ជីបម៉ុងលែនបើកការដ្ឋានសាងសង់គម្រោងហ្គ្រេនលែនម៉ាក ២៧១ និងមជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍
អគ្គនាយករងគយ៖ វិស័យឡូជីស្ទិក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាឆ្អឹងខ្នង និងជាឃ្នាស់នៃសេដ្ឋកិច្ច
ដំឡូងមីស្ងួតរបស់កម្ពុជាចំនួន២០០ពាន់តោន នឹងត្រូវនាំចេញបន្ថែម ខណៈចំនួន ៥ពាន់តោន បានទៅដល់ទីផ្សារប្រទេសចិន
រដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ នៅតំបន់មេគង្គក្រោម ក្នុងខេត្តចំនួន៣

សេដ្ឋកិច្ច និង កសិកម្ម

បច្ចុប្បន្នក្រុមហ៊ុនដែលមានអាជ្ញាបណ្ណនិងទទួលស្គាល់ការធ្វើអាជីវកម្មក្នុងវិស័យមូលបត្រមានចំនួន១៣០ក្រុមហ៊ុន

2024/07/13 10:47:28 am        234
ភ្នំពេញ ៖ គិតក្នុងរយៈពេលជាងមួយទស្សវត្សរ៍កន្លងមកនេះ កម្ពុជាបានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្តល់សេវាក្នុងវិស័យមូលបត្រចំនួន ១៣០ក្រុមហ៊ុន។ ក្នុងនោះ មានក្រុមហ៊ុនចំនួន២៣ បោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ដែលបានប្រមូលសាច់ប្រាក់ចំនួន ៣៨៩លានដុល្លារអាមេរិក។ ​ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនទាំង២៣ មានក្រុមហ៊ុនចំនួន១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន១២ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញា-បណ្ណចីរភាព។ ឯកឧត្តម បានបន្ថែមថា ដើម្បីជំរញឲ្យវិស័យនេះកាន់តែល្អប្រសើរឡើងថែមទៀត ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្ស គឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀត ដែលបានកំណត់ ព្រោះថាវិស័យមូលបត្រ នឹងមិនអាចរីកចម្រើនបានលឿននោះទេ ប្រសិនបើការយល់ដឹងពីវិស័យនេះនៅមានកម្រិតទាបនៅឡើយ។ ការលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុង “ផែនការយុទ្ធសាស្ត្រជាតិ”។ឯកឧត្តមអគ្គនាយក លើកឡើងបន្ថែមទៀតថា ក្រោមកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធទីផ្សារដែល រឹងមាំនាពេលនេះ និយ័តករមូលបត្រកម្ពុជា ក៏មានការទទួលស្គាល់កម្មវិធីសិក្សាសម្រាប់ការបណ្តុះបណ្តាលអភិបាលនៅក្នុងវិស័យមូលបត្រផងដែរ សម្រាប់គ្រឹះស្ថានណាដែលមានចំណាប់អារម្មណ៍គឺអាចដាក់ពាក្យស្នើសុំបានពីនិយ័តករមូលបត្រកម្ពុជា។ ការដាក់ចេញឱ្យមានបណ្តុះបណ្តាលអភិបាលនៅក្នុងវិស័យមូលបត្រនៅកម្ពុជា នឹងជួយពង្រឹងបន្ថែមនូវអភិបាលកិច្ចសាជីវកម្មនៅក្នុងទីផ្សារ ហើយក៏ជាកត្តាមួយនៅក្នុងការពង្រឹងទំនុកចិត្តនៅក្នុងទីផ្សារហើយអាចទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនចូលមកទីផ្សារកម្ពុជា។ សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល ១១,២២ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៧៣ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ៨,៧៥% ធៀបនឹងផលិតផលក្នុងស្រុកសរុប។ ចំពោះទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១០,៥៩លានភាគហ៊ុន និងតម្លៃនៃការជួញដូរមូលបត្រសរុបមាន ៥៣,០៣ ប៊ីលានរៀល ឬប្រហែល ១២,៩០ លានដុល្លារអាមេរិក ដែលមានទំហំជួញដូរប្រចាំថ្ងៃជាមធ្យម ១៧៩.៤៤១ ភាគហ៊ុន ខណៈដែលតម្លៃជួញដូរប្រចាំ ថ្ងៃជាមធ្យមប្រមាណ ៨៩៨,៧៧ លានរៀល ឬប្រហែល ២១៨,៦៧៩ ដុល្លារអាមេរិក និងចំនួនលេខអត្តសញ្ញាណវិនិយោគិន ដែលបានផ្តល់មានចំនួនជាង ៥ម៉ឺន៕អត្ថបទ ៖ ឈិត បូរ៉ាវី

ក្រសួងពាណិជ្ជកម្មពិភាក្សាជាមួយតំណាងក្រុមហ៊ុន Amazon ដើម្បីជំរុញការដាក់លក់​ផលិតផលខ្មែរនៅលើថ្នាល Amazon E-Commerce

2024/07/12 03:12:36 pm        182
លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ​២០២៤ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំជាមួយលោក Darren Ong អនុប្រធាន​ជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Amazon និងលោកស្រី Chann Sokros តំណាងស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីលទ្ធភាពជំរុញការ​ដាក់លក់​ផលិតផលខ្មែរនៅលើថ្នាល Amazon E-Commerce។នៅក្នុងជំនួប លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ នៃកិច្ច​សហប្រតិបត្តិការ​ជាមួយក្រុមហ៊ុន Amazon ដើម្បីបើកផ្លូវដល់សហគ្រិន និងពាណិជ្ជករកម្ពុជា អាចដាក់​ទំនិញ​របស់​ខ្លួននៅក្នុងគេហទំព័រ Amazon.com ដែលជាទីផ្សារអនឡាញ​ដ៏ធំបំផុតរបស់ពិភពលោក និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្ម ចំពោះការធ្វើ​បរិវត្ត​កម្ម​វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។សូមបញ្ជាក់ដែរថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬ e-Commerce របស់កម្ពុជា ត្រូវបានគេព្យាករណ៍ថានឹងមានកំណើនដល់ ១,១២៥ លានដុល្លារ នៅឆ្នាំ២០២៤ (កើនឡើង​ប្រមាណ​ជាង ១០% រៀងរាល់ឆ្នាំ) ហើយតាមរយៈកិច្ចសហប្រតិបត្តិការ​ជាមួយក្រុមហ៊ុន Amazon នឹងជួយបង្កើតប្រព័ន្ធអេកូថ្មី សម្រាប់ធានាដល់ការលូតលាស់​នៃវិស័យដ៏​មាន​សក្តានុពល​មួយនេះ សំដៅចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ (ការបង្កើតថ្មី) ប្រកបដោយស្មារតីទទួលខុសត្រូវ៕

ប្រទេសកម្ពុជាមានសក្តាពលកំណើនយុវជនពេញកម្លាំងច្រើនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ

2024/07/11 02:08:38 pm        206
នៅថ្ងៃទី១១ ខែកក្កដានេះ គឺថ្ងៃទិវាប្រជាជនពិភពលោក លើកទី៣៥ ឆ្នាំ២០២៤។ តាមរយៈ​ទិវា​នេះ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបានអះអាងថា មកបច្ចុប្បន្នកម្ពុជា កំពុងមានសក្តានុពល មាន​កំណើន​យុវជនពេញកម្លាំងការងារគ្រប់គ្រាន់ ក្នុងផ្គត់ផ្គងទីផ្សារការងារ និងការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​នៅឆ្នាំបន្តបន្ទាប់ខាងមុខ។ឯកឧត្តម បណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែ​កក្កដា​នេះ​ថា មកដល់ឆ្នាំ២០២៤នេះ កម្ពុជាមានប្រជាជនសរុប ១៧លាន៣សែននាក់ ក្នុងនោះមានប្រជាជនស្ថិតក្នុងវ័យធ្វើការ អាយុ ១៥ដល់៦៤ឆ្នាំ មានប្រមាណ ១១លាន៥​សែន​នាក់ ស្មើនឹង ៦៦.៣% ក្នុងនោះមានយុវជ​នពេញ​កម្លាំង​ធ្វើ​ការងារ​មួយ​ចំនួន​គឺ​បាន​និង​កំពុង​ធ្វើ​ការងារ​សេដ្ឋកិច្ចនៅក្នុងប្រព័ន្ធ និង​ខ្លះធ្វើការងារ​នៅ​ក្នុង​ផែ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បង្កើត​ប្រាក់​ចំណូល​ដោយ​ខ្លួនឯង។ឯកឧត្តមថែ្លងថា ជារួមបច្ចុប្បន្នកម្ពុជា មិនមានបញ្ហាកង្វះពលកម្មការងារនោះទេ ហើយដើម្បី​បង្កើន​សក្តាពលពលកម្មទីផ្សារការងារនៅកម្ពុជា បច្ចុប្បន្នប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាន​និងកំពុងបង្កើនការអភិវឌ្ឍធនធានមនុស្ស អនុវត្ត​គោល​នយោបាយ​ផ្តល់​អាហា​រូបករណ៍​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជន១លាន៥សែននាក់ ដើម្បីជំរុញ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ពីការធ្វើការងារ ដោយប្រើប្រាស់កម្លាំង​ទៅ​ប្រើប្រាស់​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ធ្វើការងារវិញ។ឯកឧត្តម បន្តថា កម្ពុជា ចាប់ពីឆ្នាំ២០២៤នេះ រហូតឆ្នាំ២០៤៥ នឹងបន្ត​មាន​កំណើន​យុវជន​ពេញ​កម្លាំង​ធ្វើ​ការងារ ប្រមាណជិត១៥លាននាក់ ពោលគឺមានកំណើនប្រមាណ១.២% ហើយ​តាម​រយៈ​​អនុវត្តគោលនយោបាយជាយុទ្ធសាស្ត្រជាច្រើន របស់រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​នឹង​ធ្វើ​ឲ្យ​កម្ពុជា មានសក្តានុពល​កាន់​តែខ្លាំ​ង​លើ​ការ​មាន​យុវជន​ពេញ​កម្លាំង​ធ្វើ​ការងារ​ដោយ​មាន​ជំនាញ​វិជ្ជា​ជីវៈ និងការជំរុញសេដ្ឋកិច្ចកម្ពុជា មានកំណើនល្អប្រសើរ និងស្របពេល​កម្ពុជា​កំពុង​រៀប​ចំ​ខ្លួន​ចាក​ចេញ​ជាផ្លូវការពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ខាងមុខនេះ៕ អត្ថបទ ស៊ុម សុខជា 

វេទិកាកម្ពុជា-បារាំង ជាការពង្រឹងផ្នែកសេដ្ឋកិច្ច និងការផ្តល់ផលប្រយោជន៍​ដល់ក្រុមហ៊ុន​ប្រទេស​ទាំងពីរ

2024/07/10 09:42:35 am        137
បារាំងចាត់ទុកវេទិកាលើកទី ២ គឺជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន អ្នកជំនាញ និង​អ្នក​ដែល​ចាប់​អារម្មណ៍លើការអភិវឌ្ឍន៍ សេដ្ឋកិច្ច ដើម្បីស្វែងរកឱកាសនៅប្រទេសកម្ពុជាបន្ថែម និង​ក៏​ជា​ការ​ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-បារាំង និងការផ្តល់ផលប្រយោជន៍ ដល់​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំងពីរ។វេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២៤ នេះ គឺជាវេទិកាធុរកិច្ច ដែលប្រមូលផ្តុំសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏​ដូច​ជា​តំណាង​ក្រុមហ៊ុនបារាំង ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ គឺមាន បំណងចង់​ស្វែង​យល់​ឱ្យ​ស៊ី​ជម្រៅ​អំពីទីផ្សារកម្ពុជា ក្នុងនោះវិស័យជាច្រើននឹងត្រូវបានលើកឡើងរួមមាន៖ វិស័យសំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យាឌីជីថល, ការថែទាំសុខភាព, ថាមពល, ការធ្វើផែន​ការ​ទី​ក្រុង​ទេសចរណ៍, ភស្តុភារនិងដឹកជញ្ជូន, កសិកម្ម និងកសិ-ម្ហូបអាហារ, ព្រមទាំងកា​រ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និងបរិស្ថាន។ជាក់ស្តែងនៅថ្ងៃទី ២ ម្សិលមិញនេះ ធុរកិច្ចបារាំង បានពិភាក្សា និង​លើក​ឡើង​នូវ​ប្រធាន​បទ​ជា​ច្រើន ដោយបានពិគ្រោះគ្នា យ៉ាងផុលផុស ជាពិសេសលើវិស័យឧស្សាហកម្ម ។ ក្រៅពី​នេះ​ធុរកិច្ច​បារាំង​ ក៏បានលើកឡើងលើបញ្ហាទេសចរ និងបានបង្ហាញថា កម្ពុជាកំពុងទាក់ទាញ ដោយ​មាន​ការ​ចាប់​អារម្មណ៍ពីភ្ញៀវទេសចរបរទេស មកទស្សនាប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរនៅតាមមាត់ សមុទ្រ​ដ៏អស្ចារ្យរបស់កម្ពុជាផងដែរ។ដោយឡែកថ្ងៃទីបី ដែលជាថ្ងៃចុងក្រោយនេះ, វេទិកានេះ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុ ដើម្បីផ្ត​ល់ឱកាសដល់អ្នកចូលរួម ក្នុងការស្វែងរកទីតាំងសេដ្ឋកិច្ចសំខាន់ៗ ជាពិសេស​ឱកាស​វិនិយោគ ដោយក្នុងវេទិការនោះ, ធុរកិច្ចនឹងជួបជាមួយតំណាងរដ្ឋាភិបាល ដើម្បី​ទទួល​បាន​នូវ​ពុទ្ធិ​ផ្សេង​ៗ។ ទាក់ទិនវេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំនេះផងដែរ ការរៀបចំឡើង គឺមានគោល​បំណង​ជា​កាត​លីករ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីជំរុញអភិវឌ្ឍន៍ថ្មីៗបន្ថែម ដែលផ្តល់​ផល​ប្រយោជន៍​ដល់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៃប្រទេសទាំងពីរ។សូមបញ្ជាក់ថា នៅក្នុងវេទិកានេះដែរ ក៏បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា ដោយ​បាន​ឈានដល់ ១ ៣៦៣ លានអឺរ៉ូ ក្នុងឆ្នាំ ២០២៣ ។ បច្ចុប្បន្ន​បារាំង​គឺ​ជាដៃគូ​ពាណិជ្ជក​ម្ម​នៅ​​អឺរ៉ុប​ដ៏ធំទីពីររបស់កម្ពុជាផងដែរ បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ចំណែកទាក់ទង់ការនាំចេញវិញ បារាំងបាននាំចូលមកកម្ពុជាក្នុងឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរង្វង់ ៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ដោយការនាំចេញភាគច្រើនមាន ផលិតផលកសិកម្ម ឱសថ និង​ផលិតផលលោហធាតុ និង លោហធាតុ។ ទន្ទឹមនឹងនេះដែរ ការនាំចូលរបស់បារាំងពីកម្ពុជា បាន​កើនឡើងដល់ ១ ១៩២ លានអឺរ៉ូ ក្នុងឆ្នាំ ២០២៣ វិស័យនាំចូល ជាចម្បងមាន៖ វាយនភណ្ឌ ផលិតផលកសិ-អាហារ និងកង់ជាដើម។ ចំណែកការវិនិយោគ មាន​ភាគ​ហ៊ុន​ឈាន​ដល់​ប្រមាណ ៥៦០ លានអឺរ៉ូ សម្រាប់ការវិនិយោគរបស់បារាំងនៅកម្ពុជា ក្នុងនោះមាន វិស័យ​សំណង់ កសិឧស្សាហកម្ម និងសេវាកម្ម។ តួលេខទាំងនេះ បានបង្ហាញពីភាពស្វាហាប់ នៃទំនាក់​ទំនង​សេដ្ឋកិច្ច​បារាំង-កម្ពុជា ដែលផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងក៏ជា រួម​ចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

៦ខែឆ្នាំ​២០២៤ កម្ពុជានាំចេញអង្ករចំនួនជិត ៣៤ម៉ឺនតោន

2024/07/09 01:27:23 pm        117
ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៣៨ ៦៥៤ តោន​ តាម​រយៈ​ក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែល​ក្នុង​នោះ​ទៅ​កាន់​បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ១៥៦ ៧៨៩ តោន គិត​ជា​ទឹក​ប្រាក់ចំនួន ១២១.៣២ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន​រួមទាំងហុងកុង និង​ម៉ាកាវ ចំនួន ៧៥ ៣៩៨ តោន គិតជាទឹកប្រាក់ចំនួន ៤៧.០១ លានដុល្លារសហរដ្ឋអាមេរិក ទៅ​កាន់​ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៤ ៥៥៤ តោន​ គិតជាទឹកប្រាក់ចំនួន ៥១.៨៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៧​ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៣១ ៩១៣ តោន គិតជាទឹកប្រាក់ចំនួន ២៧.៤២ លានដុល្លារ​សហរដ្ឋ​អាមេរិក​។ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧០.៦៣% ប្រភេទអង្ករស ធម្មតា​ ២៥.០៧% អង្ករចំហ៊ុយ ២.៥៧% អង្ករសរីរាង្គចំនួន ១.៤៨% និងអង្ករផ្សេងៗចំនួន ០.២៥% ។ ប្រទេស​កម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៥២៨,០១១តោនស្រូវសើម ដែលគិតជា​ទឹក​ប្រាក់​បាន​ប៉ាន់​ប្រមាណ​ជាង ៧២៧.៣៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧៥% បាននាំចេញ​ដោយ​ឆ្លង​កាត់​ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

កូនឈើចម្រុះ៣ពាន់ដើមត្រូវបានដាំនៅតាកែវក្នុងថ្ងៃរុក្ខទិវា បន្ទាប់ពីបញ្ចប់​គម្រោងដាំ​នៅពោធិ៍សាត់​ជាង ១,៦ម៉ឺនដើម

2024/07/09 12:12:38 pm        105
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ បញ្ជាក់ថា ក្នុងឱកាសរុក្ខទិវា ៩ កក្កដា កូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣,០០០ ដើម បាន​ចាប់​ផ្តើម​ដាក់​ដាំ​នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ លើផ្ទៃដី ៣ហិកតា។ ខណៈក្រសួង​ទើប​បាន​បញ្ចប់​ការ​ដាំកូន​ឈើ​ចម្រុះចំនួន ១៦,៥០០ដើមលើផ្ទៃដី ១០ ហិកតាផ្សេងទៀតនៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ក្នុងឱកាសថ្ងៃ «រុក្ខទិវា» លើកទី២៩ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុង​ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា បានឱ្យដឹងថា គិតត្រឹមឆ្នាំនេះ ពិធីរុក្ខទិវាបានបង្កើតជាសួនរុក្ខទិវាសរុបទំហំ ៤៧៥​ហិកតា នៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើត​ជា​ចលនា​ស្រឡាញ់​ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបាន​បង្កើត​ជា​ចម្ការ​ឈើ​ជាង ៨ម៉ឺនហិកតា និងសួនសាធារណៈ ឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា។ ជាងនេះទៀត រដ្ឋបាលព្រៃឈើក៏បាន បណ្តុះ និងដាំ​កូន​ឈើ បានជាង ២០,៥០លានដើមផងដែរ តាមរយៈថវិការដ្ឋ គិតត្រឹមឆ្នាំ២០២៤នេះ ជាមួយ​នឹង​សមត្ថភាព​បណ្តុះកូនឈើដើម្បីដាំ និងចែកចំនួន ៥០ម៉ឺនដើម ក្នុងមួយឆ្នាំ ខណៈដែលកូនឈើ​ជា​ច្រើន​លាន​ដើម​ផ្សេងទៀត ត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយ​មិន​រាប់​បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀត។សូមបញ្ជាក់ជូនថា ពិធី “រុក្ខទិវា” ចាប់តាំងពីឆ្នាំ១៩៥២មក ដើម្បីជួយឱ្យបរិស្ថាន និង​អាកាស​ធាតុ​មាន​ភាព​វិជ្ជមានចំពោះ ភពផែនដី និងមនុស្សជាតិ។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្រ្តី បានប្រារព្ធពិធី រុក្ខទិវានេះឡើងវិញជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២មក ដើម្បី​បន្ត​ស្នា​ព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ហើយឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តប្រារព្ធពិធីរុក្ខទិវានេះ ក្នុង​អាណត្តិថ្មី​នៃ​រាជ​រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ដោយឡែក ការប្រារព្ធពិធីរុក្ខទិវាលើកទី២៩ ឆ្នាំ២០២៤នេះ នៅក្នុងខេត្តតាកែវ បានប្រព្រឹត្តទៅ ក្រោម​ព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ អត្ថបទ ឈិត បូរ៉ាវី 

លេចវត្តមាន «រុយ ស» បំផ្លាញស្រូវប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ តែត្រូវបាន​ទប់ស្កាត់ទាន់ពេល

2024/07/06 02:04:57 pm        121
ថ្មីៗនេះ មានលេចចេញនូវ វត្តមាន សត្វល្អិត «រុយ ស» បំផ្លាញស្រូវប្រជាពលរដ្ឋ នៅ​ក្នុង​ភូមិ​ស្រះរុណ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ តាមការចុះពិនិត្យ​ជាក់ស្តែង​របស់​មន្រ្តី​ជំនាញ​កសិកម្មឃុំ និងរដ្ឋបាលស្រុកបាកាន គឺមានដំណាំស្រូវប្រមាណ៣០អា ត្រូវបានបំផ្លាញ តែ​មិនបណ្តាឱ្យប៉ះពាល់ខូចខាតធ្ងន់ធ្ងរនោះទេ ហើយមន្រ្តីជំនាញកសិកម្មឃុំ និងរដ្ឋបាល​ស្រុក​បាកាន ក៏បានធ្វើការអប់រំផ្សព្វផ្សាយនិងវិធីសាស្រ្តការពារល្អិត «រុយ ស» ជូនប្រជា​កសិករ​ក្នុង​តំបន់​នោះផងដែរ ព្រោះបើមិនមានការទប់ស្កាត់ទាន់ពេលវេលាគឺនឹងរាលដាលខូចខាតដល់ស្រូវ រយ-ពាន់ ហិកតាផ្សេងទៀត នៅជុំវិញនោះ ។ បើតាម លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យ​ដឹង​ថា​ស្ថានភាពជារួមក្នុងខេត្តពោធិ៍សាត់ ករណី«រុយ ស» បំផ្លាញស្រូវប្រជាពលរដ្ឋ គឺមានតិចតួច ដោយ​សារមានកិច្ចសហការល្អរវាងប្រជាកសិក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកសិកម្មឃុំ ធ្វើ​ការ​ទប់ស្កាត់បានទាន់ពេលវេលា តែទោះជាយ៉ាង​ណា​មន្ទីរ​កសិកម្មខេត្ត​នៅ​តែបន្ត​យក​ចិត្ត​ទុក​ដាក់​តាម​ដានករណី«រុយ ស»ជាប្រចាំ ។ បើយោងតាមការផ្សព្វផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា «រុយ ស» គឺប្រភេទសត្វល្អិត ដែលកន្លងមកវាចូលចិត្ដបំផ្លាញទៅលើដំណាំបន្លែដូចជា ប៉េងប៉ោះ ត្រប់ ម្ទេស សណ្តែក ត្រសក់ ជាដើម ដែលវាពុំសូវជាមានបញ្ហាខ្លាំងលើដំណាំស្រូវនោះទេ ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ​មានការកកើតខ្លាំង ហើយវាប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវ ជាពិសេសគឺនៅខេត្តព្រៃវែង ។ «រុយ ស» មានវត្តមាននៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ តែក្នុងកំរិតបរិមាណទាប តែដោយ​សារ​ឆ្នាំ​នេះ មានអាកាសធាតុក្តៅ ហើយភាពរាំងស្ងួតអូសបន្លាយ ធ្វើឱ្យវដ្តជីវិតរបស់«រុយ ស» មានការកើនឡើង ៕

ការប្រើប្រាស់សេវាធានារ៉ាប់រងនៅកម្ពុជា នៅមានកម្រិតទាបនៅឡើយ

2024/07/01 03:31:13 pm        107
ភ្នំពេញ៖ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាបរងកម្ពុជា បានជំរុញ និងលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុក សហការគ្នាក្នុងការធ្វើអាជីវកម្មវិស័យនេះឲ្យមានប្រសិទ្ធិភាព ខណៈការយល់ដឹងរបស់ប្រជាពលរដ្ឋមានកម្រិតទាបនៅឡើយ។ការលើកឡើងរបស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាបរងកម្ពុជា ធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការនៃផលិតផលធានារ៉ាប់រង “អេ អាយ អេ ១០០ ការពារ” កាលពីសប្តាហ៍កន្លងទៅ នៅរាជធានីភ្នំពេញ។ ឯកឧត្តម បានលើកឡើងថា ទីផ្សារធានារ៉ាប់រ៉ងនៅកម្ពុជា បានរីកចម្រើនគួរជាទីមោទន ជាមួយនឹងកំណើនយ៉ាងល្អប្រសើរ។ បើទោះបីជាសកលលោករងវិបត្តិជំងឺកូវីដក៏ដោយ ក៏បុព្វលាភធានារ៉ាប់រ៉ងកម្ពុជាក្នុងឆ្នាំ២០២៣ នៅបន្តកើនឡើងរហូតដល់ ៣៤៤លានដុល្លារ និងកើនដល់ប្រមាណ ៣៥០លានដុល្លារអាមេរិក គិតត្រឹមឆមាសទី១ឆ្នាំ២០២៣៤នេះ។ឯកឧត្តម បានបន្តថា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ប្រព័ន្ធចែកចាយធានារ៉ាប់រងត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពិសេសជំរុញការលក់ផលិតផលតាមរយៈក្រុមហ៊ុនឯកជន។ ជាក់ស្តែង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានដាក់សម្ពោធផលិតផលថ្មី “AIA 100 ការពារ” ដែលជាដំណោះស្រាយធានារ៉ាប់រងដំបូងគេបង្អស់នៅកម្ពុជា ដែលការពារលើជំងឺធ្ងន់ធ្ងរជាង ១០០ករណី។ បន្ថែមពីនេះ គឺផ្តល់ការការពារដល់ទារកដែលមានអាយុចាប់ពី ៣០ថ្ងៃ ជាមួយការការពារលើករណីវេជ្ជសាស្ត្ររហូតដល់១១៥ រួមទាំងជំងឺបេះដូង មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ជាមួយនឹងការដាក់សម្ពោធផលិតផលថ្មី “AIA 100 ការពារ” លោកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា ការដាក់សម្ពោធផលិតផលថ្មីនេះ ដើម្បីបន្តពង្រឹងលើផលិតផល សេវាកម្ម និងប្រតិបត្តិការរបស់ស្ថាប័ន ដែលទាំងអស់នេះ ឆ្លើយតបនឹងគោលបំណងរបស់ខ្លួនក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ លោកស្រី បានបន្តថា “AIA 100 ការពារ” ក៏ស្របតាមគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីប្រជាជន ១ពាន់លាននាក់ នៅអាស៊ីឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ២០៣០ និងយុទ្ធនាការ "ជីវិតមួយ សុខភាពមួយ" ក្រោមពាក្យស្លោក “ថែរក្សាឱ្យល្អ រស់នៅដោយរីករាយ” ដែលលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យផ្តោតការយកចិត្តទុកដាក់លើសុខភាព ព្រោះសុខភាពជាកត្តាកំណត់សុខ និងទុក្ខនៃជីវិត។ ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ៕អត្ថបទ៖ ឈិត បូរ៉ាវី 

បេក្ខជនប្រធានាធិបតីនាំមុខរបស់អ៊ីរ៉ង់ ជួបការលំបាកក្នុងការផ្តល់នូវការដោះស្រាយវិបត្តិសេដ្ឋកិច្ច

2024/06/27 11:22:51 am        70
បណ្ដាបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ ថ្ងៃទី២៨ ខែមិថុនា ស្អែកនេះបានប្តេជ្ញាថានឹងកែប្រែសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះឱ្យប្រសើរឡើងវិញ ប៉ុន្តែអ្នកបោះឆ្នោតមើលឃើញការរំពឹងទុកតិចតួចណាស់នៃភាពធូរស្បើយពីការចំណាយខ្ពស់លើការរស់នៅ បើគ្មានការបញ្ចប់ទណ្ឌកម្មពីប្រទេសនានា និងការបន្ធូរបន្ថយភាពឯកោអន្តរជាតិរបស់អ៊ីរ៉ង់។ផលលំបាកប្រចាំថ្ងៃរបស់ប្រជាជនអ៊ីរ៉ង់ក្នុងការរកចិញ្ចឹមក្រពះ គឺជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំរបស់ប្រទេស ដែលភ័យខ្លាចការងើបឡើងវិញនៃការតវ៉ា ដែលផ្ទុះឡើងជាបន្តបន្ទាប់ពីសហគមន៍ចំណូលទាប និងមធ្យម។ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ឡើងវិញក្នុងឆ្នាំ២០១៨ បានប៉ះពាល់ដល់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ កាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋាភិបាល និងបង្ខំឱ្យប្រទេសនេះចាត់វិធានការដែលមិនពេញនិយមដូចជាការបង្កើនពន្ធ និងដំណើរការឱនភាពថវិកាធំៗ ដោយជាគោលនយោបាយដែលបានធ្វើឱ្យមានអតិផរណាប្រចាំឆ្នាំជិត ៤០ ភាគរយ។បេក្ខជនប្រធានាធិបតីភាគច្រើនដែលស្វះស្វែងជំនួសតំណែងលោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) បន្ទាប់ពីមរណភាពរបស់លោកក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែឧសភា បាននិយាយថា ពួកគេមានគម្រោងធ្វើតាមគោលនយោបាយនៃការពឹងផ្អែកលើខ្លួនឯងនៃផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែច្រើនជាមួយអាស៊ី។ អ្នកផ្សេងទៀតបានការពារទំនាក់ទំនងកាន់តែទូលំទូលាយជាមួយពិភពលោកដោយមិនផ្តល់ជំហានជាក់ស្តែងដើម្បីដោះស្រាយការដាក់ទណ្ឌកម្មនោះទេ។ភាពអត់ការងារធ្វើកំពុងដំណើរការប្រហែល ៧,៦ ភាគរយ នេះបើយោងតាមធនាគារពិភពលោក ធៀបនឹងតួលេខ ៩,៦ ភាគរយនៅពេលដែលលោក រ៉េស៊ី បានជាប់ឆ្នោត។ ទោះជាយ៉ាងនេះក្តី ការងារផ្លូវការជាច្រើនបានប្រាក់ខែតិចតួចណាស់ មានន័យថាតួលេខពិតប្រាកដរបស់អ្នកគ្មានការងារគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត គឺប្រហែលជាខ្ពស់ជាងនោះឆ្ងាយណាស់៕

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន៖ ប្រទេសចិនចង់ឱ្យសហភាពអឺរ៉ុបដកការដំឡើងពន្ធលើរថយន្តអគ្គិសនីត្រឹមថ្ងៃទី ៤ខែកក្កដា

2024/06/24 01:23:34 pm        29
យោងតាមសារព័ត៌មាន Global Times គ្រប់គ្រងដោយដ្ឋរចិន ទីក្រុងប៉េកាំងចង់ឱ្យសហភាពអឺរ៉ុបលុបចោលការបន្ថែមពន្ធដំណាក់កាលដំបូងរបស់ខ្លួនលើយានយន្តអគ្គិសនីរបស់ចិនត្រឹមថ្ងៃទី ៤ ខែកក្កដា បន្ទាប់ពីកិច្ចព្រមព្រៀងដោយភាគីទាំងពីរដើម្បីរៀបចំកិច្ចចរចាពាណិជ្ជកម្មថ្មី។ សហភាពអឺរ៉ុប ដែលបានប្រកាសដំឡើងពន្ធបន្ថែមរហូតដល់ ៣៨,១% លើរថយន្តអគ្គិសនី នាំចូលពីប្រទេសចិននោះ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ខណៈប្លុកនេះស៊ើបអង្កេតអ្វីដែលសហភាពអឺរ៉ុបអះអាងជាការធ្វើពាណិជ្ជកម្មមិនយុត្តិធម៌ ដោយសារថាចិនបានឧបត្ថម្ភធនបម្រុងច្រើនហួសហេតុ ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀតឱ្យសហភាពអឺរ៉ុបលុបចោលការដំឡើងពន្ធរបស់ខ្លួនដោយបង្ហាញពីឆន្ទៈក្នុងការចរចា។ទីក្រុងប៉េកាំងមិនចង់ជាប់ពាក់ព័ន្ធក្នុងសង្គ្រាមដំឡើងពន្ធផ្សេងទៀត ដែលនៅតែជាប់គាំងដោយសារការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ខ្លួនដាក់ដោយរដ្ឋបាលអតីតប្រធានាធិបតី លោក Trump ប៉ុន្តែនិយាយថា ខ្លួននឹងចាត់វិធានការទាំងអស់ដើម្បីការពារក្រុមហ៊ុនចិន ប្រសិនបើមានករណីនេះកើតឡើង។ ភាគីទាំងពីរបានយល់ព្រមចាប់ផ្តើមកិច្ចពិភាក្សាពីការដំឡើងពន្ធទំនិញ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងស្នងការសហភាពអឺរ៉ុបលោក វ៉ាល់ឌីស ដូមប្រូស្គីស (Valdis Dombrovskis) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក វ៉ាង វិនតាវ (Wang Wentao) កាលពីថ្ងៃសៅរ៍ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដែលបាននិយាយថាទ្វារសម្រាប់ការពិភាក្សាគឺ បើកចំហជានិច្ច។ សារព័ត៌មាន Global Times បានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យដោយដកស្រង់សម្តីអ្នកសង្កេតការណ៍ថា លទ្ធផលល្អបំផុតនៃកិច្ចពិភាក្សាគឺថា សហភាពអឺរ៉ុប លុបចោលការសម្រេចចិត្តដំឡើងពន្ធរបស់ខ្លួនមុនថ្ងៃទី ៤ ខែកក្កដា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សកម្មជនហ្វីលីពីន ទាមទារឱ្យរដ្ឋាភិបាលរបស់ប្រទេសនេះចូលរួមជាថ្មីជាមួយតុលាការ ICC
03/17/2025 02:03 PM
មេបញ្ជាការកងទ័ពចិនព្រមានថា កងកម្លាំងទីក្រុងប៉េកាំង ត្រៀមខ្លួនជានិច្ចដើម្បីក្រសោបកោះតៃវ៉ាន់
03/17/2025 02:03 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ជំរុញឲ្យមានការបន្ធូរបន្ថយនិងកិច្ចសន្ទនា បន្ទាប់ពីអាមេរិកវាយប្រហារក្រុមហ៊ួទី នៅយេម៉ែន
03/17/2025 02:03 PM
អ៊ីស្រាអែល គ្រោងចាប់ផ្តើមវាយលុកតំបន់ហ្កាហ្សាឡើងវិញ បើកិច្ចចរចាបទឈប់បាញ់ដួលរលំ
03/17/2025 02:03 PM
ប្រជាជនស៊ូដង់ ស្វែងរកការជ្រកកោននៅក្រោមដី នៅភាគខាងលិចតំបន់ Darfur
03/17/2025 02:03 PM
មន្ត្រីស៊ែប៊ីបដិសេធការវាយប្រហារដោយអាវុធដែលមានសំឡេងអាចបង្កគ្រោះថ្នាក់ ទៅលើអ្នកតវ៉ាដោយសន្តិវិធី
03/17/2025 02:03 PM
សមាជិកព្រឹទ្ធសភាហ្វីលីពីន អំពាវនាវឱ្យមានការស៊ើបអង្កេតបន្ទាន់ លើការចាប់ខ្លួនលោក Duterte
03/17/2025 02:03 PM
កងទ័ពស៊ូដង់ ប្រកាសពីភាពរីកចម្រើនសំខាន់ៗនៅទីក្រុង Khartoum ប៉ុន្តែកងកម្លាំងយោធាប៉ារ៉ា បដិសេធ
03/17/2025 02:03 PM
ប្រព័ន្ធសម្ពាធទាប នាំមកនូវព្យុះ និងព្រិលធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសជប៉ុន
03/17/2025 01:03 PM
មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន ចាត់ការតាមនីតិវិធីច្បាប់​ចំពោះរោងចក្រ​កែច្នៃ​ដំណាប់ស្វាយមួយកន្លែង ដែលបានបញ្ចេញសំណល់រាវប៉ះពាល់ដល់ប្រភពទឹកសាធារណៈ
03/17/2025 01:03 PM