រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន
កម្ពុជាដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ការកើនឡើងនៃសម្ពាធអតិផរណា រក្សាស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ
រាជរដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកា ៥៣ លានដុល្លារ សម្រាប់បន្តអភិវឌ្ឍន៍ជំនាញគាំទ្រ MSMEs

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួង​ពាណិជ្ជកម្មពន្យល់ពីការអនុវត្តន៍ពន្ធគយថ្មី ១០% របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា

2026/07/27 12:22:52 pm        641
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់​ក្រសួងពាណិជ្ជកម្ម បានពន្យល់អំពីការអនុវត្តន៍ពន្ធ​ថ្មី ១០% របស់​សហ​រដ្ឋ​​អាមេរិក​ដែល​បាន​ដាក់មកលើប្រទេសជាច្រើន រួមទាំង កម្ពុជា ដោយ​រាជ​រដ្ឋាភិបាល​ប្រកាស​អំពី​ការ​ប្តេជ្ញាចិត្ត​ប្រឹងប្រែង​បំពេញលក្ខខណ្ឌនូវអ្វី​ដែល​បានចែងនៅក្នុង​ជំពូក ៣០១ របស់​សហរដ្ឋអាមេរិក។ ការអនុវត្តន៍ពន្ធ​ថ្មី ១០% របស់​សហរដ្ឋ​អាមេរិកមកលើកម្ពុជា​ គឺទាប​ជាង​ប្រទេស​ថៃ និងវៀតណាម ដែលមានអត្រា ១២.៥%។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាល​ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៦ ការិយាល័យ​តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បាន​ដាក់ពន្ធគយអត្រា ១០% មកលើប្រទេស​កម្ពុជា។ ការសម្រេចបានអត្រា ១០%នេះ គឺ​បន្ទាប់​ពី​កម្ពុជា​បានបញ្ចប់ការចរចាយ៉ាងស្វិតស្វាញជាមួយសហរដ្ឋអាមេរិកនៃការអនុវត្តជំពូក ៣០១ របស់​សហរដ្ឋអាមេរិក និងចាត់វិធានការ ដើម្បីឆ្លើយបតទៅនឹងលក្ខខណ្ឌមួយចំនួន​ ដែល​សហ​រដ្ឋ​អាមេរិក​បាន​លើកឡើងអំពីការប្រើប្រាស់​ពលកម្មដោយបង្ខំចំពោះវត្ថុធាតុដើមដែលបាននាំចូល​។ ឯកឧត្តម បន្តទៀងថា ជាក់ស្តែង រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសរួមមួយ រវាងក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​, ក្រសួងពាណិជ្ជកម្ម, និង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពី​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០២៦នេះ ដោយបានបញ្ជាក់យ៉ាងច្បាស់​អំពីការគោរពតាមលក្ខខណ្ឌ និង​យក​ចិត្ត​ទុក​ដាក់​តាម​ដាននូវវត្ថុធាតុដើមដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ ហើយ ក្នុងនោះ ក៏​មាន​ចែក​អំពី​ការបង្កើតក្រុមការងាររួម ដើម្បីពិនិត្យតាមដាននូវការនាំចូលវត្ថុធាតុដើម ព្រមទាំង ជំរុញ​ឱ្យ​អ្នក​នាំ​ចូលបង្ហាញពីភស្តុតាំងផ្សេងៗ បញ្ជាក់ពីប្រភពនាំចូលវត្ថុធាតុដើម។ នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ កម្ពុជាបានប្រឹងប្រែង​បំពេញលក្ខខណ្ឌនូវអ្វី​ដែល​បានចែងនៅក្នុង​ជំពូក ៣០១ របស់​សហរដ្ឋ​អាមេរិក​​។ ឯកឧត្តម គូសបញ្ជាក់ថា ជាលទ្ធផល កម្ពុជាស្ថិតនៅក្នុងចំណោមក្រុមប្រទេសមួយចំនួន ដែល​មាន​អត្រាពន្ធ ១០% បូក​នឹងប្រទេសដែលទទួលបានការអនុគ្រោះខ្ពស់បំផុត (Most-Favored-Nation- MFN) ដែល​រួមមាន ប្រទេសបង់ក្លាដែស, កាណាដា, អេក្វាទ័រ, ហ្គាតេម៉ាឡា, ហុង​ឌូរ៉ាស, ឥណ្ឌា, ឥណ្ឌូនេស៊ី, ហ្ស៊កដានី, ត្រូវអនុវត្តអត្រាពន្ធ ១០% បូកនឹង MFN ចាប់ពីថ្ងៃទី២៤ ខែ​កក្កដា​នេះ​តទៅ!។ ជាមួយគ្នា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក៏​បាន​​បង្កើត​តារាងកូតាសម្រាប់រយៈពេល ៣ឆ្នាំ សម្រាប់ប្រទេសកម្ពុជា បង់ក្លាដែស ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ក្នុងការនាំចូលវត្ថុធាតុដើមវាយនភណ្ឌពីសហរដ្ឋអាមេរិក។ បើតាម អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ការដាក់អត្រាពន្ធគយថ្មី ១០%នេះ នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ទីផ្សារនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនោះទេ ព្រោះកម្ពុជា​ធ្លាប់​បាន​អនុវត្ត​អត្រា​ពន្ធស្រដៀងគ្នានេះរួចមកហើយ។ ក្រៅពីកម្ពុជា សហរដ្ឋអាមេរិក ក៏​បាន​ដាក់​ពន្ធ​គយ​អត្រា ១២.៥% លើប្រទេសចំនួន ៣៨ ផ្សេងទៀត រួមទាំង ប្រទេសថៃ និងវៀតណាម ផងដែរ​៕ អត្ថបទ៖ ធូ វិរៈ

សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម

2026/07/25 01:25:54 pm        492
ប្រធានសមាគមធំៗដែលលើកកម្ពស់សហគ្រិនក្នុងសកម្មភាពអាជីវកម្ម បង្ហាញនូវមោនទភាព ពេល​ឃើញ​សហគ្រិនជាម្ចាស់អាជីវកម្ម ផលិតករ និងសិប្បករ កំពុងមាន​ភាព​មមា​ញឹក​នៅ​ក្នុង​ផលិត​កម្ម ​ផលិតបម្រើដល់ចលនាទីផ្សារក្នុងស្រុកក៏ដូចការនាំចេញ ក្រោមឆ័ត្រ នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិបាល។ បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តី​ពី​កិច្ច​ដំណើរ​ការនៅក្នុង ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់​ផ្គង់​ផលិត​ផល​ចូល​ទីផ្សារ​របស់​សហគ្រិន​ក្នុង​ស្រុក​នេះថា នាប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាបាន អភិវឌ្ឍន៍រកចម្រើនយ៉ាងខ្លាំង និង​បាន​ស្រូប​យក​ឱកាសវិនិយោគឥតឈប់ឈរ ពោលគឺបានកំពុងបង្កើតបរិយាកាស អំណោយផល ដល់​ការធ្វើធុរកិច្ច និងការវិនិយោគ ស្របពេលរាជរដ្ឋាភិបាលកំពុងលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង តាម​រយៈការអភិវឌ្ឍន៍ឧស្សា- ហកម្មដ៏មានសក្តានុពល ការលើកកម្ពស់គុណភាពស្ថាប័ន និង​ការ​ពង្រីក​ចាប់ដៃគូពាណិជ្ជកម្ម ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ជាដើម។ លោកបណ្ឌិត បន្តថា ចំពោះខ្សែច្រវាក់ផ្គត់ផ្គង់វិញឃើញថា បច្ចុប្បន្នសហគ្រិន​ក្នុង​ស្រុក​បាន​កើត​ឡើង​ព្រោង​ព្រាត ជាសហ- គ្រិនដែលមានសក្តានុពល បានបង្កើតផលិតផលកាន់តែសំបូរបែប សម្រាប់​ផ្គត់ផ្គង់ចូលទីផ្សារ ជាពិសេសកាវេចខ្ចប់ចំណីអាហារ និង ការដាំដុះបន្លែ ផ្លែឈើជាដើម ដែល​អាចផ្គត់ផ្គង់ស្ទើរតែជំនួសការនាំចេញទាំងស្រុង។ បញ្ហានេះរំពឹងថា, នៅពេលខាងមុខកម្ពុជា នឹង​កាត់បន្ថយលើការនាំចូលផលិតផលប្រភេទនេះបានទាំងស្រុង ខណៈ​សកម្មភាព​ក្នុង​ប្រទេស​កំពុង​មាន​សម្ទុះយ៉ាងខ្លាំង។ ចំណែកលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា ជុំវិញ​សហ​គ្រិន​ជា​ស្រ្តី​នេះ ​សមាគមមាន យកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេស​ការ​កសាង​សមត្ថ​ភាព​ផលិត​នៅ​ក្នុង​ស្រុក​លើ​ផ្នែកកម្មន្តសាល ផលិតដើម្បីផ្គត់ផ្គង់ផលិតផលលើ ទីផ្សារ បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​សហ​គ្រិន​ស្រ្តីកំ​ពុងទទួលលាភនៅក្នុងគ្រោះ បន្ទាប់ពីពលរដ្ឋ​កម្ពុ​ជា​ធ្វើ​ពហិការ​មិន​ប្រើ​ផលិត​ផល​ប្រទេសជិតខាង ដោយធ្វើឱ្យការផលិតរបស់សហគ្រិនជាស្រ្តី មានភាពមមាញឹកគួរកត់សម្គាល់។ លោក​ជំទាវ បន្ថែមថា ស្ថិតក្នុងបរិបថនេះ អ្វីដែលសំខាន់សហគ្រិនជាស្រ្តីខ្លួនឯងត្រូវតែតាំងចិត្ត និង​ប្តេជ្ញាបង្កើន និងបង្កើតនូវផលិតផលថ្មីៗនៅក្នុងស្រុកឱ្យបានច្រើន ក្លាយទៅ ជាប្រព័ន្ធ​អេកូឡូ​ស៊ី​សហ​គ្រិនភាពរស់រវើក បម្រើដល់សេដ្ឋកិច្ចនិងសង្គម។ សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ មកដល់បច្ចុប្បន្នឃើញថា រាជរដ្ឋាភិបាល អង្គការដៃគូ និង​វិស័យឯកជនបានចូលរួមយ៉ាង សកម្ម នៅលើគំនិតផ្តួចផ្តើមផ្សេងៗ តាមរយៈ​ការ​គាំទ្រ​បច្ចេក​ទេស​ក្នុង​ការដាំដុះ ការវេចខ្ចប់និងកែច្នែចេញជាផលិតផលផ្សេងៗ និង ការស្វែងរកទីផ្សារជាដើម បាន​កំពុងជួយលើកកម្ពស់ការលក់ផលិតផលរបស់សហគ្រិនក្នុងស្រុក និងការ​ជួយ​ដល់​កសិករ​ដាំ​ដុះ ជាពិសេសការចូលលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកាបន្ថយការនាំចូលផលិតផលក្រៅប្រទេស ជំរុញ​ពង្រីកផលិតកម្មក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm        626
ភ្នំពេញ៖ ប្រទេសកម្ពុជា​អាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូងទៅប្រទេសចិន​ដែលជាទីផ្សារ​ដ៏​សំខាន់មួយ បន្ទាប់ពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ត​ល់​វិញ្ញា​បន​បត្រជា​ផ្លូវការដល់ក្រុមហ៊ុនមួយនៅកម្ពុជាអាចនាំចេញចាប់ពីពេលនេះ តទៅ។ ការណ៍នេះ បា​ន​នាំ​ឱ្យផលិតផលកសិកម្មរបស់កម្ពុជាកើនដល់យ៉ាងតិច​ ១០មុខ អាចនាំចេញទៅកាន់ទីផ្សារចិន ​ក្រោម​ការ​សម្របសម្រួលឱ្យមានការចុះហត្ថលេខាលើពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី លក្ខខណ្ឌត​ម្រូវ​ភូត​គាម​អនាម័យ​។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co., Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ក្រសួងកសិកម្ម បាន​បញ្ជាក់ថា ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាផ្លែផ្កាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងកសិកម្ម អគ្គរដ្ឋបាលគយចិន វិស័យឯកជន និង អាជីវករអ្នកចិញ្ចឹមត្រចៀកកាំទាំងអស់ ដែលបានខិតខំលើកកម្ពស់ស្តង់ដារអនាម័យ រហូតទទួលបានការទទួលស្គាល់ជាអន្តរជាតិ។​ លទ្ធផលនេះ សម្រេចទៅបាន បន្ទាប់ពី ប្រធានាធិបតីចិន ឯកឧត្តម​ ស៊ី ជីនពីង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥កន្លងទៅ បាន​មកទស្សនកិច្ចជាផ្លូវការ​នៅប្រទេស​​កម្ពុជា ដែលនាំឱ្យ​មាន​​ចុះហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នា(MoU) ចំនួន ៣៧ រវាងកម្ពុជា-ចិន​។ ក្នុងនោះ MoU ចំនួន ៣ ពាក់ព័ន្ធនឹង​កសិកផល​កសិកម្មកម្ពុជា​ គឺមានសំបុកត្រចៀកកាំ​ ធុរេន និងកូន​​ក្រពើ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានឱ្យដឹងថា ការអនុញ្ញាតឱ្យក្រុមហ៊ុនចំនួនមួយអាចនាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិននាពេល​គឺជាការបោះជំហានវិជ្ជាមានមួយសម្រាប់ទីផ្សារក្នុងប្រទេសចិន ។លោកជឿថា ក្នុងរយៈពេល១ឆ្នាំខាងមុខទៀត ក្រុមហ៊ុននាំចេញសំបុកត្រចៀកកាំនៅកម្ពុជា កាន់តែច្រើន នឹងទទួលបានការអនុញ្ញាតពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ហើយទីផ្សារសំបុកត្រចៀកកាំកម្ពុជានឹងកាន់តែមានភាពរីកចម្រើន។ គិតត្រឹមឆ្នាំ២០២៥ សមិទ្ធផលនៃការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការបើកទីផ្សារនាំចេញ ផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិនរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន រួមមាន អង្ករ និងកញ្ចុងអង្ករ, ចំណិតដំឡូងមី, គ្រាប់ពោត, ផ្លែចេកស្រស់, ស្វាយស្រស់, មៀនស្រស់, ម្រេច, ដូងស្រស់, ខ្នុរ, និងផ្លែទុរេនស្រស់៕ អត្ថបទ៖ ធូ វិរៈ

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក

2026/07/23 10:33:13 pm        553
ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សន្យាពាំនាំនូវព័ត៌មាន និង​ការ​មើល​ឃើញ​ដោយ​ផ្ទាល់​អំពី​ស្ថាន​ភាព​សេដ្ឋកិច្ច ជាពិសេសអំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ជួយបន្តផ្សព្វ​ផ្សាយ​នៅ​សហ​រដ្ឋ​អាមេរិក ដើម្បីឆ្លុះបញ្ចាំងពីការវិវឌ្ឍជាវិជ្ជមាន និងជវភាព ជាក់ស្ដែងនៅកម្ពុជា សំដៅ​ទាក់​ទាញ​វិនិយោគ និងធុរកិច្ចពីសហរដ្ឋអាមេរិក​មកកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ នៅក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត Brian D. McFeeters ប្រធាននិងជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន (US-ABC) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ និង​វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋ​អាមេរិក​ក្នុង​ការ​បន្ត​ពង្រឹង​ទំនាក់​ទំនងពាណិជ្ជកម្ម និងការបន្ត វិនិយោគរបស់ក្រុមហ៊ុនពហុជាតិអាមេរិកជាច្រើននៅកម្ពុជា ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៥នេះ, ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និង សហរដ្ឋអាមេរិក សម្រេច​បាន​​ប្រមាណ ១៣ ប៊ីលានដុល្លារអាមេរិក ខណៈទុន​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក​បាន​កើន​ដល់​ប្រមាណ ១ ប៊ីលានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំពីភាពរឹងមាំ នៃចំណងមិត្តភាពសេដ្ឋកិច្ច ពាណិ​ជ្ជ​កម្ម រួមចំណែកក្នុងកិច្ចគ្រប់គ្រងស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងការ​រក្សា​បាន​នូវ​ចីរភាព​ហិរញ្ញ​វត្ថុ​សាធារណៈ​របស់កម្ពុជាសម្រាប់រយៈពេលមធ្យមទៅវែង ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានកត់សម្គាល់ពីការបើកទ្វារស្វាគមន៍ រាល់កាលានុវត្ត​វិនិយោគ​ដែល​ជា​ការ​វិនិយោគមាន តម្លៃបន្ថែមខ្ពស់ ជាពិសេសចំពោះវិស័យអាទិភាព និងមាន​សក្ដា​នុពល​ខ្ពស់​រួម​មាន វិស័យកសិ-ឧស្សាហកម្ម, ថាមពលស្អាត, ឌីជីថល, ឡូជីស្ទីក, សុខាភិបាល, អប់រំ និង​បច្ចេកវិទ្យាទំនើប ជាដើម ។ ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការបន្តដោះស្រាយរាល់ បញ្ហាប្រឈម ពាក់ព័ន្ធនានាកន្លងមក ដោយធ្វើ​ការ​កត់​សម្គាល់​អំពី​ការ​រីក​ចម្រើនខ្លាំងគួរឱ្យកត់សម្គាល់នៃបរិយាកាសវិនិយោគ និង ធុរកិច្ច នៅកម្ពុជា​ក្នុង​រយៈ​ពេល​២​ឆ្នាំ ​នៃការបំពេញការងាររបស់លោក, បើទោះបីកម្ពុជាបន្តទទួលរងនូវបញ្ហាប្រឈមជាបន្តបន្ទាប់ យ៉ាង​នេះ​ក្តី។ ឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការនៅកម្ពុជាទាំងអស់ លើក​ឡើងអំពីបញ្ហាប្រឈមថ្មី ដែល កំពុងជួបប្រទះ និងស្នើ​ឱ្យ​ក្រុម​ហ៊ុន​ដែល​កំពុង​ស្វែង​រក​ឱកាស​វិនិយោគសាកសួរអំពីសក្កានុពលវិនិយោគនៅកម្ពុជាផងដែរ។ ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ ក៏បានឆ្លើយតបទៅនឹងការស្នើសុំជាក់លាក់ និងបញ្ហាប្រឈមនានា ដែល​លើកឡើងដោយ តំណាងក្រុមហ៊ុនទាំង១៣ ក៏ដូចជាបាន​ជម្រាប​ពី​ដំណើរ​ការ​កែ​ទម្រង់​ជា​រចនា​សម្ព័ន្ធ​សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់ បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ ដើម្បី​បង្កភាពងាយស្រួលដល់ការធ្វើធុរកិច្ច, ជំរុញការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ, ពង្រឹង​អនុលោមភាព ដើម្បីធានានូវការប្រកួតប្រជែងដោយយុត្តិធម៌និងស្មើភាព និងជា​ពិសេស​ជំរុញ​ការ​ចូលរួមសហការជាមួយ រាជរដ្ឋាភិបាលតាមរយៈយន្តការ «ក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សំដៅដោះ ស្រាយ​នូវ​បញ្ហា​ប្រឈម​ពាក់​ព័ន្ធប្រកបដោយប្រសិទ្ធភាពភាពទាន់ពេល និងភាពព្យាករ​បាន​នៃកា​រ​ប្រែ​ប្រួល​គោល​នយោបាយ​នានា។ ក្រោយកិច្ចពិភាក្សា, ឯកអគ្គរដ្ឋទូត សន្យាពាំនាំនូវព័ត៌មាន និងការមើលឃើញ​ដោយ​ផ្ទាល់​អំពី​ស្ថានភាព​សេដ្ឋកិច្ចជាពិសេស អំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ទៅបន្តផ្សព្វផ្សាយ​នៅ​ទីក្រុង​វ៉ាស៊ីន​តោន​សហរដ្ឋអាមេរិក ដើម្បីឆ្លុះបញ្ចាំងពីការវិវឌ្ឍជាវិជ្ជមាន និង ជវភាពជាក់ស្ដែងនៅកម្ពុជា សំដៅ​ទាក់ទាញវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាមេរិក​ ព្រមទាំងរឹតចំណងមិត្តភាពសេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​

2026/07/23 10:06:29 pm        514
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាល បានផ្តោតលើការកែទម្រង់មុតស្រួច និង​មាន​លក្ខណៈ​បើ​កចំហ តម្លាភាព និងការប្រកួតប្រជែង ការលើកទឹកចិត្តលើវិស័យអាទិភាព ជា​ពិសេស​លើក​កម្ពស់​ដល់វិស័យឯកជនលើការធ្វើធុរកិច្ចផ្សេងនៅកម្ពុជា។ ជុំវិញបរិយាកាសវិនិយោគ, នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា​បាន​បន្ត​ទាក់​ទាញ​រំហូរ​ទុន​វិនិយោគ​ផ្ទាល់ (FDI) បានយ៉ាងសន្ធឹកសន្ធាប់ពីបណ្តាប្រទេសនានា ដោយគ្រប​ដណ្តប់​លើ​គម្រោង​រាប់​រយ និងមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ការបណ្តាក់ទុន​ទាំង​នេះ​បាន​ផ្តោត​សំខាន់​លើវិស័យសក្តានុពលដូចជា ផលិតកម្ម ឧស្សាហកម្មធុនធ្ងន់ និងការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ដើម​។ ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើកឡើងថា ទាក់ទិនការវិយោគនេះ នៅក្នុងឆ្នាំ២០២៥ កន្លងមក កម្ពុជា​បាន​ស្រូប​យក​គម្រោង​វិនិយោគជិត ៧០០ គម្រោង មានទំហំទុនវិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​, ​កំណើនល្អប្រសើរនេះ ស្របពេលសហរដ្ឋ​អាមេរិក​បាន​ដាក់​ពន្ធគយ​បដិការ​ទៅ​លើ​ប្រទេស​ផ្សេង​ៗ ​ធ្វើឱ្យវិនិយោគិនមួយចំនួនបានបង្វែរទិសដៅមកកម្ពុជា បង្កើត​រោង​ចក្រ​សហ​គ្រាស​ផលិត​សម្រាប់​បម្រើ​ទីផ្សារនាំចេញ ស្របតាមការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់​ការ​លើក​ទឹកចិត្ត រួមទាំងការលើកលែងពន្ធលើប្រាក់ចំណូល និងការលើកលែងពន្ធគយនាំចូល ច្បាប់​ស្តីពីវិនិយោគថ្មីជាដើម រោមជាមួយការយកចិត្តទុកដាក់ការរបស់ក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានកំពុងគាំទ្រ បង្កើត​បរិយាកាសវិនិយោគនៅកម្ពុជា។ សូមបញ្ជាក់ថា គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោត​លើ​ការ​កែ​ទម្រង់​មុតស្រួច ដើម្បីធានានូវភាពបើកចំហ តម្លាភាព និងការប្រកួតប្រជែង ក្នុងនោះ​តាមរយៈ​ច្បាប់​ស្តីពី​វិនិយោគថ្មី រដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត រួមទាំងការលើក លែងពន្ធលើប្រាក់ចំណូល និង​ការលើកលែងពន្ធគយនាំចូល សម្រាប់គម្រោងវិនិយោគលើវិស័យអាទិភាព។ យុទ្ធសាស្ត្រ​ស្នូល និងការ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលលើកត្តាសំខាន់ៗរួមមាន៖ ការ​លើក​ទឹក​ចិត្ត​លើ​វិស័យ​អាទិភាព​: ផ្តោតខ្លាំងលើឧស្សាហកម្មបច្ចេក វទ្យា ខ្ពស់ ឧស្សាហកម្មបង្កើតតម្លៃបន្ថែម កសិកម្ម កសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ បៃតង និងការច្នៃប្រឌិត។ កិច្ចការពារវិនិយោគិន: ការ​ធានាការពារមិនឱ្យមានការធ្វើជាតូបនីយកម្ម ការរើសអើង និងការ​អនុញ្ញាត​ឱ្យ​វិនិយោគិន​អាច​ទូទាត់ ​និងបញ្ជូនប្រាក់ចំណូលជា រូបិយប័ណ្ណបរទេសទៅក្រៅប្រទេសវិញដោយសេរី។ ភាព​ងាយ​ស្រួល​នៃ​ការ​ធ្វើធុរកិច្ច: ការរៀបចំប្រព័ន្ធច្រកចេញចូលតែមួយ និងកិច្ច សម្រួលនីតិវិធីផ្សេងៗ តាម​រយៈ​វេទិកា​រាជរដ្ឋាភិបាល-វិស័យឯកជន ដើម្បីដោះស្រាយរាល់ការលំបាកជូនវិនិយោគិន។ កិច្ច​ព្រម​ព្រៀង ​ពាណិជ្ជកម្មសេរី: កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី (ដូចជា RCEP, CCFTA) ដែលជួយពង្រីកទីផ្សារ នាំចេញទំនិញ​របស់​​អ្នក​វិនិយោគ​ទៅ​កាន់​ពិភព​លោក​។ ការលើកកម្ពស់វិស័យឯកជន (IDP): តាមរយៈគោលនយោបាយអភិវឌ្ឍន៍ វិស័យ​ឧស្សាហ​កម្ម កម្ពុជាកំពុងពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់សហគ្រាសធុនតូច និង​មធ្យម (SMEs) ឱ្យក្លាយ ជាដៃគូរបស់ក្រុមហ៊ុនធំៗជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង

2026/07/22 11:04:19 pm        250
កាលពីព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​រៀបចំ​កិច្ច​ប្រជុំ​ច្រក​ចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សា​លើ​សំណើ​សុំចុះ​បញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៥លានដុល្លារអាម៉េរិក អាច​បង្កើត​ការ​ងារ​បានប្រមាណ ៣.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យដូចខាងក្រោម៖ § កសិ-ឧស្សាហកម្មចំនួន ២គម្រោង រួមមាន 1- គម្រោង​បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ និង 2- គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី។ § វិស័យឧស្សាហកម្មចំនួន ៧គម្រោង រួមមាន 1- គម្រោងបង្កើតរោងចក្រផលិតរទេះលើកដាក់អីវ៉ាន់ 2- គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ 3- គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អនិងសម្ភារៈបរិក្ខារលម្អគ្រប់ប្រភេទ 4- គម្រោងបង្កើតរោងចក្រផលិតមីនិងគ្រឿងផ្សំសម្រាប់មី 5- គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារិម និងសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក) 6- គម្រោងបង្កើតរោងចក្រកែច្នៃអំបិល និង 7- គម្រោងអាជីវកម្មរ៉ែមាសនិងសាងសង់រោងចក្រកែច្នៃ។ គម្រោងវិនិយោគទាំង៩ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ និងក្រចេះ៕

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកា​ផ្គូផ្គង​ធុរកិច្ច​ជំរុញ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ហ្វីលីពីន

2026/07/22 10:57:13 pm        186
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន ក្នុងវិស័យកសិកម្ម” សំដៅតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនទាំងពីរឱ្យកាន់តែជិតស្និទ្ធចំគោលដៅទីផ្សារ និងតម្រូវការជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងវេទិកាផ្គូផ្គងធុរកិច្ចនេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៦៣​ក្រុមហ៊ុន ដែលផ្តោតលើផលិតផលកសិកម្មរួមមាន៖ អង្ករ ផលិតផលបសុសត្វ គ្រាប់​ស្វាយ​ចន្ទី និងជីកសិកម្ម។ ការ​តភ្ជាប់នេះនឹងអនុញ្ញាតឱ្យកម្ពុជាបង្កើនទំហំទីផ្សារនាំចេញកសិផល​ទៅកាន់​ទីផ្សារ​ហ្វីលីពីន​ឱ្យ​បាន​កាន់​តែច្រើន ក៏ដូចជារុញច្រានទំហំកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់ធំ ជាពិសេស​ការ​បង្ហាញពីសក្តានុពលរបស់កម្ពុជា​ចូលរួម​ធានា​សន្តិសុខ​ស្បៀងជូ​ន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផងដែរ៕

កម្ពុជា​ស្នើសមាគមធុរកិច្ចជប៉ុន ធ្វើជាស្ពានចម្លងនៃលំហូរពាណិជ្ជកម្ម និងទេសចរណ៍ប្រទេស​ទាំងពីរ

2026/07/22 05:29:08 pm        549
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើរ​តួនាទី​ជាស្ពាន​ចម្លងដ៏សំខាន់ ក្នុងការជំរុញកិច្ចការងារតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យ​ភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់លំហូរ ពាណិជ្ជកម្ម និងជំរុញ​វិស័យ​ទេសចរណ៍​។  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបជាមួយ ឯកឧត្តម UENO Atsushi ឯក​អគ្គ​រាជ​ទូត​វិសាម​ញ្ញ​ជប៉ុន​ប្រចាំ​កម្ពុជា ​ជួបសម្តែងការគួរសម និងគោរពជម្រាបលា នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៦, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះរាល់គ្រប់ជំនួយ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នានា ដែល​បាន​ផ្តល់​ជូន​កម្ពុជា​តាំង​ពី​ដើម​រៀង​មក ដែលជំនួយទាំងនោះពិតជាបាន រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចនូវការចូលរួមពី ភាគី​ជប៉ុន​លើ​គម្រោងអភិវឌ្ឍន៍ និងពង្រីកវិសាល​ភាព​កំពង់​ផែទឹក​ជ្រៅ​នៅ​ក្រុង​ព្រះសីហនុ​ជា​ជំហាន​បន្ត​បន្ទាប់ និងបានសម្តែងនូវការ អរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមឯកអគ្គរាជទូត ដែល​បាន​បំពេញបេសកកម្មការទូតយ៉ាងសកម្មពេញមួយអាណត្តិការងារនៅ កម្ពុជា ធ្វើឱ្យចំណង​មិត្ត​ភាព​ និងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ កាន់តែរឹងមាំ និងស៊ីជ​ម្រៅ​ថែម​មួយ​កម្រិត​ទៀត​។ ក្នុងជំនួបនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើរតួនាទីជាស្ពានចម្លង ដ៏សំខាន់ ក្នុងការជំរុញ​កិច្ច​ការងារ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត​ និងវិស័យភស្តុភារកម្មនៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់ លំហូរពាណិជ្ជកម្ម ជំរុញ​វិស័យ​ទេសចរណ៍ និងសម្រប​សម្រួល​ការ​ធ្វើដំណើរ​ទៅ​មក​ដោយ​រលូន​រប​ស់​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ​។ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាប​ជូន​ភាគី​ជប៉ុន​អំពី​ការ​ងារ​កំណែទ​ម្រង់​ផ្ទៃ​ក្នុង​ស្ថាប័ន​ ក.អ.ក. ដើម្បីលើកកម្ពស់ ឧត្តមភាពនៃការអនុវត្តការងារ និងគម្រោងសាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្តនៅក្នុងទីស្តីការ ក.អ.ក. ដើម្បីបង្កើនភាពងាយស្រួល ព្រម ទាំងបង្ខិតការផ្តល់​សេ​វា​សាធារណៈឱ្យកាន់តែជិតវិនិយោគិនគោលដៅ។ ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​នា​ពេល​កន្លង​មក ជាពិសេស ការចូលរួមយ៉ាងសកម្មពីសំណាក់ ក.អ.ក.។ ឯកឧត្តមឯកអគ្គរាជទូត បាន​សម្តែងនូវការកោតសរសើរ ចំពោះការដឹកនាំប្រកបដោយ ចក្ខុវិស័យ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ លើសកម្មភាពយ៉ាងសកម្មពាក់ព័ន្ធ នឹង​ការជំរុញ យន្តការរាជរដ្ឋាភិបាលនិងផ្នែកឯកជន, កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ជប៉ុនជាដើម។ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា បើទោះជាមានបញ្ហាប្រឈមមួយចំនួន ដូច​ជា​បទ​ល្មើស​ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) និងវិវាទិ៍ព្រំដែនយ៉ាងណាក៏ដោយ ក៏​រាជ​រដ្ឋាភិបាល​កម្ពុជាពិតជាមានវិធានការដោះស្រាយបានយ៉ាង លឿនរហ័ស ប្រកបដោយវិជ្ជាជីវៈ និង​លក្ខណៈការទូតខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ជាថ្មី នូវការគាំទ្រពេញទំហឹង លើ​គោល​ជំហរ​របស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ផ្អែកលើមូលដ្ឋាន​ច្បាប់​អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជា ធរមានដែលមានស្រាប់ ព្រមទាំងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ស្ថានការណ៍នឹងធូរស្រាលជាលំដាប់ ហើយឈានទៅរកប្រក្រតី ភាពដូចដើមវិញនាពេលឆាប់ៗ៕ អត្ថបទ៖ សុន រ៉ាឌី 

សហគមន៍កសិកម្មទំនើបនឹងកើនឡើងដល់៦០ នៅចុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នមានចំនួន៣៨

2026/07/21 10:31:14 pm        418
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ក្តីរំពឹងទុកថា នៅចុងឆ្នាំ២០២៦នេះ ចំនួនសហគមន៍កសិកម្មទំនើប អាចនឹងរត់ទៅដល់ចំនួនប្រហែល៦០ ដោយសារអនាគតនឹងមានគម្រោងថ្មីមួយទៀត ដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ និងខណៈបច្ចុប្បន្នសហគមន៍កសិកម្មទំនើបមានចំនួន៣៨រួចហើយ។ នៅក្នុងកិច្ចសម្ភាសន៍កម្មវិធី “ពីកម្ពុជា” ជាមួយ ប៊ីធីវី កាលពីកន្លងទៅថ្មីៗនេះ ឯកត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា គិតក្នុងរយៈពេលជាង២ឆ្នាំ នៃការបង្កើតគម្រោងសហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម កំពុងបន្តពន្លឿនការរៀបចំ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចកសិករ និងកែប្រែទម្រង់កសិកម្មពីបែបប្រពៃណី ទៅជាសហគ្រាសកសិកម្មដ៏រឹងមាំ។ ហើយគិតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបមានចំនួន៣៨ ក្នុងខេត្តចំនួន១៤ ដោយគ្របដណ្តប់លើដំណាំ និងកសិផលសំខាន់ៗចំនួន ៦ ប្រភេទ រួមមាន៖ ស្រូវ ស្វាយចន្ទី បន្លែ ម្រេច មាន់ស្រែ និងមៀនប៉ៃលិន។ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ជាថ្មីទៀតថា ការបង្កើតសហគមន៍កសិកម្មទំនើបនេះឡើង ក្នុងគោលដៅសំខាន់ៗ គឺដើម្បីជួយដល់ប្រជាកសិករតូចៗដែលមិនមានលទ្ធភាពធ្វើកសិកម្មប្រកបដោយប្រសិទ្ធិភាពសេដ្ឋកិច្ច អាចថា ខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ខ្វះការគាំទ្រ ថ្លៃផលិតខ្ពស់ជាដើម ជាពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធក្នុងវិស័យកសិកម្ម និងជំរុញសេដ្ឋកិច្ចជាតិ។ ដើម្បីបង្កើនការគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពង្រីកកិច្ចសហការជាមួយដៃគូពាក់ព័ន្ធជាច្រើនជាមួយវិស័យឯកជននានា ដើម្បីធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាទិញកសិផលពីសហគមន៍កសិកម្មទំនើបនៅកម្ពុជាផងដែរ។ លើសពីនេះ ក្រសួងក៏បានកៀរគរធនធានពីប្រភពផ្សេងៗជួយដល់សហគមន៍កសិកម្មទំនើប ដោយបានសម្រប សម្រួលស្វែងរកដៃគូពាក់ព័ន្ធ និងគម្រោងជាច្រើនផងដែរ។ សូមជំរាបជូនទៀតថា ក្រៅពីសហគមន៍កសិកម្មទំនើបនេះ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលជាយន្តការថ្មីមួយទៀត ដើម្បីពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលបំណងធានាបាននូវការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការសម្របសម្រួលបច្ចេកទេស និងការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគ។ ជាពិសេស ការដឹកនាំប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងតម្លាភាពខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី  

ឆមាសទីមួយឆ្នាំនេះ គយប្រមូលចំណូលជូនជាតិបានចំនួនជាង ៦ពាន់ប៊ីលានរៀល មានការកើនឡើង ៤,៥ភាគរយ

2026/07/21 09:30:17 pm        403
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតក្នុងឆមាសទី១ ឆ្នាំ២០២៦ បានសម្រេចចំណូលចំនួនជាង ៦ពាន់ប៊ីលានរៀល (៦ ២៧៨,២ ប៊ីលានរៀល) កើនឡើងប្រមាណ ៤,៥% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៥ ដែលលើសផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដានេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា បានរាយការណ៍ឱ្យដឹងថា សមាសភាគចំណូលពីទំនិញចម្រុះមានប្រមាណ៣៩%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៥%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ១៨,៥%, និងសម្ភារសំណង់និងកម្រៃផ្សេងៗ មានប្រមាណ ៧,៥% នៃចំណូលសរុប។ ឯកឧត្តម បានគូសរំលេច​នូវ​ការ​ប្រែប្រួលរចនាសម្ព័ន្ធចំណូលប្រមូលដោយគយ ជាពិសេស គឺការថយចុះចំណូលពីប្រេងឥន្ធនៈនិងឧស្ម័ន បណ្តាលមកពីការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋលើការនាំចូលមុខទំនិញនេះ ដែលបានអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២៦កន្លងមក និងការកើនឡើងនៃចំណូលពីក្រុមទំនិញចម្រុះ ដែលជាលទ្ធផល​នៃការ​អនុវត្តវិធានការមុតស្រួចស្តីពីការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច​របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ក្រៅពីការងារប្រមូលចំណូល ឯកឧត្ដមបណ្ឌិត បានបញ្ជាក់ថា ក៏សម្រេច​បាននូវលទ្ធផលល្អប្រសើរលើការងារផ្សេងទៀត ជាពិសេសពាក់ព័ន្ធកិច្ចសម្រួលពាណិជ្ជកម្ម មាន​ដូចជា ការបន្តពង្រីកមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការធ្វើសាមញ្ញកម្មនីតិវិធីគយដើម្បីសម្រួលដល់​វិស័យបញ្ញើឆាប់រហ័ស និង SMEs, ការបង្កើនចំនួនប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត, ការបង្កើនកិច្ចសហការជាមួយរដ្ឋបាលគយនៃបណ្តាប្រទេសជាដៃគូ និងកិច្ចសហការជាមួយវិស័យឯកជន ព្រមទាំងការកាត់បន្ថយចំណាយក្នុងការបំពេញបែបបទគយ ជាដើម។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនៃក្រុមការងារបច្ចេកទេសអាស៊ាន ផងដែរ។ ក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអគ្គនាយកដ្ឋានសម្រេចបាន ជាពិសេសក្នុងកាលៈទេសៈ នៃបញ្ហាប្រឈមធំៗមួយចំនួនដែលប៉ះពាល់ដល់ការប្រមូលចំណូលគយ។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តវិធានការនានាពាក់ព័ន្ធនឹងការងារគយ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាប​អំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ដើម្បីឈានទៅសម្រេចបានលទ្ធផលល្អប្រសើរទាំងលើការងារប្រមូល​ចំណូល ក៏ដូចជាការងារគាំទ្រផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់​តែ​ប្រសើរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម នៅទីតាំងមួយកន្លែង ខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស១៧នាក់
09/08/2026 10:09 PM
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
09/08/2026 08:09 PM
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
09/08/2026 08:09 PM
មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម. ចុះពិនិត្យការងារគ្រោះមហន្តរាយ និងសួរសុខទុក្ខភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ
09/08/2026 08:09 PM
ពលរដ្ឋអេក្វាឌ័ររាប់ម៉ឺននាក់បោះបង់ចោលផ្ទះសម្បែងរបស់ខ្លួនស្របពេលអំពើហិង្សាជនអន្ធពាលកើនឡើង
09/08/2026 07:09 PM
លោកLavrov និយាយប្រាប់សមភាគីអារ៉ាប៊ីសាអ៊ូឌីតថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ ដើម្បីជួយដោះស្រាយស្ថានភាពនៅមជ្ឈិមបូព៌ា
09/08/2026 06:09 PM
ជ័យជម្នះរបស់គណបក្ស​ AfD ធ្វើ​ឱ្យ​​របៀបវារៈកំណែទម្រង់របស់លោក Merz កាន់តែ​មិន​ច្បាស់លាស់​
09/08/2026 06:09 PM
រដ្ឋមន្រ្តីការបរទេសគុយបាច្រានចោលការចរចារបស់អាមេរិក បើទោះបីជាមានការបិទច្រកក៏ដោយ
09/08/2026 06:09 PM
ប៉ាគីស្ថានបង្ហាញប្រព័ន្ធមីស៊ីលដែល​អាច​ជារបស់​ចិន ខណៈទំនាក់ទំនងកាន់តែស៊ីជម្រៅ
09/08/2026 06:09 PM
កោះហាវ៉ៃប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ខណៈព្យុះសង្ឃរា Lowell បោកបក់ជិតមកដល់
09/08/2026 06:09 PM