លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតីអរគុណប្រទេសឆេកដែលបានលុបបំណុលកម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍

2024/01/10 12:38:03 am        151
ភ្នំពេញ ៖នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម Martin Vávra បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងសាធារណរដ្ឋឆេក និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម Martin Vávra ដែលទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេកប្រចាំកម្ពុជា និងបានផ្តាំផ្ញើនូវការអរគុណផងដែរ ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឆែក ដែលបានផ្ញើលិខិតអបអរសាទរចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ។ ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆេកដែលបានលុប ចោលបំណុលរបស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍ និងបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរវាងប្រទេសទាំងពីរ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន, សន្តិសុខអ៊ីនធើណេត និងកសិកម្ម ៕ ដោយ ៖ ដារា

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប

2024/01/10 12:19:53 am        96
ភ្នំពេញ ៖នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។​ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានលើកទ្បើងអំពីចំណងការទូតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា-សហភាពអឺរ៉ុប លើវិស័យជាច្រើន រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងប្រជាជន និងប្រជាជន ។ ឯកឧត្តមក៏បានសម្តែងនូវការបេ្តជ្ញាចិត្តក្នុងអាណតិ្តបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសក្នុងការពាំនាំនូវ ការពិតស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់មុតស្រួច និង ភាពប្រកួតប្រជែងរបស់កម្ពុជា ជូនចំពោះពាណិជ្ជករ និងវិនិយោគិនសហភាពអឺរ៉ុប ក្នុងទិសដៅទាក់ទាញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងសហការី ព្រមជាមួយនឹងការអបអរសាទរចំពោះការចូលកាន់មុខតំណែងរបស់ ឯកឧត្តម អគ្គរដ្ឋទូត ។ ទន្ទឹមគ្នានេះ សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះ កម្ពុជា និងបានបង្ហាញនូវក្តីសង្ឃឹមចំពោះការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ៕ ដោយ ៖ ដារា

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីពិនិត្យកែវភ្នែកសិប្បនិម្មិត

2024/01/09 04:04:32 pm        484
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា តាមរយៈបណ្ដាញសង្គម Tiktok នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា សម្ដេចកំពុងធ្វើដំណើរតាមយន្តហោះទៅពិនិត្យ​កែវភ្នែក​សិប្បនិម្មិត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលអមដំណើរដោយកូន ៤នាក់ និងចៅម្នាក់ (ចៅយ៉ាយ៉ា)។https://vt.tiktok.com/ZSNcEXc6N

បុស្បុករូបសំណាកព្រះគ្រូ គឹម ច្រែង និងសម្តេចតេជោ កាលនៅពីកុមារ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃនេះ

2024/01/08 08:41:44 pm        371
ក្រចេះ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញក្នុង​ពិធី​សម្ពោធ​ដា​ក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​បុស្បក​ រូប​សំណាក​ព្រះ​គ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅ​ពីកុមារ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមផ្តាំផ្ញើរការសួរសុខទុក្ខ ដល់លោកតា លោកយាយ អ៊ំ ពូ មីង ប្អូន​ៗ​យុវជន ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏​ដូច​ជា​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសូមចូល​រួម​អបអរ​សាទរ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខេត្ត​ក្រចេះ ចំពោះសមិទ្ធផលថ្មី ដែលសម្ពោធថ្ងៃនេះ គឺបុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលពីកុមារភាព ដែលមានអត្ថន័យដ៏ជ្រាលជ្រៅនេះ។ ឯកឧត្តម មានប្រសាសន៍ទៀតថា បុស្បុកនេះបានឆ្លុះបញ្ចាំងពីប្រវត្តិតស៊ូរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាកូនកសិករម្នាក់ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយ​បា​ន​ពុះពារ​ខិតខំប្រឹងប្រែងរៀនសូត្រ ដោយបានបន្តការសិក្សានៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ ហើយ​ក្នុង​ពេល​រស់នៅរាជធានីភ្នំពេញនេះហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានស្នាក់អាស្រ័យ និង​ទទួល​ការមើលថែផ្គត់ផ្គង់ពីព្រះគ្រូធម្មាចារ្យ គឹម ច្រែង។ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា បុស្បុកនេះមិនត្រឹមតែមានសម្រស់ស្រស់ស្អាត ពោរពេញ​ដោយ​ក្បាច់​រចនា​ខ្មែរ​យ៉ាងល្អ ប្រណិតតែប៉ុណ្ណោះទេ តែអ្វីដែលជាគុណតម្លៃលើសលប់ទៀតនោះ គឺអត្ថន័យ​ដ៏​ជ្រាល​ជ្រៅ ​នៃការកសាងបុស្បុក ទាំងរូបសំណាកចាស់ (ដែលក្នុងពេល​នេះ​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម) ហើយជំនួសដោយរូបសំណាកថ្មីដែលដាក់សម្ពោធពេលនេះ។ អត្ថន័យ​នៃ​ការ​កសាង​រូប​សម្តេច​តេជោ ហ៊ុន សែន ដែលជាកូនកសិករម្នាក់នៅឃុំពាមកោះស្នា ស្រុក ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ហើយបានពុះពារខិតខំប្រឹងប្រែងរៀនសូត្រ ដោយបានបន្តការសិក្សា នៅវត្តនាគវ័ន្តែ រាជធានី​ភ្នំពេញ។ ក្នុងពេលរស់នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានស្នាក់អាស្រ័យ និង​ទទួលការមើលថែ ផ្គត់ផ្គង់ពីព្រះគ្រូធម្មាចារ្យ គឹម ប្រែង។ រូប សំណាក ព្រះគ្រូធម្មាចារ្យ និង​សម្តេចតេជោ កាលនៅពីកុមារ ត្រូវបានសាងសង់ឡើង បន្ទាប់ពី ព្រះគ្រូធម្មាចារ្យ បាន​ទទួល​មរណភាព (ឆ្នាំ១៩៨៩) ដើម្បីទុកជាការរំលឹក និងចង ចាំអំពីប្រវត្តិរបស់សម្តេចតេជោ កាល​នៅ​ពី​កុមារ ដែលធ្លាប់រស់នៅជាមួយ ព្រះគ្រូធម្មា ចារ្យ។ ដោយរូបសំណាកពីមុនធ្វើពីបេតុង (សាង​សង់​រួច​រាល់ថ្ងៃទី ១៨ មីនា ឆ្នាំ២០០៣) មានសភាពចាស់ទ្រុឌទ្រោម ទើប សម្តេចតេជោ បាន​ណែនាំ​ឱ្យ​រៀបចំសាងសង់ឡើងជាថ្មី ដែលធ្វើឡើងពីស្ពាន់សុទ្ធ។ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងបន្តថា សមិទ្ធផលដែលយើងកំពុងសម្ពោធនាពេលនេះ និ​ង​សមិទ្ធ​ផល​ដទៃ​ទៀត មិនអាចកើតឡើង បានឡើយ ប្រសិនបើគ្មានសន្តិភាព និងស្ថិរភាពនយោបាយ ដែល​កម្ពុជា​សម្រេច​បានដោយ លំបាក ក្រោមការថ្នាក់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់​ដឹកនាំ​ដទៃទៀត។ លើមូលដ្ឋានគ្រឹះនៃសន្តិភាពនេះ និងក្រោមការដឹកនាំប្រកបដោយ គតិ​បណ្ឌិត​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីក ចម្រើន ដើម្បីប្រជាពលរដ្ឋគ្រប់រូបគ្រប់ជំនាន់ នឹងអាចបន្តទទួលបានប្រយោជន៍ពីសុខសន្តិភាព និង​សមិទ្ធផលនៃការអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់ទៀត៕

សម្ដេចធិបតីទទួលយកការអញ្ជើញរបស់ប្រធានាធិបតីបារាំង និងប្តេជ្ញាចិត្តពិភាក្សា ពង្រឹងទំនាក់ទំនងទ្វេភាគី

2024/01/08 08:10:30 pm        265
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៣នេះ បានចេញលិខិតទទួលយកការអញ្ជើញរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី ​នៃសាធារណរដ្ឋបារាំង ដែលបាន​អញ្ជើញសម្តេច​ទៅបំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​សាធារណរដ្ឋ​បារាំង​ចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។ ខណៈប្រទេសបារាំង គឺជាប្រទេស​អឺរ៉ុបដំបូងគេដែលសម្តេចធិបតី នឹងអញ្ជើញបំពេញ​ទស្សនកិច្ចផ្លូវ​ការ​បន្ទាប់​ពី​បាន​ចូល​កាន់​តំណែងជានាយករដ្ឋមន្ត្រី កាលចុងខែសីហា ឆ្នាំ២០២៣។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«ខ្ញុំសូមសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និង​សូម​ថ្លែង​អំណរ​គុណ​ឯកឧត្តមដែលបានអញ្ជើញខ្ញុំ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃ​ទី​១៨-១៩ ខែមករា ខាងមុខនេះ។ នេះជាកិត្តិយសដ៏ធំធេង ហើយខ្ញុំសូមទទួលយកឱកាសនេះ ជាមួ​យ​នឹងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ដើម្បីពិភាក្សា និងពង្រឹង​ទំនាក់​ទំនងទ្វេភាគី​របស់​យើង​ទាំងពី​រ»​។សម្ដេចធិបតីមានប្រសាសន៍ថា ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុង​ប៉ារីសនា​ពេល​ថ្មី​ៗកន្លងទៅនេះ បានបង្ហាញពីការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅ​រក​ការ​ពង្រឹង​ភាព​ជាដៃគូរ​វាងប្រជាជាតិយើងទាំងពីរ។ ក្នុងការបន្តនូវសន្ទុះនេះ ទស្សនកិច្ចរបស់​សម្ដេច​មាន​គោល​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការឱ្យកាន់ត ស៊ីជម្រៅបន្ថែមទៀត លើវិស័យសំខាន់ៗ ដោយ​ផ្តោត​ជា​ពិសេស​លើបញ្ហាការប្រឈមផ្នែកបរិស្ថាន នាពេលបច្ចុប្បន្ន ជាពិសេស បញ្ហាអន្តរ​កាល​ថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយ សន្តិភាពនៅលើពិភពលោក។ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយ ចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ និង​ការ​លើក​ក​ម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ​។ នេះបើតាម​ការ​បញ្ជាក់​របស់​សម្ដេចនាយករដ្ឋមន្រ្ដី។សម្ដេចធិបតីបន្តថា៖ «ខ្ញុំជឿជាក់ថា ការពិភាក្សារបស់យើងនឹង​រួមចំណែក​ឱ្យ​មាន​ការ​យល់​គ្នា​កាន់​តែ​ស៊ី​ជម្រៅ និងនាំ មកនូវគំនិតផ្តួចផ្តើមរួម ដែលនឹងផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ប្រទេស​យើង​ទាំង​ពីរ​។ កម្ពុជាប្តេជ្ញាចិត្តនឹងបន្ត ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដោយទទួល​ស្គាល់​នូវ​សារៈ​សំខាន់​នៃ​ភា​ព​ជាដៃគូរបស់យើង សម្រាប់ ប្រជាជនរបស់យើង និងសម្រាប់សហគមន៍អន្តរជាតិ។ ខ្ញុំ​រង់​ចាំ​ជួប និងពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម។ សូម ឯកឧត្តមប្រធានាធិបតី មេត្តា​ទទួល​នូវ​ក្តីគោរព​ដ៏​ខ្ពង់ខ្ពស់ពីខ្ញុំ»។សូមជម្រាបថាតាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីទៅកាន់ប្រទេសបារាំង ជំនួប​ទ្វេភាគី​នា​ពេលខាងមុខរវាងសម្តេចធិបតី និងឯកឧត្តម ប្រធានាធិបតី ម៉ាក្រុង គឺឱកាស​ដ៏​ប្រសើរ​សម្រាប់​រដ្ឋាភិបាលនៃប្រទេសទាំងពីរ បញ្ជាក់ជាថ្មីនូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ជាប្រពៃណីឱ្យឈានដល់កម្រិតថ្មី ពង្រឹងនិងពង្រីកកិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដែលផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ ព្រមទាំង​រួម​គ្នា​ដោះ​ស្រាយ​ការប្រឈមសកល និងរក្សាសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់៕

នាយឧត្តមសេនីយ៍ ទៀ សីហា រំលឹកដល់នាយទាហានគ្រប់កងឯកភាព បន្តយកចិត្តទុកដាក់​ប្រតិបត្តិតួនាទីរបស់ខ្លួន

2024/01/05 09:48:43 pm        172
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លើក​ទឹកចិត្ត​នាយ​ទាហាន​ជំនាញគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ បន្តយកចិត្តទុកដាក់​ប្រតិបត្តិ​នូវ​តួនាទី ភារកិច្ចឱ្យកាន់តែល្អប្រសើរ បង្កើតនូវសមិទ្ធផល ស្នាដៃថ្មីៗថែមទៀត ជាមួយ​នឹង​ការ​ពង្រឹង​ពង្រីក​សមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុ ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី សុខសន្តិភាព ការអភិវឌ្ឍជូនសង្គមជាតិ និង​មាតុភូមិ​ជាដើម។ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារភស្តុភារ ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់អគ្គនាយកដា្ឋន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួង​ការពារជាតិ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បាន​ កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ប្រធាន​ស្ថាប័ន មេបញ្ជាការ​គ្រប់​លំដាប់ថ្នាក់ទាំងអស់ ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការ​សាមគ្គីគ្នា​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការបំពេញតួនាទី ភារកិច្ចប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​រហូត​ឈាន​ទៅ​សម្រេច​បាន​នូវ​សមិទ្ធផល​នានាជាច្រើនលើការងារភស្តុភារ ហិរញ្ញវត្ថុ នៅក្នុងកងយោធពលខេមរភូមិន្ទ។នាយឧត្តមសេនីយ៍ក៏បានលើកឡើងផងដែរថា សមិទ្ធផល​ដែល​គ្រប់​កង​ឯកភាព​ក្នុង​កង​យោធពល​ខេ​មរភូមិន្ទសម្រេចបាននៅឆ្នាំ២០២៣កន្លងទៅ បានឆ្លុះបញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចូល​រួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលទី៤​ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងការចាប់​ផ្តើម​អនុវត្ត​នូវ​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរ​ដ្ឋសភា សំដៅលើកកម្ពស់វិស័យការពារជាតិកាន់តែរីកចម្រើនថែមទៀត។នាយ​ឧត្តមសេនីយ៍បានបន្ថែមទៀតថា ឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជា​របៀប​វារៈ​នយោបាយ​ដ៏​សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និង​វែងឆ្ងាយ នាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុង​នោះ​ស្នូល​នៃ​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ការពង្រឹងអភិបាលកិច្ច និង​ការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់បន្តទៀតថា រាជរដ្ឋាភិបាល​បន្ត​អនុវត្ត​កម្ម​វិធី​កែ​ទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្ពោះទៅរកកម្រិតស្តង់ដារអន្តរ-ជាតិ តាមរយៈ​ការ​កែ​ទម្រង់ ការគ្រប់គ្រងចំណូលថវិកាជាតិ និងបង្កើន​ប្រសិទ្ធ​ភាព​ចំណាយ​ការ​អនុវត្ត​ប្រព័ន្ធ​បច្ចេក​វិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការ​រៀបចំ​ក្រប​ខណ្ឌ​ថវិកា​ជាក់​លាក់​ទៅ​នឹង​ការពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាគ្រប់ក្រសួង ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការអនុវត្តថវិកាកម្មវិធី និងការឈាន​ទៅ​ពង្រឹង​ការ​អនុវត្ត​ថវិកា​ផ្អែក​លើសមិទ្ធកម្ម។ ទន្ទឹមនឹងនេះដែរឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា រាជរដ្ឋាភិបាលបន្ត​ចាត់​វិធាន​ការ​បង្កើន​ប្រសិទ្ធ​ភាព​ចំណាយតាមរយៈការកែលម្អវិភាជថវិកាឱ្យចំទិសដៅ ទៅតាមអាទិភាព​រួម​គោល​នយោបាយ​ការ​លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការចំណាយ និងការពង្រឹងលទ្ធកម្មសារធារណៈ ​ជាមួយការផ្តោតការវិនិយោគសាធារណៈលើអាទិភាពចំនួន៥ សម្រាប់ការកសាងមាតុភូមិ រួមមាន «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដែលឈរលើគោលការណ៍ «ប្រសិទ្ធភាព ផលិតភាព គុណភាព ភាពធន់ និងចីរភាព»៕ អត្ថបទ៖ បាន ចក់

ក្រុមការងារចំពោះកិច្ច ប្រជុំពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល​អាកាសយានដ្ឋាន​អន្តរជាតិសៀមរាប-អង្គរ

2024/01/05 04:01:57 pm        283
ក្រុមការងារចំពោះកិច្ច ដែល​អញ្ជើញមកពីគ្រប់ភាគី​បានបើកកិច្ចប្រជុំ​ពិភាក្សា​អំពី​តម្លៃសេ​វា​ប្រើប្រាស់​ផ្លូវ​ចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បន្ទាប់ពីមានសំណូមពរ​របស់​អ្នក​ប្រកប​របរដឹកភ្ញៀវទេសចរលើការយកថ្លៃសេវាចេញចូល។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បី​ពិភាក្សា​អំពី​តម្លៃ​សេវា​ប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលកិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ទីស្តីការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និងឯកឧត្តមអភិបាលរង​ នៃគណៈអភិបាល​ខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោក​ស្រី និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។មន្ត្រីបានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបាន​រៀប​ចំឡើង​បន្ទាប់​ពី​ទទួល​បាន​ការ​ចង្អុល​បង្ហាញ​ដោយ​ផ្ទាល់​ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កើត​ឱ្យ​មាន​ក្រុម​ការងារ​ចំពោះ​កិច្ច​ដោះស្រាយលើ​តម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ អង្គប្រជុំក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជជែក​ពិភាក្សា​យ៉ាង​ផុលផុស​ និងបាន​សម្រេច​រៀបចំ​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថាន​ភាព​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប-​អង្គរ នាពេលឆាប់ៗខាងមុខ។មន្ត្រីបន្ថែមថា បន្ទាប់ពីការចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានរួចរាល់ ក្រុម​ការងារ​ចំពោះ​កិច្ច​គ្រោង​នឹង​ជួប​ជជែក​ពិភាក្សាជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលហៅកាត់ថា AIAI សំដៅរួមគ្នា​ស្វែងរក​ដំណោះស្រាយ​សមស្រប​ជូន​​ដល់បងប្អូនប្រជាពលរដ្ឋ។សូមជម្រាបថា ប៉ុន្មានថ្ងៃមកនេះ មានអ្នកប្រកបរបរដឹកភ្ញៀវទេសចរមួយចំនួន បាន​សម្តែង​អារម្មណ៍​មិន​ពេញចិត្ត ហើយក៏មានមួយចំនួនបានបង្ហោះរូបភាព និងខ្លឹមសារ​ក្នុង​បណ្តាញ​សង្គម​ចំពោះ​ការ​បង់ថ្លៃសេវាចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ភ្លាមៗ​កាល​ពី​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ២០២៤ គណៈអភិបាលខេត្ដសៀមរាប បាន​ជួប​ពិភាក្សា​ជាមួយ​អ្នក​ដឹក​ភ្ញៀវ​ទេសចរ​ ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់ ក្រោយអ្នក​វិនិយោគ​អាកាស​យានដ្ឋាន​អន្ដរជាតិ​សៀមរាប-អង្គរ ប្រកាសយកថ្លៃការធ្វើដំណើរតាមផ្លូវហាយវេនោះ ដែលការ​ពិភាក្សា​នោះ​ធ្វើ​ឡើង​នៅ​សាលាខេត្ដសៀមរាប។លោក លី សំរិទ្ធ អភិបាលរងខេត្ដសៀមរាប បានឱ្យដឹងនាកិច្ចប្រជុំនោះថា ការជួបពិភាក្សាគ្នានោះ គឺ​បា​នឱ្យក្រុមតំណាងអ្នកដឹកភ្ញៀវទេសចរលើកឡើងពីបញ្ហាផ្សេងៗ ដើមី្ប​រដ្ឋបាល​ខេត្ត​ដាក់​ជូន​ទៅ​រាជ​រដ្ឋាភិបាលធ្វើការដោះស្រាយ ព្រោះខេត្តមិនមានសិទ្ធសម្រេចនោះឡើយ។ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា ផ្លូវ​នេះ​ហាយ​វេ​ចេញ​ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺក្រុមហ៊ុនជាអ្នកវិនិយោគ ហើយ​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅគឺបើកឱ្យប្រើប្រាស់ដោយមិនយកថវិកាទេ ប៉ុន្តែអ្នកដឹកភ្ញៀវ​ចូល​ទៅ​ក្នុង​អាកាស​យានដ្ឋាន​ទើបត្រូវបង់ថវិកា បើមិនចូលអាកាសយានដ្ឋានពុំបានយកថវិកាទេ ដោយសារ​បញ្ជរ​បង់​ប្រាក់​ស្ថិត​ក្នុងទិសដៅចូលអាកាសយានដ្ឋាន។សូមបញ្ជាក់ថា សម្រាប់ផ្លូវចូលអាកាសយានដ្ឋានសៀមរាប-អង្គរនេះ គឺជាផ្លូវហាយវេ តភ្ជាប់​ចាប់​ពី​ផ្លូវ​ជាតិ​លេខ៦ ដល់អាកាសយានដ្ឋាន គឺពុំមានបញ្ជរបង់ថវិកាទេ លុះត្រា​ចូល​ទៅ​ដល់​ចំណត​អាកាស​យានដ្ឋានទើបមានបញ្ជរបង់ថវិកា ហើយប្រជាពលរដ្ឋចូលមិនតម្រូវឱ្យបង់ថវិកាទេ លើក​លែង​តែ​អ្នកប្រកបរបរដឹកភ្ញៀវទើបយកថវិកា ទៅតាមប្រភេទយានយន្ត ក្នុងនោះ​មាន​ប្រភេទ​រថយន្ត​ត្រូវ​បង់ ៣ដុល្លារ ៤ដុល្លារ ៦ដុល្លារ ៨ដុល្លារ ៩ដុល្លារ ១២ដុល្លារ និង១៦ដុល្លារជាដើម៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹក ពិសេសទឹកស្អាតជូនពលរដ្ឋប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការ

2024/01/03 07:11:38 pm        370
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ទឹកស្អាត គឺជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បី​ជា ផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ បាន​បន្ត​យក​ចិត្ត​ទុកដាក់ខ្ពស់លើវិស័យទឹក ពិសេសទឹកស្អាត ជូនដល់ប្រជាពលរដ្ឋ​កម្ពុជា​​ប្រើប្រាស់​បាន​គ្រប់​គ្រាន់តាមតម្រូវការ។ សម្ដេចថ្លែងថា ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុង​ចំណោម​អាទិភាពគន្លឹះទាំង៥ មាន "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" ដោយនៅ​ក្នុង​បញ្ចកោណ​ទី២ មានកិច្ចការអាទិភាពចំនួន ៥ ហើយការលើកកម្ពស់ការតភ្ជាប់ និងបង្កើន​ប្រសិទ្ធភាព​វិស័យទឹកស្អាត គឺជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ របស់រាជរដ្ឋាភិបាល នីតិកាល​ទី៧ ដែលមានគោលដៅផ្តោតលើការបន្តកសាង ពង្រឹងមូលដ្ឋានគ្រឹះ និង​បុរេ​លក្ខ​ខណ្ឌ​គន្លឹះ​ៗ សម្រាប់បង្កើនផលិតភាព តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សមិទ្ធផលថ្មីសន្លាង​មួយក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ គឺរោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុង​ពោធិ៍សាត់ ដើម្បីដោះស្រាយកំណើននៃតម្រូវការទឹកស្អាត និងលើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹក​ស្អាត​នៅ​ក្នុងខេត្តពោធិ៍សាត់ ក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈ​ទីភ្នាក់​ងារ JICA។ រោងចក្រនេះ មានសមត្ថភាពផលិតបានចំនួន ៦ ៦០០ម៉ែត្រគូប/ថ្ងៃ និងអាច​ជំរុញ​សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកពោធិ៍សាត់ដល់ ១៣ ៨៦០ម៉ែត្រគូប/ថ្ងៃ។ ការណ៍​នេះ នឹងបន្តពង្រឹងការចែកចាយទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ​ដល់​ប្រជាពលរដ្ឋជាង ១៥ ០០០គ្រួសារ នៅក្នុងក្រុងពោធិ៍សាត់ និងផ្នែកខ្លះ​នៃ​ស្រុក​បាកាន និងស្រុកកណ្តៀង៕

និស្សិត និងពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប ប្រកាសស្វាគមន៍ដំណើរទស្សនកិច្ច​សម្តេចធិបតីទៅកាន់ប្រទេសបារាំង និងស្វីស

2024/01/03 05:25:31 pm        271
ភ្លាមៗក្រោយទទួលដំណឹងពីដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសបារាំង និងប្រទេសស្វីសនាពេលខាងមុខនេះ បង​ប្អូន​ប្រជា​ពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរដែលកំពុងសិក្សា និងរស់នៅ​តំបន់​អឺរ៉ុប​បាន​ប្រកាស​ចាំ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ចរបស់សម្តេចនាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។តាមរយៈវិដេអូឃ្លីបដាច់ដោយឡែកពីគ្នា របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរទាំងនោះ បាន​លើក​ឡើងថា ពួកគេពិតជាមានភាពកក់ក្តៅ និងក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីឮដំណឹងថា សម្តេច​ធិបតី នាយករដ្ឋមន្រ្តីនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង និងស្វី​ស​ខាង​មុខ​នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីស។ ហើយបងប្អូន ទាំងនោះក៏បានរំពឹងថា ដំណើរទស្សន​កិច្ច​ជា​លើក​ដំបូង​របស់​សម្តេច​ធិបតី​ទៅ​កាន់​ប្រទេសបារាំង និងស្វីស ក្រោយសម្តេចធ្វើជានាយករដ្ឋមន្រ្តីកម្ពុជានេះ នឹង​ទទួ​ល​បាន​ផ្លែផ្កា និងផលប្រយោជន៍សម្រាប់ជាតិ និងប្រ ជាជន​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរទាំងនោះបានប្រកាសថា ពួកគេនឹងរង់ចាំទទួលស្វាគមន៍ ដោយ​ស្មោះស្ម័គ្រចំពោះដំណើរទស្សនកិច្ចរបស់សម្តេច និ​ង​ថ្លែង​កោត​សរសើរ​ចំពោះ​សម្តេច​ថា​ជា​មេ​ដឹកនាំ វ័យក្មេង និងឆ្លាតវៃមួយរូប ដែលមាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ និង​ប្រកដ​និយម ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតផងដែរ។បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរ ទាំងនោះក៏បានថ្លែងអំណរអគុណចំពោះការដឹកនាំរបស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែល​បាន​ធ្វើ​ឲ្យ​ប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះផងដែរ។សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង សម្តេច​ធិបតី ហ៊ុន ម៉ាណែត នឹងបំពេញ​ទស្សនកិច្ច​ ​ផ្លូវការ​នៅ​ប្រទេស​បារាំង​ចំនួន​ពីរ​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ហើយ​បន្ទាប់​សម្តេច​នឹង​អញ្ជើញ​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ស្វីស ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤។ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្តេចធិបតី ទៅកាន់​តំបន់​អឺរ៉ុប​នេះ​ត្រូវ​បាន​ប្រធានា​ធិបតី​បារាំង នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និង​បារាំង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​នូវ​ការ​ធ្វើ​ពិពិធកម្ម ដើម្បីគ្រប់គ្រងផលប្រយោជន៍រួមគ្នា នៃប្រទេសទាំងពីរ។ នៅក្នុងលិខិតអញ្ជើញ លោក​ប្រធានា​ធិបតី បានរំពឹង​ថា​ «ដំណើរ​ទស្សនកិច្ច​នេះ​នឹ​ង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​មានភាពស៊ីជម្រៅបន្ថែមទៀត នូវការធ្វើពិពិធកម្ម ដើម្បី​គ្រប់គ្រង​ផល​ប្រយោជន៍​រួម​គ្នា ក្នុងនោះមានដូចជាបញ្ហាប្រឈមនៃសាកលភាវូបនីយកម្មដែលមានការផ្លាស់ប្តូរ និង​កំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។ វានឹងអនុញ្ញាតឱ្យយើងពិនិត្យមើលនូវមធ្យោបាយ ដែល យើង​អាច​ប្រើ​ប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់សកល ដែលផ្អែកលើវិធានច្បាប់ ដែល​នឹង​អនុញ្ញាត​ដល់​ការធានានូវ អធិបតេយ្យភាព និងពោរពេញទៅដោយឯករាជ្យ នៃរដ្ឋទាំងអស់»៕អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាក្នុង១ខែ៥០ម៉ឺនរៀលដល់លោកយាយលក់សណ្ដែកដីស្ងោរ​អាយុ៨៧ ឆ្នាំ

2024/01/03 02:26:03 am        249
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤នេះ បានប្រកាស ឧបត្ថម្ភថវិកាក្នុង ១ខែ៥០ម៉ឺនរៀល ដល់លោកយាយម្នាក់ មានទីលំនៅ ក្នុងខេត្តតាកែវ ដែលបានមកលក់សណ្ដែកដីស្ងោរដល់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ ដើម្បីស្នើសុំឱ្យលោកយាយឈប់ដើរលក់សណ្ដែកដីស្ងោរបែបនេះបន្តទៀត។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម សម្ដេចតេជោ បានបញ្ជាក់ថា៖«ថ្ងៃនេះតាមរយៈលោក សេង ទៀង ខ្ញុំ ឱ្យរកលោកយាយលក់សណ្តែកដីស្ងោ ដែលមាន​អាយុ៨៧ ឆ្នាំ។ គាត់ចេញពីខេត្តតាកែវមកលក់នៅភ្នំពេញ មកព្រឹកត្រឡប់ទៅវិញពេលល្ងាច»។សម្ដេចតេជោថ្លែងថា៖«ខ្ញុំសំណូមពរឱ្យគាត់ឈប់លក់សណ្តែកដីដែលធ្វើដំណើរផ្លូវឆ្ងាយដោយជំនួសវិញនូវការផ្តល់ថវិការបស់ខ្ញុំ ៥០ ម៉ឺនរៀលក្នុងមួយខែ។ ទឹកប្រាក់នេះមានចំនួនច្រើនជាងប្រាក់ដែលគាត់លក់បាន ៥ ពាន់ទៅ១ម៉ឺនរៀលក្នុងមួយថ្ងៃ។ ថ្ងៃនេះក៍បានផ្តល់ថវិកាជូនលោកយាយ ២ លានរៀលផងដែរ»៕ ដោយ ៖ ដារា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM