មន្រ្តីជាន់ខ្ពស់ CDC និង AmCham ប្តេជ្ញាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ
វិស័យស្រូវអង្ករត្រូវការដើមទុនប្រមាណ ៤០០លាន​ដុល្លារអាម៉េរិក ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​នៅ​ឆ្នាំ​នេះ​
វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះ​នៃការរីក​ចម្រើន​វិស័យ​ឧស្សាហកម្ម
សហគ្រាសអនុវត្តបញ្ជីគណនេយ្យបានល្អ អាចទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម

សេដ្ឋកិច្ច និង កសិកម្ម

សមាគមត្រចៀកកាំសង្ឃឹមថា ការនាំចេញនឹងកាន់តែប្រសើរក្រោយរដ្ឋទទួលស្គាល់ផ្លូវការ

2022/03/10 01:19:39 pm        1353
​​ភ្នំពេញ៖ ខណៈដែលសមាគមត្រចៀកកាំខ្មែរ ត្រូវបានរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការ ដើម្បីអភិវឌ្ឍន៍ក្នុងការផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុកនិងក្រៅ។ ជាមួយគ្នានេះ លោកតំណាងអ្នកចិញ្ចឹមសត្វត្រចៀកកាំ សង្ឃឹមថា នឹងជំរុញការនាំចេញឲ្យកាន់តែល្អប្រសើរជាមុន ជាពិសេសទីផ្សារប្រទេសចិន។ក្នុងកិច្ចសម្ភាសន៍រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីរសៀលថ្ងៃទី៩ មីនា ឆ្នាំ២០២២នេះ លោក ស៊ុយ កុកធាន តំណាងអ្នកចិញ្ចឹមសត្វត្រចៀកកាំ បានឲ្យដឹងថា គោលបំណងបង្កើត​សមាគម​ត្រចៀកកាំនេះឡើង ដើម្បីជំរុញ និងលើកទឹកចិត្តចំពោះការវិនិយោគ​លើការចិញ្ចឹម ​និង​អភិវឌ្ឍន៍​ផ្ទះត្រចៀកកាំ ​ក៏ដូចជាការពង្រឹងគុណភាពផលិតផលពីទឹកមាត់ត្រចៀកកាំ និង​ផ្តល់ការ​សិក្សា​ស្វែងយល់ ដំណោះស្រាយ ចែករំលែកបទពិសោធន៍ និងការស្វះស្វែងរកទីផ្សារនាំចេញ​ទឹកមាត់​ត្រចៀក​កាំទៅទីផ្សារក្រៅប្រទេស ​និងជាពិសេសប្រទេសចិនតែម្តង ដោយសារកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ​នឹងចូលជាធរមាននៅឆ្នាំនេះហើយ ហេតុនេះ​ឱកាសសម្រាប់ការ​នាំចេញ នឹងមានសង្ឃឹមខ្ពស់។លោក បានបន្ថែមថា យើងសង្ឃឹមថា សមាគមនឹងអាចធ្វើការទូលំទូលាយបានច្រើនជាង ថែមទាំង​ផ្តល់ជំនឿ​ដល់ប្រជាកសិករ ​មានន័យថា​ ការបង្កើត​សមាគមមិនមែនបម្រើផល​ប្រយោជន៍​ឲ្យបុគ្គល​ណា​មួយនោះទេ គឺយើងជំរុញឲ្យមានការផ្សព្វផ្សាយបច្ចេកទេស​ទូទៅ​ក្នុងការថែទាំ​ឲ្យបានលទ្ធផល​ល្អ ​ហើយធ្វើយ៉ាងណាយើងផលិតសំបុក ​ឲ្យក្លាយជាសំបុកស្តង់ដារ ព្រោះការ​សិក្សាថ្មីៗនេះ នៅអាស៊ីប៉ាស៊ីហ្វិក ​គឺគេរកឃើញថា សំបុកត្រចៀកកាំ​នៅស្រុកខ្មែរ​យើងគឺមានគុណភាព​ល្អជាងគេ។លោក ស៊ុយ កុកធាន បានឲ្យដឹងថា តាមការស្រាវជ្រាវកន្លងមក ក្នុង១ឆ្នាំៗ ប្រទេសចិនមានតម្រូវ​ការ​ផលិតផល​សំបុក​ត្រចៀកកាំរាប់ពាន់តោន ​ខណៈការផ្គត់ផ្គង់​នៅខ្វះជាង ១ពាន់តោន​ជារៀងរាល់ឆ្នាំ។ ​ទាក់ទិន​និងតម្លៃវិញ ​លោក បានបញ្ជាក់ថា បច្ចុប្បន្នសំបុកត្រចៀកកាំនៅកម្ពុជា មិនទាន់សម្អាត ​គិតជាមធ្យមមានតម្លៃចន្លោះពី ៦៥០ទៅ៧០០ដុល្លារ ក្នុង ១គីឡូក្រាម និង​សម្អាតហើយ​មានតម្លៃចន្លោះពី ១ ៦០០ ទៅជាង ២ ០០០ដុល្លារ ​ខណៈដែលនៅប្រទេសម៉ាឡេស៊ី ផលិតផលសំបុកត្រចៀកកាំមិនទាន់សម្អាត​ មានតម្លៃចន្លោះពី ​៨០០ទៅ១ ០០០ ដុល្លារ៕អត្ថបទ៖ ឈិត បូរ៉ាវី

ពន្ធដារ គ្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យនាពេលខាងមុខ

2022/03/08 12:26:25 pm        569
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលេខកូដ សម្គាល់អចលនទ្រព្យនាពេលខាងមុខ។ តាមរយៈប្រព័ន្ធនេះ គឺមានគោលបំណងដើម្បីឲ្យមានតម្លាភាពសម្រាប់អ្នកបង់ពន្ធ។ ចំពោះក្រុមហ៊ុនសាងសង់បុរី ឬផ្ទះល្វែង បើមិនបង់ពន្ធ មិនអាចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិបានឡើយ។ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីល្ងាចថ្ងៃទី៨ មីនា ឆ្នាំ២០២២កន្លងទៅ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមាន​ប្រសាសន៍​ថា ប្រទេសកាន់តែរីកចម្រើន ​ការស្វែងរកលំនៅឋានឲ្យមានភាពងាយស្រួល ត្រូវតែ​មាន​ប្រព័ន្ធគ្រប់គ្រងទិន្នន័យឲ្យល្អនិងត្រឹមត្រូវ ​ព្រោះថា​បណ្តាប្រទេសផ្សេងៗទៀត គេមានរួចអស់​ទៅហើយ។លោកបន្តថា ជាទូទៅម្ចាស់បុរីភាគច្រើន គាត់បាន​គោរព​តាមគោលនយោបាយបង់ពន្ធទៅ​តាមការ​កំណត់​យ៉ាងល្អប្រសើរ ​ជាពិសេសតាមប្រព័ន្ធ​ទិន្នន័យ​សព្វថ្ងៃនេះ ដែល​រដ្ឋាភិបាល​បានដាក់​ឲ្យ​ប្រើប្រាស់​រួចហើយ ​តាមរយៈ ឃ្យូអរកូដ (QR Code) នៃប្លង់។ដោយឡែកលោកតំណាងឲ្យបុរីសុខសាន្តភ្នំពេញ ​បានឱ្យដឹងថា ​គិតចាប់ពីដំណើរការសាងសង់ផ្ទះ​សម្រាប់​លក់រហូតមកទល់បច្ចុប្បន្ននេះ ​សម្រេច​បានចំនួនប្រមាណជាង ​៣ពាន់ខ្នងផ្ទះហើយ ដោយ​មានការ​បង់ពន្ធយ៉ាង​ត្រឹមត្រូវ​តាមការកំណត់របស់រដ្ឋ ព្រោះថា នេះជាកាតព្វកិច្ចទាំង​អស់គ្នាត្រូវ​តែ​គោរពតាម​ ដើម្បីរួមចំណែកក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ឲ្យកាន់តែរីកចម្រើនថែមទៀត។សូមជម្រាបជូនថា ​នៅក្នុងខែឧសភា ​ឆ្នាំ២០២២ខាងមុខនេះ ​អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឲ្យ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ​នៅ​ពេលដែលក្រុមហ៊ុន ​សហគ្រាស ដែល​សាងសង់ជាបុរី ​ឬសាងសង់ជាផ្ទះ ​បើថា​អត់បានមកបង់ពន្ធ ​ហើយអត់មានលេខ ​Tax QR ​កូដទេ មានន័យថា​ មកកាត់ឈ្មោះលក់អត់ចេញទេ។ដើម្បីមានភាពស្មើគ្នា អគ្គនាយកដ្ឋានពន្ធដារ ​បានរៀបចំកម្មវិធីខាងលើនេះ ​ដោយមាន​ ឃ្យូអរ កូដ រាល់ផ្ទះនីមួយៗ ដែលអភិវឌ្ឍន៍ទៅចេញជាប្រព័ន្ធ ដើម្បីឲ្យដឹងថា ​អ្នកនឹងមកទិញផ្ទះពីម្ចាស់បុរី មានអី ឃ្យូអរ កូដហើយ ​បើអ្នកណាទិញដោយគ្មាន ឃ្យូអរ កូដនេះ ​មានន័យថា ​ម្ចាស់បុរីអត់បង់ពន្ធ និង​អត់បានចុះបញ្ជីនោះទេ៕អត្ថបទ៖ ឈិត បូរ៉ាវី

ការនាំអង្ករកម្ពុជាទៅរុស្ស៊ី អាចរងផលប៉ះពាល់ពីវិបត្តិសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ក្នុងកម្រិត​តិចតួច

2022/03/04 01:40:28 pm        943
ភ្នំពេញ៖ ការនាំអង្ករកម្ពុជាទៅកាន់ប្រទេសរុស្ស៊ី អាចនឹងរងផលប៉ះពាល់ដោយសារវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែផលប៉ះពាល់នេះ មានកម្រិតតិចតួច ដោយសារទីផ្សារប្រទេសរុស្ស៊ី និងអ៊ុយក្រែន ជាទីផ្សារតូចប៉ុណ្ណោះ សម្រាប់អង្ករកម្ពុជា។ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២១ ប្រទេសកម្ពុជា បាននាំអង្ករចេញ ទៅកាន់​ប្រទេសរុស្សី បានចំនួន ១៧ ៥១២តោន។ បរិមាណនាំចេញនេះ មានតិចតួចប៉ុណ្ណោះ ទៅកាន់ប្រទេសរុស្ស៊ីដែលជាប្រទេសធំ ធៀបនឹងប្រទេសអឺរ៉ុប និងទីផ្សារប្រទេសដទៃទៀត។របាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹង​ទៀតថា សម្រាប់ឆ្នាំ២០២១ បរិមាណអង្ករកម្ពុជាដែលបានលក់​ ទៅកាន់ប្រទេសរុស្សីមាន ចំនួន ២,២២៣តោន ដែលគិតជាទឹកប្រាក់មានចំនួន ១ ៩៦៣ ៦៤០ ដុល្លារសហរដ្ឋអាមេរិក។របាយការណ៍ បានបន្ថែមទៀតថា សម្រាប់ខែមករា និងខែកុម្ភៈ នៃឆ្នាំ២០២២ បរិមាណអង្ករ​ដែល​បាន​នាំចេញ ទៅកាន់ប្រទេសរុស្សី ​មានចំនួនត្រឹមតែ២០០តោន ដែលគិតជាទឹកប្រាក់មាន​ចំនួន ២០០ ៦៤០ដុល្លារសហរដ្ឋអាមេរិក។ដោយឡែកការនាំអង្ករចេញ​ ទៅកាន់ប្រទេសអ៊ុយក្រែន បានបរិមាណតិចតួចបំផុតត្រឹមតែ ៥៧២តោន​តែប៉ុណ្ណោះ ក្នុងរយៈពេល៥ឆ្នាំ។បើតាមយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ​សង្គ្រាមរវាងរុស្ស៉ី ​និងអ៊ុយក្រែន អាចមានបញ្ហាទៅ​លើអង្ករកម្ពុជា បើសិនជាមានទណ្ឌកម្មច្រើន ទៅលើប្រទេសរុស្ស៉ី ពិសេសទណ្ឌកម្មលើប្រព័ន្ធ​ធនាគារ​ដែល​ពិបាកធ្វើការទូទាត់។ទោះបីជាយ៉ាងនេះក្ដី​ ដោយសារតែទីផ្សារអង្កររបស់កម្ពុជា​ ទៅប្រទេសរុស្សី ​មានបរិមាណតិចតួច ដែល​មានត្រឹមប្រមាណជាង ២ពាន់តោន ក្នុងមួយឆ្នាំប៉ុណ្ណោះ ​ការប៉ះពាល់ស្ថិតក្នុងរង្វង់តិចតួច៕ អត្ថបទ៖ វណ្ណៈ

ឆ្នាំ២០២១ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា មានទំហំទឹកប្រាក់កើនដល់ជាង ១ម៉ឺនលានដុល្លារ

2022/03/04 12:52:51 pm        514
ភ្នំពេញ៖ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០២១ កន្លងទៅ ការនំាចេញផលិតផលកាត់ដេរមានចំនួនប្រមាណជាង ១ម៉ឺន១ពាន់លាន ដុល្លារអាម៉េរិក (១១,៣៨៩.៦លានដុល្លារ) កើនឡើងប្រមាណ ១ ៥០០ លានដុល្លារ ស្មើនឹងប្រមាណជាង ១៥ភាគរយ។ក្នុងជំនួបការងារកាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ​បានជម្រាបជូនឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជ្រាបថា ក្នុងចំណោមការនាំចេញ​ផលិតផល​កាត់ដេរទាំងនោះ ​សម្រាប់ផលិត​សំលៀកបំពាក់​មាន​ចំនួនជាង ៨ពាន់លាន, ស្បែកជើង​ចំនួនជាង ១ ៣០០លានដុល្លារ ​និងផលិតផលធ្វើដំណើរចំនួនជាង ១ ៤០០លានដុល្លារ ក្រៅពីនេះ គឺជា​ផលិតផល​វាយនភណ្ឌ​ផ្សេងៗទៀត។បច្ចុប្បន្នសមាគមមានសមាជិកជារោងចក្រកាត់ដេរ​សំលៀកបំពាក់​ចំនួន ៤៦២ ផលិតស្បែកជើង​ចំនួន១៣ និងផលិតផលធ្វើដំណើរចំនួន៩២។ លោក បានបន្តថា តាំងពីដើមរហូតមកនេះ ក្រសួងការងារនៅតែជាក្រសួងពាក់ព័ន្ធសំខាន់ទីមួយ សម្រាប់​វិស័យកាត់ដេរ ​ដែល​ជាវិស័យ​អតិពលកម្ម។បើវិស័យការងារមានភាព​ច្របូកច្របល់​ហើយនោះ ​វិស័យនេះ ​នឹងមិនមាន​និរន្តរភាព និងកំណើន​បានឡើយ ​ទោះបីជាផ្នែកផ្សេងទៀតល្អយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ ការ​សម្របសម្រួល​បង្កើតបាននូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈមួយ​ដែលល្អប្រសើរ និង​មានភាពចាស់ទុំ ​នាំមកនូវស្ថេរភាពផលិតកម្ម។​ ក្នុងអំឡុងពេលកូវីដនេះ គោលនយោបាយ​ចាក់វ៉ាក់សាំង​ដ៏ត្រឹមត្រូវរបស់សម្តេច​នាយក​រដ្ឋមន្រ្តី រួម​នឹង​ការ​ជួយ​ជ្រោមជ្រែង​ពីសំណាក់​ក្រសួង​ការងារ ​បានធានាដល់ស្ថេរភាព​ផលិតកម្ម ​និង​កំណើននៃការនាំចេញ។ លើកឡើងក្នុងជំនួបនោះ ​ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសាទរចំពោះសមាគមដែល​សម្រេច​បាន​ល្អប្រសើរ ​អាចបង្កើននូវប្រសិទ្ធភាពការងារបន្តទៀត​សម្រាប់​សមាគម ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច ​និងការនាំចេញ។​ ដោយសារតែមានករណីកើនឡើង​នូវជំងឺ​បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដូច្នេះ​ទាមទារ​ឲ្យខាងសមាជិករបស់​សមាគម ​ដែលមានរោងចក្រ សហគ្រាសកំពុងដំណើរការ​អាជីវកម្ម​សព្វថ្ងៃនេះ​អនុវត្តឲ្យបានល្អនូវគោលការណ៍​ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួង​ឲ្យបានខ្ជាប់ខ្ជួន ក្នុងការរក្សាបាននូវដំណើរការចង្វាក់ផលិតកម្ម ព្រមទាំងរក្សាការងារជូនកម្មករ​និយោជិត​របស់យើង ​ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ជំរុញឲ្យមានសហគមន៍​សុខសាន្ត​នៅតាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន តាមរយៈបង្កើនទំនាក់ទំនងល្អ ​យោគយល់គ្នារវាងថៅកែ និងកម្មករនិយោជិត​ ដើម្បីជាផលប្រយោជន៍រួម។ ឯកឧត្តម លើកឡើងបន្តថា ​តាមរយៈកិច្ចពិភាក្សា ​និងស្តាប់យោបល់គ្នាទៅវិញទៅមក ដើម្បីរួមគ្នា​ភាព​ជា​ដៃគូ​រវាងក្រសួងការងារ ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ ជាមួយ​សមាគមរោងចក្រកាត់ដេរ​នៅ​កម្ពុជា ដែលអាចដោះស្រាយនូវបញ្ហានានាបន្តទៀត ជាពិសេសនៅក្នុងបរិបទកំណើន​នៃ​ការ​បញ្ជាទិញ​គឺកើនឡើងខ្ពស់ ​បណ្តា​ឲ្យខ្វះខាតនូវកម្លាំងពលកម្ម៕អត្ថបទ៖ ឈិត បូរ៉ាវី 

វិស័យទេសចរណ៍កម្ពុជា អាចរងផលប៉ះពាល់បើវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បន្តរយៈពេលវែង

2022/03/04 11:48:31 am        469
ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យទេសចរណ៍ អះអាងថា វិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មិនទាន់បង្កើនបន្ទុក ឬប៉ះពាលដល់វិស័យទេសចរណ៍កម្ពុជានោះទេ។ ប៉ុន្តែបើសង្គ្រាមនៅតែបន្តអូសបន្លាយយូរ និងរាលដាលទៅបណ្តាប្រទេសនានាទៀតនៅអឺរ៉ុប នោះវានឹងបង្កការប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា មកពីប៉ែកខាងអឺរ៉ុប។តំណាងសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិចPATA ប្រចាំនៅកម្ពុជា លោក ធួន ស៊ីណាន បានថ្លែង​ប្រាប់BTVនៅថ្ងៃទី៤ ខែមីនានេះថា ខណៈដែលវិបត្តិសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី បាននិងកំពុងកើត​ឡើង ​បច្ចុប្បន្ន​នេះ មិនទាន់បង្កការប៉ះពាលខ្លាំងបន្ថែមទៀត​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា ។លោក ថ្លែងថា បើសង្គ្រាមនេះ បន្តការអូសបន្លាយយូរ និងរាលដាលដល់បណ្តាប្រទេសនៅប៉ែក​ខាងអឺរ៉ុបទៀតនោះ ​វាពិតណាស់ ​នឹងបង្កប៉ះពាលដល់វិស័យទេសចរណ៍កម្ពុជាធ្ងន់ធ្ងរ ខណៈកម្ពុជា​បច្ចុប្បន្នក៏មានតម្រូវការភ្ញៀវមកពីអឺរ៉ុបច្រើនហើយបច្ចុប្បន្នបណ្តាការីទេសចរណ៍នៅកម្ពុជា ក៏បាននិងកំពុង ចងក្រងទំនាក់ទំនាក់ពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍​ជាមួយបណ្តា​ប្រទេស​នៅអឺរ៉ុបឡើងវិញ ​បន្ទាប់​ពីរង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ពីរាតត្បាតកូវិដ១៩។លោក ធួន ស៊ីណាន បន្តថា តាមការគត់សំគាល់ ​នៅកម្ពុជា​ ពុំសូវមានជនជាតិរុស្ស៊ី និងអ៊ុយក្រែន​មក​ប្រកបអាជីវកម្មទេសចរណ៍នៅកម្ពុជាទេ ប៉ុន្តែកន្លងមក​កម្ពុជា​ក៏​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ខ្លះជាជនជាតិរុស្ស៊ីខ្លះៗដែរ តែពុំមានធ្វើអាជ្ញាប័ណ្ណប្រកបអាជីវកម្មនោះទេ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា យល់ឃើញ​ស្រដៀងគ្នានេះ។ ទេសចរ​ជាសកល ​មិនទាន់ធ្វើដំណើរច្រើនដោយសារកូវីដ ហើយទេសចរមកពី​អឺរ៉ុប​ក៏មិនទាន់មានច្រើន ខណៈបច្ចុប្បន្នកម្ពុជា​កំពុងមានតែភ្ញៀវទេសចរ​នៅក្នុងតំបន់ និង​នៅ​តំបន់អាស៊ីប៉ាស៊ីភិចច្រើនមកទស្សនាកម្ពុជា។ដោយឡែកបើតាមឯកឧត្តម ជា អូន អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងថា សង្គ្រាមរុស្ស៊ី​ និងអ៊ុយក្រែន​ មិនបង្កការប៉ះពាល់​ជើងហោះហើរដឹកអ្នកដំណើរ​អន្តរជាតិមកកម្ពុជា ដោយសារបច្ចុប្បន្នកម្ពុជា ​មិន​មានជើង​ហោះហើរ​ត្រង់​មក​ពីអឺរ៉ុប​ស្រាប់​ទៅ​ហើយ ហើយ​ទេសចរ​និងអ្នកដំណើរមកពីអឺរ៉ុប​ និងរុស្ស៊ី ​ភាគច្រើនគឺបន្តដំណើរមក​ពី​សឹង្ហបូរី​ ម៉ាឡេស៊ី និង​ប្រទេសថៃ​ជាដើម ក្នុងនោះក៏មានភ្ញៀវទេសចររុស្សីមួយៗ​មកទស្សនា​ទៅ​ខេត្តសៀមរាបផងដែរ៕ អត្ថបទ ស៊ុម សុខជា 

ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម មានចំនួន ៩.៥៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១

2022/03/03 01:20:03 pm        725
ភ្នំពេញ៖ ជញ្ជីងពាណិជ្ជកម្មនៃប្រទេសកម្ពុជា​ និងវៀតណាម មានប្រមាណ ៩.៥៣ ពាន់លានដុល្លារ ទោះបីមានវិបត្តិកូវីដ១៩ក៏ដោយ តែនៅរក្សាកំណើនគួរកត់សម្គាល់ ។ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ង្វៀង ហ៊ុយ តាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ មានប្រសាសន៍ថា ជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ទោះបីមានវិបត្តិកូវីដ១៩ ក៏ដោយ តែនៅរក្សាកំណើនគួរកត់សម្គាល់ ។ជាក់ស្តែង នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ មានប្រមាណ ៥.៣ពាន់លានដុល្លារ​អាមេរិក និងឆ្នាំ២០២១ មានចំនួន ៩.៥៣ពាន់លានដុល្លារ យើងសង្ឃឹមថា ​នៅឆ្នាំ២០២២នេះ នឹង​មានការកើនឡើង​ថែមទៀត ។ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា វៀតណាម បានផ្តោតការយកចិត្តទុកដាក់ ទៅលើការពង្រឹង​ពង្រីក​ទំនាក់ទំនង​ និងកិច្ចសហប្រតិតបត្តិការលេវិស័យ ​ឧស្សាហកម្ម វិទ្យាសាស្ត្រ ​និងបច្ចេកវិទ្យា រវាងកម្ពុជា-វៀតណាម ។ជាការឆ្លើយតប ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ នៃ​ទំនាក់ទំនង​ដ៏ល្អរវាង​ប្រទេសទាំងពីរ និងគាំទ្រចំពោះសំណើរលើកឡើងរបស់ភាគីវៀតណាម​ខាងលើ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា ​ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ​របស់កម្ពុជា​ បច្ចុប្បន្ន ​ត្រូវ​ធ្វើការងារ​ជាមួយ​សមភាគីវៀតណាម​ចំនួនពីស្ថាប័ន គឺ​ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម និងក្រសួង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាម៕អត្ថបទ៖ វណ្ណៈ

កម្ពុជា និងអូម៉ង់ឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ

2022/03/03 11:29:24 am        754
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេស អូម៉ង់ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សំដៅបន្តលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីនាពេលខាងមុខ។លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២ មីនា ឆ្នាំ២០២២នេះ បានទទួលជួបឯកឧត្តម សាឡិច ម៉ូហាម៉េត អាម៉េតអាយស៊ូគ្រី (Saleh Mohamed Ahmed Al Suqri) ឯកអគ្គរាជទូតតែង​តាំង​ថ្មី​ នៃប្រទេសអូម៉ង់ ប្រចំាកម្ពុជា។ក្នុងជំនួបនេះ លោកជំទាវ តឹករ៉េត កំរង បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈ​បេសកកម្មការ​ទូត​ដ៏​មាន​អត្ថន័យ​ជាមួយ​នឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ​ កម្ពុជា និងអូម៉ង់នឹងមានលទ្ធភាព​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជា​ពង្រីក​កិច្ចសហប្រតិបត្តិការឱ្យកាន់​តែខ្ពស់​មួយកម្រិតទៀត។ ទន្ទឹមនេះលោកជំទាវ បានជម្រាបជូនពីកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ បទដ្ឋានគតិយុត្ត និង​គោលនយោបាយ​នានា​ ដែល​ទ្រទ្រង់​ដល់​ធុរជន ​និង​វិនិយោគិន​គ្រប់ទី​មជ្ឈដ្ឋាន ជាក់ស្តែង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី ​ដែលសម្រេចបានក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និង​ក្របខណ្ឌអាស៊ានបូកដៃគូ ​និងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ លោកជំទាវ បានលើកទឹកចិត្តវិនិយោគិនអូម៉ង់ចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាម​រយៈការ​បង្កើត​ផលិតកម្ម ​ការ​ចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ ​និងការវិនិយោគលើផលិតផល​សក្តានុពល​របស់កម្ពុជា រួមមាន៖ អង្ករ កៅស៊ូ ចេក ស្វាយ គ្រឿងអេឡិចត្រូនិច ទំនិញសម្រាប់ការធ្វើដំណើរ និងវាយនភ័ណ្ឌ។-ល-។ជាការ​ឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់​ពីការប្តេជ្ញាខ្ពស់របស់ភាគីអូម៉ង់ ដើម្បី​លើក​ស្ទួយ​ទំនាក់ទំនង​ទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជា​ពិសេស​ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ​កំពង់ផែ​អន្តរជាតិ​ និងសភាពាណិជ្ជកម្ម។ គិតក្នុងឆ្នាំ២០២០​ និង២០២១​ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូម៉ង់​ សម្រេចបានប្រមាណ ៥,៥លាន​ដុល្លារអាម៉េរិក​។ បើទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិត ប្រទេសទាំងពីរមានសក្តានុពល​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្មគួរឱ្យកត់សម្គាល់​ ដែលអាចបំពេញ​ឱ្យគ្នាទៅវិញ​ទៅមក និងផ្តល់នូវ​កាលានុវត្តភាព​ក្នុងការ​ជំរុញទំហំពាណិជ្ជកម្ម ​និង​វិនិយោគទ្វេភាគី​ឱ្យកាន់តែប្រសើរ​ឡើង​នាពេលអនាគត៕អត្ថបទ ឈិត បូរ៉ាវី 

ពាណិជ្ជកម្មកម្ពុជា-អូស្រ្តាលី មានទំហំទឹកប្រាក់ជាង ៣០០លានដុល្លារ ក្នុងឆ្នាំ២០២១

2022/03/03 11:21:24 am        660
ភ្នំពេញ៖ ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីគិតត្រឹមបំណាច់ឆ្នាំ២០២១ កន្លងទៅ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៣២៤លានដុលា្លរ កើនទ្បើង ៥២ភាគរយធៀបនឹងឆ្នាំ២០២០។ទិន្នន័យពាណិជ្ជកម្មទេ្វភាគីនេះ ត្រូវបានលើកក្នុងកិច្ចប្រជុំ រវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ កាទ្រីណា ខូភើ (Katrina Cooper) អនុលេខាធិការទទួល​បន្ទុក​អាស៊ីអគ្នេយ៍​ និងក្រុមដៃគូសកលនៃក្រសួងការបរទេស និង​ពាណិជ្ជកម្មអូស្រ្តាលី ​អមជាមួយឯកឧត្តម ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរាជទូតអូស្រ្តាលី​ប្រចាំកម្ពុជា ​និងសហការី កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។ឯកឧត្តម ប៉ាន សូរស័ក្ដិ បានជម្រាបជូនភ្ញៀវ អំពីវឌ្ឍនភាពនៃការរៀបចំ​បញ្ជី​សមិទ្ធផលសេដ្ឋកិច្ច​អាទិភាព​របស់កម្ពុជា ​ក្រោម​សសរស្ដម្ភសហគមន៍​សេដ្ឋកិច្ចអាស៊ានស្របតាមមូលបទ៖ អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ក្នុងនោះ ក៏បានសង្កត់ធ្ងន់លើការជំរុញ និងពន្លឿននូវកិច្ចខិតខំប្រឹងប្រែងសំដៅស្តារឡើងវិញលើគ្រប់វិស័យ ដើម្បីកសាងសហគមន៍អាស៊ាន​ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរ​យោបល់គ្នា​លើការអនុវត្តកិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និងកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងអាស៊ាន-អូស្រ្តាលី-នូវែលស្សេឡង់ (AANZFTA) ដែលកម្ពុជា ​និងអូស្រ្ដាលីជាសមាជិកផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាព​ជាដៃគូមេគង្គ​និងអូស្រ្តាលី (Mekong-Australia Partnership) និង​ការ​គាំទ្រ​របស់​អូស្រា្តលី​សម្រាប់សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាពរបស់កម្ពុជា។ក្នុងឱកាសនោះ ភាគីអូស្រ្តាលី បានអបអរសាទរចំពោះការ​រីកចម្រើន​ពាណិជ្ជកម្មទ្វេភាគី និង​ប្តេជ្ញា​បន្តជំរុញកំណើនពាណិជ្ជកម្ម និង​វិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ​ លោកជំទាវ​ក៏បានបញ្ជាក់ពីការគាំទ្ររបស់អូស្រ្តាលីចំពោះកម្ពុជា ក្នុងនាម​ជាប្រធាន​អាស៊ាន​ឆ្លាស់វេនឆ្នាំ២០២២​ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាង​ជិតស្និទ្ធ​ជាមួយកម្ពុជា សំដៅអាច​សម្រេច​បាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ៕អត្ថបទ ឈិត បូរ៉ាវី

តម្លៃដឹកជញ្ជូនក្នុងស្រុក ​មិនទាន់រងផលប៉ះពាល់ពីការកើនតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ

2022/03/02 05:46:00 pm        850
ភ្នំពេញ៖ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានអះអាងថា គិតក្នុងរយៈពេល២ខែកន្លងមកនេះ ទោះបីជាមើលឃើញថាតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ មានការកើនឡើងខ្ពស់ ប៉ុន្តែវិស័យដឹកជញ្ជូន និងឡូជីស្ទិក (Logistic)នៅក្នុងស្រុក មិនមានការដំឡើងថ្លៃនោះទេ​។នាល្ងាចថ្ងៃទី១ ខែមីនា លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់ថា កន្លងមក រយៈពេល២ខែ នៃឆ្នាំ២០២២នេះ ទោះបីជាប្រេងឥន្ធនៈនៅកម្ពុជាមានការកើនថ្លៃ ក៏មិនទាន់ជះឥទ្ធិពល ឬប៉ះពាល់ច្រើនទេដល់ការដឹកជញ្ជូនក្នុងស្រុក។ សមាគម ក៏ដូចជាអ្នកប្រកបរបរទទួលទានក្នុងវិស័យដឹកជញ្ជូន តែងតែយកចិត្តទុកដាក់​ធ្វើយ៉ាងណា​មិនដំឡើងថ្លៃទេ ​ពោលគឺធ្វើឲ្យអ្នកប្រើប្រាស់​ គាត់​នៅមានការប្រើប្រាស់ជាធម្មតា។ ទោះជាយ៉ាង​ណា ​ការប្រែប្រួលនេះ ​ធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនដឹកជញ្ជូនធ្លាក់ចុះ។ លោក បានបន្ថែមថា ក្នុងពេលខាងមុខ ​ប្រសិនបើតម្លៃប្រេងនៅតែបន្តកើនថ្លៃ ​សមាគម​លោក នឹង​ពិចារណាជាថ្មីលើតម្លៃដឹកជញ្ជូន ​ព្រោះថា ​ក្រុមហ៊ុនដឹកជញ្ជូន ​មិនអាចទប់នឹងប្រតិបត្តិការបានទេ។សូមជម្រាបជូនថា ពាក់ព័ន្ធនឹងតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ​គិតពីថ្ងៃទី១ ដល់១៥​ ខែមីនា ឆ្នាំ២០២២ ​សម្រាប់ប្រេងសាំងធម្មតាថ្លៃ ៤ ៨០០រៀល ក្នុង១លីត្រ។​ រីឯប្រេងម៉ាស៊ូតថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រ។ ខណៈដែល ២សប្តាហ៍ដូចគ្នា ​នៅដើមខែមករា​ (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២) ​ប្រេងសាំងធម្មតាត្រូវដាក់លក់ក្នុងតម្លៃ ៤ ២០០រៀល។ ដោយឡែក ប្រេង​ម៉ាស៊ូត​តម្លៃត្រឹមតែ ៣ ៨០០រៀល នៅក្នុង១លីត្រ។ ជុំវិញបញ្ហានៃការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានេះ​ ក្រសួងពាណិជ្ជកម្ម ​បានបញ្ជាក់ថា គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ ​នៃប្រេងតាមទីផ្សារអន្តរជាតិ​មកគណនាតាម​ប្រកាស​ដូចមាន​ក្នុងឯកសារតែប៉ុណ្ណោះ៕ អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា-ឆែក ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

2022/03/02 02:00:09 pm        626
ភ្នំពេញ៖ បើទោះបីជារងផលប៉ះពាល់នៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ប្រទេសឆែកនៅតែជាទីផ្សារដ៏សំខាន់មួយក្នុងសហភាពអឺរ៉ុប សម្រាប់ផលិតផលកម្ពុជា។ ក្នុងនោះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឆែក សម្រេចបានក្នុងរង្វង់ ៨០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ហើយរំពឹងថា នឹងមានភាពប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ។ក្នុងជំនួបការងាររវាងឯកឧត្តម ម៉ាទីន វ៉ាវរ៉ា(Martin VÁVRA) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​នៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា ​កាលពីថ្ងៃទី១​ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ​ក្រសួង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ​បានថ្លែងកោតសរសើរពីចំណងមិត្តភាព និងទំនាក់ទំនង​ដ៏ល្អប្រពៃណីរវាងប្រទេសទាំងពីរ​ ប្រជាជននៃភាគីទាំងពីរ ព្រមទាំងកិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នានាពេលកន្លងមក ​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ​សក្តានុពល​នានា​ ជាពិសេសវិស័យពាណិជ្ជកម្ម ​ដោយផ្តោតលើទំនិញអង្ករ ​ការ​កែច្នៃ​ម្ហូបអាហារ និង​ការ​កែច្នៃ​ និងវេចខ្ចប់ផ្លែឈើកម្ពុជា។ជាកិច្ច​ឆ្លើយតប ​ភាគីឆែក បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្ដី ក្នុងការបង្ហាញជំហរគាំទ្រ​លើ​បេសកកម្មរបស់ស្ថានទូតឆែកនៅកម្ពុជា ​ព្រមទាំង​បាន​បង្ហាញពីសេចក្តីសោមនស្សរីករាយចំពោះ​កិច្ច​ខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ​ដែល​មានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ចតាមរយៈការធ្វើកំណែទម្រង់ច្បាប់ ​បទបញ្ញត្តិ ​និងស្ថាប័ន ដែលនឹងជួយជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរបន្ថែមទៀត។ក្នុងឱកាសនោះ ភាគីទាំងពីរបានលើកឡើងពីផល​ប៉ះពាល់​នៃស្ថានការណ៍ជំងឺ​រាតត្បាតសកល ដែល​កំពុងជះ​ឥទ្ធិពល​អវិជ្ជមាន​លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់​ តម្រូវការក្នុងតំបន់​ និងសកលលោក ដែលនាំ​ឱ្យមាន​ការ​ប៉ះពាល់​ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី បានជឿជាក់​យ៉ាង​មុតមាំ​ថា ជាមួយនឹងការឈានទៅរកគន្លងប្រក្រតីភាពថ្មី​តាម​រយៈការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ​យ៉ាង​មានប្រសិទ្ធិភាព​នៅកម្ពុជា ​គួបផ្សំជាមួយ​នឹង​សមិទ្ធផល​សំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្មដែល​ក្រសួងពាណិជ្ជកម្មកម្ពុជា​សម្រេចបានថ្មីៗនេះ ដូចជា​កិច្ចព្រមព្រៀងស្ដីពីភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់​ (RCEP) កិច្ចព្រមព្រៀង​ទ្វេភាគី ​កម្ពុជា-ចិន ​និងកម្ពុជា-កូរ៉េ ​ព្រមទាំងតួនាទី​ជាប្រធានអាស៊ានរបស់កម្ពុជាផងនោះ ធុរជន និង​វិនិយោគិនឆែក នឹងអាចទាញយកនូវអត្ថប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាព​ទីផ្សារកាន់​តែទូលំទូលាយ​ ក្នុងបរិយាកាសធុរកិច្ច និងវិនិយោគល្អ ដែលនឹងអាចឈាន​ដល់ការបង្កើន​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀតនាពេលអនាគត។សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ឆែក ​សម្រេចបានប្រមាណ ១២៦លានដុល្លារអាមេរិក​ ជាមួយនឹងកំណើន ៣៦% ​បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ប៉ុន្តែ ដោយ​ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ​ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឆែក មាន​ការ​ថមថយ​មកត្រឹមរង្វង់ ៨០លានដុល្លារ ​ក្នុងឆ្នាំ២០២០និងឆ្នាំ២០២១ ​ដែលត្រូវបានរំពឹងថា នឹង​មានភាព​ប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលួចនាំចូលស្ករ.ស ពីថៃ សមត្ថកិច្ចខេត្តកំពតរឹបអូសជាង៦៨តោន និងកំពុងស្វែងរកចាប់ខ្លួនអ្នកពាក់ព័ន្ធ
05/18/2026 06:05 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ យានដ្រូន MQ-9 Reaper របស់អាមេរិក ត្រូវបានបាញ់ទម្លាក់ នៅក្នុងប្រទេសយេម៉ែន
05/18/2026 06:05 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ៖ សុខដុមនីយកម្ម និងជំនឿសាសនា ត្រូវបានពង្រឹងដោយរាជរដ្ឋាភិបាល
05/18/2026 06:05 PM
CDC របស់​អាមេរិក នឹងបង្កើនការឆ្លើយតប​ជាមួយ​ជំងឺអេបូឡា ក្រោយ WHO ប្រកាសអាសន្ន
05/18/2026 05:05 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីស្រាអែលសាងសង់មូលដ្ឋានសម្ងាត់ពីរនៅអ៊ីរ៉ាក់សម្រាប់សង្គ្រាមអ៊ីរ៉ង់
05/18/2026 05:05 PM
ស៊ីរីនឹងចូលរួមជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅទីក្រុងប៉ារីស ដើម្បីបង្ហាញពីឋានៈកាន់តែរីកចម្រើន
05/18/2026 05:05 PM
យោធាចិន​​និយាយថា​​​ខ្លួន​ត្រៀម​ធ្វើការជាមួយអាមេរិក ​ដើម្បី​​លើកកម្ពស់​មិត្តភាព​ប្រកបដោយ​​​ស្ថិរភាព ​និង​​វិជ្ជមាន​
05/18/2026 05:05 PM
ការ​ប្រឆាំង​​លោក Starmer ក្នុង​គណបក្សការងារ ធ្វើឲ្យ​រស់​ឡើង​វិញ​នូវ​ការជជែក​ពីការចូលរួមជាមួយ EU
05/18/2026 05:05 PM
អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកចំការលើ
05/18/2026 05:05 PM
សាខាកាកបាទក្រហមខេត្តស្វាយរៀងទទួលមូលនិធិពីសប្បុរសជន សម្រាប់ថ្ងៃ ៨ ឧសភា
05/18/2026 04:05 PM