ជីបម៉ុងលែនបើកការដ្ឋានសាងសង់គម្រោងហ្គ្រេនលែនម៉ាក ២៧១ និងមជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍
អគ្គនាយករងគយ៖ វិស័យឡូជីស្ទិក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាឆ្អឹងខ្នង និងជាឃ្នាស់នៃសេដ្ឋកិច្ច
ដំឡូងមីស្ងួតរបស់កម្ពុជាចំនួន២០០ពាន់តោន នឹងត្រូវនាំចេញបន្ថែម ខណៈចំនួន ៥ពាន់តោន បានទៅដល់ទីផ្សារប្រទេសចិន
រដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ នៅតំបន់មេគង្គក្រោម ក្នុងខេត្តចំនួន៣

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងកសិកម្មនាំយកដើមមនចំនួន ១ពាន់ដើម ជូនដល់សិប្បកម្មតម្បាញសូតនៅខេត្តសៀមរាប

2024/08/29 12:02:06 pm        110
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១ពាន់ដើម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងផេកផ្លូវការរបស់ខ្លួនថា ក្រសួងបានជួយគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតក្រុមហ៊ុនអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ។ ប្រភពដដែល បានបន្តថា បន្ទាប់ពីបានទស្សនាលំហូរនៃសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ដ្រី បានសម្ដែងការសាទរចំពោះក្រុមហ៊ុម ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ។ ផលិតផលសូត្រមានតម្លៃខ្ពស់ ព្រោះដំណើរការផលិតនៅមានលក្ខណៈប្រពៃណីច្រើន។ ឯកឧត្តម សង្ឃឹមថា ក្រុមហ៊ុននឹងបន្តអភិវឌ្ឍដំណើរការផលិតសូត្រឱ្យកាន់តែប្រសើរឡើង ទាំងផ្នែកបច្ចេកទេស និងបរិក្ខារ ហើយក្រសួងនឹងបន្តគាំទ្រទៅតាមលទ្ធភាព លើផ្នែកដាំដុះ និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួង។ឯកឧត្តម ឌិត ទីណា សង្ឃឹមទៀតថា វិស័យតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ និយាយដោយឡែក និងនៅកម្ពុជា និយាយជារួម នឹងរីកចម្រើនថែមទៀតនាពេលអនាគត។ ការរីកចម្រើននៃវិស័យតម្បាញសូត្រ នឹងអាចជួយផ្ដល់ការងារបន្ថែមដល់កសិករដាំដើមមនសម្រាប់ផ្គត់ផ្គង់ដល់ការចិញ្ចឹមដង្កូវនាង និងសិប្បករតម្បាញសូត្រ។ មិនត្រឹមតែប៉ុណ្ណោះ នឹងរួមចំណែកដល់ការថែរក្សាសិប្បកម្មតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យបានស្ថិតស្ថេរគង់វង្ស។ក្រៅពីការទស្សនកិច្ចចម្ការដើមមន និងសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ ឯកឧត្តមរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំ ព្រមទាំងតំណាងក្រុមហ៊ុនសិប្បករអង្គរ បានអញ្ជើញដាំដើមមនរួមគ្នាផងដែរ៕

SME Bank នឹងចាប់ដៃគូជាមួយ CGCC ដើម្បីផ្តល់ឥណទានគ្មានទ្រព្យធានាដល់ SME ក្នុងស្រុក

2024/08/29 11:45:19 am        183
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងចាប់ដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់ឥណទានគ្មានទ្រព្យ ធានា ដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការពង្រីក ឬបង្កើតអាជីវកម្មថ្មីៗបន្ថែម។លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកឡើងក្នុងកិច្ចប្រជុំភាពជាដៃគូក្រុមការងារ "គ" ផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ ម្សិលមិញនេះថា នៅក្នុងកិច្ចប្រជុំភាពជាដៃគូ ក្រុមការងារនេះ ឃើញថា ម្ចាស់សហគ្រាសបានលើកឡើងលើក អំពីភាពមិនទទួលបានហិរញ្ញប្បទានសម្រាប់ពង្រីកអាជីវកម្ម ជាពិសេសការទទួលបានឥណទានធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជានេះជាដើម។ លោក បន្តថា សម្រាប់បញ្ហានេះ កន្លង មកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្កើតផលិតផលមួយ ដែលមានឈ្មោះថា ឥណទានមិនយកទ្រព្យធានា ប៉ុន្តែ សម្រាប់ទំហំដែល SME Bank បានផ្តល់ជូន មានទឹកប្រាក់ត្រឹមតែ ៥ ម៉ឺនដុល្លារប៉ុណ្ណោះ ដែលបញ្ហាវាសមល្មមសម្រាប់ការពង្រីក អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម។លោក បន្ថែមឱ្យដឹងថា ជាក់ស្តែងមកដល់ពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្តល់ឥណទានមានទំហំ ជាប់ ៥០០ លានដុល្លារអាមេរិករួចហើយ និងកំពុងបន្តប្រតិបត្តិការជាបន្តបន្ទាប់ដល់សហគ្រាសក្នុងស្រុក តាមរយៈយន្តការចំនួនពីរ សំខាន់គឺ៖ យន្តការផ្តល់សហហិរញ្ញប្បទានដែលសហការជាមួយធនាគារផ្សេងៗ និងយន្តការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ ក្នុងនោះ ចាប់ពីពេលនេះទៅមុខ ប្រហែលជាធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចផ្តល់ឥណទានដោយផ្ទាល់វិញ។ បញ្ហានេះ  SME Bank កំពុងគិតគូរនូវគោលការណ៍មួយចំនួនទៀត គឺការចាប់ដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលគ្រោង អនុវត្តន៍នៅខែ កញ្ញា ខាងមុខនេះ លើការផ្តល់ឥណទានគ្មានទ្រព្យធានា ដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការប្រកបរបរ អាជីវកម្ម គឺការពង្រីក ឬបង្កើតអាជីវកម្មថ្មីបន្ថែមជាដើម។សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំភាពជាដៃគូក្រុមការងារ "គ" ផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យមនេះ, វិស័យឯកជន បានស្នើសុំ យកទ្រព្យបញ្ចាំជាទ្រព្យសកម្ម (Fix Asset) សម្រាប់ជាទ្រព្យនៃកម្ចីបន្ថែម ឬវិក្កយប័ត្រលក់ដូរដែលមានតម្លៃអាចយកប្រើប្រាស់បាន និងបានស្នើសុំដកអំពីប្រវត្តិអតិថិជន CBC ដោយហេតុថា បច្ចុប្បន្ននេះការខូច CBC កើតឡើងស្ទើរគ្រប់អាជីកម្ម ព្រមទាំងស្នើសុំសិក្សា លើមុខរបរដែលកំពុងកើត, ការរៀបចំជាយុទ្ធសាស្រ្តដើម្បីរស់បន្ត និងមានក្រុមជំនាញវាយតម្លៃជាក់ស្តែងគឺនឹងធ្វើឱ្យប្រសើរ។បញ្ហា CBC នេះ, ឯកឧត្តម ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងថា CBC គឺជាប្រព័ន្ធ មួយដែលចង់ក្រងពីប្រវត្តិអ្នកកម្ចីឥណទាន សម្រាប់ជារបាយការណ៍វិភាគទៅលើអតិថិជន ឬការដឹងពីប្រវត្តិរបស់អ្នកខ្ចីដូចជា ការសង់ ទានពេល ឬមិនទាន់ពេលជាដើម ដើម្បីវិភាគលើការផ្តល់ឥណទាន ។ ឯកឧត្តម បន្ថែមថា របាយការណ៍សម្រាប់ធនាគារដែលផ្តល់ ប្រាក់កម្ចី មិនមែនផ្អែកតែលើ CBC មួយមុខនេះឡើយ ព្រោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺមានគោលនយោបាយផ្ទៃក្នុងមួយទៀត ក្នុងការអនុម័តលើការសម្រេចផ្តល់ ឬមិនផ្តល់ ជាពិសេសការផ្តោតលើលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន ឬសហគ្រាស ទាំងនោះដែលអនុវត្តន៍ ដូច្នេះបញ្ហា CBC គ្រាន់តែជារបាយការណ៍បន្ទាប់បន្សំប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេលពេញ១ឆ្នាំក្នុងនីតិកាលទី៧, កម្ពុជាទទួលបានការវិនិយោគ ៣៩១ គម្រោង មានទុនជាង ៧,៥ ពាន់លានដុល្លារ

2024/08/29 11:28:25 am        129
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១ គម្រោង មានទុនវិនិយោគសរុបជាង ៧,៥ ពាន់លានដុល្លារអាម៉េរិក នៅក្នុងរយៈពេញមួយឆ្នាំ នៃរាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នេះ។គិតត្រឹមខែ កញ្ញា ឆ្នាំ២០២៣ ដល់ខែ សីហា ឆ្នាំ២០២៤ ដែលមានរយៈពេញមួយឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី ៧, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណជាង ៧,៥ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ ពាន់កន្លែង ក្នុងនោះគម្រោងវិនិយោគដែល ស្ថិតនៅទីតាំងក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៦១ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៣០ គម្រោង។ជារួម, ក្នុងរយៈពេល១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៦៨ គម្រោង ខណៈទុនវិនិយោគមាន ការកើនឡើងគួរឱ្យកត់សម្គាល់ ដល់ទៅប្រមាណ ៤ ៦៧២ លានដុល្លារអាម៉េរិក ស្មើ ១៦១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ១ឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាល នីតិកាលទី៦។ ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មី នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ជាក់ស្តែងក្រៅតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ ៥ ចំនួន ២ ៨៧០ បន្ទប់ និង មជ្ឈមណ្ឌលពាណិជ្ជកម្ម មានទីតាំងស្ថិតនៅភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥៧៤ លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០ មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានទុនវិនិយោគជាង ៤៤០ លានដុល្លារអាម៉េរិក ខណៈដែលគម្រោងវិនិយោគបង្កើត និងធ្វើ អាជីវកម្មមជ្ឈមណ្ឌលទិន្នន័យចំនួន ២ ស្ថិតនៅរាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណជាង ១៣៧ លានដុល្លារអាម៉េរិក។ចំពោះគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន, គម្រោងវិនិយោគបង្កើតរោងចក្រ ផលិតសំបកកង់រថយន្ត មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល មានទុនវិនិយោគជាង ៤៣០ លានដុល្លារអាម៉េរិក, គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត មានទីតាំងនៅតំបន់សេដ្ឋកិច្ច ពិសេស ស៊ីន បាវិត មានទុនវិនិយោគ ២៥៦ លានដុល្លារអាម៉េរិក, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ៥ កន្លែង ស្ថិតនៅខេត្តកំពង់ឆ្នាំង ស្វាយរៀង កណ្តាល ព្រះសីហនុ និងខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣៧៤ លានដុល្លារអាម៉េរិក។សូមបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំនេះ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី ១ ដោយបានរួម ចំណែកជាង ៦០ ភាគរយ នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ៣២ ភាគរយ នៃទុន វិនិយោគសរុបផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិពាក់ព័ន្ធវិស័យកសិកម្ម ឱសថ និងឧស្សាហកម្មសត្វ បានបើក​ដំណើរការ​នៅកម្ពុជា

2024/08/28 03:00:51 pm        470
ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្មអន្តរជាតិ ដោយមានអ្នកជំនួញ និងអ្នករកស៊ីវិស័យកសិកម្ម មកពី ១៣​ប្រទេស ដូចជា ប៉ូឡូញ សិង្ហបុរី តៃវ៉ាន់ និងវៀតណាមជាដើម ដើម្បីដាក់បង្ហាញផលិតផល និង​សេវាកម្មអភិវឌ្ឍន៍ជំនួញ ក្នុងវិស័យកសិកម្ម សម្រស់ ឱសថ និងឧស្សាហកម្មសត្វចិញ្ចឹម។ក្នុងពិធីបើកសម្ភោធពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ , ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការ​អញ្ជើញ​ចូល​រួម​ម​ក​ពី​សមាគម​សហព័ន្ធ​កសិករ​កម្ពុជា, សមាគមអ្នកចិញ្ចឹមវារីវប្បកម្មកម្ពុជា, សម្ព័ន្ធសហប្រតិបត្តិការ​កសិកម្ម​កម្ពុជា​, សមាគមជាងកាត់សក់ និងកែសម្ផស្សនៅកម្ពុជា, សមាគមអភិវឌ្ឍន៍​មន្ទីរ​ពិសោធ​ន៍​វេជ្ជ​សាស្រ្ត, សមាគមផលិតចំណីអាហារកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត នៅ​អគារ​កោះពេជ្រ ទីក្រុងភ្នំពេញ។លោក វីននី ប្រធានគណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន វៀរ (VEAS) នៅ​ក្រោយ​កម្មវិធីនេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្រៅពីការដាក់តាំងផលិតផល និងបច្ចេក​វិទ្យា​នៅ​តាម​ស្តង់ ការតាំងពិព័រណ៍ឆ្នាំនេះ ក៏ទាក់ទាញភ្ញៀវទេសចរជំនាញ និងអង្គភាពទិញទំនិញ​ជាមួយ​នឹង​សកម្មភាពលេចធ្លោជាច្រើន។ បន្ថែមពីនេះ ក៏នឹងមានការៀបចំជាសិក្ខាសាលា ដឹកនាំដោយ​អ្នក​ជំនាញ​ឧស្សាហកម្ម ដែលបង្ហាញអំពីបច្ចេកវិទ្យាចុងក្រោយបំផុត និងនិន្នាការទីផ្សារ ដោយ​ផ្តល់​នូវ​ការយល់ដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍន៍អាជីវកម្ម។នៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម បាន​មាន​ប្រសាសន៍ថា នេះជាព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​រួមចំណែក​ក្នុងការជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា និយាយជារួម និងនិយាយដោយឡែក គឺបានចូលរួម​ចំណែក​ជួយ​ការងារកសិកម្ម ហើយក៏ជាឱកាសដ៏សំខាន់សម្រាប់ការទំនាក់ទំនងពាណិជ្ជកម្ម និង​កសិកម្ម​ទាំង​ពង្រឹងកិច្ចសហការប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធក្នុងស្រុក និងក្រៅស្រុកផងដែរ។ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានចាត់ទុកព្រឹត្តិការណ៍នេះថា នឹង​ក្លាយ​ទៅ​ជាវេទិកាជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិត អ្នកផ្គត់ផ្គង់ ចែកចាយ​បន្ត និង អង្គភាពជាច្រើនទៀតក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីបង្កើត​ឱកាស​អាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និង ចែករំលែកបច្ចេកវិទ្យា។ ឯកឧត្តម បានបន្ថែមថា ពិព័រណ៍នេះដែរ ក៏​នឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏អំណោយផលមួយ ដើម្បីសម្រេច​បាន​នូវ​សកម្មភាព​អាជីវ​កម្ម​ជាក់​ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងទីកន្លែងមួយ ដើម្បីរួមចំណែក​យ៉ាង​សកម្ម​ដល់​ការ​រីក​ចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ រយៈពេល៣ថ្ងៃនេះ ក៏នឹងមានការរៀបចំ​សិក្ខា​សាលា​​ស្តីពីផ្នែកឧស្សាហកម្ម បច្ចេកវិទ្យាចុងក្រោយបំផុត និន្នាការទីផ្សារ និង​ការ​អភិវឌ្ឍ​អាជីវកម្ម​ព្រម​ទាំង​ការផ្គូរផ្គងអាជីវកម្ម(B2B Matchmaking) ដែល​អនុញ្ញាត​ឱ្យ​ពួក​គេជួប​ដៃគូ​ដែល​មាន​សក្តានុពល, ចរចាផលិតផលនិងបច្ចេកវិទ្យា, កំណត់អត្ត​សញ្ញាណ​អ្នក​ទិញ​សមរម្យ និង​កិច្ច​សន្យា​អាជីវកម្ម​៕ អត្ថបទ ឈិត បូរ៉ាវី

កម្ពុជាគ្រោងដាក់ឱ្យអនុវត្តមុខងារសម្រាប់ការរាយការណ៍ទំនិញមុនមកដល់តាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីខែកញ្ញាតទៅ

2024/08/28 01:10:37 pm        230
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តមុខងារសម្រាប់ការរាយការណ៍អំពីទំនិញមុនពេលទំនិញមកដល់ តាមមធ្យោបាយអេឡិចត្រូនិក https://asyhub.customs.gov.kh និងអនុវត្តនីតិវិធីដាក់ប្រតិវេទន៍គយមុនពេលទំនិញមកដល់ចំពោះបញ្ញើឆាប់រហ័ស នៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខតទៅ។ក្នុងសេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ ចំពោះបញ្ញើឆាប់រហ័សនៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា អនុលោមតាមប្រកាសលេខ ១៤៤៧ សហវ ប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីបញ្ញត្តិនិងនីតិវិធីប្រតិវេទន៍គយ, ប្រកាសលេខ ៧៨៨ សហវ.ប្រក. អតរ ចុះថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីនីតិវិធីបំពេញបែបបទគយនេះពេលទំនិញមកដល់, ប្រកាសលេខ ១០០២ សហវ ប្រក. អគរ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ ព្រំដែន និងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចដាក់ឱ្យអនុវត្តមុខងារសម្រាប់ការរាយការណ៍អំពីទំនិញមុនពេលទំនិញមកដល់ តាមមធ្យោបាយអេឡិចត្រូនិក តាមរយៈតំណភ្ជាប់ខាងលើ។ ចំពោះប្រតិបត្តិករបញ្ញើឆាប់រហ័ស ដែលមិនទាន់រួចរាល់ ត្រូវប្រញាប់រួសរាន់រៀបចំ ចូលរួមអនុវត្តឱ្យបានត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានស្នើប្រតិបត្តិករបញ្ញើឆាប់រហ័ស អ្នកនាំចូល ជើងសាគយ និងភាគីពាក់ព័ន្ធ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ ឈិត បូរ៉ាវី 

ក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ កំពុងកែទម្រង់លើនីតិវិធីផ្សេងៗ ដើម្បីប្រសិទ្ធភាពប្រមូលចំណូល

2024/08/28 12:59:18 pm        202
ក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ កំពុងធ្វើការការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ ការបង្ករភាពងាយស្រួលជូនភ្ញៀវបន្ថែម និងបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូលចំណូលពីការ លក់បណ្ណ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៤ ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី ៤ ដើម្បីពិនិត្យ និង ពិភាក្សាអំពីការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែ ប្រសើរឡើង ដោយក្នុងនោះកិច្ចប្រជុំបានសម្រេចនូវគោលការណ៍មួយចំនួនរួមមាន៖សម្រាប់បណ្ណទស្សនារយៈពេល១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុង នូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែ កញ្ញា ឆ្នាំ២០២៤តទៅ។ សម្រាប់បណ្ណទស្សនារយៈពេល ៣ថ្ងៃ និង ៧ថ្ងៃ៖ បន្តអនុវត្តតម្រូវការថតរូបភ្ញៀវសម្រាប់បណ្ណចូលទស្សនា រហូតដល់ចុងឆ្នាំ២០២៤ ។ ការកែសម្រួលប្រព័ន្ធត្រួតពិនិត្យដែលមានភាពសាំញ៉ាំ៖ ធ្វើការកាត់បន្ថយទីតាំងត្រួតពិនិត្យ នៅតាមច្រក ចូលទាំង៤ និងរក្សាទីតាំងត្រួតពិនិត្យនៅតែតាមច្រកចូលប្រាសាទតែប៉ុណ្ណោះ ។ ឯកភាពជូនគ្រឹះស្ថានអង្គរអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានសម្រាប់លក់បណ្ណ៖ ដោយប្រើ Self-Service Machine និងបង្កើត Mobile App និងជំរុញការទូទាត់ប្រាក់ជាទម្រង់ អេឡិចត្រូនិកផងដែរ។ក្រៅពីគោលការណ៍ខាងលើ, គ្រឹះស្ថានអង្គរត្រូវសិក្សាលើការការផ្តល់ជាទម្រង់សំបុត្រពាក់នៅកដៃ ដើម្បីផ្តល់ភាពងាយ ស្រួល ក្នុងការត្រួតពិនិត្យជូនដល់ភ្ញៀវទេសចរ ។ ការបង្កើតក្រុមការងារចម្រុះពិនិត្យ និងសិក្សាលើការកែទម្រង់ការលក់បណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ ដំណាក់កាលទី២ ដើម្បីធ្វើការសិក្សា និងដាក់ដំណើរការកំណែរទម្រង់បណ្ណចូល ទស្សនារមណីយដ្ឋាន អង្គរ ក្នុងការលក់បណ្ណចូលទស្សនាជាក្រុមប្រាសាទ ដោយអនុវត្តចាប់ពីថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២៥តទៅ ។ជុំវិញបញ្ហាខាងលើនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តល់ អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថាន ត្រូវបង្កើនការរៀបចំកែលម្អ បង្គន់អនាម័យក្នុងតំបន់រមណីយដ្ឋានអង្គរ ពង្រឹងប្រសិទ្ធ ភាពនៃការគ្រប់គ្រងការប្រមូលចំណូលពីការលក់បណ្ណ ពង្រឹងនីតិវិធីនៃការត្រួតពិនិត្យបណ្ណឱ្យបានកាន់តែល្អប្រសើរ និងបង្ករភាព ងាយស្រួលជូនភ្ញៀវបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋ និងឯកជន រួមគ្នាដោះស្រាយលើផ្នែកកម្មន្តសាល ដើម្បីជំរុញភាពរីកចម្រើនក្នុងវិស័យនេះ

2024/08/28 12:50:13 pm        195
រដ្ឋ និងវិស័យឯកជន រៀបចំកិច្ចប្រជុំភាពជាដៃគូ លើផ្នែកកម្មន្តសាល​សហគ្រាស​ធុន​តូច និង​មធ្យម និងសេវា ដើម្បីពិភាក្សា ដោះ ស្រាយបញ្ហាប្រឈម និងសំណូមពរ​របស់​វិស័យ​ឯកជន​នៅ​ក្នុង​សហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញអភិវឌ្ឍន៍ការរីកចម្រើន ក្នុងវិស័យនេះ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​សហ​ប្រធាន​ក្រុមការងារ "គ" និងឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហ​ប្រធាន​ក្រុមកា​រងារ "គ" តំណាងវិស័យឯកជន នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ នេះ បាន​បើក​​កិច្ចប្រជុំភាពជាដៃគូក្រុមការងារ "គ" ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និង​សេវា នៃវេទិការាជរដ្ឋាភិបាលកម្ពុជា ផ្នែកឯកជន រួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរ​របស់​វិស័យ​ឯកជននៅក្នុងសហគ្រាស ធុនតូច និងមធ្យម ដើម្បីប្រមូលធាតុចូល និងបញ្ហា​ប្រឈម​នានារបស់ផ្នែកឯកជន។ចំពោះបញ្ហាដែលលើកយកពិភាក្សា និងដោះស្រាយរួមមាន៖ ផលពិបាកក្នុងការទទួល​បាន​ហិរញ្ញ​ប្ប​ទាន​សម្រាប់ពង្រីក ឬ បើកអាជីវកម្មថ្មីបន្ថែម, បញ្ហាថាមពល, បញ្ហាប្រឈមក្នុង​ផលិត​កម្មអំ​បិល​, កង្វះការគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងស្ថាប័ន សាធារណៈ, សំណើរ​សុំ​ឱ្យ​កម្ពុជា​ចូល​ជាមសមាជិក ISO Member Bodies, ការក្លែងបន្លំប្រភព​ដើម​នៃ​ផលិតផល​ដើម្បី​នាំ​ចេញ,​ បញ្ហាប្រកួតប្រជែងមិនស្មើភាព, ការរុញផលិតផលចូលជាទីផ្សារ, ការបង់ពន្ធ, ការចុះ (ចបផ) និងការលើកទឹកចិត្តឱ្យពង្រីកពីសហ គ្រាសធុនតូច ទៅជាមធ្យម និងទៅ​ជា​ក្រុមហ៊ុន​ជាដើម​។សូមបញ្ជាក់ថា កិច្ចប្រជុំភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន ត្រូវ​បានរៀបចំ​ឡើង​បន្ទាប់​ពី​វេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមាន​សន្តិភាព, ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា។ ជាក់ស្តែង​ការ​រៀបចំ​កិច្ច​ប្រជុំ​ភាព​ជាដៃគូ​ក្រុម​ការងារ​ "គ" ផ្នែកកម្មន្តសាល នេះជាកិច្ចប្រជុំលើកទី១ ស្ថិតក្រោមយន្តការ​នៃ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន ដើម្បីដោះស្រាយលើបញ្ហាប្រឈម និងសំណូមពរនានាក្នុងវិស័យឯកជនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យឯកជនកំពុងស្វែករកគន្លឹះល្អៗ ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មឱ្យកាន់តែល្អប្រសើរ

2024/08/26 02:19:53 pm        187
សមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា រៀបចំចងក្រង ជួបជុំ រវាង​ក្រុម​ហ៊ុន​ដឹកជញ្ជូន និងក្រុមវិនិយោគិនលើ វិស័យផ្សេងៗ បានជួបពិភាក្សា និងការស្វែក​រក​គន្លឹះ​វិជ្ជមាន​មួយចំនួន ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើក​ឡើង​នៅ​ក្នុងពិធីជួបជុំម្ចាស់ អាជីវកម្ម នាំចេញ-ចូល ក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទិកលើកទី៥ នេះថា បើតាមរយៈរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីឆ្នាំ ២០២៣ កម្ពុជាបាន​កំពុង​ស្រូប​យកវិនិយោគមកបណ្តាក់ទុននៅព្រះរាជណាចក្រកម្ពុជា មានជាហូរហែរ ខណៈការធ្វើ ពាណិជ្ជកម្មជាអន្តរជាតិ បើតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា ឃើញថា ចាប់ពីចុងឆ្នាំ ២០២៣ គឺមានកំណើនកើនឡើងជាបន្ត បន្ទាប់, មកដល់បច្ចុប្បន្ន ការធ្វើពាណិជ្ជកម្ម ជាពិសេស​ការ​នាំ​ចេញ​ទំនិញរបស់កម្ពុជាបានកំពុងហក់ឡើងកាន់តែល្អប្រសើរ។លោក បន្តថា នេះគឺជាពេលវេលាមួយដ៏ល្អមួយសម្រាប់វិស័យឯកជន ជាក់ស្តែង​ការ​ចង​ក្រង​រវាង​ក្រុម​ហ៊ុន​ដឹកជញ្ជូន ឡូជីស្ទិក និងក្រុមហ៊ុនវិនិយោគលើវិស័យផ្សេងៗនេះ បានជួបជុំពិភាក្សា ការ​ផ្លាស់​ប្តូរ​បទពិសោធន៍ និងការស្វែករកគន្លឹះវិជ្ជមានល្អៗមួយចំនួននា ពេលនេះ គឺជាការជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការរួមគ្នា ដើម្បីលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជាកាន់តែល្អប្រសើរ ទាំង​ប្រតិបត្តិ ការនៅក្នុងការធ្វើអាជីវកម្ម ក៏ដូចជាការដឹកជញ្ជូន និងឡូជីស្ទិក ជាក់ស្តែង​នា​ពេល​កន្លង​មក​នេះ ចំពោះវិស័យដឹកជញ្ជូនវិញ បានកំពុង រើបឡើងវិញជាបណ្តើរៗ ដែលគាំទ្រដោយ​សម្ទុះ​ការ​ងើបឡើងនៃសកម្មភាពសេដ្ឋកិច្ច។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៦ ខែ ក្នុងឆ្នាំ ២០២៤ នេះ បើតាម​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការ​អនុវត្តថវិកាឆមាសទី១ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សេដ្ឋកិច្ចកម្ពុជា​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា នឹងសម្រេចបាន ៦% ដោយមានវិស័យខ្លះៗបានងើបឡើង សមរម្យ ខ្លះយឺត និងវិស័យ​ខ្លះទៀត​ងើបឡើងបន្តក្នុងកំណើនទាប ខណៈដែល​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​សកល។ ក្នុងនោះសម្រាប់អនុវិស័យដឹកជញ្ជូន និងគមនាគមន៍វិញ, ឃើញថា នៅពាក់​កណ្តាល​ឆ្នាំ​នេះ​ត្រូវបាន​រំពឹងថា នឹងបន្តមានកំណើន ៥,២% ដោយសារការបន្ត​រក្សា​ចលនការ​នៃ​សកម្មភាព​ដឹកជញ្ជូន ទាំងនិន្នាការដឹកជញ្ជូនឡូជីស្ទីក ជាពិសេសការងើបសន្សឹមៗនៃ អនុវិស័យ​គាំទ្រកា​រ​ដឹកជញ្ជូន ដូចជាអនុវិស័យកាត់ដេរជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើឱ្យមានតុល្យភាពសេដ្ឋកិច្ចឡើងវិញ

2024/08/26 02:08:25 pm        154
សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានពេញក្នុងមួយឆ្នាំ ក្នុងអាណត្តិ ទី ៧ នៃរដ្ឋសភា, ជា​ពិសេស​ការសម្រេចបានលើការនាំ ចេញរបស់កម្ពុជា បានកំពុងគាំទ្រ​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជា​អន្តរ​ជាតិ នឹងបានកំពុងរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យបន្តងើបឡើងវិញ។រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយ​ភាព​ឈ្លាស​វៃ​របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងរយៈពេល ១២ ខែ កន្លងមកនេះ, ទោះ​បី​ស្ថិត​ក្នុង​ដំណាក់កាលដែលសភាពការណ៍អន្តរជាតិមានការវិវត្តប្រកប ដោយភាពស្មុគស្មាញ និង​ពិបាក​ប៉ាន់​ស្មាន កម្ពុជានៅតែបាននិងកំពុងបន្តធ្វើដំណើរក្នុងគន្លងវិជ្ជមាន និងសម្រេច​បាន​នូវ​សមិទ្ធផល សំខាន់ៗជាច្រើន ជាក់ស្តែងទាក់ទិនការធ្វើពាណិជ្ជកម្មអន្តរជាតិសរុប គិតចាប់ពីខែ សីហា ឆ្នាំ ២០២៣ ដល់ ខែកក្កដា ឆ្នាំ ២០២៤ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន បាន​កើន​ឡើង​ប្រមាណ ៩,៤% ក្នុងទំហំទឹកប្រាក់ប្រមាណ ៥២ ពាន់លានដុល្លារ, ការនាំចេញ មាន​កំណើន ១២% ក្នុងទំហំប្រមាណ ២៥ ពាន់លានដុល្លារ ទៅកាន់ ១៧០ ប្រទេស ក្នុង​នោះ​ទីផ្សារ​ធំៗ​មាន​ដូចជា៖ អាស៊ាន, សហភាពអឺរ៉ុប, សហរដ្ឋអាមេរិក, ចិន, ជប៉ុន និង កាណាដាជាដើម។ជុំវិញការសម្រេចកំណើនការធ្វើពាណិជ្ជកម្មនេះ, ឧកញ៉ា ប៉ិច បូឡែន ប្រធាន​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា លើកឡើង ថា សម្រាប់សមិទ្ធផលដែលសម្រេចបាន ជាពិសេសការ​សម្រេច​បាន​លើ​ការ​នាំ​ចេញ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច មិនមែនកើត ឡើងដោយចចៃដន្យនោះទេ ហើយ​កម្ពុជាក៏មិននៅតែឯងនោះឡើយ ដែលទាំង​អស់​នេះ​គឺ​បាន​កើត​ឡើង​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យមានតុល្យភាពសេដ្ឋកិច្ច ជំរុញឱ្យមាន​កំណើនកើន​ឡើង​បន្តិច​ម្តង​ៗ​ឡើង​វិញ បន្ទាប់ពីការរងប៉ះពាល់នៃ វិបត្តិសកល ជាពិសេសសង្រ្គាមរុស្សី អ៊ុយក្រែន ដែល​កំពុង​នៅ​អូសបន្លាយ។សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៣ សម្រេចបានកំណើន ៥% ហើយ​ត្រូវ​បាន​ព្យាករណ៍​ថា នឹងកើនឡើងក្នុងរង្វង់ ៦% នៅឆ្នាំ២០២៤ ក្នុងនោះវិស័យសំខាន់ៗ​ដែល​គាំទ្រ​កំណើន​រួម​មាន៖ វិស័យកសិកម្ម, វិស័យឧស្សាហកម្ម (ជាពិសេសវិស័យកាត់ដេរ), វិស័យកម្ម​ន្ត​សាល​មិនមែនកាត់ដេរ និងវិស័យសេវាកម្ម ក្នុងនោះសម្រាប់ការនាំចេញនៃវិស័យកម្មន្តសាល មាន​កំណើនប្រមាណ ២០% ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៥ ពាន់លានដុល្លារ វិស័យ​សំខាន់​នាំ​ចេញ​រួម​មាន៖ សម្លៀកបំពាក់, វាយនភណ្ឌ, ស្បែកជើង, សម្ភារៈ ធ្វើដំណើរ, សំបកកង់រថយន្ត, កង់ និងសម្ភារៈអគ្គីសនី ។ ចំណែកការនាំចេញផលិតផលកសិកម្មវិញ មានកំណើនប្រមាណ ៣៦% ក្នុងទំហំទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ ដែលក្នុងនោះទំនិញសំខាន់ៗរួមមាន៖ ស្រូវ, អង្ករ, ម្រេច, ដំឡូងមី, ស្វាយចន្ទី, ស្វាយកែវ រមៀត, ជ័រកៅស៊ូ និងទំនិញផ្សេងទៀត៕ អត្ថបទ៖ សុន រ៉ាឌី 

សមត្ថកិច្ចក្រុងប៉ៃលិនឃាត់ខ្លួនជនសង្ស័យលួចកាត់ខ្សែភ្លើងនិងអាគុយសូឡារបស់សាខាអគ្គិសនីកម្ពុជា

2024/08/23 03:59:05 pm        1139
ប៉ៃលិន៖ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ករណីបាត់ខ្សែភ្លើង អាគុយសូឡា និងសម្ភារមួយ ចំនួនរបស់អគ្គិសនីកម្ពុជាសាខាប៉ៃលិន កម្លាំងនគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ៃលិន - អូរតាវ៉ៅ បានប្រតិបត្តិការបង្ក្រាបជនសង្ស័យម្នាក់ នៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្តប៉ៃ លិន ។វរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា នាថ្ងៃទី២២ ខែសីហា នេះ បន្ទាប់ពីទទួលពាក្យបាន បណ្តឹង កម្លាំងសមត្ថកិច្ចជំនាញ បានសហការគ្នាយ៉ាងយកចិត្តទុក ធ្វើការស្រាវ ជ្រាវរហូតបានឃើញជនសង្ស័យកំពុងជិះម៉ូតូដឹកសម្ភារដែលបានលួច និងធ្វើការបង្រ្កាបតែម្តង។ ជន សង្ស័យឈ្មោះ ទឹម រាំបូ ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន ចំណែកបក្សពួកបានរត់គេចខ្លួន ។វរសេនីយ៍ឯក បានឱ្យដឹងថា វត្ថុតាងដែលរឹបអូសបាន រួមមាន៖ អាគុយសូឡា ចំនួនបួនគ្រាប់ ខ្សែ ភ្លើង ចំនួនបីដុំ ប្រវែងប្រហែល៥០ម៉ែត្រ ឧបករណ៍ទប់ភ្លើងប្រភេទAVR មួយគ្រាប់ អាំងម៉ូទ័រ ពីរគ្រាប់ ដុំDRC មួយគ្រឿង និងសម្ភារសម្រាប់កាត់ខ្សែភ្លើងមួយចំនួនទៀត។វរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានបញ្ជាក់ថា ជនសង្ស័យ បានឆ្លើយ សារភាពថា ខ្លួន និងបក្សពួក ពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង លួចអាគុយសូឡា និងសម្ភារមួយ ចំនួនទៀតមែន ។ បច្ចុប្បន្ន ជនសង្ស័យនេះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បី អនុវត្តនីតិ វិធីបន្ត ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ាបង្ហាញការគាំទ្រលោកអតីតប្រធានាធីបតី Bolsonaro
03/17/2025 12:03 PM
សេចក្ដីរាយការណ៍៖ អត្រាគាំទ្រលើគណៈរដ្ឋមន្ត្រីជប៉ុន បានធ្លាក់ដល់កម្រិតទាបបំផុត
03/17/2025 12:03 PM
ផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកចិត្របុរី
03/17/2025 12:03 PM
បក្សកាន់អំណាចកូរ៉េខាងត្បូង ថាខ្លួននឹងគោរពសាលក្រមក្នុងក្ដីចោទប្រកាន់ទម្លាក់តំណែងលោក Yoon
03/17/2025 12:03 PM
ក្រុមគ្រូពេទ្យប៉ាឡេស្ទីន៖ ការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល សម្លាប់អ្នកស្រុកហ្កាហ្សាជាច្រើននាក់
03/17/2025 12:03 PM
អាមេរិក កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងពី Oracle ដើម្បីទិញ TikTok
03/17/2025 12:03 PM
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្នរោងចក្រកាត់ដេរកំពុងដំណើរការនៅកម្ពុជាមានជាង ១,៦០០ រោងចក្រ
03/17/2025 12:03 PM
មេបញ្ជាការឆ្មាំអ៊ីរ៉ង់ ព្រមានឆ្លើយតប «ម៉ឺងម៉ាត់និងដ៏មហន្តរាយ» ចំពោះការគំរាមកំហែងដែលត្រូវអនុវត្តណាមួយ
03/17/2025 12:03 PM
ក្រសួងការពារជាតិ៖ ជនស៊ីវិលជម្លៀសខ្លួនចេញក្រុង Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី
03/17/2025 11:03 AM
ប្រធានអ្នកនាំពាក្យ និងបក្សនយោបាយ ចាត់ទុកមេដឹកនាំជ្រុលនិយមនៅក្រៅស្រុកជាអ្នក​នយោបាយ​កេញ​ចំណេញពី​ក្រោយព្រឹត្តិការណ៍
03/17/2025 11:03 AM