រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ
ក្រុមអាជីវករ៖ ការគាំទ្រផលិតផលក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ឆ្ពោះទៅខួបទំនាក់ទំនងការទូត លើកទី៦០

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជា​-ចិន មានទំហំពាណិជ្ជកម្មចំនួនជាង១.៧ប៊ីលានដុល្លារ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣

2023/03/13 08:55:32 pm        662
ភ្នំពេញ៖ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន សម្រចបានទឹកប្រាក់ប្រមាណ ១,៧ប៊ីលានដុល្លារ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៣នេះ ស្របពេលដែលប្រមុខរដ្ឋាភិបាលទាំងពីរ ជំរុញកំណើននៃការដោះដូរពាណិជកម្ម និងវិនិយោគ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញថា ក្នុងរយៈពេលខែមករា​ ដល់ខែកុម្ភៈ ទំហំ​នៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសចិន ​បានធ្លាក់ចុះប្រមាណ ១៥ភាគរយ ធៀបនឹង​រយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ទំនិញកសិផល កម្ពុជានាំចេញទៅចិនបាន មានដូចជា ដំឡូង ស្វាយ ចេក អង្ករ ជាទំនិញដែលអាចនាំចេញបាន។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានលើក​ឡើងថា ​កិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីកម្ពុជា ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងផ្តល់សម្ទុះនៃការនាំចេញកសិផលកម្ពុជា ចូលទីផ្សារប្រទេសចិន​កាន់តែច្រើន ។ឯកឧត្តម បន្តថា កិច្ចព្រមព្រៀង FTA និងRCEP មិនត្រឹមតែបើកទីផ្សារកាន់តែធំសម្រាប់ទំនិញ​ផលិត​នៅកម្ពុជាចូលទីផ្សារប្រទេសចិនកាន់តែច្រើននោះទេ​ ប៉ុន្តែថែមទាំងទាក់ទាញវិនិយោគពី​ប្រទេស​ចិន​ចូលមកបណ្តាក់ទុន​វិនិយោគ ​នៅកម្ពុជាផងដែរ។​កម្ពុជា និងចិន បានប្រកាសបើកព្រឹត្តិការណ៍ “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ក្នុងឆ្នាំ២០២៣នេះ ដើម្បី​អបអរខួបលើកទី៦៥ ​នៃការបង្កើតទំនាក់ទំនងការទូត​ ឆ្នាំមិត្តភាពឆ្ពោះទៅយុគសម័យថ្មី នៃការ​កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់​ កម្រិតខ្ពស់ ​និងស្តង់ដារខ្ពស់ ដើម្បី​បន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ​ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត​ គ្រប់ជំនាន់។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ទំនាក់ទំនងយ៉ាងជិតស្និទ្ធ​រវាង​រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន​ បានផ្តល់ឪកាសច្រើនសម្រាប់ទាក់ទាញវិនិយោគ បើកទីផ្សារសម្រាប់ផលិតផលកម្ពុជា។ឧកញ៉ា លឹម ហេង ថ្លែងថា កិច្ចព្រមព្រៀង FTAរវាងកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយតំបន់ ជាកាតាលីករ ​ជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជាចិន ​លើវិស័យពាណិជ្ជកម្ម និង​វិនិយោគ ជាពិសេស ​បានទាក់ទាញវិនិយោគិនចិនចូលមកកម្ពុជា៕ អត្ថបទ៖ វណ្ណៈ 

អគ្គីភ័យបាននឹងកំពុងឆាបឆេះឃ្លាំងរថយន្តយ៉ាងសន្ធោរសន្ធៅ ស្ថិតជាប់នឹងទីតាំងឆៀកឡានសាខាខណ្ឌសែនសុខ

2023/03/10 11:03:16 pm        1222
ភ្នំពេញ៖ ខណៈនេះអគ្គីភ័យមួយបាននឹងកំពុងឆាបឆេះឃ្លាំងរថយន្តមួយកន្លែងយ៉ាងសន្ធោរសន្ធៅ ស្ថិតជាប់នឹងទីតាំងឆៀករថយន្តសាខាខណ្ឌសែនសុខ តាមបណ្តោយផ្លូវលេខ១០១៩ ក្បែរវត្តសំរោងអណ្តែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ក្រុមរថយន្តពន្លត់អគ្គីភ័យបាននឹងកំពុងអន្តរាគមន៍។

ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំជាង ៦ ៨០០ លានដុល្លារ ក្នុងរយៈពេលពីរខែដើមឆ្នាំ

2023/03/10 10:30:20 pm        667
ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២៣ នេះ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៦ ៨០០ លានដុល្លារអាមេរិក ​ថយចុះប្រមាណជាង ២១ ភាគរយ ​បើធៀបទៅរយៈពេលដូចគ្នា និងឆ្នាំ២០២២ ។របាយកាណ៍នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី ១០ ខែមីនា បានបង្ហាញការនាំចេញនៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៣នេះ កម្ពុជាបាននាំចេញទំនិញ មានទំហំទឹកប្រាក់ប្រមាណជាង ៣ ២៨៥ លាន​ដុល្លារអាមេរិក ថយចុះ៨ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ៣ ៥៦២ លានដុល្លារអាមេរិក បានថមថយ ៣១ ភាគរយ បើធៀបទៅនិងរយៈពេលដូចគ្នា ឆ្នាំ២០២២។ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងរយៈពេល ២ នេះ រួមមាន៖ ការនំាចេញម៉ាស៊ីន និងឧបករណ៍​អគ្គិសនី ឧបករណ៍ថតសំឡេង ទូរទស្សន៍ និងឧបករណ៍ផ្សេងៗទៀត មានទឹកប្រាក់ជាង ៤៥៧ លានដុល្លារ កើនឡើងជាង ៩៨ ភាគរយ, ធញ្ញជាតិ ជាង ៣១១ លានដុល្លារ កើនឡើង ៤២ ភាគរយ, បន្លែបរិភោគ ឫស និងមើម ជាង ១៧៥ លានដុល្លារ កើនឡើង ៣៧ ភាគរយ, ផ្លែឈើ និង​គ្រាប់ផ្លែឈើ ជាង ១០៦ លានដុល្លារ កើនឡើងជិត ៣៤ ភាគរយ, កៅស៊ូ និងផលិតធ្វើពីកៅស៊ូ ជាង ១១៤ លានដុល្លារ កើនឡើង ៦៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ។ ចំណែកការនាំចេញផលិតផល​សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ការនាំចេញ​មានទឹកប្រាក់ជាង ៦៧៦ លានដុល្លារ ថយចុះជាង ៣១ ភាគរយ, ស្បែកជើង ស្រោមជើង និង​ផលិតផល​ប្រហាក់ប្រហែល ជាង ២០០ លានដុល្លារ ថយចុះជាង ២៧ ភាគរយ ក្រៅពីការនាំចេញ​ខាងលើនេះ​ កម្ពុជាបាននាំចេញផលិតផលផ្សេងៗ​ជាច្រើនទៀត​។ចំណែកពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗ, នៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២២ នេះ​កម្ពុជា​បាន​នាំចេញទៅកាន់ប្រទេសគោលដៅសំខាន់ៗជាច្រើន ក្នុងនោះសម្រាប់ការនាំចេញទៅ​សហរដ្ឋ​អាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ១ ១២៩ លានដុល្លារ ​ថយចុះ ២០ ភាគរយ, វៀតណាម ជាង ៤៩១ លានដុល្លារ កើនឡើងជាង ៣៦ ភាគរយ, ចិន ១៩៨ ​លានដុល្លារ ​ថយចុះជាង ៥ ភាគរយ, ជប៉ុន ជាង ២០៥ លានដុល្លារ ​កើនជិត ២ ភាគរយ, ថៃ ជាង ២០៤​ លានដុល្លារ កើន ១៣ ភាគរយផងដែរ ​ក្រៅពីនេះកម្ពុជាបាននាំចេញទៅប្រទេសផ្សេងៗជាច្រើនទៀត ដែល​ជាដៃគូរពាណិជ្ជកម្មរបស់កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

ធនគារARDBបើកសាខានៅបាត់ដំបងដើម្បីជួយដល់កសិករ កាន់តែងាយស្រួលទទួលបានឥណទាន

2023/03/09 11:30:31 pm        208
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍កសិកម្ម និង ជនបទARDB បានពង្រីកសាខាថ្មីមួយនៅខេត្តបាត់ដំបង ដើម្បីផ្តល់​ភាព​ងាយ​ស្រួល​ដល់កសិករ សហគមន៍កសិកម្ម និង អ្នកប្រកបរបរពាក់ពន្ធ័ទៅនឹង​វិស័យកសិកម្មអាច​ទទួលបាន​ឥណទាន​ដែល​មានអត្រាការប្រាក់ទាប និង កាន់តែងាយស្រួលជាងមុន។ កម្មវិធីនេះរៀបចំឡើងដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាង​រោងម៉ាស៊ីន​កិនស្រូវក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ និង អ្នកប្រមូលទិញស្រូវ និងតំណាង​សហគមន៍​កសិកម្មក្នុងខេត្តបាត់ដំបង សរុបប្រមាណជាង៣០០នាក់។ឯកឧតត្តម កៅ ថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍កសិកម្មនិង ជនបទ បានមានប្រសាសន៍ថា ការបើកសាខាថ្មី នៅខេត្តបាត់ដំបង ដើម្បីផ្តល់ភាពងាយស្រួលជាងមុនចំពោះប្រជាពលរដ្ឋ អាចទទួលសេវាឥណទានពីធនាគារ មិនត្រឹមតែពលរដ្ឋនៅខេត្តបាត់ដំបងប៉ុណ្ណោះ ប៉ុន្តែពលរដ្ឋនៅខេត្តពោធិ៍សាត់ និង បន្ទាយមានជ័យ ក៏អាចមកទទួលសេវានៅសាខាបាត់ដំបងបានដែរ។ ឯកឧត្តមបន្តទៀតថា ខេត្តបាត់ដំបង ទទួលបានកម្ចីប្រមាណជិត៣០ភាគរយនៃឥណទានសរុបដែលARDB បានប្រតិបត្តិការកន្លងមក ដែលក្នុងនោះ​បានជួយទៅដល់កសិករលើការងារដាំដុះស្រូវ ឃ្លាំងម៉ាស៉ីនកិនស្រូវ ឡសម្ងួតស្រូវ ការកែច្នៃផលិតផលកសិកម្ម ផ្នែកចិញ្ចឹមសត្វ វារីវប្បកម្ម និង សហគ្រាសខ្នាតតូច និង មធ្យមដែលស្របទៅនឹងបេសសកម្មរបស់ធនាគារARDBក្នុងការជួយជ្រោមជ្រែងទៅលើវិស័យកសិកម្ម និង អភិវឌ្ឍន៍ជនបទ។ ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានមាន​ប្រសាសន៍ថា​ ក្រោមការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសទទួលបាននូវ​ភាពជោគជ័យ​ចំពោះការទប់ស្កាត់​នូវការ​ឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបច្ចុប្បន្ននេះ បាននឹងកំពុងអនុវត្តកម្មវិធីស្តារសេដ្ឋកិច្ចឡើងវិញ​តាមរយៈ​ការគិត​គូរ​ខ្ពស់​ទៅលើវិស័យ ទេសចរណ៍ សំណង់ ការវិនិយោគ និង វិស័យកសិកម្មជាដើម។ ការដាក់ចេញនូវផែនការសកម្មភាពស្តារសេដ្ឋកិច្ចឡើងវិញនេះ នឹងផ្តល់ឱកាសដល់កសិករ អាចពង្រីកការងារដាំដុះ ការកែច្នៃ ការនាំចេញផលិតផលទៅកាន់តែទីផ្សារក្រៅប្រទេស ហើយយកិច្ចការងារទាំងនេះ​អាច​សម្រេច​ទៅបាន​ដោយ​សារតែមានការចូលរួមចំណែកទុន ពីធនាគារARDBផងដែរ។ ឯកឧត្តម រំពឹងថា ធនាគារARDB នឹងបន្ត​បេសកកម្មរបស់ខ្លួនដើម្បីសម្រេចទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺការលើកស្ទួយជីវភាពរបស់ប្រជាកសិករ ដែលនឹងក្លាយជាផ្នែកមួយចូលរួមជម្រុញកំណើនសេដ្ឋកិច្ចជាតិ។ សូមបញ្ជាក់ថា ធនាគារARDB ត្រូវ បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ ជាធនាគារឯកទេស ដោយធ្វើប្រតិបត្តិការ​ចម្បងផ្តោតលើការផ្តល់ឥណទានដល់អតិថិនជន និង ឥណទានបោះដុំដល់គ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុដើម្បីផ្តល់ ឥណទានបន្តជូនប្រជាកសិករ និង សហគមន៍កសិកម្ម ។ បន្ទាប់មកនៅឆ្នាំ២០១៩ ដោយទទួលបាន សេចក្តីទុកចិត្ត ពី រាជរដ្ឋាភិបាលធនាគារ ARDB បានប្រែក្លាយពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ ដើម្បីធ្វើ ប្រតិបត្តិការសេវា ធនា គារពេញលេញជូនអតិថិជន។ ក្នុងរយៈពេល២៥ឆ្នាំ នេះធនាគារ ARDB បានចូលរួមចំណែក យ៉ាង​សកម្ម​ក្នុងការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ អភិវឌ្ឍវិស័យកសិកម្ម តាមរយៈការជំរុញឱ្យមានស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងទីផ្សារ និងការលើកទឹកចិត្តឱ្យកសិករ ផលិតកសិផលដើម្បីឆ្លើយតបតម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និងលើកកម្ពស់ការនាំចេញ។ ជាក់សែ្តង ធនាគារ ARDB បានអនុវត្ត កម្មវិធី ហិរញ្ញប្បទានពិសេសរបស់ រាជរដ្ឋាភិបាលក្នុងការផ្តល់ជាទុនបង្វិល និង ទុន វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធឃ្លំាងស្តុក ឡ សម្ងួត ស្រូវ និង ការកែច្នៃ នៅតំបន់ ខេត្តបាត់ដំបង កំពង់ធំ ព្រៃវែង និង តាកែវ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរួមចំណែកគាំទ្រដល់ ការនាំចេញ អង្ករបាន១លាន តោន ក្នុងមួយឆ្នាំ ស្រប តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលនិងរក្សា ស្ថិរភាពថ្លៃស្រូវ៕ អត្ថបទ៖ សូដាវណ្ណ

នគរបាលប្រឆាំងការជួញដូរមនុស្សឃាត់ខ្លួនបុរសម្នាក់ជាមេខ្យល់ ពាក់ព័ន្ធករណី នាំពលករជាង ១០០នាក់ ទៅធ្វើការនៅកូរ៉េ

2023/03/09 06:58:13 pm        620
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់មួយកន្លែងយីហោ «នាគទេព» រកឃើញជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) និងឃាត់ខ្លួនប្រុសមេខ្សល់ម្នាក់ រួមទាំងដកហូតលិខិតឆ្លងដែនមួយចំនួន ពាក់ព័ន្ធករណី នាំពលករមិនស្របច្បាប់ទៅធ្វើការនៅប្រទេសកូរ៉េ ។សូមជម្រាបជូនថា កាលពីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោក​ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការងារប្រឆាំការជួញដូរ​មនុស្សនិង​ការពារអនីតិជននិងការងារយេនឌ័រ និងលោកវរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បាន​សហការ​ជាមួយកម្លាំងគណៈបញ្ជាឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យរដ្ឋបាល​ផ្ទះសំណាក់ «នាគទេព» ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យដែលជាមេខ្យល់មាន ឈ្មោះ តាំ ច័ន្ទទី ហៅ សីហា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនបានកុហកបោកប្រាស់​ទៅជនរង​គ្រោះជាង ១០០ នាក់នោះថា នឹងនាំពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ ដោយក្នុងម្នាក់ៗ​ត្រូវចំណាយលុយពី ៦០០ទៅ ៨០០ដុល្លារ ដើម្បីចំណាយទៅលើការធ្វើលិខិតឆ្លងដែនរួចឲ្យមក បាន​សម្រាកនៅទីតាំងផ្ទះសំណាក់នេះត្រៀមចេញទៅប្រទេសកូរ៉េ។តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ពួកគាត់ពិតជាបានបានខាតបង់ប្រាក់​ដែលបានឲ្យ​ទៅជនសង្ស័យជាមេខ្យល់ ក្នុងម្នាក់ៗ ចន្លោះពី ៦០០ដុល្លារ ទៅ ៨០០ដុល្លារ ពិតប្រាកដមែន។បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កំពុង​កសាងសំណុំ បញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) អនុញ្ញាត​ឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ៕ អត្ថបទ៖ កុម្ភៈ

ពន្ធដារ អំពាវដល់ម្ចាស់សហគ្រាស អនុវត្តកាតព្វកិច្ចបង់ពន្ធឱ្យបានត្រឹមត្រូវ

2023/03/07 08:59:01 pm        198
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អំពាវដល់ម្ចាស់សហគ្រាសទាំងអស់ បន្តការកែទម្រង់ និងការគ្រប់គ្រងអាជីវកម្មឲ្យបានល្អប្រសើរ ​ដើម្បីការរីកចម្រើននៅក្នុងអាជីវកម្មរបស់ខ្លួន និងចូលរួម​បង់ពន្ធឲ្យបានទាន់ពេលវេលា ដែលជាផ្នែកមួយនៃការចូលរួមចំណែកលើកកម្ពស់ដល់​ការអភិវឌ្ឍនៅកម្ពុជា។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក ​នៃអគ្គនាយកដ្ឋានពន្ធដារ​ លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី "កាតព្វកិច្ចពន្ធ​លើ​ប្រាក់ចំណូល ​ការបំពេញទម្រង់លិខិតប្រកាសពន្ធ​លើ​ប្រាក់​ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេត​បទល្មើស​ពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់ " នៅថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៣ នេះថា​តាម​រយៈនៃការ​ពង្រឹង​អភិបាលកិច្ចល្អ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំការគ្រប់គ្រង​តាមប្រព័ន្ធ​អេឡិចត្រូនិចឌីជីថល ដែល ធ្វើយ៉ាងណាម្ចាស់អាជីវកម្មងាយបង់ពន្ធ និងមានភាពងាយស្រួល​ក្នុងការបង់ពន្ធ ។តាមប្រសាសន៍ណែនាំ និងការខិតខំប្រឹងប្រែង ពិតជាបានផ្តល់ភាពងាយស្រួល គឺការបង់ពន្ធ​តាម​អេឡិចត្រូនិច បច្ចុប្បន្នម្ចាស់សហគ្រាសបានបង់ពន្ធតាមប្រព័ន្ធនេះជាង​ ៩០ ភាគរយ នៃសហគ្រាសសរុប ​លើកលែងតែសហគ្រាសតូចៗ​ ដែលនៅបង់ពន្ធតាមលិខិតប្រកាស។ តែសម្រាប់បញ្ហានេះ​ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្កើតនូវ App ដែលម្ចាស់អាជីវកម្មខ្នាតតូច អាចវាយ​ទិន្នន័យបញ្ជូន ​និងបញ្ជូនមកពន្ធដារជាការស្រាច់។ឯកឧត្តម គង់ វិបុល បន្តថា​ ចំពោះពន្ធលើប្រាក់ចំណូលនេះ នៅឆ្នាំ ២០២២ កន្លងមក​ អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ​បានប្រមូលចំណូលពន្ធនេះបានកើនឡើងយ៉ាងល្អប្រសើរ ហើយតាម​រយៈនៃការ​កើន​ឡើងពន្ធប្រាក់ចំណូលនេះ គឺត្រូវតែ​ឆ្លុះបញ្ចាំង​នៅឆ្នាំ ២០២៣ ដែលកិច្ចការនេះ ទាំងរដ្ឋ ​និងឯកជន ត្រូវរួមគ្នាបន្តការកែទម្រង់​ និងការគ្រប់គ្រងអាជីវកម្មឲ្យបានល្អប្រសើរ ដើម្បីការរីកចម្រើន​នៅក្នុង​អាជីវកម្មរបស់​ខ្លួន ​ដើម្បីចូលរួមចំណែក​លើក​កម្ពស់​ដល់​ការអភិវឌ្ឍ​នៅកម្ពុជា។សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ ២០២២​ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់​ប្រភេទ ​បានចំនួនជាង ៣ ៤៥៥ លានដុល្លារអាមេរិក ​គឺប្រមូលលើសផែនការបានជាង ៦០០ លានដុល្លារ ​ត្រូវប្រមាណជាង ២២ ភាគរយ បើធៀបទៅនិងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាអាចទទួលបានការវិនិយោគកាន់តែច្រើន បន្ទាប់ពីត្រូវបានដកចេញពីបញ្ជីប្រផេះ

2023/03/07 08:50:20 pm        277
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា ការដកកម្ពុជា​ចេញពីបញ្ជី​ប្រផេះនៃប្រទេសដែលមានការសម្អាត​ប្រាក់កខ្វក់ គឺជាសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា​ក្នុងការ​ទាក់ទាញវិនិយោគ ជាពិសេសការបង្កើននូវនិរន្តរភាពនៃថវិកាជាតិសម្រាប់ការអភវិឌ្ឍ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងបែបនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី "កាតព្វកិច្ចពន្ធលើប្រាក់ចំណូល ​ការបំពេញទម្រង់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើសពន្ធដារ ​និងការប្រឆាំងការសម្អាតប្រាក់ "នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣។ឯកឧត្តមបន្តថា អគ្គនាយកដ្ឋានពន្ធដារ មាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ ជា​សេនាធិការក្នុងការបំពេញមុខងារស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ​និងហិរញ្ញប្បទានភេរវកម្ម ដែលបាន​នឹងបន្តចូលរួមយ៉ាងសកម្មជាមួយអន្តរក្រសួង ​ស្ថាប័នដទៃទៀតរបស់រាជរដ្ឋាភិបាល ដែល​មានដូចជា ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ​ក្រសួងយុត្តិធម៌ អង្គភាពស៊ើបការណ៍​ហិរញ្ញវត្ថុកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ​លើការចោទប្រកាន់អ្នកប្រព្រឹត្តបទល្មើស លើករណីសង្ស័យនៃការលាងប្រាក់។ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្តថា​ លទ្ធផលដែល FATF សម្រេចដកកម្ពុជាចេញ​ពី​បញ្ជីប្រផេះ នេះជាខិតខំប្រឹងរបស់អង្គភាពរាជរដ្ឋាភិបាលទាំងអស់គ្នា ដែលការដកកម្ពុជាចេញ​ពី​បញ្ជីប្រផេះ គឺជាសញ្ញាវិជ្ជមានដ៏ល្អរបស់កម្ពុជា​ និងជាផ្នែកមួយយ៉ាងសំខាន់ ជាពិសេសការ​បង្កើន​ទំនុកចិត្ត និងទាក់ទាញដល់អ្នកវិនិយោគ ។សូមបញ្ជាក់ថា ដើម្បីចៀសផុតពីបញ្ជីប្រផេះ កម្ពុជា ត្រូវប្រឹងប្រែងស្រាវជ្រាវរកឲ្យឃើញពី​ប្រភព​ធនធាន​​កខ្វក់របស់ឧក្រិដ្ឋជន ហើយឈានទៅដល់ការរឹបអូស ឬការបង្កកធនធានកខ្វក់ទាំងនោះ។ជុំវិញការបង់ពន្ធនេះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​បានឲ្យដឹងថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ អនុលោមភាពសារពើពន្ធមានការកើនឡើងគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែនៅតែមានសហគ្រាសធំៗមួយចំនួន ​នៅតែប្រកាសខាតច្រើនឆ្នាំ ​ព្យាយាម​បន្ត​គេចវេះ​ពន្ធ ហើយ​ទន្ទឹមនឹងគ្នានេះក៏មានរូបភាព​នៃការគេចវេះពន្ធ និងបទល្មើសពន្ធដារបានកើតឡើង​ក្នុង​ទម្រង់ថ្មីៗ ក៏ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារបន្តស្រាវជ្រាវ​ និងចាត់វិធានការដើម្បីទប់ស្កាត់៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តវិស័យដឹកជញ្ជូន និងការវិនិយោគ

2023/03/06 08:44:43 pm        457
ភ្នំពេញ៖ រាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ចាប់ផ្តើមពិភាក្សាជំនួយបច្ចេកទេស លើការរៀបចំ​ផែនការ​​យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យដឹក ជញ្ជូនសាធារណៈ ដើម្បីប្រសិទ្ធភាពនៃមធ្យោបាយ​ដឹកជញ្ជូន និងផែនការ តភ្ជាប់នៃគម្រោងវិនិយោគលើមធ្យោបាយដឹកជញ្ជូនផ្សេងៗ។លោក Daisuke Mizusawa មន្រ្តីជំនាញការជាន់ខ្ពស់ផ្នែកដឹកជញ្ជូន នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើកឡើងក្នុងជំនួប នៅថ្ងៃទី៦ ខែកុម្ភៈ ជាមួយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអម​នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា គោលបំណងនៃការ​សិក្សាលើការរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈនៅ​ក្នុងទីក្រុង គឺដើម្បីដោះស្រាយបញ្ហាការកក ស្ទះចរាចរណ៍ និងប្រសិទ្ធភាពនៃមធ្យោបាយដឹក​ជញ្ជូននៅរាជធានីភ្នំពេញ ​ដោយការសិក្សានេះធ្វើឡើងក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន ជំនួយ បច្ចេកទេសរបស់ជប៉ុន គ្រប់គ្រងដោយ ADB និងកម្មវិធីភាពជាដៃគូ MobiliseYourCity របស់ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ។លោក Daisuke Mizusawa លោកបន្តថា​ តាមការសិក្សាបានបង្ហាញនូវលទ្ធភាពនៃជម្រើសមួយចំនួន សម្រាប់​ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ​និងតម្រូវការវិនិយោគលើគម្រោង​ប្រព័ន្ធដឹកជញ្ជូន​សាធារណៈតាមរថយន្តក្រុងផងដែរ។ បញ្ហានេះក្រុមបេសកម្ម របស់ ADB ក៏បានស្នើសុំមតិណែនាំ​ជាយុទ្ធសាស្រ្ត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ដើម្បីជំរុញការសិក្សា ​អាចឆ្លើយតបចំគោលដៅ និងដោះស្រាយបានចំៗ។ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត បានស្វាគមន៍ចំពោះជំនួយបច្ចេកទេស​ដ៏មានសារៈសំខាន់នេះ នៅក្នុង​បរិការណ៍ដែល ប្រទេសកម្ពុជា​កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយកំណើនខាងផ្នែក​នគរូបនីយកម្ម ក៏មានល្បឿនលឿន ពិសេសក្នុងរាជធានីភ្នំ ពេញ និងទីក្រុងនៅតាមបណ្តាខេត្ត​មួយចំនួន ខណៈដែលបញ្ហាការកកស្ទះចរាចរណ៍​ និងប្រសិទ្ធភាពនៃមធ្យោបាយដឹកជញ្ជូន បាន កំពុងក្លាយជាបញ្ហាប្រឈមពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ លើកឡើងបន្តថា ចំពោះការរៀបចំយុទ្ធសាស្រ្តនេះ ត្រូវតែផ្អែកលើផែនការ​នគរូបនីយកម្ម, ផែនការ មេអភិវឌ្ឍន៍ទីក្រុង, ផែនការមេនៃការអភិវឌ្ឍន៍ហេដ្ឋារចសម្ព័ន្ធ តភ្ជាប់ទីក្រុងទៅប៉ូលសេដ្ឋកិច្ច និងផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ក្នុងទីក្រុង ព្រមទាំងផែនការអភិវឌ្ឍន៍ផ្សេងៗទៀតក្នុងទីក្រុង។ ក្រៅពីនេះការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈ នៅទីក្រុង ក៏ត្រូវគិតគូរថែមទៀត ទៅដល់​មធ្យោបាយដឹកជញ្ជូនផ្សេងៗដូចជា៖ រថភ្លើងលើអាកាស, រថភ្លើងក្រោមដី និងរថភ្លើង ធម្មតាជាដើម។ ដោយឡែកចំពោះការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ក៏ត្រូវមានការគិតគូរ​ដល់​របៀងដឹកជញ្ជូន និងតម្រាយផ្លូវ និងកក្តាការចូលរួមគាំទ្រក្នុងការប្រើប្រាស់របស់ប្រជាជន។ ក្រៅពីនេះគឺត្រូវសិក្សាបន្ថែមថា ​តើរថយន្តក្រុង ទាំងនោះ ជាប្រភេទរថយន្តដែលប្រើប្រាស់​ថាមពលប្រេង ឬក៏អគ្គិសនី ​ដើម្បីគ្មានការបំភាយឧស្ម័នការបូនិចប៉ះពាល់ដល់បរិស្ថាន៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចតេជោជំរុញបង្កើនការដាំដុះ ដើម្បីធានាសន្តិសុខស្បៀងក្នុងស្រុក និងនាំចេញ

2023/03/06 08:29:00 pm        465
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញការបង្កបង្កើនផល ដើម្បីធានា​បានសន្តិសុខស្បៀងក្នុងស្រុក និងអាចមានលទ្ធភាពនាំចេញទៅក្រៅប្រទេស​កាន់តែច្រើន​ ដោយការដាំដុះលើដំណាំសក្តានុពល រួមមានស្រូវ ដំឡូងមី និងបន្លែជាដើម ត្រូវគិតគូដល់​សុខភាពរបស់អ្នកប្រើប្រាស់​ តាមរយៈការប្រើប្រាស់ជីក្នុងកម្រិតសមស្រប ឬជី​ធម្មជាតិ។ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ ​និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី​សរុបជិត​២ពាន់នាក់ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថា កម្ពុជា នៅសល់​ស្រូវ​ប្រមាណ៦តោន ឬស្មើនឹងអង្ករ ៤លានតោន ក្នុងមួយឆ្នាំ សម្រាប់នាំចេញ ដោយមិនទាន់គិត​ពីស្បៀងដទៃទៀត ​ដូចជាដំឡូងមី ឬពោតជាដើម។សម្តេចតេជោ បានវាយតម្លៃខ្ពស់ ​ដល់ការបង្កបង្កើនផលរបស់កសិករ ​ដែលបានជួយ ឱ្យកម្ពុជា មាន​ស្បៀងគ្រប់គ្រងដូចសព្វថ្ងៃ ​ងើបចេញពីប្រទេស​ដែលធ្លាប់ខ្វះស្បៀង គាំទ្រ​ដោយប្រព័ន្ធ​ស្រោចស្រព​​មានកាន់តែច្រើន​ អនុញ្ញាត​ឱ្យកសិករ បង្កបង្កើនផលលើសពីមួយដងក្នុងមួយរដូវ។សម្តេចតេជោ មានប្រសាសន៍ថា៖ “ឥឡូវនេះ កំពុងតែគិតអំពីសុវត្ថិភាពនៃអ្នកប្រើប្រាស់ គ្រប់ផ្នែក​ទាំងអស់​ត្រូវគិតលើសុវត្ថិភាពនៃអ្នកប្រប្រាស់ដែលជាចំណុចត្រូវយកចិត្តទុកដាក់ ជាមួយនឹងការ​ផលិតដោយមិនប្រើជីគីមីហួសជ្រុល​ ប៉ុន្តែលើកទឹកចិត្តឱ្យផលិតដោយជីសរីរាង្គ ដែលវាធានា​ដល់សុខភាពប្រជាជនយើង។ យើងកំពុងគិតដល់ធានាសន្តិសុខស្បៀងផង​ និងធានាដល់សុត្ថិភាព និង​សុខភាពនៃអ្នកប្រើប្រាស់ផងដែរ”។ សូមបញ្ជាក់ថា កម្ពុជា បាននាំចេញ​​កសិផលចំនួន ៧,៦២ ​លានតោនក្នុងរយៈពេល ១០ ខែទៅ​ទីផ្សារ​ក្រៅប្រទេស​។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផលិតផលសំខាន់ៗ​ដែលកម្ពុជានាំចេញ​រួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច ជាដើម៕ អត្ថបទ៖ វណ្ណៈ

សហគ្រាសផ្នែកវេចខ្ចប់ និងកែច្នៃក្នុងស្រុក កំពុងងើបឡើងល្អប្រសើរជាងឆ្នាំមុន

2023/03/03 06:18:39 pm        363
ភ្នំពេញ៖ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា នៅក្នុងឆ្នាំ ២០២៣ នេះ សកម្មភាពរបស់សហគ្រាសវេចខ្ចប់ និងកែច្នៃនៅកម្ពុជា កំពុងងើបឡើងកាន់តែល្អប្រសើរ នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ជាពិសេសការផ្គត់ផ្គង់ទំនិញនៅលើទីផ្សារ និងមានកំណើនកាន់តែល្អប្រសើរថែមទៀត។លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងនៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៣ នេះថា ​ជុំវិញការប្រើប្រាស់ប្រចាំថ្ងៃ ប្រជាពលរដ្ឋ ត្រូវការទំនិញដែលមានអនាម័យ និងមាន​គុណភាព ដើម្បីសុខុមាលភាពសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ។ ស្របពេលបរិបទកំពុងរីកចម្រើននេះដែរ សហគ្រាសវេចខ្ចប់ និងកែច្នៃនៅកម្ពុជា កំពុងបង្កើននូវ​ការផលិត និងវេចខ្ចប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។លោកជំទាវ បន្តថា ក្នុងឆ្នាំ ២០២២ បន្ទាប់ពីកម្ពុជាបើកប្រទេសឡើងវិញ សកម្មភាពនៅក្នុងខ្សែ​ច្រវ៉ាក់ផលិត និងការលក់ដូរនៅតាមទីផ្សារ មានកំណើនគួរឲ្យកត់សម្គាល់ ។ ចំណែកនៅក្នុងឆ្នាំ ២០២៣ នេះវិញ លោកជំទាវ មានការរំពឹងថា សហគ្រាសវេចខ្ចប់ និងកែច្នៃនៅកម្ពុជា និងមានសកម្មភាពកាន់តែមមាញឹកជាងមុន។ជុំវិញវិស័យសហគ្រាសធុនតូច និងមធ្យមនេះ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​បានបង្ហាញឲ្យដឹងថា​ គិតត្រឹមបំណាច់ឆ្នាំ ២០២២ មូលដ្ឋានសហគ្រាស និងសិប្បកម្ម ដែលបានចុះបញ្ជីនៅក្រសួង ​បានបង្កើតថ្មីមានចំនួន ១ ២២៩ មូលដ្ឋាន និងបង្កើតការងារថ្មី​បានចំនួនជាង ២ ម៉ឺនកន្លែង និងមានករណីបិតទ្វារ មានចំនួន ៤៩០ ក្នុងនោះបើគិតសរុប កម្ពុជា​មាន​ចំនួនសហគ្រាសជាង ៤៣ ពាន់មូលដ្ឋាន និងមានពលកម្មសរុប ជាង ៤៥ ម៉ឺនកន្លែង ។ ទាក់ទងវិស័យយសហគ្រាសធុនតូច​ និងមធ្យមនេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុនប្រើប្រាស់ស្លាកសញ្ញាមានគុណភាពលើផលិតផល មានចំនួន ១៤០ មុខផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM