ជីបម៉ុងលែនបើកការដ្ឋានសាងសង់គម្រោងហ្គ្រេនលែនម៉ាក ២៧១ និងមជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍
អគ្គនាយករងគយ៖ វិស័យឡូជីស្ទិក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាឆ្អឹងខ្នង និងជាឃ្នាស់នៃសេដ្ឋកិច្ច
ដំឡូងមីស្ងួតរបស់កម្ពុជាចំនួន២០០ពាន់តោន នឹងត្រូវនាំចេញបន្ថែម ខណៈចំនួន ៥ពាន់តោន បានទៅដល់ទីផ្សារប្រទេសចិន
រដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ នៅតំបន់មេគង្គក្រោម ក្នុងខេត្តចំនួន៣

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងកសិកម្មចាត់មន្ត្រីចុះអន្តរាគមន៍ករណីស្រូវជាច្រើនហិកតាក្នុងខេត្តពោធិ៍សាត់កំពុងជួបបញ្ហាលឿងស្លឹក និងអុចស្លឹក

2024/08/22 05:24:24 pm        612
ពោធិ៍សាត់៖ បន្ទាប់ពីទទួលបានពត៌មានអំពីករណីដំណាំស្រូវ (ពូជសុម៉ាលី) របស់ប្រជាពលរដ្ឋ ជាច្រើនហិកតាក្នុងស្រុកបាកាន និងស្រុកតាលោសែនជ័យ កំពុងជួបបញ្ហាឡើងលឿងស្លឹក និងអុចស្លឹក ដែលអាចបណ្តាលឱ្យបរិមាណទិន្នផលប្រឈមនិងការថយចុះខ្លះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្ត្រីជំនាញបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យវាយតំលៃស្ថានភាព ផលប៉ះពាល់ និងអន្តរាគមន៍ផ្ទាល់ដល់ទីតាំងដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងមានបញ្ហា ។ ក្នុងរយៈពេល៣ថ្ងៃ នៃការចុះពិនិត្យវាយតំលៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ របស់ក្រុមការងារបច្ចេកទេសក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្ត ជាលទ្ធផលបានបង្ហាញថា ក្នុងភូមិកំប្រាក់កូន ឃុំខ្នារទទឹង ស្រុកបាកានមានផ្ទៃដីដាំដុះ៣៤១ហិកតា ក្នុងនោះផ្ទៃដីដាំដុះពូជស្រូវសុម៉ាលីមាន២៨០ហិកតា ហើយកំពុងទទួលរងផលប៉ះពាល់ចំនួន១៥០ហិកតា ចំណែក្នុងភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ មានផ្ទៃដីដាំដុះ៧១៧ហិកតា ក្នុងនោះពូជស្រូវសុម៉ាលីមាន៥២៥ហិកតា ដោយមានការប៉ះពាល់តិចតួច ។ ជាមួយគ្នានោះក្រុមការងារបានសង្កេតឃើញថា ស្លឹកស្រូវមាន ស្នាមអុចៗ មានសភាពលឿងជាពិសេសផ្នែកខាងចុងនិងគែមស្លឹក ហើយដង់ស៊ីតេដើមស្រូវមានចំនួនច្រើន (១៨០-២០០គីឡូក្រាមក្នុង១ហិកតា) និងមានវត្តមានមមាចត្នោតតិចតួច ព្រមទាំងពពួកសត្វមានប្រយោជន៍(ស្រឹងគោក) ច្រើនផងដែរ ។ តាមការស្រាវជ្រាវប្រជាកសិករនៅក្នុងតំបន់នោះបានប្រើប្រាស់ថ្នាំដែលមានធាតុសកម្ម Paclobutrazol ដើម្បីបង្អាក់ការពន្លូតដើម និងជម្រុញការបែកគុម្ព ចំនួន០២លើក ដែលលើកទី១នៅពេលស្រូវអាយុ២០-២៥ថ្ងៃ ក្រោយដុះ ដោយលាយជាមួយជីកសិម្ម និងលើកទី២ពេលស្រូវស្ថិតក្នុងដំណាក់កាលពន្លូតដើមក្នុងបរិមាណ ១០០០-១៥០០ក្រាមក្នុង១ហិកតា ដោយមានលាយជាមួយថ្នាំកសិកម្មផ្សេងទៀត សម្រាប់ការពារនិងកម្ចាត់ជំងឺនិងសត្វល្អិតចង្រៃ ។ ជាការសន្និដ្ឋានដំណាំស្រូវដែលមានសភាពលឿងនិងស្នាមអុចស្លឹក គឺបណ្តាលមកពីប្រើប្រាស់ថ្នាំ Paclobutrazol លាយជាមួយជីនិងថ្នាំកសិកម្ម គួបផ្សំបញ្ហារអាកាសធាតុក្តៅខ្លាំងអូសបន្លាយ និងមិនមានភ្លៀងធ្លាក់ ការប្រើប្រាស់គ្រាប់ពូជ និងជីកសិកម្មលើសកម្រិតណែនាំ ។ ដោយសារបច្ចុប្បន្នមានភ្លៀងធ្លាក់ បានធ្វើឱ្យដំណាំស្រូវដែលរងផលប៉ះពាល់មានការដុះលូតលាស់ប្រសើរឡើងវិញ មិនធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នផលស្រូវនោះទេ ។ជាមួយគ្នានោះក្រសួងកសិកម្ម ក៏ដូចជាមន្ទីរកសិកម្មខេត្តនៅតែបន្តតាមដាននិងអន្តរាគមន៍លើករណីនេះ ហើយដើម្បីទប់ស្តាត់បញ្ហាបែបនេះ ក្រុមការងារបច្ចេកទេស បានពន្យល់ណែនាំឱ្យប្រជាកសិករ -ត្រូវចុះពិនិត្យស្រែជាប្រចាំដើម្បីតាមដាននិងកម្ចាត់សមាសភាពចង្រៃឱ្យទាន់ពេលវេលា -ការប្រើប្រាស់គ្រាប់ពូជស្របតាមការណែនាំ ៨០-១២០គីឡូក្រាមក្នុង១ហិកតា -ការប្រើប្រាស់ថ្នាំនិងជីកសិកម្មឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យមានប្រសិទ្ធិភាពនិងសុវត្តិភាព -អនុវត្តពិពិធកម្មដំណាំ (ដំណាំឆ្លាស់ ឬដំណាំបង្វិល) -អនុវត្តវិធានការចម្រុះគ្រប់គ្រងដំណាំស្រូវ (IPM) -ក្នុងករណីដំណាំស្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ គួរប្រើប្រាស់ថ្នាំកសិកម្ម -ប្រសិនបើកសិករប្រើប្រាស់ថ្នាំកសិកម្មដែលមានធាតុសកម្ម Paclobutrazol គួរប្រើប្រាស់ឱ្យត្រូវតាមបទដ្ឋាន បច្ចេកទេស មិនឱ្យលើសកម្រិតនៃការណែនាំ ៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ

ប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់តាមប្រព័ន្ធបាគង កំពុងទទួលការគាំទ្រ​ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ

2024/08/21 11:55:41 am        155
ការផ្ទេរប្រាក់និងទូទាត់តាមរយៈប្រព័ន្ធបាគង គិតត្រឹមឆមាសទី១ នេះ មានចំនួនសរុប ២២២ លានប្រតិបត្តិការ ក្នុងនោះជាង ៩៨ លានប្រតិបត្តិការ ជាប្រាក់រៀល មានទំហំប្រាក់ចំនួន ៧៧​ទ្រីលានរៀល និងជាង ១២៤ លានប្រតិបត្តិការ ជាប្រាក់ដុល្លារអាមេរិក មានទំហំទឹកប្រាក់ជាង ៤៦ ប៊ីលានដុល្លារអាមេរិក។ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាព​ផ្សេងៗ​ទៀត​ របស់ធនាគារជាតិនៃ កម្ពុជា ដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់​សងប្រាក់​ប្រកប​ដោយ​នវានុវត្តន៍ សុវត្ថិភាព និងប្រសិទ្ធភាព សម្រួលការទូទាត់ ពាណិជ្ជកម្ម និង​សកម្ម​ភាព​សេដ្ឋកិច្ច ទាំងក្នុងប្រទេសនិងក្នុងតំបន់។ ដោយពិនិត្យឃើញពីសារៈសំខាន់នេះ ធនាគារជាតិ នៃ​កម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធបាគង ដែលមានមុខងារជាប្រព័ន្ធទូទាត់កន្លោង កាលពីខែ តុលា ឆ្នាំ ២០២០ និងមានការគាំទ្រ យ៉ាងច្រើនពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។ជុំវិញប្រព័ន្ធបានគងនេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បាន​លើក​ឡើង​ក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ Bakong Tourist App នៅខេត្តសៀមរាប នាពេលថ្មីៗនេះថា ការដាក់ឱ្យដំណើរ ការប្រព័ន្ធ​បាគង​របស់​ធនាគារជាតិ​នៃ​​កម្ពុជា គឺជាការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុបន្ថែម សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ អាចធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានទៅវិញទៅមក។ ជាក់ស្តែង​គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ ២០២៤ នេះ ប្រព័ន្ធបាគង មានសមាជិកសរុបចំនួន ៧២ គ្រឹះស្ថាន ក្នុងនោះមាន​គ្រឹះស្ថាន​ចំនួន ៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ១២ ទៀត បាននិងកំពុង​បន្ត​ធ្វើ​សន្ធានកម្មប្រព័ន្ធ។ ចំពោះប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់​ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​បាគង មានជាង ២២២ លានប្រតិបត្តិការ (ក្នុងនោះជាង ៩៨ លានប្រតិបត្តិការ ជាប្រាក់រៀល និង​ជាង ១២៤ លានប្រតិបត្តិការជាប្រាក់ដុល្លារ អាមេរិក) និងមានទំហំជាប្រាក់រៀលចំនួន ៧៧,៣៦ ទ្រីលានរៀល និងជាប្រាក់ដុល្លារ មានចំនួន ៤៦,៣៣ ប៊ីលានដុល្លារអាមេរិក។ផ្អែកតាមទិន្នន័យខាងលើបង្ហាញឱ្យឃើញថា ប្រតិបត្តិការទូទាត់សងប្រាក់អេឡិចត្រូនិក​តាម​ប្រព័ន្ធ​បាគង និង KHQR ទទួល បានការពេញនិយមក្នុងការប្រើប្រាស់យ៉ាងឆាប់រហ័ស ជាក់​ស្តែង​ការប្រើប្រាស់ QR ទាំងតូចទាំងធំនៅកម្ពុជា មានចំនួនជាង ៣,៣ លានកន្លែង ដែលកំពុង​ទទួល​យក QR ក្រៅពីនេះមានការចាយវាយតាម POS (ការចាយតាមកាត) មានចំនួនជាង ៥២ ពាន់​ម៉ាស៊ីន ខណៈ ATM នៅទូទាំងប្រទេសមានចំនួន ៥ ៦០០ ATM ដូច្នេះការអភិវឌ្ឍប្រព័ន្ធបាគង​នៅ​ក្នុង​ជំហានបន្ទាប់ ក្រោយពីបានដាក់ ដំណើរការប្រកបដោយភាពជោគជ័យ ដើម្បីឱ្យប្រព័ន្ធ​បាគង​អាច​បំពេញមុខងារកាន់តែសម្បូរបែប អាចសម្រួលដល់សាធារណជនជាតិ និងអន្តរជាតិ​ធ្វើ​ប្រតិបត្តិការ​ទូទាត់ឌីជីថលប្រកបដោយបរិយាបន្ន, ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានដាក់​ឱ្យ​ប្រើប្រា​ស់​កម្មវិធីទូទាត់ បាគងទេសចរ “Bakong Tourist App” មានគោលបំណង​លើកកម្ពស់​សេវា​ទូទាត់​នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈ​ការ​ជួយ​សម្រួលដល់ការទូទាត់ជាឌីជីថល លើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែល អញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

CLV-DTA នឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទីនោះ

2024/08/20 01:16:49 pm        265
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការលើកស្ទួយវិស័យសេដ្ឋ កិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ ព្រំដែនឱ្យកាន់តែមានភាពប្រសើរ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងពិធីសម្ពោធ​ដាក់ឱ្យ​ដំណើរ​ការបឋម កម្មវិធី ទូទាត់បាគងទេសចរ “Bakong Tourist App” នៅខេត្តសៀមរាប ម្សិល​មិញ​នេះថា ទាក់ទងនឹងប្រវត្តិសាស្រ្តរបស់អាណាចក្រខ្មែរ មានអាយុកាលយូរ​លង់ណាស់​មកហើយ ដែលជាអាណាចក្រមួយនៅក្នុងចំណោមអាណាចក្រដែលមានឥទ្ធិពលបំផុតនៅអាស៊ី អាគ្នេយ៍ ប៉ុន្តែដោយសារតែសង្រ្គាមឥតឈប់ឈរ ទើបធ្វើឱ្យប្រទេសយើងក្លាយ​ទៅជា​ប្រទេសដ៏​អភ័ព្វ។ មូលហេតុនៃការកើតសង្រ្គាម គឺដោយសារតែការបែកបាក់សាមគ្គីផ្ទៃក្នុង ការស្តាប់ និងជឿតាម​ពាក្យញុះញង់ពីអ្នកដទៃ ហើយងាកមកបំផ្លាញជាតិឯង ធ្វើឱ្យរាំងស្ទះ ដល់ការអភិវឌ្ឍ​ប្រទេស និងសេដ្ឋកិច្ចជាតិ។នេះជាបទពិសោធដ៏ជូរចត់ ដែលអ្នកនយោបាយកម្ពុជាគួរសិក្សាស្វែងយល់ និងចៀសវាងឱ្យបាន ព្រោះថា សន្តិភាពមានតម្លៃ មិនអាចកាត់ថ្លៃបាន, មានសន្តិភាពទើបមានការអភិវឌ្ឍ​លើគ្រប់​វិស័យ ដែលអនុញ្ញាតឱ្យយើងអាចរស់នៅដោយគ្មានការ​ភ័យខ្លាច មាន អាហារ​ទទួល​ទាន​គ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបានការអប់រំ មានសិទ្ធិប្រតិបត្តិ​ជំនឿ​សាសនា មាន លទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកម្សាន្ត​ក្នុងឱកាស​ពិធីបុណ្យនានាទាំងក្នុងនិងក្រៅប្រទេស។លោកជំទាវបណ្ឌិត បន្តថា ទាក់ទិនគម្រោង (CLV-DTA), ថ្មីៗនេះមានការបំផុសបំផុល និង​ញុះញង់​ពីក្រុមជ្រុលនិយម ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) បានបង្កើតឡើងតំាងពីឆ្នាំ ១៩៩៩ ដោយធ្វើឱ្យសាធារណជន មានការខឹងសម្បា​មក​កាន់រាជរដ្ឋាភិបាល និងមានការព្រួយបារម្ភលើការខាតបង់ប្រយោជន៍នានាជាពិសេសទឹកដី។ តាមពិតកិច្ចព្រម ព្រៀងនេះ គ្រាន់តែអនុញ្ញាតឱ្យប្រទេសទាំងបីធ្វើសហប្រតិបត្តិការជាមួយគ្នា ក្នុងនាមប្រទេសជិតខាង ដើម្បីពន្លឿនការអភិវឌ្ឍ ក្នុងនោះប្រទេសនីមួយៗ​ត្រូវគ្រប់គ្រង​ទឹកដីរបស់ខ្លួន ។ បញ្ហានេះ មិនមានការបាត់បង់ទឹកដីដូចការបំភ្លៃព័ត៌មានមួយចំនួន ពីអ្នក វិភាគគ្មានមូលដ្ឋាននោះឡើយ ព្រោះទឹកដីកម្ពុជានៅតែជារបស់កម្ពុជា។លោកជំទាវបណ្ឌិត ជា សិរី លើកឡើងបន្ថែមថា ផ្ទុយទៅវិញ ជុំវិញកិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការ​ជួយ​លើកស្ទួយវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាព បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តជាប់ព្រំដែន ឱ្យកាន់តែមានភាព ប្រសើរឡើង ។ បញ្ហានេះ, លោកជំទាវបណ្ឌិត បានអំពាវនាវដល់មន្រ្តីរាជការស្ថិតក្រោមឱវាទ៍ និងសាធារណជន កុំស្តាប់ និងជឿតាម ការញុះញង់ យើងត្រូវចេះរួបរួមសាមគ្គីគ្នា និងសូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យ កាន់តែរីកចម្រើនខ្លាំងថែមទៀត ក្រោមដំបូលសុខសន្តិភាពដែលមានសម្តេចតេជោ ជាអគ្គស្ថាបនិកដ៏ឆ្នើម និងក្រោមការដឹកនាំ រាជរដ្ឋាភិបាលដោយ សម្តេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានឹងរៀបចំវេទិការធុរកិច្ចក្រៅស្រុកចំនួនពីរធំៗ ដើម្បីស្វែងរកទីផ្សារ និងដៃគូពាណិជ្ជកម្មបន្ថែម

2024/08/20 01:01:07 pm        258
កម្ពុជាគ្រោងរៀបចំវេទិការធុរកិច្ចនៅក្រៅស្រុកធំៗចំនួនពីរ ដោយប្រមូលផ្តុំធុរកិច្ចសំខាន់ៗ​នៅ​កម្ពុជា ជួបជាមួយអ្នកបញ្ជាទិញ ផ្ទាល់ ក្នុងគោលដៅស្វែងរកទីផ្សារ និងដៃគូ​ពាណិជ្ជកម្ម​បន្ថែម ដើម្បីជំរុញការនាំចេញទំនិញរបស់កម្ពុជាឱ្យបានកាន់តែច្រើន ។លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI លើកឡើងនៅក្នុងកិច្ច​សម្ភាសន៍ ស្តីពីគម្រោងរៀបចំ វេទិកាធុរកិច្ចនៅក្រៅប្រទេស នៅសហរដ្ឋអាមេរិក និងអឺរ៉ុប នេះថា IDI គឺសមាគមមួយបានផ្តោតយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគ ដើម្បីទាក់ទាញវិនិយោគិន និងដើម្បីចូលរួមជំរុញការនាំចេញរបស់កម្ពុជាឱ្យបានកាន់តែច្រើន ដោយក្នុងគម្រោងនោះ IDI នឹងបង្ហាញ អំពីសក្តានុពលទីផ្សារនៅកម្ពុជា ដោយបានកំណត់គោលដៅសំខាន់ៗមួយចំនួនដូចជា ការវិនិយោគលើវិស័យសេវាកម្ម កសិកម្ម និងវិស័យអចលនទ្រព្យជាដើម។លោកបណ្ឌិត បន្តឱ្យដឹងថា តាមរយៈនៃការរៀបចំគម្រោងខាងលើនេះ នៅក្នុងខែ កញ្ញា ខាងមុខ សមាគមនឹងគ្រោងរៀបចំ វេទិការធុរកិច្ចនៅសហរដ្ឋអាមេរិក ដែលក្នុងកម្មវិធីនោះនឹងមានបញ្ជាទិញចូលរួមជាច្រើន មកពីបណ្តាក្រុមហ៊ុនផ្សេងៗ និងនៅក្នុងខែ តុលា ឆ្នាំ ២០២៤ នេះដែរ សមាគមក៏គ្រោងរៀបចំនៅសហគមន៍អឺរ៉ុបបន្ថែម ដែលគម្រោងនេះមានគោលដៅស្វែងរកទីផ្សារ និងដៃ គូរពាណិជ្ជកម្មជូនដល់វិនិយោគិនកនុងស្រុកបន្ថែម និងដើម្បីជំរុញការនាំចេញទំនិញរបស់កម្ពុជាឱ្យបានកាន់តែច្រើន ស្របតាមការ គិតគូរ និងការយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។តាមរយៈការរៀបចំវេទិកានេះដែរ, លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ក៏បានអំពាវនាវដល់ធុរកិច្ច និងអ្នកវិនិយោគក្នុងស្រុក សូមចូលរួមឱ្យ បានច្រើនកុះករ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម តម្រូវការទីផ្សារផ្សេងៗ និងការត្រៀមវិនិយោគជាមួយគ្នា ក្នុងគោលដៅចូលរួមកសាង អេកូឡូស៊ីលើការវិនិយោគនៅកម្ពុជា។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងឆមាសទី ១ ឆ្នាំ២០២៤, កម្ពុជាបាននាំចេញទៅកាន់ទីផ្សារ សហអាមេរិក មានទឹកប្រាក់ជាង ៤ ៤០០ លានដុល្លារ កើនឡើងជិត ៤ ភាគរយ ធៀបនិងឆ្នាំ ២០២៣ ដោយទីផ្សារនេះឈរក្នុងលំ ដាប់ទី១ និងត្រូវប្រមាណ ៤៤ ភាគរយ នៃទីផ្សារនាំចេញសរុប, ខណៈទីផ្សារអឺរ៉ុប មានទំហំទឹកប្រាក់ជិត ២ ០០០ លានដុល្លារ កើនឡើងជាង ៩ ភាគរយ ត្រូវប្រមាណ ១៩ ភាគរយ ឈរក្នុងលំដាប់ទី២ នៃទីផ្សារអឺរ៉ុបសម្រាប់ការនាំចេញរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាបង្ហាញតម្រូវការវិនិយោគលើវិស័យស្វាយចន្ទី ដើម្បីបម្រើការនាំចេញទៅទីផ្សារបរទេស

2024/08/20 12:51:45 pm        122
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមរបស់ លោក Jost Kadel តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងក្រុមការងាររបស់អង្គការអភិវឌ្ឍអន្តរជាតិអាល្លឺម៉ង់ (GIZ) នៅទីស្តីការក្រសួងកសិកម្ម។នៅក្រោយចប់ជំនួបការងារ នៅថ្ងៃទី២០ សីហា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងការវិនិយោគក្នុងវិស័យកសិកម្ម។ ឯកឧត្តម បានលើកឡើងពីកសិផលរបស់កម្ពុជាជាច្រើន ដែលមានគុណភាពល្អ និងអាចវិនិយោគសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច ពោលគឺ «មានហូប មានប្រើ មានបាន និងមានរហូត»។ ឯកឧត្តម បានបន្ថែមថា កម្ពុជាត្រូវការដៃគូអភិវឌ្ឍធ្វើយ៉ាងណាឱ្យប្រជាកសិករទទួលបានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយថ្លៃដើមផលិត តាមរយៈការជំរុញការចងក្រងសហគមន៍កសិកម្មទំនើប។ ឯកឧត្តម បានបន្តថា សហគមន៍កសិកម្មទំនើប គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយ ដែលដាក់ចេញក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ ដូចជា ដើមទុន បច្ចេកទេស ទីផ្សារជាដើម ជាពិសេសការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យវិស័យឯកជនអាល្លឺម៉ង់ គិតគូរពិនិត្យលទ្ធភាពក្នុងការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ដើម្បីបម្រើដល់ការនាំចេញទៅក្រៅប្រទេស ដែលអាចទទួលបានតម្លៃបន្ថែមខ្ពស់ផងដែរ៕

កម្ពុជា-ហ្វីលីពីន ពង្រឹងប្រព័ន្ធប្រតិបត្តិការធនាគារកណ្តាល សម្រាប់ផ្តល់ប្រយោជន៍​ប្រទេសទាំងពីរ

2024/08/20 12:51:23 pm        145
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកពាក់ព័ន្ធ នឹងប្រព័ន្ធប្រតិបត្តិការ ធនាគារកណ្តាល ការតភ្ជាប់និងនវានុវត្តន៍ប្រព័ន្ធទូទាត់ នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការត្រួតពិនិត្យប្រព័ន្ធធនាគារ និងផ្នែកផ្សេងៗ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Eli M. Remolona, Jr. ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន នៅថ្ងៃទី ១៩ ខែ សីហា ម្សិលមិញនេះ បានបើកកិច្ចប្រជុំទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគ យល់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ, ក្នុងនោះកិច្ចប្រជុំទ្វេភាគីកម្រិតខ្ពស់ រវាងធនាគារ ជាតិនៃកម្ពុជា និងធនាគារកណ្ដាលហ្វីលីពីន បានផ្លាស់ប្តូរទស្សនៈលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំណើរវិវឌ្ឍន៍នៃប្រព័ន្ធ ទូទាត់ បញ្ញសិប្បនិម្មិត សន្តិសុខសាយប៊័រ និងហិរញ្ញវត្ថុប្រកបដោយចីរភាព ក៏ដូចជាពិភាក្សាអំពីកាលានុវត្តភាព សម្រាប់ការបន្ត កិច្ចសហប្រតិបត្តិការលើការងារ និងគំនិតផ្តួចផ្តើមនានារនៃធនាគារកណ្តាលទាំងពីរ។អនុស្សរណៈយោគយល់នេះសបញ្ជាក់ឱ្យឃើញពីឆន្ទៈ នៃស្មារតីប្តេជ្ញារបស់ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាល ហ្វីលីពីន ក្នុងការបង្កើតក្របខ័ណ្ឌជាក់លាក់មួយ សម្រាប់ដំណើរការសម្រប់សម្រួលក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការទ្វេភាគីរវាងធនាគារកណ្ដាលទាំងពីរ ដែលកន្លងមកតែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងក្របខ័ណ្ឌទាំងទ្វេភាគី និងតំបន់។តាមរយៈលទ្ធផលនៃកិច្ចប្រជុំទ្វេភាគី និងអនុស្សរណៈយោគយល់នេះដែរ ធនាគារកណ្តាលទាំងពីរ នឹងពង្រឹងកិច្ច សហប្រតិបត្តិការថែមទៀត ជាពិសេសក្នុងផ្នែកពាក់ព័ន្ធ នឹងប្រព័ន្ធប្រតិបត្តិការធនាគារកណ្តាល ការតភ្ជាប់និងនវានុវត្តន៍ប្រព័ន្ធទូទាត់ នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការត្រួតពិនិត្យប្រព័ន្ធធនាគារ ការអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្សេងៗជាច្រើនទៀត សម្រាប់ផល ប្រយោជន៍ទៅវិញទៅមក៕ អត្ថបទ៖ សុន រ៉ាឌី

ថៃបានយកនាំយកផលិតផលមិនប៉ះពាល់បរិស្ថានជាច្រើនប្រភេទ បង្ហាញលើទីផ្សារកម្ពុជា

2024/08/16 12:15:43 pm        159
ថៃបានយកនាំយកផលិតផលដែលមិនប៉ះពាល់បរិស្ថានជាច្រើនប្រភេទ មកដល់តាំងបង្ហាញ និង​លក់ ក៏ដូចជាការស្វែងរកដៃគូ ពាណិជ្ជកម្ម ដើម្បីចែកចាយផលិតផលរបស់ខ្លួន ខណៈ​កម្ពុជា​គឺ​ជា​ប្រទេសដែលប្រជាជាជន ពាណិជ្ជករ និងអ្នកធ្វើអាជីកម្មថៃ ចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារមួយនេះ។លោក នីរ៉ាវ៉ាត់ រ៉ាំងស៊ីកានចាណៈ (Nirawat Rangseekanjana) អគ្គទីប្រឹក្សា​ពាណិជ្ជ​កម្ម​ប្រចាំ​ស្ថាន​ទូត​ថៃនៅកម្ពុជា លើកឡើងនៅក្នុងពិព័រណ៍ពាណិជ្ជកម្មថៃ (BCG THAI FESTIVE FAIR 2024) នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៤ នេះថា ជុំវិញ ផលិតផលដែលមានគុណភាព មិន​ប៉ះ​ពាល់ដល់បរិស្ថាននេះ ក្នុងនោះក្រុមអ្នកធ្វើអាជីវកម្មនៅប្រទេសថៃ តែងតែព្យាយាមផលិតនូវ ផលិត​ផលរបស់ខ្លួន ឱ្យជាមិត្តនិងបរិស្ថាន និងមិនប៉ះពាល់ដល់បរិស្ថាន ជាក់ស្តែង​ការ​នាំ​យក​ផលិតផ​ល​មកតាំងពិព័រណ៍ ចាប់ពីថ្ងៃទី ១៥ ដលថ្ងៃទី ១៨ នៅមជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ​នា​ពេល​នេះ​ មានចំនួនប្រមាណជាប់ ៣០០ ស្តង់ ដែលភាគីច្រើនសុទ្ធសឹងជា ផលិតផល​ដែល​មាន​ស្លាក​សញ្ញា Recyle មានន័យថា, ផលិតផលដែលអាចកែច្នៃវិញបាន។លោក បន្តទៀតថា ជុំវិញផលិតផលនេះ សម្រាប់នៅក្នុងប្រទេសថៃ ត្រូវបាន​ប្រជាជន​ថៃ​គាំទ្រ​យ៉ាង​ខ្លាំង និងមានដាក់តាំង លក់នៅគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃផងដែរ និងបានចែក​ចាយ​ទៅ​កាន់​ទី​ផ្សារអឺរ៉ុប ចិន និងនៅសហរដ្ឋអាមេរិកជាដើម ចំណែក នៅពេលនេះ ក្នុងនាមកម្ពុជា​គឺ​ជា​ប្រទេសជិ​ត​ខាងភូមិផងរបងតែមួយ និងក៏ជាទីផ្សារដែលប្រជាជាជន ពាណិជ្ជករ និងអ្នកធ្វើ​អាជីកម្ម ថៃចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ទើបមានព្រឹត្តិការណ៍នាពេលនេះ ដើម្បី​ដាក់​តាំង​បង្ហាញ​បន្ថែម ប្រជាជនកម្ពុជាបានស្គាល់កាន់ តែច្បាស់ និងជាវយកផលិផលទាំងនេះសម្រាប់ប្រើប្រាស់ និងហូបចុកប្រចាំថ្ងៃ។ឯកឧត្តម ឆើតគៀត អត្ថកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូ​ត​ថៃ​ប្រចាំ​ព្រះរាជា​ណា​ចក្រ​ក​ម្ពុជា លើកឡើងថា ពិព័រណ៍ BCG Thai Festive Fair បានបង្កប់នូវគោលការណ៍នៃ Bio-Circular-Green Economy ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីការ យកចិត្តទុកដាក់របស់យើង ចំពោះ​ការ​អភិវឌ្ឍប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើក្នុងក្របខណ្ឌសម្រាប់ការលើក កម្ពស់ ការអនុវត្តអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងការច្នៃ​ប្រឌិត​ដែល​ពិភពលោក​កំពុង​ឆ្ពោះ​ទៅមុខ។ទាក់ទិនពិព័រណ៍នេះដែរ, ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លើក​ឡើង​ផង​ដែរថា តាមរយៈ ព្រឹត្តិការណ៍នេះ គឺជាការពង្រឹងចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ និងក៏ជាការស្វែងយល់ពីសក្តានុពលដ៏ធំធេងសម្រាប់ សេដ្ឋកិច្ច និងកិច្ចសហការ ជា​ពិសេស​ជា​ការជំរុញដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃបន្ថែមផងដែរ ដើម្បីជំរុញ​ឱ្យ​មានកំណើនកាន់តែល្អប្រសើរ សម្រាប់ផ្តល់ផលប្រយោជន៍ដល់ប្រទេសយើងទាំងពីរ៕ អត្ថបទ៖ សុន រ៉ាឌី 

អ អិម អេ ខេមបូឌា ត្រូវបានតែងតាំងជាអ្នកផ្តល់សេវាកម្មផ្នែកថែទាំ និងជួសជុលរថយន្តម៉ាក JEEP និងRAM នៅកម្ពុជា

2024/08/12 01:44:57 pm        251
ភ្នំពេញ៖ Stellantis នៅថ្ងៃទី១២ សីហា ឆ្នាំ២០២៤នេះ បានប្រកាសថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. គឺជាដៃគូសេវាកម្មផ្នែកថែទាំ និងជួសជុល សម្រាប់រថយន្តម៉ាក Jeep និង RAM នៅកម្ពុជា ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះតទៅ។ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះ បានបញ្ជាក់ថា Jeep ត្រូវបានបង្កើតជាកេរ្តិ៍ដំណែលដ៏អស្ចារ្យ​នៅ​ក្នុង​អំឡុងពេលជាង ៨០ឆ្នាំ ដែលបង្ហាញថា រថយន្ត Jeep គឺជារថយន្តប្រភេទ SUV ដែល​មាន​សមត្ថភាព ភាពប៉ិនប្រសប់ និងអាចសម្របគ្រប់ស្ថានភាពផ្លូវសម្រាប់បំពេញតម្រូវការ ធ្វើ​ដំណើរ​ដែល​ល្អឥតខ្ចោះ។ ចំណែកឯរថយន្ត RAM គឺជារថយន្ត Pick Up ប្រភេទធំ ជារថយន្ត​ដែល​ធន់ និងអាចប្រើប្រាស់បានយូរបំផុតនៅសហរដ្ឋអាមេរិក ដោយអាច​ប្រើប្រាស់​បាន​លើស​ពី​ដែន​កំណត់ ប្រកបដោយភាពងាយស្រួល និងបច្ចេកវិទ្យាទំនើប។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា ក្រុម​ហ៊ុន​ពិត​ជា​មាន​សេចក្តី​សោមនស្សរីករាយជាខ្លាំង សម្រាប់ការទទួលសិទ្ធិផ្តាច់មុខលើការផ្តល់សេវាកម្មថែទាំ និង​ជួសជុលរថយន្តម៉ាក Jeep និង RAM ដល់អតិថិជននៅកម្ពុជា។ លោកបានអះអាងថា ក្រុម​ការងារ​ផ្នែក​នេះ សុទ្ធសឹងមានជំនាញច្បាស់លាស់ ដោយសារមានការបង្ហាត់បង្រៀន និងទទួល​ស្គាល់​ពី​សមត្ថភាព​ក្នុង​ការផ្តល់សេវាកម្ម និងបម្រើជូនអតិថិជន​ស្របតាម​ស្តង់ដា​ត្រឹម​ត្រូវ​របស់​ម៉ាក​ទាំង​ពីរ​នេះ។ជាមួយគ្នានេះ លោក Daniel Gonzalez, COO, ASEAN, Stellantis បានបញ្ជាក់ថា ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់ក្រុមហ៊ុនក្នុងការផ្តល់នូវគុណភាពសេវាកម្មដល់អតិថិជន កិច្ចសហការ​ការងារ​ភាព​ជាដៃ​គូ​ជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងពង្រឹងបទពិសោធន៍​សេវាកម្ម​ក្រោយ​ការ​លក់​ចំពោះ​ការ​ថែទាំ និងជួសជុលរថយន្ត Jeep និង RAM ជូនដល់អតិថិជនក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន។ ហើយក្រុមការងារជឿជាក់យ៉ាងពេញទំហឹង ក្នុងការផ្តល់ជូនអតិថិជន​នូវជំ​នួយ​ផ្នែក​សេវាកម្មកម្រិតខ្ពស់បំផុត ដើម្បីធានាថារថយន្តម៉ាក Jeep និង RAM នៅតែបន្តផ្តល់​នូវ​ដំណើរ​ការ​ដ៏ពិសេសដែលឆ្លុះបញ្ចាំងពីគុណភាព និងភាពជឿជាក់ចំពោះម៉ាកល្បីទាំងពីរនេះ ដូច​ដែល​គេ​បានស្គាល់កន្លងមក។គិតមកដល់ពេលនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. បង្ហាញវត្តមាននៅប្រទេសកម្ពុជា រយៈ​ពេល​ ៣២ឆ្នាំមកហើយ ក្នុងការផ្តល់ជូននូវសេវាកម្ម និងនាំយកផលិត​ផល​ល្បីៗ​លើ​ពិភព​លោក​មក​កាន់​ទីផ្សារកម្ពុជា រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង សេវាកម្ម​ហិរញ្ញវត្ថុ និងសេវាកម្មជួលរថយន្ត៕

អ្នកជំនាញ៖ វិស័យអចលនទ្រព្យនឹងងើបឡើងនៅឆ្នាំ២០២៨ ប្រហាក់ប្រហែលមុនវិបត្តិកូវីដ-១៩

2024/08/12 12:15:47 pm        347
អ្នកជំនាញក្នុងវិស័យអចលនវត្ថុ មើលឃើញថា វិស័យអចលនទ្រព្យ​នៅកម្ពុជា បាន​កំពុង​ចាប់​ផ្តើម​ងើប​ឡើង​ពីឆ្នាំ២០២៤ នេះបន្តិច ម្តងៗ ហើយនឹងអាចងើបឡើង​ល្អ​ប្រសើរ​ប្រហាក់​ប្រហែល​មុន​វិបត្តិ​ជំងឺកូវីដ-១៩ នៅក្នុងរយៈពេល ៤ឆ្នាំបន្ទាប់ទៀត ស្របពេលក្រសួង- ពាក់ព័ន្ធ បាន​បង្ហាញ​ពី​របាយការណ៍នៃនិន្នាការឡើងឡើងផងដែរ។ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញទិន្នន័យស្ថានភាពវិស័យសំណង់ ក្នុង​នោះ​នៅ​ក្នុងខែមិថុនា ឆ្នាំ ២០២៤ ដែលក្រសួងបានអនុញ្ញាតសាងសង់ សរុបមាន ៣១២ គម្រោងកើន ៣៥ភាគរយ, មានផ្ទៃក្រឡា ១ ៨៦៩ ពាន់ម៉ែត្រការ៉េ កើន ៣៦ ភាគរយ ដោយបានបន្តរើបឡើងវិញជាបន្តបន្ទាប់ ខណៈការប្រើប្រាស់ទុនវិនិយោគមានទំហំទឹកប្រាក់ ៧២៥ លានដុល្លារ អាមេរិក ថយចុះ ២ ភាគរយ ធៀបនឹងខែមុន។ ចំពោះ​គម្រោង​ដែល​បាន​សាង​សង់​រួម​មាន៖ សំណង់លំនៅដ្ឋាន ២៥១ គម្រោង, សំណង់ឧស្សាហកម្ម ២៧ គម្រោង, សំណង់​ពាណិជ្ជកម្ម ១៥ គម្រោង, សំណង់ទេសចរណ៍ ៥ គម្រោង, និងសំណង់សាធារណៈ ១៤ គម្រោង​។ទាក់ទិនវិស័យសំណង់នេះ, លោក សន សៀប ប្រធានសមាគមអ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា លើកឡើងថា បើតាមការកត់សម្គាល់ នៅឆ្នាំ ២០០៨ វិស័យអចលនទ្រព្យ​បាន​ចាប់​ផ្តើម​ថម​ថយ ដោយវិបត្តិហិរញ្ញវត្ថុនៅសហអាមេរិក, ហើយវិបត្តិ នេះក៏បានជះឥទ្ធិពល​ដល់​កម្ពុជា​ផង​ដែរ​, សម្រាប់បញ្ហានេះរហូតដល់ឆ្នាំ ២០១២ ទើបមានស្ថានភាពល្អប្រសើរវិញ។ ស្រដៀងគ្នានេះ ផង​ដែរ ចំពោះស្ថានភាពហុងកុង នៅក្នុងឆ្នាំ ១៩៩៧ វិបត្តិកើតឡើងចំនួនពីរ គឺនៅអាស៊ី និងការ​ផ្ទេរ​ពី​អង់​គ្លេសទៅចិន ដោយ វិបត្តិទាំងពីនេះបាន​ធ្វើ​ឱ្យ​វិស័​យ​អចលន​ទ្រព្យ​នៅ​ហុងកុង​ធ្លាក់​ចុះ​ជាប់​ៗ​គ្នារយៈពេល ៦ ឆ្នាំ ហើយក្នុងរយៈពេល ៦ ឆ្នាំបន្ទាប់ ទើបបាន ស្តារត្រឡប់ដូចដើមវិញ។លោក បន្តថា តាមរយៈបទពិសោធន៍ខាងលើនេះ, ខណៈ​ដែល​វិបត្តិជា​សកល​បាន​កើត​ឡើង​ដោយ​សារ​ការផ្ទុះជំងឺកូវីដ-១៩ និងការអូសបន្លាយសង្គ្រាម-រុស្សីអ៊ុយក្រែនជាដើម បើគិតមកុំ​ដល់​ពេល​នេះ​មានរយៈពេលជាង ៣ ឆ្នាំហើយ ដូច្នេះនៅក្នុងឆ្នាំ ២០២៤ នេះ ចំពោះវិស័យ​អចលន​ទ្រព្យ គឺមានចំណុចវិជ្ជមានតិចតួចឡើងវិញ ហើយនឹងអាចបន្តងើបឡើងល្អប្រសើរ នៅ​ក្នុង​រយៈ​ពេល ៤ឆ្នាំខាងមុខ, ជាក់ស្តែងមកដល់បច្ចុប្បន្ននេះ ឃើញថា មានតម្រូវការ​ខ្លះៗ​ក៏​បាន​ងើប​ឡើង​វិញ​ ក៏ដូចជាការទិញលក់ អចលទ្រព្យ មួយចំនួន ដែលទាបជាងតម្លៃទីផ្សារ លក់បន្ទាន់ជាដើម។សូមបញ្ជាក់ថា ជុំវិញវិស័យសំណង់នេះ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ គម្រោង​ទទួល​បាន​ការ​អនុញ្ញាត​សាងសង់សរុប មាន ចំនួន ១ ៦៤២ គម្រោង ក្នុងនោះមានគម្រោងលំនៅដ្ឋាន ១ ៣៤៦ គម្រោង (មានបុរីចំនួន ១ ២៩៨ គម្រោង និងខុនដូ ៤៨ គម្រោង), សំណង់ឧស្សាហកម្ម ១១៥ គម្រោង, សំណង់ពាណិជ្ជកម្ម ១០៥ គម្រោង, សំណង់ទេសចរណ៍ ២៦ គម្រោង, សំណង់ សាធារណៈ ៤៩ គម្រោង, និងសំណង់វិនិយោគ ១ គម្រោង៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេល៧ខែឆ្នាំនេះ ពាណិជ្ជកម្មទំនិញកម្ពុជាជាមួយបរទេសមានទំហំទឹកប្រាក់ជាង ៣១ ពាន់លានដុល្លារ

2024/08/12 11:09:23 am        226
រយៈពេល ៧ ខែ ក្នុងឆ្នាំ ២០២៤នេះ ជញ្ជីងធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេស សំខាន់ៗ របស់ កម្ពុជា​មានទំហំទឹកប្រាក់សរុបជាង ៣១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មាន​ទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ១៦ ពាន់​លាន​ដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា សម្រាប់រយៈពេល ៧ ខែ ក្នុងឆ្នាំ ២០២៤ នេះ ក្នុងនោះការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗ របស់កម្ពុជា​មាន​ចំនួន២០ និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ៣១​ពាន់​លាន​ដុល្លារអាមេរិក កើនឡើង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះ​បើ​គិត​រយៈ​ពេល ៧ខែនេះ សម្រាប់ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មាន​កំណើន​កើន​ឡើង​ជា​បន្តបន្ទាប់គួរកត់សម្គាល់។ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ចំពោះការនាំចេញទំនិញរបស់កម្ពុជា ក្នុងរយៈពេលនេះដែរ មានទំហំទឹកជាង ១៤ ពាន់លាន ដុល្លារ កើនឡើងប្រមាណជាង ១៤ ភាគរយ បើធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នំា២០២៣ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ ប្រទេសចិនជិត ១ ០០០ លានដុល្លារ, សហរដ្ឋអាមេរិក ជាង ៥ ៥០០ លានដុល្លារ, វៀតណាម ជាង ២ ២០០ លានដុល្លារ, ថៃជិត ៥០០ លានដុល្លារ, ជប៉ុន ជាង ៧៦៤ លានដុល្លារ, អាល្លឺម៉ង់ ជាង ៥១៦ លានដុល្លារ, អេស្ប៉ាញ ៥៦០ លានដុល្លារ, កាណាដា ៦០៥ លានដុល្លារ, អង់គ្លេស ៥៣០ លានដុល្លារ, ហូឡង់ ៤២៧ លានដុល្លារ, បានរាំង ២២៩ លានដុល្លារ, កូរ៉េខាងត្បូង ១៨៧ លានដុល្លារ និងការនាំចេញ ទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។ចំណែកការនាំចូលវិញ នៅក្នុងរយៈពេល៧ ខែនេះដែរ កម្ពុជា​បាន​នាំ​ចូល​ទំនិញ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណជាង ១៦ ពាន់លាន ដុល្លារ កើនឡើងជិត ១៦ ភាគរយ ក្នុងនោះការនាំ​ចូល​ពី​ប្រទេស​ចិន មានទឹកប្រាក់ជិត ៧ ៧០០ លានដុល្លារ, វៀតណាមជាង ២ ៤០០ លានដុល្លារ, ថៃ ជាង ២ ០០០ លានដុល្លារ, សឹង្ហបុរី ៥១១ លានដុល្លារ, ឥណ្ឌូនស៊ី ៦០០ លានដុល្លារ, តៃវ៉ាន់ ៤០៥ លានដុល្លារ, កូរ៉េខាងត្បូង ២៩១ លានដុល្លារ, ម៉ាឡេស៊ី ៤៦០ លានដុល្លារ, ហុងកុង ២៣១ លានដុល្លារ, ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗ ពីបណ្តាប្រទេសជាច្រើន ទៀត៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន ចាត់ការតាមនីតិវិធីច្បាប់​ចំពោះរោងចក្រ​កែច្នៃ​ដំណាប់ស្វាយមួយកន្លែង ដែលបានបញ្ចេញសំណល់រាវប៉ះពាល់ដល់ប្រភពទឹកសាធារណៈ
03/17/2025 01:03 PM
អាជ្ញាធរស្រុកបាទី បន្តចុះផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន ច្បាប់ចរាចរណ៍ និងអនាម័យបរិស្ថាន នៅតាមវិទ្យាល័យ
03/17/2025 01:03 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ រយៈពេល១៥ខែកន្លងមក ប្រសិនបើគ្មានការមូលមតិគ្នា និងការអនុវត្ត​ការងារ​ដោយ​ភាពទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈទេ ការកែទម្រង់មុខងារ​សាធារណៈក៏​មិនអាច​ទៅមុខរួចដែរ
03/17/2025 01:03 PM
ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ាបង្ហាញការគាំទ្រលោកអតីតប្រធានាធីបតី Bolsonaro
03/17/2025 12:03 PM
សេចក្ដីរាយការណ៍៖ អត្រាគាំទ្រលើគណៈរដ្ឋមន្ត្រីជប៉ុន បានធ្លាក់ដល់កម្រិតទាបបំផុត
03/17/2025 12:03 PM
ផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកចិត្របុរី
03/17/2025 12:03 PM
បក្សកាន់អំណាចកូរ៉េខាងត្បូង ថាខ្លួននឹងគោរពសាលក្រមក្នុងក្ដីចោទប្រកាន់ទម្លាក់តំណែងលោក Yoon
03/17/2025 12:03 PM
ក្រុមគ្រូពេទ្យប៉ាឡេស្ទីន៖ ការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល សម្លាប់អ្នកស្រុកហ្កាហ្សាជាច្រើននាក់
03/17/2025 12:03 PM
អាមេរិក កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងពី Oracle ដើម្បីទិញ TikTok
03/17/2025 12:03 PM
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្នរោងចក្រកាត់ដេរកំពុងដំណើរការនៅកម្ពុជាមានជាង ១,៦០០ រោងចក្រ
03/17/2025 12:03 PM