កសិករគាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេន ខណៈ​ទិន្នផល​ទុរេន​មាន​ការ​កើនឡើង
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារ កើនជាង ៤ %
ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងពាណិជ្ជកម្ម ADB ពិភាក្សាលើវឌ្ឍនភាពថ្មីៗក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា

2022/09/05 03:13:52 pm        506
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានពិភាក្សាលើ​​​វឌ្ឍន​ភាព​ថ្មីៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅកម្ពុជា និងការ​​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​ឌីជីថល​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឌីជីថល។ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍កន្លងទៅ ​បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជា​មួយ​ ​លោក Albert Park ប្រធាន​ក្រុម​សេដ្ឋកិច្ច​វិទូ ប្រចាំ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ​ក្នុង​គោល​បំណង​​ផ្លាស់​ប្ដូរ​យោបល់​លើ​​​វឌ្ឍន​ភាព​ថ្មីៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគនៅកម្ពុជា។ឯកឧត្តម ​រដ្ឋ​លេខាធិការ​ បាន​បញ្ជាក់​ថា ​ការ​នាំ​ចេញ​ទំ​និញ​​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​ពិ​ភព​លោក​​ក្នុង​ឆ្នាំ​២០២១ ​បាន​កើន​ឡើង​​​ប្រមាណ ១៩,៣ ប៊ីលាន ដុល្លារអាម៉េរិក ​ក្នុងអត្រា​កំណើន​ប្រមាណ​ ៥,៨% ធៀប​នឹង​ឆ្នាំ​២០២១។ ទំ​ហំ​ពាណិជ្ជកម្ម​កម្ពុជា​​​ បាន​កើន​ឡើង​ក្នុង​អត្រា​ ២៨,២៣% ​ក្នុង​រយៈ​ពេល​១​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០២០-២០២១​ និង​មាន​ការ​កើន​ឡើង​ក្នុង​អត្រា​ ២៦% ​ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០២២ នេះ​។ ដោយ​ឡែក​ ចំពោះ​វិស័យ​វិនិយោគ​វិញ នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ នេះ​ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា (CDC) បាន​អនុ​ម័ត​លើ​គម្រោង​វិនិយោគ​ចំនួន ៤៧ គម្រោង ​ដែល​មាន​ដើម​ទុន​សរុប​ប្រមាណ ២,៥ ប៊ីលាន​ ដុល្លារអាម៉េរិក ក្នុងអត្រាកំណើនប្រមាណ​ ១៤,២% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២១។ ​គម្រោង​វិនិយោគ​ទាំង​នោះ​ផ្ដោត​លើ គម្រោង​សាងសង់​មជ្ឈមណ្ឌលភស្ដុភារកម្ម​និង​កំពង់​ផែ​ពហុបំណង វារីអគ្គិសនី ការ​ផលិត​សំបកកង់ឡាន ​សណ្ឋាគារ រោង​ចក្រ​ស៊ីម៉ង់ត៍​ ការ​ដាំ​ដុះ​ចេក​ និង​ផ្លែ​ឈើ​ផ្សេងៗ រោង​ចក្រ​ដំឡើង​រថយន្ដ​ និង​មន្ទីរ​ពេទ្យ ជាដើម​។ឯកឧត្តម បាន​សង្កត់ធ្ងន់ផងដែរថា ​ទោះ​បី​ជា​ទំ​ហំពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​វិជ្ជមាន​ក្នុង​រយៈ​ពេល​ ១៨ ​ខែចុង​ក្រោយ​នេះ​ក៏​ដោយ ក៏​​កម្ពុជា​នៅ​តែ​​បន្ដ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំ​នួន​ដូច​ជា៖ ភាព​មិន​ច្បាស់​លាស់​នៃ​វិបត្តិ​កូវីដ-១៩ ​ជម្លោះ​រវាង​រុស្សី​និង​អ៊ុយ​ក្រែន និង​កង្វះ​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​​បច្ចេកវិទ្យា ព័ត៌មាន និង​ទំ​នាក់​ទំ​នង។ជា​មួយ​គ្នា​នេះ​ដែរ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ឯក​ឧត្តម​រដ្ឋ​លេខា​ធិការ ​បាន​ស្នើ​ឱ្យ​ភាគី ADB ពិចារណា​ផ្ដល់​ការ​គាំ​ទ្រ​កម្ពុជា​តាម​រយៈ​ការ​ផ្ដល់​ជំ​នួយ​បច្ចេកទេស ​និង​ហិរញ្ញវត្ថុ​​​សម្រាប់​សកម្មភាពនានា រួមមាន​៖ ការ​រៀប​ចំ​​គោល​នយោបាយ​​​​​យុទ្ធ​សាស្ដ្រ​សម្រាប់​ការ​ស្ដារ​ឡើង​​វិញ​នូវ​ខ្សែ​ច្រវ៉ាក់​​តម្លៃ​និង​ការផ្គត់​ផ្គង់​​ក្នុង​តំបន់​និង​សកល ​ការរៀបចំគម្រោង​​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​​បច្ចេកវិទ្យា ព័ត៌មាន និង​ទំ​នាក់​ទំ​នង (ICT) សម្រាប់​ការ​គាំ​ទ្រ​សមាហរណ​កម្ម​ឌីជីថល​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឌីជីថល និង​ការ​​ពង្រឹង​សមត្ថ​ភាព​​​និង​ជំនាញ​ក្នុង​ការ​ចរចា​ពាពាណិជ្ជកម្ម​សេរី​សម្រាប់​មន្ត្រី​កម្ពុជា តាម​រយៈ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ពាណិជ្ជកម្ម ​​និង​ស្រាវ​ជ្រាវ (TTRI) ​នៃ​ក្រសួង​ពាណិជ្ជកម្ម៕ អត្ថបទ៖ វណ្ណៈ 

