រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន
កម្ពុជាដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ការកើនឡើងនៃសម្ពាធអតិផរណា រក្សាស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ
រាជរដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកា ៥៣ លានដុល្លារ សម្រាប់បន្តអភិវឌ្ឍន៍ជំនាញគាំទ្រ MSMEs

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាបង្កើនការយល់ដឹងពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម

2026/08/21 03:39:22 pm        420
កម្ពុជារៀបចំសន្និសីទស្តីពី ការអភិវឌ្ឍនិងទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា លើការបើកចំហកាលានុវត្តភាពវិនិយោគ ដើម្បីលើក កម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសន្និសីទ ស្តីពីការអភិវឌ្ឍនិងទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ក្រោមមូលបទ «ការបើកចំហ កាលានុវត្តភាពវិនិយោគ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងសហគ្រាសមកពីសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុង ប្រតិបត្តិការ និងមានបំណងស្វែងរកឱកាសពង្រីកខ្សែច្រវាក់ផលិតកម្ម និងបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅព្រះរាជាណាចក្រកម្ពុជា សរុបប្រមាណជាង ១០០ស្ថាប័ន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែចាត់ទុកវិស័យ ឯកជនជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងតួនាទីជាអ្នកសម្របសម្រួល និងគាំទ្ររាល់សកម្មភាពវិនិយោគយ៉ាងសកម្មផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានរំលេចអំពីទំនាក់ទំនងមិត្តភាពរឹងមាំរវាងកម្ពុជា-ចិន ក្នុងនាមជា «មិត្តដែកថែបនិងជាកិច្ចសហប្រតិបត្តិការយូរអង្វែង» ដែលផ្តល់នូវបរិយាកាសអំណោយផល និងជំនឿចិត្តខ្ពស់ ដល់វិនិយោគិនចិន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងស៊ីជម្រៅនូវមូលហេតុសំខាន់ៗ ដែលវិនិយោគិនគួរជ្រើសរើសកម្ពុជា ជាគោល ដៅវិនិយោគរួមមាន៖ ១. សន្តិភាព និងស្ថិរភាពនយោបាយរឹងមាំ រួមជាមួយលំនឹងម៉ាក្រូសេដ្ឋកិច្ច និងអត្រាអតិផរណាទាប, ២. កម្លាំង ពលកម្មវ័យក្មេង ប្រកបដោយថាមវន្ត និងងាយស្រួលក្នុងការបណ្តុះបណ្តាល, ៣. ច្បាប់ស្តីពីវិនិយោគមានភាពបើកចំហ អំណោយផល ខ្ពស់ និងផ្តល់នូវកញ្ចប់លើកទឹកចិត្តសម្បូរបែបដល់វិនិយោគិន, ៤. ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡាជាអាទិ៍ ការលើកកម្រិតគុណភាពផ្លូវជាតិ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងផែនការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅ ព្រមទាំងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវវិស័យភស្តុភារកម្មជាតិ, ៥. កម្ពុជាមានទីតាំងភូមិសាស្រ្តស្ថិតនៅចំកណ្តាលតំបន់ (មហា អនុតំបន់មេគង្គ,អាស៊ាន, អាស៊ាន+៥) និងមានការបើកចំហទីផ្សារទូទាំងសកលលោក និងការសម្រេចបាននូវការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការ (ART) មុនគេជាមួយសហរដ្ឋអាម៉េរិក ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាច្រើនទៀត។ ជាការឆ្លើយតប តំណាងវិនិយោគិនចិន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជាអធិបតី និងចែករំលែកព័ត៌មានយុទ្ធសាស្ត្រសំខាន់ៗ។ តំណាងវិនិយោគិនក៏បាន បង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលវិនិយោគនៅកម្ពុជា និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសន្និសីទនេះ អ្នកវិនិយោគទាំងអស់ទទួលបានព័ត៌មានពិតប្រាកដ ច្បាស់លាស់ និងស៊ីជម្រៅ ដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ សម្រាប់ការរៀបចំ ផែនការ និងការសម្រេចចិត្តវិនិយោគជាក់ស្តែងនាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញផលិតផល GFT របស់កម្ពុជារំពឹងកើនលើស ១៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

2026/08/21 12:44:25 pm        347
ភ្នំពេញ៖ ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា ត្រូវបានរំពឹងថា នឹងកើនដល់ ឬលើស ១៧ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៦ ដែលនឹងក្លាយជាកម្រិតខ្ពស់បំផុតថ្មីមួយសម្រាប់វិស័យនេះ។ ការរំពឹងទុកនេះកើតឡើងបន្ទាប់ពីការនាំចេញ GFT នៅតែបន្តមានសន្ទុះកំណើនក្នុងឆមាសទី១ ឆ្នាំ២០២៦។ ជារួម វិស័យនេះបានបង្ហាញពីកំណើនប្រកបដោយស្ថិរភាព ដែលឆ្លុះបញ្ចាំងពីតម្រូវការខ្ពស់ពីទីផ្សារសំខាន់ៗ និងការបន្តរក្សាបាននូវភាពប្រកួតប្រជែងរបស់ឧស្សាហកម្ម GFT របស់កម្ពុជា។ រាជរដ្ឋាភិបាល​បានចាត់ទុក វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) គឺជាវិស័យស្នូលមួយក្នុងការជំរុញការនាំចេញរបស់កម្ពុជា ហើយវិស័យនេះនៅតែបន្តរក្សាបាននូវកំណើនគួរឱ្យកត់សម្គាល់។​ ជាលទ្ធផល ក្នុងឆមាសទី១ ឆ្នាំ២០២៦ វិស័យ GFT បាន​នាំចេញសរុបបានកើនឡើងពី ៧,៦៣ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២៥ ដល់ ៨,០៩ ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលកើនចំនួន ៤៦៦,៦៩ លានដុល្លារអាមេរិក ឬ ស្មើនឹង​៦,១២%។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុត ដោយការនាំចេញបានកើនឡើងពី ៣,០៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ដល់ ៣,៥៤ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៦ ស្មើនឹង ៤៣,៧% នៃការនាំចេញផលិតផល GFT សរុប។ ផលិតផលសម្លៀកបំពាក់នៅតែជាផលិតផលនាំចេញឈានមុខគេរបស់កម្ពុជា​។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តួលេខនេះជាកំណើនមួយគួរឱ្យចាប់អារម្មណ៍ បើទោះជា រងសម្ពាធពីពន្ធបដិការបស់សហរដ្ឋអាមេរិក ក៏ការនាំចេញផលិត GFT នៅតែឈរជើងយ៉ាងរឹងមាំនៅទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារចម្បងជាងគេរបស់កម្ពុជា ហើយ រាជរដ្ឋាភិបាលមានទំនុកចិត្តខ្ពស់​ថា វិស័យ GFT នឹងបន្តរីកចម្រើនតទៅទៀត ខណៈដែលការវិនិយោគទៅលវិស័យនេះនៅតែបន្តកើនឡើងជាលំដាប់។ ឯកឧត្តម មានប្រសាសន៍ថា៖ «យោងទៅតាមការបញ្ជាទិញ GFT នៅតែមាន ហើយ បច្ចុប្បន្ននេះ រដូវដែលមានការនាំចេញច្រើននឹងបន្តរហូតដល់ខែតុលា អីចឹង កម្ពុជានៅតែ មានសេចក្តីសង្ឃឹមថា ទំនិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅតែមានទីផ្សារនៅឡើយ។ ផលិតផលនេះ នៅតែជាទីសង្ឃឹមរបស់កម្ពុជានៅឡើយ បើទោះបីជា មានបញ្ហាអ្វីផ្សេងៗក៏ដោយ ដែលកើតមានឡើងកន្លងមក។​ ក្រសួងពាណិជ្ជកម្ម​នឹងបន្តខិតខំធ្វើយ៉ាងណាបន្តសម្របសម្រួលពាណិជ្ជកម្ម ទាំងការបំពេញសេវាសាធារណៈ ទាំងការបំពេញលក្ខខណ្ឌទីផ្សារ សម្រាប់ទីផ្សារនានា ជាពិសេស វិធានប្រភពដើមទំនិញ និងការជួយសម្របសម្រួលលក្ខខណ្ឌទីផ្សារផ្សេងៗទៀត​ស្របតាមតម្រូវការរបស់ប្រទេសជាទីផ្សាររបស់កម្ពុជា»។​ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានឱ្យដឹងថា ការនាំចេញសម្លៀកបំពាក់នៅតែជាប្រភេទផលិតផលធំជាងគេ ដែលមានចំនួន ៦៨,៨% នៃការនាំចេញសរុបនៅក្នុងឆមាសទី១ ឆ្នាំ ២០២៦ តាមពីក្រោយដោយ ផលិតផលស្បែកជើង ១៣,៧% និង​ផលិតផលធ្វើដំណើរនិងការបូប ១៣,០% និងផលិតផលវាយនភណ្ឌផ្សេងទៀត មានចំនួន ៤,៨%។ នេះគឺបានឆ្លុះបញ្ចាំងថា វិស័យនេះនៅតែបន្តទាក់ទាញគម្រោងវិនិយោគថ្មីៗ និងរក្សាបានស្ថិរភាពទីផ្សារសម្រាប់ការនាំចេញ ជាពិសេស ទីផ្សារសហរដ្ឋអាមេរិក។​ លោក កាំង ម៉ូនីកា មានប្រសាសន៍ថា៖ «ជាការពិតបើទោះជាបី កម្ពុជា បានជួបប្រទះ​នូវបញ្ហាប្រឈមមួយចំនួន ក៏លោកមើលឃើញថានិន្នាការវិនិយោគថ្មីៗនៅតែបន្តកើតមាន ហើយការបញ្ជាទិញនៅតែមានគ្រប់គ្រាន់ ជាពិសេសទីផ្សារសហរដ្ឋអាមេរិក»។របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា ក្នុង​ឆ្នាំ២០២៥ វិស័យ GFT របស់កម្ពុជាមានប្រហែល ១,៨០០ រោងចក្រ​/សហគ្រាស និងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាចំនួនជាង ១,១១ លាននាក់ ដែលប្រមាណ ៧៥% នៃកម្មករ-និយោជិតជាស្ត្រី៕ អត្ថបទ៖ ធូ វិរៈ      

កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈវេទិកាពាណិជ្ជកម្ម និង​ជំនួប​ផ្គូផ្គងធុរកិច្ច

2026/08/19 02:09:34 pm        338
នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ភ្ជាប់ជាមួយបេសកកម្មជំរុញការនាំចេញ (EAM) មកកាន់កម្ពុជា ឆ្នាំ២០២៦ ដែលមានវត្តមានអញ្ជើញចូលរួម ពី ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍ធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសក្នុងការពង្រីកការធ្វើពាណិជ្ជកម្ម និងភាពជាដៃគូធុរកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូម៉ាឡេស៊ី និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា សាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) និងដៃគូទាំងអស់ ដែលបានផ្តួចផ្តើមនិងសហការក្នុងការរៀបចំវេទិកាពាណិជ្ជកម្មនិងជំនួបផ្គូរផ្គងធុរកិច្ចដ៏មានសារៈសំខាន់នេះឡើង ដែលនឹងបន្តចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសន្ទុះវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគី ដោយក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ១,០៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ២៥% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៨៦៥ លានដុល្លារអាម៉េរិក ពោលគឺសម្រេចបាននិងកើនលើស ១ ពាន់លានដុល្លារអាម៉េរិក ដូចដែល ភាគីទាំងពីរបានប្តេជ្ញាក្នុងពេលកន្លងមក ។ ដោយឡែក ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ប្រមាណ ៩៤៧ លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ លោកជំទាវរដ្ឋមន្ត្រី បានបន្តថា កំណើនពាណិជ្ជកម្មដ៏រឹងមាំនេះ បានឆ្លុះបញ្ចាំងពីភាពបំពេញបន្ថែមឱ្យគ្នារវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងបានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ លើសពីការបង្កើនទំហំពាណិជ្ជកម្ម ដោយផ្តោតលើ ការវិនិយោគ ការចាប់ដៃគូអាជីវកម្ម កិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យា ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើនការចូលរួមឱ្យកាន់តែច្រើនរវាងវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម នៃប្រទេសទាំងពីរ។ ក្នុងន័យនេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៊ីស្វែងរកឱកាសថ្មីៗនៅកម្ពុជា ក្នុងវិស័យដូចជា ទំនិញប្រើប្រាស់ទូទៅ កសិផលកែច្នៃ សុខាភិបាល ថាមពលបៃតង សេវាឌីជីថល ភស្តុភារកម្ម និងវិស័យហាឡាល ជាដើម ព្រមទាំងជំរុញការពង្រឹងកិច្ចសហការរវាងវិស័យឯកជន តាមរយៈការរៀបចំជាប្រចាំនូវវេទិកាផ្គូផ្គងធុរកិច្ច ការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្តល់ព័ត៌មានទីផ្សារ និងការសម្របសម្រួលការវិនិយោគ ជាដើម។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើតបរិយាកាសធុរកិច្ចដែលមានភាពបើកចំហ អាចព្យាករណ៍បាន មានតម្លាភាព និងផ្អែកលើគោលការណ៍នីតិរដ្ឋ តាមរយៈការសម្រួល និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងការបន្តសម្របសម្រួលលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ដោយបន្តផ្តោតសំខាន់លើកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងដោយស្មើភាព។ ជាពិសេស លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងពីសក្តានុពលនៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហាឡាល បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការយុទ្ធនាការទូទាំងប្រទេស កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជំរុញ និងបង្កើនការចុះបញ្ជីផលិតផលហាឡាល ដើម្បីជំរុញការនាំចេញផលិតផលរបស់កម្ពុជាបន្ថែមទៀត។ មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយ MATRADE ស្ថានទូតម៉ាឡេស៊ី សមាគមធុរកិច្ចម៉ាឡេស៊ី វិស័យឯកជនកម្ពុជា និងដៃគូពាក់ព័ន្ធនានា ដើម្បីប្រែក្លាយទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ទៅជាឱកាសពាណិជ្ជកម្មជាក់ស្តែង និងផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងពីរ។ លោកជំទាវរដ្ឋមន្ត្រីបានអំពាវនាវដល់វិស័យឯកជននៃប្រទេសទាំងពីរ ឱ្យរួមគ្នាប្រែក្លាយ «ការចូលដល់ទីផ្សារ ទៅជាវត្តមាននៅក្នុងទីផ្សារ» និង «ទំនាក់ទំនងធុរកិច្ច ទៅជាភាពជាដៃគូពាណិជ្ជកម្ម» ដើម្បីរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់ប្រទេសទាំងពីរ៕

កម្ពុជា-ចិនដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត សម្រួលការទូទាត់រវាងប្រទេសទាំងពីរ

2026/08/18 03:48:08 pm        3432
កម្ពុជា-ចិនដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលការទូទាត់រវាងប្រទេសទាំងពីរ ដោយផ្តល់ លទ្ធភាពឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay (ឬ WeChat Pay) អាចស្កេនទូទាត់តាមខេអេចឃ្យូអរកូតក្នុងប្រទេស កម្ពុជា តាមរយៈបណ្តាញប្រតិបត្តិការទូទាត់របស់ Weixin Pay។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Ben Yang នាយកគ្រប់គ្រង Weixin Pay ប្រចាំ តំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង និងអាមេរិកឡាទីន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យ ដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (ដំណាក់ កាលទី១៖ កម្មវិធីទូទាត់ចល័ត Weixin Pay ស្កេនខេអេចឃ្យូអរកូតនៅកម្ពុជា) នៅរាជធានីភ្នំពេញ។ការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ នឹងសម្រួលការទូទាត់រវាងប្រទេសទាំងពីរ ដោយផ្តល់លទ្ធភាព ឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay (ឬ WeChat Pay) អាចស្កេនទូទាត់តាមខេអេចឃ្យូអរកូតក្នុងប្រទេសកម្ពុជា តាម រយៈបណ្តាញប្រតិបត្តិការទូទាត់របស់ Weixin Pay។ ភ្ញៀវទេសចរចិនក៏នឹងទទួលបានភាពងាយស្រួលក្នុងការទូទាត់ថ្លៃអាហារ ទំនិញ ការធ្វើដំណើរ និងកន្លែងកម្សាន្តផ្សេងៗនៅទូទាំងប្រទេសកម្ពុជាផងដែរ។ ការអភិវឌ្ឍគម្រោងទូទាត់សងប្រាក់តាមរយៈឃ្យូអរកូតឆ្លង ដែននេះ បានឆ្លុះបញ្ចាំងជំហានឆ្ពោះទៅមុខ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់សងប្រាក់រវាងកម្ពុជានិងចិន។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល លើកឡើងថា សារៈប្រយោជន៍ជាយុទ្ធសាស្រ្តចំនួន២ ដែលទទួលបានពីការដាក់ឱ្យ ដំណើរការនេះរួមមាន៖ ១/ សម្រាប់ភ្ញៀវទេសចរបរទេសដែលប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ជាពិសេសភ្ញៀវទេសចរ ដែលធ្វើដំណើរមកពីប្រទេសចិន អាចទទួលបានបទពិសោធន៍នៃការទូទាត់ដែលរហ័ស សុវត្ថិភាព និងងាយស្រួល ដោយពុំចាំបាច់ប្តូរ រូបិយប័ណ្ណកាន់សាច់ប្រាក់ផ្ទាល់ និងមិនតម្រូវឱ្យមានប័ណ្ណទូទាត់ និង ២/ សម្រាប់សហគ្រាសក្នុងស្រុករបស់កម្ពុជា រាប់ចាប់ពីម្ចាស់ អាជីវកម្ម ឬសហគ្រាសធំៗ រហូតដល់ SME ព្រមទាំងពាណិជ្ជករ អាចទទួលការទូទាត់ពីអតិថិជន ជាជនបរទេសបានកាន់តែច្រើន តាមរយៈខេអេចឃ្យូអរកួតដែលមានស្រាប់ ដោយពុំប្រឈមនឹងការកាត់កម្រៃប្រតិបត្តិការបន្ថែមនោះឡើយ។លោក Ben Yang លើកឡើងផងដែរថា ការដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែននេះ បង្ហាញពីសមិទ្ធផលដ៏អស្ចារ្យ នៃការធ្វើអន្តរប្រតិបត្តិការការទូទាត់រាយឆ្លងដែនរវាងប្រទេសទាំងពីរ។ ការរប្រើប្រាស់ខេអេចយ្យូអរកូតតែមួយ សម្រាប់ការទូទាត់ទាំង អស់ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រីកលទ្ធភាពនៃការទូទាត់ឱ្យកាន់តែមានសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាព ជាពិសេស ផ្តល់លទ្ធភាពឱ្យភ្ញៀវទេសចរចិន អាចធ្វើប្រតិបត្តិការទូទាត់បានយ៉ាងងាយស្រួល ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា។ ការអភិវឌ្ឍ ការទូទាត់ឆ្លងដែននេះ មិនត្រឹមតែជាការអភិវឌ្ឍមុខងារដែលសម្រួលក្នុងការទូទាត់របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការធ្វើអន្តរ ប្រតិបត្តិការទូទាត់ឆ្លងដែន ដោយផ្តោតសំខាន់លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ទូទាត់ សង្គតិភាពនៃបទប្បញ្ញត្តិ និង ការធ្វើឌីជីថលភាវូបនីយកម្មជាមួយពាណិជ្ជករផងដែរ។ លោកក៏បានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសផ្សារភ្ជាប់ ជាមួយទស្សនវិស័យរបស់អាស៊ាន ក្នុងការជំរុញការទូទាត់រាយឱ្យកាន់តែប្រសើរឡើង៕ អត្ថបទ៖ សុន រ៉ាឌី

សមាគមអភិវឌ្ឍន៍សង្គមខ្មែរ៖ ការនាំចេញផលិតផលស្រស់ និងកែច្នៃត្រូវតែដើរទន្ទឹមគ្នា ចៀសវាងការជុញផលិតផលលើទីផ្សារ

2026/08/18 03:35:12 pm        335
ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ថ្លែងថា ការនាំចេញផលិតផលស្រស់ទៅកាន់ទីផ្សារក្រៅប្រទេស និងលើកកម្ពស់ការកែច្នៃចេញ ជាផលិតផលសម្រេច, ស្ថិតក្នុងពេលបច្ចុប្បន្ននេះត្រូវតែដើរទន្ទឹមគ្នា ដើម្បីគាំទ្រដល់កសិករ ចៀសវាងការកក់ស្ទះ ឬការជុញផលិតផល លើទីផ្សារ។ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការនាំចេញ ផលិតផលស្រស់ទៅទីផ្សារប្រទេស និងការជំរុញកែច្នៃផលិតផលក្នុងស្រុក នេះថា វិស័យកសិកម្មបានកំពុងដើរតួយ៉ាងសំខាន់ សម្រាប់ ជាសន្តិសុខស្បៀងក្នុងស្រុកផង ការកែច្នៃ និងបម្រើដល់ទីផ្សារនាំចេញផលដែរ ជាក់ស្តែងការនាំចេញផលិតផលស្រស់របស់កម្ពុជា នៅ ក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៦ឃើញថា មានកំណើនកើនឡើងគួរកត់សម្គាល់ គាំទ្រដោយទីផ្សារសំខាន់ៗដូចជា វៀតណាម ជប៉ុន ជាពិសេសការនំាចេញទៅកាន់ទីផ្សារចិន ដែលបានកំពុងហក់កើនឡើង ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃប្រទេសទាំងពីរ។ឯកឧត្តម បន្ថែមថា ចំណែកការកែច្នៃផលិតផលចេញពីវិស័យកសិកម្មវិញឃើញថា បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ តាមរយៈការទទួលបានរោងចក្រកែច្នៃធំៗ និងការចូលរួមគាំទ្រកែច្នៃរបស់សហគ្រាសក្នុងស្រុកផងដែរ ប៉ុន្តែចំនួននេះនៅមានកម្រិត តិចតួចនៅឡើយ នឹងរំពឹងថា ទៅពេលខាងមុខកម្ពុជានឹងទទួលបានរោងចក្រ សហគ្រាសកែច្នៃកាន់តែច្រើនថែមទៀត។ ឯកឧត្តម បន្តថា ស្របបរិបថនេះ ការជំរុញនាំចេញផលិតផលស្រស់ទៅកាន់ទីផ្សារក្រៅប្រទេស និងលើកកម្ពស់ការកែច្នៃក្នុងស្រុក ចេញជា ផលិតផលសម្រេចផ្សេងៗ ត្រូវតែដើរទន្ទឹមគ្នា (ជំរុញដល់ការនាំចេញផលិតផលស្រស់ផង និងការកែច្នៃផង) ដើម្បីគាំទ្រដល់កសិករ ដែលជាអ្នកដាំដុះ និងនៅក្នុងអនុវិស័យកសិកម្មផ្សេងៗ ដើម្បីចៀសវាងដល់ការកក់ស្ទះ ឬការជុញផលិតផលរបស់ពួកគាត់លើទីផ្សារ។ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើកឡើង ថា ជុំវិញវិស័យឧស្សាហកម្ម, នៅក្នុងពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី៣ ប្រព្រឹត្តទៅថ្មីៗនេះ ដែលរៀបចំដោយសភា- ពាណិជ្ជកម្មចិនប្រចាំកម្ពុជា និងមានការចូលរួមពីសភាពាណិជ្ជក​ម្មកម្ពុជា គឺបានពិភាក្សាគ្នាទៅវិញទៅមក ដោយក្នុងពិធីនោះវិស័យ ឯកជនក៏បានស្នើសុំឱ្យរាជរដ្ឋាភិបាលគិតគូរនៃការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កម្ពុជា ខណៈបច្ចុប្បន្នវិនិយោគិនបរទេសដែលវិនិយោគនៅ ក្នុងស្រុក បាននាំចូលនូវវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ផលិតកម្មយ៉ាងច្រើនលើសលុប។ឯកឧត្តម បន្តថា ជុំវិញបញ្ហាខាងលើនេះ រដ្ឋនិងឯកជនក៏បានពិភាក្សានៅលើវិស័យសំខាន់ៗចំនួន៣ ដែលជាវិស័យអាទិភាព របស់កម្ពុជាដែលមានសក្តានុពលធំ ដើម្បីរុញដល់ការផលិតនៅកម្ពុជា បង្កើតបរិមាណតម្លៃកាន់តែប្រសើរ ដូចជាការកែច្នៃកសិ-ឧស្សា ហកម្ម (ការផលិតសំបកបង់ចេញពីកៅស៊ូ និងវិស័យកាត់ដេរជាដើម) ដើម្បីតភ្ជាប់ដល់ខ្សែច្រវាក់ផ្គង់ផ្គង់ទៅរោងចក្រ សហគ្រាស។ បញ្ហានេះប្រសិនបើកម្ពុជាផលិតវត្ថុធាតុដើមបានមួយចំណែកទៀត យើងនឹងមានផលិតកម្មពីដំណាក់កាល ដែលអាចបង្កើតការងារ និងប្រាក់ចំណូលក្នុងសេដ្ឋកិច្ចកាន់តែច្រើន៕ អត្ថបទ៖ សុន រ៉ាឌី 

តំណាង ICCI ៖ វិនិយោគិនកូរ៉េចាប់អារម្មណ៍វិនិយោគលើការកែច្នៃកសិផល និងគ្រឿងសង្ហារិមនៅកម្ពុជា

2026/08/18 09:57:54 am        337
តំណាងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (ICCI) ថ្លែងថា ក្រុមហ៊ុនកូរ៉េធំៗមួយចំនួន បានបង្ហាញបំណងក្នុងការមកបោះទុន វិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យផលិតគ្រឿងសង្ហារិម និងការកែច្នៃកសិផល បន្ទាប់ពីគណៈប្រតិភូកម្ពុជា បើកយុទ្ធនាការផ្សព្វ ផ្សាយវិនិយោគនៅប្រទេសកូរ៉េកន្លងមក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបពិភាក្សា ការងារ និងសម្តែងការគួរសម ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (ICCI) ដឹកនាំដោយលោក Park Joo-bon នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ, ឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឈ័ន ដែលបានសម្របសម្រួលលើការរៀបចំ «វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦» កាលពីចុងខែមិថុនា កន្លងទៅ។ ក្នុងជំនួបនោះ, លោក Park Joo-bon ក៏ជម្រាបពីភាពជោគជ័យនៃយុទ្ធនាការផ្សព្វផ្សាយវិនិយោគកន្លងមក ដែលក្នុងនោះ មានបណ្តាញសារព័ត៌មានកូរ៉េចំនួន ៣៨ ស្ថាប័ន បានចុះផ្សាយ និងបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគ និងសហគមន៍ធុរកិច្ចកូរ៉េ អំពីសក្តានុពលរបស់កម្ពុជា និងបានបង្ហាញអំពីបំណងលើការមកបោះទុនវិនិយោគនៅកម្ពុជា ដោយផ្តោត លើវិស័យផលិតគ្រឿងសង្ហារិម និងការកែច្នៃកសិផល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះធ្វើការចែករំលែក អំពីការវាយតម្លៃលើបរិយាកាសធុរកិច្ចល្អរបស់កម្ពុជា នៅ ក្នុងតំបន់អាស៊ាន ពីសំណាក់ស្ថាប័នព័ត៌មានអាម៉េរិក ហើយក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈខ្ពស់ ក្នុងការបន្តធ្វើឱ្យកាន់ តែប្រសើរឡើងជាលំដាប់ ដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសបន្ថែមទៀត។ ឯកឧត្តមក៏បានជម្រាបអំពីកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនិងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយនឹងការធ្វើជា ម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គ្រោងនឹងប្រព្រឹត្តទៅនៅខែកញ្ញា ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងមានការចូល រួមពីគណៈប្រតិភូអន្តរជាតិជុំវិញពិភពលោក ក៏ដូចជាគណៈប្រតិភូពី FBI ផងដែរ។ លោកប្រធាន ICCI បានជម្រាបអំពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសជំនាញ ក្នុងនោះលោកបញ្ជាក់ឱ្យ ដឹងថា នឹងមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយរំពឹងថា នឹងទទួលបានការតម្រង់ទិស និងគាំទ្របន្ថែមពី ក.អ.ក. ផងដែរ។ ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងនេះ និងបានជម្រាបជូន គណៈប្រតិភូ Incheon CCI ថា ក.អ.ក. ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសម្របសម្រួល សំដៅជំរុញ ឱ្យគម្រោងនេះលេចរូបរាងឡើង ដើម្បីជាប្រយោជន៍លើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ជំនាញបច្ចេកទេសកម្លាំងពលកម្ម កម្ពុជា ឱ្យចំទិសដៅទៅនឹងតម្រូវការកម្លាំងពលកម្មជំនាញរបស់អ្នកវិនិយោគកូរ៉េនៅកម្ពុជានាពេលអនាគត៕ អត្ថបទ៖ សុន រ៉ាឌី

គណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប​ ចុះ​ទស្សន​កិច្ច​ពិនិត្យ​វឌ្ឍនភាព​ការ​គាំទ្រ​ប្រជា​កសិករ​ នៅសហគមន៍កសិកម្មជីរោទ៍រុងរឿង​ ខេត្តត្បូងឃ្មុំ

2026/08/18 09:46:11 am        223
នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់(Igor DRIESMANS) ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប(EU)​ ចុះ​ទស្សន​កិច្ច​ ពិនិត្យ​វឌ្ឍនភាពការគាំទ្រប្រជាកសិករ នៅសហគមន៍កសិកម្មជីរោទ៍រុងរឿង​ ខេត្តត្បូងឃ្មុំ។ក្នុងដំណើរចុះទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី​ និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ បាន​ចុះពិនិត្យវឌ្ឍនភាពការគ្រប់គ្រងគាំទ្រប្រជាកសិករ​ ព្រមទាំងជួប​សំណេះ​សំណាល និង​ស្តាប់​នូវ​សំណើ​ សំណូមពរ​របស់ប្រជាកសិករ សំដៅបង្កើនការគាំទ្រដល់សហគមន៍កសិកម្ម​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និងចីរភាព។ គណៈប្រតិភូកម្ពុជា-សហភាពអឺរ៉ុប​ ក៏បាន​អញ្ជើញ​ធ្វើ​ជា​សក្ខីភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​ផលិតកម្ម​ រវាងសហគមន៍កសិកម្មជីរោទ៍រុងរឿង​ និងសហគ្រាសកែច្នៃផងដែរ៕

សហគ្រិន និងម្ចាស់អាជីវកម្ម កំពុងស្វែងយល់ពី​របាំង​បច្ចេកទេស​នាំចេញ​ផលិតផល​ទៅក្រៅប្រទេស

2026/08/17 01:10:52 pm        408
ប្រធានសមាគមចំនួនពីរ ជួបជាមួយសហគ្រិន និងម្ចាស់អាជីវកម្ម ពិភាក្សាលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយអាជីវកម្ម លើខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្កង់ផលិតផលិផលលើទីផ្សារ ជាពិសេសការស្វែងយល់ និងការហែករបាំងបច្ចេកទេសជំរុញការ នាំចេញជំរុញផលិតផលកម្ពុជាទៅក្រៅប្រទេសបន្ថែម។ ថ្នាក់ដឹកនាំសមាគម សហគ្រិន និងម្ចាស់អាជីវកម្ម-ផលិតកម្ម នៅចុងសប្តាហ៍កន្លង​មកនេះ បានបើកកិច្ចពិភាក្សា និងពិគ្រោះ យោបល់ ផ្តោតលើការដោះស្រាយបញ្ហាប្រឈមថ្លៃដើមផលិតកម្មដូចជា (ថ្លៃដើមផលិត, ពង្រឹងគុណភាពនិងស្តង់ដារ, ការប្រើប្រាស់ បច្ចេកវិទ្យា និងរបាំងបច្ចេកទេសទីផ្សារ) ក្នុងគោលដៅពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងថា ជុំវិញការផលិតនៅក្នុងដំណាក់កាលចុង ក្រោយនេះឃើញថា ល្បឿននៃការផលិតរបស់សហគ្រាសក្នុងស្រុកមានការកើនឡើងគួរកត់សម្គាល់ បើធៀបនៅពេលផ្ទុះឡើងនៃវិបត្តិ ជំងឺកូវីដ-១៩ និងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ, តែទោះបីយ៉ាងណាសហគ្រិនទាំងអស់គឺត្រូវការជំនាញពិត និងជំនាញទន់ ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ននេះទុនវិនិយោគនៅមានកម្រិត ដើម្បីពង្រីកអាជីវកម្មបន្ថែម ដែលបញ្ហានេះសមាគមនិងស្វែងរកកិច្ចសហការជាមួយ ក្រសួងស្ថាប័ន និងដៃគូ ដើម្បីធ្វើឱ្យប្រសើរឡើងនៃការទទួលឥណទាន ក្នុងគោលដៅជំរុញការផលិតឱ្យកាន់តែធំ និងមានគុណភាព សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ ឯកឧត្តមបន្ថែមថា ជាក់ស្តែងកិច្ចពិភាក្សារវាងសមាគមអភិវឌ្ឍន៍សង្គមខ្មែរ និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ជាមួយ សហគ្រិន និងម្ចាស់អាជីវកម្ម-ផលិតកម្ម​ គឺដើម្បីឱ្យពួកគាត់បានស្វែងយល់បន្ថែមពីទីផ្សារនាំចេញ ជាពិសេសស្តង់ដារអនាម័យ និង ភូតគាមអនាម័យ ការបង្កើនគុណភាពផលិតផល និងបង្កើតម៉ាកយីហោឱ្យមានភាពជឿជាក់ ក្នុងគោលដៅហែករបាំងបច្ចេកទេស ជំរុញការនាំចេញជំរុញផលិតផលកម្ពុជាទៅក្រៅប្រទេសឱ្យកាន់តែច្រើន។ ចំណែកម្ចាស់អាជីវកម្ម បានបង្ហាញនូវមោទនភាពខណៈដែលពលរដ្ឋកម្ពុជា បាននិងកំពុងងាកមកប្រើប្រាស់ផលិតផលក្នុង ស្រុក ធ្វើឱ្យចលនាការផលិត នៅក្នុងខ្សែច្រវាក់ផលិតកម្មកំពុងបន្តមានកំណើន លើការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង ឱកាសពង្រីកទីផ្សារក្រៅស្រុកបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ផលិតផលជាតិ និងគាំទ្រដល់កសិករដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុ ដើមផងដែរ។ ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា លើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះផលិតផល ខ្មែរបានហូរចូលលើទីផ្សារគួរកត់សកម្គាល់ ក្នុងនោះក៏មានផលិតផលមួយចំនួនបានកំពុងនំាចេញទៅក្រៅស្រុកផងដែរ ជាក់ស្តែងក្នុង រយៈពេល២ឆ្នាំមកនេះ ផលិតផលខ្មែរបាននាំចេញទៅកាន់ទីផ្សារកូរ៉េជាបន្តបន្ទាប់ ព្រោះសមាគមមានដៃគូរសហការដើម្បីជួយសម្រួល ដល់ការនាំចេញផលិតផលរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

តំណាងសភាពាណិជ្ជកម្មកម្ពុជា ជំរុញវិស័យឯកជនពង្រឹងសមត្ថភាពលើបច្ចេកវិទ្យា និងចាប់យក​ឧស្សាហកម្ម ៤.០ ឆ្លើយតបសេដ្ឋកិច្ចរបស់កម្ពុជា

2026/08/17 01:00:50 pm        334
តំណាងសភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យវិស័យឯកជន ពង្រឹងសមត្ថភាពលើបច្ចេកវិទ្យា និងចាប់យកឧស្សាហកម្ម ៤.០ ប្រើឱ្យបាន ពេញលេញ និងអស់សក្តានុពល ជំរុញពង្រីកខ្លួនក្នុងឧស្សាហកម្មកាត់ដេរ ការបូប និងស្បែកជើង ឆ្លើយតបដល់ការនាំចេញរបស់កម្ពុជា ខណៈដែលវិស័យនេះកំពុងគាំទ្រដល់ការងារ និងកំណើនសេដ្ឋកិច្ច។    ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងក្នុងកិច្ចពិភាក្សាស្តីពី ជំរុញកាប្រកួតប្រជែងនៃឧស្សា- ហកម្មកម្ពុជា៖ “ជំរុញនវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផលិតឆ្លាតវៃ ដើម្បីពង្រឹងភាពប្រកួតប្រជែងថ្នាក់តំបន់ និង សកល” នៅក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ថា ជុំវិញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា មានការរីកចម្រើន ខ្លាំង និងបានផ្លាស់ប្តូរពីឧស្សាហកម្មធុនស្រាលបែបកាត់ដេរ និងស្បែកជើង ទៅជាឧស្សាហកម្មយានយន្ត អគ្គិសនី និងអេឡិចត្រូនិក។  ឧកញ៉ាបណ្ឌិត បន្តថា ទោះបីវិស័យឧស្សាហកម្មបានកំពុងផ្លាស់ប្តូរយ៉ាងលឿន ក្នុងនោះក៏មានប្រទេសមួយចំនួនបានដើរហួស ពីឧស្សាហកម្ម ៤.០ ក៏ដោយ តែសម្រាប់កម្ពុជា ការការចាប់វិស័យនេះមិនទាន់អស់សក្តានុពលនៅឡើយ ដែលត្រូវការបន្តពង្រឹង សមត្ថភាពបន្ថែមទៀត នៃការចាប់យកឧស្សាហកម្ម ៤.០ នេះ សម្រាប់ប្រើនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ការបូប និងស្បែកជើង ខណៈដែលវិស័យទាំងនេះនៅតែដើរតួយ៉ាងសំខាន់ ឆ្លើយតបដល់ការនាំចេញរបស់កម្ពុជា គាំទ្រដល់ការងារ ប្រាក់ចំណូលក្នុងគ្រួសារ និងកំណើននៅក្នុងសេដ្ឋកិច្ចជាតិផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែ កក្កដា ឆ្នាំ២០២៦នេះ បើយោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលចុះបញ្ជីនៅក្រសួងមានចំនួនសរុប ៣.៣៥៧ រោងចក្រ ដោយមានទុនវិនិយោគ សរុបប្រមាណ ២៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ៦,២ ប៊ីលានដុល្លារអាមេរិក ធៀបរយៈពេលដូចគ្នាឆ្នាំមុន និងមានកម្លាំងពលកម្ម ជាង ១,៣ លាននាក់។ ចំណែកការនាំចេញវាយនភណ្ឌវិញ, ក្នុងរយៈពេល ៧ ខែនេះដែរ កម្ពុជាបាននាំចេញសម្លៀកបំពាក់ និងគ្រឿង បន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៨ ពាន់លានដុល្លារអាមេរិក កើនជិត ១០%, ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ជាង ១,៣ ពាន់លានដុល្លារ កើនជិត ១០% និងការនាំចេញវាយនភណ្ឌកែច្នៃផ្សេងៗទៀតជាង ២៥៤ លានដុល្លារ កើនជិត ៤៩% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី 

កសិករនៅខេត្តកំពង់ឆ្នាំង កាក់កបជាមួយរបរដាំដុះផ្សិតអំបោះលក់ទៅកាន់ទីផ្សារ​ខណៈកំពុងមានតម្រូវការខ្ពស់

2026/08/17 11:53:30 am        292
ផ្សិតអំបោះ ជាប្រភេទបន្លែម្យ៉ាងដែលមានរសជាតិឆ្ងាញ់ ហើយគេអាចយកទៅច្នៃធ្វើជាម្ហូបអារហារបានជាច្រើនមុខ និងលក់ដាច់ជាងគេនៅលើទីផ្សារគ្រប់ទីកន្លែង ខណៈកសិករម្នាក់រស់នៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះថា ការដាំផ្សិតនេះ មានងាយស្រួលដាំហើយអាចទទួលបានផលលក់ដូរជារៀងរាល់ថ្ងៃ។ លោក សយ ចាន់ណា ជាកសិករគំរូនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គាត់បានទៅរៀនពីបច្ចេកទេសដាំដុះផ្សិតអំបោះនេះពីអ្នកជំនាញក្នុងខេត្តកំពង់ចាម និងរៀននៅខេត្តកំពត។ ក្រោយចេះច្បាស់ជំនាញនេះ ក៏បានមកសាកល្បងបណ្តុះផ្សិតអំបោះនេះឡើងដើម្បីទុកជាបទពិសោធន៍សម្រាប់បង្កើតកសិដ្ឋានផ្ទាល់ខ្លួននៅស្រុកកំណើត ក្នុងគោលបំណងចែកចាយលក់ដូរនៅលើទីផ្សារឱ្យបាន ទូលំទូលាយ ប៉ុន្តែរយៈពេលពីរឆ្នាំដំបូងមិនសូវទទួលបានផលល្អទេ។ កសិកររូបនេះបន្តថា ក្រោយពីបានព្យាយាមសាកល្បងបណ្តុះផ្សិតអំបោះបន្តទៀត រួមនឹងការផ្តល់បទពិសោធន៍បន្ថែមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងផងនោះ គាត់ទទួលបានជោគជ័យលើការដាំផ្សិតអំបោះនេះលក់ទៅកាន់ទីផ្សាររយៈពេល១០ឆ្នាំមកហើយ។ លោក ចាន់ណា បញ្ជាក់ថា ជារៀងរាល់ថ្ងៃគាត់បានទទួលផលពីផ្សិតអំបោះចាប់ពី១០ទៅ១៥គីឡូក្រាម និងអាចលក់ចេញក្នុង១គីឡូក្រាមតម្លៃពី៦ទៅ៧ពាន់រៀល ហើយជាអ្នកទិញក្នុងភូមិស្រុកគាត់តែងមកទិញគ្មានសល់ជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យគាត់អាចរកចំណូលពីការលក់ផ្សិតអំបោះនេះបានចាប់ពី៧ទៅ១០ម៉ឺនរៀលក្នុង១ថ្ងៃ។ លោកបានបន្តថា ដំបូងកុំថាឡើយដាំដុះផ្សិតប្រភេទនេះ អ្នកភូមិរបស់គាត់មិនស្គាល់អ្វីទៅដែលហៅថា ផ្សិតអំបោះផង តែក្រោយពីបានភ្លក្សរសជាតិម្តងហើយ អ្នកភូមិតែងមករកទិញម្តងទៀត ដែលកត្តានេះបានធ្វើឱ្យគាត់បានពង្រីកថ្នាលបណ្តុះបន្ថែមទៀតដើម្បីតំរូវតាមទីផ្សារក្នុងភូមិស្រុកគាត់។ បច្ចុប្បន្នមានកសិករជិតឆ្ងាយ និងមានរហូតដល់ខេត្តដទៃទៀត គេបានបញ្ជាទិញនូវកញ្ចប់ផ្សិតអំបោះយកទៅដាំដុះ ជារៀងរាល់សប្តាហ៍ ដែលគាត់អាចលក់បានចាប់ពី ៥០០ទៅ១០០០កញ្ចប់ ដោយក្នុង១កញ្ចប់តម្លៃ ១៥០០រៀល។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ផ្សិតអំបោះ គឺជាប្រភេទផ្សិតដែលងាយស្រួលបណ្តុះ ការចំណាយថវិកាក៏តិច ប្រើកម្លាំងពលកម្មក៏តិច វត្ថុធាតុដើមដែលយកមកប្រើប្រាស់ជាកាកសំណល់ដែលងាយស្រួលរកមកបណ្តុះ ដែលមាន ដូចជាអាចម៍រណា គ កន្ទក់ ស្រូវ ម្សៅ អង្ករដំណើប ជីអ៊ុយរេ និងកំបោរស ប៉ុន្តែវាទាមទារឱ្យអ្នកដាំដុះត្រូវមានភាពអំណត់ព្យាយាម ជាពិសេសបំផុតផ្តោតលើការអនុវត្តតាមលក្ខណៈបច្ចេកទេស និងអនាម័យឱ្យបានស្អាតជានិច្ច។ លោកបានប្រធានមន្ទីរបានអំពាវនាវដល់ប្រជាកសិករ កុំទុកដីនៅក្នុងភូមិដ្ឋានឱ្យនៅទំនេរ ត្រូវខិតខំព្យាយាមដាំដុះបន្លែបង្កា ចិញ្ចឹមសត្វមាន់ទា ត្រី កង្កែប ខ្យង កំពឹស បង្កង ហើយមន្ទីរកសិកម្មខេត្តរង់ចាំជួយផ្តល់បទពិសោធន៍ បច្ចេកទេសផ្នែកកសិកម្មជានិច្ច៕ អត្ថបទ៖ កាំង ហុង វាស្នា    

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
09/08/2026 08:09 PM
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
09/08/2026 08:09 PM
មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម. ចុះពិនិត្យការងារគ្រោះមហន្តរាយ និងសួរសុខទុក្ខភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ
09/08/2026 08:09 PM
ពលរដ្ឋអេក្វាឌ័ររាប់ម៉ឺននាក់បោះបង់ចោលផ្ទះសម្បែងរបស់ខ្លួនស្របពេលអំពើហិង្សាជនអន្ធពាលកើនឡើង
09/08/2026 07:09 PM
លោកLavrov និយាយប្រាប់សមភាគីអារ៉ាប៊ីសាអ៊ូឌីតថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ ដើម្បីជួយដោះស្រាយស្ថានភាពនៅមជ្ឈិមបូព៌ា
09/08/2026 06:09 PM
ជ័យជម្នះរបស់គណបក្ស​ AfD ធ្វើ​ឱ្យ​​របៀបវារៈកំណែទម្រង់របស់លោក Merz កាន់តែ​មិន​ច្បាស់លាស់​
09/08/2026 06:09 PM
រដ្ឋមន្រ្តីការបរទេសគុយបាច្រានចោលការចរចារបស់អាមេរិក បើទោះបីជាមានការបិទច្រកក៏ដោយ
09/08/2026 06:09 PM
ប៉ាគីស្ថានបង្ហាញប្រព័ន្ធមីស៊ីលដែល​អាច​ជារបស់​ចិន ខណៈទំនាក់ទំនងកាន់តែស៊ីជម្រៅ
09/08/2026 06:09 PM
កោះហាវ៉ៃប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ខណៈព្យុះសង្ឃរា Lowell បោកបក់ជិតមកដល់
09/08/2026 06:09 PM
អូស្រ្តាលីប្រឈមនឹងរដូវភ្លើងឆេះព្រៃខ្លួនឯងបន្ទាប់ពីរដូវក្តៅដ៏ក្តៅគគុកនៅអឺរ៉ុប
09/08/2026 06:09 PM