កសិករគាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេន ខណៈ​ទិន្នផល​ទុរេន​មាន​ការ​កើនឡើង
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារ កើនជាង ៤ %
ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច និង កសិកម្ម

ទេសចរចាប់ផ្ដើមទៅលេងខេត្តមណ្ឌលគិរីបណ្ដើរៗហើយ មន្ត្រីទេសចរណ៍ណែនាំអ្នកផ្ដល់សេវាទេសចរណ៍កុំដំឡើងថ្លៃ

2022/09/14 04:58:06 pm        578
មណ្ឌលគិរី៖ រដូវកាលបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌបានចូលមកដល់​ សម្រាប់ខេត្តមណ្ឌលគិរី ចាប់ផ្ដើមមាន​អ្នកទេសចរ​មួយចំនួនចូល ​ទៅលេងកម្សាន្តហើយ ខណៈដែលខេត្តភាគឦសាន​មួយនេះ ក៏បានរៀបរយត្រៀមទទួលភ្ញៀវជានិច្ចផងដែរ ​ជាមួយការ ​ណែនាំរបស់មន្ត្រីទេសចរណ៍ កុំឱ្យមានការដំឡើងថ្លៃសេវាកម្ម។កត់សម្គាល់ឃើញថា នៅថ្ងៃទី១៣ ខែកញ្ញា នេះ ​គោលដៅទេសចរមួយចំនួន ក្នុងក្រុងសែនមនោរម្យ មានអ្នកទេសចរតិចតួចទៅលេងកម្សាន្ត ដូចជា​ រមណីយដ្ឋានភ្នំដោះក្រមុំ ​និងសមុទ្រឈើ ​ជាដើម។ ហើយទោះបីជាភ្ញៀវមានចំនួនតិចតួចក៏ពិតមែន​ ប៉ុន្តែល្អប្រសើរជាងអំឡុងពេលភ្ជុំបិណ្ឌឆ្នាំមុន ដែលកូវីដ-១៩ កំពុងរាតត្បាតខ្លាំង ​ពុំមានអ្នកទេសចរ ទៅលេងមកម្សាន្តតែម្ដង ។ភ្ញៀវទេសចរ ដែលទៅលេងខេត្តមណ្ឌលគិរី៥ដងហើយនោះ ​បាននិយាយថា ​ខេត្តមណ្ឌលគិរី មាន​បរិយាកាសល្អ គួរជាទីកម្សាន្តមិនធុញទ្រាន់នោះទេ ហើយអ្វីដែលប្លែកនោះ​គឺ​ខេត្តមណ្ឌលគិរី​បច្ចុប្បន្ន សង្កេតឃើញ មានResortស្អាតៗ​ ដែលសង់លើកំពូលភ្នំ មើលទៅពិតជាមាន​ភាពទាក់ទាញ ។លោកស្រី ម៉ី សារឹម ប្រធានស្ដីទី មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា អំឡុង​ពេល​ភ្ជុំបិណ្ឌ កាន់បិណ្ឌ នេះ ភ្ញៀវទេសចរ ​មិនទាន់ច្រើនទេ​ ប្រហែលក្រោម​១ពាន់នាក់ បើគិតត្រឹម​សប្ដាហ៍ទី១ នៃខែកញ្ញានេះ ​ប៉ុន្តែបើធៀបនឹង ឆ្នាំ២០២១​ មានការកើនឡើងខ្លះ ព្រោះពេលនោះ​ស្ថិតក្នុងវិបត្តិកូវីដ-១៩។ លោកស្រី បានឱ្យដឹងថា សម្រាប់គោលដៅទេសចរណ៍ថ្មីៗ មិនទាន់មាននោះទេ ​ដោយភាគច្រើន តែ Resortថ្មីៗ មួយចំនួន ​កំពុងសាងសង់។លោកស្រី បានបញ្ជាក់ថា មន្ត្រីជំនាញ បានជូនដំណឹងទៅគ្រប់បណ្ដាផ្ទះសំណាក់ ​សណ្ឋាគារ អំពី​សារាចររបស់ ក្រសួងទេសចរណ៍​ ស្ដីពីសណ្ដាប់ ​សុវត្ថិភាពសុខាភិបាល និងជូនដំណឹង​មិន​ឲ្យម្ចាស់អជីវកម្មស្នាក់នៅទាំងនោះ ​លួចដំឡើងថ្លៃបន្ទប់នោះទេ ។ខេត្តមណ្ឌលគិរី នារដូវកាលនេះ ​គឺមានភាពស្រស់បំព្រង​ ដោយសារសម្រស់វាលស្មៅពណ៌បៃតង លាតសន្ធឹងតាម ​កំពូលភ្នំ ​ជាទិដ្ឋភាពដែលអ្នកទេសចរគ្រប់គ្នាចង់ទស្សនា ៕ អត្ថបទ៖ អ៊ិត ភីរុណ

រដ្ឋមន្រ្តីពាណិជ្ជកម្ម ចូលរួមផ្តល់សន្ទរកថា ក្នុងកិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ាន

2022/09/14 01:42:05 pm        572
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​កាលពីរសៀលថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប បានចូលរួមថ្លែងសន្ទរកថាបើក ក្នុងកិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ានរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Regional Action Group for ASEAN) ​ក្រោមប្រធានបទ "ផ្លូវរបស់អាស៊ាន​ឆ្ពោះ​ទៅសេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ ​បរិយាបន្ន​ និងនិរន្តរភាព" ដែលរៀបចំឡើង​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF)។ប្រភពពីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៤ ​ខែកញ្ញានេះ បានឲ្យដឹងថា គោលបំណង​នៃ​កិច្ច​ប្រជុំ​នេះ ​គឺនាំយកអ្នកវិនិយោគ​ និង​ប្រធានក្រុមហ៊ុនមួយចំនួនមកប្រទេសកម្ពុជា ​ដើម្បី​ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ រវាងរដ្ឋនិងឯកជន ​ក្នុងការជំរុញសេដ្ឋកិច្ច ​និងពាណិជ្ជកម្មប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្ដរភាព ក្នុងតំបន់អាស៊ាន។ឯកឧត្តមរដ្ឋមន្រ្តី ​បាន​គូសបញ្ជាក់​អំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុងការទាញយកកាលានុវត្តភាព ​និងផលប្រយោជន៍នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និង​សេដ្ឋកិច្ចឌីជីថល ​ដែលសកម្មភាពរបស់រដ្ឋាភិបាល រួមមាន​ដូចជា ការបង្កើត​គណៈកម្មាធិការ​រដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ការអនុវត្តគោល​នយោបាយ​រដ្ឋាភិបាលឌីជីថលកម្ពុជា ​២០២២-២០៣៥, ​ការបង្កើតបញ្ជរតែមួយជាតិ និងចូលរួម ASEAN Single Windows, និងការអនុវត្តក្របខណ្ឌគោលនយោបាយក្របខណ្ឌគោល​នយោបាយសេដ្ឋកិច្ច​និង​សង្គមឌីជីថល​កម្ពុជា ២០២១-២០៣៥។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានលើកឡើងថា​ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបាន​បង្កើត​នូវគំនិត​ផ្ដួចផ្ដើម​មួយចំនួន​ ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន ​ដូចជា ការ​សិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យាសម្រាប់គម្រោង​ពាក់ព័ន្ធនឹង SDGs ក្នុងការដោះស្រាយ​បញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាព​ និងក្របខណ្ឌសម្រាប់ជំរុញកំណើននៃ​ Ecosystems សម្រាប់​អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន។ ឯកឧត្តមរដ្ឋមន្រ្តី ​បានចាត់ទុកកិច្ចប្រជុំថ្ងៃនេះ ដែលផ្តោតលើផ្លូវរបស់អាស៊ានឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ឌីជីថល​ប្រកប​ដោយថាមវន្ដ ​បរិយាបន្ន និងនិរន្ដរភាព គឺជាវេទិកាយ៉ាងសំខាន់​ក្នុងការ​ចូលរួម​ចំណែក​ផ្ដល់​នូវទស្សនទានល្អៗ​ពាក់ព័ន្ធ​នឹងកិច្ចសហប្រតិបត្តិការវិស័យរដ្ឋ-ឯកជន ក្នុងតំបន់​អាស៊ាន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ការចរចាប្រាក់ឈ្នួលកម្មករកាត់ដេរ នៅមិនទាន់រកចំណុចរួមនៃប្រាក់ខែនៅឡើយ

2022/09/14 12:06:28 pm        528
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបញ្ចប់កិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករ ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់​ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ដោយមិនទាន់ឯកភាពគ្នា​ លើការកំណត់ប្រាក់ខែ​អប្បបរមា​នៅឡើយ ដោយតម្រូវប្រជុំនៅសប្តាហ៍ក្រោយទៀត។កិច្ចប្រជុំត្រីភាគីនេះ ទទួលបានគោលជំហរប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៣ ដោយ​តំណាង​ភាគីកម្មករនិយោជិត​ បានលើកនូវតួលេខចំនួន ៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាម៉េរិក មាន សំឡេងគាំទ្រចំនួន ៨សំឡេង តួលេខ ២១០ដុល្លារអាម៉េរិក មានសំឡេងគាំទ្រចំនួន ៣សំឡេង និង តួលេខ ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រចំនួន ៦សំឡេង។ដោយឡែក តំណាងភាគីនិយោជក បានឯកភាពយកតួលេខ ១៩៧ដុល្លារអាម៉េរិក គឺជាសំឡេង​ឯកច្ឆន្ទ​ភាព​ផ្ទៃក្នុងរបស់ខ្លួន​ តំណាងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និង​វិទ្យាសាស្ត្រ បានកំណត់តួលេខចំនួន ១៩៨ដុល្លារអាម៉េរិក។ឯកឧត្តម ហេង សួរ សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងជារដ្ឋលេខាធិការ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ការចចារលើកទី៤ ​រវាងភាគីសហជីព និង​និយោជក ​មិនទាន់ឯកភាពគ្នានៅឡើយទៅលើការកំណត់តួលេខ។លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានបញ្ជាក់ពីការ​ខ្វែងគំនិត​គ្នា​រវាង​ក្រុមសហជីព ​ប៉ុន្តែគោលបំណងចម្បងសំខាន់របស់ភាគីសហជីព​ គឺមានតែមួយដូចគ្នាប៉ុណ្ណោះ គឺដើម្បីប្រយោជន៍កម្មករនិយោជិត។ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ​នឹងបន្តកិច្ចប្រជុំសម្រេចចុងក្រោយ ដើម្បីកំណត់ប្រាក់​ឈ្នួល​អប្បបរមា ផ្នែកវាយនភណ្ឌ ​កាត់ដេរ ផលិតស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ​នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២​ សប្តាហ៍ក្រោយនេះ​ នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ។គិតត្រឹមឆ្នាំ២០២២នេះ ​ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ​មានចំនួន ​១៩៤ដុល្លារ ​ក្នុង១ខែ ដោយ​មិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕អត្ថបទ ឈិត បូរ៉ាវី 

វេទិការដ្ឋ-ឯកជនដោះស្រាយក្តីកង្វល់ ដើម្បីលើកកម្ពស់ការវិនិយោគ និងប្រកួតប្រជែង

2022/09/14 11:45:25 am        467
ភ្នំពេញ៖ វេទិការាជរដ្ឋាភិបាល និងឯកជន បានពិភាក្សាក្តីកង្វល់ និងសំណូមពរនានា នូវរាល់​បញ្ហា​ប្រឈម នៅក្នុងវិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងយុត្តិធម៌ ក្នុងគោលដៅ​លើកកម្ពស់បរិយាកាសវិនិយោគ ​និងធុរកិច្ចប្រកបដោយប្រកួតប្រជែងស្មើភាពគ្នា និងមានតម្លាភាព ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន) នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ បានបើកកិច្ចប្រជុំ “ក្រុម ឃ” ក្នុង​គោលបំណងពិនិត្យ ​និងបន្តដោះស្រាយរាល់បញ្ហាក្តីកង្វល់ និងសំណូមពរនៅក្នុងវិស័យឯកជន ក្នុងគោលដៅជំរុញសកម្មភាពវិនិយោគ ​និងធុរកិច្ច ក្នុងបរិការណ៍ប្រទេសកម្ពុជាបើកសង្គម-សេដ្ឋកិច្ច​ឡើងវិញ ក្រោយពីមានភាពរអាក់រអួលអស់រយៈពេល ២ ឆ្នាំ ដោយសារការរីករាលដាល​នៃជំងឺកូវីដ-១៩ ជាពិសេសបន្ទាប់ពីកម្ពុជាបានបង្កើតភាពសុំាសហគមន៍​ពេញលេញ ក្នុងការរស់នៅ​តាមគន្លង​ប្រក្រតីភាពថ្មី ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានប្រកាសជាចំហរ ពិភាក្សា​ដើម្បី​ជម្រុញរក​ដំណោះ​ស្រាយ​យ៉ាង​ផុលផុស នូវរាល់បញ្ហាប្រឈម ​និងសំណូមពររបស់វិស័យឯកជន ដើម្បីស្វែងរក​ដំណោះ​ស្រាយសមស្រប ​និងយុត្តិធម៌ ​ព្រមទាំងលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចប្រកប​ដោយប្រកួតប្រជែងស្មើភាពគ្នា ​និងមានតម្លាភាព ​ការរក្សាបាននូវការអនុវត្តច្បាប់ និងបទប្បញ្ញាត្តិ​ដែលមានជាធរមាន ។ កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន៖​ ពន្ធលើស្លាកសញ្ញា និងពន្ធលើផ្ទាំង​ពាណិជ្ជកម្ម, ពាណិជ្ជកម្មខុសច្បាប់ (ដែលសំដៅលើបារីខុសច្បាប់ និងក្លែងក្លាយ), ពន្ធលើការផ្ទេរ​ភាគហ៊ុន, សិទ្ធិផ្តាច់មុខ​ និងការនាំចូលយានជំនិះម៉ូដែល​ចុង​ក្រោយបំផុត ខណៈអ្នកផ្សេងទៀត​កំពុងកាន់សិទ្ធិផ្តាច់មុខ និងអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក ​និងសេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ ​នៅក្នុងវិស័យហិរញ្ញវត្ថុ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញទំទិញមានទំហំទឹកប្រាក់ជាង ១៥ ពាន់លានដុល្លារអាមេរិក

2022/09/14 11:19:44 am        459
ភ្នំពេញ៖ គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មនាំចេញទំទិញរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណជាង ១៥ ៦៥១ លានដុល្លារ កើនឡើងជាង ២៦% ខណៈការនាំចូលមានទំហំជាង ២១ ៧៦៤ លានដុល្លារ កើនឡើងជាង ១៨% បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២១។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញទូរលេខការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះបើ​គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២ ការចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់​ប្រមាណ ១៥ ៦៥១ លានដុល្លារអាមេរិក កើនឡើងជាង ២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។ ចំណែកទីផ្សារកម្ពុជានាំចេញ ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់​ប្រមាណ​ជាង ៦ ៤២១ លានដុល្លារ កើនឡើង ៣៧%, វៀតណាម ជាង ១ ៤៦៩ លានដុល្លារ កើនឡើង ជិត ៤%, ជប៉ុន ជាង ៧៨៩ លានដុល្លារ កើនជាង ១០%, អាល្លឺម៉ង់ ជាង ៧៤៧ លានដុល្លារ កើនឡើងជាង ២៩%, អង់គ្លេស ជាង ៦២៧ កើនឡើងជាង ៤២% បើធៀបទៅនឹងឆ្នាំ ២០២១ ក្រៅពីនេះកម្ពុជា​ក៏បាននាំចេញទៅកាន់ប្រទេសជាច្រើនទៀត ​ដោយបន្តកំណើនល្អប្រសើរផងដែរ។ដោយឡែកចំពោះការនាំចូលវិញ, នៅក្នុងរយៈពេល ៨ ខែនេះដែរ កម្ពុជាបាននាំចូលគិតជាទឹក​ប្រាក់មាន​ទំហំប្រមាណជាង ២១ ៧៦៤ ​លានដុល្លារអាមេរិក​ កើនឡើងជាង ១៨% បើធៀប​រយៈពេលដូចគ្នានឹងឆ្នាំ ២០២១។ ចំណែកទីផ្សារដែលនាំចូលសំខាន់ៗ៖ ការនាំចូលពីប្រទេសចិន មានទំហំទឹកប្រាក់ជាង ៧ ១៩៣ លានដុល្លារ កើនឡើងជាង ២០%, ថៃ ជាង ២ ៦១៣ លានដុល្លារ, កើនឡើងជាង ២៨%, វៀតណាម ជាង ២ ៧៧៤ លានដុល្លារ ​កើនជិត ៣៦%, ស្វីស ជាង ១ ៣៣៩ កើនឡើងជិត ២០០% បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១, ក្រៅពីនេះក៏មានប្រទេសជាច្រើន​ទៀត ​បាននាំចូលផលិតផលរបស់ខ្លួនចូលទីផ្សារកម្ពុជាផងដែរ។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិ, ​នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគីរវាងកម្ពុជា-អាមេរិក ​មានកំណើនគួរឲ្យកត់សម្គាល់​ ក្នុងនោះកម្ពុជាភាគច្រើន​បាននាំចេញមុខទំនិញទៅកាន់​សហរដ្ឋអាមេរិកដូចជា៖ ផលិតផល​វាយនភណ្ឌកាត់ដេរ​សំលៀកបំពាក់, ស្បែកជើង​ កាបូបសម្រាប់ធ្វើដំណើរ, គ្រឿងបង្គុំបន្ទះសឡា និងផលិតផល​កសិកម្មជាដើម ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានដូចជា៖ គ្រឿងចក្រ, រថយន្ត, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ព្រលានអន្ដរជាតិថ្មីនៅខេត្ដសៀមរាប សាងសង់សម្រេចបានជាង ៤២​ភាគរយ

2022/09/13 05:34:41 pm        817
សៀមរាប៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ សម្រេចការសាងសង់បានចំនួន ៤២ភាគរយ គិតត្រឹមខែកញ្ញានេះ។ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅពីថ្ងៃទី១២ខែកញ្ញា បានដឹកនាំក្រុមការងារធ្វើទស្សនកិច្ចព្រលានយន្ដហោះអន្ដរជាតិថ្មី នៅខេត្ដសៀមរាប ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់។ឯកឧត្ដម ជា អូន រដ្ឋលេខាធិការរដ្ឋានប្រចាំការអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ការចុះ​ត្រួតពិនិត្យនេះរួមមាន ឃ្លាំងសាំងយន្ដហោះ ផ្លូវរត់យន្ដហោះ កន្លែងបំពាក់ឧបករណ៍​នាំ​ផ្លូវយន្ដហោះចុះចត ​កន្លែងបំពាក់​ឧបករណ៍នាំផ្លូវហោះពីចំងាយ ពិនិត្យមើលកុងត្រូល Tower ដែលមានកំពស់ ១៧៦ម៉ែត្រស្មើរ១៣ជាន់​ដើម្បី​ត្រូវ​បំពាក់​ឧបរណ៍​ឱ្យត្រូវស្ដង់ដារ​អាកាសចរណ៍​កម្ពុជាផង ​និងអន្ដរជាតិផង ព្រម​ទាំង​ពិនិត្យមើលកន្លែងបំពាក់រ៉ាដាស​ម្រាប់មើលយន្ដហោះ​ឆ្លងកាត់​ប្រទេសកម្ពុជា ពិនិត្យមើលការ​សាងសង់​សំណង់​ និងនៅកន្លែងការដ្ឋានផ្សេងៗទៀត។ឯកឧត្ដម បានបន្ដថា មកដល់ខែកញ្ញាឆ្នាំ២០២២នេះ ​អាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដែលសាងសង់ថ្មី នៅស្រុកសូទ្រនិគម ខេត្ដសៀមរាប ​បានសាងសង់សម្រេចបាន ៤២ភាគរយ​ហើយ ​ក្នុង​ចំណោម​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុងព្រលានយន្ដហោះសរុប ។ឯកឧត្ដម បន្ដថា នៅដំណាច់ឆ្នាំ២០២២នេះ ក្រុមហ៊ុន​នឹង​សាងសង់​សម្រេចឱ្យបានជាង ៧០ភាគរយ​បន្ថែមទៀត ​ដើម្បីឱ្យទាន់ហោះហើរ​ សាកល្បង​នៅពាក់កណ្ដាលឆ្នាំ២០២៣។ ការសាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិថ្មីនៅខេត្តនេះ បានចាប់ពីផ្ដើមបើក​ការ​ដ្ឋាននៅពាក់​កណ្តាល​ខែមីនា ​ឆ្នាំ២០២០ ហើយគ្រោង​នឹងបញ្ចប់នៅឆ្នាំ២០២៣ ​គឺមានរយៈពេលសរុប៣៦ខែ បើគិត។អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E ​មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ​ទទឹង ​៤៥ម៉ែត្រ មាន ៣៨ចំណតយន្តហោះ ​និងមានក្រឡាផ្ទៃស្ថានីយ​ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ​ដែល​អាច​ទទួល​អ្នក​ដំណើរជាប្រចាំឆ្នាំ​ប្រមាណ ​៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ​ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោង​វិនិយោគ BOT រយៈពេល ៥៥ឆ្នាំ ក្រោយពេល​គម្រោងប្រតិបត្តិការនេះ​ត្រូវបានបញ្ចប់ នឹងត្រូវប្រគល់​ជូន​រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ៖ ឈិត​ សាវី

រោងចក្រស្បែកជើងនៅកំពត គ្រោងពង្រីកខ្លួនទ្វេដង បង្កើតការងារដល់ប្រជាពលរដ្ឋ

2022/09/13 05:19:53 pm        1065
កំពត៖ តំណាងក្រុមហ៊ុន ពូចិន (ខេមបូឌា) អ៊ិលធីឌី ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាច​ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាល​គ្រប់គ្រង​កូវីដ១៩​បានល្អប្រសើរ ក្រុមហ៊ុនបានដាក់ចុះនូវផែកការឆ្នាំ(២០២២-២០២៤)ពង្រីករោងចក្ររបស់​ខ្លួន​ឲ្យធំជាងបច្ចុប្បន្នទ្វេដង ដែលត្រូវការកម្មករនិយោជិតបន្ថែមប្រមាណ១ម៉ឺន៤ពាន់នាក់ ។ តំណាងក្រុមហ៊ុន ពូចិន (ខេមបូឌា) អ៊ិលធីឌី អ្នកស្រី អ៊ិន ស្រីភណ្ឌ ​បានប្រាប់ឲ្យដឹងថា រោងចក្រពូចិន​បានបើកដំណើរការជិត ៦ឆ្នាំហើយ។ បច្ចុប្បន្នក្រុមហ៊ុនមានមានអគារផលិតកម្ម ចំនួន៦អគារ ដែលមានកម្មករនិយោជិតធ្វើការសរុប ៧៩០៩នាក់ ស្រី៦,៦១៦នាក់។ អ្នកស្រីបញ្ជាក់ថា ក្រោយពេលរាជរដ្ឋាភិបាលគ្រប់គ្រងស្ថានភាពកូវីដ១៩ បានប្រសើរ ក្រុមហ៊ុន​បានដាក់ចុះនូវផែកការឆ្នាំ(២០២២-២០២៤) ពង្រីករោងចក្របន្ថែមឲ្យធំទ្វេដង ដែលត្រូវការ​កម្មករនិយោជិតបន្ថែមប្រមាណ១ម៉ឺន៤ពាន់នាក់ ហើយបច្ចុប្បន្នអគារថ្មីបានសាងសង់​រួចជា​បណ្តើរៗ ​ហើយគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ ។ កម្មការិនីរោងចក្រពូចិន បានសម្តែងភាពសប្បាយរីករាយ ចំពោះរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ដែលតែង​យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ​ ពិសេសតាមរយៈការកៀរគរអ្នកវិនិយោគល្អ ឲ្យមក​បើកក្រុមហ៊ុន រោងចក្រនៅតាមមូលដ្ឋាន ​សម្រាប់ផ្តល់ការងារ និងប្រាក់ចំណូលផ្តត់ផ្គង់​ជីវភាព​គ្រួសាររបស់ពួកគាត់ ។ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ឹង ប៉ោហេង បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន ពូចិន (ខេមបូឌា) អ៊ិលធីឌី មានអគារផលិតកម្មចំនួន០៨ អគារ នៅលើផ្ទៃដីប្រមាណជាង​៨៣ហិកតា ដែលមានកម្មករនិយោជិត សរុប ៧,៩០៩ នាក់ ស្រី ៦,៦១៦ នាក់​ រោងចក្រនេះផលិតស្បែកជើង នាំចេញទៅទ្វីបអឺរ៉ុប និងសហរដ្ឋអារិក។ កន្លងមកក្រុមហ៊ុន បានសហការ និងគោរពច្បាប់ការងារបានល្អ គ្មានការកៀបសង្កត់ ឬកេងប្រវ័ញ្ញ​លើកម្លាំងពលកម្ម របស់កម្មករនិយោជិតឡើយ៕អត្ថបទ៖អន សារឹម

ពន្ធដារប្រមូលពន្ធ-អាករ បានជាង ២ ៤៣៩លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែ

2022/09/13 02:03:43 pm        801
ភ្នំពេញ៖ គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករ​គ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ សម្រេចបានជាង ៩ ៨៧៩ ប៊ីលានរៀល ត្រូវជាង ២ ៤៣៩ លានដុល្លារអាមេរិក​ ស្មើរប្រមាណ ​៨៦,៥១% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។លោក ម៉ុង ឡាមី ប្រធានការិយាល័យគោលនយោបាយសារពើពន្ធ ​នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងបទបង្ហាញ​ នៅក្នុងជំនួបពិភាក្សាការងាររវាង លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាន​នីតិកម្ម​ គោលនយោបាយសារពើពន្ធ ​និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ និង លោក Alasdair Scott ​ប្រធានក្រុមបេសកជន ​ទទួលបន្ទុកប្រទេសកម្ពុជា នៃប្រតិភូ (IMF Article IV Mission) នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២។ការប្រមូលចំណូលមានប្រសិទ្ធភាពនេះ ​គឺដោយសារវិធានការដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល រួមមាន៖ ការកែសម្រួលតម្លៃមូលដ្ឋាន​គិតពន្ធ​លើ​អចលនទ្រព្យ និងពន្ធប្រថាប់ត្រា,ការពង្រឹងអនុលោមភាពពន្ធលើដីធ្លីមិនបានប្រើប្រាស់, ការដាក់​ឱ្យអនុវត្តពន្ធលើចំណេញមូលធន, ការពង្រឹងការចុះបញ្ជីសហគ្រាស, ​ការធ្វើទំនើបកម្មប្រព័ន្ធ E-Filing និង E-Payment ជាដើម។ចំណែកការគ្រប់គ្រងប្រមូលចំណូលពន្ធដារសម្រាប់ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូល​ចំណូល​សម្រេចបានជាង​ ១១ ២៦៦ ប៊ីលានរៀល ​ត្រូវប្រមាណជិត ​២ ៧៨២ លានដុល្លារអាមេរិក ស្មើរ ១២៤,២% ​នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការ​គ្រប់គ្រងឆ្នាំ២០២១។ អគ្គនាយកដ្ឋានពន្ធដារ បានរំពឹងថា អាចនឹងសម្រេចបានគ្រប់និងលើសផែនការកំណត់​ក្នុងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ ២០២២។នៅក្នុងបទបង្ហាញនេះ លោក ម៉ុង ឡាមី បានបញ្ជាក់ថា ចំពោះស្ថានភាពនៃការបន្តរក្សាកំណើន​ចំណូល​នេះ អាចសម្រេចបាន​អាស្រ័យ​ដោយកិច្ចខិតខំប្រឹងប្រែ​ង​របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុង​ការកៀរគរចំណូលពីប្រភពនានា ​និងបិទខ្ទប់​នូវការ​លេចធ្លាយ​ចំណូលនានា តាមរយៈការពង្រឹង​អភិបាលកិច្ចល្អ ​និងរដ្ឋបាលកិច្ចល្អ ​ព្រមទាំងការប្រកាន់ខ្ជាប់នូវស្មារតី​បុរេសកម្ម ជាពិសេស​ការ​រៀបចំ​អភិវឌ្ឍន៍ ​និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើន​ ដើម្បីគាំទ្រ រួមទាំង​សេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីនានា ​ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ និងកម្មវិធីនានាជូនអ្នកជាប់ពន្ធ៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចតេជោ ហ៊ុន សែន គាំទ្រការបង្កើតឡើង មូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

2022/09/12 01:24:54 pm        656
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រការបង្កើតឡើងនូវ មូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Development Fund) ដែលនឹងចូលរួមចំណែក​ក្នុងបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត និងបំពាក់នូវជំនាញ និង​ឧបករណ៍ចាំបាច់​ដល់កម្លាំងពលកម្មកម្ពុជា ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤។សម្តេចតេជោ ហ៊ុន​សែន​ លើកឡើងក្នុងពិធីបើកវេទិកាភាពជាដៃគូអ្នកដឹកនាំ និងភាពជាដៃគូ​អាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ “ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមូត និងឆ្លើយតបរហ័ស” នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ។ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍​ ស្វាគមន៍​នូវ​គំនិត​ផ្តួចផ្តើម របស់វិទ្យាស្ថានយុទ្ធសាស្រ្តដើម្បីអាស៊ីប៉ាស៊ីហ្វីក ​និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការបង្កើត​ឡើងនូវ បង្កើតឡើងនូវ តំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតង។សូមបញ្ជាក់ថា វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំ​ដោយ​វិទ្យាស្ថានយុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) ​វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សា​ធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។វេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់​អាស៊ាន» ដោយមានការអញ្ជើញចូលរួម​ពី​ឥស្សរជន ​ថ្នាក់ដឹកនាំ​ស្ថាប័ន​អ្នករៀបចំខាងលើ ស្ថាប័ន​ធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ ​វិទ្យាស្ថានសិក្សាស្រាវជ្រាវ ​និង​តំណាង​អង្គទូតនានា៕ អត្ថបទ៖ វណ្ណៈ

ទំហំបរធនក្នុងវិស័យបរធនបាលកិច្ច មានកំណើនកើនឡើងជាបន្តបន្ទាប់

2022/09/12 12:55:21 pm        735
ភ្នំពេញ៖ បរធនបាលកិច្ច នឹងមានទំហំបរធនកើនឡើងក្នុងរង្វង់ប្រមាណជា ៦០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២នេះ ខណៈបច្ចុប្បន្ននិយ័តករបរធនបាលកិច្ច ​កំពុងពិនិត្យ និង​វាយតម្លៃ នៃការចុះបញ្ជីបរធនបាលកិច្ច មានចំនួនប្រមាណជាង ៥០០ សំណើរបន្ថែមទៀត។ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៃសេវាហិរញ្ញវត្ថមិនមែនធនាគារ លើកឡើងនៅក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា រវាងនិយ័តករបរធនបាលកិច្ច និង CEO Master Club នាចុងសប្តាហ៍កន្លងមកថា​ មកដល់បច្ចុប្បន្ននិយ័តករបរធនបាលកិច្ច មានរបរធន​បាល​កិច្ចហិរញ្ញវត្ថុចំនួន ៩ ​ដែលក្នុងនោះមានទំហំបរធន ​(គឺទ្រព្យសម្បត្តិ ឬមូលនិធិ)​ មានប្រមាណជាង ១៦៦ លានដុល្លារអាមេរិក។ឯកឧត្តម បន្តថា បន្ទាប់រាជរដ្ឋាភិបាលចាប់ផ្ដើមនៃការបង្កើតនិយ័តករបរធនបាលកិច្ច នៅពាក់​កណ្ដាលឆ្នាំ ២០២១ មកដល់បច្ចុប្បន្ននេះ​ និយ័តករបរធនបាលកិច្ច ទទួលបានការស្នើបង្កើត និង​សុំចុះបញ្ជីរបរធនបាលកិច្ច មានចំនួនប្រមាណជាង ​៥០០ សំណើរ ដែលកំពុងស្ថិតនៅក្នុង​នីតិវិធី​កំពុងវាយតម្លៃ ​ដែលចំនួន ៥០០ សំណើរនេះ បន្ទាប់ពីវាយតម្លៃនិងអនុម័តជាផ្លូវការ និយ័តករបរធន​បាលកិច្ច នឹង​មានទំហំបរធនកើនឡើងទ្វេរដងថែមទៀត។បរធនបាលកិច្ច ​គឺជា​ទំនាក់ទំនង​គតិយុត្តិ ​ដែល​បរធនបាលទាយក ផ្តល់ទ្រព្យសម្បត្តិដល់បរធន​បាល​ក្នុងការមើលថែរក្សា ​និងប្រើប្រាស់ជាប្រយោជន៍ដល់អត្ថគាហកៈ។អត្ថគាហកៈ គឺជាបុគ្គលដែលអចទទួលផលពីបរធនបាលកិច្ច ​ចាប់ពី​កាលបរិច្ឆេទ​ចូលជាធរមាន នៃបរធនបាលកិច្ច​ លើកលែងតែមាន។ចំណែកបរធនបាលទាយក ​គឺជាបុគ្គលដែលបានបង្កើត​ និងកំណត់​លក្ខខណ្ឌ​នៃបរធនបាលកិច្ច និង​ផ្តល់ទ្រព្យសម្បត្តិ ​ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច ​និង​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រងបរធនបាលកិច្ច ព្រមទាំងតែងតាំង​ និង​បញ្ឈប់បរធនបាល។រីឯបរធនបាល គឺជាបុគ្គលដែលទទួលសិទ្ធិគ្រប់គ្រង ​និង​ចាត់ចែង​បរធនពីបរធនបាលទាយក សម្រាប់​ជាប្រយោជន៍ដល់អត្ថគាហកៈ​ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។សូមបញ្ជាក់ថា​ នាចុងសប្តាហ៍កន្លងមកនេះ និយ័តករបរធនបាលកិច្ច ​បានចុះអនុស្សារណៈជាមួយ និង CEO Master Club ​ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការ ​ដល់សមាជិកគ្រួសារ​ CEO Master Club ដែល​មានម្ចាស់អាជីវកម្មធុនតូច និងមធ្យមជាច្រើន ​ឱ្យមានលទ្ធភាព ​និងសមត្ថភាពសមស្រប ដើម្បី​រៀបចំខ្លួនក្នុងការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គលេខាធិការសមាគមអតីតយុទ្ធជន ដឹកនាំកិច្ចប្រជុំលើបច្ចុប្បន្នភាពសមាជិកស្នើសុំដី ផ្ទះ និងការរៀបចំដីសម្បទានសង្គមកិច្ច
05/17/2026 11:05 AM
ជនជាតិចិន និងជនជាតិវៀតណាមចំនួន៤៥៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
05/17/2026 10:05 AM
យុវជនបក្សប្រជាជនកម្ពុជាចូលរួមលើកកម្ពស់ជីវភាព បរិស្ថាន និងប្រឹក្សាយោបល់ជាមួយពលរដ្ឋភៀសសឹក
05/17/2026 10:05 AM
កោះតៃវ៉ាន់ជំរុញការផ្គត់ផ្គង់អាវុធអាមេរិក ក្រោយលោក Trump បង្ហាញភាពពុំច្បាស់លាស់
05/17/2026 10:05 AM
ក្រុមហាម៉ាសជំរុញអាមេរិក និងក្រុមអ្នកសម្របសម្រួលដាក់សម្ពាធអ៊ីស្រាអែលឲ្យបញ្ឈប់ការបំពានបទឈប់បាញ់
05/17/2026 10:05 AM
មនុស្សយ៉ាងហោច ៨០នាក់ ស្លាប់ ដោយសារការរីករាលដាលឆ្លងថ្មីជំងឺអេបូឡា នៅកុងហ្គោ
05/17/2026 09:05 AM
មនុស្ស ៨នាក់ស្លាប់ និង ២៥នាក់រងរបួស ក្នុងហេតុការរថភ្លើងបុករថយន្តក្រុងបង្កជាអគ្គិភ័យនៅប្រទេសថៃ
05/17/2026 09:05 AM
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែង ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីប្រមាណ ១,២៤០នាក់បានចូលរួម
05/17/2026 09:05 AM
ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM