សហគមន៍កសិកម្មទំនើបនឹងកើនឡើងដល់៦០ នៅចុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នមានចំនួន៣៨
ឆមាសទីមួយឆ្នាំនេះ គយប្រមូលចំណូលជូនជាតិបានចំនួនជាង ៦ពាន់ប៊ីលានរៀល មានការកើនឡើង ៤,៥ភាគរយ
គិតត្រឹមខែមិថុនាឆ្នាំនេះ ជប៉ុន​បានផ្តល់ហិរញ្ញប្បទានជាង ៣,៥ ពាន់លាន​ដុល្លារ​អនុវត្ត​គម្រោង​នានា​នៅកម្ពុជា
កម្ពុជាទទួលបានគម្រោងវិនិយោគ ២៧៦ ទំហំទុនវិនិយោគ ៤,៧ប៊ីលាន​ដុល្លារ​ក្នុង​ឆមាសទី១​ឆ្នាំ​នេះ

សេដ្ឋកិច្ច និង កសិកម្ម

អ្នកជំនាញមាន​សុទិដ្ឋិនិយម​ថា ប្រតិបត្តិការបស់គ្រឹះស្ថានហិរញ្ញវត្ថុ នឹងងើបឡើងល្អប្រសើរឆ្នាំនេះ

2023/01/18 03:36:01 pm        372
ភ្នំពេញ៖ អ្នកជំនាញហិរញ្ញវត្ថុ រំពឹងថា នៅក្នុងឆ្នាំ ២០២៣ នេះ ការទទួលប្រាក់បញ្ញើរ និងការផ្តល់កម្ចីឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុ នឹងមានស្ថានភាពល្អប្រសើរជាងឆ្នាំ ២០២២ បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បានធូរស្រាល ហើយប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើងវិញ។លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣នេះថា ផលប័ត្រឥណទានបានកើនឡើងប្រមាណ ២០ ភាគរយ ក្នុងនោះប្រាក់បញ្ញើរសន្សំបានហក់ឡើងខ្ពស់​ គឺរហូតដល់ ៣០ ភាគរយ ។ចំណែកការផ្តល់ប្រាក់​កម្ចី​ឥណទាន ក៏មានការកើនឡើងគួរឱ្យកត់សំគាល់ផងដែរ ​បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាប្រសើរឡើងក្នុងឆ្នាំ២០២៣នេះ របស់ស្ថាប័ន​ហិរញ្ញ​វត្ថុនានា ​លោកសុខ វឿន ​មានការរំពឹងថា ​វិស័យមីក្រូហិរញ្ញវត្ថុ នឹងមានការងើបឡើងកាន់​តែល្អ​ប្រសើរថែមទៀត ​ជុំវិញប្រតិបត្តិការលើការអាជីវកម្មរបស់គ្រឹះស្ថាននីមួយៗ។ធនាគារជាតិ​នៃកម្ពុជា ​បានលើកឡើងថា ថា ប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្ម ដើម្បីបន្ត​គាំទ្រ​ការងើប​ឡើងវិញនៃសេដ្ឋកិច្ច ​តាមរយៈការបន្តផ្តល់សេវាហិរញ្ញវត្ថុសមស្រប​ ដើម្បីឆ្លើយតបនឹង​តម្រូវការសេដ្ឋកិច្ច។ ឥណទានទៅកាន់វិស័យឯកជនបានកើនឡើង ២១% ដែលត្រូវបានបែងចែកទៅគាំទ្រដល់​ការ​ងើបឡើងក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ខណៈដែលកំណើនប្រាក់បញ្ញើអតិថិជន​បានកើន​ឡើងជាង ១១ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

នាវាទេសចរណ៍បរទេស ចាប់ផ្ដើមនាំភ្ញៀវមកកម្សាន្តនៅខេត្តព្រះសីហនុជាបន្តបន្ទាប់

2023/01/18 03:26:35 pm        393
ព្រះសីហនុ៖ បន្ទាប់ពីប្រទេសកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩ បានល្អ និងបានបើកជំហរសេដ្ឋកិច្ច និងសង្គមឡើងវិញ។ ចាប់ពីចុងឆ្នាំ២០២២ និងដើមឆ្នាំ ២០២៣នេះ ទេសចរបរទេសបានសម្រុកចូលមកកម្សាន្ត នៅប្រទេសកម្ពុជាឡើងវិញ ជាបន្តបន្ទាប់។ ក្នុងនោះ​មាននាវាទេសចរណ៍បរទេសខ្នាតយក្សចំនួន ៤ គ្រឿងហើយដែលបានចូលមក​កាន់​កំពង់ផែ​ខេត្តព្រះសីហនុ ត្រឹមថ្ងៃទី១៨ ​ខែមករា ឆ្នាំ២០២៣នេះ។លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ ​បានថ្លែងប្រាប់ BTV ថា ការ​ត្រលប់មកវិញរបស់ទេសចរបរទេសមកកាន់ប្រទេសកម្ពុជា ពិសេសទឹកដីខេត្តព្រះសីហនុ តាមរយៈនាវាខ្នាត​យក្សជាបន្តបន្ទាប់បែបនេះ គឺក្រោយពីភ្ញៀវទេសចរបានដឹងថា ប្រទេសកម្ពុជា អាច​គ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ ​បានល្អប្រសើរ ដូច្នេះទេសចរដែលធ្លាប់មកកម្សាន្ត នៅប្រទេសកម្ពុជា តាំងពីមុនពេលវិបត្តិកូវីដ១៩ ក៏ចាប់ផ្ដើមត្រឡប់មកវិញបណ្ដើៗហើយ។ បើតាមលោកប្រធានមន្ទីរទេសចរណ៍ ​នាព្រឹកថ្ងៃទី១៨ ខែមករានេះ នាវាទេសចរណ៍បរទេសមួយ​គ្រឿង​ទៀតឈ្មោះ OCEAN ODYSSEY សញ្ជាតិ BAHAMAS បានចូលចតកំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ។លោកបញ្ជាក់ថា ​នាវានេះបាននាំភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍ ចំនួន ១៣៧ នាក់ ស្រី ៨៤ នាក់ (ភ្ញៀវភាគច្រើន ​គឺសញ្ជាតិសអាមេរិក មានចំនួន ១២៣ នាក់) ​មកទស្សនាប្រទេសកម្ពុជា​រយៈពេល ២ថ្ងៃ។ នាវានេះធ្វើដំណើរមកពីប្រទេសវៀតណាម ចូលមកកម្ពុជា ហើយនឹងចាកចេញទៅវិញ​នៅ​វេលាម៉ោង ៦ល្ងាចថ្ងៃទី១៩ ខែមករា។ចំណែក កាលពីថ្ងៃទី ទី១៤ ខែមករា ឆ្នាំ២០២៣នេះដែរនាវាទេសចរណ៍ខ្នាតយក្ស១គ្រឿង ផ្ទុក​អ្នកដំណើរ និងនាវិកជិត១ពាន់នាក់ ក៏បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើ​ទស្សនកិច្ចក្នុងខេត្តរយៈពេល១ថ្ងៃផងដែរ។ ​នាវាទេសចរណ៍ខ្នាតធំនោះ ​ឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មាន ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៤២៩ នាក់ និងនាវិក ៤៣០ នាក់។គួរបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ​ជាលើកទី៤ ហើយ​ដឹកភ្ញៀវទេសចរចម្រុះ ជាតិសាសន៍មកទស្សនាប្រទេសកម្ពុជា ក្រោយខកខានមួយ​រយៈដោយ​សារការរាំងស្ទះពីវិបត្តិជំងឺកូវីដ១៩ ​នាពេលកន្លងមក៕ អត្ថបទ៖ វ៉ន ដារ៉ា

ជំរឿនសេដ្ឋកិច្ចបង្ហាញថា អង្គភាពសេដ្ឋកិច្ចនៅកម្ពុជាកើនឡើងប្រមាណជិត ៥០ភាគរយ

2023/01/18 02:10:15 pm        608
ភ្នំពេញ៖ លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ បង្ហាញថា រយៈពេលជាង ១០ឆ្នាំ ចាប់រាប់ពីឆ្នាំ ២០១១ ​មកដល់ឆ្នាំ ២០២២ អង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ​បានកើនឡើងពីជាង ៥០ម៉ឺនអង្គភាព​ទៅជាង ៧៥ម៉ឺនអង្គភាពសេដ្ឋកិច្ច​ កើនឡើងប្រមាណជិត ៥០ភាគរយ។លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ត្រូវបានប្រកាសផ្សព្វផ្សាយនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២នេះ។ ​លទ្ធផលបឋមនៃជំរឿននេះ ជាទិន្នន័យសំខាន់ដែលឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល១០ ព្រោះជំរឿននេះគឺរៀបចំឡើងក្នុងរយៈពេល ​១០ឆ្នាំម្ដង។ជំរឿនសេដ្ឋកិច្ចជាការចុះសម្ភាសន៍ អង្គភាពសេដ្ឋកិច្ច ដែលសំដៅលើសហគ្រាសអជីវកម្ម មាន​ដូចជា សហគ្រាសគ្រប់ប្រភេទ រោងចក្រ សហគ្រាសរដ្ឋ ឯកជន សិប្បកម្ម អជីវកម្ម ​លក់ដុំលក់រាយ និងសេវាកម្មផ្សេងៗ។ ជំរឿនសេដ្ឋកិច្ចនៅកម្ពុជា រៀបចំឡើងបានចំនួន ២ដងមកហើយ ដោយលើកទី ១ គឺជំរឿន​សេដ្ឋកិច្ចឆ្នាំ ២០១១ និងជំរឿនលើកទី ២ធ្វើឡើងនៅឆ្នាំ ២០២២ ដែលប្រកាសលទ្ធផល​បឋម​នាពេលនេះ។ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃ​ក្រសួងផែនការ បញ្ជាក់ថា ឆ្នាំ ២០១១នៃជំរឿនលើកទី ១ គឺមានអង្គភាពសេដ្ឋកិច្ច ត្រឹមតែជាង ៥០ម៉ឺនអង្គភាពតែប៉ុណ្ណោះ។ ​ចំនួនអង្គភាពសេដ្ឋកិច្ចបានហក់ឡើងមកដល់ជាង ៧៥ម៉ឺនអង្គភាព សម្រាប់ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២។ឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនកា លើកឡើងថា លទ្ធផលបឋមនៃជំរឿន​សេដ្ឋកិច្ចឆ្នាំ ២០២២នេះ ជារួមគឺមានសារៈសំខាន់ជាខ្លាំង។ ទិន្នន័យដែលទទួលបានពីជំរឿនសេដ្ឋកិច្ចនេះ គឺនឹងប្រើប្រាស់ដើម្បីធ្វើបច្ចុប្បន្នភាពនៃខឿន​សេដ្ឋកិច្ច​កម្ពុជា អំពីមូលដ្ឋានគ្រឹះនៃអង្គភាពសេដ្ឋកិច្ច សហគ្រាសឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។ លទ្ធផលនេះ ក៏នឹងប្រើប្រាស់ដើម្បី បំពេញតម្រូវការទិន្នន័យចាំបាច់ដែលកើនឡើង​ជាលំដាប់របស់​អ្នកប្រើប្រាស់ ​ពីបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ អង្គការមិនមែនរដ្ឋាភិបាល ផ្នែកវិស័យឯកជន សហគមន៍ជាតិ​ និងអន្តរជាតិ ក្រុមអ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍនានា។លើសពីនេះ ទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នឹងរួមចំណែកក្នុងដំណើរការអនុវត្តគោល នយោបាយ​វិមជ្ឈការ និងវិសហមជ្ឈការ, គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា, ការគណនាកំណើនសេដ្ឋកិច្ច ក្នុងការគាំទ្រធ្វើផែនការដោយ​ផ្អែក​លើស្ថិតិជាមូលដ្ឋាន និងការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិនៃកម្ពុជាផងដែរ៕អត្ថបទ៖ គឹមហុក

ពលរដ្ឋខេត្តត្បូងឃ្មុំ កំពុងប្រមូលផលដំឡូងមី ក្នុងតម្លៃចន្លោះ ៤០០ រៀលស្រស់ក្នុង១គីឡូក្រាម

2023/01/17 02:57:19 pm        973
ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋប្រកបរបរដាំដំឡូងមីក្នុងខេត្តត្បូងឃ្មុំ កំពុងប្រមូលផល ក្នុងតម្លៃ ១គីឡូក្រាម​ស្រស់ ៤០០រៀល លក់ក្នុងស្រុកឱ្យឈ្មួញ​ដែលប្រមូលទិញក្បែរៗ​ចំការរបស់​ពួកគាត់ ខណៈតម្លៃនេះ​គឺអាចទទួលយកបាន ​ទោះមិនចំណេញច្រើន ​ព្រោះអាច​បាន​ប្រាក់ចំណូលខ្លះ​សម្រាប់​ទ្រទ្រង់​ជីវភាពគ្រួសារ ។បើតាមការរៀបរាប់របស់លោក សុ ភី អ្នកដាំដំឡូងមី រស់នៅភូមិពើក ​ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានឱ្យដឹងថា ​លោកបានប្រកបរបរនេះជាច្រើនឆ្នាំមកហើយ ​ខណៈនៅឆ្នាំនេះ​ឈ្មួយដែល​ប្រមូល​ទិញនៅក្នុងស្រុកគេហ៊ានឱ្យតម្លៃ ចន្លោះពី ៤០០ ទៅ ៤៥០ រៀលក្នុង ​១គីឡូក្រាមស្រស់ ។ លោកថា តម្លៃនេះវាមិនចំណេញច្រើននោះទេ​ សម្រាប់ពួកគាត់​ព្រោះការដាំដុះសព្វថ្ងៃគឺត្រូវ​ចំណាយ​ច្រើន ដូចជា លើការភ្ជួដី ឈ្នួលដាំ និងថែទាំ ពិសេសចំណាយលើថ្លៃជី ដែលមានតម្លៃថ្លៃ ។បើតាមការបញ្ជាក់របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ​ បានឱ្យដឹងថា ​ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋដាំដុះដំឡូងមីជិត​ ៤ម៉ឺនហិកតាក្នុងឆ្នាំ ២០២២​ ហើយមួយចំនួនធំ​កំពុងប្រមូលផលលក់ឱ្យទៅឈ្មួញក្នុងស្រុក​ ដោយក្នុង១គីឡូក្រាមស្រស់ ចន្លោះ៤០០រៀល ទៅ៤៥០រៀល ដែលតម្លៃនេះ ប្រហាក់ប្រហែលឆ្នាំមុនដែរ ។សូមជម្រាបថា​ ដំឡូងមីជាដំណាំ១ប្រភេទ​ដែលត្រូវចំណាយ​ពេល​ដាំដុះជិត​១ឆ្នាំ​ពេញទើប​អាច​ប្រមូលផលបាន ​ខណៈមកដល់ពេលនេះ ទីផ្សារធំបំផុតគឺនាំចេញទៅប្រទេស​វៀតណាម​តាមច្រកព្រំដែន​មួយ​ចំនួន​ក្នុងខេត្តត្បូងឃ្មុំ ៕ អត្ថបទ៖ ជឹង សេងឡុង

កម្ពុជានាំចេញកៅស៊ូស្ងួតបរិមាណជាង៣៧ម៉ឺនតោន កើនឡើងតិចតួចក្នុងឆ្នាំ២០២២

2023/01/17 01:52:48 pm        828
ភ្នំពេញ៖ កម្ពុជា បាននាំចេញកៅស៊ូស្ងួតចំនួន ៣៧២ ៩០០ តោនក្នុងឆ្នាំ២០២២ កើនឡើង ១,៨ ភាគរយពី ៣៦៦ ៣០០ តោនកាលពីឆ្នាំមុន។របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា កម្ពុជា ​រក​បាន​ប្រាក់​ចំណូល​ចំនួន ៥២៧,៧ លាន​ដុល្លារ​អាមេរិក​ពី​ការ​នាំ​ចេញ​ទំនិញ​កាលពី​ឆ្នាំ​មុន ធ្លាក់​ចុះ ១២ ភាគរយ​ពី ៦០០,៧ លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។ឯកឧត្តម ហ៊ឹម អូន អគ្គនាយក​នៃអគ្គនាយកដ្ឋានកៅស៊ូ ​បាន​និយាយនៅក្នុងរបាយការណ៍ថា កៅស៊ូ​ស្ងួតមួយតោនជាមធ្យមមានតម្លៃ ១ ៤១៥ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ ប្រហែល ២២៥ ដុល្លារតិចជាងឆ្នាំ ២០២១ ។ឯកឧត្តម ហ៊ឹម អូន ធ្លាប់បាន​បញ្ជាក់ថា កត្តា​ដែល​នាំឱ្យ​ការនាំចេញ​កៅស៊ូ​កើនឡើង​ក្នុងអំឡុង​ពេលនេះ​ ដោយសារ​ឧបសគ្គ​ចំពោះ​ការ​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩ មាន​ភាព​ធូរស្រាល​ជា​បណ្តើរៗ​ ហើយ​នៅ​តាម​បណ្តា​ប្រទេស​ផលិត​កៅស៊ូ រដ្ឋាភិបាល​បាន​ដកចេញ​វិញ​នូវ​ការ​រឹតត្បិត​ប្រទេស ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​។ កម្ពុជា នាំចេញទំនិញ​ភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម​ សិង្ហបុរី និងចិន។របាយការណ៍​ បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ដាំ​ដើម​កៅស៊ូ​លើ​ផ្ទៃដី​សរុប ៤០៤.៥៧៨ ​ហិកតា ដែល​ក្នុង​នោះ​ដើមកៅស៊ូ​លើ​ផ្ទៃដី ​៣១៥.៣៣២ ហិកតា ឬ ៧៨ ភាគរយ​ ដល់​អាយុសម្រាប់ជៀជ័រកៅស៊ូបាន​៕ អត្ថបទ៖ វណ្ណៈ 

ការនាំចេញផលិតផលស្បែកជើងឆ្នាំ ២០២២ មានទំហំទឹកប្រាក់ ១.៧ ពាន់លានដុល្លារអាម៉េរិក

2023/01/16 12:50:39 pm        514
ភ្នំពេញ៖ តម្លៃនាំចេញផលិតផលស្បែកជើង នៅក្នុងឆ្នាំ ២០២២ ​សម្រេចបានប្រមាណជា ១.៧ ពាន់លាដុល្លារអាមេរិក ​កើនឡើងប្រមាណ ៧.៧ ភាគរយ ​បើធៀបទៅនិងឆ្នាំ២០២១ ហើយទីផ្សារធំ​ជាងគេ មានសហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុប។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមសមាគមផលិតស្បែកជើងកម្ពុជា (CFA) លើកឡើង នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ ​ការនំាចេញស្បែកជើង មានទំហំទឹកប្រាក់ប្រមាណ ​១.៧ លានដុល្លារអាមេរិក កើនឡើងជា ​​៧.៧ ភាគរយ ខណៈកម្ពុជា​បាននាំចេញផលិតផលសរុបប្រមាណជាង​ ២២ ពាន់លាន​ដុល្លារ​អាមេរិក កើនឡើងជាង ១៦ ភាគរយ។ចំពោះទីផ្សារនាំផលិតផលស្បែកជើងនៅក្នុងឆ្នាំ ២០២៣ វិញ អ្នកឧកញ៉ា លី ឃុនថៃ ​មើលឃើញថា អាចនឹងមានស្ថានភាពថមថយចុះមកវិញខ្លះៗ ​ខណៈដែលការបញ្ជាទិញពីដៃគូរក្រៅប្រទេស នៅ​ក្នុងឆ្នាំ ២០២២ ​បាននាំចូលជាគំហុក ​ដែលធ្វើឲ្យស្ថានភាពនៃការចែកចាយរបស់ពួកគាត់ មិនទាន់អស់ពីស្តុកនៅឡើយ។សូមបញ្ជាក់ថា ​វិស័យឧស្សាហកម្ម ត្រូវបាន​ព្យាករថា ​នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ ២០២៣ ​ប្រហាក់ប្រហែល​ទៅនឹងកំណើនឆ្នាំ​ ២០២២​ ក្នុងអត្រា ៩,០% ដោយសារការ​រំពឹងទុក​លើការបន្តកំណើនរឹងមាំ​ នៃអនុវិស័យកាត់ដេរ​ និងកម្មន្តសាលមិនមែនកាត់ដេរ​ ដោយសារការ​រំពឹងទុក ​លើភាពល្អប្រសើរនៃតម្រូវការខាងក្រៅ​ ជាពិសេសទីផ្សារសហរដ្ឋអាម៉េរិក​ ស្របជាមួយការ​រំពឹងទុកលើការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ដូចជា ​មីយ៉ាន់ម៉ាជាដើម។ការដាក់ចេញនូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ​​ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” ត្រូវបានរំពឹងថា នឹងជួយជំរុញបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងបន្ថែមក្នុង​អនុវិស័យ​នេះផងដែរ តែយ៉ាងណាមិញ ​ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំ​ឱ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ​ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជារួមមាន សហរដ្ឋអាម៉េរិក ​និងសហភាពអឺរ៉ុប ​អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបចាប់ផ្តើមតភ្ជាប់តួស្ពានហើយនៅព្រឹកនេះ

2023/01/16 09:17:28 am        1004
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលដល់ដំណាក់កាលនៃការតភ្ជាប់តួស្ពានទាំងមូលហើយ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ។តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខ ។ ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ ៥ ។ ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនការធ្វើចរាចរណ៍ជាប្រចាំ។គម្រោងស្ពានខ្សែកាបឫស្សីកែវនេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន ៤បង្គោល មានកម្ពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបេឡេ មានប្រវែង ៩២២ ម៉ែត្រ មានទទឹង ២០,៥ ម៉ែត្រ។ ដោយឡែក ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង ១,២៥ ម៉ែត្រសងខាង។កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ។ គន្លងខ្សែយានយន្តមានទទឹង៣.៧៥ ម៉ែត្រ។ គន្លងធ្វើចរាចរណ៍ ២ខ្សែទៅ ២ខ្សែមក។កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ ម៉ែត្រ។ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ ម៉ែត្រ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។ ស្ពាននេះចំណាយថវិកាសាងសង់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាមេរិក៕ (ដោយ៖ ប្រាក់ វ៉ាន់ដា / ថត ៖ ប៉ាន់ បូនី)

រោងចក្រទឹកស្អាតបាក់ខែង នឹងដាក់ដំណើរការតាមផែនការគ្រោងទុក ដើម្បីដោះស្រាយទឹកជូនប្រជាពលរដ្ឋ

2023/01/15 12:02:53 pm        1332
ភ្នំពេញ៖ គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១ និងជំហានទី ២ នឹងដាក់ឲ្យដំណើរការទៅតាមផែនការគ្រោងទុក ដើម្បីផ្គត់ផ្គង់បន្ថែមលើតំបន់ដែលមានស្រាប់ ដែលមានសម្ពោធទឹកទាប​ ឬប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេសស្ថិតនៅតំបន់ជាយក្រុងប៉ែក​ខាងលេច ដែលជាការឆ្លើយតបទៅនឹងតម្រូវការជូនប្រជាពលរដ្ឋ។ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូបារំាង ដែលដឹកនាំដោយ ឯកឧត្តម Damien REGNARD សមាជិកព្រឹទ្ធសភាបារាំង នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ នេះថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតជាមធ្យមប្រមាណ ៦៣០ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលសមត្ថភាពផលិតនេះអាចផ្គត់ផ្គង់​បានគ្រប់គ្រាន់ សម្រាប់តម្រូវការទឹកស្អាត​​នា​ពេលបច្ចុប្បន្ន, ប៉ុន្តែនៅពេលមានតម្រូវការប្រើប្រាស់ទឹកស្អាតនៅម៉ោងគំហុក បានធ្វើឱ្យនៅតាម​តំបន់ជាយរាជធានីភ្នំពេញ ជួបប្រទះនឹងកង្វះខាតទឹកស្អាតប្រើប្រាស់ ។ឯកឧត្តម បន្តថា ចំពោះគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលបានកំពុងដំណើរ​ការ​សាងសង់​ មកដល់ពេលនេះបានប្រមាណ ៧០ ភាគរយរួចហើយ ​ជាគម្រោងស្ថិតក្រោមជំនួយ ក៏ដូចជា​ហិរញប្បទានពីប្រទេសបារាំង​ ប្រមាណជា ២០០ លានដុល្លារអាមេរិក ដែលកញ្ចប់​ទាំង​អស់នេះ ​គឺបានចាប់ផ្តើមតាំងពីឆ្នាំ ២០២០ ហើយនៅក្នុងខែ ឧសភា ខាងមុខនេះ រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញនឹងដាក់ឲ្យដំណើរការក្នុងដំណាក់កាលទី១ ក្នុងទំហំប្រមាណ ១៩៥ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ និងគ្រោងដាក់ដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ២ បន្តទៀត ដើម្បីផ្គត់ផ្គង់បន្ថែមលើតំបន់ដែលចែកចាយស្រាប់ មានសម្ពោធទឹកទាប ឬប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេសស្ថិតនៅតំបន់ជាយក្រុងប៉ែកខាងលេច ។ជុំវិញវិស័យទឹកស្អាតនេះ ឯកឧត្តម Damien REGNARD សមាជិកព្រឹទ្ធសភាបារាំង បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសាងសង់ VINCI Construction ដែលបានខិតខំសាងសង់ទៅតាមគម្រោងផែនការរបស់ខ្លួន ​និងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបាន​គិតគូរខ្ពស់ នៃការបង្កើតគម្រោងទឹកស្អាតថ្មីនេះឡើង ដើម្បីដោះស្រាយនូវបញ្ហាកំពុង​ជួបប្រទះ ​ស្របតាមការរីកចម្រើនរបស់កម្ពុជា។សូមបញក់ថា រាជធានីភ្នំពេញ កំពុងតែមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ដែល​ជាហេតុ​​ធ្វើឲ្យតម្រូវការប្រើប្រាស់ទឹកស្អាតចេះតែកើនឡើង ជាក់ស្តែងចាប់ពីចុងទស្សវត្សឆ្នាំ ២០០០ មក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពង្រីកសមត្ថភាពផលិត និងចែកចាយទឹករបស់ខ្លួនឥតឈប់ឈរ ជាពិសេសតាមរយៈការសាងសង់រោងចកផលិតទឹកស្អាតជ្រោយចង្វារជំហានទី ១ និងជំហានទី ២ ក្នុងទស្សវត្សឆ្នាំ២០០០។ បន្ទាប់មក បានសាងសង់រោងចក្រផលិតទឹកស្អាតនិរោធជំហានទី ១ និងជំហានទី ២ នៅឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៧ និងនៅចុងឆ្នាំ២០១៩ រោងចក្រផលិតទឹកស្អាត​ចំការមន ក៏បានដាក់ឱ្យដំណើរការ ព្រមទាំងមានការគ្រោងដាក់ដំណើរការរោងចក្រប្រព្រឹត្តកម្ម​ទឹកស្អាតបាក់ខែងជំហានទី១ ដែលនឹងដាក់ឲ្យប្រើប្រាស់នាពេលខាងមុខនេះ៕

ក្រុមហ៊ុនជាង៤០ សហការរៀបចំពិព័រណ៍ការងារ នៅCJCC នាចុងសប្តាហ៍នេះ

2023/01/13 04:56:06 pm        796
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC )នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ការងារ Job Fair 2023 ដែលមានក្រុមហ៊ុន​ចូលរួម​សហការ​រៀបចំចំនួន៤៣ក្រុមហ៊ុន ហើយនិងមានមុខដំណែងការងារប្រមាណជាង៣០០ ដើម្បីបើកឱកាសឲ្យអ្នកចូលរួមអាចដាក់ពាក្យសុំចូលរួមធ្វើការងារ។លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ​ជប៉ុនCJCC ថ្លែងនៅថ្ងៃទី១៣ ខែមករានេះថា​ ព្រឹត្តិការណ៍​ពិព័រណ៍​ការងារនេះ បើកឱកាស​មនុស្ស​ទូទៅ​ចូលរួម​ទស្សនា​ដោយ​សេរីមិនគិតថ្លៃ ​ជាពិសេសសម្រាប់អ្នកស្វែងរកការងារធ្វើ ​និងអ្នកចង់ប្តូរការងារ ហើយក្នុងអំឡុង​ពេលចូលរួមទស្សនាពិព័រណ៍ការងារ ​គឺគេអាចដាក់ពាក្យសុំចូល​សំភាសន៍​ផ្ទាល់តែម្តង ហើយ​គេអាចចូលរួមស្តាប់ការធ្វើបទបង្ហាញនានា​របស់​វាគ្មិន​ក្រុមហ៊ុន ដែលទាក់ទង​នឹងការធ្វើការងារផងដែរ។សូមបញ្ជាក់ថា ​មជ្ឈមណ្ឌលCJCC បានចាប់ផ្តើមរៀបចំព្រឹត្តិការណ៍​ពិព័រណ៍​ការងារនេះ​ដំបូង​នៅឆ្នាំ២០១២ ហើយបន្តរហូត​មក​ដល់​បច្ចុប្បន្ន ​គោលបំណង ​ធ្វើការ​ផ្គូផ្គង​គ្នា ​ពោលគឺធ្វើការផ្តល់​ឱកាស​ការងារជូន​បណ្តាសិស្សនិស្សិតកំពុងសិក្សា និងអ្នកមានចំណេះជំនាញ​នានា​ដែល​បំណងចង់​រកការងារធ្វើ ជួបជាមួយក្រុមហ៊ុនដែលមានតម្រូវការបុគ្គលិកចូលបំរើការងារ។ ក្រៅពីនេះ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍​ការងារនេះ ក៏ផ្តល់ឱកាសឲ្យអ្នកមានបំណងចង់រកការងារ​អាចចូលស្តាប់ការធ្វើបទបង្ហាញពីប្រវត្តិក្រុមហ៊ុននានានោះ ​ដើម្បីគេងាយធ្វើការងារ​វិនិច្ឆ័យ សម្រេចចិត្តក្នុងការទៅដាក់ពាក្យចូលធ្វើការងារនោះ ​ហើយគេក៏អាចចូលរួមសិក្ខាសាលា ដើម្បីដឹងពី​របៀបធ្វើការងារនានានៅក្នុងក្រុមហ៊ុននានានោះ៕ អត្ថបទ ស៊ុម សុខជា.

ក្រុមវិនិយោគិន និងពាណិជ្ជករថៃ កំពុងស្វែងរកដៃគូ ដើម្បីពង្រីកពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា

2023/01/13 03:55:02 pm        886
ភ្នំពេញ៖ ក្រុមវិនិយោគិន និងពាណិជ្ជករថៃ កំពុងស្វែងរកដៃគូទីផ្សារពាណិជ្ជកម្ម និង​វិនិយោគ​នៅកម្ពុជា ​ដើម្បីបង្កើនកិច្ចសហការ និងចូលរួមរុញទំហំពាណិជ្ជ ​កម្មរវាងប្រទេសថៃ ​និងកម្ពុជា​ ឲ្យមានកំណើនងើបឡើងកាន់តែខ្លាំងក្លា។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា ​និងជាតំណាង​ពាណិជ្ជកម្មថៃ​ប្រចាំខេត្តសៀមរាប ​លើកឡើងនៅក្នុងពិធីបើកសម្ពោធ​ពិរព័ណ៍​ពាណិជកម្មថៃ (Thailand Products Expo 2023) ​ដែលរៀបចំឡើងនៅមជ្ឈមណ្ឌល​ពិរពិណ៍​កោះពេជ្រ ​នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៣នេះថា ​ការតាំង​ពិរព័ណ៍​នេះ​ គឺជាបង្ហាញឲ្យឃើញនៃការចាប់ផ្តើមឡើងវិញ បន្ទាប់​ពីវិបត្តិកូវីដ ១៩ បានធូរស្រាល ដោយបាននាំយកផលិតផលប្លែកៗ​មកដាក់តាំងបង្ហាញ ជា​ផលិត​មានគុណភាពខ្ពស់ ​និងមានច្រើនប្រភេទ ដែលប្រជាពល រដ្ឋខ្មែរតែងតែមានទំនុកចិត្តនៅ​លើ​ផលិតផលថៃ។ក្នុងឱកាសនេះដែរ ​ក៏ជាជាស្វែងរកដៃគូពាណិជ្ជកម្ម និងការផ្លាស់ប្តូបទ​ ពិសោធន៍ផ្សេងៗ ក្នុងការ​អភិវឌ្ឍ​នៃការស្វែងរក​ទីផ្សាររបស់ខ្លួន ​ដែលជាផ្នែកមួយនៃការចូលរួមជំរុញ នឹង​បង្កើនការធ្វើ​ពាណិជ្ជកម្ម ​រួមគ្នារវាងកម្ពុជា-ថៃ ​ដើម្បីរុញទំហំពាណិជ្ជកម្ម ​ឲ្យកើនដល់គោលដៅតាមការគ្រោងទុក របស់​រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។សូមបញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍តាំងពិរព័ណ៍​ពាណិជកម្មថៃ (Thailand Products Expo 2023) នេះ នឹងរៀបចំឡើង​មានរយៈ ពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ក្នុងនោះមានក្រុមហ៊ុនល្បីៗ​ចូលរួម​តាំងពិរពិរណ៍​ប្រមាណ ១៧០ ស្តង់ ដែល​សុទ្ធសឹង​ជាទំនិញមានគុណភាពនាំមកពី​ប្រទេស​ថៃ ចេញពីរោងចក្រផ្ទាល់រួមមាន៖ ផលិតផលចំណីអាហារ, ​ប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះ, គ្រឿង​សំអាង, សម្ភារៈកសិកម្មជាដើម ​ជាពិសេសក្នុងព្រឹត្តិការណ៍​នេះ នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​នីមួយៗ ​ក៏បានចូលរួមដោយផ្ទាល់ ​ដើម្បីស្វែងរកដៃគូរពាណិជ្ជកម្ម និងការស្វែងរកសក្តានុពល​វិនិយោគ​នៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
07/21/2026 09:07 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ អតីត​មេដឹកនាំ​កំពូលបាន​ជំរុញឱ្យបញ្ចប់ស្ថានភាព​ «គ្មានសង្គ្រាម គ្មានសន្តិភាព» ជាមួយអាមេរិក
07/21/2026 08:07 PM
WHO៖ ការផ្ទុះឡើងនៃជំងឺ Ebola នៅកុងហ្គោ លើស ២.៤០០ករណី និងមានអ្នកស្លាប់ជិត ១.០០០នាក់
07/21/2026 08:07 PM
អគារសិក្សាថ្មី១ខ្នង នៅសាលាបឋមសិក្សាចំបក់ខាងត្បូង បានរួមចំណែកក្នុងវិស័យអប់រំ និងគាំទ្រដល់ការសិក្សា
07/21/2026 08:07 PM
ប្រភព៖ ប្រមុខកងទ័ពប៉ាគីស្ថានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់
07/21/2026 07:07 PM
ក្រសួងបរិស្ថានដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដែលបានដកហូតក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
07/21/2026 07:07 PM
កូវ៉ែតរាយការណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់ លើរោងចក្រអគ្គិសនី និងរោងចក្របន្សុតទឹកសមុទ្រ ជាថ្ងៃទី៤ ជាប់ៗគ្នា
07/21/2026 07:07 PM
ទីក្រុងនៅភាគ​កណ្តាលជប៉ុន ឡើងដល់ ៤០អង្សាសេ ជាការសម្គាល់​ផ្លូវការនៃ​​ថ្ងៃ​​ក្ដៅខ្លាំង​​​លើកដំបូង
07/21/2026 07:07 PM
ក្រសួងការបរទេសកម្ពុជាជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
07/21/2026 07:07 PM
វិមានក្រឹមឡាំង មិនឃើញក្ដី​សង្ឃឹម ក្នុងការកែលម្អទំនាក់ទំនងអង់គ្លេស-រុស្ស៊ី ក្រោមការដឹកនាំរបស់លោក Burnham
07/21/2026 06:07 PM