,៥៧% និងចំណូលអាជីវកម្មសរុប​ជាង ១៥៥,៣៦ លានដុល្លារអាម៉េរិក កើនឡើង ៣៥,៣០% បើធៀបទៅនឹងឆ្នាំ២០២៤៕ អត្ថបទ៖ ធូ វិរៈ

កម្ពុជាកំពុងមានសន្ទុះកើនឡើងជាលំដាប់ក្របខណ្ឌ នៃការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ

2026/05/01 09:34:39 pm        294
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការ​អភិវឌ្ឍ​កំពង់​ផែស្វយ័តក្រុ​ងព្រះសីហនុ និងក្របខណ្ឌនៃការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និង​កំពង់ផែ បាននិងកំពុងមានសន្ទុះនិងវឌ្ឍនភាពទៅមុខជាលំដាប់ស្របតាមចក្ខុវិស័យ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសគម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រោះ​ហ្វូណនតេជោ​ដែល​ជា​គម្រោង​ប្រវត្តិសាស្រ្ត​ទាញ​ទន្លេ​ឱ្យ​ជាប់​សមុទ្រ​កំពុង​ដំណើរ​ការ​សាង​សង់យ៉ាងសកម្ម។ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅក្នុងពិធីសំណេះសំណាកជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ​ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើក​ទី​១៤០ ​នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១ ឧសភានេះ។ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងបន្តថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល បាន​កំណត់​យ៉ាង​ច្បាស់​អំពី​ការ​អភិវឌ្ឍវីស័យកំពង់ផែ នៅត្រង់ចំណុចទី៣ នៃមុំទី២ ក្នុងបញ្ចកោណទី២ គឺ «ការបន្ត​បង្កើន​ថវិកា​វិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បី​បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងផ្លូវ អាកាស​ជា​ពិសេសគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធឡូជីស្ទិក»។ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ថា ពិតណាស់ ការរីក​ចម្រើន​របស់​វិស័យ​កំពង់​ផែ ជាពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន កើតឡើង​ដោយ​សារ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ​ក៏ដូចជា ការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងជា​ពិសេស​ការ​ជួយជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែល​បាន​គាំទ្រ​ដល់​ការអភិវឌ្ឍសាងសង់ និងការធ្វើទំនើបកម្មលើប្រតិបត្តិ ការអាជីវកម្មរបស់កំពង់ផែ៕ អត្ថបទ៖ ធូ វិរៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម នៅទីតាំងមួយកន្លែង ខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស១៧នាក់
09/08/2026 10:09 PM
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
09/08/2026 08:09 PM
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
09/08/2026 08:09 PM
មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម. ចុះពិនិត្យការងារគ្រោះមហន្តរាយ និងសួរសុខទុក្ខភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ
09/08/2026 08:09 PM
ពលរដ្ឋអេក្វាឌ័ររាប់ម៉ឺននាក់បោះបង់ចោលផ្ទះសម្បែងរបស់ខ្លួនស្របពេលអំពើហិង្សាជនអន្ធពាលកើនឡើង
09/08/2026 07:09 PM
លោកLavrov និយាយប្រាប់សមភាគីអារ៉ាប៊ីសាអ៊ូឌីតថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ ដើម្បីជួយដោះស្រាយស្ថានភាពនៅមជ្ឈិមបូព៌ា
09/08/2026 06:09 PM
ជ័យជម្នះរបស់គណបក្ស​ AfD ធ្វើ​ឱ្យ​​របៀបវារៈកំណែទម្រង់របស់លោក Merz កាន់តែ​មិន​ច្បាស់លាស់​
09/08/2026 06:09 PM
រដ្ឋមន្រ្តីការបរទេសគុយបាច្រានចោលការចរចារបស់អាមេរិក បើទោះបីជាមានការបិទច្រកក៏ដោយ
09/08/2026 06:09 PM
ប៉ាគីស្ថានបង្ហាញប្រព័ន្ធមីស៊ីលដែល​អាច​ជារបស់​ចិន ខណៈទំនាក់ទំនងកាន់តែស៊ីជម្រៅ
09/08/2026 06:09 PM
កោះហាវ៉ៃប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ខណៈព្យុះសង្ឃរា Lowell បោកបក់ជិតមកដល់
09/08/2026 06:09 PM