លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ប្រមុខ​ការពារជាតិ​រុស្ស៊ី-អាមេរិក​ពិភាក្សា​អំពី​ការ​ធ្លាក់​យាន​ដ្រូ​ន​នៅ​សមុទ្រ​ខ្មៅ

2023/03/16 09:15:42 pm        508
​អាមេរិក៖ រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិកលោក Lloyd Austin បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិកនឹង​បន្ត​ហោះហើរ និង​ធ្វើ​ប្រតិបត្តិការ​គ្រប់​ទីកន្លែង​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​។ បញ្ហា​នេះ​កើតមានឡើង​បន្ទាប់ពី​យាន​ដ្រូ​ន​របស់​អាមេរិកបាន​ធ្លា​ក់ នៅ​សមុទ្រ​ខ្មៅ​ក្បែរ​តំបន់​គ្រី​មៀ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដោយ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​បាន​បុក​ជាមួយ​យាន​ដ្រូ​ន​បណ្តាលឱ្យ​ធ្លាក់​។ លោក Austin និយាយថា លោក​បាន​ជួប​សន្ទនា​ជាមួយ​សម​ភាគី​រុស្ស៊ី​តាម​ទូរស័ព្ទ ដើម្បី​ពិភាក្សា​អំពី​ឧបទ្ទវ​ហេតុនេះ ប៉ុន្តែ​ពុំបាន​ផ្តល់ព័ត៌មាន​លម្អិត​នៃ​ការសន្ទនា​របស់​ប្រមុខ​ការពារជាតិ​ទាំងពីរ​នោះទេ​។ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ីលោក Sergei Shoigu បាន​និយាយថា តាម​គំនិត​ផ្តួចផ្តើម​របស់​ភាគី​អាមេរិក ការសន្ទនា​តាម​ទូរស័ព្ទត្រូវបាន​ធ្វើឡើង​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ីលោក Sergei Shoigu និង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិកលោក Lloyd Austin​។​ ​ការប៉ះទង្គិច​គ្នា​នៅ​កណ្តាល​អាកាស​រវាង​យាន​ដ្រូ​ន​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក និង​យន្តហោះ​ចម្បាំង​រុស្ស៊ី​នៅក្នុង​ដែនអាកាស​អន្តរជាតិ បាន​ជំរុញឱ្យមាន​ការអំពាវនាវ​ដោយផ្ទាល់​ដ៏​កម្រ​រវាង​មេដឹកនាំ​យោធា​នៅ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​មូ​ស្គូ​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិកលោក Lloyd Austin កាលពី​ថ្ងៃ​ពុធបាន​និយាយថា លោក​បាន​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ីអំពី​ឧបទ្ទវ​ហេតុនេះ ដែល​យន្តហោះ​រុស្ស៊ី Su-27 បាន​ស្ទាក់ចាប់​វាយប្រហារ និង​ធ្វើឱ្យ​ខូចខាត​ដល់​យាន​ដ្រូ​ន MQ-9 Reaper របស់​អាមេរិក ដែល​បង្ខំ​ឲ្យ​ប្រតិបត្តិ​ករ​បញ្ជា​យាន​ដ្រូ​ន​ឲ្យ​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ខ្មៅ​។ ទន្ទឹមនឹងនេះរដ្ឋមន្ត្រីការបរទេស​រុស្ស៊ីលោក Sergei Lavrov បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិកនៅក្នុង​សេចក្តី​អត្ថាធិប្បា​យ​ទាក់ទង​នឹង​ការធ្លាក់​យាន​ដ្រូ​ន​យោធា​របស់ខ្លួន​នៅ​សមុទ្រ​ខ្មៅ គឺមិន​អើពើ​ចំពោះ​ការពិត​ដែលថា​ រុស្ស៊ី​បាន​បង្កើត​ការ​រឹតត្បិត​លំហ​អាកាស​នៅក្នុង​តំបន់​នោះ​។ នៅក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​រដ្ឋលោក Lavrov បាន​និយាយថា រុស្ស៊ី​បាន​បង្កើត​ដែន​កំណត់​លើ​ជើងហោះហើរ​នៅក្នុង​តំបន់​សមុទ្រ​ខ្មៅ បន្ទាប់ពី​ការចាប់ផ្តើម​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ជាការ​ពិត​ដែល​សហរដ្ឋអាមេរិក​បាន​ដឹង​យ៉ាងច្បាស់​រួចហើយ៕អត្ថបទ៖ ប៊ុនថន

អ្នក​នៅរស់​ជីវិត​ពី​ព្យុះ​ស៊ីក្លូន Freddy នៅ​ម៉ាឡាវី​រៀបរាប់​ពី​បំណាក់​ដី ខណៈ​ចំនួន​អ្នកស្លាប់​កើន​ដល់ ២២៥​នាក់​

2023/03/16 07:33:49 pm        324
​ម៉ាឡាវី៖ អ្នក​នៅរស់​ជីវិត​ក្នុង​ភូមិ​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ម៉ាឡាវី កាលពី​ថ្ងៃ​ពុធ​បាន​រំលឹក​ពី​ហេតុការណ៍​បំណាក់​ដីដែល​បណ្តាល​មកពី​ព្យុះ​ស៊ីក្លូន​ត្រូពិក Freddy ដែល​បាន​បោក​បក់​មក​លើ​លំនៅឋាន ខណៈ​ពលរដ្ឋ​មួយ​ចំនួន​កំពុង​ដេក​លង់លក់​។ ​សាច់ញាតិ​របស់​ពលរដ្ឋ​នៅ​ភូមិ Mtauchira ដែលមាន​ទីតាំង​នៅក្នុង​ស្រុក Chiradzulu បាន​ស្វែងរក​សមាជិក​គ្រួសារ​រ​បស់​ពួកគេ​ដែល​បាត់​ខ្លួន ខណៈ​អ្នក​ផ្សេងទៀត​ព្យាយាម​យក​របស់របរ​របស់​ពួកគេ​ដែល​កប់​ក្នុង​ដីល្បាប់​។ អ្នក​នៅរស់​ជីវិត​បាន​និយាយថា អ្នក​ដែល​ព្យាយាម​រត់គេចខ្លួន​ត្រូវបាន​ហូរ​នាំ​ដោយ​ទឹកជំនន់ និង​បាន​រង​របួស​ធ្ងន់ធ្ងរ​ដោយ​ការ​ប៉ះទង្គិច​ជាមួយ​ថ្ម​។​ ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ប្រទេស​ម៉ាឡាវី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ​ចំនួន​អ្នក​ស្លាប់​ពី​ការ​វាយ​បក់​លើក​ទី​ពីរ​ដោយ​ព្យុះ​បាន​កើន​ឡើងដល់ ២២៥​នាក់ និង​មនុស្ស ​៧០៧​នាក់​បាន​រង​របួស ហើយ ៤១​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​។ ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ទីភ្នាក់ងារ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបំផ្លិចបំផ្លាញ និង​ផលប៉ះពាល់​ដោយ​ព្យុះ​ស៊ីក្លូន​ត្រូពិក Freddy ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ១៦,០០០នាក់​នៅ​ទូទាំង​ស្រុក​ចំនួន ១០ នៅក្នុង​តំបន់​ភាគខាងត្បូង​ប្រទេស​ម៉ាឡាវី​។ យោងតាម​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​បានឱ្យដឹងថា នៅក្នុង​ប្រទេស​ម៉ូសំប៊ិក​ដែល​នៅ​ជិតខាង មនុស្ស​យ៉ាងហោចណាស់ ២១​នាក់​បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃ​អង្គារ​៕អត្ថបទ៖ ប៊ុនថន

សារព័ត៌មាន​ WSJ៖​ ក្រុម​និយ័ត​ករ​សហព័ន្ធ​អាមេរិក​កំពុង​ស៊ើបអង្កេត​ពី​មូលហេតុ​ធនាគារ​ SVB ដួល​រលំ​

2023/03/16 07:19:19 pm        391
​អាមេរិក៖ សារព័ត៌មាន The Wall Street Journal បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា គណៈកម្មការ​ភាគហ៊ុន និង​អត្រា​ប្ដូរប្រាក់ ​និង​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក កំពុង​ស៊ើបអង្កេត​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ធនាគារ Silicon Valley Bank (SVB) ​ដួល​រលំ បាន​ក្លាយ​ជា​ធនាគារ​ធំ​បំផុត​ទី​២ បាន​ដួល​រលំ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក។ ​យោង​តាម​របាយការណ៍ ការស៊ើបអង្កេត​ដែល​ត្រូវ​បាន​ធ្វើ​ដាច់ដោយឡែក​ពីគ្នា និង​ក្នុង​ដំណាក់​កាល​ដំបូង រួមមាន​ការ​តាម​ដាន​ការ​លក់​ភាគហ៊ុន​ដែល​ក្រុម​នាយក​ប្រតិបត្តិ​របស់​ធនាគារ SVB បាន​ធ្វើ​ មុន​ពេល​ការ​ដួល​រលំ​របស់​ធនាគារ​ផ្ដោត​លើ​បច្ចេកវិទ្យា​មួយ​នេះ​។ សារព័ត៌មាន WSJ បាន​និយាយ​ថា ក្រុម​រដ្ឋអាជ្ញា ​និង​និយ័ត​ករ​តែង​បើក​ការស៊ើបអង្កេត ក្រោយ​ស្ថាប័ន​ហិរញ្ញវត្ថុ ឬ​ក្រុមហ៊ុន​រដ្ឋ​នានា​ជួប​បញ្ហា​ធ្ងន់ធ្ងរ ការខាតបង់​ដែល​នឹកស្មាន​មិន​ដល់។ ​ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហិរញ្ញវត្ថុ​របស់​ធនាគារ SVB ដែល​ធ្លាប់​បាន​គ្រប់គ្រង​ធនាគារ​នេះ​បាន​ធ្លាក់​ចុះ​ ៦០% កាលពី​សប្ដាហ៍​មុន និង​ត្រូវ​បាន​បញ្ឈប់​មិន​ឲ្យ​ជួញដូរ​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ​និយ័ត​ករ​ធនាគារ​នេះ​បាន​បង្ហាញ​ថា លោក Daniel Beck ប្រធាន​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ធនាគារ SVB បាន​និយាយ​ថា ធនាគារ​នេះ​លក់​ភាគហ៊ុន​ចំនួន ​២​ពាន់​របស់​ហិរញ្ញវត្ថុ​ធនាគារ SVB កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ​ នៅ​ថ្ងៃ​តែមួយដែល​អគ្គនាយក​ធនាគារ​លោក Gregory Becker​ បាន​លក់​ភាគហ៊ុន​ចំនួន ១២.៤៥១។​ ធនាគារ SVB ត្រូវ​បាន​បិទ​ដោយ​ក្រុម​ប្រតិបត្តិ​ករ​អាមេរិក​កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់ពី​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​ផ្ដោត​លើ​បច្ចេកវិទ្យា​មួយ​នេះ បាន​រាយការណ៍​ពី​ការខាតបង់​ដ៏​ធំ​ពី​ការ​លក់​ដែល​បណ្ដាល​ឲ្យ​អស់​ប្រាក់​បញ្ញើ​របស់​ធនា​គារ​។ វា​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​ការ​ដួល​រលំ​ធនាគារ​ធំ​បំផុត​ទី​២ ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក និង​យ៉ាង​ឆាប់រហ័ស​ ក្រោយ​ការ​បិទ​ធនាគារ Signature Bank ដែល​ជា​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​ផ្នែក​រូបិយប័ណ្ណ​គ្រីប​តូ ឬ​រូបិយប័ណ្ណ​ឌីជីថល​កាលពី​ថ្ងៃអាទិត្យ​៕អត្ថបទ៖ សុខមាន

ទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ​១០​នាក់​ស្លាប់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ទួរគី​ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី

2023/03/16 06:42:30 pm        304
​ទួរគី៖ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Anadolu បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស​យ៉ាងតិច ១០នាក់​បាន​ស្លាប់​ បន្ទាប់ពី​ភ្លៀង​ធ្លាក់​យ៉ាងគំហុកបង្ក​ជា​ទឹកជំនន់​ភ្លាមៗ​នៅក្នុង​ខេត្ត Sanliurfa និង​ខេត្ត Adiyaman ភាគ​អាគ្នេយ៍​ប្រទេស​ទួរគី​។វីដេអូ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានបង្ហាញទឹកជំនន់​បាន​ហូរ​នាំ​រថយន្ត និង​កម្ទេចកម្ទី ហើយ​បាន​ជន់​លិច​បន្ទប់​ក្រោម​ដី និង​ជាន់​ផ្ទាល់​ដី​នៃ​អគារ​មួយចំនួន ដែល​បានប្រែក្លាយ​ផ្លូវ​ជាច្រើន​កន្លែង​ទៅជា​ទន្លេ​នៅ​កណ្តាល​ទីក្រុង Sanliurfa។​ ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស​បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក និង​ជួយសង្គ្រោះ​អ្នក​បាត់​ខ្លួន និង​អ្នក​ដែល​ជាប់​នៅក្នុង​អគារ​បាន​បន្ត ដោយ​ក្រុម​អ្នក​មុជទឹក និង​ក្រុម​ប្រើប្រាស់ទូក​។ខេត្ត​ដែលមាន​ប្រជាជន​ប្រមាណ ២.៧លាន​នាក់ត្រូវបាន​វាយប្រហារ​ដោយ​ការរញ្ជួយ​ដី​កាលពី​ខែ​មុន បណ្តាល​ឲ្យ​មនុស្ស​ជាង ៤៨,០០០នាក់​ស្លាប់នៅក្នុង​ប្រទេស​ទួរគី និង​បានធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​បាត់បង់​លំនៅឋាន​។​ ​មនុស្ស​រាប់ពាន់នាក់​កំពុងស្នាក់នៅ​ក្នុង​តង់ និង​ផ្ទះ​កុងតឺន័រ ដែល​មួយចំនួន​ត្រូវបាន​ជន់​លិច​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង បន្ទាប់​ពី​លំនៅឋាន​របស់​ពួកគេ​បាន​រង​ការខូចខាត​ដោយ​រញ្ជួយ​ដី​។ កុងតឺន័រ​មួយ​ដែលមាន​ជនរងគ្រោះ​ដោយ​រញ្ជួយ​ដី​ចំនួន ៣នាក់​បាន​ហូរ​ទៅតាម​ទឹកជំនន់ ហើយ​ការស្វែងរក​កំពុង​បន្ត​សម្រាប់​មនុស្ស​ទាំង ៣​នាក់​នៅក្នុង​ទីក្រុង Adiyaman៕អត្ថបទ៖ ប៊ុនថន

ការធ្លាក់ចុះ​ភាគហ៊ុន​ធនាគារ Credit Suisse បង្ក​ក្ដីបារម្ភ​ជាថ្មី​ពី​វិបត្តិ​សេវា​ធនាគារ​សកល

2023/03/16 05:37:24 pm        385
​អឺរ៉ុប៖ ភាគហ៊ុន​នៅ​ក្នុង​ធនាគារ Credit Suisse បាន​ដាំ​ក្បាល​ចុះ និង​បាន​ទាញ​ទម្លាក់​ធនាគារផ្ដល់​ប្រាក់​កម្ចី​សំខាន់ៗ​ផ្សេង​ទៀត​របស់​សហភាព​អឺរ៉ុប ខណៈ​ក្ដីបារម្ភ​អំពី​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​ពិភពលោក​បាន​រាលដាល ក្រោយ​ការ​ដួល​រលំ​ធនាគារ​អាមេរិក​។​ ​ភាគហ៊ុន​ធនាគារ Credit Suisse បាន​ធ្លា​ក់​ជាង ​១​ភាគ​៤ នៃ​តម្លៃ​ជួញដូរ​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធដែល​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ បន្ទាប់ពី​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​របស់​ធនាគារ​ស្វី​ស គឺ​ធនាគារ​ជាតិ​អារ៉ាប៊ីសាអ៊ូឌីតបាន​ប្រាប់​សារព័ត៌មាន​នានា​ថា ខ្លួន​នឹង​មិន​បោះ​ទុន​ប្រាក់​បន្ថែម​ទៀត​ចូល​ក្នុង​ធនាគារ​នេះ​ទេ​ ដែល​បង្កឡើង​ដោយ​បញ្ហា​ជាច្រើន​ជា​យូរ​មក​ហើយ មុន​ធនាគារ​អាមេរិក​ដួល​រ​លំ​ទៅទៀត​។ ​ភាព​រំជើប​រំជួល​នេះ​បណ្ដាល​ឲ្យ​ផ្អាក​ដោយ​ស្វ័យប្រវត្តិ​ ក្នុង​ការ​ជួញ​ដូរ​ភាគហ៊ុន​របស់​ធនាគារ Credit Suisse នៅ​ទីផ្សារ​ក្នុង​ប្រទេស​ស្វី​ស និង​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ធនាគារ​អឺរ៉ុប​ដទៃ​ទៀត ខ្លះ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ដល់​តួលេខ​ ២​ខ្ទង់​។ ​ភាព​ចលាចល​នេះ​បាន​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​ថ្មីអំពី​សុខភាព​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ ​ក្រោយ​ការ​ដួល​រលំ​ធនាគារ Silicon Valley Bank និង​ធនាគារ Signature Bank នៅ​ក្នុង​សហរដ្ឋអាមេរិក។ ធនាគារ Credit Suisse បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​នឹង​ខ្ចីប្រាក់ចំនួន ៥៤ពាន់លាន​ដុល្លារអាមេរិក​ពី​ធនាគារ​កណ្ដាល​ស្វីស ដើម្បី​បង្កើន​ទុន និង​ស្ដារ​ទំនុក​ចិត្ត​របស់​ក្រុម​វិនិយោគិន ក្រោយ​ធ្លាក់​ចុះ​ភាគហ៊ុន​ដែល​នាំ​ឲ្យ​មាន​ក្ដីបារម្ភ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល៕​អត្ថបទ៖ សុខមាន

ប្រធានាធិបតី​ស៊ី​រី​បង្ហាញ​ការគាំទ្រ​ដល់​លោក Putin សម្រាប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​

2023/03/16 04:43:58 pm        392
រុស្ស៊ី៖ លោក​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad កាលពី​ថ្ងៃ​ពុធ​បានផ្ដល់​ការគាំទ្រ​របស់លោក​ចំពោះ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​ជម្លោះ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​យោងតាម​ការបកប្រែ​ជា​ភាសា​រុស្ស៊ីនៅ​ឯ​ជំនួប​ផ្សាយ​តាម​ទូរទស្សន៍​ជាមួយ​លោក Putin នៅក្នុង​វិមាន​ក្រឹម​ឡាំង លោក Assad បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​បាន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​ណា​ស៊ី​សបែប​ថ្មី និង​ណា​ស៊ី​ស​ចាស់។​ដោយ​ពុំបាន​ផ្ដល់​ភស្តុតាង លោក Assad ​បាន​និយាយ​ថា លោក​ខាង​លិច​បាន​សាប​ព្រួស​របប​ណា​ស៊ី​ស​ចាស់ ​ហើយ​ពេលនេះ​កំពុង​គាំទ្រ​របប​មួយ​នេះ​។ ទីក្រុង Kyiv និង​លោកខាងលិច​និយាយ​ថា ការចោទប្រកាន់​របស់​រុស្ស៊ី​ដែល​ថា ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ក្លាយជា​កន្លែង​ដ៏​កក់ក្ដៅ​នៃ​របប​ណា​ស៊ី​និយម និង​ជំងឺ​ខ្លាច​រុស្ស៊ី​គឺជា​លេស​គ្មាន​មូលដ្ឋាន សម្រាប់​ការ​បង្ក​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន។​លោក Assad បាន​ថ្លែងអំណរគុណ​ដល់​លោក Putin សម្រាប់​ការគាំទ្រ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ស៊ី​រី ដោយ​គូស​បញ្ជាក់​ថា ការ​គាំទ្រ​របស់​វិមាន​ក្រឹម​ឡាំង​លើ​ស៊ី​រី​នៅ​តែ​រឹងមាំ ​ទោះ​កំពុង​ជាប់ដៃ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ​។ ជំនួប​រវាង​លោក Assad និង​លោក ​Putin ​នៅ​ទីក្រុង Moscow បាន​កើត​ឡើង ខណៈ​ដែល​ស៊ី​រី​ប្រារព្ធ​ខួប ​១២​ឆ្នាំ​ចាប់​តាំង​ពី​ផ្ទុះ​ការ​បះបោរ​ប្រឆាំង​របប​របស់​លោក Assad ​ចាប់​តាំង​ពី​ឆ្នាំ​២០១១៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​លើក​ទី​៣​ នៅ​សប្ដាហ៍​នេះ មុន​ជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងត្បូង និង​ជប៉ុន​

2023/03/16 04:16:00 pm        323
​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ១​គ្រាប់​ចូល​ក្នុង​ដែនទឹក​ភាគ​ខាងកើត​របស់​ខ្លួន ដែល​ជា​ការ​បាញ់​លើក​ទី​៣ ​ក្នុង​សប្ដាហ៍​នេះ ប៉ុន្មាន​ម៉ោង​មុន​ប្រធានាធិបតី​កូរ៉េខាងត្បូង​គ្រោង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​ សម្រាប់​ជំនួប​កំពូល​ទ្វេភាគី​លើកដំបូង​រវាង​ប្រទេស​ទាំង​២ ​ក្នុង​រយៈ​ពេល​ ១២​ឆ្នាំ​មកនេះ ស្រប​ពេល​ដែល​ស្ថានភាព​នៅក្នុង​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​គឺជា​ក្ដីបារម្ភ​ដ៏​ធំ​។ ​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​ថា ​ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​នូវ​អ្វី​ដែល​ទំនងជា​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​ ដែល​ត្រូវ​បាន​ហាមប្រាម​ចូល​ទៅ​ក្បែរ​ដែនទឹក​ភាគ​ខាងកើត​របស់​ខ្លួន​។​ ​សារព័ត៌មាន​នានា​បាន​រាយការណ៍​ថា ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ឆ្ងាយ​ ១​គ្រាប់​ចូល​ទៅ​សមុទ្រ​រវាង​ឧបទ្វីប​កូរ៉េ និង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៦​មីនា​នេះ​។ ​ប្រទេស​ជប៉ុន​ក៏បាន​តាមដាន​មី​ស៊ី​ល​នេះ​ផង​ដែរ ហើយ​ឆ្មាំ​សមុទ្រ​បាន​ចេញ​ការព្រមាន​ដល់​នាវា​ទាំងឡាយឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​នៃ​ការ​ធ្លាក់​វត្ថុ​ណាមួយ​។ ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់​ជប៉ុន​បាន​រាយការណ៍​ថា មី​ស៊ី​ល​នោះ​បាន​ហោះ​ចម្ងាយ​ប្រហែល ១​ពាន់​គីឡូម៉ែត្រ និង​ឡើង​ដល់​រយៈកម្ពស់​អតិបរមា ៦​ពាន់​គីឡូម៉ែត្រ​រយៈពេល​ជាង​ ៧០​នាទី នេះ​បើ​យោង​តាម​ក្រសួងការពារជាតិ​។ ​គួរ​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចំនួន ​៣​លើក​ក្នុង​សប្ដាហ៍​នេះ ស្រប​ពេល​សម​យុទ្ធ​យោធា​ទ្រង់​ទ្រាយ​​ធំ​នៅតែ​បន្ត​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ដែល​ទីក្រុង​ព្យុងយ៉ាងចាត់ទុកថា​ជា​ទង្វើ​អរិភាព និង​ការ​សម​ទុក​ត្រៀម​សម្រាប់​ការ​ឈ្លាន​ពាន​៕អត្ថបទ៖ សុខមាន

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់

2023/03/16 02:14:36 am        499
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។និស្សិតទទួលសញ្ញាបត្រនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត។ ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០, ឆ្នាំសិក្សា​២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២ មកពីទីតាំងគោលរាជធានីភ្នំពេញ, សាខាខេត្តតាកែវ, សាខាខេត្តស្ទឹងត្រែង, និងសាខាខេត្តរតនគិរី។ និស្សិត​ទទួល​សញ្ញា​បត្រ​ទាំងនេះ ក៏មាននិស្សិតជនជាតិដើមភាគតិចចំនួន ៤៦នាក់ នារី ១៨នាក់ផងដែរ។ យោងតាមការស្ទង់មតិ លោកបណ្ឌិត ឌៀប សីហា បានឱ្យដឹងថា និស្សិតត្រូវទទួលសញ្ញាបត្រនេះ អ្នកមានការងារធ្វើ ស្មើនឹង ៩៥.៨៨ភាគរយ ក្នុងនោះ ការងារត្រូវជំនាញសិក្សា ស្មើ ៧៦.៣៦ភាគរយ, ការងារមិនត្រូវជំនាញសិក្សា ស្មើ ១២.៨៤ភាគរយ និងការងារជាអាជីវកម្មផ្ទាល់ខ្លួន ស្មើ ១០.៨១ភាគរយ។

មនុស្ស​ច្រើន​នាក់​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា ខណៈ​នគរបាល​ប៉ា​គី​ស្ថាន​ព្យាយាម​ចាប់ខ្លួន​អតីត​នាយករដ្ឋមន្ត្រី

2023/03/15 09:30:02 pm        423
​​ប៉ា​គី​ស្ថាន​៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន និង​សាក្សី​បាន​និយាយថា នគរបាល​ប៉ា​គី​ស្ថាន និង​អ្នកគាំទ្រ​លោក Imran Khan បាន​ប៉ះទង្គិច​គ្នា​នៅ​ខាងក្រៅ​លំនៅឋាន​របស់​អតីត​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ទីក្រុង Lahore កាលពី​ថ្ងៃ​អង្គារ ដោយបាន​បណ្តាលឱ្យ​ភាគី​ទាំងសងខាង​រងរបួស​ជាច្រើន​នាក់ មុនពេល​ការចាប់ខ្លួន​លោក​ក្នុងការ​រំពឹងទុក​។​ ​រូបភាព​វីដេអូ​ពី​ស្ថានីយទូរទស្សន៍​ក្នុងស្រុកបានបង្ហាញ​អ្នកគាំទ្រលោក Imran Khan ប្រឈមមុខ​ដាក់គ្នា​ជាមួយ​មន្ត្រីនគរបាល ហើយ​ការបង្ក​អគ្គិភ័យ​ត្រូវបាន​គេ​ឃើញ​ឆេះ​នៅ​ពី​ចម្ងាយ​។ នគរបាល​បាន​វាយ​អ្នកគាំទ្រលោក Khan ដោយ​ដំបង និង​បាន​គប់​​ឧស្ម័ន​បង្ហូរទឹកភ្នែក ដែល​មួយចំនួន​បាន​ធ្លា​ក់លើ​ទីធ្លា​ស្មៅ​នៅ​លំនៅឋាន​របស់លោក Khan​។ ​ជំនួយការ​របស់លោក​ Khan បាន​និយាយថា តុលាការ​កាត់ក្តី​នៅក្នុង​រដ្ឋធានី Islamabad បានចេញ​ដីកាចាប់ខ្លួន​លោក Iram Khan ពីបទ​លក់​អំណោយ​រដ្ឋ​ដោយ​ខុសច្បាប់ ខណៈ​កំពុង​កាន់អំណាច​ចាប់ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២២​។ ​លោក Khan បាន​នឹង​កំពុង​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​ភ្លាមៗ​ នៅក្នុង​ការជួបជុំ​តវ៉ា​នៅ​ទូទាំងប្រទេស​ ចាប់តាំងពី​ការបណ្តេញ​លោក​ចេញពី​តំណែង​នៅក្នុង​ការបោះឆ្នោត​សភា​កាលពីដើម​ឆ្នាំមុន​។ ការទាមទារ​នេះ​ត្រូវបាន​ច្រាន​ចោល​ដោយ​អ្នក​បន្ត​តំណែង​ពី​លោក​គឺលោក Shehbaz Sharif ដែល​បាន​និយាយថា ​ការបោះឆ្នោត​នឹងត្រូវ​ធ្វើឡើង​តាម​ការគ្រោងទុក​នៅ​ចុងឆ្នាំ​នេះ​៕អត្ថបទ៖ ប៊ុនថន

ព្យុះ​ព្រិល​វាយប្រហារ​ភាគ​ឦសាន​សហរដ្ឋអាមេរិក

2023/03/15 09:14:54 pm        360
​អាមេរិក៖ រដ្ឋ​ភាគ​ឦសាន​សហរដ្ឋអាមេរិក​ដូចជា​រដ្ឋ New York, Vermont និង Massachusetts បានទទួល​ឥទ្ធិពល​ចុងក្រោយ​នៃ​ព្យុះ​រដូវរងា​ដែល​កំពុង​វាយប្រហារ​មកលើ​សហរ​ដ្ឋ​អាមេរិក​។​ ​នៅ​ភាគ​ឦសាន និង​តំបន់ New England ព្យុះ Nor'easter មាន​គំនរ​ព្រិល​រហូតដល់​ ២០​អ៊ី​ញ​រួចហើយ និង​ព្រិល​មាន​កម្រាស់​ ៨​អ៊ី​ញ​បាន​ធ្លាក់​នៅ​រដ្ឋធានី Albany រដ្ឋ​ញូវយ៉ក​។ ​យោងតាម​ទិន្នន័យ​ទីភ្នាក់ងារ PowerOutage.us បាន​ឲ្យ​ដឹងថា ​លំនៅឋាន​ និង​អាជីវកម្ម​ច្រើនជាង ២៦៧,០០០​កន្លែងគ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​។​ ​នៅ​រដ្ឋ​ញូវយ៉ក អភិបាលរដ្ឋ​លោកស្រី Kathy Hochul បានប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​កាលពី​យប់​ថ្ងៃ​ចន្ទ​សម្រាប់ ៣៧តំបន់​។ អង្គភាព​សេវា​អាកាសធាតុ​ជាតិ (NWS) និយាយថា ព្រិល​ធ្លាក់​ខ្លាំង​អាច​ធ្លាក់ចុះ​ក្នុង​អត្រា ២អ៊ី​ញ​ក្នុង​មួយ​ម៉ោង​នៅក្នុង​តំបន់​មួយចំនួន​នៃ​រដ្ឋ​ញូវយ៉ក ​ដោយមាន​ខ្យល់​បក់​ខ្លាំងបណ្តាល​ឲ្យ​ការធ្វើដំណើរ​មិនអាច​ដំណើរការ​ទៅបាន​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM