ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជាង ៣១% ក្នុងឆមាសទី១
ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​
ប្រធាន គ.ល.ក. ណែនាំដល់​អគ្គលេខាធិការដ្ឋាន​បន្តសហការជាមួយ​អាជ្ញាធរ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ឱ្យមានប្រសិទ្ធភាព
ក្រសួងកសិកម្ម ប្រកាសផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យ​ពិន័យអន្តរការណ៍​ចំពោះ​បទល្មើស​ច្បាប់ស្តីពីជលផល

សេដ្ឋកិច្ច និង កសិកម្ម

អាម៉េរិកលុបចោលពន្ធបដិការអត្រា១៩% ដោយងាកមកអនុវត្តពន្ធថ្មី ១៥% ជា​អត្រា​ទាប​ជាង​មុន

2026/03/05 10:34:17 am        332
អនុ​ប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថាពន្ធគយបដិកាដែលសហរដ្ឋអាម៉េរិក កំណត់​លើ​ទំនិញកម្ពុជាក្នុងអត្រា ១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ដោយ​ងាក​មក​អនុវត្ត​អត្រា​ពន្ធថ្មី ១៥% ដែលមានអត្រាទាបជាងមុន បន្ថែមលើ (Most-favored-nation) ដែល​ជា​គោលការណ៍ស្នូលកំណត់ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​ក្នុង​កិច្ចសម្ភាសន៍ក្នុងកម្ម វិធីកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ "ការ​ផ្លាស់​ប្តូរ​អាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម" នៅថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២៦ថា ជុំវិញពន្ធបដិការដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក បានកំណត់​លើ​ទំនិញ​កម្ពុជា​ក្នុង​អត្រា ​១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិរួចហើយ បន្ទាប់ពីតុលាការ​កំពូល​សហរដ្ឋ​អាម៉េរិក​សេច​ក្តីសម្រេចកាលពីពេលថ្មីៗ បច្ចុប្បន្នបាន ងាកមកអនុវត្តអត្រាពន្ធថ្មី ១៥% តាម​មាត្រា ១២២ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤។ ចំពោះការអនុវត្តពន្ធថ្មីនេះ មានរយៈពេល ត្រឹម​ ១៥០ ថ្ងៃប៉ុណ្ណោះ ដោយបូកបញ្ចូលជាមួយ MFN (Most-favored-nation) ដែល​ជា​គោលកា​រណ៍​ស្នូលកំណត់ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា អ្វីដែលជាក្តីកង្វល់ បន្ទាប់ពីការអនុវត្តពន្ធបដិការថ្មី ១៥% មាន​រយៈ​ពេល ១៥០ ថ្ងៃ ត្រូវ បានបញ្ចប់ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល ដោយមិនដឹងថា ប្រធានា​ធិបតីសហរដ្ឋអាម៉េរិក នឹងអនុវត្តតាមមាត្រាណាបន្ថែម ទៀតនោះទេ តែយ៉ាងក៏ដោយ កម្ពុជា​នៅ​តែបន្តនីតិវិធីលើបទប្បញ្ញត្តិផ្សេងៗរបស់ខ្លួន លើការស្នើរសុំពន្ធដិការនេះបន្ថែម ដែល​បញ្ហា​នេះ ឯកឧត្តមរំពឹងថា កម្ពុជានឹងទទួលបានអត្រាពន្ធទាបជាងមុន ដែល​បាន​កំណត់​លើ​ទំនិញ​កម្ពុជា​ក្នុងអត្រា ១៩% ។ជុំវិញពន្ធបដិការនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ការ​អនុវត្តអត្រាពន្ធ ១៥% នៅក្នុងរយៈពេល១៥០ថ្ងៃនេះ គឺមិនមាន​ការ​ប៉ះ​ពាល់​ខ្លាំង​ដល់​កម្ពុជា​នោះ​ទេ ​ខណៈកន្លងមកប្រទេសកម្ពុជាអនុវត្តលើអត្រា១៩%។ ដែលបញ្ហានេះ គឺមិន​មាន​ការ​ប៉ះពាល់​ដល់​ការប្រកួតប្រជែងរបស់កម្ពុជាឡើយ ខណៈកម្ពុជាក្នុងពេលបច្ចុប្បន្ននៅទទួលបាន EBA ក៏ដូច GSP (លើមុខទំនិញមួយចំនួន) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗជាដើម។សូមរំលឹកថា ជុំវិញអត្រាពន្ធបដិការនេះ នាពេលកន្លងមក សហរដ្ឋ​អាម៉េរិក​បាន​ដាក់​ចេញ​ពន្ធ​បដិការ​ប្រមាណ ៤៩% បន្ទាប់មកនៅថ្ងៃ ទី២ ខែមេសា ឆ្នាំ២០២៥ សហរដ្ឋ​អាម៉េរិក​បាន​ទម្លាក់​មក​នៅត្រឹម ៣៦% ហើយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានទម្លាក់បន្ថែម ទៀតមកនៅត្រឹម ១៩%​ ខណៈបច្ចុប្បន្នបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាម៉េរិក សេចក្តី​សម្រេច​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ពន្ធបដិការត្រូវ បានទម្លាក់មកនៅក្នុងអត្រាពន្ធថ្មី ១៥% បញ្ចូលជាមួយ MFN មានអត្រារង្វង់ ១៨​ ទៅ ១៩% ដែលជាគោលការណ៍ស្នូល កំណត់ ដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO)៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជនអាស៊ានតភ្ជាប់បណ្តាញធុរកិច្ច និង​វិនិយោគ​ក្នុង​តំបន់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ ខណៈសក្តានុពលវិនិយោគនៅមិនទាន់បានប្រើប្រាស់ពេញលេញ

2026/03/04 10:14:35 am        187
ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងបញ្ជាក់ថា សក្តានុពល​នៃ​ការ​វិនិយោគ​នៅ​ក្នុងតំ​បន់​អាស៊ាននៅតែមិនទាន់បានប្រើប្រាស់ពេញលេញ និងបាន​លើក​ទឹកចិត្ត​ដល់​វិស័យ​ឯកជន​អាស៊ានត​ភ្ជាប់បណ្តាញធុរកិច្ច និងវិនិយោគក្នុងគោលដៅ​ជំរុ​ញ​សមាហរណ​កម្ម​សេដ្ឋកិច្ច​តំបន់​ឱ្យ​កាន់​តែស៊ីជម្រៅបន្ថែមទៀត។លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ក្នុងឱកាស អញ្ជើញ​ជា​អធិបតី​ក្នុងកម្មវិធី Networking Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោម​មូល​បទ ​«ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» កាល​ពី​ល្ងាច​ថ្ងៃ​ទី៣ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ កម្មវិធីនេះ ក៏មាន​វត្ត​មាន​ចូល​រួម​ពី​តំណាង​ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាង​អង្គ​ទូត ​និងវិស័យឯកជនជាច្រើនរូប។ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា ចំពោះ​ការ​ប្តេជ្ញាចិត្ត​ក្នុងការពង្រឹងការតភ្ជាប់វិស័យឯកជនអាស៊ាន និងការធ្វើឱ្យកិច្ច​សហប្រតិបត្តិការ​វិនិយោគ​ក្នុង​តំបន់កាន់តែស៊ីជម្រៅ និងបានវាយតម្លៃខ្ពស់ចំពោះមូលបទរបស់កម្មវិធី ស្តីពី "ការផ្លាស់​ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម" ដែលបង្ហាញ​ពី​បំណង​ប្រាថ្នារួមស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ថ្លែងនៅ​ក្នុងសុន្ទរកថា លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់​អំពីសក្តានុពល​នៃ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ាន ដែលនៅតែមិនទាន់បានប្រើប្រាស់ពេញលេញ និងបានលើកទឹ​​ក​ចិត្ត​ដល់​វិស័យ​ឯក​ជនអា​ស៊ាន​តភ្ជាប់បណ្តាញធុរកិច្ច និងវិនិយោគក្នុង​គោល​ដៅ​ជំរុញ​សមាហរណ​កម្មសេ​ដ្ឋកិច្ច​តំបន់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ បន្ថែមទៀត។លោកជំទាវរដ្ឋមន្ត្រី បន្តថា ដើម្បីសម្រេចគោលដៅខាងលើ អាស៊ានបាន​និង​កំពុង​បន្ត​ពង្រឹង​រចនា​សម្ព័ន្ធ​ស្ថាប័ន និងក្របខណ្ឌគោលនយោបាយរបស់ខ្លួនឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព​តាម​រយៈ​ការ​ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងមួយចំនួន រួមមាន៖ កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ទំនិញ​អាស៊ាន ​និងកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រាយមួយរបស់អាស៊ានជាដើម។មុន​នឹង​បញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃការរៀបចំកម្មវិធី Networking Cocktail នាពេលនេះ ដែលបាន​ផ្តល់​ឱកាស​ដ៏​មាន​តម្លៃមួ​យ​សម្រាប់​អ្នក​ចូល​រួម​ទាំង​អស់​ភ្ជាប់ទំនាក់ទំនងគ្នា ផ្លាស់ប្តូរយោបល់ និងជាមូលដ្ឋានសម្រាប់​ភាព​ជាដៃ​គូ​នាពេ​ល​អនាគត​ ព្រមទាំងបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ប្រែក្លាយការ​ពិភាក្សា​នា​ពេល​ល្ងាច​នេះ ​ទៅជាការវិនិយោគ និងគម្រោងអាជីវកម្មជាក់ស្តែង ផងដែរ៕

មន្រ្តីជំនាញ៖ កម្ពុជាត្រូវតែបង្កើតប្រព័ន្ធអេកូឡូស៊ីដល់ SME តភ្ជាប់​ទៅឧស្សាហកម្ម​ដើម្បី​ជំរុញ​ការ​រីក​ចម្រើន

2026/03/03 01:55:56 pm        199
មន្រ្តីជំនាញឧស្សាហកម្ម ថ្លែងថា ដើម្បីជំរុញភាពរីកចម្រើនកាន់តែខ្លាំងក្លា ក្នុងវិស័យឧស្សាហកម្ម និង​សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជាត្រូវតែបង្កើតនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់វិស័យ (SME) ដើម្បីពង្រីកខ្លួនតោងខ្ពក់ទៅឧស្សាហកម្មធុនធំ គាំទ្រដល់ការ រីក​លូត​លាស់​នៃ​វិស័យ​ទាំង​ពីរ​។ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចពិភាក្សា អំពីដំ​ណោះ​ស្រាយ​របាំង​បច្ចេក​ទេស​ពាណិជ្ជ​កម្ម នៅសប្តាហ៍កន្លងមកថា វិស័យឧស្សាហកម្មបានផ្តោត លើការបង្កើត និង​ការ​ផលិត​នូវ​ផលិតផលថ្មីៗ និងសេវាកម្មថ្មី ដែលប្រើប្រាស់ចំណេះដឹង បច្ចេកវិទ្យា និងមានភាព​ច្នៃ​ប្រឌិត​ និងជាវិស័យដែលមានតួនាទីសំខាន់ៗ ក្នុងការបង្កើនភាពប្រកួតប្រជែង និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។ឯកឧត្តម បន្ថែមថា ជុំវិញវិស័យឧស្សាហកម្មនេះ អគ្គនាយកដ្ឋានឧស្សាហកម្ម បាននិងកំពុងជំរុញ និង​លើកកម្ពស់ឧស្សាហកម្ម ប្រតិគមន៍ ដើម្បីបង្កើនភាពប្រកួតប្រជែង និង​បង្កើត​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច និងមធ្យម (SME cluster) ដើម្បីជំរុញតភ្ជាប់ ទៅឧស្សាហកម្មធុនធំ។ ឯកឧត្តម បន្តថា ដើម្បីជំរុញភាពរីកចម្រើនកាន់តែខ្លាំងក្លា នៅក្នុងវិស័យឧស្សាហកម្ម និង​សហ​គ្រាស​ធុន​តូច និងមធ្យម (SME) កម្ពុជាត្រូវតែបង្កើតនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់វិស័យ (SME) ដើម្បី​ពង្រីកខ្លួនតោងខ្ពក់ទៅឧស្សាហកម្មធុនធំ ដែលបញ្ហានេះ ត្រូវមាន​ការ​ចូលរួ​ម​ពី​ស្ថាប័ន​ពាក់​ព័ន្ធ ​វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ គាំទ្រដល់ការធ្វើធុរកិច្ច ក្នុងនោះប្រសិនយើង បង្កើត​បាន​ប្រព័ន្ធ​មួយ​នេះឡើង ចំពោះកិច្ចដំណើរការធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងទីផ្សារ គឺកាន់​តែ​មាន​ប្រសិទ្ធ​ភាព ​ដើម្បីជំរុញ ដល់វិស័យទាំងពីរនេះឱ្យកាន់តែមានភាពរីកចម្រើន និងគាំទ្រដល់​កំណើន​សេដ្ឋកិច្ចជាតិបន្ថែម។ ជុំវិញ SME នេះ, ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង​មធ្យមកម្ពុជា (FASMEC) ថ្មីៗនេះលើកឡើងថា សហគ្រាសធុន តូច និងមធ្យម ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ចាត់​ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងជាវិស័យមួយអាចជួយ ជ្រោមជ្រែង​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតតំបន់ប្រមូលផ្តុំ ការឈានទៅ​តោង​ថ្ពក់​ផ្គត់​ផ្គង់​ដល់​វិស័យ​ឧស្សាហកម្ម ក្នុងគោលដៅពង្រីកអាជីវកម្មខ្លួនឯងផង និងជួយគាំទ្រដល់​ឧស្សាហ​កម្ម​ផង​ដែរ​។ ទាក់ទិនវិស័យនេះ កន្លងមកនេះ រាជរដ្ឋាភិបាលបាន ផ្តល់ហិរញ្ញប្បទានគាំទ្រ, តាមរយៈ​ការ​ទម្លាក់​កញ្ចប់​ថវិកាបណ្តុះបណ្តាល មូលនិធិអភិវឌ្ឍន៍កម្ពុជា ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកែសម្រួលនីតិវិធី ដោយកាត់​បន្ថយ​ឯកសារ​តម្រូវ​សម្រាប់​ពាក្យ​ស្នើសុំ និងកាត់បន្ថយរយៈ ពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. និងការលើក​ទឹក​ចិត្ត​ពិសេស​នៃ​ការបញ្ចុះតម្លៃចុះបញ្ជីជាដើម ប្រការទាំងនេះដើម្បីគាំទ្រដល់ការរីក លូតលាស់​នៃ​សហ​គ្រាស​ធុន​តូច និងមធ្យមនៅកម្ពុជា អាចឈរនៅលើទីផ្សារកាន់តែរឹងមាំ និងប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ខណៈ ដែលប្រជាជនកម្ពុជាបាននិងកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា បន្តលើកទឹកចិត្តឱ្យវិនិយោគលើកែច្នៃផលិតផលកសិកម្ម ទៅជាកសិ-ឧស្សាហកម្មគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

