សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា

2026/04/01 10:36:36 pm        295
លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍នានារបស់កម្ពុជា។លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​បែប​នេះ ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សន្តិភាព​នា​ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវប្រធានធនាគារ AIIB បានកោតសរសើរសមិទ្ធផល និងការ​រីក​ចម្រើន​យ៉ាង​រហ័សនៅកម្ពុជា និងបានវាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ដាក់​ចេញ​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ជាតិ​រយៈ​ពេលវែងរបស់រាជរដ្ឋាភិបាល។ លោកជំទាវបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែល​តែង​តែ​ផ្តល់ទំនុកចិត្ត និងគាំទ្រដល់ធនាគារ AIIB នាពេលកន្លងមក។ លោក​ជំទាវ​បាន​គោរព​ជម្រាប​ជូន​សម្តេចធិបតីអំពីគោលនយោបាយអាទិភាព ៤ របស់ធនាគារ ដែលរួមមាន៖ ការ​ប្រែ​ប្រួល​អាកាសធាតុ និងថាមពលស្អាត, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងឆ្លងប្រទេស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្របច្ចេកវិទ្យា, និង ការអភិវឌ្ឍវិស័យឯកជន។ លោកជំទាវបានសង្កត់ធ្ងន់ថា គោលនយោបាយអាទិភាពទាំងនេះមានសង្គតិភាព ទៅនឹងចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា។ លោកជំទាវក៏បានបញ្ជាក់ដែរថា កម្ពុជាគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ និងប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានា នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតីបានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាប្រធានធនាគារ AIIB។ សម្តេចធិបតីមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកជំទាវ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ធនាគារ AIIB នឹងកាន់តែរឹងមាំ និងមានផ្លែផ្កាបន្ថែមទៀត។ សម្តេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទាំង ៤ របស់ធនាគារ AIIB ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងវិស័យអាទិភាពរបស់កម្ពុជា។ សម្ដេចធិបតីបានបន្ថែមទៀតថា ចំពោះការអភិវឌ្ឍថាមពលស្អាត រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៅឆ្នាំ២០៣០ និងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តឱ្យប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវគោលដៅ អព្យាក្រឹតកាបូន នាពេលអនាគត។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការកែសម្រួលវិធានការចាំបាច់មួយចំនួន ក្នុងវិស័យឡូជីស្ទិក និងថាមពល ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងសកលលោក។ មុននឹងបញ្ចប់ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យធនាគារ AIIB បន្តពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្ដែងឱ្យសម្រេចបាននូវលទ្ធផលជាអតិបរមាសម្រាប់ប្រជាជនកម្ពុជា៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី "អភិបាលកិច្ច និងការគ្រប់គ្រង"

2026/04/01 12:39:04 am        169
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ក្នុងពិធីបិទកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានពាំនាំព្រះរាជសុវណ្ណីផ្តាំសួរសុខទុក្ខ និងកោតសរសើរពី សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រមទាំងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងបុព្វហេតុមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាកន្លងមក។ បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណលោកស្រី Dorsa Nazami-Salman ប្រធានបេសកកម្មគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) ដែលតែងផ្តល់កិច្ចសហប្រតិបត្តិការល្អ ការរួមសុខរួមទុក្ខ និងការគាំទ្រផ្សេងៗ ដើម្បីជួយជំរុញដល់កាកបាទក្រហមកម្ពុជា។ជាលទ្ធផលនៃកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានឯកភាពលើទិសដៅការងារបន្តរបស់អង្គប្រជុំជូនគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិ មានដូចជា (១) អភិបាលកិច្ចល្អ ក្នុងការកំណត់តួនាទីភារកិច្ចយ៉ាងច្បាស់លាស់ (២)ការពង្រឹងតម្លាភាព និងគណនេយ្យភាព ដើម្បីជាដើមទុននៃការជឿទុកចិត្ត (៣)ការបន្តរៀនសូត្រ និងកែលម្អជានិច្ច (៤)កាតព្វកិច្ចក្នុងការរក្សាសុវត្ថិភាពការងារ (៥)ការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ និង(៦)ទិវា ៨ ឧសភា គឺជាចលនាមនុស្សធម៌ដ៏ផុលផុស។

សម្ដេចតេជោបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនទាក់ទងនឹងស្ដ្រីម្នាក់យកប្ដីពីរក្នុងពេលតែមួយ ដោយចាត់ទុកទង្វើនេះបានបំផ្លាញប្រពៃណីស្ត្រីខ្មែរខ្លាំងបំផុតក្នុងសម័យទំនើបក្រោយសម័យរបបប៉ុល ពត

2026/03/24 03:03:23 am        197
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហោះសារបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនទាក់ទងនឹងស្ដ្រីម្នាក់យកប្ដីពីរក្នុងពេលតែមួយ ដែលសម្ដេចចាត់ទុកទង្វើនេះជា បានបំផ្លាញប្រពៃណីស្ត្រីខ្មែរខ្លាំងបំផុតក្នុងសម័យទំនើប ក្រោយសម័យរបបប៉ុល ពត។សម្ដេចតេជោ បានសរសេរថា ថ្ងៃនេះខ្ញុំសូមបង្ហាញនូវអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ។សម្ដេចតេជោបានថ្លែងថា អ្វីដែលខ្ញុំចង់និយាយ គឺទាក់ទងជាមួយស្ត្រីម្នាក់យកប្ដីពីរក្នុងពេលតែមួយ និងរស់នៅជាមួយគ្នាជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា តែខ្ញុំមិនច្បាស់ថានៅលើគ្រែជាមួយគ្នានោះទេ។ រូបភាពទាំងអស់នេះត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។សម្ដេចបានចោទសួរថា តើស្ត្រីម្នាក់នេះ យកប្ដីពីរនាក់ពិតប្រាកដឬជាការសម្ដែងដើម្បីទាក់ទាញអ្នកមើល?សម្ដេចបានបញ្ជាក់ថា ប្រសិនបើគាត់យកប្ដីពីរនាក់ពិតប្រាកដហើយរស់នៅជាមួយគ្នាចែកវេនគ្នារួមភេទ គាត់ជាស្ត្រីដ៏មហិមា និងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរដែលខ្លាំងបំផុតក្នុងសម័យទំនើប ក្រោយរបបប៉ុល ពត។ បុរសមានប្រពន្ធពីរ ឬលួចមានស្រី ខំលួចលាក់ខ្លាចប្រពន្ធឈ្លោះគ្នាផង ខ្លាចច្បាប់ផង ខ្លាចប្រពន្ធដឹងផងព្រមទាំងរដ្ឋធម្មនុញ្ញចែងថា (ប្ដីមួយប្រពន្ធមួយ)ផង។សម្ដេចបានបន្តថា សូមបងប្អូន ឬសាមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន៕

សម្តេចតេជោ អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ខណៈពួកក្បត់ជាតិ​តែងតែ​បង្កើត​ផេកហ្វេក​បុក​ក្លែង​ក្លាយ​ដាក់​ឈ្មោះសម្តេច ដើម្បីបោកប្រាស់ពលរដ្ឋ

2026/03/21 03:11:24 pm        414
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបាន​អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និង​ក្រៅប្រទេសមា​ន​ការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែក្នុងរយៈពេលចុងក្រោយនេះពួកក្បត់ជាតិ ដែល​ភាគ​ច្រើនកំពុងរស់នៅក្រៅប្រទេសនោះ បានបង្កើតផេកហ្វេសបុកក្លែងក្លាយជាច្រើន ដោយ​បាន​ដាក់​ឈ្មោះ និងរូបសម្តេចដើម្បីបោកប្រាស់ពលរដ្ឋ ក្នុងគោល​បំណង​គេង​ចំណេញ​នយោបាយ​ និងផលប្រយោជន៍ផ្ទាល់ខ្លួនជាដើមនោះ។​តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ សម្តេច តេជោ​​បានប្រើពាក្យធ្ងន់ៗទៅកាន់ពួកក្បត់ជាតិទាំងនោះថា «តើពួកក្បត់​ជាតិ​នេះ​បើ​មិន​បាន​ភូត​កុហក់​វា​ងាប់​ឬ​អី?​ បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ»។ សម្តេចតេជោ បាន​បន្ថែម​ទៀត​ថា​កន្លង​មកពួកក្បត់ជាតិបានបង្កើតផេកហ្វេកបុកក្លែងក្លាយមួយដែលមានរូបថត និងឈ្មោះ របស់​សម្តេច និងតែងតែបានបង្ហោះព័ត៌មានមិនពិត ប្រឌិត និង​បំភ្លៃ​បំភ្លើស​ព័ត៌មាន​គ្រប់​បែប​យ៉ាង​ដើម្បី​បំភាន់ភូតកុហកបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។តាមរយៈផេកហ្វេសបុកផ្ទាល់នេះដែរ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹក ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង និងក្រៅប្រទេសថា សូមបងប្អូន​អ្នក​ប្រើ​ប្រាស់​ហ្វេស​បុក​គប្បី​ប្រុង​ប្រយ័ត្ន​ខ្ពស់​កុំ​ចាញ់​បោក​ពួកក្ប​ត់ជាតិទាំងនេះឲ្យសោះ ខណៈហ្វេសបុកសម្តេចគឺមានតែមួយប៉ុណ្ណោះ ខណៈ​មាន​អ្នក​តាម​ដានជាង​១៥លាននាក់ ដូចដែល​សម្តេ​ច​បាន​បង្ហោះ​ភ្ជាប់​ជា​មួយ​នា​ពេល​នេះ៕

សម្តេចតេជោ ហ៊ុន សែន៖តើពួកក្បត់ជាតិនេះបើមិនបានភូតកុហក់វាងាប់ឬអី? បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ

2026/03/21 06:05:06 am        50
សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារ នៅយប់ថ្ងៃទី២០ មីនានេះថា កន្លងមកពួកក្បត់ជាតិបង្កើតផេកហ្វេកបុកក្លែងក្លាយមួយដែលមានរូបថតនិងឈ្មោះខ្ញុំ និងតែងបង្ហោះព័ត៌មានមិនពិត។សម្ដេចអំពាវនាវ ដល់បងប្អូនអ្នកប្រើប្រាស់ហ្វេសបុកប្រុងប្រយ័ត្នកុំចាញ់បោកពួកក្បត់ជាតិទាំងនេះ។សម្ដេចតេជោបានថ្លែងថា ខ្ញុំមានហ្វេសបុកតែមួយដែលមានអ្នកតាមដានជាង១៥លាននាក់ដែលខ្ញុំសូមបង្ហោះភ្ជាប់ជាមួយ៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងការងារ ប្រជុំជាមួយតំណាងនិយោជក និងសហជីព ដើម្បីដោះស្រាយផលលំបាករបស់កម្មករដែលកើតចេញពីការកើនឡើងតម្លៃប្រេងឱ្យបានឆាប់បំផុត

2026/03/20 03:07:21 am        230
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ មានសរសេរសារបញ្ជាក់ថា ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះសម្ដេចបានបញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រជុំជាមួយតំណាងនិយោជក និងសហជីព ដើម្បីដោះស្រាយលើបញ្ហានេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសរសេរថា៖«ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត»។ សម្ដេចធិបតីបានថ្លែងថា៖«ខ្ញុំសង្ឃឹមថាភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើងផង»។

ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋស្លូវ៉ាគី ប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគី ពិសេស​លើ​វិស័យពាណិជ្ជកម្ម និងវិនិយោគ

2026/03/19 07:56:33 pm        188
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា បានប្ដេជ្ញា​លើក​កម្ពស់​ទំនាក់​ទំនង​ដ៏​ល្អរវាងកម្ពុជា និងស្លូវ៉ាគីដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាពិសេស​លើ​ទំនាក់​ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និងធុរកិច្ច និងការវិនិយោគ​ដែល​ជា​ចំណុច​ស្នូល​ត្រូវ​ពង្រីក​បន្ថែម​។ ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋ​ស្លូវ៉ា​គី ​ប្រចាំ​នៅកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្តបែបនេះ ក្នុងឱកាសដែល​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួប និងប្រគល់​សារ​តាំង ​នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងជំនួបនេះ សម្ដេច​តេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច​សូម​អបអរសាទរ និងស្វាគមន៍​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូតដែលបានទទួលការតែងតាំង​ជា​ឯកអគ្គរដ្ឋទូតរបស់ស្លូវ៉ាគីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានបង្ហាញក្តីសង្ឃឹមថា ក្នុង​អាណត្តិរបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូតថ្មីនេះនឹងពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និង​ស្លូវ៉ាគី​ឱ្យ​កាន់​តែរីកចម្រើនបន្ថែមទៀតជាពិសេសនៅក្នុងឱកាសខួប ៧០ឆ្នាំនៃទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​២នៅឆ្នាំក្រោយនេះ សម្ដេចតេជោសង្ឃឹមថា នឹងមានការរៀបចំ​អបអរ​សាទរ​ដើម្បី​ពង្រឹង​ទំនាក់​ទំនងរវាងកម្ពុជានិងស្លូវ៉ាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី​ស្លូវ៉ាគី​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បានអនុញ្ញាតឱ្យឯកឧត្តមបានជួបនឹងប្រគល់សារតាំងនាឱកាសនេះ។ ឯកឧត្តម​បាន​ជម្រាប​ជូនសម្ដេចតេជោថាបេសកកម្មរបស់ឯកឧត្តមនៅពេលនេះ គឺមានភារកិច្ចក្នុ​ង​ការ​លើក​កម្ពស់​ទំនាក់​ទំនងដ៏ល្អរវាងកម្ពុជា និងស្លូវ៉ាគីដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមបានសង្កត់ធ្ងន់លើទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងធុរកិច្ច និងការវិនិយោគដែលជាចំណុចស្នូលដែលឯកឧត្តមចង់ពង្រីកក្នុងអាណត្តិរបស់ឯកឧត្តម។ សម្ដេចតេជោបានសម្ដែងនូវការគាំទ្រចំពោះការការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោបានចាត់ទុកចំណុចទាំងនេះជាចំណុចស្នូលនៃទំនាក់ទំនងក្រៅពីការទូត និងនយោបាយ។ សម្ដេចតេជោបានកោតសរសើរចំពោះក្រសួងការបរទេសនៃប្រទេសទាំងពីរដែលរដ្ឋាភិបាលតែងតែជជែកគ្នាអំពីការគាំទ្រគ្នាក្នុងឆាកអន្តរជាតិ និងលើវេទិកាអន្តរជាតិរវាងកម្ពុជា និងស្លូវ៉ាគី។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមAlexander Micovčin ឯកអគ្គរដ្ឋទូតស្លូវ៉ាគីថ្មីប្រចាំនៅកម្ពុជា ឱ្យបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ៕

សម្ដេចតេជោ រម្លឹកសភាពការណ៍កាលពី៥៦ឆ្នាំមុន ទោះ​ពេល​នោះ​លំបាក​ខ្លាំង​តែ​សម្ដេច​មិន​រត់​ចោល​ប្រជាជន​នោះទេ

2026/03/18 05:47:59 pm        395
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា និង​ជា​អតីត​រដ្ឋ​មន្រ្ដី​កា​រ​បរទេសកម្ពុជា កាលពីអំឡុងឆ្នាំ១៩៧៩ បានបង្ហាញ​រូប​ថត​មួយ​សន្លឹក​កាល​​ពី​សម្ដេច​នៅ​ជា​រដ្ឋ​មន្រ្ដី​ការ​បរទេស​ជួប​ជាមួយប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ និង​បញ្ជាក់​ថា​ទោះ​បី​ជា​សភាព​ការ​ពេល​នោះ​លំបាក​ខ្លាំង​តែស​ម្ដេចមិនរត់ចោលប្រជាជននោះទេ សម្ដេចប្រឹងងើបឈរឡើងដើម្បីរស់ ស្តារ និងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គម ដោយបានរម្លឹកថា នៅថ្ងៃទី១៨ ខែ​មីនា​នេះ​ជា​ខួប​លើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួក លន់ នល់ ​(១៨ មីនា ១៩៧០-១៨ មីនា ២០២៦) ដែលជាមូលហេតុ​នាំ​ប្រទេស​ពី​សន្តិភាព​ទៅកា​ន់​សង្គ្រាម​ទាំង​ស្រុង​។សម្ដេចតេជោ បានសរសេរថា គាប់ជួនម្សិលមិញ សម្ដេចបាន​ទទួល​រូប​ថត​មួយ​សន្លឹក​ដែល​ស្រាវ​ជ្រាវ​ដោយ​លោក ​អេង សុធីវណ្ណ ដែលអ្នកថតរូបបរទេស បានថតកាលពីថ្ងៃ១៥ មីនា ១៩៧៩ ដែល​ពេល​នោះពិតមែនតែសម្ដេចនៅក្មេង តែស្គមទម្ងន់ប្រមាណ ៥០គីឡូក្រាមប៉ុណ្ណោះ។សម្ដេចតេជោបានថ្លែងថា៖«សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះ ខោដោយខោ អាវ​ដោយ​អាវ​ដែល​អាវ​រើស​បាន​ពី​ផ្ទះ​មួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។ គាប់​ជួន​ថ្ងៃ​នោះ​វ៉ែនតា​ខ្ញុំ​ជ្រុះក​ញ្ចក់មិនអាចពាក់បានទៀត។ សភាពការណ៍ពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេ យើង​ប្រឹង​ងើប​ឈរ​ឡើង​ដើ​ម្បីរស់ និងការស្តា និងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ»។សម្ដេចតេជោបានបញ្ជាក់ថា៖ «ខ្ញុំនៅចាំបានថា ក្នុងរយៈពេលនោះ ម៉ាណែត មិនហៅខ្ញុំថា ជា​ពុក​នៅ​ឡើយ​បន្ទាប់​ពី​ជួប​គ្នាឡើងវិញ នៅថ្ងៃ២៤ កុម្ភៈ ១៩៧៩។ គេហៅខ្ញុំថា ជាពូ និងតែង​បណ្តេញ​ខ្ញុំ​ចេញ​នៅ​ពេល​ខ្ញុំទៅជិតម្តាយរបស់គេ»។ក្នុងឱកាសនោះ សម្ដេចបានត្រឡប់រូបថតនេះវិញ អ្នកនិពន្ធ​បាន​សរសេរ​ជា​ភាសា​​អង់គ្លេស​នៅ​ក្រោយ​រូប​ថតថា៖​ រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតរបស់ពិភពលោក៖ លោក ហ៊ុន សែន ដែល​ពេល​នោះ​មាន​អាយុ ២៦ ឆ្នាំ បានជួបជាមួយគណៈប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី​១៥​ ខែមីនា ឆ្នាំ១៩៧៩ (The world’s youngest foreign minister: Hun Sen, then 26 years old, meets with a Mongolian delegation in Phnom Penh on March 15, 1979.)៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មី៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ស្ថិត​ក្នុងមូលដ្ឋានក្រុងតាខ្មៅ និងខណ្ឌព្រែកព្នៅ

2026/03/16 05:20:23 pm        231
នាព្រឹក​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​​ជា​វត្តមាន​ប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលក្នុងនោះផ្ទះ ២​ខ្នង ​ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ ១ខ្នងទៀត ស្ថិតនៅខណ្ឌព្រែកព្នៅ រាជ​ធានី​ភ្នំពេញ​។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និង​ប្រសាសន៍​សួរ​សុខ​ទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​ រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ពផងដែរ។​ ទន្ទឹម​នឹង​នេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និង​លោក​ជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូន​ដល់​ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។លោកជំទាវបណ្ឌិតមានប្រសាសន៍ថា យើងគ្រប់គ្នាចងចាំវីរភាព និងការលះបង់របស់វីរកងទ័ព ពិសេស​ក៏​បាននឹងកំពុងគិតគូរជាប្រចាំចំពោះក្រុមគ្រួសារវីរកងទ័ព ដោយ​មិន​បោះ​បង់​នរណា​ម្នាក់​ចោល​នោះ​ឡើយ។ ជីវភាព និងការរស់នៅដើម្បីបន្តរួមចំណែកជាមួយកម្ពុជា​ គឺជា​កាតព្វ​កិច្ច​រ​បស់​យើង​ទាំង​អស់គ្នា​ ដែលនេះ គឺសរបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលផង និង​សមាជិក​ក្រុមគ្រួសារវីរកងទ័ពផង ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនឯកអគ្គរាជទូតដាណឺម៉ាកប្រចាំកម្ពុជា ចូលជួប​សម្តែង​ការគួរសម និងពិភាក្សាការងារ

2026/03/16 04:28:15 pm        350
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម Danny Annan ឯកអគ្គរាជទូតនៃប្រទេសដាណឺម៉ាក់ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM