មន្រ្តីជាន់ខ្ពស់ CDC និង AmCham ប្តេជ្ញាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ
វិស័យស្រូវអង្ករត្រូវការដើមទុនប្រមាណ ៤០០លាន​ដុល្លារអាម៉េរិក ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​នៅ​ឆ្នាំ​នេះ​
វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះ​នៃការរីក​ចម្រើន​វិស័យ​ឧស្សាហកម្ម
សហគ្រាសអនុវត្តបញ្ជីគណនេយ្យបានល្អ អាចទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម

សេដ្ឋកិច្ច និង កសិកម្ម

ការនាំទំនិញចេញ-ចូលរវាងកម្ពុជា-រុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តសកម្មភាពជាធម្មតា

2022/03/16 11:26:59 am        520
ភ្នំពេញ៖ គិតរហូតមកដល់ពេលនេះ ទោះបីជាកើតឡើងនូវបញ្ហាជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីយ៉ាងណាក៏ដោយ ក៏មិនមានផលប៉ះពាល់ដល់ការនាំចេញ-នាំចូល រវាងប្រទេសកម្ពុជា-ប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៉ីទេ ពោលគឺនៅតែបន្តសកម្មភាពជាធម្មតា។ នេះតាមការលើកឡើងរបស់មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។នៅក្នុង​សន្និសីទ​កាសែត កាលពីកន្លងទៅនេះនៅរាជធានីភ្នំពេញ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​បានមានប្រសាសន៍ថា ជុំវិញ​បញ្ហាសង្គ្រាមរវាងប្រទេសទាំងពីរ រុស្ស៊ី និងអ៊ុយក្រែន ​មិនទាន់ជះផលអាក្រក់ ឬវិជ្ជមាន​មកដល់កម្ពុជាទេ លើកលែងតែតម្លៃប្រេងឥន្ធនៈប៉ុណ្ណោះ ​ដោយសារបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី។ ឯកឧត្តម បានបន្តថា មកដល់ពេលនេះ ការនាំទំនិញចេញ-ចូលរបស់​កម្ពុជា​ទៅកាន់ប្រទេសរុស្សី​នៅ​តែធម្មតា ហើយសម្រាប់ប្រទេសអ៊ុយក្រែន ​ក៏នៅតែធម្មតាដូចគ្នា ​និងនៅតែបន្តសកម្មភាពជាធម្មតា ដោយអត់មានប៉ះពាល់នោះទេ។ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់បន្ថែមជុំវិញតម្លៃប្រេងឥន្ធនៈថា កាលពីសប្តាហ៍កន្លងទៅ ប្រេង​ឆៅមានតម្លៃ ១៣១ដុល្លារ ក្នុង១បារ៉ែល​ ហើយសប្តាហ៍បន្ទាប់ថ្លៃ​ ១៤៥ដុល្លារ ក្នុង១បារ៉ែល ហើយ​អាច​បន្តបន្ទាប់ទៀតនឹងឡើងខ្ពស់ជាងនេះ។ ឯកឧត្តម បានបន្ថែមថា បញ្ហានេះ គឺជារឿងមួយដែលរដ្ឋាភិបាលយកចិត្ដទុកដាក់ ​ហើយសង្ឃឹមថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ​នឹងបញ្ចប់ឆាប់ៗ។ដូច្នេះអ្វីៗនឹងត្រឡប់​មករកប្រក្រតីភាព​វិញ​នៅ​ពេល​ឆាប់ៗនេះ។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ​បានឱ្យដឹងថា ​គិតត្រឹមឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី​ មានចំនួនជាង ៩៤លានដុល្លារ ​កើនឡើងជាង ​៣០លានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២០២០ ​ដែលមានជាងមានចំនួនជាង ៦៣លានដុល្លារអាម៉េរិក។ ដោយឡែក ​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ុយក្រែន ​កាលពីឆ្នាំ២០២១ ​មាន​ចំនួនជាង ៨.៥៦ លានដុល្លារ ​ក្នុងនោះ​កម្ពុជានាំចេញទៅអ៊ុយក្រែន​ចំនួនជាង ៦លានដុល្លារ និងនាំចូល​ពី​អ៊ុយក្រែន​ចំនួន ២.៤លានដុល្លារ៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា-សិង្ហបុរី ឯកភាពគ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​បន្ថែម​ទៀត

2022/03/15 01:30:35 pm        468
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំនេះ។ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច​អាស៊ាន​និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ​និងឯកឧត្តម Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​និងឧស្សាហកម្មសិង្ហបុរី ​កាលពីថ្ងៃទី១៤ ខែមីនា បានពិភាក្សាផ្តោត​សំខាន់​លើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម​កម្ពុជា-សិង្ហបុរី និង​ជាពិសេសការ​ត្រៀមខ្លួន​របស់កម្ពុជា​ក្នុងការរៀបចំ និងដឹកនាំ​កិច្ចប្រជុំចង្អៀត ​រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨​ (28th AEM Retreat) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ និង១៧ ខែមីនាខាងមុខ។ប្រភពខាងលើ បានឲ្យដឹងទៀតថា ភាគីទាំងពីរ ​បានផ្លាស់ប្ដូរយោបល់​បឋម​លើ​របៀប​វារៈមួយចំនួន ដែល​គ្រោង​ នឹងលើកយក​ទៅពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតនោះ រួមមាន៖ ការតាមដាន​កិច្ចការបន្ត ស្របតាមលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ ​និង៣៩, ការ​ផ្លាស់ប្តូរ​មតិយោបល់​អំពី​កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ​និង​វឌ្ឍនភាពការងារ​របស់អាស៊ាន​ក្នុង​ការឆ្លើយតបនឹងវិបត្តិកូវីដ-១៩ និងការពិភាក្សាអំពីយុទ្ធសាស្ត្រអាស៊ាន​ក្នុងការបង្កើន​ទំនាក់ទំនង​កាន់​តែប្រសើរជាមួយ​នឹងប្រទេសដៃគូអាស៊ាន ជាពិសេសដើម្បីពន្លឿន​ការ​បញ្ចប់​ការ​ចរចា​ធ្វើ​ឱ្យប្រសើរឡើង​នៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ឱ្យបានទាន់​ពេលវេលាកំណត់ ជាដើម។ល។ ជាការឆ្លើយតប ភាគីសិង្ហបុរី បាន​បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម​កម្ពុជា-សិង្ហបុរី​ ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការ​ផ្តល់​កិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជាឱ្យទទួល​បានជោគជ័យ នាពេលដែលកម្ពុជា​ធ្វើ​ជាប្រធានអាស៊ាន ជា​ពិសេសកិច្ចប្រជុំចង្អៀត​ខាងមុខក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ​នឹង​បញ្ចប់​ដោយរលូន ប្រកប​ដោយលទ្ធផលជោគជ័យ និងជាទីមោទនៈ។យោងតាម​ទិន្នន័យ​ពីក្រសួងពាណិជ្ជកម្ម ​ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា​ និងសិង្ហបុរី ​មានទំហំ​សរុប ៤,៣៧ ​ប៊ីលានដុល្លារ ក្នុងរយៈពេល ១០ ខែឆ្នាំ ​២០២១ ​កើនឡើង ៥១,២៧ ភាគរយធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕អត្ថបទ៖ឈិត បូរ៉ាវី

ការកំណត់ថ្លៃប្រេងឥន្ធនៈនៅកម្ពុជា នឹងត្រូវធ្វើឡើងនៅរៀងរាល់១០ថ្ងៃម្តង

2022/03/15 01:16:30 pm        890
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា នៅពេលខាងមុខនេះ ក្រសួងនឹងធ្វើជូនដំណឹងស្តីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយពី ១៥ថ្ងៃម្តង មកត្រឹម ១០ថ្ងៃម្តងវិញ ដើម្បីផ្លាស់ប្តូរការប្រែប្រួលនូវតម្លៃប្រេង និងដើរឲ្យទាន់នៃការឡើងចុះនៃតម្លៃប្រេងឥន្ធនៈ។នៅក្នុង​សន្នីសីទ​សារព័ត៌មាន កាលពីព្រឹកថ្ងៃទី ១៤មីនា ឆ្នាំ២០២២កន្លងទៅ ​ឯកឧត្តមរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍ថា ​ដោយសារ​ជម្លោះរវាង​អ៊ុយក្រែន-រុស្ស៊ី ​និង​បញ្ហា​ទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី​ទៅ​កន្លែង​ផ្សេងៗ ​ក៏​ជះ​ឥទ្ធិពល​ខ្លះ​ដែរ​ទៅ​ដល់​ការ​ប្រែប្រួល​តម្លៃ​ប្រេងឥន្ធនៈ។ឯកឧត្តម បានបន្តទៀតថា ​បច្ចុប្បន្ននេះ ​តម្លៃប្រេង គឺមានការ​ប្រែប្រួល​ឡើង​ចុះ​លឿន​ណាស់ ​ដូច​នេះ ​ហើយការផ្លាស់ប្តូរការជូនដំណឹង​ខាងលើជាវិធានការបឋមបំផុត ​ដើម្បីផ្តល់​ជូនភាព​ឈ្នះ-ឈ្នះ​ដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈ ​និងវិស័យឯកជន។ជាមួយគ្នានេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​លើកឡើងថា ទាក់ទង​បញ្ហា​ប្រេងឥន្ធនៈ គឺរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ ​ថែមទាំង​រៀបចំ​កិច្ចប្រជុំរវាង​វិស័យរដ្ឋ និង​ឯកជន​ដើម្បីពិភាក្សាគ្នាលើការកំណត់ថ្លៃប្រេង​នេះផងដែរ ​ដោយ​លទ្ធផលទទួល​បានការឯកភាពគ្នា ស្រុះស្រួលគ្នា​ ក្នុងការកំណត់រយៈពេល ១០ថ្ងៃវិញម្តង ។គិតចាប់ដើមខែមករា​ រហូត​មកទល់ខែមីនា ​ឆ្នាំ២០២២នេះ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បាន​កើន​ឡើង​ជាបន្ត​បន្ទាប់​រហូតថ្លៃ ៤ ៨០០រៀល ​ក្នុង១លីត្រ ​សម្រាប់​ប្រេងសាំង​ធម្មតា និងថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត។ ដោយឡែក ​ប្រេងសាំង​ស៊ុបពែរថ្លៃ ​៥ ៣៥០រៀល ក្នុង១លីត្រ។ ​រីឯ​តម្លៃហ្គាសថ្លៃ ២ ៩០០រៀល ក្នុង១លីត្រ៕អត្ថបទ៖ ឈិត បូរ៉ាវី

ពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង ៥១២លានដុល្លារអាមេរិក​ ក្នុងរយៈពេលពីរខែ

2022/03/15 12:53:11 pm        851
ភ្នំពេញ៖ រយៈពេល២ខែ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង ២ ០៧៤ ប៊ីលានរៀល ត្រូវប្រមាណជាង ៥១២ លានដុល្លារ កើនឡើង ២២,៦៩ភាគរយ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បង្ហាញក្នុងកិច្ចប្រជុំ​បូកសរុបលទ្ធផល​ប្រមូលចំណូល​ពន្ធ​ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ថា ជុំវិញការ​អនុវត្តចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ ​សម្រាប់ការប្រមូលចំណូលពន្ធក្នុងខែកុម្ភៈ​ ឆ្នាំ២០២២ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ​ដែល​អគ្គនាយកដ្ឋានពន្ធដារ​ប្រមូលបាន តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូលអនឡាញ ​មានចំនួនជាង ៩០៧ ប៊ីលានរៀល ​ត្រូវប្រមាណជិត ២២៤ លានដុល្លារ ​ស្មើនឹង ៧,៩៤% ​នៃផែនការច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ ​២០២២ ​បើប្រៀបធៀប​នឹង​ចំណូលពន្ធ-អាករ​ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ​ឃើញថា ​កើនឡើងជាង​ ៩៦ ប៊ីលានរៀល​ ត្រូវជិត ២៤ ​លានដុល្លារ ស្មើនឹង ​១១,៨៤%។ចំណែកការអនុវត្តអនុវត្តរយៈពេល ​២ខែ ដើមឆ្នាំ២០២២នេះវិញ ចំណូលពន្ធ-អាករ ដែល​អគ្គ​នាយក​ដ្ឋានពន្ធដារប្រមូលបាន ​តាម​ប្រព័ន្ធ​គ្រប់គ្រងទិន្នន័យ​ចំណូលអនឡាញ ​មាន​ចំនួនជាង ២ ០៧៤ ប៊ីលានរៀល ​ត្រូវប្រមាណជាង ​៥១២លានដុល្លារ ​ស្មើនឹង ១៨,១៧% នៃផែនការច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ក្នុងនោះបើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១ ឃើញថា កើនឡើងជាង ៣៨៣ ប៊ីលានរៀល ត្រូវប្រមាណជិត ៩៥ លានដុល្លារអាមេរិក ស្មើនឹង ២២,៦៩%។ឯកឧត្តម គង់ វិបុល បន្តឲ្យដឹងថា ​សម្រាប់ការប្រមូលចំណូលក្នុងខែ កុម្ភៈ ឆ្នាំ២០២២ នេះ, ចំណូល​ប្រភេទ​ពន្ធសំខាន់ៗចំនួន ៥ ប្រភេទ បានបន្តរក្សាកំណើន​ឡើងគួរឱ្យ​កត់សម្គាល់​ធៀប​នឹងខែកុម្ភៈ ឆ្នាំ២០២១។សូមបញ្ជាក់ថា៖ សម្រាប់ឆ្នាំ ​២០២២ នេះ​ រាជរដ្ឋាភិបាលបាន​កំណត់​ការ​ប្រមូល​ចំណូល របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ ​ក្នុងទំហំទឹកប្រាក់ប្រមាណជាង ​១១ ៤១៩ ប៊ីលានរៀល ​ត្រូវជាង ២ ៨១៩លានដុល្លារ។ អគ្គនាយកដ្ឋានពន្ធដារ ​នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាល​សារ​ពើពន្ធ ​រួមជាមួយវិធានការសំខាន់ៗ​មួយចំនួន​ ដើម្បីអនុវត្តឲ្យបាន​សម្រេច​តាមផែនការ ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ ៕ អត្ថបទ៖ សុន រ៉ាឌី

តុល្យភាព​ស្បៀង​ឆ្នាំ២០២២​របស់​ខេត្តតាកែវ ​នៅសល់​ស្រូវ​ប្រមាណ ៩០ម៉ឺនតោន

2022/03/14 03:14:58 pm        747
តាកែវ៖ ការប៉ាន់ស្មានតុល្យភាពស្បៀងនៅក្នុងខេត្តតាកែវ បន្ទាប់ពីទុកពូជ និងចំណីសត្វចំនួន ១៣ភាគរយ និងទុកបរិភោគលើមនុស្សសរុបចំនួនជាង៩១ម៉ឺនាក់ ចំនួន១៤ភាគរយ ខេត្តតាកែវនៅសល់ស្រូវប្រមាណជិត ៩០ម៉ឺនតោន បើគិតជាអង្ករស្មើជាង ៥០ម៉ឺនតោន មានការកើនឡើងចំនួនជិត ៥ម៉ឺនតោន។នេះបើយោងតាមការលើកឡើង​របស់​ប្រធានក្រុម​ប្រឹក្សា​ខេត្តតាកែវ​ ថ្លែងនៅក្នុងសន្និបាទបូក​សរុប​លទ្ធផល​ការងារឆ្នាំ២០២១ ​និងលើកទីសដៅការងារឆ្នាំ២០២២ ​របស់រដ្ឋបាលខេត្តតាកែវ ​នៅព្រឹកថ្ងៃ ច័ន្ទទី ១៤ ខែមិនា ឆ្នាំ ២០២២នេះ។ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ បានបន្ដទៀត​ថា បរិមាណស្រូវ​ដែល​ប្រមូល​នៅលើផ្ទៃដីប្រមាណជាង ​១០ម៉ឺនហិកតា នៅក្នុងខេត្តតាកែវ​ ក្នុងឆ្នាំ២០២១កន្លងមក «ស្រូវរដូវប្រាំង និងរដូវវស្សា» ប្រមូលទិន្នផលស្រូវបានចំនួនជាង​ ១លាន២សែនតោន ។ ​ការប្រមូលផល​ស្រូវឆ្នាំ​២០២១​ មានការកើនឡើង​ ដែលនាំអោយតុល្យភាពស្បៀង​នៅក្នុងខេត្តតាកែវ មាន​សភាព​ល្អប្រសើរ។ឯកឧត្តម ថ្លែងបន្តថា នៅក្នុងឆ្នាំ២០២១កន្លងមក មានផ្ទៃដីស្រែចំនួនជាង ៦ពាន់ហិកតា បានទទួល​រងគ្រោះ​ដោយ​សារទឹកជំនន់ និងគ្រោះរាំងស្ងួត ដែល​នាំ​អោយ​ផ្ទៃដី​ខូចខាត​ចំនួន​ជាង ១រយហិកតា និងផ្ទៃដីមួយចំនួនទៀតត្រូវបានជួយសង្រ្គោះ ដោយអាជ្ញាធរ និងមន្រ្តីជំនាញ​និងក្រុមការងារថ្នាក់​ជាតិ​ចុះជួយខេត្តតាកែវ ​ជាពិសេសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ដែល​បានផ្ដល់​ស្រូវពូជ ​អង្ករ​ប្រេង​ឥន្ធនៈ​ថ្នាំពេទ្យ​មក​ផ្ដល់​ជូន​បងប្អូនកសិករ ដែល​ជួបប្រទះ​បញ្ហា​គ្រោះ​រាំងស្ងួត​និង​គ្រោះ​ទឹកជំនន់​បាន​ទាន់ពេលវេលា។បើតាម​ឯកឧត្តម យស់ ណាស៊ី ក្រៅពីសល់​ស្បៀងច្រើន ​រដ្ឋបាលខេត្តតាកែវ នៅក្នុងឆ្នាំ២០២១​កន្លងមក ក៏​បាន​សម្រេច​បាន​លទ្ធផល​ជាច្រើន​លើការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅក្នុងខេត្ត និង​បាន​អនុវត្តន៍​គោលនយោបាយ​កំណែ​ទម្រង់​រដ្ឋបាល​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្រ្ត​នៃ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហ​មជ្ឈការ​បាន​ល្អប្រសើរ​ផងដែរ៕ អត្ថបទ៖ វិភាគ