2026/03/02 03:47:17 pm        383
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តលើកកម្ពស់ដល់ម្ចាស់សហគ្រាសក្នុងស្រុក បង្កើតឧស្សាហកម្ម កែច្នៃ និងសិប្បកម្មកែច្នៃវត្ថុធាតុដើមចេញពីវិស័យកសិកម្ម ដើម្បីរុញវិស័យនេះឱ្យទៅជាកសិ-ឧស្សាហកម្ម បង្កើតតម្លៃបន្ថែមខ្ពស់ និងគាំទ្រដល់ទីផ្សារនាំចេញ។ជុំវិញវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាចាត់ជាឧបករណ៍យុទ្ធសាស្ត្រចាំបាច់មួយ ឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ វិស័យ ឧស្សាហកម្មបានបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៩,៣%, ដោយឡែកក្នុងឆ្នាំ២០២៦នេះ ទោះបីត្រូវប្រឈមនឹងបញ្ហាជាច្រើន រួមទាំង អរិភាពព្រំដែនជាមួយប្រទេសជិតខាងក្តី ក៏វិស័យនេះត្រូវបានព្យាករណ៍មានកំណើន ៧,២% ផងដែរ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្មីៗនេះបានលើកឡើងថា ជុំវិញ វិស័យឧស្សាហកម្ម នៅក្នុងពេលនេះគឺជាឱកាសមាសសម្រាប់កម្ពុជា ខណៈដែលនិន្នាការឧស្សាហកម្មធំៗបាននិងកំពុងងាកមករកដៃ គូផ្គត់ផ្គង់ក្នុងស្រុក។ ដូច្នេះនៅក្នុងកិច្ចការងារគាំទ្រហូបនីយកម្មធុរកិច្ចផលិតភាពនេះ កម្ពុជាត្រូវកសាងគ្រឹះឱ្យបានរឹងមាំ តាមរយៈខ្លួន ឯង និងកិច្ចសហប្រតិបតិការជាមួយដៃគូរ ដើម្បីទម្លូសនូវរបាំងទាំងនោះ តាមរយៈការបន្តធ្វើពិពិធកម្មវិស័យឧស្សាហកម្ម ក្នុងទិសដៅ ទាក់ទាញវិនិយោគិន ជាពិសេសកម្មន្តសាលកែច្នៃ ឱ្យក្លាយទៅជាកសិ-ឧស្សាហកម្ម ដើម្បីបម្រើទីផ្សារក្នុងស្រុកនិងនាំចេញ។ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ជុំវិញការនាំចេញឃើញថា ទំនិញរបស់កម្ពុជា កំពុងមាននិន្នាការកើនឡើង ក្នុងនោះចំពោះវិស័យកសិកម្ម ភាគច្រើនកម្ពុជាបាននាំចេញជាប្រភេទកសិផលស្រស់។ បញ្ហានេះ, ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវដល់សហគ្រិនក្នុងស្រុក សិក្សាលទ្ធភាពបន្ថែម លើគម្រោងវិនិយោគកសិ-ឧស្សាហកម្មកែច្នៃ ឬការវេច ខ្ចប់ចេញជាផលិតផលសម្រេចផ្សេងៗ ដើម្បីបង្កើតតម្លៃបន្ថែម និងការងារ ជាពិសេសការចូលរួមពង្រីងទីផ្សារក្នុងស្រុក ឱ្យមានផលិត ផលកាន់តែសំបូរបែប ដើម្បីជំនួសទីផ្សារនាំចូល។សូមបញ្ជាក់ថា វិស័យឧស្សាកម្មនៅក្នុងឆ្នាំ២០២៥, បានបង្កើតតម្លៃបរិមាណផលិតផលសរុប មានចំនួនជាង ១៣,៥ ពាន់លានដុល្លារ អាមេរិក ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជាង ៣,៦ ពាន់លានដុល្លារអាមេរិក និងតម្លៃបរិមាណ ផលិតផលការនាំចេញមាន ចំនួនជិត ១០ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានឹងបន្តអភិវឌ្ឍស្តង់ដាជាតិ សម្រាប់ផលិតផលថ្មីៗក្នុងស្រុកដែលជាប្រភពកំណើនសេដ្ឋកិច្ច

2026/03/02 02:09:38 pm        208
កម្ពុជានិងបន្តអភិវឌ្ឍស្តង់ដាជាតិ សម្រាប់ផលិតផលថ្មីៗក្នុងស្រុក ដែលជាប្រភពកំណើនសេដ្ឋកិច្ច និងការបន្តរៀបចំសុខដុមនីយ- កម្មអាស៊ាន ជំរុញការសម្របសម្រួលទទួលស្គាល់គ្នាទៅវិញទៅមក សម្រាប់ការធ្វើពាណិជ្ជកម្មក្នុងក្របខណ្ឌទីផ្សារអាស៊ានឱ្យកាន់តែធំ។តាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញនូវឆន្ទះ ខ្ពស់ នៃការបន្តលើកកម្ពស់ការងារស្តង់ដារ បទប្បញ្ញាត្តិបច្ចេកទេស និងការវាយតម្លៃទទួលស្គាល់អនុលោម ដើម្បីចូលរួមគាំទ្រសវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសគាំទ្រដល់ការជំរុញធ្វើពាណិជ្ជកម្មកម្ពុជាក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ។ ជុំវិញការងារស្តង់ដារនេះ គិតត្រឹមបំណាច់ឆ្នាំ២០២៥, ក្រុមប្រឹក្សាស្តង់ដាជាតិ បានអនុម័តស្តង់ដាជាតិសរុបចំនួន ១.២០៣ ស្តង់ដារ ក្នុងនោះស្តង់ដាម្ហូបអាហារមានចំនួន ៣៨៩, ស្តង់ដារអគ្គិសនីនិងអេឡេត្រូនិច ២៣៩, វិធីសាស្រ្តធ្វើតេស្ត ១៧២, សារធាតុគីមី ៤០, សំណង់ ៤៧, ផលិតផលយានយន្ត ៦៣, ផលិតផលកៅស៊ូ ៦៧, ផលិតផលពីឈើ ៧៦, ក្រមអនុវត្ត ៩, ស្តង់ដា វាក្យស័ព្ទ ១, ប្រព័ន្ធគ្រប់គ្រង ៥៣, ឌីជីថល ២០, គ្រឿងសំអាង ១៩ និងវាយនភណ្ឌ ៩ ស្តង់ដា។ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ជុំវិញ ការងារស្តង់ដារ, កម្ពុជាត្រូវតែមានផែនទីបង្ហាញផ្លូវ (Road Map) ឆ្នាំ២០២៦-២០៣០ សម្រាប់ជំរុញនិងអនុវត្តការងារស្តង់ដា បទ- ប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម ដែលស្ថិតក្រោមកិច្ចព្រមព្រៀង RECP ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាព ជាតិ ជាពិសេសការអនុវត្តស្តង់ដា ដែលជាម៉ែត្រដ៏សំខាន់លើការទទួលស្គាល់គុណភាព និងការវាយតម្លៃភាពអនុលោម ដើម្បីធានាថា ផលិតផល និងសេវាកម្មមានសុវត្ថិភាព និងគុណភាព។សូមបញ្ជាក់ថា នៅឆ្នាំ២០២៦នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានវិទ្យាស្ថានស្តង់ដាកម្ពុជា ដែល ជាសេនាធិការ នឹងបន្តរៀបចំស្តង់ដាជាតិសម្រាប់ផលិតផលថ្មីៗ ដែលជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច និងការបន្តរៀបចំសុខដុមនីយកម្ម អាស៊ាន និងកិច្ចសម្របសម្រួលទទួលស្គាល់គ្នាទៅវិញទៅមក សម្រាប់ការធ្វើ ពាណិជ្ជកម្មក្នុងក្របខណ្ឌទីផ្សារអាស៊ានឱ្យកាន់តែធំ។ ក្រៅពីនេះការដំឡើងកម្រិតសមាជិកភាពរបស់កម្ពុជា ទៅស្តង់ដាអង្គរអន្តរជាតិ IEC ជាពិសេសការបន្តជំរុញឱ្យមានការទទួលស្គាល់ លើ ស្តង់ដាអន្តរជាតិ ISO 17021:2015 សម្រាប់ស្តង់ដាប្រព័ន្ធ ISO 9001:2015 និង ISO 22000: 2018 និងស្តង់ដារអន្តរជាតិ ISO 17065:2015 សម្រាប់ស្តង់ដាផលិតផល ក្រៅពីនេះនឹងបន្តជំរុញលើស្តង់ដាផ្សេងៗ ដើម្បីឆ្លើយតបទីផ្សារ។ នឹងបន្តរៀបចំបទប្បញ្ញត្តិ បច្ចេកទេសពាក់ព័ន្ធ និងការបន្តជំរុញចុះបញ្ជីផលិតផលម្ហូបអាហារ អគ្គិសនីនិងអេឡេត្រូនិច សារធាតុគីមី និងយានយន្ត។ ការបន្តរៀប ចំគោលនយោបាយជាតិ សម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ជាពិសេសការបន្តវិសោធនកម្មច្បាប់ ស្តីពីស្តង់ដារកម្ពុជា ឱ្យ ស្របទៅនិងនិន្នាការទីផ្សារសកល និងតំបន់ និងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី កិច្ចព្រមព្រៀងអានស៊ាន និងប្រទេសដៃគូពាណិជ្ជកម្មផ្សេងៗ និងការរៀបចំ សេចក្តីព្រាងទំនិញគ្រោះថ្នាក់ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី 

វិស័យឯកជន៖ កម្ពុជាកំពុងឈរលើមាគ៌ា ឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០

2026/02/28 01:54:19 pm        254
វិស័យឯកជនរំពឹងថា ការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ទោះជួបបញ្ហាប្រឈម ក្នុងស្រុក និងភាពមិនប្រាកដប្រជានៃពិភពលោក កម្ពុជានៅតែសម្រេចបានតាមការគ្រោងទុក ខណៈកម្ពុជាបាននិងកំពុងឈរលើមាគ៌ា កំណើន និងបានកំពុងដើរឆ្ពោះទៅមុខលើផ្លូវតែមួយ។ បណ្ឌិត ខាត់ បូរ៉ា អ្នកជំនាញក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល នេះថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់ឥតងាករេ ក្នុងការសម្រេចឱ្យបាននៃការប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយក្នុងនោះកម្ពុជាបានប្រកាន់យកនូវ ស្មារតីកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ច ដើម្បីកសាងភាពធន់ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។លោកបណ្ឌិត បន្តថា ជុំវិញបញ្ហាក្នុងពេលបច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រាកដប្រជា និងការប្រឈម បញ្ហាព្រំដែនជាមួយថៃ ឃើញថា សេដ្ឋកិច្ចកម្ពុជាមិនទាន់មានចំណុចណាស្រុតចុះនៅឡើយ ផ្ទុយទៅវិញបន្ទាប់ពីប្រជាជនកម្ពុជាធ្វើ ពហិការ សហគ្រិនក្នុងស្រុកបាននិងកំពុងចេញដំណើរយ៉ាងផុសផុស និងមានការរូបរួមគ្នា ដើម្បីក្លាយជាកំលាំងមួយកាន់តែរឹងមាំ នេះឆ្នាំ២០៣០, ចំណែកឆ្នាំ២០៥០ កម្ពុជានៅមានពេលវេលាក្នុងការរៀបចំ សម្រាប់ការធ្វើដំណើរឆ្ពោះទៅមុខបន្ថែមទៀត។ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងផងដែរថា ជុំវិញការឈានទៅឆ្នាំ២០៣០ និង ២០៥០ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល បានកំពុងដាក់ចេញនូវចក្ខុវិស័យរៀងៗខ្លួន ដោយឈរលើមាគ៌ាគោលដៅតែមួយ ក្នុងការ ឆ្ពោះទៅសម្រេចគោលដៅរទាំងនេះ។ ចំណែកវិស័យឯកជន បច្ចុប្បន្នបាននិងកំពុងចេញដំណើរស្របតាមគោលដៅចររបស់រាជរដ្ឋាភិ បាលផងដែរ តាមរយៈការពង្រឹង និងពង្រីកអាជីវកម្ម និងស្រូបយកកំលាំងពលកម្មដោយប្រើប្រាស់ជំនាញដែលមានតម្លៃខ្ពស់ ដោយ ធ្វើឱ្យផលិតផលសរុបក្នុងស្រុក (ផ.ស.ស) សម្រាប់មនុស្សម្នាក់នឹងហក់ឡើងកាន់តែខ្ពស់។ជុំវិញការឈានទៅសម្រេចនូវគោលដៅចរនេះ រាជរដ្ឋាភិបាលបានដាក់ចេញអាទិភាពកំណែទម្រង់គន្លឹះចំនួន៧ សម្រាប់គាំទ្រដល់ការ អនុវត្តយុទ្ធសាស្រ្ត ព្រមទាំងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់រួមមាន៖ ការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមក ពីជំងឺរាតត្បាតកូវីដ-១៩ (អនុវត្តរយៈពេលខ្លី), ការលើកកម្ពស់ស្ថាប័នប្រកបដោយគណនេយ្យភាព និងបរិយាបន្ន ដើម្បីផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាព, ការពង្រឹងនិងការពង្រីកប្រព័ន្ធគាំពារសង្គម, ការវិនិយោគលើធនធានធម្មជាតិរបស់ប្រទេស កម្ពុជាប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវកំណើន និងការអភិវឌ្ឍរយៈពេលវែង, ការបន្តពង្រីក កែលម្អ និងធ្វើពិពិធកម្មវិស័យ កម្មន្តសាល មានសារៈសំខាន់សម្រាប់ការជោគជ័យសេដ្ឋកិច្ច, ការធ្វើទំនើបកម្មវិស័យកសិកម្ម (ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល), និងការវិនិយោគលើវិស័យអប់រំប្រកបដោយគុណភាព ការកសាងជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី

ប្រធាន AmCham៖ កម្ពុជានៅតែរក្សាភាពប្រកួតប្រជែង​ការនាំចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក​បើ​ទោះជា​រងពន្ធគយថ្មី ១៥% ដែលអាមេរិកដាក់ជាសកល

2026/02/27 02:23:36 pm        209
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) បានអះអាងថា ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ក្នុង​ការ​រក្សា​បាន​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក បើទោះជាត្រូវបានជាប់ពន្ធបដិការថ្មី ១៥% របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្មីៗនេះ។លោក ខេស៊ី បាណេត (Casey Barnett) ប្រធាន​សភាពាណិជ្ជ​កម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​(AmCham) បានពន្យល់ថា ការរក្សាបាននូវភាពប្រកួតប្រជែងនេះ គឺដោយសារតែ ប្រទេស​ជុំវិញ​ពិភព​លោកទាំងអស់ត្រូវបង់ពន្ធគយក្នុងអត្រា ១៥% ស្មើៗគ្នា ដែលខុស​ពី​ពេល​មុន​ប្រទេស​កម្ពុជា​ត្រូវ​បង់ពន្ធ ១៩% គឺខ្ពស់ជាងដៃគូប្រកួតប្រជែងរបស់កម្ពុជាមួយចំនួន ដែល​មាន​ផលិត​ទំនិញ​ដូចគ្នា ដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដើម។ លោក ខេស៊ី បាណេត បន្ថែមទៀតថា លើសពីនេះ ប្រទេសកម្ពុជា​មាន​ទីតាំង​ភូមិ​សាស្រ្ត​អំណោយ​ផល​ រួមផ្សុំនឹងមានកម្លាំងពលកម្មជំនាញវិស័យក្មេងច្រើន និងតម្លៃឈ្នួល​កម្មករ​នៅ​មានភាព​ប្រកួត​ប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់។សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​ពន្ធបដិការ​ជា​សកល​ថ្មី​ក្នុង​អត្រា ១៥% លើប្រទេសទាំងអស់ជុំវិញពិភពលោក កាលពីថ្ងៃសៅរ៍ (២១ កុម្ភៈ) បន្ទាប់​ពី​ប្រធានាធិបតីសហរដ្ឋអាមេរិក មិនសប្បាយ​ចិត្ត​ទៅ​នឹង​សេចក្តី​របស់​តុលាការ​កំពូល​របស់​អាមេរិក​ថា ពន្ធបដិការលើប្រទេសនីមួយជុំវិញពិភពលោករបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​ខុស​ច្បាប់ និងត្រូវដកចោលភ្លាមៗ៕ អត្ថបទ៖ ធូ វិរៈ 

អ្នកជំនាញស្វែងរកគន្លឹះថ្មីៗ ដើម្បីហែករបាំងបច្ចេកទេស សម្រាប់ការជំរុញនាំចេញ-ចូលទំនិញ

2026/02/27 12:49:21 pm        145
អ្នកជំនាញក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ពិភាគ្សា និងស្វែងរកគន្លឹះវិជ្ជមានថ្មីៗ ដើម្បីហែករបាំង បច្ចេកទេស និងលក្ខខណ្ឌតម្រូវចាំបាច់នានា សម្រាប់ការជំរុញនាំចេញ-ចូលទំនិញ ស្របតាមភាពអនុលោមនៃស្តង់ដារជាតិ-អន្តរជាតិ។ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុង កិច្ចពិភាក្សា ស្តីពីដំណោះស្រាយរបាំងបច្ចេកទេសពាណិជ្ជកម្ម នេះថា ជុំវិញការការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ពីមួយឆ្នាំទៅ មួយមានកំណើនកើនឡើងជាបន្តបន្ទាប់ ដោយបាននិងកំពុងជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចជាតិ ក្នុងនោះវិស័យឧស្សាហកម្មបានដើរតួ ចម្បងគាំទ្រដល់កំណើននៃការនាំចេញ។ឯកឧត្តមបណ្ឌិត បន្តថា ដើម្បីជំរុញការនាំចេញទំនិញគ្រប់ប្រភេទរបស់កម្ពុជាឱ្យបានកាន់តែច្រើន និងប្រកបដោយនិរន្តរភាព យើងត្រូវហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (N.Q.I) ជាពិសេសការអនុវត្តស្តង់ដារ ដែលជាម៉ែត្រដ៏សំខាន់ លើការទទួលស្គាល់គុណភាព និងការវាយតម្លៃភាពអនុលោម ដើម្បីធានាថា ផលិតផល និងសេវាកម្មមានសុវត្ថិភាព និងគុណភាព។ ក្រៅពីកម្ពុជាត្រូវរឹងបណ្តឹង បន្ថែម លើសកម្មភាពអាជីវកម្ម ជាពិសេសការនាំចូល ទោះបីមាន ISO ឬ IEC គឺត្រូវតែមានបញ្ជាក់វិញ្ញាបនបត្រក្នុងប្រទេស ដោយត្រូវ ធ្វើតេស្តឡើងវិញ។ ឯកឧត្តមបណ្ឌិតបន្ថែមថា ក្រៅពីនេះវិទ្យាស្ថានស្តងដារកម្ពុជា គួរបង្កើតក្រុមការងារជាមួយក្រសួងពាណិជ្ជកម្ម ដើម្បី ពិនិត្យលំហូរពាណិជ្ជកម្ម ព្រោះថា ទាក់ទិនសកម្មភាពអាជីវកម្ម ប្រសិនយើងត្រូវផ្អាកលើការធ្វើអាជីវកម្មណាមួយ យើងត្រូវជូនដំណឹង ដល់ WTO ។ ចំណែកបញ្ហាសំខាន់មួយទៀត នៅពេលប្រទេសណាមួយផ្អាកអាជីវកម្មណាមួយរបស់កម្ពុជា ក្នុងករណីមិនទាន់សម្រេច ផ្អាកអាជីវកម្មនោះ យើងត្រូវជូនដំណឹងដល់ WTO និងតវ៉ា ខណៈផលិតផលយើងកំពុងដំណើរការល្អ សម្រាប់ទីផ្សារនាំចេញ។ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា លើកឡើងថា ជុំវិញស្ត់ដាររូបនីយកម្ម បទប្បញ្ញាត្តិបច្ចេកទេស និងនី តិវិធីវាយតម្លៃអនុលោម ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិស័យពាក់ព័ន្ធឱ្យ មានប្រសិទ្ធភាព និងរីកចម្រើន ជាពិសេសគាំទ្រដល់ការធ្វើពាណិជ្ជកម្ម ក្នុងក្របខណ្ឌជាតិ និងតំបន់។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ជុំវិញការធ្វើពាណិជ្ជកម្ម ប្រទេសទាំងអស់នៅលើពិភពលោក ត្រូវតែចូលរួមអនុវត្តនៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក។ចំណែកទាក់ទិនការងារវិញ្ញាបនបត្រកម្ម គឺមានតួនាទីសំខាន់ណាស់ ក្នុងការបញ្ជាក់ពីភាពអនុលោមរបស់ផលិតផល ផលិតកម្ម និង សេវាកម្មទៅនឹងការតម្រូវនៃស្តង់ដាជាតិ ហើយសម្រួលដល់ការធ្វើពាណិជ្ជកម្មជាតិ និងផ្តល់ភាពជឿជាក់ដល់អ្នកប្រើប្រាស់ ចំពោះ គុណភាពនិងសុវត្ថិភាពរបស់ផលិតផល។ ក្នុងឆ្នាំ២០២៥នេះ ក្រសួងបានសម្រេចជាលទ្ធផលរួមមាន៖ ការងារវិញ្ញាបនបត្រកម្មផលិត- ផល៖ (ចេញវិញ្ញាបនបត្រសរុប២០៣ និងអាជ្ញាបណ្ណសរុប១០៩) និងបានចេញវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធចំនួន៣៥។ ចំណែក ការងារបញ្ញត្តកម្មក្នុងឆ្នាំ២០២៥, ក្រសួងបានសម្រេចលទ្ធផលបានផ្តល់អាជ្ញាបណ្ណសរុបជាង ៦ ពាន់ ជូនដល់អតិថិជន ក្នុងនោះមាន អាជ្ញាបណ្ណបញ្ជាក់មុខសញ្ញា និងស្តង់ដាប្រើប្រាស់សារធាតុគីមីជាង ១ ពាន់, អាជ្ញាបណ្ណប្រើប្រាស់និងចែកចាយសារធាតុគីមីជាប់បញ្ញត្តិ ចំនួន ៥១៤, អាជ្ញាបណ្ណចុះបញ្ជីផលិតផល (ចបផ) ជាង ៣,៦ ពាន៊ អាជ្ញាបណ្ណបញ្ជាក់សុវត្ថិភាពផលិតផលអគ្គិសនី និងអេឡិច ត្រូនិក ជាង ១ ពាន់ និងអាជ្ញាបណ្ណបញ្ជាក់សុវត្ថិភាពផលិតផលយានយន្ត និងទោចក្រយានយន្ត ចំនួន ៥២ អាជ្ញាបណ្ណ៕ អត្ថបទ៖ សុន រ៉ាឌី

លេខាធិការដ្ឋាន IDP ពិនិត្យលើសេចក្តីព្រាងបឋមរបាយការណ៍វាយតម្លៃ នៃការអនុវត្ត IDP ២០១៥–២០២៥

2026/02/27 12:22:17 pm        191
ប្រធានលេខាធិការដ្ឋាន IDP បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋម នៃរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្ត IDP ឆ្នាំ២០១៥–២០២៥ ដើម្បីពិនិត្យផ្ទៀងផ្ទាត់លើទិន្នន័យ មុននឹងរៀបចំតាក់ តែងសេចក្តីព្រាងបឋមរបាយការណ៍។ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋម នៃរបាយការណ៍ វាយតម្លៃចុងអាណត្តិនៃការអនុវត្ត IDP ឆ្នាំ២០១៥–២០២៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែល ទទួលបន្ទុកចូលរួមអនុវត្តគោលនយោបាយ IDP និងសមាជិកលេខាធិការដ្ឋាន IDP គោលបំណងដើម្បីពិនិត្យផ្ទៀងផ្ទាត់លើទិន្នន័យ និងស្នើសុំការពន្យល់បន្ថែមលើចំណុចមួយចំនួនពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មុននឹងលេខាធិការដ្ឋានយកទៅរៀបចំតាក់តែង សេចក្តីព្រាងបឋមរបាយការណ៍។ឯកឧត្តមអគ្គលេខាធិការរង ជម្រាបជូនថា យោងតាមការណែនាំក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥, លេខាធិការដ្ឋាន IDP ត្រូវរៀបចំរបាយការណ៍ ស្តីពីការវាយតម្លៃការអនុវត្ត គោលនយោបាយ IDP ចុងអាណត្តិ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត មុននឹងបញ្ចប់អាណត្តិនៃការអនុវត្ត។ ឯកឧត្តម ក៏បានជម្រាបជូនអំពីទិសដៅការងារសំខាន់ៗរបស់លេខាធិការដ្ឋាន IDP ដែលត្រូវបំពេញជាបន្តបន្ទាប់ដូចជា ការបញ្ចប់ការរៀបចំ សេចក្ដីព្រាងបឋម របាយការណ៍ស្តីពីការវាយតម្លៃការអនុវត្តគោលនយោបាយ IDP ចុងអាណត្តិ ក្នុងដើមខែមេសា ឆ្នាំ២០២៦, ការ រៀបចំកិច្ចប្រជុំអន្តរក្រសួងក្នុងខែឧសភា ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារ សេចក្តីព្រាងបឋមរបាយការណ៍, ការបញ្ជូនសេចក្ដីព្រាង របាយការណ៍នេះ ទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅដើមខែមិថុនា ឆ្នាំ២០២៦, និងការស្នើដាក់សេចក្តី ព្រាងរបាយការណ៍ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ។ បន្ទាប់ពីស្តាប់ការធ្វើបទបង្ហាញ ស្តីពីលទ្ធផលវិភាគបឋម សម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្ត គោលនយោបាយ IDP ដោយក្រុមការងារលេខាធិការដ្ឋាន IDP អង្គប្រជុំបានធ្វើការ៖ ១)ពិនិត្យ និងស្រាយបំភ្លឺលើទិន្នន័យ មួយចំនួន នៃសូចនាករសមិទ្ធកម្មគន្លឹះកម្រិតយុទ្ធសាស្ត្រ និងវិស័យ, ២)ពិនិត្យពិភាក្សាលើវិធានការរបស់ក្រសួង ស្ថាប័នមួយចំនួន ដែលបាននិង កំពុងអនុវត្ត និង ៣) ពិនិត្យពិភាក្សាលើលទ្ធផលវិភាគប្រសិទ្ធភាពនៃយន្តការស្ថាប័នរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្ត គោលនយោបាយ IDP ក្នុងរយៈពេលអនុវត្ត១០ឆ្នាំកន្លងមក៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្ដសៀមរាបរៀបចំពិព័រណ៍ផលិតផលខ្មែរ និង​បន្លែផ្លែ​ឈើ​លើក​ទី១៩

2026/02/27 12:17:43 pm        195
ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្ដសៀមរាប បានរៀបចំពិព័រណ៍ផលិតផលខ្មែរ និង​បន្លែ​ផ្លែ​ឈើលើកទី១៩ រយៈពេល៤ថ្ងៃ ដែលពិធីនេះ ធ្វើឡើងនៅសួនច្បារក្បែព្រះរាជដំណាក់ ក្រុង​សៀមរាប ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ពិព័រណ៌ផលិតផលនេះ ដើម្បី​ចូល​រួម​បំផុស​បំផុល​ដល់​ម្ចាស់កសិដ្ឋាននានាក្នុង និងក្រៅខេត្តយកនូវផលិតផលរបស់​ខ្លួន​មក​ដាក់​តាំង​ពិព័រណ៍​ចែក​ជូនដល់អ្នកខេត្តសៀមរាប និងដល់ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមក​ទស្សនា​ខេត្ត​សៀមរាប ដើម្បីឈានដល់ការលប់បំបាត់នូវការនាំចូលបន្លែផ្លែឈើពីបរទេស ពិសេស ប្រទេស​ជិតខាង។ លោកបានបន្ដថា ខេត្តសៀមរាប ក្រៅពីវិស័យវិស័យទេសចរណ៍ ដែលជា​វិស័យ​អាទិភាព នៅមានវិស័យជាច្រើនទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​រួម​ចំណែក​ដល់​កិច្ច​អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្ត ក្នុងនោះវិស័យកសិកម្ម សេវាកម្ម និងការកែច្នៃផលិតផល សំខាន់​ៗ​ដូចជា ផលិតផលកែច្នៃ មានប្រហុក សាច់ក្រក នំ ព្រមទាំងការ​រក្សា​បាន​នូវ​អត្ត​សញ្ញាណ​របស់​ខ្លួន​ជាដើម។ លោកបានឱ្យដឹងថា ក្រៅពីផលិតផល កសិ-ឧស្សាហកម្ម ក៏មានដំណាំរួមផ្សំដូចជា បន្លែ និង​ផ្លែ​ឈើ ហើយបច្ចុប្បន្ន ផលិតផល ទាំងនេះ កសិករយើងអាចផលិតបានមួយចំនួនធំ ដែល​ប្រកប​ដោយ​គុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ប៉ុន្តែ​បរិមាណ​តម្រូវ​ការ​ចំពោះបន្លែ និងផ្លែឈើសុវត្ថិភាពនៅមានទំហំធំ និងប្រកបដោយការប្រកួតប្រជែង។ លោកបន្ថែមថា សហគ្រាសធុនតូច និងមធ្យម ក្នុងខេត្តសៀមរាប កំពុងតែ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ​ប៉ុន្ដែការផលិតរបស់យើងនៅមានកម្រិត និងពុំទាន់ធានា បានទៅតាម​តម្រូវ​ការ​ប្រើប្រាស់​នៅឡើ​យ នាំឱ្យមានការហូរចូលនូវផលិតផលពីបរទេសជាច្រើន ដែលរាប់ទាំងទំនិញ បន្លែ​ផ្លែឈើ ត្រី សាច់ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយនេះ ផលិត​ផល​ក្នុង​ស្រុកក៏មានការជួបប្រទះនូវការលំបាក ក្នុងការប្រកួតប្រជែងផលិតផលរបស់ខ្លួន ជាមួយ​ផលិតផល​នាំចូល។ លោកស្នើឱ្យផលិតករក្នុងស្រុកត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការ​វេច​ខ្ចប់ ​ប្រកបដោយអនាម័យ ការដាក់ស្លាកច្នៃផលិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និង តាម​តម្រូវ​ការ​អ្នក​ប្រើប្រាស់ ជាមួយនឹងតម្លៃ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។ឯកឧត្ដម សំហេង បូរា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍នេះ ជា​ព្រឹត្ដិការណ៍ប្រចាំឆ្នាំ ក្នុងគោល​បំណង​ជំរុញ​លើក​កម្ពស់ និង​បង្ហាញ​ពី​សក្ដានុពល​ផលិតផល​ខ្មែរ និង​ផ្គូរផ្គងធុរៈជននៅក្នុងប្រទេស ដែលមានការចូលរួមពីបណ្ដាសហគ្រាសក្រុមហ៊ុនជាច្រើន ដែ​ល​ធ្វើឱ្យមានការទាក់ទាញអ្នកទេសចរជាតិនិងអន្ដរជាតិផងដែរ បង្កើនសកម្មភាពពាណិជ្ជកម្ម ជា​ពិសេស ជំរុញនូវសេដ្ឋកិច្ចជាតិនៅមូលដ្ឋាន។ ពិព័រនេះ ជាវេទិកាសម្រាប់អាជីវករ ពាណិជ្ជករ ប្រតិបត្ដិករណ៍ សេវាករ អ្នកនាំចេញនាំចូលផ្លែឈើ អ្នកដាំដុះបន្លែ​ផ្លែ​ឈើម​ក​ពី​តាម​បណ្ដា​ខេត្ដ និង​នៅ​ក្នុង​ខេត្ដជាដើម។ឯកឧត្ដមបានបន្ដថា ពិព័រណ៌ មានការដាក់តាំងលក់ផលិតផលខ្មែរ ដែល​មានគុណភាព ជាផផលិតផលដោយកូនខ្មែរ។ សូម​បញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមាន​ការ​ចូលរួម​គាំទ្រ​ពី​រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត រួមមាន៖ មន្ទីរ-ស្ថាប័នចំណុះខេត្ត អង្គការ សមាគម សហគមន៍ កសិដ្ឋាន ក្រុមហ៊ុន សហគ្រាស ផលិតករ អាជីវករ និង «ផ្សារចុង​សប្តាហ៍​» ​នៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)ចំនួនជាង១១០ស្តង់ពិព័រណ៍ នឹង​ដាក់តាំងបង្ហាញ-លក់ទំនិញសម្គាល់ភូមិសាស្រ្ត ផលិតផលកសិកម្ម បន្លែផ្លែឈើស្រស់ ផលិត​ផល​សិប្បកម្ម តម្បាញ សូត្រ វត្ថុអនុស្សាវរីយ៍ ត្បូងមានតម្លៃ គ្រឿងអលង្ការ អាហារនិងភេសជ្ជៈ ផលិត​ផលហាឡាល និងសេវាកម្មធនាគារ ជាដើម៕ អត្ថបទ៖ ឈិត សាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសបារាំង បានប្តេជ្ញាចិត្តជួយសម្របសម្រួលប្រទេសកម្ពុជា-ថៃ ក្នុងការស្វែងរកដោះស្រាយជម្លោះព្រំដែនដោយសន្តិភាព
07/11/2026 08:07 AM
បារាំង-កម្ពុជា ត្រូវពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីលើការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត
07/11/2026 07:07 AM
WHO ៖ ស្ថានភាពក្រោយការរញ្ជួយដីនៅវេណេស៊ុយអេឡា បង្កើនក្តីបារម្ភសុខភាព
07/10/2026 08:07 PM
វិបត្តិប្រេងឥន្ធនៈរបស់រុស្ស៊ី ជំរុញពលរដ្ឋរស់នៅក្នុងទីក្រុងមូស្គូ ងាកទៅទិញរថយន្តអគ្គិសនីមកប្រើប្រាស់
07/10/2026 08:07 PM
ទឹកទន្លេ Loire រីងស្ងួតស្ទើរអស់ អំឡុងពេលរលកកម្តៅវាយប្រហារប្រទេសបារំាង
07/10/2026 08:07 PM
លោក Xi ជំរុញឱ្យចិន និងកូរ៉េខាងជើង បន្ត​ដំណោះស្រាយយុទ្ធសាស្ត្រ ក្នុង​ពេល​មាន​ភាពចលាចលសកល
07/10/2026 08:07 PM
លោក Modi ចាប់​ផ្ដើម​ដំណើរទៅ​នូវែលសេឡង់ ជាទស្សនកិច្ចដំបូងដោយ​នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុង​រយៈពេល ៤០ឆ្នាំ
07/10/2026 08:07 PM
ជប៉ុនជំរុញឲ្យពលរដ្ឋរស់នៅក្នុងខេត្ត Okinawa បន្តប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈព្យុះ Bavi បោកបក់ជិតមកដល់
07/10/2026 08:07 PM
បាតុកម្មផ្ទុះឡើងនៅរដ្ឋ West Bengal របស់ឥណ្ឌា ជុំវិញករណីចាប់រំលោភ-សម្លាប់ក្មេងស្រីអានីតិជន
07/10/2026 08:07 PM
ប្រធានសន្តិសុខអ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថា «នឹងមិនមានសុវត្ថិភាពដោយសារការឆ្លើយតបឡើយ​»
07/10/2026 08:07 PM