នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មាន​ទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ
រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក
កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦
ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជា

2026/03/05 12:15:12 pm        235
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ( EU-ASEAN Business Council-EU-ABC) បានជួបពិភាក្សាគ្នាផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​រវាងកម្ពុជា និងសហភាពអឺរ៉ុប ការប្រកួតប្រជែងពាណិជ្ជកម្ម ឱកាសវិនិយោគ នៅថ្ងៃទី៥ ខែមីនាឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ។ ក្នុងជំនួបនេះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បង្ហាញចំណាប់​អារម្មណ៍ចង់បោះទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំកិច្ចប្រជុំជួបពិភាក្សាជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហភាពអឺរ៉ុប ការប្រកួតប្រជែងពាណិជ្ជកម្ម ឱកាសវិនិយោគ និងប្រធានបទជាក់លាក់ផ្សេងៗទៀតតាមវិស័យ។ ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់ BTV ក្រោយពីចប់កិច្ចប្រជុំនេះថា គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍ចង់បោះទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជាចំពោះក្រុមហ៊ុនអឺរ៉ុបដែលមានមូលដ្ឋានស្រាប់នៅក្នុងប្រទេសកម្ពុជា ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ក្រុមហ៊ុនថី្មៗរបស់សហគមអឺរ៉ុបដែលមិនទាន់មានវត្តមាននៅកម្ពុជា ឱ្យមកបោះទុនវិនិយោគ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋមូលដ្ឋាន។លោក Noel Clehane អនុប្រធាន EU-ABC ដែលដឹកនាំគណៈប្រតិភូ បានលើកឡើងក្នុងកិច្ចប្រជុំនេះថា អាជីវកម្មអឺរ៉ុបជឿជាក់រួចហើយលើភាពទាក់ទាញរបស់ប្រទេសកម្ពុជាសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ។ លោក Clehane មានការសាទរយ៉ាងខ្លាំងពីមន្ត្រីរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនអឺរ៉ុប ហើយយើងក៏ចង់វិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាផងដែរ។លោកលើកឡើងថា ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប មានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ កម្ពុជា អាចជាទីផ្សារតូចមួយនៅក្នុងអាស៊ាន ប៉ុន្តែមានភាពស្វាហាប់មិនគួរឱ្យជឿជាមួយនឹងកម្លាំងពលកម្មវ័យក្មេង និងឱកាសដ៏សំខាន់សម្រាប់ការរីកចម្រើន។សូមបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃបេសកកម្មពាណិជ្ជកម្មរយៈពេលពីរថ្ងៃរបស់ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC)មកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមីនា ដែលដឹកនាំដោយលោក Noel Clehane អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC Vice-Chair Noel Clehane)។ ជាមួយគ្នានេះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប គឺជាសំឡេងចម្បងសម្រាប់អាជីវកម្មអឺរ៉ុបនៅក្នុងតំបន់អាស៊ាន៕ អត្ថបទ៖ ធូ វិរៈ

អនុប្រធានទី១ CDC លើក​ទឹក​ចិត្ត​វិនិយោគិន​នានា​ឱ្យ​ចាប់​យក​កាលា​នុវ​ត្ត​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​រហ័ស ខណៈរាជរដ្ឋាភិបាលកំពុងផ្ដល់ឱកាសពិសេសជាច្រើន

2026/03/05 11:31:27 am        220
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​លើក​ទឹកចិត្តដល់វិនិយោគិន ឱ្យចាប់​យក​កាលានុវត្ត​វិនិយោគ​នៅ​ក្នុង​ប្រទស​កម្ពុជា​ឱ្យ​បាន​ឆាប់​រហ័ស​ ដោយបានគូសបញ្ជាក់អំពីកត្តាសំខាន់ៗមួយចំនួនរួមមាន រាជ​រដ្ឋាភិបាល​ដែល​គាំទ្រ​វិស័យ​ឯកជន កម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង​របប​វិនិយោគ​ដ៏​បើក​ទូលាយ​របស់កម្ពុជា ដែលកត្តាទាំងនេះបានផ្តល់នូវឱកាសវិនិយោគដ៏មានសក្តានុពល។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​បង្ហាញ​ការ​លើកទឹកចិត្តបែបនេះដល់បណ្ដាវិនិយោគិននានាក្នុងឱកាស អញ្ជើញ​ជា​អធិបតី​ថ្លែង​សុន្ទរក​ថា​គន្លឹះ និងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ​២០២៦ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមា​ហរ​ណ​កម្ម ​និងការវិវត្តឧស្សាហកម្ម” ។ក្នុងឱកាស​នោះ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា តាមរយៈការ​គាំទ្រ​ពី​កំណែ​ទម្រង់​គោល​នយោបាយ ការសម្រួលនីតិវិធី និងការតភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ កម្ពុជា​អាច​ផ្តល់​ជូ​ន​វិនិយោគិន​នូវ​ការ​ចូល​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​ដែល​មាន​អ្នក​ប្រើ​ប្រាស់​រាប់​ពាន់​លាន​នាក់​។ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីតួនាទីយ៉ាង​សកម្ម​របស់​កម្ពុជា​ក្នុង​​នាម​ជា​រដ្ឋ​សមា​ជិកអាស៊ាន ក្នុងការលើកកម្ពស់កត្តាសំខាន់ៗទាំងនេះជាបន្តបន្ទាប់។ សមិទ្ធ​ផល​សំខាន់​ៗ​រួម​មាន​ ការអនុម័តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង​ភស្តុភារ​កម្ម​កម្ពុជា ឆ្នាំ២០២៣-២០៣៣, ការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង​អាកាសយានដ្ឋានអន្តរជាតិតេជោដែលទើបនឹងបើកដំណើរការថ្មីៗនេះ ក៏ដូច​ជា​គម្រោង​កំពុង​ដំណើរ​ការ​ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រែកជីកហ្វូណនតេជោ និងការ​ពង្រីក​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។ លើសពីនេះ ឯកឧត្តមបាន​លើក​ឡើង​ពី​ការ​ពិនិត្យ​ឡើ​ង​វិញ​នូវ​គោល​នយោបាយ​ពាណិជ្ជ​កម្ម​ឆ្នាំ​២០២៥ ​របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបាន​ទទួល​ស្គាល់​ការ​អនុវត្ត​ពេញ​លេញ​របស់​កម្ពុជាលើការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ចាប់តាំងពីខែមករា ឆ្នាំ​២០២៥។មុន​នឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិនិយោគិន ឱ្យ​ចាប់​យក​កាលានុវត្ត​វិនិយោគនៅក្នុងប្រទសកម្ពុជាឱ្យបានឆាប់រហ័ស ដោយបានគូសបញ្ជាក់​អំពី​កត្តា​សំខាន់​ៗ​មួយចំ​នួនរួមមាន រាជរដ្ឋាភិបាលដែលគាំទ្រវិស័យឯកជន កម្លាំងពលកម្ម​វ័យក្មេង និង​ស្វាហាប់ ​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរបបវិនិយោគដ៏បើកទូលាយរបស់កម្ពុជា ដែល​កត្តា​ទាំង​នេះ​បាន​ផ្តល់​នូវ​ឱកាសវិនិយោគដ៏មានសក្តានុពល។ តាមរយៈការ​គាំទ្រ​ពី​កំណែ​ទម្រង់​គោល​នយោបាយ ​ការសម្រួលនីតិវិធី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព កម្ពុជា​អាច​ផ្តល់ជូ​នវិនិយោគិននូវការចូលទៅកាន់ទីផ្សារពិភពលោក ដែល​មាន​អ្នក​ប្រើ​ប្រាស់​រាប់​ពាន់​លាន​នាក់​។សូម​ជម្រាបថាឆ្នាំនេះជាឆ្នាំទី៣ ជាប់ៗគ្នា ដែលកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុងរាជធានីភ្នំពេញ។ សម្រាប់កិច្ចប្រជុំឆ្នាំ២០២៦ នេះ មានការចូលរួមពីក្រុមហ៊ុនជាតិ និង​អន្តរជាតិជាង ៣០០ ក្រុមហ៊ុន និងថ្នាក់ដឹកនាំធុរកិច្ចជិត ៧០០ នាក់។ លើស​ពី​តួ​លេខ​ទាំង​នេះ ​វេទិកានេះដើរតួជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់ និង​ការ​ផ្គូរ​ផ្គង​អាជីវកម្ម ដែលជំរុញសមាហរណកម្មតំបន់ និងស្មារតី​សហការ​ដើម្បី​ជំរុញ​អាស៊ាន​ឆ្ពោះ​ទៅ​មុខ​៕

កម្ពុជា-ធុរកិច្ចអាស៊ាន-អឺរ៉ុប បើកកិច្ចសន្ទនាលើអាទិភាពសំខាន់ៗ នៃ​ការ​ចាក​ចេញ​ប្រទេស​អភិវឌ្ឍន៍​តិចតួចរបស់កម្ពុជា

2026/03/05 10:54:38 am        217
កម្ពុជា និងធុរកិច្ចអាស៊ាន-អឺរ៉ុប បើកកិច្ចសន្ទនាដោយចំហក្នុងគោលដៅសម្រួលពាណិជ្ជកម្ម បរិវត្ត​កម្មឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ ផ្គត់ផ្គង់ និងការលើក​កម្ពស់​សមាហរណ​កម្ម​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ ​និងពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការឆ្ពោះ​ទៅ​ឆ្នាំ​២០៣០​ និងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ អនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូក្រុ​មប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដឹកនាំ​ដោយ​លោក​ស្រី​ Sharon Toh ប្រធានទទួលបន្ទុកតំបន់អាស៊ាន នៃក្រុមប្រឹក្សា ធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន​ ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​ដើម្បី​បន្ត​លើក​កម្ពស់​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ទ្វេភាគី​។ ក្នុងទម្រង់កិច្ចសន្ទនាបើកចំហ រវាងរដ្ឋនិងឯកជន ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ជុំវិញ​ប្រធាន​បទ​ជា​អាទិ៍​រួម​មាន៖ កិច្ចសម្រួលពាណិជ្ជ កម្ម បរិវត្តកម្មឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការ​លើក​កម្ពស់​សមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃ សក្ដានុពល ពិពិធកម្មទីផ្សារ តាមរយៈ​ការ​ចរចា​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរី និងគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០ និង​ការ​ចាក​ចេញ​​ពីចំ​ណាត់ក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច។ជុំវិញកិច្ចសន្ទនានេះ, បើយោងតាមផេកផ្លូវការរបស់ EU-ASEAN Business Council បាន​បង្ហាញ​ឱ្យ​ដឹង​ថា ការពិភាក្សានោះ បានផ្តោតទៅលើគន្លងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅ​ពេល​ខិត​ជិត​ដល់​ការបញ្ចប់ការសិក្សា ពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួច (LDC) ហើយ​តួនាទី​បន្ត​, ​ធុរកិច្ចអឺរ៉ុបអាចដើរតួក្នុងការជួយដល់ការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ កិច្ច​ប្រជុំ​នេះ​ដែរ​ បានអះអាងសារជាថ្មី អំពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងពាណិជ្ជកម្ម និង​វិនិយោគ​សហភាព​អឺរ៉ុប-កម្ពុជាឱ្យរឹងមាំ ចំពេលបរិយាកាស សេដ្ឋកិច្ចពិភពលោកកាន់តែស្មុគស្មាញ។ចំណែកការផ្លាស់ប្តូរនាពេលខាងមុខរបស់កម្ពុជា ពីស្ថានភាព LDC ក៏បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ការ​ពិភាក្សាផងដែរ, ការផ្លាស់ ប្តូរឈានដល់ការបញ្ចប់នៅពេលខាងមុខ វាអាច​បាត់​បង់​ការ​ចូល​ប្រើ​ប្រាស់​ពន្ធជិតសូន្យ ទៅកាន់ទីផ្សារអ៊ឺរ៉ុប ក្រោមគម្រោងអ្វីគ្រប់យ៉ាង លើកលែងតែអាវុធ (EBA)។ តំណាង EU-ABC បានសម្តែងការគាំទ្រ ចំពោះរបៀបវារៈកំណែទម្រង់របស់កម្ពុជា ខណៈ​ពេលដែលការ លើកទឹកចិត្តបន្ត ឆ្ពោះទៅរកការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់​ការ​រៀប​ចំ​ពាណិជ្ជ​កម្មអនុគ្រោះផ្សេងទៀត របស់សហភាពអឺរ៉ុប ដែលនឹងជួយ​រក្សា​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អាម៉េរិកលុបចោលពន្ធបដិការអត្រា១៩% ដោយងាកមកអនុវត្តពន្ធថ្មី ១៥% ជា​អត្រា​ទាប​ជាង​មុន

2026/03/05 10:34:17 am        279
អនុ​ប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថាពន្ធគយបដិកាដែលសហរដ្ឋអាម៉េរិក កំណត់​លើ​ទំនិញកម្ពុជាក្នុងអត្រា ១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ដោយ​ងាក​មក​អនុវត្ត​អត្រា​ពន្ធថ្មី ១៥% ដែលមានអត្រាទាបជាងមុន បន្ថែមលើ (Most-favored-nation) ដែល​ជា​គោលការណ៍ស្នូលកំណត់ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​ក្នុង​កិច្ចសម្ភាសន៍ក្នុងកម្ម វិធីកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ "ការ​ផ្លាស់​ប្តូរ​អាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម" នៅថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២៦ថា ជុំវិញពន្ធបដិការដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក បានកំណត់​លើ​ទំនិញ​កម្ពុជា​ក្នុង​អត្រា ​១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិរួចហើយ បន្ទាប់ពីតុលាការ​កំពូល​សហរដ្ឋ​អាម៉េរិក​សេច​ក្តីសម្រេចកាលពីពេលថ្មីៗ បច្ចុប្បន្នបាន ងាកមកអនុវត្តអត្រាពន្ធថ្មី ១៥% តាម​មាត្រា ១២២ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤។ ចំពោះការអនុវត្តពន្ធថ្មីនេះ មានរយៈពេល ត្រឹម​ ១៥០ ថ្ងៃប៉ុណ្ណោះ ដោយបូកបញ្ចូលជាមួយ MFN (Most-favored-nation) ដែល​ជា​គោលកា​រណ៍​ស្នូលកំណត់ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា អ្វីដែលជាក្តីកង្វល់ បន្ទាប់ពីការអនុវត្តពន្ធបដិការថ្មី ១៥% មាន​រយៈ​ពេល ១៥០ ថ្ងៃ ត្រូវ បានបញ្ចប់ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល ដោយមិនដឹងថា ប្រធានា​ធិបតីសហរដ្ឋអាម៉េរិក នឹងអនុវត្តតាមមាត្រាណាបន្ថែម ទៀតនោះទេ តែយ៉ាងក៏ដោយ កម្ពុជា​នៅ​តែបន្តនីតិវិធីលើបទប្បញ្ញត្តិផ្សេងៗរបស់ខ្លួន លើការស្នើរសុំពន្ធដិការនេះបន្ថែម ដែល​បញ្ហា​នេះ ឯកឧត្តមរំពឹងថា កម្ពុជានឹងទទួលបានអត្រាពន្ធទាបជាងមុន ដែល​បាន​កំណត់​លើ​ទំនិញ​កម្ពុជា​ក្នុងអត្រា ១៩% ។ជុំវិញពន្ធបដិការនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ការ​អនុវត្តអត្រាពន្ធ ១៥% នៅក្នុងរយៈពេល១៥០ថ្ងៃនេះ គឺមិនមាន​ការ​ប៉ះ​ពាល់​ខ្លាំង​ដល់​កម្ពុជា​នោះ​ទេ ​ខណៈកន្លងមកប្រទេសកម្ពុជាអនុវត្តលើអត្រា១៩%។ ដែលបញ្ហានេះ គឺមិន​មាន​ការ​ប៉ះពាល់​ដល់​ការប្រកួតប្រជែងរបស់កម្ពុជាឡើយ ខណៈកម្ពុជាក្នុងពេលបច្ចុប្បន្ននៅទទួលបាន EBA ក៏ដូច GSP (លើមុខទំនិញមួយចំនួន) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗជាដើម។សូមរំលឹកថា ជុំវិញអត្រាពន្ធបដិការនេះ នាពេលកន្លងមក សហរដ្ឋ​អាម៉េរិក​បាន​ដាក់​ចេញ​ពន្ធ​បដិការ​ប្រមាណ ៤៩% បន្ទាប់មកនៅថ្ងៃ ទី២ ខែមេសា ឆ្នាំ២០២៥ សហរដ្ឋ​អាម៉េរិក​បាន​ទម្លាក់​មក​នៅត្រឹម ៣៦% ហើយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានទម្លាក់បន្ថែម ទៀតមកនៅត្រឹម ១៩%​ ខណៈបច្ចុប្បន្នបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាម៉េរិក សេចក្តី​សម្រេច​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ពន្ធបដិការត្រូវ បានទម្លាក់មកនៅក្នុងអត្រាពន្ធថ្មី ១៥% បញ្ចូលជាមួយ MFN មានអត្រារង្វង់ ១៨​ ទៅ ១៩% ដែលជាគោលការណ៍ស្នូល កំណត់ ដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO)៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជនអាស៊ានតភ្ជាប់បណ្តាញធុរកិច្ច និង​វិនិយោគ​ក្នុង​តំបន់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ ខណៈសក្តានុពលវិនិយោគនៅមិនទាន់បានប្រើប្រាស់ពេញលេញ

