ជីបម៉ុងលែនបើកការដ្ឋានសាងសង់គម្រោងហ្គ្រេនលែនម៉ាក ២៧១ និងមជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍
អគ្គនាយករងគយ៖ វិស័យឡូជីស្ទិក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាឆ្អឹងខ្នង និងជាឃ្នាស់នៃសេដ្ឋកិច្ច
ដំឡូងមីស្ងួតរបស់កម្ពុជាចំនួន២០០ពាន់តោន នឹងត្រូវនាំចេញបន្ថែម ខណៈចំនួន ៥ពាន់តោន បានទៅដល់ទីផ្សារប្រទេសចិន
រដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ នៅតំបន់មេគង្គក្រោម ក្នុងខេត្តចំនួន៣

សេដ្ឋកិច្ច និង កសិកម្ម

ចិនព្រមានអំពី «សង្គ្រាមពាណិជ្ជកម្ម» ដែលអាចកើតមានជាមួយសហភាពអឺរ៉ុប

2024/06/22 11:57:13 am        87
ទីក្រុងប៉េកាំង បានព្រមានកាលពីថ្ងៃសុក្រថា ការរីកធំនៃជម្លោះជាមួយសហភាពអឺរ៉ុប ជុំវិញការនាំចូលរថយន្តអគ្គិសនី អាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម ខណៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ បានមកដល់រដ្ឋធានីរបស់ប្រទេសចិន ដោយមានការដំឡើងពន្ធកាន់តែខ្ពស់ នៅក្នុងរបៀបវារៈរបស់លោក។ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក Robert Habeck ទៅកាន់ប្រទេសចិន គឺជាលើកទីមួយធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់អឺរ៉ុប ចាប់តាំងពីទីក្រុងប្រ៊ុចសែល បានស្នើតំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនី ផលិតដោយប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងការឧបត្ថម្ភធនច្រើនហួសប្រមាណ។ ការបន្ថែមពន្ធនេះ បានបណ្តាលឲ្យមានវិធានការប្រឆាំងតបតពីសំណាក់ប្រទេសចិន និងមានការរិះគន់យ៉ាងចាស់ដៃពីមេដឹកនាំចិន។នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន បានជំរុញឱ្យទីក្រុងប៉េកាំងដំឡើងពន្ធលើរថយន្តដែលប្រើប្រេងសាំងនាំចូលពីអឺរ៉ុប ហើយរដ្ឋាភិបាល បានចាប់ផ្តើមការស៊ើបអង្កេតលើការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុបក្នុងការសងសឹកចំពោះចំណាត់ការរបស់គណៈកម្មការសហភាពអឺរ៉ុប។សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ភាគីអឺរ៉ុប បន្តធ្វើឲ្យរីកធំជម្លោះពាណិជ្ជកម្ម ហើយអាចនឹងបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្ម។ ទំនួលខុសត្រូវ គឺស្ថិតនៅលើភាគីអឺរ៉ុបទាំងស្រុង។ សេចក្តីថ្លែងការណ៍ និយាយថា ដោយមានការស៊ើបអង្កេតរបស់ខ្លួន ភាគីអឺរ៉ុប បាន បំភិតបំភ័យ និងបង្ខិតបង្ខំសហគ្រាសចិន ដែលបានគំរាមកំហែងឲ្យអនុវត្តអត្រាពន្ធខ្ពស់ដោយមានការផាកពិន័យ និងទាមទារព័ត៌មាន ទូលំទូលាយពេក។

ក្រុមហ៊ុនផលិតរថយន្តចិន ជំរុញឱ្យក្រុងប៉េកាំង ដំឡើងពន្ធសងសឹកលើរថយន្តសហភាពអឺរ៉ុប

2024/06/20 10:44:14 am        91
សារព័ត៌មាន គ្លូបបល ថែមស៍ (Global Times) ដែលគាំទ្រដោយរដ្ឋ បាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិន បានជំរុញឱ្យទីក្រុងប៉េកាំង ដំឡើងពន្ធនាំចូលលើរថយន្តដែលដើរដោយថាមពលសាំងរបស់អឺរ៉ុប ដើម្បីជាការសងសឹកចំពោះការទប់ស្កាត់របស់ទីក្រុងព្រុចសែល លើការនាំចេញរថយន្តអគ្គិសនី (EV) ដែលផលិតនៅចិន។យោងតាមរបាយការណ៍បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំបិទទ្វារកាលពីថ្ងៃអង្គារ ដែលក៏មានការចូលរួមផងដែរដោយក្រុមហ៊ុនរថយន្តអឺរ៉ុប ឧស្សាហកម្មរថយន្តរបស់ប្រទេសចិន «បានអំពាវនាវឱ្យរដ្ឋាភិបាលទទួលយកវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងស្នើឱ្យមានការពិចារណាជាវិជ្ជមានចំពោះការដំឡើងពន្ធបណ្តោះអាសន្នលើរថយន្តប្រើសាំងដែលមានម៉ាស៊ីនផ្លាស់ប្តូរទំហំធំ»។កិច្ចប្រជុំដែលរៀបចំដោយក្រសួងពាណិជ្ជកម្មរបស់ចិន ត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង និងមានការចូលរួមដោយក្រុមហ៊ុន ស៊ែក (SAIC), ប៊ីវ៉ាយឌី (BYD), ប៊ីអ៊ិមដាប់ប៊ែលយូ (BMW), វ៉ូកស៍វ៉ាហ្គិន (Volkswagen) និង ផសស្ហ៍ (Porsche) នេះបើតាមប្រភពពីរដែលដឹងផ្ទាល់អំពីបញ្ហានេះ។ ប្រភពបន្ថែមថា គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីដាក់សម្ពាធលើអឺរ៉ុប និងការបញ្ចុះបញ្ចូលប្រឆាំងនឹងការដំឡើងពន្ធនាំចូល ៣៨,១ ភាគរយ ដែលក្រុងព្រុចសែល បានប្រកាសកាលពីសប្តាហ៍មុនដើម្បីការពារឧស្សាហកម្មរថយន្តរបស់ខ្លួនពីការប្រកួតប្រជែងរបស់ចិន។ប្រភពខាងក្នុងឧស្សាហកម្មនិយាយថា ទាំងអឺរ៉ុប និងចិន ចង់ធ្វើកិច្ចព្រមព្រៀងមួយក្នុងប៉ុន្មានខែខាងមុខ ដើម្បីកាត់បន្ថយភាពតានតឹង និងជៀសវាងការបន្ថែមប្រាក់រាប់ពាន់លានដុល្លារក្នុងការចំណាយជាថ្មីសម្រាប់ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិន៕

ការដំឡើងពន្ធពី EU និងអាមេរិក លើរថយន្តអគ្គិសនីចិន អាចជំរុញឱ្យក្រុមហ៊ុនរថយន្តងាកទៅរកឥណ្ឌា

2024/06/19 02:27:15 pm        168
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន (EV) អាចពន្លឿនការផ្លាស់ប្តូររបស់ពួកគេទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីការសម្រេចរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន ដែលនាំចូល។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា ទីក្រុងញូវដែលី នឹងមានការព្រួយបារម្ភអំពីការផ្តល់ទីផ្សារច្រើនពេកដល់គូប្រជែងរបស់ខ្លួន បើទោះបីជាទទួលបានអត្ថប្រយោជន៍ពីកំណើនការវិនិយោគរបស់ចិនក៏ដោយ។ឥណ្ឌាក៏នឹងចង់ជៀសវាងការក្លាយជា «កន្លែងចាក់សំរាម» សម្រាប់រថយន្តអគ្គិសនីរបស់ចិនផងដែរ ដោយសារតែការយកពន្ធខ្ពស់ ដែលអាចប៉ះពាល់ដល់អាជីវកម្មឥណ្ឌានៅក្នុងវិស័យដូចគ្នា។ សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃពុធ (១២ មិថុនា) សប្តាហ៍មុនថាខ្លួននឹងដាក់ពន្ធរហូតដល់ ៣៨,១ ភាគរយលើការនាំចូលរថយន្តអគ្គិសនីចិន។ នោះគឺជាលទ្ធផលនៃការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប លើការឧបត្ថម្ភធនដ៏អយុត្តិធម៌របស់រដ្ឋដែលបានផ្តល់ឱ្យឧស្សាហកម្មផលិតរថយន្តរបស់ចិន ដែលបង្កការគំរាមកំហែងផ្នែកសេដ្ឋកិច្ចដល់គូប្រជែងអឺរ៉ុប។ វាក៏ជាកិច្ចប្រឹងប្រែងដោយប្លុក ដើម្បីដោះស្រាយឧស្សាហកម្មលើសចំណុះរបស់ចិន ដែលកំពុងវាយលុកលើសហភាពអឺរ៉ុប។ទោះបីជាមានការព្រួយបារម្ភខ្លះក៏ដោយ ក្រុមអ្នកជំនាញបាននិយាយថា ការចូលមករបស់ក្រុមហ៊ុនផលិតរថយន្តចិន បង្ហាញពីឱកាសយ៉ាងច្រើនសម្រាប់ឥណ្ឌា ព្រោះប្រទេសនេះក៏នឹងត្រូវការការវិនិយោគពីបរទេសដើម្បីពង្រីកវិស័យរថយន្តអគ្គិសនីរបស់ខ្លួន និងដោះស្រាយបញ្ហាដែលមានស្រាប់ ដូចជាកង្វះហេដ្ឋារចនាសម្ព័ន្ធសាកថ្ម និងតម្លៃរថយន្តខ្ពស់ជាដើម៕

ការបន្ថែមពន្ធខ្ពស់របស់អឺរ៉ុបលើរថយន្តអគ្គិសនីចិន នឹងបង្កភាពស្មុគស្មាញគោលដៅអាកាសធាតុអឺរ៉ុប

2024/06/18 12:04:18 pm        124
រថយន្តអគ្គិសនីរបស់ប្រទេសចិន ដែលមានតម្លៃថោក និងការឧបត្ថម្ភធនច្រើន កំពុងកើនឡើងនៅទីផ្សារ ខណៈមានការព្រមានពីមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប ដែលបានជំរុញឱ្យមានការស៊ើបអង្កេតលើការអនុវត្តន៍ពាណិជ្ជកម្មមិនយុត្តិធម៌ កាលពីចុងឆ្នាំមុន ដែលបច្ចុប្បន្ន ប្លុកនេះបានចាត់វិធានការ។គណៈកម្មការអឺរ៉ុប បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុនថា ខ្លួននឹងបន្ថែមពន្ធខ្ពស់រហូតដល់៣៨,១ ភាគរយលើរថយន្តអគ្គិសនីរបស់ប្រទេសចិន បណ្តាលឱ្យទីក្រុងប៉េកាំង ចេញការគំរាមសងសឹក។ ចាប់តាំងពីពេលនោះមក ក្តីបារម្ភ បានកើតឡើងថា ជម្លោះពាណិជ្ជកម្មជាមួយចិន អាចធ្វើឲ្យជាប់គាំងលើគោលដៅអាកាសធាតុរបស់សហភាពអឺរ៉ុប។សហភាពអឺរ៉ុប មានផែនការឈានដល់កម្រិតគ្មានការបំភាយកាបូនសុទ្ធ នៅត្រឹមឆ្នាំ២០៥០ ហើយអឺរ៉ុប ក៏បានប្តេជ្ញាផលិតរថយន្តថ្មី និងរថយន្តទេសចរណ៍ខ្នាតតូច គ្មានការបំភាយឧស្ម័ន ចាប់ពីឆ្នាំ ២០៣៥។ ការដាក់ពន្ធខ្ពស់បន្ថែម គឺជាលទ្ធផលនៃការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប លើការឧបត្ថម្ភធនរបស់រដ្ឋដោយមិនយុត្តិធម៌តាមការចោទប្រកាន់ ដែលផ្តល់ដល់ឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសចិន ជាការបង្កការគំរាមកំហែងផ្នែកសេដ្ឋកិច្ចដល់ដៃគូប្រជែងរបស់សហភាពអឺរ៉ុប។ការដាក់ពន្ធខ្ពស់ ត្រូវបានកំណត់ថានឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ប៉ុន្តែអាចត្រូវបានកែប្រែខណៈក្រុមហ៊ុនចិន ផ្តល់ភស្តុតាងដែលអាចប្រឈមទៅនឹងការរកឃើញរបស់សហភាពអឺរ៉ុប។ការស៊ើបអង្កេតប្រឆាំងការឧបត្ថម្ភធនរបស់គណៈកម្មការអឺរ៉ុប នឹងបន្តរហូតដល់ខែវិច្ឆិកា។ ប្រទេសចិន បានច្រានចោលការចោទប្រកាន់នៃការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ដោយចាត់ទុកចំណាត់ការរបស់សហភាពអឺរ៉ុប ថាជា «ឥរិយាបថអ្នកការពារនិយម»។

អ្នកជំនាញអន្តរជាតិ មានការភ្ញាក់ផ្អើល ចំពោះតម្រូវការ និងទីផ្សារលក់រថយន្តថ្មីនៅកម្ពុជា

2024/06/12 01:26:13 pm        237
អ្នកចែកចាយរថយន្តលើទីផ្សារអាស៊ីប៉ាស៊ីហ្វិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះ​តម្រូវ​ការ​ និង​ទីផ្សារ​លក់​រថយន្តថ្មីនៅកម្ពុជា មាន កំណើនកើនឡើងជាបន្តបន្ទាប់, ដែលកត្តាទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការអភិវឌ្ឍ ការងើបឡើងនៃសេដ្ឋកិច្ច និងបានឆ្លុះបញ្ចាំងដល់ ជីវភាពរស់នៅរបស់​ប្រជាជន​កម្ពុជា។ លោក ដេវីដ ជេហ្វហ្រ្វី (David Jeffrey) នាយកប្រតិបត្តិក្រុមហ៊ុនហ្វដកូរ៉េខាងត្បូង និងជាអ្នក​ចែក​ចាយ​ទីផ្សារអាស៊ីប៉ាស៊ី ហ្វិក លើកឡើងក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈ​មណ្ឌល​ជួសជុលរថយន្តហ្វដ នេះថា ជុំវិញការប្រើប្រាស់ រថយន្តនៅលើពិភពលោក ជា​ពិសេសតាមបណ្តាប្រទេសអភិវឌ្ឍន៍ ការប្រើប្រាស់រថយន្ត គឺមានកំណើនកើនឡើងជាបន្តបន្ទាប់ ព្រោះ រថយន្តគឺជាមធ្យោបាយមួយយ៉ាងសំខាន់ ក្នុងការចូលរួមដល់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និង​ការជួយសម្រួលដល់ការធ្វើដំណើររបស់ មនុស្សបានគ្រប់ទិសទី។ លោក បន្តថា ចំណែកទីផ្សារលក់រថយន្តថ្មីក្នុងប្រទេសកម្ពុជា ឃើញថា មាន​សម្ទុះ​រីក​ចម្រើន​គួរ​កត់​សម្គាល់ ដោយមាន តម្រូវការប្រើប្រាស់មិនខុសប្រទេសអភិវឌ្ឍន៍នោះឡើយ ដែលកត្តាទាំង​នេះ​បង្ហាញ​ឲ្យឃើញអំពីការអភិវឌ្ឍន៍រីកច្រើន និងការងើបឡើង ជាបន្តបន្ទាប់​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ កម្ពុជាមាន​ទំតាំង​មជ្ឈ​ម​មណ្ឌល​លក់​រថយន្ត​គ្រប់​ប្រភេទ​ជា​ច្រើនកន្លែង ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារស្រុក ការណ៍នេះបាន​ឆ្លុះបញ្ចាំង​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជនផងដែរ។ ជុំវិញការប្រើប្រាស់រថយន្តនេះ, លោក ដេវីដ ជេហ្វហ្រ្វី (David Jeffrey) បញ្ជាក់ថា ទោះបី​កំណើន​នៃ​ការប្រាស់រថយន្តថ្មី មានការកើន ឡើងក៏ដោយ ក៏យើងសង្កេតឃើញថា ការ​ប្រើប្រា​ស់​រថយន្ត​មួយទឹក នៅតាមបណ្តាប្រទេសលើពិភលោក ក៏ដូចជាប្រទេសអភិវឌ្ឍន៍ ជាដើម នៅ​តែ​មាន​ប្រើប្រាស់​រថយន្តមួយទឹកជាហូរហែរ តែចំនួននៃការប្រើប្រាស់ប្រភេទ បើធៀប និង​រថយន្ត​ថ្មី​មាន​ចំនួន​តិចតួច៕ អត្ថបទ៖ សុន រ៉ាឌី

ប្រទេសចិនឈរលើលំដាប់លេខរៀងទី១ ក្នុងការបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ក្នុងខែឧសភាឆ្នាំនេះ

2024/06/10 02:49:50 pm        163
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា គិតក្នុងខែឧសភា ឆ្នាំ២០២៤ ក្នុង​ចំណោម​គម្រោង​វិនិយោគចំនួន២៥ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយ​បាន​រួម​ចំណែកជិត៥០% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគ​ក្នុង​ស្រុក​គ្រប​ដណ្តប់​ប្រមាណជិ​ត ៣១% នៃទុនវិនិយោគសរុប។នៅក្នុងសេចក្តីប្រកាសព័តមាន ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​លើកឡើងថា ក្នុងខែឧសភា ឆ្នាំ២០២៤ បានអនុម័តគម្រោងថ្មីចំនួន២៤គម្រោង និង​គម្រោង​ពង្រីក​ផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦​លាន​ដុល្លារ​អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។ ក្នុងចំណោ​ម​គម្រោង​វិនិយោគ​ទាំង​២៥ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន ៨គម្រោង។ប្រភពដដែល បានរៀបរាប់ថា ជាការកត់សម្គាល់ គម្រោងវិនិយោគ​ដែល​មាន​ភាព​លេច​ធ្លោជា​ង​គេ​ប្រចាំ​ខែ​ឧសភារួមមាន ក្រៅតំបន់សេដ្ឋកិច្ចពិសេស៖ ១.មានគម្រោងវិនិយោគ​អភិវឌ្ឍន៍​ស្ថានីយ​អគ្គិសនី​ដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុក​ថាមពល​អគ្គិសនី​ខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាល ទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ៣៥កន្លែង។ ២.គម្រោងវិនិយោគបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិតានៃឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ២៦លាន​ដុល្លារ​អាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៧កន្លែង។ ៣.គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​បំពង់ទីបដែក ដែលមានទីតាំងស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ១៦លានដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ២២៩កន្លែង។ ដោយឡែក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រួមមាន៖ ១.គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​អាលុយ​មីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ៦ ក្នុង​ទុន​វិនិយោគចំនួន ២៥លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ៦៨៤កន្លែង៕ អត្ថបទ ឈិត បូរ៉ាវី 

ពិព័រណ៍កសិកម្មទាក់ទាញមនុស្សយ៉ាងច្រើនកុះករមកចូលរួមទស្សនា និងស្វែងយល់ផលិតផល​ក្នុងស្រុក

2024/06/03 10:51:52 am        94
រយៈពេល ២ថ្ងៃ នៃ «ពិព័រណ៍កសិកម្ម ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ» ដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ​២០២៤នេះ នៅផ្សារទំនើប ជីបម៉ុង ២៧១ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី បាន​ចូលរួមទស្សនា និងគាំទ្រផលិតផលកសិផលក្នុងស្រុក ព្រមទាំង​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ជា​ការ​បំផុស​គំនិតឱ្យប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីសេដ្ឋកិច្ចជាតិ។ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកស្រី សុខ ឃីម ម្ចាស់សិប្បកម្មកែច្នៃ ហេង ហ៊ត់ ខាង​ផ្នែក​បោះដុំ និងលក់រាយត្រីងៀត ត្រីផាត់ និងប្រហុក បានបង្ហាញអារម្មណ៍សប្បាយរីករាយ និង​មិន​នឹកស្មានទេថា ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។ លោកស្រីបានរៀបរាប់ថា ការ​ចូលរួមតាំងបង្ហាញផលិតផលនេះ មិនមែនជាលើកទី១ទេ ដោយកត់សម្គាល់ឃើញថា កា​រ​ចូលរួ​ម​ពីសាធារណជនមានចំនួនតិច ដោយឡែកសម្ទុះ​នៃការគាំទ្រ​ផលិតផល​ក្នុង​ស្រុក​ក៏​មាន​កម្រិត​ផង​ដែរ​។ ប៉ុន្តែតាមរយៈកម្មវិធីលើកនេះ គឺមានសភាពដាច់គ្នាច្រើនណាស់ បើធៀបនឹង​កម្ម​វិធី​ដទៃ​ផ្សេងទៀត។មិនខុសគ្នានេះ លោក ទូច សុភាព ប្រធានគ្រប់គ្រងសមាជិកភាព នៃសមាគមវារីវប្បករនៅកម្ពុជា បាន​ឲ្យប៊ីធីវី ដឹងដែរថា រយៈពេល២ថ្ងៃ នៃកម្មវិធីពិព័រណ៍នេះ ពិតជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន និងការសួរនាំព័ត៌មាននានាពីសំណាក់អ្នកចូលរួមទស្សនាផងដែរ ដែលធ្វើឲ្យផលិតករ អាជីករ និងកសិករជាដើម មានការសប្បាយរីករាយ និងរំភើបចិត្ត នៅពេល​ដែល​ឃើញ​មាន​ការ​គាំទ្រ​យ៉ាង​ច្រើនបែបនេះ។ពាក់ព័ន្ធកម្មវិធីខាងលើនេះ អ្នកស្រី ថុន ណាក់ ពលរដ្ឋរស់នៅតំបន់ច្បារអំពៅ និងកញ្ញា រ៉ូហ្សា មក​ពី​តំបន់​ចោមចៅ ដែលបានមកទស្សនាការតាំងពិពណ៌នោះ បានសម្តែងការភ្ញាក់ផ្អើល ដោយ​បាន​ឃើញ​ផលិតផលដែលផលិតក្នុងស្រុកជាច្រើន ដែលភាគច្រើនផលិតពីវត្ថុធាតុដើមកសិកម្ម ដាក់​តាំង​បង្ហាញ​នៅក្នុងពិព័រណ៍នេះ។ ពួកគាត់ បានលើកស្រដៀងគ្នាទៀតថា ចង់ឲ្យមាន​ការរៀបចំ​កម្ម​វិធី​បែបនេះបន្តថែមទៀត ដើម្បីមានឱកាសបានស្វែងយល់ និងចូលរួម​គាំទ្រ​ផលិត​ផល​ជា​របស់​ខ្មែរ ខណៈទាំងគុណភាព និងការវេចខ្ចប់មានភាពល្អប្រសើរជាងមុនច្រើនណាស់។សូមបញ្ជាក់ថា «ពិព័រណ៍កសិកម្ម ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ” ចាប់​ពី​ថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅផ្សារទំនើប ជីបម៉ុង ២៧១ ត្រូវបានរៀបចំ​ឡើង​ក្នុង​គោល​បំណងដើម្បីផ្សារភ្ជាប់ រវាងអ្នកផលិត និងអ្នកមានតម្រូវការ និងលើកទឹក​ចិត្ត​ឱ្យភាគី​ទាំង​ពីរ​សហការគ្នា កសាងទំនុកចិត្ត និងផ្តល់ការគាំទ្រគ្នា ដើម្បីប្រយោជន៍ជារួម៕ អត្ថបទ ឈិត បូរ៉ាវី 

កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់វារីវប្បករ និងអ្នកនេសាទ

2024/05/30 11:20:17 am        50
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៤កន្លងទៅ បានប្រកាសដាក់ឱ្យដំណើរការនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Investment Support Facility-ISF) ដែលនឹងរួមចំណែកជួយដល់វារីវប្បករ និងអ្នកនេសាទ គ្រប់កម្រិត ឱ្យមានលទ្ធភាពកែច្នៃផលិតផលជលផលក្រោយប្រមូលផលប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាពខ្ពស់។ នៅក្នុងអង្គពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ផលិតផលដែលមានគុណភាពស្របតាមស្តង់ដាបច្ចេកទេស និងតម្រូវការទីផ្សារ ជាពិសេសទីផ្សារក្រៅប្រទេស នឹងផ្ដល់លទ្ធភាពដល់ភាគីពាក់ព័ន្ធពង្រីកផលិតកម្មប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដើម្បីសម្រេចនូវគោលដៅ «មានហូប មានប្រើ មានបាន និងមានរហូត»។  នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីនិរន្តរភាពវិស័យជលផល ដែលជាការងារអាទិភាពមួយរបស់ក្រសួង តាមរយៈការគ្រប់គ្រងធនធានជលផលក្នុងធម្មជាតិ និងការពង្រីកវិស័យវារីវប្បកម្ម ហើយឈានទៅចងក្រងជាសហគមន៍ទំនើប។ សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសឱ្យដំណើរការជាផ្លូវការកម្មវធី ISF ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់កត្តិយសអញ្ជើញផ្តល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពនៃផលិតផលជលផលកម្ពុជា(CQS) ដល់សហគ្រាសចំនួន៩ផងដែរ៕

កម្ពុជាកាន់តែអាចនាំផលិតផលចេញទៅលក់លើទីផ្សារអន្តរជាតិ តាមរយៈផ្សារអនឡាញ អាលីបាបា

2024/05/27 01:53:34 pm        139
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុន Alibaba.com" ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាននានាដែលពាក់ព័ន្ធ និងដើម្បីផ្សព្វផ្សាយបន្ថែម​ដល់វិស័យឯកជន ​និងធុរជនកម្ពុជា សម្រាប់ជាការត្រៀមខ្លួន និងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផល​ដែល​អតិថិជនកំពុងត្រូវការ។នៅក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមាន​ប្រសាសន៍ថា នៅខែកញ្ញាខាងមុខនេះ ក្រសួង នឹងសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការបើកពន្លាជាតិកម្ពុជានៅក្នុងផ្សារពាណិជ្ជកម្មមួយនេះ ​នៅក្នុងព្រឹត្តិការណ៍អមពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ព្រមទាំងចូលរួមក្នុងការ​ផ្សព្វផ្សាយ​ផលិតផលកម្ពុជាបន្ថែមទៀត​ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗទៀត។ លោកជំទាវ បានបន្តទៀតថា ក្រសួងនឹងបន្តសហការជាមួយក្រុមហ៊ុន​ Alibaba និងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការពង្រីកវិសាសភាពចំណេះដឹង ​ចំណេះធ្វើ បទពិសោធន៍ និងពង្រីកបណ្តាញ​អាជីវកម្ម​ក្រៅប្រទេស​ប្រកបដោយភាពជឿជាក់។ ដើម្បីលើកកម្ពស់កិត្តិនាម និងជំរុញការនាំចេញផលិតផលខ្មែរ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់​អនុសាសន៍​មួយចំនួន សំដៅជំរុញការប្រើប្រាស់ថ្នាល Alibaba.com ​មានដូចជា៖ រៀបចំ​គោលការណ៍​ណែនាំ និងវីដេអូខ្លីៗ អំពីរបៀបប្រើប្រាស់ថ្លាល Alibaba.com នេះ​ ដើម្បីវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានភាពងាយស្រួលយល់ និងប្រើប្រាស់, ជំរុញការផ្ស​ព្វផ្សាយ​ឱ្យបានទូលំទូលាយ និងជួយសម្របសម្រួលបន្ថែម ដើម្បីឱ្យវិស័យឯកជន និងធុរជន​យើងដែលមានផលិតផលសក្តានុពល ​អាចឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវ និង​អាចនាំ​ចេញបានតាមរយៈយន្តការនេះ , បន្តសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការតាមដាន និងវិភាគតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជា​ការត្រៀមខ្លួននិងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផលដែលអតិថិជនកំពុងត្រូវការ , បន្តផ្សព្វផ្សាយ បណ្តុះបណ្តាល​ និងផ្តល់ការប្រឹក្សាផ្នែកបច្ចេកទេស សំដៅកៀរគរ និង​ជួយ​សម្របសម្រួលបន្ថែម​ដល់ការចូលរួមរបស់ធុរជនកម្ពុជានៅក្នុងយន្តការនេះ​ និងស្នើ ក្រសួង-ស្ថាប័ន និងវិស័យឯកជន​ក្នុងស្រុក និងអន្តរជាតិ បន្តសហការឱ្យបានជិតស្និទ្ធ ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា។លោក ប៉ែន ប៉ូលី ម្ចាស់សហគ្រាសឯកបុគ្គល ពេញហឬទ័យ ប៉ែន យល់ឃើញថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលមកកាន់វិស័យឯកជន ក្នុងការពង្រីកទីផ្សារជាបន្តបន្ទាប់នេះ ពិតជាមានសារៈសំខាន់និងល្អណាស់ ព្រោះអាចបង្កើនការលក់ និងនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិកើនឡើងថែមទៀត ជាពិសេសការជំរុញម៉ាករបស់ផលិតផលខ្មែរឲ្យកាន់តែមានប្រជាប្រយិភាព។សូមបញ្ជាក់ថា នៅខែតុលា ឆ្នាំ២០២៣កន្លងទៅ ក្នុងបេសកកម្មរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​នៅប្រទេសចិន ដើម្បីចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅ​រដ្ឋធានីប៉េកាំង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើ​អនុស្សារណៈនៃការយោគយល់ ​ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុនអនឡាញខ្នាតយក្សមួយគឺ អាលីបាបា ​ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ខណៈបច្ចុប្បន្ន ​អាលីបាបា មានអតិថិជនសរុបចំនួនប្រមាណ ​១ពាន់លាននាក់ នៅទូទាំងសាកលលោក៕

ការវិនិយោគរយៈពេលវែងលើផ្សារមូលបតក្នុងបរិបទបច្ចុប្បន្ន នឹងទទួលបានផលចំណេញច្រើន

2024/05/09 03:34:48 pm        75
ភ្នំពេញ ៖ អគ្គនាយកផ្សារមូលបតកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិន ងាកមកវិនិយោគរយៈពេលវែង ក្នុងបរិបទនៃស្ថានភាពទីផ្សារបច្ចុប្បន្ន មានតម្លៃភាគហ៊ុនភាគច្រើននៅធូរថ្លៃ ដែលនឹងធ្វើឱ្យវិនិយោគិនអាចអត់ធ្មត់បាន នឹងទទួលបានផលចំណេញច្រើន។​ឯកឧត្ដម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបតកម្ពុជា នៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ “វឌ្ឍនភាពរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក ” នៅថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៤ នេះថា បានលើក ឡើងពីសក្តានុពលនៃវិស័យអប់រំ ដែលនឹងក្លាយជាវិស័យរីកចម្រើន និងមានតម្រូវការខ្លាំង ស្របតាមសេដ្ឋកិច្ច និងកំណើនប្រជាជន។ បញ្ហានេះ ឯកឧត្តមអំពាវនាវ ឱ្យមានការចូលរួមពីសាធារណជនក្នុងការវិនិយោគមូលបត្រ ដើម្បីជួយជំរុញដល់ការអភិវឌ្ឍទីផ្សារ ក៍ដូច ជាគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ជាពិសេសវិស័យឯកជន ដែលនឹងអាចបង្កើនចំណូលសម្រាប់ប្រជាពលរដ្ឋ។ឯកឧត្ដមប្រតិភូ ក៏បានលើកចិត្តឱ្យវិនិយោគិនក្នុងផ្សារមូលបត ងាកមកវិនិយោគរយៈពេលវែង ក្នុងបរិបទនៃស្ថានភាពទីផ្សារ បច្ចុប្បន្ន ព្រោះតម្លៃភាគហ៊ុននាពេលបច្ចុប្បន្ន នៅផ្សារមូលបតកម្ពុជាភាគច្រើននៅធូរថ្លៃ ដែលនឹងធ្វើឱ្យវិនិយោគិន អាចអត់ធ្មត់បាន នឹងទទួលបានផលចំណេញច្រើន, ជាក់ស្តែងថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន នៅមានសភាពធូរថ្លៃ បើធៀប ទៅនឹងសក្តានុពលរីកចម្រើនរបស់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ជុំវិញបញ្ហានេះ, អ្នកឧកញ៉ាវេជួបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុម ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក លើកឡើងឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនបានបង្កើតសាខាថ្មីចំនួន ៥ និងគ្រោងពង្រីក សាខាចំនួន៤ទៀត ក្នុងឆ្នាំ២០២៤ នេះ, ជាក់ស្តែងក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនទទួលបានកំណើនអាជីវកម្មខ្លាំង តាមរយៈកំណើន សិស្សានុសិស្សចុះឈ្មោះចូលរៀន និងប្រាក់ចំណេញសុទ្ធកើនឡើងជាង ១០០ ភាគរយ ធៀបនឹងឆ្នាំ២០២២។ សូមបញ្ជាក់ថា វេទិកាក្រុមហ៊ុនចុះបញ្ជី ត្រូវបានរៀបចំឡើង ដើម្បីបើកឱកាសឱ្យវិនិយោគិនបានជួបថ្នាក់ដឹកនាំក្រុមហ៊ុនដោយផ្ទាល់ ក៏ដូចជាការដើម្បីបន្ថែមចំណេះដឹង និងព័ត៌មានល្អៗ ជូនវិនិយោគិន ដើម្បីឱ្យពួកគាត់កាន់តែមានទំនុកចិត្ត និងអាចធ្វើការសម្រេចចិត្ត វិនិយោគបាន ដោយឆ្លាតវៃ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូតរុស្ស៊ី និងកូរ៉េខាងជើង ពិភាក្សាគ្នា អំពីកាលវិភាគនៃទំនាក់ទំនងកម្រិតខ្ពស់ និងកម្រិតកំពូល
03/17/2025 05:03 PM
រដ្ឋមន្ត្រីការបរទេស៖ ហុងគ្រីជំទាស់នឹងសំណើរបស់សហភាពអឺរ៉ុប ស្តីពីជំនួយយោធា ដល់អ៊ុយក្រែន
03/17/2025 05:03 PM
រាជរដ្ឋាភិបាលកម្ពុជា ជំរុញផ្សព្វផ្សាយនូវកតញ្ញូតាធម៌ និងលើកកម្ពស់ការបណ្តុះសីលធម៌ គុណធម៌
03/17/2025 05:03 PM
សំណង់រឹងកំពុងចាប់ផ្ដើមរីកនៅលើចិញ្ចើមផ្លូវព្រះមុនីវង្ស ដើម្បីត្រៀមចូលរួមសម្ពោធស្ពានអាកាសមរតកតេជោ
03/17/2025 05:03 PM
កម្ពុជាស្នើអៀរឡង់ ជួយផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប ដើម្បីលើកកម្ពស់វិស័យសហគមន៍កសិកម្មទំនើប
03/17/2025 05:03 PM
ផលិតផលសក្តានុពលខ្មែរជាច្រើន ត្រូវបានដាក់តាំងបង្ហាញកម្មវិធីអបអរសាទរទិវាហ្វ្រង់កូហ្វូនី នៅប្រទេសជប៉ុន
03/17/2025 05:03 PM
ប្រទេសអេត្យូពី អំពាវនាវឲ្យមានការគាំទ្រពីអន្តរជាតិ ដើម្បីទប់ស្កាតជម្លោះ នៅតំបន់ Tigray
03/17/2025 04:03 PM
អតីតអធិការបតិអាល្លឺម៉ង់ ចាត់ទុករុស្ស៊ីថា ជាមហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងក្លា ដែលទទួលបានការសរសើរពី លោកTrump
03/17/2025 04:03 PM
កងទ័ពប៉ាគីស្ថានរងការវាយប្រហារមួយទៀតពីក្រុម BLA ដោយបណ្ដាលឲ្យមានអ្នកស្លាប់ ៥នាក់
03/17/2025 04:03 PM
គណបក្សប្រឆាំងកូរ៉េខាងត្បូង៖ ការពន្យារចេញសេចក្តីសម្រេចសំណុំរឿងរបស់លោក Yoon ជាការមិនទទួលខុសត្រូវ
03/17/2025 04:03 PM