មន្រ្តីជាន់ខ្ពស់ CDC និង AmCham ប្តេជ្ញាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ
វិស័យស្រូវអង្ករត្រូវការដើមទុនប្រមាណ ៤០០លាន​ដុល្លារអាម៉េរិក ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​នៅ​ឆ្នាំ​នេះ​
វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះ​នៃការរីក​ចម្រើន​វិស័យ​ឧស្សាហកម្ម
សហគ្រាសអនុវត្តបញ្ជីគណនេយ្យបានល្អ អាចទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម

សេដ្ឋកិច្ច និង កសិកម្ម

រាជរដ្ឋាភិបាលជម្រុញនិងអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ ដើម្បីចាប់យកនូវកាលានុវត្តថ្មីៗ

2022/03/21 05:01:43 pm        701
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រកាសយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការឆ្លើយតបទៅ និងចរន្តនៃការវិវត្តន៍ថ្មីៗ ការកើនឡើងនៃតម្រូវការទីផ្សារ និងការចាប់យកកាលានុវត្តភាពវិស័យនេះ ឲ្យកាន់តែប្រសើរ ក្នុងការជម្រុញសេដ្ឋកិច្ចជាតិ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើង​នៅ​ក្នុងពិធី​ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិត​ស្បែកជើង និងកាបូបកម្ពុជា២០២២-២០២៧ នៅថ្ងៃទី២១ខែមីនា ឆ្នាំ២០២២ ​នេះថា ស្ថិតនៅក្នុង​ស្ថាន​ភាពបច្ចុប្បន្ន ​ការវិវឌ្ឍថ្មីៗ ទាំងកម្រិតសកលតំបន់ និងក្នុងស្រុក អាចនឹងមានបច្ច័យ​ដល់​សេដ្ឋកិច្ចជាតិ ​និងវិស័យកាត់ដេររបស់​កម្ពុជា​ដូចជា៖ ​បន្ទាប់ពីកម្ពុជា​សម្រេច​បាននូវអត្រាការ​ចាក់វ៉ាក់​សាំងខ្ពស់​ ដែលបាន​បង្កើត​បាន​នូវ​ភាព​ស៊ាំ​សហគមន៍​រឹងមាំ​ ក៏ដូចជាការបើកប្រទេស និង​ការបើក​សង្គម​សេដ្ឋកិច្ចក្នុងស្រុកពេញលេញឡើងវិញ វិស័យ​កាត់ដេរ បាន​បង្ហាញ​នូវ​សញ្ញាវិជ្ជមាន​នៃ​កំណើនឡើងវិញ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា បើតាមកាតវាយតម្លៃចុង​ក្រោយរបស់​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ វិស័យកាត់ដេរ សម្រេចបានកំណើនល្អក្នុងអត្រា ៨% ក្នុងឆ្នាំ ២០២១ ធៀបនិងកំណើន​ធ្លាក់​ចុះក្នុងអត្រា -៦,៤% ក្នុងឆ្នាំ ២០២០ ​និងរំពឹងថា ​នឹងសម្រេច​កំណើន ៨% ក្នុងឆ្នាំ ២០២២ បន្តទៀត ​ដែល​ឆ្លុះបញ្ចាំង​តាម​រយៈការកើនឡើង ​នៃតម្រូវការខាងក្រៅ ​ពិសេសទីផ្សារសហរដ្ឋ​អាមេរិក ​គូបផ្សំនិង​ការ​ទទួល​បាន​នៃការបញ្ជាទិញពីប្រទេសជិត​ខាង​ក្នុងពេលចំពោះមុខ។ចំណែក លោកឧកញ៉ា គង់ សាង ​ប្រធានសមាគមរោងចក្រ​កាត់ដេរ​នៅកម្ពុជា ​GMAC ថ្លែងថា ខណៈ​ដែល​ជម្ងឺ​កូវីដ ១៩ នៅកំពុងបន្ត ​និងការផ្ទុះឡើងបញ្ហាសង្គ្រាម ​រុស្សី-អ៊ុយក្រែន ដែលកំពុង​កើតឡើង ​គឺបន្តឲ្យស្ថានភាព ​ពិភពលោកមានភាព​មិនច្បាស់លាស់ ​ក្នុង​នោះចំពោះការដាក់ចេញ​នូវយុទ្ធ​អភិវឌ្ឍន៍​វិស័យកាត់ដេរ ​ផលិតស្បែកជើង​ និងកាបូបរបស់រាជរដ្ឋាភិបាល ​លោកឧកញ៉ា បាន​គាំទ្រពេញ​ទំហឹង ​ចំពោះ​ការ​ជម្រុញ​ដាក់ចេញនូវ​ យុទ្ធសាស្រ្តនេះ ព្រោះវាជាផែនការបង្ហាញ​ផ្លូវ​ដ៏ច្បាស់លាស់មួយ​ ដែល​ផ្តល់​នូវ​ក្តីរំពឹងនៃការរីកលូតលាស់ក្នុង​ វិស័យ៉ស្សាហកម្ម ​ទាំងវិនិយោគិន និងកម្មករនិយោជិត។ជុំវិញវិស័យឧស្សាហកម្មនេះ, ផ្អែកលើកត្តាសុខសន្តិភាព ​និងស្ថិរភាពនយោបាយ ​ប្រាក់ឈ្នួល និង​ថ្លៃ​ផលិតកម្ម ប្រកួតប្រជែង ​ប្រព័ន្ធ​អនុគ្រោះផ្នែក​ពាណិជ្ជកម្ម ​និង​បរិយាកាសវិនិយោគ​អំណោយផល ដែល​ជា​​ឧត្តមភាព​ប្រកួតប្រជែង​ដ៏រឹងមាំរបស់កម្ពុជា, វិស័យកាត់ដេរ ​ផលិតស្បែកជើង និងកាបូប​បាន​រីក​ចម្រើន​គួរ​ឱ្យកត់សម្គាល់​ និងបាន​ក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់។ ចាប់​តាំង​ពីចុងទសវត្សរ៍ឆ្នាំ ​១៩៩០ រហូតដល់ឆ្នាំ ​២០០៨, ការនាំចេញនៃវិស័យនេះ ​បានរួម​ចំណែក​ក្នុងទំហំប្រមាណជាង ​៩៥% នៃការនាំចេញ​សរុបរបស់កម្ពុជា​ និងនៅតែរក្សាបានក្នុង​កម្រិតខ្ពស់ ពោល​គឺ​ជា​មធ្យម​ជាង ៧០% ​នៅក្រោយវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ​២០០៨ ​មកទល់នឹងបច្ចុប្បន្ន ខណៈដែល​កម្ពុជា​បាន​និង​កំពុងធ្វើ ​ពិពិធកម្មការនាំចេញផលិតផល​ផ្សេងទៀត​ ដូចជា កង់ គ្រឿង​បន្លាស់រថយន្ត និងគ្រឿង  បង្គុំ​អេឡិចត្រូនិក​ជាដើម៕អត្ថបទ៖ សុន រ៉ាឌី 

ធនាគារជាតិនៃកម្ពុជា កំពុងបន្តតាមដាន និងគ្រប់គ្រងអតិផរណា ខណៈតម្លៃប្រេងកំពុងហក់ឡើង

2022/03/21 01:18:25 pm        897
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា កំពុងបន្តតាមដានគ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់ដុល្លារ និងប្រាក់រៀល និងកំពុងបន្តសហការជាមួយស្ថាប័នជំនាញ ដើម្បីប្រមូលយកទិន្នន័យលើការគ្រប់គ្រង់អតិផរណា ខណៈថ្លៃប្រេងឥន្ធនៈបានកំពុងហក់ឡើង ដោយសារសង្រ្គាម រុស្សី-អ៊ុយក្រែន ដែលជាបច្ច័យនៃការប្រែប្រួលដល់ការផ្គត់ផ្គង់ទំនិញ ។លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស លើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ​នៅក្នុងខួបអនុស្សាវរីយលើកទី ៤២ ​នៃការដាក់ឲ្យចរាចរ​ប្រាក់រៀលឡើងវិញ ​ដែលប្រារព្វធ្វើនៅផ្សារទំនើបជីបម៉ុង សែនសុខ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២នេះថា ការផ្ទុះសង្គ្រាមរវាងរុស្សី អ៊ុយក្រែន ​ជាពិសេសការឡើងថ្លៃប្រេងឥន្ធនៈ វា​កំពុង​ធ្វើ​​ឲ្យស្ថានភាពពិភពលោកមានការប្រែប្រួល ​នឹង​បានកំពុងជះឥទ្ធិពល​ដល់កម្ពុជាផងដែរ។លោកជំទាវ បន្តថា ចំពោះការឡើងថ្លៃប្រេងឥន្ធនៈនេះ ​នឹងមានការប្រែប្រួលដល់ថ្លៃសេវា និង​មុខ​ទំនិញ​មុខផ្សេងៗ​នៅតាមទីផ្សារ​ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់អតិផរណា។​ ចំពោះបញ្ហានេះ ធនាគារជាតិនៃកម្ពុជា ​នឹងសហការជាមួយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​និងវិទ្យាស្ថានស្ថិតិជាតិ នៃ​ក្រសួងផែនការ ​ដើម្បីប្រមូល​យក​ទិន្នន័យ​លើការ​គ្រប់គ្រង់​អតិផរណា​ឲ្យបាន​ជាក់លាក់ ខណៈដែល​ឥទ្ធិពលសង្រ្គាម រុស្សី-អ៊ុយក្រែន​ បានកំពុងបន្ត ​ធ្វើឲ្យតម្លៃប្រេងសាំងកើនឡើង ដែលជា​បច្ច័យ​ប្រែប្រួល​ដល់ការផ្គត់ផ្គង់ទំនិញ ​និងគូបផ្សំភាពមិនច្បាស់​នៃការរីករាលដាលជម្ងឺកូវីដ ​១៩ ផងដែរ ។ សូមបញ្ជាក់ថា៖ ​ពាក់ព័ន្ធអតិផរណានេះ ក្នុងឆ្នាំ ២០២២​ ធនាគារជាតិនៃកម្ពុជា ​បានព្យាករថា នឹង​មានអត្រា ២,៦% ទាបជាងឆ្នាំ ២០២១ ​ដែលមានក្នុងរង្វង់ ២,៩% ,ចំណែកអត្រាប្តូរប្រាក់រៀល ធៀប​និងប្រាក់ដុល្លារអាមេរិក ​អាចនឹងប្រែប្រួល ១% ក្នុងអត្រាប្តូរប្រាក់​មានកម្រិតជាមធ្យម ​៤ ០៩៩ រៀល ក្នុង​មួយដុល្លារអាមេរិក ​ក្នុងនោះប្រាក់រៀលអាចថយចុះ ​បន្តិច ០,១% បើធៀបនឹងឆ្នាំ ២០២១ ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា ជំរុញនាំចេញម្រេចទៅកាន់ទីផ្សារប្រទេសជប៉ុន

2022/03/21 12:53:37 pm        1258
ភ្នំពេញ៖ កម្ពុជាបាននិងកំពុងជំរុញការផ្សព្វផ្សាយពីសក្តានុពលម្រេចកម្ពុជា និងបង្កើនបរិមាណនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន ខណៈឆ្នាំ២០២១កន្លងទៅ ម្រេចកម្ពុជា ត្រូវបាននាំចេញទៅទីផ្សារប្រទេសជប៉ុន មានតម្លៃជាង ១៥ម៉ឺនដុល្លារ។ក្រសួងពាណិជ្ជកម្មសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា សមាគមម្រេចជប៉ុន និង​មជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន បានបើកសិក្ខាសាលាកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ​ ស្តីពី “ការជំរុញនាំចេញ​ម្រេច​កម្ពុជា​ទៅកាន់ទីផ្សារប្រទេសជប៉ុន”។សិក្ខាសាលានេះ​ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្ហាញពីលក្ខណៈពិសេសរបស់​ម្រេច​កម្ពុជា​ដែលមានស្រាប់​ តម្រូវការទីផ្សារម្រេចនៅក្នុងប្រទេសជប៉ុន ​និងពង្រឺងសមត្ថភាពផលិតបន្ថែមទៀត​សម្រាប់​ការនាំចេញ​ ជាពិសេស​សម្រាប់​ការ​នាំចេញទៅ​កាន់ប្រទេសជប៉ុន។សិក្ខាសាលាខាងលើនេះ ​បានផ្តល់ព័ត៌មានដល់ផលិតករម្រេចកម្ពុជា អំពីឱកាសនាំចេញទៅ​ប្រទេស​ជប៉ុន ព្រមទាំង​ផ្សព្វផ្សាយ​ម្រេចកម្ពុជា​ ដល់ផលិតប្រជាជនជប៉ុន បង្កើនកិច្ច​សហប្រតិបត្តិការ​ជិតស្និត ​និងភាពជាដៃគូអាជីវកម្មរវាងក្រុមហ៊ុនកម្ពុជា ​ជាមួយនឹងក្រុមហ៊ុនជប៉ុន ដើម្បីបញ្ជូលម្រេចកម្ពុជា​ចូលក្នុងផលិតផលដែលមានស្រាប់​នៅប្រទេសជប៉ុន។លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច ​និងគ្រឿងទេសកម្ពុជា ​លើកឡើងថា តាមរយៈសិក្ខាសាលា​នេះ ប្រជាជនជប៉ុន ​នឹងស្គាល់​ពីម្រេចកម្ពុជា​កាន់តែច្រើន​ ដែលធ្វើឱ្យការបញ្ជារទិញ និង​នាំចេញ​កើនឡើង។ក្នុងឆ្នាំ២០២១ កម្ពុជា នាំចេញម្រេចទៅប្រទេសជប៉ុនមានចំនួន ១០តោន គិតជាទឹកប្រាក់​ប្រមាណជាង ១៧ម៉ឺនដុល្លារ។ក្រសួងពាណិជ្ជកម្ម ​បានសហការជាមួយមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន រៀបចំសៀវភៅទាក់ទង​នឹង​ការសិក្សាម្រេចកម្ពុជា​ ដែលបានបោះពុម្ភជាភាសាជប៉ុន​ និងភាសាអង់គ្លេស។​​ ក្រសួងលើកឡើងថា សៀវភៅនេះ ​នឹងជួយបង្ហាញនិងណែនាំបន្ថែមទៀត​ពីការធ្វើអាជីវកម្មម្រេច និងការនាំចេញ​ម្រេចទៅកាន់ទីផ្សារជប៉ុន៕​អត្ថបទ៖ វណ្ណៈ

ផលិតកម្មបន្លែក្នុងស្រុក នឹងមានការកើនឡើង ចូលរួមកាត់បន្ថយការនាំចូលពីក្រៅប្រទេស

2022/03/19 02:54:55 pm        1659
ភ្នំពេញ៖ ការផ្គត់ផ្គង់បន្លែស្រស់នៅក្នុងទីផ្សារកម្ពុជា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ នឹងមានការកើនឡើង ហើយអាចជំនួសការនាំចូលមកពីបរទេសបានច្រើន ខណៈកម្ពុជាបានកំពុងជម្រុញការដាំដុះបន្លែតាមប្រព័ន្ធ Cam-Cap នៃស្តង់ដារអនុវត្តកសិកម្មល្អកម្ពុជា។ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដាំដុះបន្លែ និងការ​ផ្គត់ផ្គង់​បន្លែនៅតាមទីផ្សារ នៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០២២ថា ជុំវិញ​ការផ្គត់ផ្គង់​បន្លែនៅ​តាមទីផ្សារ ​តាមការសិក្សាស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្ម ​សហការជាមួយ CPF ដែលជា​ក្រុម​ជំនាញឯករាជ្យ បានបង្ហាញថា ​ការផ្គត់ផ្គង់​បន្លែនៅប្រទេសកម្ពុជា, ជាមធ្យមមាន​ចំនួន​ប្រមាណជា ៧០% ​ដោយអាស្រ័យ​ទៅតាមរដូវដូចជា នៅរដូវភ្លៀងខ្លាំង​ជោគជាំ ​ឬខែក្តៅខ្លាំង យើងផលិតបន្លែបានតិច ​ដែលអាច​ផ្គង់ផ្គង់​បានចន្លោះ ​៥៥ ទៅ ៦០% ​ប៉ុន្តែនៅរដូវរំហើយ ចន្លោះខែ ១១ ខែ ១២ ​និងនៅខែ ១ កសិករអាច​ផ្គត់ផ្គង់​បន្លែរហូតដល់ប្រហែលជា ៨០% ។ឯកឧត្តម បន្តថា ជាយុទ្ធសាស្រ្តក្រសួង​កសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានតម្រង់ទិស​យ៉ាង​ច្បាស់ គឺកម្ពុជាត្រូវអនុវត្តដាំដុះបន្លែសុវត្ថិភាព ​ដោយយើងត្រូវអនុវត្ត​ទំនើបកម្មកសិកម្ម គឺជម្រុញ​ការ​ដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ​ដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹក ​ឬប្រព័ន្ធសាចទឹក, ។ បច្ចុប្បន្ន​ក្រសួងបានកំពុងជម្រុញយកចិត្តទុកដាក់បំផុត ​ដោយយើងរំពឹងថា ​នៅចុងឆ្នាំនេះ ​ឬដើមឆ្នាំក្រោយ ការ​ផ្គត់ផ្គង់​បន្លែ​នៅក្នុងទីផ្សារកម្ពុជា ​នឹង​មាន​ការកើនឡើង ហើយអាចជំនួសការ​នាំចូលមកពី​បរទេស​បាន​ជាអតិបរមា។ឯកឧត្តម ងិន ឆាយ បានបញ្ជាក់ឲ្យដឹងថា ​ជុំវិញការដំាដុះបន្លែសុវត្ថិភាពនេះ បច្ចុប្បន្នកសិករបាន​ប្រើប្រាស់​ផ្ទះសំណាញ់ក្នុងការដាំដុះ ​មានចំនួនជិត ២ ០០០ ផ្ទះសំណាញ់ ក្នុងនោះក្រសួងបាន​បង្កើត​បណ្តុំ​កសិករ​ក៏បានច្រើន ​និង​សហគមន៍អ្នកផលិត​ក៏បានច្រើន ដែលកសិករអាចធ្វើការ​ដាំដុះ​ក្នុងរដូវភ្លៀង និងរដូវក្តៅ ​ដែលអាចទទួលផលបានដូចគ្នា ​ព្រោះការប្រើប្រាស់ផ្ទះសំណាញ់បាន​កាត់​បន្ថយប៉ះពាល់ដល់ការដាំដុះ ​ជាពិសេសសម្រាប់ការដាំក្នុងផ្ទះសំណាញ់នោះ គឺយើងមិនប្រើប្រាស់​សាធាតុគីមីពុល ​ដោយយើងអាច​យកម​ក​ពិសារ​មិន​ប៉ះពាល់​ដល់​បញ្ហា​សុខភាពផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងអប់រំចុះអនុស្សារណៈយោគយល់ជាមួយអង្គការមូលនិធិអាស៊ី លើកិច្ចសហប្រតិបត្តការក្នុងវិស័យអប់រំ

2022/03/19 01:17:25 pm        776
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សារណៈយោគយល់ជាមួយអង្គការមូលនិធិអាស៊ី លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ តាមរយៈអនុស្សារណៈយោគយល់នេះ គឺនឹងមានសុពលភាពរហូតដល់ខែសីហា ឆ្នាំ២០២៥ខាងមុខ។ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យ លោក David D. Arnold ប្រធានអង្គការមូលនិធិអាស៊ី ចូលជួបសម្ដែងការគួរសម និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ”។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារ​អង្គការ​មូលនិធិអាស៊ីផងដែរ។ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ” គឺដើម្បីលើក​កម្ពស់ភាពជាអ្នកដឹកនាំរបស់ក្រសួងអប់រំ យុវជន ​និងកីឡា ​និងកុមារ ​យុវជន តាមរយៈគម្រោង​មួយចំនួន​ ក៏ដូចជា ​ការ​អនុវត្តកម្មវិធីបំប៉ន​ជំនាញ​បច្ចេកវិទ្យា​ ការផ្ដល់ជូនអាហាររូបករណ៍​ដល់​និស្សិត​កម្ពុជា ​និង​ការអភិវឌ្ឍក្នុងវិស័យ STEM ផងដែរ។ ការផ្ដល់​អាហារូបករណ៍នេះ​ គឺផ្តោតសំខាន់លើការផ្តល់អាហារូបករណ៍ផ្នែកបច្ចេកវិទ្យា និងផ្តោត​សំខាន់​លើការផ្ដល់អាហារូបករណ៍​ដល់សិស្សនិស្សិតស្រី ​ដើម្បីឱ្យពួកគាត់មានឱកាស អាច​បន្តការ​សិក្សាថ្នាក់​ឧត្តមសិក្សានៅរាជធានីភ្នំពេញ។ បន្ថែមពីនេះ អង្គការមូលនិធិអាស៊ី នឹង​បន្ដ​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ ​យុវជន និងកីឡាឱ្យកាន់តែប្រសើរផងដែរ។ នេះជាការលើកឡើងរបស់លោក លោក David D. Arnold ​ប្រធានអង្គការមូលនិធិអាស៊ី។ក្នុងឱកាសចុះអនុស្សារណៈនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់​អង្គការមូលនិធិអាស៊ី ​ដែលបានចូលរួមចំណែកគាំទ្រ​ក្នុង​ការអភិវឌ្ឍវិស័យ​អប់រំនៅកម្ពុជា។ កន្លងមកក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការទៅលើ ការអភិវឌ្ឍវិស័យអប់រំបែប​ឌីជីថល​នៅ​គ្រប់លំដាប់ថ្នាក់​ ដូចជាការបង្កើតវីដេអូសម្រាប់សិស្ស ​ការ​បណ្ដុះ​បណ្ដាល​គ្រូបង្រៀ​ន​ក្នុងការ​បង្រៀន​អនឡាញ​ និងកិច្ចសហប្រតិបត្ដិការជាមួយក្រុមហ៊ុនអ៊ីនធឺណេត​នៅតាមសាលារៀន ដើម្បី​សម្រួល​ដល់ការសិក្សាតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ គឹមហុក

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងកូរ៉េខាងត្បូង មានតម្លៃ ១៩៥លានដុល្លារ ក្នុងរយៈពេលពីរខែឆ្នាំ២០២២

2022/03/18 02:21:52 pm        696
ភ្នំពេញ៖ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង បន្តកើនឡើង ដោយក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ មានកំណើនប្រមាណ ២៣ភាគរយ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រំពឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខ។យោងតាមរបាយការណ៍ស្ថិតិពាណិជ្ជកម្មរបស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ចេញផ្សាយ​កាល​ពីពេលថ្មីៗនេះ ចាប់ពីខែមករាដល់ខែកុម្ភៈ ​កម្ពុជានាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង មាន​ទឹកប្រាក់ប្រមាណ ជាង៦៤លានដុល្លារ​ ធ្លាក់ចុះ ០,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាល​ពី​ឆ្នាំមុន។ដោយឡែកកម្ពុជា នាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងមកវិញ ​មានតម្លៃប្រមាណ ១៣០លាន​ដុល្លារ កើនឡើង ៣៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ​កាលពីឆ្នាំមុន។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង​ ដែលប្រទេសទាំងពីរ បានចុះហត្ថ​លេខា​កាលពីចុងឆ្នាំ២០២១ ​ត្រូវបានរំពឹងថា ​នឹងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗ​ខាងមុខ ​ដោយកម្ពុជា បានផ្តល់​សច្ចាប័ន​លើកិច្ចព្រមព្រៀងនេះ ​កាលពីមករាកន្លងទៅ។កិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញ​ បង្កើនផលិតផលក្នុងស្រុកសរុប ​បង្កើនឱកាសការងារ និងជួយពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចទាំងពីរដែលរងផលប៉ះពាល់ដោយ Covid-19 ។ ប្រទេសទាំងពីរ​ ក៏អាចពង្រីកទីផ្សារសេរីភាវូបនីយកម្មពាណិជ្ជកម្មបន្ថែម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាស៊ាន-កូរ៉េ ​និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ទំនិញសំខាន់ៗកម្ពុជា​នាំចេញទៅប្រទេសកូរ៉េខាងត្បូង ​មានដូចជាផលិតផលស្បែកជើង និង​សំលៀកបំពាក់​ជាចម្បង​ ផលិតផលធ្វើដំណើរ ភេសជ្ជៈ​ គ្រឿង​បន្លាស់អគ្គិសនី ​និងអេឡិចត្រូនិក កៅស៊ូ ឱសថ ​និងផលិតផលកសិកម្ម។កាលពីឆ្នាំ២០២១ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានតម្លៃ ៩៦៥​លានដុល្លារ ​កើនពី​ ៨៥៥លានដុល្លារ ក្នុងឆ្នាំ២០២០។ ​ក្នុងនោះ ​កម្ពុជានាំចេញទៅកាន់កូរ៉េខាងត្បូង មានទឹកប្រាក់​សរុបប្រមាណ ​៣៤១លានដុល្លារ ​មានកំណើនប្រមាណជាង៧ភាគរយ៕ អត្ថបទ៖ វណ្ណៈ

យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងកាបូប នឹងត្រូវប្រកាសដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយ

2022/03/18 01:40:36 pm        470
ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ នៅថ្ងៃទី ២១ ខែមីនាខាងមុខ ដើម្បីប្រែក្លាយឧស្សាហកម្មនេះឲ្យមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃខ្ពស់ មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីពិធីផ្សព្វផ្សាយ និងដាក់​ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ខែ មីនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, សមាគមធុរកិច្ច និងវិស័យឯកជន។ជុំវិញនឹងវិស័យនេះ, រាជរដ្ឋាភិបាលកម្ពុជា ​បានពិនិត្យឃើញពីសារៈសំខាន់ ​និងភាពចាំបាច់ ក្នុងការ​រៀបចំ និងដាក់ឱ្យអនុវត្តនូវ ​យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង ​និងកាបូបកម្ពុជា ២០២២-២០២៧ ​សំដៅកំណត់នូវចក្ខុវិស័យរួម ​គោលបំណង គោលដៅ និងវិធានការជាយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹង​ និងលើកកម្ពស់ការអភិវឌ្ឍវិស័យនេះ ស្របតាមបរិការណ៍កម្ពុជា​ដែលស្ថិតក្នុង​ស្ថានភាព​ទ្វេទិស មានទាំងបញ្ហាប្រឈម​ និងកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័សនៃនិម្មាបនកម្មតំបន់ ​និងពិភពលោក។ចក្ខុវិស័យនៃយុទ្ធសាស្ត្រនេះ គឺការអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង ​និងកាបូបកម្ពុជា ឱ្យទៅ​ជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថាន ​មានភាពធន់​ មានតម្លៃបន្ថែមខ្ពស់ ដោយ​ផ្ដោតលើផលិតផលថ្លៃខ្ពស់ ​និងមានលក្ខណៈពិសេស​ មានភាពប្រកួតប្រជែងខ្ពស់ និង​ជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

សេវាដឹកជញ្ជូនបង្កើនតម្លៃសេវាដឹកជញ្ជូនបន្តិច បន្ទាប់ពីប្រេងសាំងបន្តហក់ឡើង

2022/03/17 01:36:44 pm        663
ភ្នំពេញ៖ ស្ថានភាពប្រេងឥន្ធនៈបានហក់ឡើងថ្លៃ ធ្វើឱ្យវិស័យសេវាដឹកជញ្ជូនក្រៅប្រព័ន្ធ មានការបន្ថែមតម្លៃសេវាដឹកជញ្ជូនខ្លះៗ ខណៈការដឹកជញ្ជូនលើផ្នែកមួយចំនួនផ្សេងទៀត នៅបន្តរក្សាតម្លៃជាធម្មតា។លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយភ្នាក់​ងារ​អ្នក​យកព័ត៌មាន​នៅថ្ងៃទី ១៥ ខែមិនាឆ្នាំ២០២២នេះថា បច្ចុប្បន្នដោយសារសង្រ្គាម រុស្សី អ៊ុយក្រែន ​គួបផ្សំនិងវិបត្តិជម្ងឺកូវីដ ១៩ បាន​និងកំពុងជះឥទ្ធិពលធ្វើ​ឲ្យមានការប្រែប្រួល​ថ្លៃប្រេង​សាំង​។ ចំពោះការហក់ឡើងពីតម្លៃប្រេងសាំងនេះ ​នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យដឹកជញ្ជូន ជាពិសេសការ​ប៉ះពាល់​ដល់ជីវភាពរស់នៅ​របស់ប្រជាជនផងដែរ។លោកឧកញ៉ា បន្តថា ការដឹកជញ្ជូននៅតាមបណ្តាលផ្នែកមួយចំនួន ​គឺនៅរក្សាតម្លៃសេវាជាធម្មតា ខណៈការដឹកជញ្ជូនមួយផ្នែកផ្សេងទៀត​បានបន្តឡើងថ្លៃខ្លះៗ តែស្ថិតនៅក្នុងការឡើងថ្លៃ​បន្តិចបន្ទួច​តែប៉ុណ្ណោះ។ លោកឧកញ៉ា បន្តទៀតថា ប្រសិនបើតម្លៃប្រេងនៅតែបន្តហក់ឡើង ​សមាគមនឹងប្រជុំពិភាក្សាគ្នា ដើម្បីយកមតិរួម ​ធ្វើយ៉ាងណាមិនឲ្យមានការប៉ះពាល់ ​ដល់ការ​ផ្គត់ផ្គង់​ទំនិញ​ដល់បណ្តារោងចក្រ សហគ្រាសនោះឡើយ។ទាក់ទងពាណិជ្ជកម្មវិញ, លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​លើកឡើងថា ចំពោះបញ្ហាប្រេងសាំងហក់ឡើងថ្លៃនេះ ​គឺមិនធ្វើឲ្យប៉ះពាល់ដល់ការបង្អាក់ដំណើរ ឬការបិតក្នុង​សកម្មភាព​អាជីវកម្ម ពាណិជ្ជកម្មនោះឡើយ ​ប្រសិនបើសេវាដឹកជញ្ជូន​ហក់ឡើងថ្លៃ សកម្មភាព​អាជីវកម្ម និងពាណិជ្ជកម្ម ​នឹងអាចប្រែប្រួលទៅ​តាមនៃតម្លៃនោះផងដែរ។សូមបញ្ជាក់ថា៖ តែចាប់ពីថ្ងៃទី ១៦ ដល់បំណាច់ចុងខែ​មីនា ​ប្រេងសាំង​ធម្មតាបានហក់ឡើង ៥ ៣០០ រៀល ក្នុង១លីត្រ, ប្រេងម៉ាស៊ូត ៥ ៣០០ ក្នុង១លីត្រ ​និងប្រេងសាំង​ស៊ុបពែរ​ឡើងដល់ ៥ ៨៥០ រៀល ក្នុង១លីត្រ៕ អត្ថបទ៖ សុន រ៉ាឌី

តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាហ្សូត ហក់ឡើងដល់ ៥៣០០រៀល ក្នុងមួយលីត្រ

2022/03/16 03:19:05 pm        724
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ តម្លៃលក់រាយនៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានដាក់លក់ក្នុងតម្លៃដូចគ្នា គឺ៥ ៣០០រៀល ក្នុង១លីត្រ កើនពីតម្លៃ ៤ ៨០០រៀល សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រ កាលពី១៥ថ្ងៃ ដើមខែមីនា។ក្នុងសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ បង្ហាញនៅព្រឹកថ្ងៃទី១៦ ខែមីនានេះ ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តម្លៃ​ប្រេងឥន្ធនៈ នេះ គឺយោងលើការ​ព្រមព្រៀង​លើរូបមន្តកំណត់តម្លៃជាមួយ ក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកប​អាជីវកម្មនៅកម្ពុជា និងយោងតាម​ការ​ប្រែប្រួល​នៃតម្លៃ​ប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ ​និងអន្តរជាតិ។ ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តនៅកម្ពុជាពីថ្ងៃទី១៦ ​ដល់៣១ ខែមីនា ​ឆ្នាំ២០២២នេះ សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ​ត្រូវដាក់លក់ក្នុងតម្លៃដូចគ្នា គឺ ​៥ ៣០០រៀល នៅក្នុង១លីត្រ។ជុំវិញការកើនឡើងថ្លៃលក់រាយ​ប្រេងឥន្ធនៈ ​កាលពីកន្លងទៅនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម​ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ​តម្លៃប្រេងឥន្ធនៈមានការប្រែប្រួល​ឡើងចុះ លឿនណាស់ ​ជាពិសេសខណៈបញ្ហាសង្រ្គាម ​រវាងប្រទេសអ៊ុយក្រែន ​និងប្រទេសរុស្ស៊ី និង​បញ្ហាទណ្ឌកម្ម​សេដ្ឋកិច្ចប្រទេសរុស្ស៊ី ទៅកន្លែងផ្សេងៗ ក៏​បាន​ជះឥទ្ធិពលខ្លះដែរទៅដល់ការ​ប្រែ​ប្រួល​តម្លៃប្រេង​ឥន្ធនៈ។ ឯកឧត្តម បញ្ជាក់ទៀតថា នៅថ្ងៃខាងមុខឆាប់ៗនេះ ក្រសួងនឹងផ្លាស់ប្តូរសេចក្តីជូនដំណឹង​ពី​រយៈពេល ១៥ថ្ងៃ មកត្រឹម ១០ថ្ងៃវិញម្តង ដើម្បីកំណត់ថ្លៃនៃការប្រែប្រួលតម្លៃ​ប្រេងឥន្ធនៈ​ឲ្យទាន់នៃការឡើងចុះ ​ហើយនេះ​ ក៏ជាវិធានការបឋមបំផុត ​ដើម្បីជូននូវការឈ្នះៗ​ដល់អតិថិជន ក៏ដូចជាវិស័យឯកជន ​ដែលយើងមិនទាន់ថា​ឡើងថ្លៃ ​ប៉ុន្តែយើងអាចនឹងឡើងថ្លៃនៅថ្ងៃក្រោយ។ ឯកឧត្តម បានលើកឡើងបន្តថា សព្វថ្ងៃនេះ​រាជរដ្ឋាភិបាលបានគិតគូរទាំងសងខាង ដោយ​មិន​អាចបង្ខំ ឲ្យវិស័យឯកជនស្លាប់ទេ ​ព្រោះនេះ​ជាទីផ្សារសេរី ​ហើយយើងត្រូវ​ជួយទាំងសងខាង ព្រោះអ្នក​លក់ក៏ប្រើប្រាស់ដែរ អញ្ចឹងជា​គោលការណ៍គឺធានាឲ្យមានប្រេងគ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់ដល់សាធារណជន ​និងវិស័យសេដ្ឋកិច្ច៕អត្ថបទ៖ ឈិត បូរ៉ាវី

សំណង់អគារដែលទុកចោលនៅខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់ឡើងវិញជាបណ្តើរៗ

2022/03/16 11:45:18 am        597
ព្រះសីហនុ៖ អគារសំណង់នៅខេត្តព្រះសីហនុដែលបានផ្អាក និងទុកចោល ដោយសារវិបត្តិនៃការរីករាលដាល​ជំងឺកូវីដ ១៩ អស់រយៈជាង២ឆ្នាំកន្លងមកបច្ចុប្បន្ន ម្ចាស់គម្រោងវិនិយោគលើវិស័យសំណង់អគារទាំងនោះ បានចាប់ផ្តើមបន្តអភិវឌ្ឍន៍គម្រោងសាងសង់របស់ខ្លួនជាបណ្តើរៗ ។លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែង​ឲ្យដឹងក្នុងកិច្ចសម្ភាសន៍​តាម​រយៈទូរស័ព្ទ ជាមួយភ្នាក់ងារអ្នក យកព័ត៌មាន BTV នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២២នេះថា បន្ទាប់​ពី​រាជរដ្ឋាភិបាលបានបើកប្រទេស​ឡើងវិញ ​និងបានទប់ស្កាត់​ការរីករាលដាលជំងឺ​កូវីដ១៩ នៅក្នុង​ស្ថានភាព​ដែលអាចគ្រប់គ្រងបាន ​បច្ចុប្បន្នខេត្តព្រះសីហនុ មានជើងហោះហើរពីក្រៅប្រទេស មកកាន់ខេត្តព្រះសីហនុ ជាបណ្តើរៗហើយ​ តែមិនទាន់មានស្ថានភាព​គគ្រឹកគគ្រេង ដូចនៅ​មុន​វិបត្តិនៃជម្ងឺកូវីដ១៩ បានផ្ទុះឡើងនៅឡើយ។លោក បន្តថា ស្របពេលដែលខេត្តព្រះសីហនុ ​មានជើងយន្តហោះចុះមកជាបណ្តើរៗនោះ ចំពោះ​វិស័យ​សំណង់​ចាស់ៗ​ដែលបានទុកចោល​ បន្ទាប់ពីមានការផ្ទុះឡើងនៃការរីករាលដាល​ជម្ងឺ​កូវីដ ១៩ បច្ចុប្បន្នត្រូវបានសង្កេតឃើញមានការសាងសង់ឡើងវិញជាបណ្តើរៗហើយ ​ភាគច្រើនគឺម្ចាស់ដើម បានងាក​មកអភិវឌ្ឍន៍បន្ត។ជុំវិញវិស័យអចលនទ្រព្យនេះ,លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារ​អចលន​វត្ថុកម្ពុជា​ លើកឡើងថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺបានចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ជាបណ្តើរៗហើយ ដូចជានៅរាជធានីភ្នំពេញ, ​ខេត្តព្រះសីហនុ, កំពត និង​មួយផ្នែកនៅខេត្តសៀមរាបជាដើម ដោយក្នុងនោះចំពោះតម្លៃនៃអចលនទ្រព្យ គឺបានឈរ​នៅទ្រឹង​ដ៏ដែល ខណៈដែលការទិញលក់ ​នៅក្នុងវិស័យមិនទាន់មានសកម្មភាពផុលផុសដូចដើម។ជុំវិញអគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ ដែលបានផ្អាក បន្ទាប់ពីវិបត្តិនៃការរីករាលដាលជម្ងឺកូវីដ ១៩, ថ្មីៗនេះ ​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ លើកឡើងថា ការ​ទាក់ទាញ​អ្នកវិនិយោគលើអគារខ្ពស់ៗ​មកវិនិយោគបន្តវិញ ឬលក់ទៅឲ្យអ្នកផ្សេងដែលមាន​គម្រោង​វិនិយោគលើផ្នែកនេះ ​គឺដើម្បី​ជម្រុញ​អភិវឌ្ឍន៍​អគារខ្ពស់ៗ ​បាន​បញ្ចប់ការសាងសង់ ​មានប្រតិបត្តិការ និងដំណើរឡើងវិញ។គម្រោងនេះ ​គឺស្របពេលរាជរដ្ឋាភិបាលបានកំពុងរៀបចំផែនការមេ ក្នុងការជម្រុញអភិវឌ្ឍន៍​ខេត្ត​មួយនេះ ​ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស​ពហុបំណង ដែលកិច្ចការនៃការរៀបចំនេះ​ត្រូវការ​រយៈពេលវែង ​ក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្រ្ត ដែលផែនការនេះនឹងគិតគូរ​គ្រប់ជ្រុង​ជ្រោយ ​និងគ្រប់ហេដ្ឋារចនា​សម្ព័ន្ធអស់៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សេតវិមាន៖ លោក Trump និងលោក Xi ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសន្តិសុខ អំឡុងជំនួបកំពូល នៅចិន
05/18/2026 04:05 PM
ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំងប្រមូលផលត្រីបានជាង៦០ពាន់តោន កើនឡើងខ្ពស់ជាងឆ្នាំមុនៗ
05/18/2026 04:05 PM
មេដឹកនាំប្រទេសម៉ុលដាវី រិះគន់ចំណាត់ការរបស់រុស្ស៊ីលើសញ្ជាតិសម្រាប់តំបន់ផ្តាច់ខ្លួន
05/18/2026 04:05 PM
នគរបាលប្រទេសចិន អាមេរិក និងអារ៉ាប់រួម រួមគ្នាបង្ក្រាបការក្លែងបន្លំតាមទូរគមនាគមន៍
05/18/2026 04:05 PM
អ៊ីរ៉ង់នឹងប្រែក្លាយឈូងសមុទ្រអូម៉ង់ឲ្យទៅជា «ទីស្មសាន» សម្រាប់នាវា បើអាមេរិកមិនបញ្ចប់ការបិទផ្លូវ
05/18/2026 04:05 PM
ប្រមុខ IAEA អំពាវនាវឱ្យមានការអត់ធ្មត់ខ្ពស់ខាងយោធា នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ
05/18/2026 04:05 PM
អ៊ីរ៉ង់ ទទូចថាច្រកសមុទ្រ Hormuz បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់យោធាកងឆ្មាំបដិវត្តន៏អ៊ីស្លាម
05/18/2026 04:05 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ កងកម្លាំងអ៊ីស្រាអែល ត្រៀមស្ទាក់ចាប់ក្បួនទូកដឹកជំនួយទៅតំបន់ហ្កាហ្សា
05/18/2026 04:05 PM
លោក Trump ព្រមានថា អ៊ីរ៉ង់​ «នឹងមិនមានអ្វីនៅសល់» ទៀត​ទេ បើ​មិន​ព្រមធ្វើ​កិច្ច​ព្រម​ព្រៀង​​
05/18/2026 03:05 PM
មន្ត្រីជាន់ខ្ពស់រុស្ស៊ីថា ទំនាក់ទំនងនយោបាយរវាងរុស្ស៊ី និងចិន ត្រូវបានកំណត់គោលដៅដោយមេដឹកនាំនៃប្រទេសទាំងពីរ
05/18/2026 03:05 PM