កម្ពុជាទទួលបានគម្រោងវិនិយោគ ២៧៦ ទំហំទុនវិនិយោគ ៤,៧ប៊ីលាន​ដុល្លារ​ក្នុង​ឆមាសទី១​ឆ្នាំ​នេះ
ទីផ្សារអាមេរិកកំពុងស្រូបយកទំនិញសក្តានុពលថ្មីៗបន្ថែមគាំទ្រដល់កំណើនការនាំចេញរបស់កម្ពុជា
ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជាង ៣១% ក្នុងឆមាសទី១
ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់ធ្វើធុរកិច្ច នៃការពង្រីកទីផ្សារ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃទៅអន្តរជាតិ

2024/03/22 12:02:39 pm        168
ក្រសួងពាណិជ្ជកម្ម គាំទ្រ និងជំរុញលើកទឹកចិត្តដល់ការធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​នៅកម្ពុជា តាមរយៈការជំរុញពង្រីកទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារអន្តរជាតិ។លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើង​នៅ​ក្នុង​កម្ម​វិធី​បើក​សម្ពោធ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ និង​ការ​បើក​សម្ពោធ​ជា​ផ្លូវការ នៃកម្មវិធីនារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ លើកទី១ ឆ្នាំ២០២៤ នៅ​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះថា ពាក់ព័ន្ធគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះ ក្រសួង​ពាណិជ្ជ​កម្ម តែងតែគាំទ្រ និងជំរុញលើកទឹកចិត្តការធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូង​មាន​តម្លៃ​នៅ​កម្ពុជា តាមរយៈការចូលរួមរៀបចំបង្កើតសមាគមនេះឡើង និងបន្តគាំទ្រ​សហការ​ជាមួយ​សមាគម ដោយប្រមូលកៀរគរផលិតករ អាជីវករ និងគ្រប់ភាគី​ភាគព័ន្ធ​ក្នុង​វិស័យ​គ្រឿង​អលង្ការ​ទាំងអស់ ឲ្យក្លាយទៅជាតួអង្គតែមួយប្រមូលផ្តុំនិងលើកទឹកចិត្តឲ្យមានគំនិតច្នៃប្រឌិត ដើម្បី​អភិវឌ្ឍន៍លើវិស័យគ្រឿងអលង្ការ និងទាំងការរចនាម៉ូត ការធ្វើពិពិធកម្មទីផ្សារ ដើម្បី​ជួយ​រាជ​រដ្ឋាភិបាលបើកច្រកសេដ្ឋកិច្ចសម្រាប់វិស័យនេះ និងបាន​ចូលរួម​ចំណែក​ក្នុង​ការ​យក​រូបិយប័ណ្ណ​បរទេសមកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ លោកជំទាវ បន្តថា ទំហំទីផ្សារនៃផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា បាន​កំពុង​តែ​បន្តរីក​ចម្រើន​កាន់តែធំឡើងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្នុងនោះសម្រាប់គោល​បំណ​ង​នៃ​ក្រសួង​ពាណិជ្ជកម្មចំពោះវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះ គឺមិនត្រឹម​តែ​ចង់​ពង្រីក​ទីផ្សារ​ក្នុង​ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលដៅក្នុងការពង្រីកទីផ្សារអន្តរជាតិ សម្រាប់​ទំនិញ​គ្រឿង​អលង្ការ និងត្បូងមានតម្លៃ ដែលផលិតនៅកម្ពុជាផងដែរ ដើម្បីបង្កើន​ឱកាស​ទីផ្សារ និង​កាលា​នុវត្តភាព សម្រាប់វិនិយោគិនជាតិនិងអន្តរជាតិ នៅក្នុងវិស័យនេះ។ចំណែក, លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទីសមាគមពាណិជ្ជករគ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​កម្ពុជា លើកឡើងផងដែរថា គ្រឿងអលង្ការ និងត្បូង មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​នូវ​ផលិត​ផល​ដ៏មានតម្លៃនេះ ក្នុងការកែច្នៃជាច្រើនម៉ូតជាច្រើនទម្រង មានក្បាច់ក្បូរ​រចនា​យ៉ាង​ប្រណិត ដើម្បីប្រកួតប្រជែងលើទីផ្សារ ដោយយើងសម្លឹងទៅមើលការច្នៃគ្រឿងអលង្ការ និង​ត្បូង​កាល​ពីសម័យមុន មានក្បាច់ទៅតាមសម័យកាលនោះ, ប៉ុន្តែសម័យកាលបច្ចុប្បន្ននេះ បង​ប្អូន​ខ្មែរ​យើង ជាពិសេសជាងទង (ជាងមាស) មានជំនាញ​យ៉ាង​ខ្លាំង​ក្នុង​ការ​រចនា​ម៉ូត​របស់​គ្រឿង​អលង្ការ ទោះបីជាក្បាច់នោះពិបាកក្នុងការរចនាយ៉ាងណាក្តី គឺគាត់អាចច្នៃបាន មិន​ថា​គ្រឿង​អលង្ការជា មាស ផ្លាកទីន ស្ពាន ឬត្បូងថ្មឡើយ។លោក​បន្តថា បច្ចុប្បន្នយើងសង្កេតឃើញថា គ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា មាន​សន្ទុះ​យ៉ាងខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក ម្យ៉ាងទៀតនៅ​ពេលការ​ដាក់​តាំង​បង្ហាញ​នៅ​តាម​បណ្តា​ប្រទេសផ្សេងៗ ដូចជា ប្រទេសឥណ្ឌា ថៃ ចិន ក្នុងទីក្រុងហុងកុង ប្រទេសសិង្ហបុរី និង​ប្រទេស​មួយ​ចំនួនទៀតក្នុងទ្វីបអាស៊ី រួមបញ្ជូលទាំងទ្វីបអឺរ៉ុប ដែលជាដៃគូ​របស់​ប្រទេស​កម្ពុជា​យើង​ គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង នូវការរចនា​ច្នៃម៉ូត​ក្បាច់​ក្បូរ​ពីស្នាដៃ​របស់​បង​ប្អូន​ខ្មែរ​យើង​។សូមបញ្ជាក់ថា កម្មវិធីពិព័រណ៌នេះ មានការចូលរួមពីក្រុមហ៊ុនក្នុង និងក្រៅប្រទេសដូចជា ក្រុម​ហ៊ុ​នកម្ពុជា ចិន ឥណ្ឌា អ៊ីតាលី ជប៉ុន ថៃ និងវៀតណាមជាដើម ព្រម​ទាំង​មាន​ការ​ដាក់​តាំង​បង្ហាញ​លក់​គ្រឿងអលង្ការ ត្បូងមានតម្លៃ គ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាថ្មី សម្រាប់កែច្នៃ​គ្រឿង​អលង្ការ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចធិបតី៖ រយៈពេល៦ខែនេះ មានរោងចក្រសហគ្រាសបើកថ្មី ៣៣១៣ ក្នុងនោះវិស័យកាត់ដេរ ១៦៤ រោងចក្រ

2024/03/15 12:49:31 pm        200
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេល ៦ខែមកនេះ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មីមានមានចំនួន ៣៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ១៦៤ រោងចក្រ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចទទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នមិន​ទាន់ល្អ​ឥតខ្ចោះនោះទេ ប៉ុន្ដែក៏សូមឱ្យអ្នកដែលរិះគន់ត្រូវពិចារណាអំពីទំហំសមិទ្ធផល​ជាក់ស្ដែងចំពោះការរីកច្រើនរបស់កម្ពុជាផងដែរ ដូចជាករណីរោងចក្រមួយចំនួនបានបិទទ្វា ប៉ុន្ដែក៏មានរោចក្រជាច្រើនបានបើកថ្មីដែរ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាប្រទេសដែលប្រកាន់ភ្ជាប់នូវទីផ្សារសេរី ដូច្នេះការប្រកួតប្រជែងនៅក្នុងទីផ្សារគឺត្រូវតែមានអាជីវកម្មខ្លះជោគជ័យ និងខ្លះទៀតបរាជ័យត្រូវបិទទ្វាបែបនេះឯង។សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា កង្វល់របស់ប្រជាពលរដ្ឋ ក៏ជាកង្វល់របស់​រាជរដ្ឋាភិបាលដែរ។ សម្តេចបញ្ជាក់ថា បើចង់ដឹងពីការងារ កុំទៅមើលកន្លែងដែលអាជីវកម្មបិទទ្វា ប៉ុន្ដែត្រូវទៅមើល​កន្លែង​ដែលបើកឬប្រកាសជ្រើសរើសបុគ្គលិកវិញ ដូចជានៅទីភ្នាក់ងារ ការងារ និងមុខរបរ នៃក្រសួងការងារជាដើម (NEA)៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ៦ខែនេះ គម្រោងវិនិយោគថ្មីចំនួន១៧៣ បានចុះបញ្ជីនៅកម្ពុជា មានទុនវិនិយោគ ៤១៥០លានដុល្លារ

2024/03/15 12:32:52 pm        209
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលជាង ៦ខែ មកនេះមានគម្រោងវិនិយោគថ្មីចំនួន ១៧៣បានចុះបញ្ជីនៅកម្ពុជា ក្នុងនោះមានទុនវិនិយោគ ៤១៥០ លានដុល្លារ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្ដេចថ្លែងថា ក្នុងរយៈពេល៦ខែ រាជរដ្ឋាភិបាលអាណត្តិទី៧ បានខិតខំទាក់ម៉ូយ (អ្នកវិនិយោគ) មកបណ្ដាក់ទុក វិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយជាលទ្ធផលមានក្រុមហ៊ុន អ្នកវិនិយោគិនថ្មីចំនួន ១៧៣ គម្រោង បានជ្រើសរើសយកការបណ្ដាក់ទុនចុះបញ្ជីវិនិយោគ​នៅកម្ពុជា ដែលសរុបជាទឹកប្រាក់មានទំហំទឹកប្រាក់ជាង ៤ ពាន់លានដុល្លារអាមេរិក។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា គម្រោងទាំង ១៧៣ នេះត្រូវបានចុះបញ្ជីនៅ CDC រួចរាល់ហើយ ខណៈតាមរយៈគម្រោងវិនិយោគទាំងនេះនឹងផ្តល់ឱកាសការងារជាង ១៧ ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋនៅទូទាំងសប្រទេស។ សម្តេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងបន្តខិតខំប្រឹងប្រែងលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញការវិនិយោគនៅកម្ពុជាដើម្បីបង្កើតការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ៕អត្ថបទ៖ វ៉ន ដារ៉ា

ខយ តេ កម្ពុជា៖ ១០ឆ្នាំនៃភាពច្នៃប្រឌិត នវានុវត្តន៍ និងភាពជោគជ័យ

2024/03/13 10:46:04 am        157
រយៈពេល ១០ឆ្នាំមកនេះ ជាមួយនឹងភាពច្នៃប្រឌិត និងនវានុវត្តន៍ ខយ តេ កម្ពុជា សម្រេច​បាន​នូវ​សមិទ្ធផល​ជា​បន្តបន្ទាប់ រហូតរក្សាបាននូវភាពលេចធ្លោ និងបាននាំមកនូវភាពរីកចំរើន​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម។ បើតាមការអះអាងពីតំណាងក្រុមហ៊ុន សមិទ្ធផលឆ្នើម និងកំណត់ត្រា​ដែល​មិន​ធ្លាប់​មាន​ពី​មុនមកនេះ ខយ តេ កម្ពុជា បាននាំមកនូវភាព​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​គួរ​ជាទី​មោទនៈ​។ ភាពភាពជោគជ័យដែលក្រុមហ៊ុនបានសង្កត់ធ្ងន់នោះគឺ ការ​បង្កើត​ឯកត្តកម្ម​ជា​ម៉ាក​យីហោ​ដែល​លក់​បាន​រហូតដល់ចំនួន ៤១៩៨កែវក្នុង​មួយ​ថ្ងៃ​ដែល​ជា​កំណត់​ត្រា​លក់​ខ្ពស់ជាងគេបំផុត​ សម្រាប់​សាខាមួយ ជាមួយនឹងកំណត់ត្រានៃការបើកដំណើរការសាខា ខយ តេ ធំជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក ដែលធ្វើឱ្យមានការទទួលស្គាល់យ៉ាងទូលំទូលាយជាលក្ខណៈសកល។បន្ថែមលើនេះ ខយ តេ កម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រឡងក្រឡុកតែ (Shaker Master) ដែលជាកម្មវិធី​ប្រកួត​ក្រឡុក​តែ​ដ៏ធំជាង​គេ​បំផុត​មួយ​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ការ​ចូលរួម​ពី​បណ្តាប្រទេសជាង១០ ដើម្បីពង្រឹងវប្បធម៌ និងសិប្បកម្មតែជាលក្ខណៈសកល។ទន្ទឹមនេះ ខយ តេ កម្ពុជា តែងតែចូលរួមយ៉ាង​សកម្ម​ក្នុង​សកម្មភាព​សង្គម​ប្រកប​ដោយការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​។ ជាក់ស្តែងក្នុងអំឡុងពេលគ្រោះធម្មជាតិ ខយ តេ កម្ពុជា បានផ្តល់ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​រង​គ្រោះជា​ង ៤០០០គ្រួសារ និងការចែកភេសជ្ជៈ ខយ តេ ចំនួន១ម៉ឺនកែវ​ដោយ​ឥតគិត​ថ្លៃ​ជូន​ដល់​ពលរដ្ឋកម្ពុជា។តាមរយៈសមិទ្ធផល និងការរួមចំណែកទាំងនេះ ធ្វើឱ្យមានការទទួលស្គាល់ និងបានទទួល​នូវ​ពាន​រង្វាន់​កិត្តិយសកម្រិតជាតិ និងអន្តរជាតិជាច្រើន រួមមាន៖- ពានរង្វាន់ប្រតិបត្តិការឆ្នើម ពី foodpanda- ពានរង្វាន់ម៉ាកតែដែលអតិថិជនពេញនិយមបំផុត ពី NHAM24- ពានរង្វាន់ម៉ាកដែលមានឥទ្ធិពលបំផុត ពី E-Gets- ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមកម្ពុជា ឆ្នាំ២០១៥ (ASEAN-CHINA)- ពានរង្វាន់កន្លែងការងារល្អបំផុត ពីក្រសួងទេសចរណ៍- វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារការសម្លឹងឆ្ពោះទៅអនាគត និងការអបអរសាទរខួបអនុស្សាវរីយ៍ ១០ ឆ្នាំ ក្រោមប្រធានបទ «វិថីដើរម៉ូដ»។ដើម្បីអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានរយៈពេល ១០ឆ្នាំមកនេះ ខយ តេ កម្ពុជា បាន​រៀបចំកម្មវិធីខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ «វិថីដើរម៉ូដ» ដោយ​មាន​ការ​ដើរបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ធំ ដែល​មាន​គោល​បំណង​បង្ហាញ​ពី​ចក្ខុវិស័យ​អនាគត​របស់ ខយ តេ កម្ពុជា ក្នុងការប្តេជ្ញារក្សានូវភាពលេចធ្លោ ភាពច្នៃប្រឌិត និង​នវានុវត្តន៍​របស់​ខ្លួន​នៅ​លើ​វិថី​តែគុជក្នុងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ។ កម្មវិធីនេះ ក៏មានការចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ជា​ន់​ខ្ពស់របស់រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អគ្គនាយក​នៃ​ក្រុមហ៊ុន ខយតេ អ្នកបងើ្កតមាតិការ ថ្នាក់ដឹកនាំ និងបុគ្គលិក ខយ តេ កម្ពុជា ព្រមទាំង​អ្នក​គាំទ្រ​របស់​ខ្លួន​ជាច្រើននាក់ផងដែរ៕

CSX បង្ហាញមហិច្ឆតាជំរុញការជួញដូរភាគហ៊ុនឲ្យកើនដល់ ១០០លានដុល្លារ នៅឆ្នាំ២០៣០ ខាងមុខ

2024/03/12 03:15:13 pm        180
អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) ជាថ្មីម្តងទៀត បានលើកឡើងនូវមហិច្ឆតារបស់ខ្លួន ដែល​មាន​បំណងចង់សម្រេចឲ្យបានទំហំការជួញដូរឲ្យកើនដល់ ១០០លានដុល្លារអាម៉េរិក ក្នុង១ថ្ងៃ ខណៈ​សព្វ​ថ្ងៃនេះ ជាមធ្យមទំហំជួញដូរមានប្រមាណ ២០ម៉ឺនដុល្លារ ក្នុង១ថ្ងៃ។ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ក្នុង​ពិធី​បើក​វគ្គបណ្តុះបណ្តាលស្តីពី Earnings Forum 2024 នៅព្រឹកថ្ងៃទី១២ ខែមីនានេះ បាន​មាន​ប្រសាសន៍​ថា គិតមកដល់បច្ចុប្បន្ន គណនីដែលកំពុងជួញដូរដែលមានបញ្ជីឈ្មោះ ចំនួន​សរុប​ប្រមាណ​ជាង ៥ម៉ឺនគណនី។ ឯកឧត្តម បានបន្តថា តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ ផ្សារមូលបត្រកម្ពុជា នឹងបន្តរៀប​ចំ​ឲ្យ​កាន់​តែ​ច្រើន​បន្ថែមទៀត ដើម្បីឲ្យសាធារណជន​កម្ពុជា​ស្គាល់​អំពីការ​វិនិយោគដែល​ត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់ ដែលមានការធានាការពារច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីឈាន​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​នៃមហិច្ឆតាខាងលើនេះ។ ជាមួយនេះ ឯកឧត្តម បានស្នើវិនិយោគិនសាធារណៈ និង​សិក្ខា​កាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលថ្ងៃនេះទាំងអស់ ឲ្យព្យាយាម​ក្រេប​ជញ្ជក់​នូវ​ចំណេះ​ដឹង ឬក៏លើកជាសំណួរសួរទៅកាន់តំណាងក្រុមហ៊ុនចុះបញ្ជីទាំងអស់ ដើម្បី​ទទួល​បាន​ព័ត៌មានគ្រប់​ជ្រុងជ្រោយ ងាយស្រួលក្នុងការសម្រេចចិត្តវិនិយោគ ឬ​បង្កើត​ចំណូល​អកម្ម​ចាប់​ពី​ពេល​នេះតទៅ ដើម្បីជាមូលដ្ឋានក្នុងការវិភាគ ក៏ដូចជាជំនួយ​បន្ថែម​សម្រាប់​វិនិយោគ​ក្នុង​ការ​វិភាគ​ជា​បច្ចេក​ទេស ដើម្បីសម្រេចចិត្តក្នុងការវិនិយោគលើភាគហ៊ុនឲ្យបានត្រឹមត្រូវ។សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី Earnings Forum 2024 នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២៣ ក្នុងគោល​បំណង​បង្កើត​ជា​វេទិកា​ជូន​ក្រុមហ៊ុន​ចុះ​បញ្ជី​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​របស់​ក្រុម​ហ៊ុន​ដល់​វិនិយោគិន និងជាវេទិកាមួយ​អនុញ្ញាត​ឲ្យ​សាធារណជន​ស្វែងយល់​បន្ថែម​ពីអាជីវកម្ម​របស់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា រួមមានប្រតិបត្តិការអាជីវកម្ម លទ្ធផលហិរញ្ញវត្ថុ និ​ង​ផែនការអាជីវកម្មនាពេលអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី

ប្រទេសចិនកំណត់គោលដៅសេដ្ឋកិច្ចពេញដោយមហិច្ឆតាសម្រាប់ឆ្នាំ២០២៤ ក្នុងឱកាសបើកសភាប្រជាជន

2024/03/05 12:40:49 pm        255
លោកនាយករដ្ឋមន្ត្រីចិន លី ឈាង (Li Qiang) បានទទួលស្គាល់ថាការអនុវត្តសេដ្ឋកិច្ចរបស់ប្រទេសចិនបានប្រឈមនឹងភាពលំបាក ដោយបន្ថែមថាបញ្ហាជាច្រើនទាំងនេះមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។បញ្ហានេះបានកើតឡើងនៅពេលប្រទេសចិនកំពុងព្យាយាមស្តារសេដ្ឋកិច្ចឲ្យរីកចម្រើនឡើងវិញ។ លោកបានបន្តថា ហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមានក្នុងវិស័យអចលនទ្រព្យ បំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ និងស្ថាប័នហិរញ្ញវត្ថុខ្នាតតូច និងមធ្យម មានសភាពធ្ងន់ធ្ងរក្នុងផ្នែកមួយចំនួន។ នៅក្រោមកាលៈទេសៈទាំងនេះ យើងបានប្រឈមបញ្ហាជាច្រើនក្នុងការសម្រេចចិត្តបង្កើតគោលនយោបាយ និងធ្វើការងាររបស់យើង។ វិធានការផ្សេងទៀតដើម្បីជួយដោះស្រាយកំណើនសេដ្ឋកិច្ចកំពុងងើបឡើងវិញយឺតរបស់ប្រទេសនេះពីជំងឺរាតត្បាតក៏ត្រូវបានគូសបញ្ជាក់ផងដែរ រួមទាំងការបង្កើតគំនិតផ្តួចផ្តើមថ្មីដើម្បីដោះស្រាយបញ្ហានៅក្នុងវិស័យអចលនទ្រព្យដែលរងគ្រោះដោយវិបត្តិរបស់ប្រទេសនេះ។ ទីក្រុងប៉េកាំងក៏មានគោលបំណងបន្ថែមការងារចំនួន១២ លាន កន្លែង នៅក្នុងតំបន់ទីក្រុងផងដែរ។លោកនាយករដ្ឋមន្ត្រី Li បាននិយាយថា បទប្បញ្ញត្តិនៃទីផ្សារហិរញ្ញវត្ថុក៏នឹងកើនឡើងផងដែរ ខណៈពេលការស្រាវជ្រាវនឹងកើនឡើងនៅក្នុងបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រជីវិត។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលសេដ្ឋកិច្ចចិនបានពង្រីកក្នុងអត្រាខ្ពស់បំផុត ដោយតួលេខផ្លូវការដាក់ផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនកើនឡើងជាមធ្យមជិត ១០% ក្នុងមួយឆ្នាំ។នៅលើមាគ៌ា ដែលខ្លួនបានវ៉ាដាច់ប្រទេសជប៉ុនដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ទីក្រុងប៉េកាំងបានអះអាងថាខ្លួនបានដកប្រជាជនរាប់រយលាននាក់ចេញពីភាពក្រីក្រ។ ក្រុងប៉េកាំងនិយាយថាកាលពីឆ្នាំមុនថា សេដ្ឋកិច្ចបានកើនឡើង ៥,២% ទោះថាកម្រិតនោះទាបសម្រាប់ប្រទេសចិនក្ដី។ ទោះជាយ៉ាងណា ក្រុមអ្នករិះគន់ខ្លះអះអាងថា តួលេខពិតអាចមានតិចជាងមួយភាគបីនៃចំនួននោះ៕

រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ ប្រទេសចិន ផ្តល់កម្ចីជាង២ពាន់លានដុល្លារដល់ប៉ាគីស្ថាន

2024/02/29 11:45:33 am        261
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចាំផ្ទះលោក សាមសេដ អាក់តា (Shamshad Akhtar) បានបញ្ជាក់នៅក្នុងការឆ្លើយតបទៅកាន់សារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន បានផ្តល់ប្រាក់កម្ចីជាង ២ពាន់លានដុល្លារ ដល់ប្រទេសប៉ាគីស្ថាន។សារព័ត៌មាន Geo News ដែលបានរាយការណ៍ដល់ព័ត៌មានរ៉យទ័រជាលើកដំបូង បាននិយាយដោយដកស្រង់ប្រភពពីក្រសួងហិរញ្ញវត្ថុប៉ាគីស្ថានថា ប្រាក់កម្ចីចំនួន ២ពាន់លានដុល្លារ ត្រូវផ្តល់ នៅក្នុងខែមីនា ហើយត្រូវបានពន្យាររយៈពេលមួយឆ្នាំ។ ទីក្រុងប៉េកាំង បានធ្វើការទំនាក់់ទំនងការសម្រេចចិត្តនេះ ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ។សេដ្ឋកិច្ចដែលជាប់គាំងដោយបញ្ហាលុយប្រាក់របស់ប្រទេសប៉ាគីស្ថាន កំពុងតស៊ូ ដើម្បីស្ថិរភាពពីវិបត្តិហិរញ្ញវត្ថុ និងទទួលបានការរៀបចំរង់ចាំប្រាក់ចំនួន ៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)កាលពីរដូវក្តៅមុន។ទីភ្នាក់ងារវាយតម្លៃ Fitch បាននិយាយកាលពីសប្តាហ៍មុនថា ជំហរខាងក្រៅដែលងាយរងគ្រោះរបស់ប្រទេសប៉ាគីស្ថាន មានន័យថា ការធានាហិរញ្ញវត្ថុពីដៃគូពហុភាគី និងទ្វេភាគី នឹងក្លាយជាបញ្ហាបន្ទាន់បំផុតមួយ ដែលរដ្ឋាភិបាលបន្ទាប់ កំពុងប្រឈម។

ប្រជាជនឥណ្ឌូណេស៊ីកំពុងសម្រុកទិញអង្ករឧបត្ថម្ភធនរបស់រដ្ឋ ខណៈតម្លៃពិភពលោកកើនឡើងខ្ពស់ជិតរយៈពេល១៦ឆ្នាំ

2024/02/28 09:34:14 am        108
នៅតំបន់ជាយក្រុងហ្សាកាតា អតិថិជនរាប់សិបនាក់ ដែលភាគច្រើនជាស្ត្រី បានឈរតម្រង់ជួរយ៉ាងវែងដើម្បីទិញអង្ករឧបត្ថម្ភរបស់រដ្ឋាភិបាល បន្ទាប់ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរកាលពីឆ្នាំមុនបានរារាំងដល់ការផលិត និងបានធ្វើឱ្យតម្លៃអង្ករកើនឡើងខ្ពស់នៅទូទាំងប្រទេសឥណ្ឌូនេស៊ី។ អ្នកស្រីម៉ាស៊ី (Masih) អាជីវករលក់ដូងម្នាក់វ័យ៥៥ឆ្នាំគឺជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកដែលកំពុងរង់ចាំបាវអង្ករនៅផ្សារដែលគ្រប់គ្រងដោយភ្នាក់ងារលទ្ធកម្មស្បៀងអាហាររដ្ឋបូឡុក(Bulog) ក្នុងទីក្រុង បេកាស៊ី (Bekasi)ចម្ងាយ ២៥គីឡូម៉ែត្រ ភាគខាងកើតរដ្ឋធានី។ អ្នកស្រីបានប្រាប់សារព័ត៌មាន Reutersថា អ្នកស្រីត្រូវតែចូលទៅឈរតម្រង់ជួរដើម្បីទិញអង្ករដែលមានតម្លៃធូរ ព្រោះអង្ករនៅតាមទីផ្សារមានតម្លៃថ្លៃ ដូច្នេះបើចង់បានអង្ករមានតម្លៃទាបត្រូវមកទីនេះ។ តម្លៃការជួញដូរអង្ករពិភពលោកកំពុងហក់ឡើងជិតដល់កម្រិតខ្ពស់ក្នុងរយៈពេល១៦ឆ្នាំបន្ទាប់ពីប្រទេសឥណ្ឌា ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ពិភពលោកបានរឹតត្បិតការនាំចេញកាលពីឆ្នាំមុន។អង្ករគឺជាអាហារចម្បងសម្រាប់ប្រជាជនភាគច្រើនរបស់ប្រទេសឥណ្ឌូនេស៊ីប្រមាណ២៧០លាននាក់ ហើយតម្លៃបានហក់ឡើងជាង១៦%ចាប់តាំងពីឆ្នាំមុន ដោយសារបាតុភូតអាកាសធាតុអេលនីញ៉ូ(El Nino )បានកាត់បន្ថយទឹកភ្លៀងនៅទូទាំងផ្នែកដ៏ធំនៃអាស៊ីក្នុងឆ្នាំ ២០២៣ ដែលប៉ះពាល់ដល់ទិន្នផលធញ្ញជាតិ និងជំរុញឱ្យមានសម្ពាធអតិផរណាអាហារសម្រាប់ប្រទេសមួយចំនួន។រដ្ឋាភិបាលឥណ្ឌូណេស៊ីជាធម្មតាបានបង្កើនកម្រិតនៃការលក់ផលិតផលម្ហូបអាហារក្នុងតម្លៃឧបត្ថម្ភធន នៅពេលតម្លៃនៅលើទីផ្សារលោតឡើងខ្ពស់ និងប៉ះពាល់ដល់អ្នកប្រើប្រាស់។ នៅឯទីផ្សារឧបត្ថម្ភធនរបស់រដ្ឋ Bekasi អង្ករត្រូវបានលក់ក្នុងតម្លៃ ១០.៦០០រូពីក្នុងមួយគីឡូក្រាម ស្មើ(០,៦៨ ដុល្លារ) និងវេចខ្ចប់ក្នុងបាវទម្ងន់៥គីឡូក្រាម ធៀបនឹងតម្លៃ១៤.៣០០រូពី ស្មើ(០,៩១ ដុល្លារ នៅក្នុងទីផ្សារ។ ភ្នាក់ងារលទ្ធកម្មស្បៀងអាហាររដ្ឋបូឡុក បានកំណត់ការលក់ត្រឹមពីរបាវក្នុងអតិថិជនម្នាក់ដើម្បីបញ្ចៀសការប៉ះពាល់ដល់ការស្តុកទុក៕

សាជីវកម្មធានាឥណទានកម្ពុជា ធានាឥណទានដល់អាជីកម្មក្នុងស្រុកមានទឹកប្រាក់ ១៧០លានដុល្លារ

2024/02/26 01:12:00 pm        202
សាជីវកម្មធានាឥណទានកម្ពុជា គិតត្រឹមចុងខែមករា ឆ្នាំ ២០២៤ បានផ្តល់ការធានាឥណទាន ក្នុង​ទំហំទឹកប្រាក់កម្ចីប្រមាណជាង ១៧០ លានដុល្លារអាមេរិក ដើម្បីគាំទ្រ​សម្រាប់​ឥណទាន​អាជីវកម្ម ការវិនិយោគ និងជាទុនបង្វិលនៃការពង្រីកអាជីវកម្មក្នុងស្រុក។សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បាន​បង្ហាញ​តាមរយៈ​ព្រឹត្តិបត្រ​នៃ​វឌ្ឍនភាព​នៃ​ការ​ធានា​ឥណទាន​នៅ​ព្រះរាជាណាចក្រកម្ពុជា ឱ្យដឹងថា គិតត្រឹមចុងខែ មករា ឆ្នាំ ២០២៣នេះ សាជីវកម្ម​ធានា​ឥណទានកម្ពុជា បានផ្តល់ការធានាឥណទានមានទំហំទឹកប្រាក់កម្ចីប្រមាណជាង ១៧០លានដុល្លារ ក្នុងនោះសម្រាប់កម្ចីជាប្រាក់រៀល មានទំហំ​ឥណទាន​ដែល​មាន​ការ​ធានា​សរុប​ជាង ៨៤ ប៊ីលានរៀល, ឥណទានដែលមិនមានការធានាជិត ២៣ ប៊ីលានរៀល និង​ទំហំ​ការ​ធានា​ឥណទាន​មាន​ជិត ៦២ ប៊ីលានរៀល។ របាយការណ៍​ដដែលបញ្ជាក់ថា ចំពោះកម្ចីឥណទានជាប្រាក់ដុល្លារវិញ ទំហំ​ឥណទាន​ដែល​មាន​ការ​ធានា​សរុបជិត ១៥០ លានដុល្លារ ក្នុងនោះសម្រាប់ឥណទាន ដែលមិនមានការធានាមានជាង ៤១លានដុល្លារ និងមានទំហំការធានាឥណទានជាង ១០៧ លានដុល្លារ។ ចំពោះ​ប្រភេទអាជីវកម្មដែលបានផ្តល់ជូន គិតត្រឹមរយៈពេលនេះដែរ សរុបមានចំនួនជិត ២ ពាន់​ក្រុមហ៊ុន​/សហគ្រាស ក្នុងនោះអាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីមាន ៨៣៣ សហគ្រាស និងមិន​គ្រប់​គ្រង​ដោយស្រ្តីមានជាង ១ ១៤៤ ក្រុមហ៊ុន/ សហគ្រាស ។ ចំណែកប្រភេទនៃការកម្ចីវិញ អាជីវកម្ម​ដែលមានការទ្រព្យធានាមានចំនួន ៧៤១ ក្រុមហ៊ុន/សហគ្រាស និងគ្មាន ទ្រព្យធានា មាន​ចំនួន ១ ២៣៦ ក្រុមហ៊ុន/សហគ្រាស។ ដោយ​ឡែកការធានាលើប្រភេទអាជីវកម្មវិញ គិតត្រឹមចុងខែ មករា ឆ្នាំ ២០២៣ នេះ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បានផ្តល់ទៅដល់ក្រុមហ៊ុនខ្នាតធំ មានចំនួន ១៥២ ក្រុមហ៊ុន/សហគ្រាស និង​សហគ្រាសមីក្រូ និងមធ្យម មានចំនួន ១ ៨២៥ សហគ្រាសផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេសនៅប៉ោយប៉ែត ដើម្បីទាក់ទាញអ្នកវិនិយោគ

2024/02/24 02:28:20 pm        584
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានដឹកនាំប្រតិភូអញ្ជើញពិនិត្យប៉ុស្ត៍ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ក្នុងក្រុងប៉ោយប៉ែត។ ក្នុងពេលចុះពិនិត្យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន៤តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន១៣គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារអាមេរិក និងបានបង្កើតការងារចំនួនជិត៦ពាន់កន្លែង។សូមជម្រាបថា រោងចក្រនៃបណ្តាក្រុមហ៊ុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន២ត្រូវបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូអញ្ជើញពិនិត្យសកម្មភាពផលិតកម្មរួមមាន៖១. ក្រុមហ៊ុន Nidec Die-Casting (Cambodia) Co., Ltd. ជាគម្រោងវិនិយោគផលិតសម្ភារៈអេឡិចត្រូនិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ២០,៦៣ លានដុល្លារអាម៉េរិក មានទីផ្សារនាំចេញទៅកាន់ប្រទេសថៃ, ជប៉ុន, សិង្ហបុរី និងសហរដ្ឋអាម៉េរិក បានបង្កើតការងារចំនួន ៨០៣ កន្លែង។ ២.ក្រុមហ៊ុន NHK Spring (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលស្រោមពូកស្បែករថយន្ត ស្ថិតក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ៨,១៥ លានដុល្លារអាម៉េរិក មានទីផ្សារនាំចេញទៅកាន់ ប្រទេសថៃ បានបង្កើតការងារចំនួន ២៣៩ កន្លែង។ ៣.ក្រុមហ៊ុន HGB Motors Assembly Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលផ្គុំ ​និងដំឡើងរថយន្ត ស្ថិតក្នុងតំបន់​សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត ក្នុងទុនវិនិយោគ ៧ លានដុល្លារអាម៉េរិក មានទីផ្សារលក់​នៅក្នុងស្រុក បានបង្កើតការងារចំនួន ៧៦ កន្លែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជានាំចេញវាយនភណ្ឌកែច្នៃរួច នៅក្នុងឆមាសទី១ មានទឹកប្រាក់សរុបជាង ២១៥ លានដុល្លារ
07/15/2026 09:07 PM
ស្រ្តីអ៊ូហ្គង់ដា កែឆ្នៃកាកសំណល់ដើមម៉ូយ៉ាវអាហ្វ្រិកទៅជាថាមពលស្អាត
07/15/2026 09:07 PM
ក្រុមអ្នកវិទ្យាសាស្រ្តធ្វើដំណើរទៅកាន់កោះ Greenland ដើម្បីសិក្សាពីហានិភ័យនៃការរលាយផ្ទាំងទឹកកក
07/15/2026 09:07 PM
អាកាសធាតុស្ងួតធ្វើឲ្យអាងស្តុកទឹកដ៏សំខាន់របស់ហ្វីលីពីន ស្ថិតក្រោមកម្រិតធ្ងន់ធ្ងរ គំរាមកំហែងដល់ការនេសាទត្រី
07/15/2026 09:07 PM
មនុស្ស ៩នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នានៅតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន
07/15/2026 09:07 PM
ឥណ្ឌាអនុម័តទុន ១៣,៣ពាន់លានដុល្លារ សម្រាប់កម្មវិធីឧបករណ៍ពាក់កណ្តាលចម្លងថ្មី
07/15/2026 09:07 PM
ក្រសួងអភិវឌ្ឍន៍ជនបទកំពុងប្រែក្លាយតំបន់ជនបទ ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព
07/15/2026 08:07 PM
កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន
07/15/2026 08:07 PM
សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ចូលជួបពិភាក្សាការងារ
07/15/2026 08:07 PM
សម្តេចធិបតី អនុញ្ញាតជូន នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ចូលជួបពិភាក្សាការងារ
07/15/2026 08:07 PM