2026/03/04 10:14:35 am        178
ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងបញ្ជាក់ថា សក្តានុពល​នៃ​ការ​វិនិយោគ​នៅ​ក្នុងតំ​បន់​អាស៊ាននៅតែមិនទាន់បានប្រើប្រាស់ពេញលេញ និងបាន​លើក​ទឹកចិត្ត​ដល់​វិស័យ​ឯកជន​អាស៊ានត​ភ្ជាប់បណ្តាញធុរកិច្ច និងវិនិយោគក្នុងគោលដៅ​ជំរុ​ញ​សមាហរណ​កម្ម​សេដ្ឋកិច្ច​តំបន់​ឱ្យ​កាន់​តែស៊ីជម្រៅបន្ថែមទៀត។លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ក្នុងឱកាស អញ្ជើញ​ជា​អធិបតី​ក្នុងកម្មវិធី Networking Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោម​មូល​បទ ​«ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» កាល​ពី​ល្ងាច​ថ្ងៃ​ទី៣ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ កម្មវិធីនេះ ក៏មាន​វត្ត​មាន​ចូល​រួម​ពី​តំណាង​ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាង​អង្គ​ទូត ​និងវិស័យឯកជនជាច្រើនរូប។ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា ចំពោះ​ការ​ប្តេជ្ញាចិត្ត​ក្នុងការពង្រឹងការតភ្ជាប់វិស័យឯកជនអាស៊ាន និងការធ្វើឱ្យកិច្ច​សហប្រតិបត្តិការ​វិនិយោគ​ក្នុង​តំបន់កាន់តែស៊ីជម្រៅ និងបានវាយតម្លៃខ្ពស់ចំពោះមូលបទរបស់កម្មវិធី ស្តីពី "ការផ្លាស់​ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម" ដែលបង្ហាញ​ពី​បំណង​ប្រាថ្នារួមស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ថ្លែងនៅ​ក្នុងសុន្ទរកថា លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់​អំពីសក្តានុពល​នៃ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ាន ដែលនៅតែមិនទាន់បានប្រើប្រាស់ពេញលេញ និងបានលើកទឹ​​ក​ចិត្ត​ដល់​វិស័យ​ឯក​ជនអា​ស៊ាន​តភ្ជាប់បណ្តាញធុរកិច្ច និងវិនិយោគក្នុង​គោល​ដៅ​ជំរុញ​សមាហរណ​កម្មសេ​ដ្ឋកិច្ច​តំបន់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ បន្ថែមទៀត។លោកជំទាវរដ្ឋមន្ត្រី បន្តថា ដើម្បីសម្រេចគោលដៅខាងលើ អាស៊ានបាន​និង​កំពុង​បន្ត​ពង្រឹង​រចនា​សម្ព័ន្ធ​ស្ថាប័ន និងក្របខណ្ឌគោលនយោបាយរបស់ខ្លួនឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព​តាម​រយៈ​ការ​ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងមួយចំនួន រួមមាន៖ កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ទំនិញ​អាស៊ាន ​និងកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រាយមួយរបស់អាស៊ានជាដើម។មុន​នឹង​បញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃការរៀបចំកម្មវិធី Networking Cocktail នាពេលនេះ ដែលបាន​ផ្តល់​ឱកាស​ដ៏​មាន​តម្លៃមួ​យ​សម្រាប់​អ្នក​ចូល​រួម​ទាំង​អស់​ភ្ជាប់ទំនាក់ទំនងគ្នា ផ្លាស់ប្តូរយោបល់ និងជាមូលដ្ឋានសម្រាប់​ភាព​ជាដៃ​គូ​នាពេ​ល​អនាគត​ ព្រមទាំងបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ប្រែក្លាយការ​ពិភាក្សា​នា​ពេល​ល្ងាច​នេះ ​ទៅជាការវិនិយោគ និងគម្រោងអាជីវកម្មជាក់ស្តែង ផងដែរ៕

មន្រ្តីជំនាញ៖ កម្ពុជាត្រូវតែបង្កើតប្រព័ន្ធអេកូឡូស៊ីដល់ SME តភ្ជាប់​ទៅឧស្សាហកម្ម​ដើម្បី​ជំរុញ​ការ​រីក​ចម្រើន

2026/03/03 01:55:56 pm        191
មន្រ្តីជំនាញឧស្សាហកម្ម ថ្លែងថា ដើម្បីជំរុញភាពរីកចម្រើនកាន់តែខ្លាំងក្លា ក្នុងវិស័យឧស្សាហកម្ម និង​សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជាត្រូវតែបង្កើតនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់វិស័យ (SME) ដើម្បីពង្រីកខ្លួនតោងខ្ពក់ទៅឧស្សាហកម្មធុនធំ គាំទ្រដល់ការ រីក​លូត​លាស់​នៃ​វិស័យ​ទាំង​ពីរ​។ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចពិភាក្សា អំពីដំ​ណោះ​ស្រាយ​របាំង​បច្ចេក​ទេស​ពាណិជ្ជ​កម្ម នៅសប្តាហ៍កន្លងមកថា វិស័យឧស្សាហកម្មបានផ្តោត លើការបង្កើត និង​ការ​ផលិត​នូវ​ផលិតផលថ្មីៗ និងសេវាកម្មថ្មី ដែលប្រើប្រាស់ចំណេះដឹង បច្ចេកវិទ្យា និងមានភាព​ច្នៃ​ប្រឌិត​ និងជាវិស័យដែលមានតួនាទីសំខាន់ៗ ក្នុងការបង្កើនភាពប្រកួតប្រជែង និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។ឯកឧត្តម បន្ថែមថា ជុំវិញវិស័យឧស្សាហកម្មនេះ អគ្គនាយកដ្ឋានឧស្សាហកម្ម បាននិងកំពុងជំរុញ និង​លើកកម្ពស់ឧស្សាហកម្ម ប្រតិគមន៍ ដើម្បីបង្កើនភាពប្រកួតប្រជែង និង​បង្កើត​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច និងមធ្យម (SME cluster) ដើម្បីជំរុញតភ្ជាប់ ទៅឧស្សាហកម្មធុនធំ។ ឯកឧត្តម បន្តថា ដើម្បីជំរុញភាពរីកចម្រើនកាន់តែខ្លាំងក្លា នៅក្នុងវិស័យឧស្សាហកម្ម និង​សហ​គ្រាស​ធុន​តូច និងមធ្យម (SME) កម្ពុជាត្រូវតែបង្កើតនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់វិស័យ (SME) ដើម្បី​ពង្រីកខ្លួនតោងខ្ពក់ទៅឧស្សាហកម្មធុនធំ ដែលបញ្ហានេះ ត្រូវមាន​ការ​ចូលរួ​ម​ពី​ស្ថាប័ន​ពាក់​ព័ន្ធ ​វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ គាំទ្រដល់ការធ្វើធុរកិច្ច ក្នុងនោះប្រសិនយើង បង្កើត​បាន​ប្រព័ន្ធ​មួយ​នេះឡើង ចំពោះកិច្ចដំណើរការធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងទីផ្សារ គឺកាន់​តែ​មាន​ប្រសិទ្ធ​ភាព ​ដើម្បីជំរុញ ដល់វិស័យទាំងពីរនេះឱ្យកាន់តែមានភាពរីកចម្រើន និងគាំទ្រដល់​កំណើន​សេដ្ឋកិច្ចជាតិបន្ថែម។ ជុំវិញ SME នេះ, ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង​មធ្យមកម្ពុជា (FASMEC) ថ្មីៗនេះលើកឡើងថា សហគ្រាសធុន តូច និងមធ្យម ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ចាត់​ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងជាវិស័យមួយអាចជួយ ជ្រោមជ្រែង​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតតំបន់ប្រមូលផ្តុំ ការឈានទៅ​តោង​ថ្ពក់​ផ្គត់​ផ្គង់​ដល់​វិស័យ​ឧស្សាហកម្ម ក្នុងគោលដៅពង្រីកអាជីវកម្មខ្លួនឯងផង និងជួយគាំទ្រដល់​ឧស្សាហ​កម្ម​ផង​ដែរ​។ ទាក់ទិនវិស័យនេះ កន្លងមកនេះ រាជរដ្ឋាភិបាលបាន ផ្តល់ហិរញ្ញប្បទានគាំទ្រ, តាមរយៈ​ការ​ទម្លាក់​កញ្ចប់​ថវិកាបណ្តុះបណ្តាល មូលនិធិអភិវឌ្ឍន៍កម្ពុជា ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកែសម្រួលនីតិវិធី ដោយកាត់​បន្ថយ​ឯកសារ​តម្រូវ​សម្រាប់​ពាក្យ​ស្នើសុំ និងកាត់បន្ថយរយៈ ពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. និងការលើក​ទឹក​ចិត្ត​ពិសេស​នៃ​ការបញ្ចុះតម្លៃចុះបញ្ជីជាដើម ប្រការទាំងនេះដើម្បីគាំទ្រដល់ការរីក លូតលាស់​នៃ​សហ​គ្រាស​ធុន​តូច និងមធ្យមនៅកម្ពុជា អាចឈរនៅលើទីផ្សារកាន់តែរឹងមាំ និងប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ខណៈ ដែលប្រជាជនកម្ពុជាបាននិងកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា បន្តលើកទឹកចិត្តឱ្យវិនិយោគលើកែច្នៃផលិតផលកសិកម្ម ទៅជាកសិ-ឧស្សាហកម្មគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

2026/03/02 03:47:17 pm        278
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តលើកកម្ពស់ដល់ម្ចាស់សហគ្រាសក្នុងស្រុក បង្កើតឧស្សាហកម្ម កែច្នៃ និងសិប្បកម្មកែច្នៃវត្ថុធាតុដើមចេញពីវិស័យកសិកម្ម ដើម្បីរុញវិស័យនេះឱ្យទៅជាកសិ-ឧស្សាហកម្ម បង្កើតតម្លៃបន្ថែមខ្ពស់ និងគាំទ្រដល់ទីផ្សារនាំចេញ។ជុំវិញវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាចាត់ជាឧបករណ៍យុទ្ធសាស្ត្រចាំបាច់មួយ ឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ វិស័យ ឧស្សាហកម្មបានបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៩,៣%, ដោយឡែកក្នុងឆ្នាំ២០២៦នេះ ទោះបីត្រូវប្រឈមនឹងបញ្ហាជាច្រើន រួមទាំង អរិភាពព្រំដែនជាមួយប្រទេសជិតខាងក្តី ក៏វិស័យនេះត្រូវបានព្យាករណ៍មានកំណើន ៧,២% ផងដែរ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្មីៗនេះបានលើកឡើងថា ជុំវិញ វិស័យឧស្សាហកម្ម នៅក្នុងពេលនេះគឺជាឱកាសមាសសម្រាប់កម្ពុជា ខណៈដែលនិន្នាការឧស្សាហកម្មធំៗបាននិងកំពុងងាកមករកដៃ គូផ្គត់ផ្គង់ក្នុងស្រុក។ ដូច្នេះនៅក្នុងកិច្ចការងារគាំទ្រហូបនីយកម្មធុរកិច្ចផលិតភាពនេះ កម្ពុជាត្រូវកសាងគ្រឹះឱ្យបានរឹងមាំ តាមរយៈខ្លួន ឯង និងកិច្ចសហប្រតិបតិការជាមួយដៃគូរ ដើម្បីទម្លូសនូវរបាំងទាំងនោះ តាមរយៈការបន្តធ្វើពិពិធកម្មវិស័យឧស្សាហកម្ម ក្នុងទិសដៅ ទាក់ទាញវិនិយោគិន ជាពិសេសកម្មន្តសាលកែច្នៃ ឱ្យក្លាយទៅជាកសិ-ឧស្សាហកម្ម ដើម្បីបម្រើទីផ្សារក្នុងស្រុកនិងនាំចេញ។ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ជុំវិញការនាំចេញឃើញថា ទំនិញរបស់កម្ពុជា កំពុងមាននិន្នាការកើនឡើង ក្នុងនោះចំពោះវិស័យកសិកម្ម ភាគច្រើនកម្ពុជាបាននាំចេញជាប្រភេទកសិផលស្រស់។ បញ្ហានេះ, ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវដល់សហគ្រិនក្នុងស្រុក សិក្សាលទ្ធភាពបន្ថែម លើគម្រោងវិនិយោគកសិ-ឧស្សាហកម្មកែច្នៃ ឬការវេច ខ្ចប់ចេញជាផលិតផលសម្រេចផ្សេងៗ ដើម្បីបង្កើតតម្លៃបន្ថែម និងការងារ ជាពិសេសការចូលរួមពង្រីងទីផ្សារក្នុងស្រុក ឱ្យមានផលិត ផលកាន់តែសំបូរបែប ដើម្បីជំនួសទីផ្សារនាំចូល។សូមបញ្ជាក់ថា វិស័យឧស្សាកម្មនៅក្នុងឆ្នាំ២០២៥, បានបង្កើតតម្លៃបរិមាណផលិតផលសរុប មានចំនួនជាង ១៣,៥ ពាន់លានដុល្លារ អាមេរិក ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជាង ៣,៦ ពាន់លានដុល្លារអាមេរិក និងតម្លៃបរិមាណ ផលិតផលការនាំចេញមាន ចំនួនជិត ១០ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានឹងបន្តអភិវឌ្ឍស្តង់ដាជាតិ សម្រាប់ផលិតផលថ្មីៗក្នុងស្រុកដែលជាប្រភពកំណើនសេដ្ឋកិច្ច

2026/03/02 02:09:38 pm        180
កម្ពុជានិងបន្តអភិវឌ្ឍស្តង់ដាជាតិ សម្រាប់ផលិតផលថ្មីៗក្នុងស្រុក ដែលជាប្រភពកំណើនសេដ្ឋកិច្ច និងការបន្តរៀបចំសុខដុមនីយ- កម្មអាស៊ាន ជំរុញការសម្របសម្រួលទទួលស្គាល់គ្នាទៅវិញទៅមក សម្រាប់ការធ្វើពាណិជ្ជកម្មក្នុងក្របខណ្ឌទីផ្សារអាស៊ានឱ្យកាន់តែធំ។តាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញនូវឆន្ទះ ខ្ពស់ នៃការបន្តលើកកម្ពស់ការងារស្តង់ដារ បទប្បញ្ញាត្តិបច្ចេកទេស និងការវាយតម្លៃទទួលស្គាល់អនុលោម ដើម្បីចូលរួមគាំទ្រសវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសគាំទ្រដល់ការជំរុញធ្វើពាណិជ្ជកម្មកម្ពុជាក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ។ ជុំវិញការងារស្តង់ដារនេះ គិតត្រឹមបំណាច់ឆ្នាំ២០២៥, ក្រុមប្រឹក្សាស្តង់ដាជាតិ បានអនុម័តស្តង់ដាជាតិសរុបចំនួន ១.២០៣ ស្តង់ដារ ក្នុងនោះស្តង់ដាម្ហូបអាហារមានចំនួន ៣៨៩, ស្តង់ដារអគ្គិសនីនិងអេឡេត្រូនិច ២៣៩, វិធីសាស្រ្តធ្វើតេស្ត ១៧២, សារធាតុគីមី ៤០, សំណង់ ៤៧, ផលិតផលយានយន្ត ៦៣, ផលិតផលកៅស៊ូ ៦៧, ផលិតផលពីឈើ ៧៦, ក្រមអនុវត្ត ៩, ស្តង់ដា វាក្យស័ព្ទ ១, ប្រព័ន្ធគ្រប់គ្រង ៥៣, ឌីជីថល ២០, គ្រឿងសំអាង ១៩ និងវាយនភណ្ឌ ៩ ស្តង់ដា។ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ជុំវិញ ការងារស្តង់ដារ, កម្ពុជាត្រូវតែមានផែនទីបង្ហាញផ្លូវ (Road Map) ឆ្នាំ២០២៦-២០៣០ សម្រាប់ជំរុញនិងអនុវត្តការងារស្តង់ដា បទ- ប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម ដែលស្ថិតក្រោមកិច្ចព្រមព្រៀង RECP ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាព ជាតិ ជាពិសេសការអនុវត្តស្តង់ដា ដែលជាម៉ែត្រដ៏សំខាន់លើការទទួលស្គាល់គុណភាព និងការវាយតម្លៃភាពអនុលោម ដើម្បីធានាថា ផលិតផល និងសេវាកម្មមានសុវត្ថិភាព និងគុណភាព។សូមបញ្ជាក់ថា នៅឆ្នាំ២០២៦នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានវិទ្យាស្ថានស្តង់ដាកម្ពុជា ដែល ជាសេនាធិការ នឹងបន្តរៀបចំស្តង់ដាជាតិសម្រាប់ផលិតផលថ្មីៗ ដែលជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច និងការបន្តរៀបចំសុខដុមនីយកម្ម អាស៊ាន និងកិច្ចសម្របសម្រួលទទួលស្គាល់គ្នាទៅវិញទៅមក សម្រាប់ការធ្វើ ពាណិជ្ជកម្មក្នុងក្របខណ្ឌទីផ្សារអាស៊ានឱ្យកាន់តែធំ។ ក្រៅពីនេះការដំឡើងកម្រិតសមាជិកភាពរបស់កម្ពុជា ទៅស្តង់ដាអង្គរអន្តរជាតិ IEC ជាពិសេសការបន្តជំរុញឱ្យមានការទទួលស្គាល់ លើ ស្តង់ដាអន្តរជាតិ ISO 17021:2015 សម្រាប់ស្តង់ដាប្រព័ន្ធ ISO 9001:2015 និង ISO 22000: 2018 និងស្តង់ដារអន្តរជាតិ ISO 17065:2015 សម្រាប់ស្តង់ដាផលិតផល ក្រៅពីនេះនឹងបន្តជំរុញលើស្តង់ដាផ្សេងៗ ដើម្បីឆ្លើយតបទីផ្សារ។ នឹងបន្តរៀបចំបទប្បញ្ញត្តិ បច្ចេកទេសពាក់ព័ន្ធ និងការបន្តជំរុញចុះបញ្ជីផលិតផលម្ហូបអាហារ អគ្គិសនីនិងអេឡេត្រូនិច សារធាតុគីមី និងយានយន្ត។ ការបន្តរៀប ចំគោលនយោបាយជាតិ សម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ជាពិសេសការបន្តវិសោធនកម្មច្បាប់ ស្តីពីស្តង់ដារកម្ពុជា ឱ្យ ស្របទៅនិងនិន្នាការទីផ្សារសកល និងតំបន់ និងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី កិច្ចព្រមព្រៀងអានស៊ាន និងប្រទេសដៃគូពាណិជ្ជកម្មផ្សេងៗ និងការរៀបចំ សេចក្តីព្រាងទំនិញគ្រោះថ្នាក់ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី 

វិស័យឯកជន៖ កម្ពុជាកំពុងឈរលើមាគ៌ា ឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០

2026/02/28 01:54:19 pm        233
វិស័យឯកជនរំពឹងថា ការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ទោះជួបបញ្ហាប្រឈម ក្នុងស្រុក និងភាពមិនប្រាកដប្រជានៃពិភពលោក កម្ពុជានៅតែសម្រេចបានតាមការគ្រោងទុក ខណៈកម្ពុជាបាននិងកំពុងឈរលើមាគ៌ា កំណើន និងបានកំពុងដើរឆ្ពោះទៅមុខលើផ្លូវតែមួយ។ បណ្ឌិត ខាត់ បូរ៉ា អ្នកជំនាញក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល នេះថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់ឥតងាករេ ក្នុងការសម្រេចឱ្យបាននៃការប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយក្នុងនោះកម្ពុជាបានប្រកាន់យកនូវ ស្មារតីកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ច ដើម្បីកសាងភាពធន់ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។លោកបណ្ឌិត បន្តថា ជុំវិញបញ្ហាក្នុងពេលបច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រាកដប្រជា និងការប្រឈម បញ្ហាព្រំដែនជាមួយថៃ ឃើញថា សេដ្ឋកិច្ចកម្ពុជាមិនទាន់មានចំណុចណាស្រុតចុះនៅឡើយ ផ្ទុយទៅវិញបន្ទាប់ពីប្រជាជនកម្ពុជាធ្វើ ពហិការ សហគ្រិនក្នុងស្រុកបាននិងកំពុងចេញដំណើរយ៉ាងផុសផុស និងមានការរូបរួមគ្នា ដើម្បីក្លាយជាកំលាំងមួយកាន់តែរឹងមាំ នេះឆ្នាំ២០៣០, ចំណែកឆ្នាំ២០៥០ កម្ពុជានៅមានពេលវេលាក្នុងការរៀបចំ សម្រាប់ការធ្វើដំណើរឆ្ពោះទៅមុខបន្ថែមទៀត។ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងផងដែរថា ជុំវិញការឈានទៅឆ្នាំ២០៣០ និង ២០៥០ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល បានកំពុងដាក់ចេញនូវចក្ខុវិស័យរៀងៗខ្លួន ដោយឈរលើមាគ៌ាគោលដៅតែមួយ ក្នុងការ ឆ្ពោះទៅសម្រេចគោលដៅរទាំងនេះ។ ចំណែកវិស័យឯកជន បច្ចុប្បន្នបាននិងកំពុងចេញដំណើរស្របតាមគោលដៅចររបស់រាជរដ្ឋាភិ បាលផងដែរ តាមរយៈការពង្រឹង និងពង្រីកអាជីវកម្ម និងស្រូបយកកំលាំងពលកម្មដោយប្រើប្រាស់ជំនាញដែលមានតម្លៃខ្ពស់ ដោយ ធ្វើឱ្យផលិតផលសរុបក្នុងស្រុក (ផ.ស.ស) សម្រាប់មនុស្សម្នាក់នឹងហក់ឡើងកាន់តែខ្ពស់។ជុំវិញការឈានទៅសម្រេចនូវគោលដៅចរនេះ រាជរដ្ឋាភិបាលបានដាក់ចេញអាទិភាពកំណែទម្រង់គន្លឹះចំនួន៧ សម្រាប់គាំទ្រដល់ការ អនុវត្តយុទ្ធសាស្រ្ត ព្រមទាំងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់រួមមាន៖ ការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមក ពីជំងឺរាតត្បាតកូវីដ-១៩ (អនុវត្តរយៈពេលខ្លី), ការលើកកម្ពស់ស្ថាប័នប្រកបដោយគណនេយ្យភាព និងបរិយាបន្ន ដើម្បីផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាព, ការពង្រឹងនិងការពង្រីកប្រព័ន្ធគាំពារសង្គម, ការវិនិយោគលើធនធានធម្មជាតិរបស់ប្រទេស កម្ពុជាប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវកំណើន និងការអភិវឌ្ឍរយៈពេលវែង, ការបន្តពង្រីក កែលម្អ និងធ្វើពិពិធកម្មវិស័យ កម្មន្តសាល មានសារៈសំខាន់សម្រាប់ការជោគជ័យសេដ្ឋកិច្ច, ការធ្វើទំនើបកម្មវិស័យកសិកម្ម (ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល), និងការវិនិយោគលើវិស័យអប់រំប្រកបដោយគុណភាព ការកសាងជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី

ប្រធាន AmCham៖ កម្ពុជានៅតែរក្សាភាពប្រកួតប្រជែង​ការនាំចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក​បើ​ទោះជា​រងពន្ធគយថ្មី ១៥% ដែលអាមេរិកដាក់ជាសកល

2026/02/27 02:23:36 pm        178
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) បានអះអាងថា ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ក្នុង​ការ​រក្សា​បាន​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក បើទោះជាត្រូវបានជាប់ពន្ធបដិការថ្មី ១៥% របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្មីៗនេះ។លោក ខេស៊ី បាណេត (Casey Barnett) ប្រធាន​សភាពាណិជ្ជ​កម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​(AmCham) បានពន្យល់ថា ការរក្សាបាននូវភាពប្រកួតប្រជែងនេះ គឺដោយសារតែ ប្រទេស​ជុំវិញ​ពិភព​លោកទាំងអស់ត្រូវបង់ពន្ធគយក្នុងអត្រា ១៥% ស្មើៗគ្នា ដែលខុស​ពី​ពេល​មុន​ប្រទេស​កម្ពុជា​ត្រូវ​បង់ពន្ធ ១៩% គឺខ្ពស់ជាងដៃគូប្រកួតប្រជែងរបស់កម្ពុជាមួយចំនួន ដែល​មាន​ផលិត​ទំនិញ​ដូចគ្នា ដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដើម។ លោក ខេស៊ី បាណេត បន្ថែមទៀតថា លើសពីនេះ ប្រទេសកម្ពុជា​មាន​ទីតាំង​ភូមិ​សាស្រ្ត​អំណោយ​ផល​ រួមផ្សុំនឹងមានកម្លាំងពលកម្មជំនាញវិស័យក្មេងច្រើន និងតម្លៃឈ្នួល​កម្មករ​នៅ​មានភាព​ប្រកួត​ប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់។សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​ពន្ធបដិការ​ជា​សកល​ថ្មី​ក្នុង​អត្រា ១៥% លើប្រទេសទាំងអស់ជុំវិញពិភពលោក កាលពីថ្ងៃសៅរ៍ (២១ កុម្ភៈ) បន្ទាប់​ពី​ប្រធានាធិបតីសហរដ្ឋអាមេរិក មិនសប្បាយ​ចិត្ត​ទៅ​នឹង​សេចក្តី​របស់​តុលាការ​កំពូល​របស់​អាមេរិក​ថា ពន្ធបដិការលើប្រទេសនីមួយជុំវិញពិភពលោករបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​ខុស​ច្បាប់ និងត្រូវដកចោលភ្លាមៗ៕ អត្ថបទ៖ ធូ វិរៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM
លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ
04/30/2026 08:04 PM
ជនជាតិជ្វីហ្វអង់គ្លេស ទាមទារកិច្ចប្រឹងប្រែងបន្ថែមទៀតពីរដ្ឋាភិបាល ក្រោយការវាយប្រហារដោយកាំបិត
04/30/2026 08:04 PM
កណ្តុររាតត្បាតជំរំតង់នៅតំបន់ហ្គាហ្សា ខាំក្មេងៗ និងធ្វើឲ្យរីករាលដាលជំងឺ
04/30/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យមាន «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកអាចទុកចិត្តបាន»
04/30/2026 08:04 PM
អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង
04/30/2026 07:04 PM
ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់
04/30/2026 07:04 PM
ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei
04/30/2026 07:04 PM
ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន
04/30/2026 07:04 PM