ចិនសន្យានាំចូលកសិផលដែលមានគុណភាពពីកម្ពុជា និងជំរុញអ្នកវិនិយោគបន្ថែម
កម្ពុជា-ចិនចុះកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ច្បាប់ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ
ឯកអគ្គរាជទូតថៃ៖ កម្ពុជា-ថៃនៅមានវិស័យសក្ដានុពលច្រើន ដើម្បីជាផលប្រយោជន៍ប្រទេសទាំងពីរ
ក្រុមហ៊ុនថ្មីចំនួន៦ថែមទៀត នឹងចុះបញ្ជីមូលបត្រនៅផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ២០២៥នេះ

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនធំៗចំនួន២ បន្ដចុះកិច្ចសន្យាបញ្ជាទិញស្រូវ និងដំឡូងមីសរីរាង្គរពីកសិករ ក្នុងខេត្តព្រះវិហារ ក្នុងបរិមាណសរុប៤៣,៧៧០តោន

2023/06/23 04:56:19 pm        188
ព្រះវិហារ៖ ស្រូវនិងដំឡូងមីសរីរាង្គរបស់កសិករក្នុងខេត្តព្រះវិហារ ដែលចាត់ទុកជាខេត្តផលិតបាន នូវកសិផលសរីរាង្គដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ត្រូវបានក្រុមហ៊ុនធំៗចំនួន២ បន្ដចុះកិច្ចសន្យា ទទួលទិញពីសហគមន៍កសិកម្មចំនួន៣១ នៅក្នុងខេត្តព្រះវិហារ លើបរិមាណសរុប៤៣,៧៧០ តោន ក្នុងរដូវកាលឆ្នាំ២០២៣នេះ ។កិច្ចសន្យាទិញលក់ ស្រូវ និងដំឡូងមីសរីរាង្គនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំ សាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុក គឹម សាន្ដ អភិបាលរងខេត្ត លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេម រុរ៉ាយស៍ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អង្គការដៃគូរអភិវឌ្ឍន៍ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ថ្នាក់ដឹកនាំសហគមន៍ កសិកម្មទាំង ៣១ និងកសិករជាក្រុមផលិតជាច្រើនរូបទៀត។លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២កន្លងមកនេះ យើងមានកសិផលសរីរាង្គសរុបចំនួន ២៨,០០០តោន ត្រូវបានផលិត និងផ្គត់ផ្គង់ តាមកិច្ចសន្យា ពីកសិករប្រមាណជាង៥,០០០គ្រួសារ ក្នុងនោះរួមមាន ស្រូវសរីរាង្គ ចំនួន ១៥,០៨០តោន, ដំឡូងមីសរីរាង្គ ១៣,០០០តោន, និងសណ្ដែកដីសរីរាង្គ ចំនួន៥ តោន។ហើយក្នុងចំណោមលទ្ធផលនៃ កិច្ចសន្យាដែលសម្រេចបានខាងលើក្រុមហ៊ុនអេមរុ រ៉ាយ ស៍ និង ក្រុមហ៊ុន ស៊ីអេស៊ីស៊ី គឺជាក្រុមហ៊ុនធំជាងគេបំផុតក្នុងការទទួលទិញកសិផលពី ​កសិករ ក្នុង​ខេត្តព្រះវិហារ ដែលអាចនិយាយបានថាជាង ៩០%នៃលទ្ធផលនេះ បានមកពីការបញ្ជាទិញ របស់ក្រុមហ៊ុនទាំងពីរនេះ។ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយ៍កម្ពុជា ប្ដេជ្ញាខិតខំប្រឹងប្រែង យក​ចិត្តទុកដាក់ខ្ពស់ ក្នុងការជម្រុញការផ្សព្វផ្សាយ​ និងនាំចេញអង្ករសរីរាង្គខេត្តព្រះវិហារ ឆ្ពោះទៅកាន់​ទីផ្សារពិភពលោកឱ្យកាន់តែទូលំទូលាយ និងខ្លាំងក្លាបំផុត ​ក្នុងគោលដៅធ្វើយ៉ាង ណាឱ្យ​អង្ករព្រះវិហារ កាន់តែមាន​កេរ្តិ៍ឈ្មោះ​ល្បីនៅឆាកអន្ដរជាតិ។ ​ហើយទោះបែបនេះក្ដី លោក នៅតែបន្ដទទូចស្នើសុំដល់កសិករផលិតទាំងអស់សូមមេត្តាបន្ដភាពស្មោះត្រង់របស់ខ្លួន ​ធ្វើយ៉ាង ណាត្រូវគោរពទៅតាមគោលការណ៍កិច្ចសន្យា ពិសេសស្ដង់ដាសរីរាង្គ។ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងសហការគ្នាបានយ៉ាងល្អ ​ពីគ្រប់ភាគីពាក់ព័ន្ធ ដោយមានការ​សម្របសម្រួល​ពីមន្ទីរកសិកម្ម រហូតឈានដល់ការសម្រេចបានជាបន្ដបន្ទាប់នូវក្នុងក្របខណ្ឌ​កសិកម្មតាមកិច្ចសន្យា ​ដែលអាច ចាត់ទុកថាជាខ្សែបន្ទាត់​ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នាឆ្ពោះ ​ទៅទិសដៅមួយយ៉ាងជាក់លាក់ ​ពិតប្រាកដ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ​ដោយឈរ លើគោលការណ៍សំខាន់ ៣គឺ៖ ធានាបាននូវបរិមាណផ្គត់ផ្គង់​ប្រកបដោយ​និរន្តរភាព គុណភាព ផលិតផល ​ធានាបាននូវតម្លៃ ​សាមគ្គីភាព កិច្ចសហការ ជំនឿ​ទុកចិត្ត និងផ្ដល់ផល ប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក​ ដើម្បីជម្រុញឲ្យវិស័យកសិកម្ម នៅក្នុងខេត្ត​ព្រះវិហារ នឹងក្លាយជាកសិកម្ម បែបសរីរាង្គចាប់ពីមូលដ្ឋាន រហូតដល់ទីផ្សារចរាចរផលិតផល ដើម្បី​សម្រេចបាននូវគោល នយោបាយ ជម្រុញផលិតកម្មស្បៀង និងការនាំចេញរបស់រាជរដ្ឋាភិបាល​កម្ពុជា ជួយបង្កើននូវ ​កំណើនសេដ្ឋកិច្ចជាតិ ​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើន​ប្រាក់ចំណូល ផ្ទាល់ដល់ក្រុមកសិករជាអ្នកផលិត។គួរបញ្ជាក់ថា ក្រុមហ៊ុនធ្វើការបញ្ជាទិញស្រូវ និងដំឡូងមីសរីរាង្គរពីកសិករ សម្រាប់​កែច្នៃវេចខ្ចប់នាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ក្នុងនោះរួមមានក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា ចុះកិច្ចសន្យាទិញស្រូវសរីរាង្គ លើបរិមាណសរុប ១៦,០០០តោន និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ចុះកិច្ចសន្យាទិញដំឡូងមី សរីរាង្គលើបរិមាណសរុប ២៥,០០០តោន និងសណ្តែកដីសរីរាង្គ លើបរិមាណសរុប ១០តោន។ លើសពីនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏បានផ្តល់ឥណទានពូជស្រូវផ្កា​ រំដួលចុះបញ្ជីប្រមាណជា ៥៩,៤០០គីឡូក្រាម ​សម្រាប់ការដាំដុះក្នុងឆ្នាំ២០២៣នេះ ​ដើម្បីរួមចំណែក ក្នុងការបង្កើនទិន្នផល និង​គុណភាពអង្ករសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕ 

ចំណូល GDP Per Capita នៅកម្ពុជា រំពឹងងកើនឡើងដល់ជិត២ ០០០ ដុល្លារ ក្នុងឆ្នាំ២០២៣

2023/06/23 11:28:53 am        166
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា ចំណូលសម្រាប់មនុស្សម្នាក់ ឬ GDP Per Capita នៅកម្ពុជា រំពឹងនឹងកើនដល់ ១ ៩៣២ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ នេះ កើនឡើងពី ១ ៧៨៤ ដុល្លារ ក្នុងឆ្នាំ២០២២ ដោយគាំទ្រដោយសេដ្ឋកិច្ចកម្ពុជា ស្ថិតនៅលើកំណើនល្អប្រសើរ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងពីបច្ចុប្បន្នភាពនៃម៉ាក្រូសេដ្ឋកិច្ចចុងក្រោយរបស់ប្រទេសកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ២៣ ប្រវែង ១៩.៨៣ គីឡូម៉ែត្រ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ការអភិវឌ្ឍសម្រេចបានលើ​គ្រប់វិស័យ​ប្រកបដោយនិរន្តរភាព ​និងសមធម៌ ទាំងក្នុងទីក្រុង និងជនបទ ខណៈប្រជាជនទទួល​បានការអប់រំខ្ពស់ និងកម្រិតជីវភាពសមរម្យ ស្របពេលដែលអតិផរណាបានស្ថិតក្នុងកម្រិត​ដែលអាចគ្រប់គ្រងបាន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកឡើងថា កម្ពុជា បានងើបចេញពីវិបត្តិកូវិដ១៩ បានលឿនជាង​ប្រទេស​ផ្សេងទៀត​ជុំវិញពិភពលោក ដែលជាកត្តាជំរុញសេដ្ឋកិច្ចកម្ពុជាមានកំណើនល្អប្រសើរ។កម្ពុជា ត្រូវបានគេរំពឹងថានឹងសម្រេចបាននូវកំណើន GDP ក្នុងរង្វង់ ៥,៦ភាគរយ នៅឆ្នាំ ២០២៣ កើនឡើងពី៥,២ភាគរយនៅឆ្នាំ ២០២៣ និង ៣ ​ភាគរយនៅឆ្នាំ២០២១ បន្ទាប់ពីធ្លាក់ចុះដល់ដក ៣,១ ភាគរយនៅឆ្នាំ២០២២។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា៖ រាជរដ្ឋាភិបាល នៅតែកំណត់ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ស្ពានជាអាទិភាពខ្ពស់ ព្រោះថាវាដូចជាក្បាលរថភ្លើង​ដែលជំរុញកំណើនសេដ្ឋកិច្ច និងជាមធ្យោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​ប្រកបដោយប្រសិទ្ធភាព ព្រោះផ្លូវថ្នល់ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ច ៕ អត្ថបទ៖ វណ្ណៈ

កម្ពុជានាំចេញទំនិញកើនឡើងគួរឱ្យកត់សម្គាល់ទៅប្រទេសថៃ

2023/06/23 11:10:59 am        450
ភ្នំពេញ៖ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ កំពុងមានកំណើនកើនឡើងល្អប្រសើរ ដោយបានបង្ហាញឲ្យឃើញពីសម្ទុះនៃការអភិវឌ្ឍរីកចម្រើននៅគ្រប់វិស័យ និងតម្រូវការទំនិញ​ជា​ពិសេសផលិតកសិកម្ម។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងនៅក្នុង​ពិធី​ពិសារអាហារសាមគ្គី ​និងសំណេះសំណាលជាមួយធុរកិច្ច អាជីករ និងធ្វើអាជីវកម្មនៅកម្ពុជា នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣នេះថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ ​នៅកម្ពុជាបានល្អប្រសើរ ក្រុមធុរកិច្ច អាជីករ និងម្ចាស់ផលិតកម្ម តែងតែជួប​ផ្លាស់ប្តូរ​នូវបទពិសោធន៍ និងព័ត៌មាន​ផ្សេងៗ​ជុំវិញការធ្វើអាជីវកម្ម ដើម្បីស្វែងរកនូវចំណុចអភិវឌ្ឍន៍រីកចម្រើន។នៅក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២៣នេះ ពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរ មានកំណើន​ថយចុះ បើធៀបនិងរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះការនាំចូលទំនិញរបស់ថៃមកកម្ពុជា បានធ្លាក់ចុះជាង ​១៤ ភាគរយ ។ ​ការថយចុះនៃការនាំចូលពីថៃនេះ ​គឺដោយសារវិនិយោគិនថៃ បាន​មកបណ្តាក់ទុកវិនិយោគនៅកម្ពុជាជាច្រើន ​ដោយបង្កើតរោងចក្រនៅកម្ពុជា សម្រាប់ផលិតផ្គត់ផ្គង់​ដល់កម្ពុជា ជំនួសការចូល ។លោកស្រី បន្តថា ស្របពេលទំនិញថៃនាំចូលបានថយចុះនេះ ​យើងឃើញថា ការនាំចេញទំនិញ​របស់​កម្ពុជាទៅប្រទេសថៃ ជាពិសេសនៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២៣ នេះ មានការកើនឡើង​គួរឲ្យកត់សម្គាល់ នេះបានបង្ហាញឲ្យឃើញពី​សម្ទុះ​រីកចច្រើនរបស់កម្ពុជា ជាពិសេស​វិស័យឧស្សាហ៍កម្ម ​និងកសិកម្មជាដើម ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់​កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២៣ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឲ្យដឹងថា​ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ​និងថៃ មានទំហំទឹក​ប្រាក់សរុបជាង ១ ៧០០ លានដុល្លារ ថយចុះជាង ៨ ភាគរយ​ ធៀបនិងឆ្នាំ​ ២០២២ ក្នុងនោះ​ការនាំទំនិញថៃចូលកម្ពុជា មានទឹកប្រាក់ជាង ១ ២០០ លានដុល្លារ​ ថយចុះជាង ១៤ ភាគរយ ខណៈដែលការនាំចេញទំនិញរបស់កម្ពុជាទៅប្រទេសថៃ​ មានទំហំជាង ៤៨០ លានដុល្លារ បានកើនឡើងជិត ១០ ភាគរយ បើធៀបនិងឆ្នាំ ២០២២៕អត្ថបទ៖ សុន រ៉ាឌី

កំពង់ផែដងទង់ថ្មីបើកឲ្យប្រើប្រាស់ជាផ្លូវការនឹងជំរុញសេដ្ឋកិច្ច ទេសចរណ៍ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ

2023/06/23 10:49:23 am        227
កោះកុង៖ កំពង់ផែថ្មី លើទឹកដីខេត្តកោះកុង បានបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែបនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ។នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និងដឹកជញ្ជូន ​បានអញ្ជើជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យ​ប្រើប្រាស់​ជាផ្លូវការ កំពង់ផែដងទង់​ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរ ​ដោយមានរចនាបទបែបទំនើប សាងសង់​ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ​ ដែលធានានូវការប្រើប្រាស់យូរអង្វែង។ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ឲ្យដឹងថា កំពង់ផែទេសចរណ៍ និង​ទំនិញរាយ ដងទង់ ជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃហេដ្ឋរចនា​សម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤​ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ច​ប្រកប​ដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ និងវៀតណាម។ ការកសាងហេដ្ឋរចនាសម្ព័ន្ធកំពង់ផែនេះ​ ធ្វើឡើងក្នុងគោលបំណងសម្រួលការដឹក​ជញ្ជូន​ទំនិញ អ្នក​ដំណើរ អ្នកទេសចរណ៍ ​នៅតាមតំបន់ឆ្នេរសមុទ្រ ​ប្រកប​ដោយ​សុវត្ថិភាព ​និងប្រសិទ្ធិភាព។សូមជម្រាបថា បន្ថែមពីលើកំពង់ផែ ​ដែលបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ខេត្តកោះកុង​នឹងទទួលបានសមិទ្ធផលធំៗជាចំណងដៃក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនទៀតដូចជា ផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ តភ្ជាប់ក្រុងខេមរភូមិន្ទ ទៅកាន់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ១០ ​មានប្រវែងជាង ១៩៨ គីឡូម៉ែត្រ ​តភ្ជាប់ខេត្តកោះកុង​ ទៅកាន់ខេត្តពោធិ៍សាត់ និងបន្តដល់ខេត្តបាត់ដំបង៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

ក្រសួងសេដ្ឋកិច្ច ដាក់ឱ្យដំណើរការប្រព័ន្ធបចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យា ដំណាក់កាលទី៣

2023/06/22 01:52:58 pm        133
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យដំណើរការប្រព័ន្ធបចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យា ដំណាក់កាលទី៣ នៅថ្ងៃទី២២ ខែមិថុនា​ ដោយគ្របដណ្តប់ដល់ការផ្តល់អាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាតជំនាញ និងឯកសារពាក់ព័ន្ធផ្សេងទៀត ពីក្រសួងស្ថាប័នចំនួន១២។ពិធីប្រកាសដាក់ឱ្យដាក់ឱ្យដំណើរការប្រព័ន្ធបចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យា ដំណាក់កាលទី៣ ត្រូវបានរៀបចំឡើងក្រោមអធិបតិរបស់ ឯកកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្រ្តីពាក់ព័ន្ធជាច្រើនរូប។​ការដាក់ដំណើរការប្រព័ន្ធបចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យា ​ដំណាក់កាលទី៣ គឺបន្ទាប់​ពីប្រព័ន្ធនេះ បានដាក់ឱ្យដំណើរការប្រកបដោយជោគជ័យ ចំនួនពីរដំណាក់កាលរួចមកហើយ ចាប់តាំងពីខែមិថុនា​ឆ្នាំ២០២០​។ដំណាក់កាលទី១ គឺជាការចុះបញ្ជីអាជីវកម្មជាខ្សែច្រវ៉ាក់ ដោយបូកបញ្ចូលការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់សេចក្តីជូនដំណឹងបើកសហគ្រាសនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ រីឯដំណាក់កាលទី២ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ដោយផ្តោតលើការផ្តល់អាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាតជំនាញ ពីក្រសួង ស្ថាប័នចំនួន៤ ដូចជា ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​ ក្រសួងទេសចរណ៍ និង​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង​និយតករអាជីវកម្មអចលនទ្រព្យ និង​បញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។សូមបញ្ជាក់ថា​ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ​ដំណាក់កាលទី១ បាន​ចុះបញ្ជីស្ថាពរ ដល់ក្រុមហ៊ុន ចំនួនជាង ២.៦ម៉ឺនក្រុមហ៊ុន​ ដែលមាន​ទុនវិនិយោគសរុបជាង ៧.៧ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៤ ​ខែមិថុនា ឆ្នាំ២០២៣​។ដោយឡែក ប្រព័ន្ធចុះបញ្ជីអាជីវកម្ម ​តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ​ដំណាក់កាលទី២ ទទួល​បានពាក្យស្នើសុំអនុម័ត​ ចំនួនជាង ៦០០ក្រុមហ៊ុន​ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា​ឆ្នាំ២០២៣៕ អត្ថបទ៖ វណ្ណៈ 

ស្ថានភាពប្រមូលពន្ធដារល្អប្រសើរ ឆ្លុះបញ្ចាំងជំនឿទុកចិត្តរបស់ធុរជនមកលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជា

2023/06/22 01:06:28 pm        104
ភ្នំពេញ៖​ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ទោះបីឆ្នាំ២០២៣ ជាឆ្នាំដែលកម្ពុជា ត្រូវរៀបចំការបោះឆ្នោតក្តី ក៏ស្ថានភាពចំណូលពន្ធដារសម្រាប់រយៈពេល៥ខែ ដើមឆ្នាំ២០២៣ សម្រេចបានយ៉ាងល្អប្រសើរ ដែលការណ៍នេះ បាននិងកំពុងឆ្លុះបញ្ជាំងអំពីជំនឿចិត្តរបស់ធុរជន និងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ច និងនិយោបាយរបស់កម្ពុជា។អគ្គនាយក ពន្ធដារ លើកឡើងបែបនេះ ក្នុងជំនួបជាមួយវិស័យឯកជន ធុរជន ពាណិជ្ជករ ក្នុងវេទិកាស្តីពន្ធដារ ដោយសហការរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា AmCham កាលពីថ្ងៃទី២១ខែមិថុនាកន្លងទៅ។យោងតាមសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម គង់ វិបុល បានលើកឡើងថា សុខសន្តិភាព និងស្ថិរភាព​និយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃការរក្សាបាននូវនិរន្តរភាព និងចីរភាព​កំណើនចំណូលពន្ធ ទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​កម្ពុជា បានឆ្លងកាត់នូវដំណាក់​កាលដ៏លំបាក នៃការរាតត្បាតនៃជំងឺកូវីដ១៩ ហើយបាននិងកំពុងឆ្លងកាត់​នូវហានិភ័យដែល​បណ្តាលមកពីភាពមិនប្រាកដប្រជា ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារ​ការបន្តធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ព្រមទាំងការអូសបន្លាយនៃវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ក្នុងវេទិកាខាងលើ អគ្គនាយក ពន្ធដារ បានផ្តាំផ្ញើដល់ធុរជនទាំងអស់ ពិសេសសមាជិក​ សមាជិកា​នៃសភាពាណិជ្ជកម្មនៅកម្ពុជា បន្តផ្តល់ទំនុកចិត្តលើរាជរដ្ឋាភិបាល ហើយសូមកុំស្ទាក់ស្ទើរក្នុងការ​បន្តពង្រឺកការវិនិយោគនៅកម្ពុជា។ទន្ទឹមនឹងនេះ ឯកឧត្តម គង់ វិបុល ក៏បានលើកឡើងក្នុងវេទិកា អំពីការដាក់ឱ្យប្រើប្រាស់​នូវច្បាប់​សារពើពន្ធថ្មី កាលពីខែឧសភា កន្លងទៅ ដែលច្បាប់នេះ នឹងឆ្លើយតបនូវកង្វល់ និងបញ្ហាប្រឈម​នានា​ ដែលបានលើកឡើងដោយវិស័យឯកជន ដោយធាតុចូលជាច្រើនពីវិស័យឯកជន ​និងក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបានយកមកពិនិត្យ ពិចារណា​ និងច្របាច់បញ្ចូលក្នុងច្បាប់ថ្មីនេះ។តំណាងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា AmCham បានចាប់អារម្មណ៍ចំពោះស្ថានភាព​កាន់​តែប្រសើរឡើង​នៃបរិយាកាសពន្ធដារនៅកម្ពុជា ហើយទទួលស្គាល់និងអបអរសាទរចំពោះ​លទ្ធផល​ជាវិជ្ជមាននៃកំណែទម្រង់ និងទំនើបកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ។ជាមួយនឹងការសម្រេចបានភាពល្អប្រសើរនៃការប្រមូល​ចំណូល​ពន្ធដារ ក្នុងរយៈពេល ៥ខែដើមឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ​ ព្យាករថាការប្រមូលចំណូលពន្ធដារ នឹងសម្រេចបានក្នុងរង្វង់១០៥ភាគរយ នៃផែនការថវិកាឆ្នាំ២០២៣នេះ៕អត្ថបទ៖ វណ្ណៈ

កាណាដា បន្តគម្រោងជួយដល់សហគ្រិនភាពស្រ្តី ដើម្បីលើកកម្ពស់ស្រ្តីក្នុងការងារ និងអាជីវកម្ម

2023/06/22 12:51:38 pm        158
ភ្នំពេញ៖ ប្រទេសកាណាដា បន្តគម្រោងជួយដល់សហគ្រិនភាពស្រ្តី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកនូវកាលានុវត្តភាពសម្រាប់ស្រ្តី អាចចាប់យកឱកាសការងារសម្រាប់ជីវភាពរស់នៅ ជាពិសេសការជួយដល់សហគ្រិនស្រី្ត អាចបង្កើតនូវមុខរបរក្នុងបរិបទសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងអាជីវកម្ម។លោកជំទាវកត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងនៅក្នុងជំនួបសម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា នៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៣ នេះថា កាណាដា បានជួយដល់សហគ្រិនភាពស្រ្តីនៅកម្ពុជា ដែលជាផ្នែក​មួយចូលរួមយ៉ាងសំខាន់ ដើម្បីជំរុញសហគ្រិនស្រ្តី ពង្រីកនូវកាលានុវត្តភាពថ្មីៗ ដើម្បីអាចឲ្យស្រ្តី​ពង្រីក​អាចខ្លួន ចាប់យកឱកាសផ្សេងៗ សម្រាប់ការងារចិញ្ចឹមជីវិត និងការបង្កើត​នូវមុខរបរ ​អាចផ្តល់ឱកាសឲ្យពួកគាត់បង្កើនអាជីវកម្មបាន ស្របតាមបរិបទកំពុងរីក​ចម្រើន ជាពិសេសការ​ពង្រីកនូវកាលានុវត្តភាពសហគ្រិនស្ត្រីក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃការអភិវឌ្ឍក្នុង​អាជីវកម្មជាដើម។ នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានជជែងពិភាក្សាគ្នាអំពីសក្តានុពល និងឱកាសផ្សេងៗនៃកិច្ចដំណើរការឆ្ពោះទៅមុខ ក្នុងនោះភាគីនៃប្រទេសទាំងពីរក៏បានឯកភាពគ្នា លើការបង្កើតឲ្យមានក្រុមបច្ចេកទេស ដើម្បីពិនិត្យនូវគោលជំហររួមដូចជា ការបន្តគម្រោងជួយដល់សហគ្រិនភាពស្រ្តី ឲ្យបានកាន់តែទូលំទូលាយ, ការរៀបចំគម្រោងប្រែប្រួលអាកាសធាតុ និងយេនឌ័រ និងការគិតគូរស្រ្តីក្នុងសន្តិសុខសន្តិភាពជាដើម ដែលជាអាទិភាពរបស់កាណាដា មកលើតំបន់អាស៊ី។សូមបញ្ជាក់ថា ជុំវិញសហគ្រិនស្រ្តីវិញ, ក្រសួងកិច្ចការនារីគ្រោងរៀបចំឲ្យមានមជ្ឈមណ្ឌល​សហគ្រិនស្រ្តី ដើម្បីជំរុញសហគ្រិនស្រ្តីក្នុងសហគ្រាសធុនតូច និងមធ្យម បានសិក្សារៀនសូត្រ​បន្ថែម ការស្វែងយល់បទពិសោធន៍ និងការជួយដល់សហគ្រិនស្រី្តថ្មីអាចបង្កើតនូវមុខរបរ ដើម្បីពង្រីកកាលានុវត្តភាពសហគ្រិនស្ត្រីក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃការអភិវឌ្ឍក្នុងអាជីវកម្ម៕អត្ថបទ៖ សុន រ៉ាឌី

៥ខែឆ្នាំ២០២៣ កម្ពុជាទទួលទេសចរអន្តរជាតិមកទស្សនាជាង ២លាននាក់

2023/06/21 04:37:57 pm        179
ភ្នំពេញ៖ នៅក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ផែនការស្តារ និងលើកស្ទួយ​វិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ក្នុងរយៈពេល៥ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិមកទស្សនា​មានប្រមាណ ២លាន១៦ម៉ឺននាក់ ហើយរំពឹងថា ដំណាច់ឆ្នាំ២០២៣ នឹងកើនដល់៤លាន៥សែននាក់។ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានប្រមាណជាង ២,១៦លាននាក់ បាន​មកទស្សនាកម្ពុជា ក្នុងអត្រាកំណើន ៥៣០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងភ្ញៀវទេសចរជាតិ ប្រមាណ១០លាននាក់ កើនឡើង ៧៦,៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ហើយពេញមួយ ឆ្នាំ២០២៣នេះ រំពឹងថានឹងទទួលទេសចរអន្តរជាតិប្រមាណ ៤,៥លាននាក់ និងទេសចរក្នុង​ស្រុកប្រមាណ ១៦លាននាក់ ដែលប្រហាក់ប្រហែលនឹងការព្យាករ​នៅក្នុងផែនទីចង្អុលផ្លូវ។ឯកឧត្តម បន្តថា ឈរលើមូលដ្ឋានភាពជាវិជ្ជមានទាំងនេះ កម្ពុជាមានសុទិដ្ឋិនិយមថា នឹងទទួល​បានភ្ញៀវទេសចរអន្តរជាតិប្រមាណ ​៧លាននាក់​ នៅក្នុងឆ្នាំ២០២៥ ឬ២០២៦ ហើយ​នឹងអាច​រួមចំណែក​ជំរុញសេដ្ឋកិច្ចងើបឡើងវិញបានល្អប្រសើរផងដែរ។ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បន្តថា ​ដោយសារមានការដឹកនាំដ៏ឆ្លាត​វាងវៃ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើការងារប្រយុទ្ធប្រឆាំងការរាតត្បាតកូវីដ១៩ បានធ្វើឲ្យស្ថានការណ៍​ជំងឺកូវីដ១៩ បានធូរស្រាល នឹងបានជំរុញចលនាទេសចរក្នុងស្រុក​ត្រឡប់មករកភាពដើមវិញ ហើយទេសចរអន្តរជាតិក៏កំពុងមានកំណើនជាបន្តបន្ទាប់ផងដែរ និងបានជំរុញអាជីវកម្មក្នុងវិស័យ​ទេសចរណ៍​មានកំណើនឡើងវិញ។ឯកឧត្តម បន្តថា វិបត្តិកូវីដ១៩ជាង២ឆ្នាំកន្លងមក រាជជរដ្ឋាភិបាលកម្ពុជា ​ក៏បានយកវិបត្តិនេះ​ធ្វើជាឱកាសខិតខំកសាង និងស្តារសំណង់ហិត្ថារចនាសម្ព័ន្ធានានាជាច្រើន​បម្រើឲ្យការងារវិស័យ​ទេសចរណ៍ ជាពិសេសការខិតខំ ស្ថាបនាផ្លូវ ៣៨ ខ្សែ នៅខេត្តសៀមរាប ដែលបានសម្រួល​ដល់​ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ ​និងអន្តរជាតិ​ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ ខ្សែ នៅ​ខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ​ដែលបានកែប្រែមុខមាត់ថ្មី បង្កើនភាព​ទាក់ទាញគោលដៅទេសចរណ៍ចម្បងរបស់កម្ពុជា៕ អត្ថបទ ស៊ុម សុខជា

ចំណតផែរណបចំនួនពីរ នឹងរួមចំណែកសម្រួលការដឹកជញ្ជូនកាន់តែប្រសើរនៅកំពង់ផែស្វយ័តភ្នំពេញ

2023/06/21 03:52:21 pm        639
ភ្នំពេញ៖ ចំណតផែរណបពហុបំណងថ្មីចំនួនពីរ របស់កំពង់ផែស្វយ័តភ្នំពេញ និងផ្តល់ឱកាសដល់អ្នកដឹកជញ្ជូន អាចដឹកជញ្ជូនពីតំបន់ ដែលមានសក្តានុពល ដឹកត្រង់ទៅកាន់កំពង់ផែស្វយ័តភ្នំពេញ ដោយកាត់បន្ថយថ្លៃដឹកជញ្ជូនទាបជាងមុន និងផ្តល់សេវាកម្មដឹកជញ្ជូនកាន់តែប្រសើរ ជាពិសេសអាចបញ្ចេញទំនិញបានលឿន។ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លើកឡើងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់សាកល្បង នូវចំណតផែចំនួនពីរទីតាំង គឺចំណតផែរណបពហុបំណង UM2 ស្ថិតនៅឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ និង ចំណតផែរណបពហុបំណង LM26 ស្ថិតនៅឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២៣ នេះថា ចំណតផែរណបពហុបំណងថ្មីចំនួនពីរនេះ នឹងផ្តល់ឱកាស​ឱ្យបងប្អូនអាចមក​ទទួលធ្វើការដឹកជញ្ជូនទំនិញពីតំបន់ដែលមានសក្តានុពលដូចជា លើផ្នែកកសិកម្ម និងឧស្សាហកម្មជាដើម ដោយការដឹកជញ្ជូននេះ គឺអាចដឹកជញ្ជូនត្រង់មកកាន់កំពង់ផែ​ស្វយ័តភ្នំពេញ ចំណតផែកុងតេន័រថ្មី LM17 ដោយមិនចាំបាច់ធ្វើការលើកដាក់ម្តងទៀតនោះឡើយ, ជាពិសេសអាចបន្តការដឹកជញ្ជូនទៅប្រទេសវៀតណាម ដែលជាកំពង់ផែឆ្លងកាត់ នឹងទៅកំពង់ផែ​ទិសដៅផ្សេងៗទៀតបានយ៉ាងងាយស្រួល។ កំពង់ផែនេះដែរ គឺមានបំណង ធ្វើយ៉ាងណាផ្តល់សេវាកម្មដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព ​មានន័យថា ជាការដឹកជញ្ជូនត្រង់ ហើយផ្តល់ឱកាសឲ្យអ្នកប្រើប្រាស់អាចបញ្ចេញទំនិញបានលឿន និងអាច​កាត់បន្ថយថ្លៃដឹកជញ្ជូនជាដើម។ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា​ ជុំវិញការដឹកជញ្ជូននេះ​ ទោះបីមានការលើក​ទំនិញពីរដង សម្រាប់​យក​ទៅស្កេននៅកំពង់ផែ​ ស្វយ័តភ្នំពេញ ​ចំណតផែកុងតឹន័រថ្មី LM17 ក៏មិនមានគិតថ្លៃ​សេវាបន្ថែមនោះដែរ ដែលជួយដល់អ្នកដឹកជញ្ជូន ​ដល់ម្ចាស់ចម្ការ ​សម្រួលដល់អ្នកនាំចេញ និងកសិករ ។សូមបញ្ជាក់ថា គម្រោងនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះរួមមាន គឺជាការជំរុញការដឹក​ជញ្ជូន​ទៅកាន់អន្តរជាតិ តាមផ្លូវទឹក ​ដោយប្រើប្រាស់ទន្លេមេគង្គ និងទន្លេសាប ។ គម្រោងនេះ មានគោលបំណងសម្របសម្រួលការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព នៅជុំវិញទីក្រុង ភ្នំពេញ ដែលអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទាបជាងមុន ​និងផ្តល់សេវាកម្មដឹកជញ្ជូនល្អប្រសើរ, រួមទាំង​ផ្តល់នូវកន្លែងលើកដាក់ទំនិញ ​និងការរក្សាទុកប្រកបដោយសុវត្ថិភាព សម្រាប់ការស្តុកទុក​ទំនិញគ្រោះថ្នាក់ នៅក្នុងតំបន់កំពង់ផែ ​ដោយអនុលោមតាមកិច្ចព្រមព្រៀង ក្នុងចំណោម​បណ្តាប្រទេសអាស៊ាន៕អត្ថបទ៖ សុន រ៉ាឌី

ក្រុងអរិយក្សត្រ អាចនឹងក្លាយជាទីក្រុងរណបថ្មីមួយរបស់កម្ពុជា បន្ទាប់ពីសាងសង់ស្ពានរួច

2023/06/21 03:44:49 pm        672
កណ្ដាល៖ ក្រុងអរិយក្សត្រ អាចនឹងក្លាយជាទីក្រុងរណបថ្មីមួយរបស់កម្ពុជា ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ នឹងកាន់តែរីកចម្រើនខ្លាំង មិនចាញ់អ្នករស់នៅរាជធានីភ្នំពេញនោះឡើយ ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ធសារៈសំខាន់ៗ ជាពិសេសបន្ទាប់ពីស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ សាងសង់រួច។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ថ្លែងលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​នូវសមិទ្ធផលនានា ក្នុងវត្តស្វាយជ្រំ និងក្នុងសង្កាត់ស្វាយជំ, ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៣នេះថា នាអនាគតដ៏ខ្លី, យើងនឹងមានស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ), ជាជំនួយសម្បទានពីសាធារណរដ្ឋកូរ៉េ, ដោយគម្រោងនេះ បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយភាគីកូរ៉េ កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ កន្លងមក។ គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់នេះ នឹងមិនត្រឹមតែជួយលើកសម្រស់ និងទាក់ទាញ​ទេសចរនៅក្នុងរាជធានីភ្នំពេញ និងក្រុងអរិយក្សត្ររបស់យើងប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងនឹងក្លាយជានិមិត្តរូបដ៏លេចធ្លោមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុង​សម័យតេជោសន្តិភាពផងដែរ ។ ជុំវិញការអភិវឌ្ឍនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុកទាំងអស់ ​បន្តខិតខំបង្កបរិយាកាសកាន់តែប្រសើរ ដល់ការប្រកប​អាជីវកម្មគ្រប់ប្រភេទ ក៏ដូចជាបន្តខិតខំកៀរគរ ​និងលើកទឹកចិត្តដល់ការវិនិយោគ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្ត ​និងក្នុងក្រុងអរិយក្សត្រផ្ទាល់ ដើម្បីបង្កើត​ឱកាសការងារជូនដល់យុវជន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​បានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលនៅតែចាត់ទុកការ​អភិវឌ្ឍ​វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាអាទិភាពខ្ពស់ ដែលប្រៀប​បានទៅនឹងក្បាលរទេះភ្លើងអូស​កំណើនសេដ្ឋកិច្ច ​ហើយក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់ សម្រាប់កាត់បន្ថយភាពក្រីក្រ​ជូនប្រជាជន ​ពីព្រោះហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន ​គឺជាសរសៃឈាមមេ នៃសរីរាង្គសេដ្ឋកិច្ចរបស់​ប្រទេស និងជាមធ្យោបាយបែងចែកកំណើនសេដ្ឋកិច្ចដោយសមធម៌​ ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមទិសស្លោករបស់សម្តេចតេជោនាយ ករដ្ឋមន្ត្រី ​ដែលសម្តេចតែងតែលើកឡើងជារើយៗថា «មានផ្លូវ និងស្ពាន, គឺមានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ» ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋមីយ៉ាន់ម៉ា រាប់ពាន់នាក់នៅតែស្ថិតក្នុងវិបត្តិ ច្រើនសប្តាហ៍បន្ទាប់ពីការរញ្ជួយដីដ៏អាក្រក់
04/20/2025 04:04 PM
ពលរដ្ឋអាមេរិកជាង ៣០លាននាក់ ស្ថិតក្រោមការព្រមានសម្រាប់អាកាសធាតុធ្ងន់ធ្ងរនៅចុងសប្តាហ៍នេះ
04/20/2025 04:04 PM
មនុស្សជាច្រើននាក់ស្លាប់ និងរាប់រយនាក់ត្រូវជួយសង្គ្រោះ ក្នុងទឹកជំនន់ដ៏ធំនៅភាគខាងជើងឥណ្ឌា
04/20/2025 04:04 PM
កូរ៉េខាងជើង រិះគន់ការសម្រេចចិត្តរបស់អាមេរិក ក្នុងការបន្ធូរបន្ថយការនាំចេញអាវុធ
04/20/2025 04:04 PM
មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ានៅចក្រភពអង់គ្លេស ជុំវិញសេចក្ដីសម្រេចសិទ្ធិប្តូរភេទ
04/20/2025 04:04 PM
អាជ្ញាធរប៉ាឡេស្ទីន៖ អ៊ីស្រាអែល សម្លាប់អ្នកស្រុកហ្កាហ្សាជិត ១០០នាក់ ក្នុងពេលត្រឹមតែពីរថ្ងៃ
04/20/2025 03:04 PM
អាមេរិក និងអ៊ីរ៉ង់ លើកពីវឌ្ឍនភាពក្នុងកិច្ចរចរចានុយក្លេអ៊ែរជុំទីពីរ ខណៈជុំទីបីនឹងធ្វើនៅសប្តាហ៍ក្រោយ
04/20/2025 03:04 PM
មនុស្សជិត ៦០នាក់ ស្លាប់ក្នុងការវាយប្រហារដោយក្រុមអ្នកគង្វាលគោនៅប្រទេសនីហ៊្សេរីយ៉ា
04/20/2025 03:04 PM
នាវាទេសចរណ៍ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដឹក ភ្ញៀវទេសចរ និងនាវិកជាង១ពាន់នាក់ចូលចតនៅកំពង់ផែខេត្តព្រះសីហនុរយៈពេល ២ ថ្ងៃ
04/20/2025 02:04 PM
ថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកិច្ចការនារី»
04/20/2025 02:04 PM