សណ្ឋាគារនិងផ្ទះសំណាក់ បើកដំណើរការឡើងវិញក្រោយកូវីដធូរស្រាល បានបង្កើតការងារជាង ៧០ភាគរយ

2022/09/05 12:53:20 pm        497
ភ្នំពេញ៖ របាយការណ៍ក្នុងក្រសួងទេសចរណ៍ បានឱ្យដឹងថា គ្រប់សេវាស្នាក់នៅនិងអាជីវកម្ម​អាហារដ្ឋាន​ ដែលបាននិងកំពុងបានបើកឡើងវិញ ក្នុងអំឡុងពេលនេះ គឺបានទាក់ទាញបុគ្គលិក​កម្មករ​និយោជិក​ចូលបំរើការងារបានប្រមាណជាង ៧០%។នៅក្នុងរបាយការណ៍ បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ កម្ពុជា បាន​ទទួលភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកើនដល់ ១លាននាក់ និងមាន​អាជីវកម្ម​សេវាកម្មស្នាក់នៅចំនួន ៥២០ទីតាំងកំពុងបើកដំណើរការ, និងមានអាជីវកម្មសេវាស្នាក់នៅជាង ២២០ទីតាំងទៀតបន្តផ្អាក។ដោយឡែកភោជនីយដ្ឋានវិញគឺមានជាង ២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀត​បានបន្តផ្អាក ហើយសម្រាប់អាជីវកម្មសេវាស្នាក់នៅ និងភោជនីយដ្ឋាន​ដែលបើកនោះគឺ បើក​មិនទាន់បានពេញលេញនៅឡើយទេ​ ពោលភាគច្រើនបើកតែត្រឹម៥០% នៃទំហំទីតាំងអាជីវកម្ម​សរុប និងបានជ្រើសរើសបុគ្គលិកចូលបំរើការវិញ ​មានប្រមាណ៧០%។បើតាមអ្នកគ្រប់គ្រងសណ្ឋាគារ ឡង លីវ និងសណ្ឋាគារEmion នៅរាជធានីភ្នំពេញ ថ្លែង​ប្រាប់BTVនៅថ្ងៃទី៥ ខែកញ្ញានេះថា ​ក្នុងអាជីវកម្មទេសចរណ៍របស់លោក បច្ចុប្បន្នផ្នែក​សណ្ឋាគារ​បានបើកដំណើរការវិញមិនទាន់បានពេញលេញទេ ខណៈផ្នែកអាហារដ្ឋាន​ក្នុង​សណ្ឋាគារគឺមិនទាន់​បានបើកដំណើរការវិញទេ ហើយអាជីវកម្មទេសចរណ៍ក៏កំពុងជួបប្រឈម​ការលំបាករើសបុគ្គលិក​ចូលមក​បំរើការវិញផងដែរ។សម្រាប់ការបើកដំណើរការអាជីវកម្មទេសចរណ៍នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃជារួមថា បុគ្គលិកបំរើការងារក្នុងវិស័យទេសចរណ៍នៅក្នុងអំឡុងពេលនេះ​មួយ​ចំនួនធំៗ​គេមិនទាន់ចូលបំរើការងារវិញដោយសារគេរងចាំចំនួនភ្ញៀវទេសចរអន្តរជាតិ មក​ទស្សនាកម្ពុជា​ មានចំនួនច្រើនដូចដើមវិញ ហើយខ្លះទៀត គេក៏បានផ្លាស់ប្តូរជំនាញទៅបំរើការងារ​ផ្សេង​ក្រៅ​ពីវិស័យទេសចរណ៍។សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំគ្មានវិបត្តិកូវីដ១៩ទូទាំងប្រទេសមានបុគ្គលិកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍បំរើការតាមអាជីវកម្មនានាមានប្រមាណជាង៦៥ម៉ឺននាក់ ខណៈបច្ចុប្បន្នក្រសួង​ទេសចរណ៍បានបណ្តុះបណ្តាលជំនាញថ្មីក្នុងវិស័យទេសចរណ៍បានប្រមាណជិត៥៧០០០នាក់៕ អត្ថបទ ស៊ុម សុខជា

វិស័យឧស្សាហកម្មរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារដល់ប្រជាពលរដ្ឋ

2022/09/05 12:29:36 pm        704
ភ្នំពេញ៖ វិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសក្នុងវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាល បានអនុវត្តវិធានការជាច្រើនបន្ថែមទៀត ដើម្បីជម្រុញសម្រេចបានតាមចក្ខុវិស័យ​ដែល​បានដាក់ចេញ។ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងអំពីកំណើន GDP របស់ប្រជាជនកម្ពុជា ថា ទាក់ទង​កំណើន​សេដ្ឋកិច្ច ក្នុងនោះវិស័យឧស្សាហកម្មបានកើនឡើងជាបន្តបន្ទាប់ពីមួយ​ឆ្នាំទៅមួយឆ្នាំ ខណៈកម្ពុជា​កំពុងឈាន​ទៅរកឧស្សាហកម្មដែលពឹងផ្អែកជំនាញ និងបច្ចេកវិទ្យា បានធ្វើកំណើនក្នុងវិស័យ​ឧស្សាហកម្ម​ បានចូលរួមចំណែកក្នុង​ (GDP) ជិត ៤០% ជាក់ស្តែងផលិតផលដែលកើតចេញពី​ផលិតកម្ម​រោងចក្រ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ​២០២២ ​ការផលិតសម្រាប់លក់សរុបមានចំនួនជាង ៧ ៥០០​ លានដុល្លារអាមេរិក ខណៈការនាំចេញក្នុងបំណាច់ឆ្នាំ ២០២១ ​បានត្រឹម ជាង ៨ ៦០០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ ជុំវិញ កំណើន GDP ប្រជាជន, ថ្មីៗនេះ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ លើកឡើងថា បើតាមការព្យាករណ៍ ជាពិសេស​ការកំណត់របស់ប្រមុខរាជរដ្ឋាភិបាលនៅឆ្នាំ ២០៣០ នឹងប្រែក្លាយកម្ពុជា​ទៅជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់,​ ក្នុងនោះកម្ពុជាបានកំពុងបង្ហាញឲ្យឃើញជាបណ្តើរៗ តាម​រយៈការគណនា​សាកល្បងទៅលើកំណើន GDP ប្រជាជន ​គឺមានការប្រែប្រួលខ្លាំង ដោយយើង​អាច​រំពឹងថា នៅឆ្នាំ២០៣០ ប្រជាជនកម្ពុជា ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យម​កម្រិតខ្ពស់​ជាមិនខាន។សូមបញ្ជាក់ថា អង្គការសហប្រជាជាតិបានកំណត់ថា ​ប្រទេសដែលមានចំណូលទាប, គឺប្រជាជន​មាន​កំណើន GDP ក្រោម ១ ពាន់ដុល្លារ ក្នុង១ឆ្នាំ , ចំពោះប្រទេសមានចំណូលមធ្យម​កម្រិត​ទាប ប្រជាជនមាន GDP លើ ១ ពាន់ដុល្លារ ​និងប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ​ចំណូល GDP របស់ប្រជាជន ចាប់ពីលើ ២ ពាន់ដុល្លារ ដល់ជាង ៣ ពាន់ដុល្លារ ក្នុង១ឆ្នាំ, ក្នុងនោះសម្រាប់​ប្រទេស​កម្ពុជា ​បើតាមព្យាករណ៍ ចាប់ពីឆ្នាំ ២០២៥ ដល់ ២០៣០, ​ចំណូល GDP ​របស់ប្រជាជនកម្ពុជា នឹងអាច​សម្រេច​បានក្នុងរង្វង់ ២ ៤០០ ដុល្លារអាមេរិក ៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេល៨ខែ ឆ្នាំ២០២២ទេសចរអន្តរជាតិមកទស្សនាកម្ពុជាកើនដល់១លាននាក់

2022/09/03 06:39:35 pm        624
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបង្ហាញតួលេខក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាមានប្រមាណ ១លាននាក់ កើនឡើង៥៨០% ប្រៀបធៀបនឹងឆ្នាំ២០២១ ខណៈភ្ញៀវទេសចរជាតិអន្តរជាតិមានស្រាប់នៅក្នុងស្រុកចេញដើរកម្សាន្ត ៨លាន៥សែននាក់ កើនឡើង២៤៥% ធៀបនឹងឆ្នាំ២០២១ដូចគ្នា។នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមបញ្ចប់ការសិក្សាជំនាញឆុងកាហ្វេ និងភេសជ្ជៈនៅក្រសួងទេសចរណ៍នៅថ្ងៃទី២ ខែកញ្ញានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ថ្លែងថា តាមរយៈការទទួលបានតួលេខភ្ញៀវអន្តរជាតិមកទស្សនា កម្ពុជាប្រមាណ ១លាននាក់នេះ បើប្រៀបធៀបនឹងរយៈពេល០៨ខែ ២០១៩វិញ គឺថយចុះ ៨៥% ហើយ បើយោងតាម ការព្យាករណ៍ចុងក្រោយនេះ កម្ពុជាយើងអាចទទួលបានទេសចរអន្តរជាតិប្រមាណ ១លាន៥សែននាក់ទៅ ២ លាននាក់ នៅក្នុងឆ្នាំ២០២២ នេះ។ឯកឧត្តម ថោង ខុន បន្តថា យ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលនេះ សំគាល់ឃើញថា បណ្តា អាជីវកម្មនានា ក្នុងវិស័យទេសចរណ៍នៅតែបន្តមានតម្រូវការខ្ពស់នៃការចេញដើរ​កម្សាន្តរបស់​ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលមានស្រាប់នៅក្នុងស្រុក ហើយដើម្បីជម្រុញចលនាទេសចរ​ក្នុងស្រុកចេញដើរបាន អាជីវកម្មទេសចរណ៍គឺត្រូវសហការរៀបចំផ្តល់សេវាប្រកបដោយគុណភាព តម្លៃសមរម្យ ខណៈរាជរដ្ឋាភិបាលក៏បានបើកឱកាសឲ្យទេសចរអន្តរជាតិ​ដែលស្នាក់នៅកម្ពុជាបាន ២ឆ្នាំគឺអាចចូលទស្សនាអង្គរវត្តដោយមិនបាច់ទិញសំបុត្រ។ឯកឧត្តម ថោង ខុន បន្តថា ក្នុងងបរិការណ៍ងើបឡើងវិញនៃវិស័យទេសចរណ៍នេះ ក្រសួង​ទេសចរណ៍ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើ(១)ការពង្រឹងភាពជឿជាក់និងទំនុកចិត្ត (២)ការពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី (៣)ការបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរទាំងទេសចរអន្តរជាតិ និង​ទេសចរក្នុងស្រុក និង(៤)ការកំណត់តម្លៃសេវាកម្មសមរម្យដែល​ជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ៕ អត្ថបទ ស៊ុម សុខជា

កសិករខេត្តស្វាយរៀង សម្រេចផលិតស្រូវវស្សាជាង ៨០ភាគរយ

2022/09/02 04:10:46 pm        883
ស្វាយរៀង៖ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឱ្យដឹងថា គិតត្រឹមដំណាច់ខែសីហា កសិករនៅទូទាំងខេត្ត សម្រេចផលិតស្រូវរដូវវស្សា​បានជាង៨០ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំ១៦៧ពាន់ ៥០០ហិកតា ។លោកប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង បានឱ្យដឹងថា ស្រុកដែលផលិតស្រូវមានល្បឿនលឿន​ជាងគេ គឺស្រុកស្វាយជ្រំ សម្រេចបាន ៩៩%ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំ ​ជាង៣ម៉ឺន ៤ពាន់ ហិកតា ស្រុករមាសហែក សម្រេចបាន៩៦ភាគរយ នៃផែនការផលិតប្រចាំឆ្នាំ ជាង៣ម៉ឺន ២ពាន់ហិកតា ស្រុកស្វាយទាប សម្រេចបាន ៦៥ភាគរយ​ នៃផែនការផលិតស្រូវប្រចាំឆ្នាំ ជាង២ម៉ឺន ៣ពាន់ហិកតា ឯស្រុក-ក្រុងចំនួន៥ផ្សេងទៀត កសិករ បាននិងកំពុងសម្រុកធ្វើ បន្ទាប់ពីភ្លៀងបាន​បង្អុររាយប៉ាយ ។លោក បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការងារផលិតស្រូវ កសិករដែលមានដីទំនាប និងដីជាប់ប្រព័ន្ធ​ធារាសាស្ត្រ នៅក្នុងស្រុកស្វាយជ្រំ​ ចន្ទ្រា និងស្រុកកំពង់រោទិ៍ បានធ្វើការប្រមូលផលស្រូវដើមរដូវ​រួចរាល់ហើយ ​នៅលើផ្ទៃដីផលិតស្រូវស្រាលដើមរដូវ ​និងស្រូវបង្កើនរដូវ ជាង ២ម៉ឺនហិកតា ដោយទទួលបាន​ទិន្នផល ក្នុង១ហិកតា ​ជាង៤តោន ៕ អត្ថបទ៖ ភា សារិត                                  

ប្រធានអាស៊ានដឹកនាំពិភាក្សាសេចក្តីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់

2022/09/02 12:14:40 pm        254
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ក្នុងនាមជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២នេះ បានដឹកនាំប្រជុំ ដើម្បីពិភាក្សា សេចក្តីព្រាង​នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន អូស្ត្រាលី និងនូវែលសេឡង់។រដ្ឋាភិបាលកម្ពុជា សង្ឃឹមថា សេចក្តីព្រាង​នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន អូស្ត្រាលី និងនូវែលសេឡង់ ​នឹងត្រូវបញ្ចប់តាមពេលវេលាកំណត់ ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយ ក្នុង​ចំណោម​សមិទ្ធផល​អាទិភាពសេដ្ឋកិច្ចទាំងឡាយដែលកម្ពុជាបានលើកឡើង ក្រោមភាព​ជា​ប្រធានអាស៊ានប្តូរវេនស្ថិតក្រោម​សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ចអាស៊ាន។នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន​ (AEM Chair) ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Ministers’ Special Meeting) ​តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១ ខែកញ្ញា ដោយមាន​ការអញ្ជើញចូលរួម​ដោយបណ្តារដ្ឋមន្ត្រី​សេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូ​នៃប្រទេស​សមាជិកអាស៊ាន​ អគ្គលេខាធិការអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។ប្រភពពីក្រសួងពាណិជ្ជកម្ម ​នៅក្រោយចប់កិច្ចប្រជុំ បានឱ្យដឹងថា​ សមាជិក​អង្គប្រជុំទាំងអស់ បាន​ចូលរួមផ្លាស់ប្តូរ​មតិយោបល់យ៉ាងសកម្ម ​និងផ្តល់ការ​ណែនាំ​កម្រិតគោលនយោបាយ​ដល់​មន្ត្រី​ជំនាញ​ចរចារ​ ដោយធ្វើយ៉ាងណា​ បង្ហាញនូវភាពបត់បែន​ ក្នុងការដោះស្រាយបញ្ហាដែល​នៅសេសសល់។នៅក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ​បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន​ចំពោះ​បណ្តា​រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ ​អគ្គលេខាធិការអាស៊ាន ​និងគណៈប្រតិភូសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន​ ដែលតែងតែផ្តល់នូវការគាំទ្រ​ដល់កម្ពុជា ក្នុងនាមជាប្រធាន​អាស៊ាន​ប្តូរវេនសម្រាប់ឆ្នាំ២០២២ ​ក្រោម​សសរស្តម្ភ​សហគមន៍​សេដ្ឋកិច្ចអាស៊ាន។ កិច្ចប្រជុំពិសេសនាពេលនេះ​ មានគោលបំណងដើម្បីពិនិត្យ​ និងផ្តល់អនុសាសន៍ណែនាំដល់ភាគី​ចរចារ​ដំឡើង​កម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឱ្យ​បញ្ចប់​តាមពេលវេលាដែលបានកំណត់៕អត្ថបទ៖ ឈិត បូរ៉ាវី

គម្រោងឧស្សាកម្មបៃតង ចូលរួមផ្លាស់ប្តូរច្រវ៉ាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្ម ឆ្ពោះទៅរកការរីកចម្រើន

2022/09/02 12:08:07 pm        333
ភ្នំពេញ៖ គម្រោងឧស្សាកម្មបៃតង (Green Industry) កំពុងជម្រុញការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្ម​ក្នុងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស ក្នុងកិច្ចដំណើរផ្លាស់ប្តូរឥរិយាបទដំណើរធុរកិច្ច ការ​គិតគូរ​ដល់ផ្នែកសេដ្ឋកិច្ច ​បរិស្ថាន​ និងសង្គម ព្រមទាំងជួយលើក​ស្ទួយ​ដល់វិស័យ​ឧស្សាហកម្ម​នៅកម្ពុជា​ឱ្យអភិវឌ្ឍន៍​ឈានមុខ និងប្រកបដោយនិរន្តភាព។ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះថា គម្រោងឧស្សាហកម្មបៃតងបង្កើតឡើង​សម្រាប់​ជួយគាំទ្រ និងលើកទឹកចិត្តដល់ឧស្សាហកម្ម រោងចក្រ សហគ្រាស ឲ្យអនុវត្តគោលការណ៍​ សកម្មភាព​បៃតងដូចជា ​ការកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម ទឹក ថាមពល ​និងកាកសំណល់។ ​​គម្រោងនេះ​ បានជួយលើកកម្ពស់ដល់កិច្ចដំណើរការផលិតកម្ម ​និងការប្រកួតប្រជែង​នៅក្នុងខ្សែ​ច្រវ៉ាក់ផលិត​កម្មរបស់ខ្លួន។ឯកឧត្តម បន្តថា ការអនុវត្តគម្រោងឧស្សាហកម្មបៃតង ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសការកាត់បន្ថយការបំពុល ការប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងជាដាស់តឿន ដល់រោងចក្រ សហគ្រាស ចូលរួមជាមួយសកម្មភាពសង្គម​។នៅក្នុងរយៈពេលកន្លងមក ចំពោះរោងចក្រ សហគ្រាស ដែលបានចូលរួម គឺទទួលបានជោគជ័យ​ក្នុងកិច្ចដំណើរការខ្សែច្រវ៉ាកផលិតកម្មយ៉ាងខ្លាំងក្លា ក្នុងនោះសម្រាប់​ជំហានបន្ទាប់ ក្រសួង​នឹងរៀបចំឲ្យមានការប្រកួតប្រជែងឧស្សាកម្មបៃតង​ នៅចុងឆ្នាំ ២០២២ នេះបន្តទៀត ដើម្បីលើកកម្ពស់ដល់កិច្ចដំណើរការនៅក្នុងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាសក្នុងព្រះរាជាណាចក្រកម្ពុជា។នៅចុងឆ្នាំ២០២២ នេះ ក្រសួង​ គ្រោងលើកយកគម្រោងថ្មីៗបន្តទៀត ដើម្បីការប្រកួតប្រជែង​ឧស្សាហកម្មបៃតង សម្រាប់ឧស្សាហកម្ម រោងចក្រ សហគ្រាស៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គណនាប្រាក់ឈ្មួលសម្រាប់ឆ្នាំ២០២៣​ ចំនួនជាង ១៩៧ដុល្លារ

2022/09/01 01:18:34 pm        456
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ​បានគណនា រកឃើញតួលេខប្រាក់ឈ្នួល​អប្បបរមា​សម្រាប់ឆ្នាំ២០២៣គឺចំនួន ១៩៧,៨៦ ដុល្លារអាម៉េរិក​ ខណៈភាគីសហជីពបានស្នើ ២១៣ដុល្លារ និង​ភាគីនិយោជកដាក់ស្នើ ១៩៦ដុល្លារ ។ឯកឧត្តម ហេង សួរ សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងជារដ្ឋលេខាធិការ​ក្រសួង​ការ​ងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រោយបញ្ចប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល​អប្បបរមា​លើកទី៣នេះ ​បានមានប្រសាសន៍​ប្រាប់ក្រុមអ្នកសារព័ត៌មានថា​ ងភាគីនិយោជក ​និងនិយោជិត បាន​បន្តពន្យល់ ​និងការពារគោលជំហររបស់ខ្លួន​ទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និង​ភាពចាស់ទុំ។នៅក្នុងកិច្ចប្រជុំត្រីភាគីនេះ ​ភាគីរាជរដ្ឋាភិបាល ​បានបន្ត ​សម្របសម្រួល និងផ្តល់នូវការពន្យល់​បន្ថែម​លើចំណុចនានា ​តាមសំណូមពររបស់ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាង​និយោជកផងដែរ។តាមលក្ខណបច្ចេកទេស​ និងបម្រែបម្រួលទិន្នន័យ​នៃលក្ខណវិនិច្ឆ័យទាំង ៧ ដែលជាមូលដ្ឋាន​កំណត់​ប្រាក់ឈ្នួលអប្បបរមា​ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាន​គណនា​ឃើញថា​តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣គឺ ​១៩៧,៨៦ដុល្លារអាម៉េរិក។លោក អាត់ ធន់ ភាគីសហជីព ​និងតំណាងឲ្យកម្មករនិយោជិត​ បានរំពឹងទុកថា ​ភាគីនិយោជក នឹង​អាចដំឡើង​ក្នុងកម្រិតមួយដែលអាចទទួលយកបាន ​បន្ថែមពីលើតួលេខលើកនេះចំនួន ​១៩៦ដុល្លារ ក្នុង​កិច្ចប្រជុំនាលើកក្រោយទៀត ​ព្រោះការទាមទារដំឡើងប្រាក់ឈ្នួល​ទាំងនេះ គឺ​ដើម្បី​ជួយ​ដល់កម្មករនិយោជិតតែប៉ុណ្ណោះ។អង្គប្រជុំកាល​ពី​រសៀល​ថ្ងៃពុធ ​បាន​ឯកភាពគ្នាកំណត់​កិច្ចពិភាក្សាជាលក្ខណត្រីភាគីបន្តទៀត ថ្ងៃទី១៣​ ខែកញ្ញា ឆ្នាំ២០២២ និងប្រជុំបញ្ចប់នៅថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២២។សូមបញ្ជាក់ថា​ សម្រាប់ប្រាក់ឈ្នួលអប្បបរមាណកម្មករនិយោជិកក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង​និងផលិតផលិតផលធ្វើដំណើរ​ និងកាបូប ​សម្រាប់ឆ្នាំ២០២២​ ទទួល​បាន ១៩៤​ដុល្លារអាម៉េរិក ក្នុង១ខែ ​ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕ អត្ថបទ៖ បូរ៉ាវី

ក្រសួងសេដ្ឋកិច្ច ធ្វើវិសោធន៍កម្មច្បាប់ស្តីពីលទ្ធកម្មសាធារណៈ

2022/09/01 01:06:16 pm        548
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើវិសោធន៍កម្មច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ដើម្បីធានា​ឱ្យដំណើរការលទ្ធកម្មសាធារណៈ ​សម្រាប់ការទិញ ​ការសាងសង់ ​ការជួសជុល ​ការជួលសេវាកម្ម និងសេវាទីប្រឹក្សា​ឱ្យកាន់តែមានសុក្រឹតភាព ​និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ធានាដល់​ដំណើរការលទ្ធកម្មសាធារណៈ​ ស្របតាមឧត្តមានុវត្តអន្តរជាតិ។ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ លើកឡើងក្នុង​ពិធីបិទ​សិក្ខាសាលាពិគ្រោះយោបល់ដើម្បីផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ នេះថា ចំពោះការពិគ្រោះយោបល់​ លើការធ្វើវិសោធនកម្មច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ​ ពិតជាមានភាពចាំបាច់ សម្រាប់ឱ្យក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បន្ត​រៀបចំ​កែលម្អបន្ថែម លើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ​ឱ្យកាន់តែមានសុក្រឹតភាព និង​លក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យដំណើរការលទ្ធកម្មសាធារណៈ ​សម្រាប់ការទិញ ការ​សាងសង់ ការជួសជុល ​ការជួលសេវាកម្ម ​និងសេវាទីប្រឹក្សា​ ឱ្យប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យ​ភាព ភាពយុត្តិធម៌ ប្រសិទ្ធភាព ចីរភាព ​គុណភាព សមភាព ការសន្សំសំចៃ និង​ទាន់ពេលវេលា ស្របតាមឧត្តមានុវត្តអន្តរជាតិ។ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គនាយកដ្ឋាន​លទ្ធកម្មសាធារណៈ ​លើកឡើងថា ​រាជរដ្ឋាភិបាល​ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​កំពុងរៀបចំ​សេចក្តីព្រាងវិសោធនកម្មច្បាប់​ ស្តីពីលទ្ធកម្មសាធារណៈនេះឱ្យបានជោគជ័យ ដោយ​សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ​នឹងជម្រុញរៀបចំឲ្យចប់ក្នុងកម្រិតថ្នាក់ដឹកនាំ ត្រឹម​ដំណាច់​ឆ្នាំ២០២២នេះ ​និងបញ្ជូន​ទៅទីស្តីការគណៈរដ្ឋមន្ត្រី​ នៅក្នុងខែ ​មករា​ ឆ្នាំ ២០២៣ ​ដើម្បីពិនិត្យ និង​អនុម័ត មុននឹងបញ្ជូនបន្តទៅរដ្ឋសភា និងព្រឹទ្ធសភា។សូមបញ្ជាក់ថា អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ​ជាអង្គភាពនៃការគ្រប់គ្រង ធានាដល់​ដំណើរ​លទ្ធកម្ម​សាធារណៈរបស់រដ្ឋ ​ដូចជាការទិញទំនិញ, ​ការសាងសង់, ជួសជុល, ​ការទទួលម៉ៅការ, ការ​ផ្គត់ផ្គង, សេវាទីប្រឹក្សា, ​ផ្នែកសេវាកម្ម, ​ការដាក់ដេញថ្លៃ និងការការគ្រប់គ្រង កិច្ច​សន្យាការងារលទ្ធកម្មសាធារណៈជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ពីថ្ងៃទី១-១០ ខែកញ្ញា ប្រេងម៉ាស៊ូតឡើង៤០០រៀល , ប្រេងសាំងធម្មតា រក្សាតម្លៃដដែល

2022/09/01 10:41:32 am        411
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែកញ្ញា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាមត្រូវលក់តម្លៃ ៤.៧០០រៀល/លីត្រ(តម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៥០០រៀល/លីត្រ(ឡើង៤០០រៀល)។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM
អ៊ីរ៉ាក់នាំចេញប្រេងត្រឹម ១០លានបារ៉ែលប៉ុណ្ណោះតាមច្រកសមុទ្រ Hormuz អំឡុងខែមេសា
05/17/2026 11:05 AM
កម្ពុជា​បញ្ជាក់ជំហរច្បាស់លាស់​ដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រដោយសន្តិវិធី និងច្បាប់​អន្តរជាតិ
05/17/2026 11:05 AM
រុស្ស៊ីបញ្ជូនគ្រឿងផ្គង់ផ្គង់ស្បៀងអាហារសង្រ្គោះបន្ទាន់ដល់សូម៉ាលី ស្របពេលកើតមានវិបត្តិអត់ឃ្លាន
05/17/2026 11:05 AM
លោក Trumpនិយាយពីដំណើរទស្សនកិច្ចទៅកាន់ចិនថា វាគឺជាជោគជ័យដ៏អស្ចារ្យមួយ
05/17/2026 11:05 AM
មន្ទីរអប់រំរាជធានីធ្វើពិធីបោះជំរំក្រុមប្រឹក្សាយុវជនថ្នាក់រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦
05/17/2026 11:05 AM
អគ្គលេខាធិការសមាគមអតីតយុទ្ធជន ដឹកនាំកិច្ចប្រជុំលើបច្ចុប្បន្នភាពសមាជិកស្នើសុំដី ផ្ទះ និងការរៀបចំដីសម្បទានសង្គមកិច្ច
05/17/2026 11:05 AM