កម្ពុជានាំចេញទំនិញទៅកាន់ប្រទេសអាមេរិក មានតម្លៃជិត ៨៥០លានដុល្លារ ក្នុងខែមករា

2022/03/14 01:31:02 pm        762
ភ្នំពេញ៖ កម្ពុជានាំទំនិញចេញទៅកាន់សហរដ្ឋអាមេរិក មានតម្លៃ ៨៤៧លានដុល្លារ ក្នុងខែមករា ដើមឆ្នាំ២០២២នេះ កើនឡើង៤៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។យោងតាមរបាយការណ៍ពីការិយាល័យស្ថិតិអាមេរិក ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក មានទំហំ ៨៧៥លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២២ កើនឡើង ៤២ភាគរយ។​ ដោយឡែកកម្ពុជា នាំទំនិញមកពីសហរដ្ឋអាមេរិក ​មានតម្លៃ ២៨លានដុល្លារ​ ធ្លាក់ចុះ ១៧ភាគរយ។សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម - ប្រព័ន្ធអនុគ្រោះទូទៅ (GSP) ។ កាល​ពី​ពេលថ្មីៗនេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ប្រហែល ៣០ភាគរយ​នៃ​ការ​នាំ​ចេញ​នៃ​វិស័យ​វាយនភណ្ឌ​របស់កម្ពុជា ​ត្រូវ​បាននាំចេញ​ទៅ​សហរដ្ឋ​អាមេរិក។ក្នុងកិច្ចពិភាក្សាស្តីពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក ​និងកម្ពុជា ​លោកបានចាត់ទុកថា ការ​កើន​ឡើង​នៃការនាំ​ចេញ​វាយនភណ្ឌ ​គឺជា​កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា ​និង​សហរដ្ឋអាមេរិក ទោះបីជា​មាន​បញ្ហាប្រឈមមួយចំនួន​ផ្សេង​ទៀត​ក៏ដោយ។សូមបញ្ជាក់ថា ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក​មាន​ចំនួន ៩ ១៥៩ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ​កើនឡើង ១៥,៨ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។ ក្នុងនោះ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ ​៨ ៧៤៥ លាន​ដុល្លារ​ទៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​របស់​ពិភពលោក​ កើន​ឡើង ៣៣,២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២០៕ អត្ថបទ៖ វណ្ណៈ

កម្ពុជា ត្រៀមបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨

2022/03/12 02:40:52 pm        723
ភ្នំពេញ៖ តាមការគ្រោងទុក នៅថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងរៀបចំ និងដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៨ (28th AEM Retreat) តាមប្រព័ន្ធអនឡាញ។ក្នុងជំនួបការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាន​នៃ​កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន​និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ កាល​ពីរសៀលថ្ងៃទី១១ ខែមីនាកន្លងទៅ ​តាមរយៈប្រព័ន្ធអនឡាញ ​ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងរបៀបវារៈទាំងឡាយដែលគ្រោង​នឹង​លើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតនោះ រួមមាន៖ ​ការតាមដានកិច្ចការបន្ត ស្របតាម​លទ្ធផល​នៃកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៣៨ និង៣៩, ​ការត្រៀមដើម្បីអនុម័តលើ​សមិទ្ធផល​អាទិភាពសេដ្ឋកិច្ចដែលស្នើដោយកម្ពុជា ព្រមទាំងអាទិភាពប្រចាំឆ្នាំរបស់ក្រុមការងារអន្តរវិស័យ​ក្រោម​សមត្ថកិច្ចរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងការពិភាក្សាអំពីយុទ្ធសាស្ត្រអាស៊ាន​ក្នុងការបង្កើន​ទំនាក់ទំនង​កាន់តែប្រសើរជាមួយនឹងប្រទេសដៃគូអាស៊ាន ជាពិសេសដើម្បីពន្លឿនការ​បញ្ចប់​ការចរចា​ធ្វើឱ្យប្រសើរឡើងនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ឱ្យបានទាន់​ពេលវេលាកំណត់។ល។ ឯកឧត្តម បានបញ្ជាក់ថា ឯកឧត្តមមានជំនឿចិត្តយ៉ាងមុតមាំថា ក្រោមភាពដឹកនាំរបស់ឯកឧត្តមរដ្ឋ​មន្រ្តីពាណិជ្ជកម្ម ​កិច្ចប្រជុំចង្អៀតខាងមុខនឹងបញ្ចប់ដោយរលូន ប្រកបដោយលទ្ធផលជោគជ័យ និងជាទីមោទនៈ​។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ​និងឯកឧត្តមអគ្គលេខាធិការអាស៊ាន ​បានប្តេជ្ញាចិត្តបន្តកិច្ច​សហការ​បន្ថែមទៀត សំដៅឈាន​ទៅ​រកការសម្រេចបាននូវ​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ២០២២ ​និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ដែល​ស្ថិត​ក្រោម​សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ចអាស៊ាន​ ក្នុង​អំឡុង​ពេលដែលកម្ពុជា​ធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រុមហ៊ុនប្រទេសឆែក គ្រោងនាំម្រេចកំពត ៣៥តោនទៅទីផ្សារអន្តរជាតិ

2022/03/12 01:15:41 pm        1140
កំពត៖ ក្រុមហ៊ុនឯកជនមួយមកពីសាធារណរដ្ឋឆែក នៅឆ្នាំ២០២២នេះបានចុះកិច្ចសន្យា ទិញម្រេចកំពត ចំនួនប្រមាណ ៣៥តោនពីប្រជាកសិករចំនួន ២០៣គ្រួសារ ដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។លោក ងួន ឡាយ ប្រធានសមាគមលើកស្ទួយម្រេចកំពត កាលពីរសៀលថ្ងៃទី១១ ខែមីនាកន្លងទៅ បានប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថាថា ក្រុមហ៊ុន អ៊ីយូលែន អេន ផេបភើរ អ៊ីនវេសមិន (Eu land and pepper investment co ltd) ដែលជាក្រុមហ៊ុនឯកជនមួយមកពីសាធារណរដ្ឋឆែក ពេលដំបូងគិតចាប់ពីឆ្នាំ២០១៨ បានចុះកុងត្រាផ្ទាល់ជាមួយកសិករចំនួនតែ ២៨០គីឡូ បន្ទាប់មកចំនួន ១៩-២០តោន និងកើនឡើងបន្តបន្ទាប់រហូតដល់ចំនួន ៣៥តោន នៅឆ្នាំ២០២២នេះ។ លោកឲ្យដឹងទៀតថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុនបានទិញម្រេចពីសមាគម ប៉ុន្តែមិនមានការ​ចុះ​កុងត្រា​ដោយផ្ទាល់ទេ​ ប៉ុន្តែមកទល់ពេលនេះក្រុមហ៊ុន បានអះអាងថា នឹងធ្វើកុងត្រាជាមួយ​កសិករ​ដោយផ្ទាល់រៀងរាល់​ ១ឆ្នាំម្តង​ ដើម្បីប្រមូលទិញម្រេចទាំងអស់។ ទាក់ទិននឹងតម្លៃរបស់ម្រេចកំពត លោក ងួន ឡាយ បានឲ្យដឹងថា សម្រាប់ម្រេចក្រហមមានតម្លៃ ២៥ដុល្លារ, ម្រេចខ្មៅ ១៥ដុល្លារ និងម្រេចស ២៨ដុល្លារ ក្នុង១គីឡូក្រាម។ ​ដោយឡែកផ្ទៃដីដាំម្រេច​នៅក្នុងខេត្តកំពត​ ក្នុងពេលបច្ចុប្បន្នទំហំ ២៤០ហិកតា និងមានសមាជិកជាផលិតករចំនួន​ប្រមាណ​ជាង ៤១០គ្រួសារ សមាជិកជាក្រុមហ៊ុនចំនួន ៣០ក្រុមហ៊ុន។កាលពីឆ្នាំ២០២១កន្លងទៅ ​ការនាំចេញម្រេចរបស់កម្ពុជា ​មានចំនួនប្រមាណជាង​ ២ម៉ឺន ៨ពាន់តោន កើនឡើងជាង ៤៥០ភាគរយ ​ទាំងម្រេចកំពត​ ដែលជាផលិតផលសម្គាល់​ទីតាំង​ភូមិសាស្ត្រ និង​ម្រេចធម្មតា​មិនមានសម្គាល់ទីតាំងភូមិសាស្ត្រ។​ ក្នុងនោះ​ នាំចេញទៅកាន់ប្រទេសវៀតណាម អាល្លឺម៉ង់ បារាំង តៃវ៉ាន់ ​សាធារណរដ្ឋឆែក ប៉ូឡូញ កូរ៉េ ជប៉ុន រុស្ស៊ី សិង្ហបុរី និង​បណ្តាប្រទេស​មួយ​ចំនួនទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី

ទំហំពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប មានតម្លៃ ៤,៩៨ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១

2022/03/11 12:45:07 pm        1002
ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរមានតម្លៃ ៤,៥ ពាន់លានអឺរ៉ូ សមាមូលនឹង ៤,៩៨ ប៊ីលានដុល្លារ ខណៈស្របភាគីទាំងពីរឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគ។តួលេខពាណិជ្ជកម្មនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប​លើកទី១១ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ក្នុងទម្រង់ដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធ​វីដេអូ​ផង នៅថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា ​និងលោកស្រី Paola PAMPALONI អនុប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក​នៃមន្ទីរកិច្ចការបរទេស​សហភាពអឺរ៉ុប​។កិច្ចប្រជុំអនុក្រុមស្តីពីពាណិជ្ជកម្ម ​និងការវិនិយោគ បានពិនិត្យមើលឡើងវិញទៅលើពាណិជ្ជកម្ម​ទេ្វភាគី​កម្ពុជា-សហភាពអឺរ៉ុប ​និងបរិយាកាសវិនិយោគនៅកម្ពុជា។ ​ក្នុងឆ្នាំ២០២០ និង២០២១ ពាណិជ្ជកម្ម​ទ្វេភាគីរវាងភាគីទាំងពីរមានតម្លៃ ​៤,៣ ពាន់លានអឺរ៉ូ និង ៤,៥ ពាន់លានអឺរ៉ូ ក្នុង​ឆ្នាំនីមួយៗ​។ផលិតផលសំខាន់ៗ​ដែលកម្ពុជានាំចេញទៅសហភាពអឺរ៉ុប​ គឺជាផលិតផលកសិកម្ម ​រួមមាន​អង្ករ វាយនភណ្ឌ ស្បែកជើង ​ទំនិញ​ធ្វើដំណើរ​ និងកង់ ​ខណៈដែលទំនិញសំខាន់ៗ​ដែល​ព្រះរាជាណាចក្រ​នាំចូល​ពីសហភាពអឺរ៉ុបរួមមាន៖ សម្ភារៈសំណង់ អាហារ និងភេសជ្ជៈ គ្រឿងអេឡិចត្រូនិក និង​ឱសថជាដើម។កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគទ្វេភាគី រួមទាំង​ការដកជាបណ្តោះអាសន្ន​នូវផ្នែកខ្លះនៃការ​អនុគ្រោះពន្ធ​ពាណិជ្ជកម្មរបស់​សហភាពអឺរ៉ុប​ក្រោមគម្រោងគ្រប់យ៉ាងលើកលែង​តែសញ្វអាវុធ (EBA) កិច្ចសហប្រតិបត្តិការ​បច្ចេក​ទេស ​បញ្ហា​នៃការចូលទៅកាន់ទីផ្សារ ​ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្តដើម្បីធ្វើឱ្យកាន់តែ​ប្រសើរ​ឡើង​ថែមទៀតនូវបរិយាកាសធុរកិច្ច ​រួមទាំងច្បាប់វិនិយោគថ្មី ​និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីលើនេះ ភាគីទាំងពីរក៏បាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ​ដើម្បីធានា​ថា​បរិយាកាស​វិនិយោគរបស់កម្ពុជានៅតែបើកចំហ​ មាន​ការ​សម្របសម្រួល​យ៉ាងល្អ ​មាន​លក្ខណៈប្រកួត។ ប្រជែង និងអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភា ក្នុង​អំឡុងពេលកិច្ចប្រជុំអនុក្រុមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ភាគី​ទាំងពីរ​បាន​កត់សម្គាល់ អំពី​វឌ្ឍនភាពសម្រេចបានពាក់ព័ន្ធនឹងការបន្តគាំទ្រ​របស់សហភាពអឺរ៉ុប​ដល់ការអភិវឌ្ឍរបស់កម្ពុជា៕ អត្ថបទ៖ វណ្ណៈ

រដ្ឋាភិបាលពន្យារការអនុវត្តពន្ធលើចំណេញមូលធន ២ឆ្នាំបន្ថែម​ដើម្បី​ជួយវិស័យ​ឯកជន​ស្តារ​អាជីវកម្ម​ឡើងវិញ

2022/03/11 11:08:10 am        860
ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចពន្យារកាលបរិច្ឆេទ នៃការអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ២ឆ្នាំបន្ថែមទៀត ដើម្បីទុកពេលវេលាឲ្យក្រុមហ៊ុន ឬសហគ្រាសដែលជាប់ពន្ធលើចំណេញមូលធន មានឱកាសស្តារអាជីវកម្មឡើងវិញ ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យពន្យារកាលបរិច្ឆេទកំណត់ ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ ក្នុងគោលដៅចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ។ជុំវិញការពន្យាអនុវត្តពន្ធលើចំណេញមូលធននេះ, លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 បាន​ថ្លែង​នូវការសាទរ ដែលនេះគឺជាការ​គិតគូរ​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​ប្រមុខរាជរដ្ឋាភិបាល ដើម្បី​ទុកឱកាសឲ្យក្រុមហ៊ុន ​ឬសហគ្រាស​ដែលជាប់ពន្ធលើចំណេញ​មូលធន ជាពិសេស​ក្រុមហ៊ុន​ដែលរកស៊ី​ទទួលទានក្នុងវិស័យអចលទ្រព្យ ​ដែល​រងផលប៉ះពាល់​នៃ​ជម្ងឺកូវីដ ១៩ នេះ អាចស្តារអាជីវកម្មឡើងវិញ។ ចំណែក ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់​ឃើញ​ថា វិស័យអចលនទ្រព្យនៅកម្ពុជា​កើនឡើង​យឺត ​និងការរំពឹងទុក​នៃចំណូល​បាន​មក​ពីវិស័យ​អចលន​ទ្រព្យនេះនៅមានកម្រិត ​ប៉ុន្តែការរពន្យាពេលនេះ ជាការលើកទឹកចិត្តឲ្យចលនា​សេដ្ឋកិច្ចដំណើរ​ឡើងវិញ។សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ ២០២០ កន្លងមកនេះ ក្រសួងសេដ្ឋកិច្ច ​និងហិរវត្ថុ ចេញប្រកាសស្តីពីពន្ធ​លើចំណេញមូលធន ​ដោយមានគោលបំណងដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធន ដោយ​មានវិសាលភាព​អនុវត្តចំពោះអ្នកជាប់ពន្ធ ​ដែលទទួល​បាន​ចំណេញមូលធនដូចជា៖ វិស័យ​អចលនទ្រព្យ, ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេសជាដើម ក្នុងអត្រាថេរ ២០ភាគរយ ចំពោះពន្ធចំណេញមូលធន៕អត្ថបទ៖ សុន រ៉ាឌី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC របស់​អាមេរិក នឹងបង្កើនការឆ្លើយតប​ជាមួយ​ជំងឺអេបូឡា ក្រោយ WHO ប្រកាសអាសន្ន
05/18/2026 05:05 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីស្រាអែលសាងសង់មូលដ្ឋានសម្ងាត់ពីរនៅអ៊ីរ៉ាក់សម្រាប់សង្គ្រាមអ៊ីរ៉ង់
05/18/2026 05:05 PM
ស៊ីរីនឹងចូលរួមជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅទីក្រុងប៉ារីស ដើម្បីបង្ហាញពីឋានៈកាន់តែរីកចម្រើន
05/18/2026 05:05 PM
យោធាចិន​​និយាយថា​​​ខ្លួន​ត្រៀម​ធ្វើការជាមួយអាមេរិក ​ដើម្បី​​លើកកម្ពស់​មិត្តភាព​ប្រកបដោយ​​​ស្ថិរភាព ​និង​​វិជ្ជមាន​
05/18/2026 05:05 PM
ការ​ប្រឆាំង​​លោក Starmer ក្នុង​គណបក្សការងារ ធ្វើឲ្យ​រស់​ឡើង​វិញ​នូវ​ការជជែក​ពីការចូលរួមជាមួយ EU
05/18/2026 05:05 PM
អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកចំការលើ
05/18/2026 05:05 PM
សាខាកាកបាទក្រហមខេត្តស្វាយរៀងទទួលមូលនិធិពីសប្បុរសជន សម្រាប់ថ្ងៃ ៨ ឧសភា
05/18/2026 04:05 PM
រដ្ឋមន្ត្រីក្រសួងការងារប្រគល់សញ្ញាបត្រដល់សិស្សនិស្សិតវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
05/18/2026 04:05 PM
ហ្វីលីពីននឹងកោះប្រជុំតុលាការ សម្រាប់ករណីចោទប្រកាន់ទម្លាក់តំណែងអនុប្រធានាធិបតី
05/18/2026 04:05 PM
អ្នកនាំពាក្យក្រសួងការបរទេស៖ អ៊ីរ៉ង់កំពុងផ្តោតលើការបញ្ចប់សង្គ្រាមនៅដំណាក់កាលនេះ
05/18/2026 04:05 PM