សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

​​ សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”

2025/12/04 03:15:19 am        587
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គមផ្លូវការ ដោយបាន រម្លឹក និងបកស្រាយ ប្រវត្តិចម្រៀង “ឱ! ភ្នំពេញអើយ” ដែលមានខ្លឹមសារដូចខាងក្រោម៖ម្សិលមិញខួបលើកទី៤៧ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា(២ធ្នូ១៩៧៨-២ធ្នូ២០២៥)។នៅសល់ជាង ១ខែទៀតនឹងឈានដល់ ខួបលើក៤៧ នៃថ្ងៃជ័យជំនះលើរបប ប៉ុល ពត(៧មករា១៩៧៩-៧មករា២០២៦)។ចម្រៀងបទ “ឱភ្នំពេញអើយ” នៅតែជាការចងចាំរបស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំចម្រៀងមួយបទនេះស្តាប់ហើយហូរទឹកភ្នែកដោយការរំភើប។ ទឹកដៃនិពន្ធទំនុកច្រៀងដោយ បង កែវ ចិន្តា និងការរៀបចំភ្លេង និងដឹកនាំផលិតដោយ បង ជ័យ សោភា និងច្រៀងដោយ ក្មួយ សូ ចន្នី ពិតជាគួរឲ្យគោរព និងកោតសរសើរ។ខ្ញុំសូមយកឱកាសនេះ សូមអភ័យទោស ពីវិញ្ញាណក្ខន្ធ បង កែវ ចិន្តា បង ជ័យ សោភា ក៏ដូចកូនៗ និងចៅរបស់បងទាំងពីរ ដែលមុននេះខ្ញុំយល់ច្រឡំថា គ្រួសារ បង កែវ ចិន្តា និងគ្រួសារ បង ជ័យ សោភា ដណ្តើមសិទ្ធិធ្វើជាម្ចាស់បទ “ឱភ្នំពេញអើយ” ប៉ុន្តែនៅពេលខ្ញុំឃើញការបង្ហោះតាម Facebook របស់ឈ្មោះ chun sothy ដែលនៅក្នុងនោះបានបញ្ជាក់ថា ម្ចាស់ស្នាដៃបទ «ឱភ្នំពេញអើយ» គឺលោកអ៊ុំ ម៉ម ធឿន…..បានទទួលមរណភាពហើយ។ ដំបូងឡើយខ្ញុំគិតថា អាចមានបទ ដែលមានចំណងជើងដូចគ្នា ប៉ុន្តែពិនិត្យខ្លឹមសារខាងក្រោមថា បទនេះនិពន្ធតាំងពីនៅឡុងយ៉ាវ ដែលជាទីតាំងខ្ញុំបង្កើតកងទ័ព និងជាមេបញ្ជាការខ្ពស់ជាងគេ ដែលនៅទីនោះមានអង្គភាពសិល្បះទាំងបុរាណ ទាំងសម័យ និង បង ជ័យ សោភា ជាជំនួយការខ្ញុំ គឺជារឿងដែលមិនអាចទៅរួចឡើយ។ (សិល្បះកងទ័ពសព្វថ្ងៃកកើតពី ខែកក្កដា ឆ្នាំ១៩៧៨ ដែលមានខ្ញុំជាបង្កើត) ចំណុចកាន់តែច្បាស់ បទនេះមិនអាចនិពន្ធមុនរំដោះភ្នំពេញបានឡើយ ព្រោះក្នុងខ្លឹមសារនៃបទចម្រៀងមានពាក្យ “ឱភ្នំពេញអើយ បីឆ្នាំនឹកអ្នកក្នុងឱរា” “ភ្នំពេញដួងព្រលឹងជាទីស្នេហា បីឆ្នាំខ្លោចផ្សា តែអ្នករក្សាបានប្រវត្តិថ្លៃថ្លា អង់អាចក្លាហាន” “ឱភ្នំពេញអើយ ទុក្ខសោកអ្នកបានស្បើយ ខ្ញុំជួបអ្នកវិញហើយ ឱដួងព្រលឹងអើយ ភ្នំពេញអើយ អើយភ្នំពេញអើយ”ខ្លឹមសារក្នុងបទចម្រៀងមានន័យគ្រប់គ្រាន់ថា បទចម្រៀងនេះនិពន្ធក្រោយភ្នំពេញត្រូវបានរំដោះ មិនមែននៅ ឡុងយ៉ាវ ឆ្នាំ១៩៧៨ នោះទេ។ ម្យ៉ាងទៀតចម្រៀងនេះមិនបានឮចាក់ផ្សាយមុន ថ្ងៃ៧ មករា ១៩៧៩ ផងដែរ។ មកនិយាយពីប្រវត្តិបទនៃចម្រៀង “ឱភ្នំពេញអើយ” វេលាថ្ងៃត្រង់ ថ្ងៃ៧ មករា ១៩៧៩ ភ្នំពេញត្រូវបានរំដោះ ខ្ញុំមិនប្រាកដថា បង កែវ ចិន្តា សរសេរនៅពេលល្ងាច ឬពេលយប់ ៧ មករា នោះទេ ព្រោះពេលនោះកំពុងប្រជុំមហាសន្និបាតបក្សលើកទី៣។ ល្ងាច ថ្ងៃ៨ មករា មានការប្រជុំដើម្បីចាត់តាំងរដ្ឋាភិបាល ដែលហៅថា ក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា តែ បង កែវ ចិន្តា មិនបានចូលរួមប្រជុំទេ តែ បង កែវ ចិន្តា ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីឃោសនាការព័ត៌មាន និងវប្បធម៌។យប់ ថ្ងៃ ៨ មករា ខ្ញុំត្រឡប់ទៅចូលរួមបិទ មហាសន្និបាតបក្សវិញ ខ្ញុំអង្គុយទទួលទានបាយជាប់ជាមួយ បង កែវ ចិន្តា គាត់ក៏បានដឹងរឿងគាត់ធ្វើរដ្ឋមន្ត្រីដែរ ព្រោះគាត់ជាអ្នកគ្រប់គ្រងវិទ្យុផ្សាយសំឡេងរណសិរ្ស តាំងថ្ងៃ២ ធ្នូ១៩៧៨ មកម្ល៉េះ។ព្រឹក ថ្ងៃ ៩ មករា ១៩៧៩ មានការប្រជុំ រដ្ឋាបាលលើកដំបូង ដើម្បីបែងចែកភារកិច្ច។ ក្រោយប្រជុំចប់ឃើញឃើញ បង ជ័យ សោភា យូរម៉ាញ៉េតូហ្វូនយ៉ាងធំ ទៅដល់ដើម្បីឆ្លងយោបល់ បង កែវ ចិន្តា ។ បង កែវ ចិន្តា ឃាត់ខ្ញុំឲ្យនៅជាមួយគាត់។ ឯ បង ជ័យ សោភា និយាយមកកាន់ខ្ញុំថា បង ហ៊ុន សែន នៅជួយយោបល់ផង។ ទម្លាប់ បង ជ័យ សោភា ហៅខ្ញុំថា “បង” ទោះគាត់មានអាយុច្រើនជាងខ្ញុំក៏ដោយ។បង ជ័យ សោភា ចាក់បទ “ឱ! ភ្នំពេញអើយ” ៣ដង។ ក្រោយស្តាប់រួច បង កែវ ចិន្តា ឲ្យបន្ថែមភ្លេង ខ្ញុំមិនច្បាស់ទេ តែដូចជាបន្ថែមសម្លេងទ្រ។ ខ្ញុំមិនច្បាស់ថា បង ជ័យ សោភា ធ្វើតាមការណែនាំរបស់ បង កែវ ចិន្តា ឬអត់នោះទេ។ មានមនុស្សតែម្នាក់គត់ដែលអាចបំភ្លឺបាននោះ គឺ ក្មួយ សូ ចន្នី។ ប្រសិនបើគាត់ច្រៀងថតឡើងវិញមានន័យថា បង ជ័យ សោភា ធ្វើតាម បង កែវ ចិន្តា ប្រសិនបើមិនថតឡើងវិញ អាចថតតាមក្រោយទៀត ព្រោះចម្រៀងនេះត្រូវប្រញាប់ចាក់ផ្សាយក្រោយថ្ងៃរំដោះ។ដូចនេះតាមការស្មានរបស់ខ្ញុំ បង កែវ ចិន្តា សរសេរបទចម្រៀងនៅល្ងាច ថ្ងៃ៧ ឬយប់ថ្ងៃ ៧ មករា។ ប្រគល់ឲ្យ បង ជ័យ សោភា រៀបភ្លេង និងផលិតនៅ ថ្ងៃ ៨ ឬយប់ថ្ងៃ ៨ មករា និងព្រឹកថ្ងៃ ៩ មករា ១៩៧៩ ម៉ោងជាង ១០ព្រឹក ឆ្លងយោបល់ បង កែវ ចិន្តា។តើចម្រៀងនេះចាប់ផ្សព្វផ្សាយអ្នកនិពន្ធនៅពេលណា?ពេលចាក់ផ្សាយដំបូងមិនមាននិយាយពីអ្នកនិពន្ធទេ។ ចូលដល់ ខែកញ្ញា ឆ្នាំ១៩៧៩ គណប្រតិភូជាន់ខ្ពស់ដឹកនាំដោយ សម្តេច ហេង សំរិន ដែលរូបខ្ញុំ និង បង កែវ ចិន្តា អមដំណើរផងដែរទៅទស្សនកិច្ចនៅឡាវ។ ក្នុងពិធីជប់លៀង អ្នកចម្រៀងឡាវច្រៀងបទ “ឱ! ភ្នំពេញអើយ” ដោយអ្នកឧទ្ទេសនាមបកជាភាសាខ្មែរថាបទ “ឱ! ភ្នំពេញអើយ” និពន្ធដោយ សមមិត្ត កែវ ចិន្តា។ តាំងពីពេលនោះមក មិនមានអ្នកណាទាមទារសិទ្ធិជាអ្នកនិពន្ធទេ រាប់ទាំង ជ័យ សោភា ផងដែរ។ខ្ញុំសូមនិយាយទៅកាន់កូន ឬចៅ លោក ម៉ម ធឿន វិញម្តង។ ប្រហែលអ្នកផ្សាយព័ត៌មានខុសដោយអចេតនា ដែលថា លោក ម៉ម ធឿន ជាម្ចាស់បទចម្រៀង “ឱ! ភ្នំពេញអើយ” ខ្ញុំជាអ្នកគ្រប់គ្រងលើឪពុករបស់ក្មួយៗ និងចៅៗ យើងជាយោធា មិនអាចយកចម្រៀងទៅថតនៅអង្គភាពស៊ីវិលបានទេ បើគ្មានការអនុញ្ញាតិពីខ្ញុំនាពេលនោះ។ខ្ញុំសូម លោក chun sothy ធ្វើការកែតម្រូវព័ត៌មាន ដែលបានផ្សាយខុស។ ការខិតខំស្រាវជ្រាវ និងពន្យល់របស់ខ្ញុំ គឺដើម្បីជៀសវាងការយល់ច្រឡំទៅថ្ងៃក្រោយព្រោះបទចម្រៀង “ឱ! ភ្នំពេញអើយ” ជាបទចម្រៀងប្រវត្តិសាស្ត្រ៕

សម្ដេចធិបតី៖ ស្ថាប័នរដ្ឋ និងឯកជនបានទទួលយកជនមានពិការភាពជាង ១,៤ ម៉ឺននាក់ឱ្យ បម្រើការងារ

2025/12/03 07:36:32 pm        179
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​កិត្តិយស​ក្រុម​ប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍បញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ ទាំង​ក្រសួង ស្ថាប័នសាធារណៈ និង​វិស័យឯកជន​នៅ​ទូទាំង​ប្រទេស​បាន​ទទួល​យក​ជន​មាន​ពិការ​ភាព​តាម​អត្រាកំណត់នៃច្បាប់សរុបចំនួន ១៤ ៤០៧នាក់ឱ្យបម្រើ​ការងារ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល និងអត្ថប្រយោជន៍សង្គមតាមមុខតំណែង តួនាទី និងការងារស្របតាមសមត្ថភាព និង​ទេព​កោសល្យរៀងៗខ្លួន។តាមរយៈសារលិខិត ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោម​ប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» នៅថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍​បញ្ជាក់​ថា ​នៅកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និង​សុខុមាល​ភាព​ជនមានពិការភាពគ្រប់រូបដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយណាមួយឡើយ។សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័នចំនួន ៤០ បានទទួលយកជនមានពិការភាពចូល បម្រើការងារសរុបចំនួន៧ ៥០២នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន១ ០៣៥ នាក់ ជនមានពិការភាព កម្រិតធ្ងន់ចំនួន៣ ០៣៥នាក់ បើគិតជាភាគរយគឺស្មើនឹង២,៤៨%។ ចំណែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជីកានិងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានសរុបចំនួន៤៦៦ និងបានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៦ ៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់។ សម្ដេចធិបតីបានបញ្ជាក់ថាគិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥៥ ២៨០ នាក់ ក្នុងនោះស្ត្រីចំនួន១៧៤ ០១៣ នាក់ ត្រូវបានកំណត់ អត្តសញ្ញាណតាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ជនមានពិការភាពបានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន ១៤១ ០៨៥ នាក់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដែលមានន័យថា «មនុស្ស» នៅតែជាអាទិភាពទី១ សម្រាប់រួមចំណែកដល់ការអភិវឌ្ឍ ប្រទេសជាតិ។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នេះ ផ្តោតនិងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លា និងបរិសុទ្ធ បន្តបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ បរិបូរណ៍ វិបុលភាព ជាសង្គមមួយមានការដឹកនាំប្រកបដោយគុណាធិបតេយ្យ រួមសាមគ្គីជាធ្លុងមួយ លុបបំបាត់ ការរើសអើង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនមានពិការភាពតាមរយៈការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្តជីវិតដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ជាមួយនឹងទស្សនវិស័យនិងគោលដៅដ៏ច្បាស់លាស់ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ទូតសាធារណរដ្ឋឆែក ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឆែក-កម្ពុជាឱ្យកាន់តែរីកចម្រើន

2025/12/02 11:24:37 pm        147
ភ្នំពេញ ៖ លោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឆែក-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។​លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ លោកជំទាវបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងសាធារណរដ្ឋឆែក និងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះលោកជំទាវបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ឆ្នាំ២០២៦ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលលោកជំទាវនឹងពិនិត្យលើកសំណើ ដើម្បីរៀបចំប្រារព្ធខួបនេះឱ្យបានល្អប្រសើរ។ លោកជំទាវក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឆែក-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតី មានជំនឿជឿជាក់ថា នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឆែក នឹងកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាលើការបន្តជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ មានជាអាទិ៍៖ អប់រំ, សុខាភិបាល, សន្តិសុខ និងការពារជាតិ, កសិកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ បន្ថែមលើនេះ, សម្តេចបវរធិបតី និងលោកជំទាវ បានឯកភាពក្នុងការលើកកម្ពស់ឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនកាលានុវត្តភាពបន្ថែមទៀតក្នុងការជំរុញដល់ការវិនិយោគ។ជាកិច្ចបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យលោកជំទាវឯកអគ្គរដ្ឋទូត បន្តធ្វើការកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា និងបានជូនពរលោកជំទាវឱ្យទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា៕

សម្ដេចប្រមុខរដ្ឋស្ដីទី ជំរុញកម្ពុជា-កាណាដា បន្តពូនជ្រុំទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ​បន្ថែម ខណៈពាណិជ្ជកម្មប្រទេសទាំងពីរកើនដល់ជាង ១ពាន់លានដុល្លារ

2025/12/02 09:37:23 pm        178
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យកម្ពុជា-កាណាដា បន្តពូនជ្រុំទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាបន្ថែមទៀត ខណៈពាណិជ្ជកម្មប្រទេសទាំងពីរនាពេលបច្ចុប្បន្នកើនដល់ជាង១ពាន់លានដុល្លារអាមេរិក។សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានជំរុញបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឯកគ្គរដ្ឋទូតកាណាដា ក៏ដូចជាសហការីនៅដែលបានជួបសម្ដែងការគួរសមនាពេលនេះ។សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមអគ្គរដ្ឋទូតកាណាដា នឹងធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចបានសម្ដែងនូវក្តីរីករាយផងដែរចំពោះការវិលត្រឡប់របស់កាណាដាសារជាថ្មីក្នុងការដាក់នៃវាសនដ្ឋានស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលនេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដាចំពោះទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា។នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូតកាណាដា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ឯកឧត្តមបានបង្ហាញនូវភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា និងកាណាដា ហើយឯកឧត្តមផ្ទាល់ក៏ជាអ្នកស្រឡាញ់ចំពោះប្រទេសកម្ពុជា ដែលឯកឧត្តមបានរៀនភាសាខ្មែរ ហើយបានចេះនិយាយភាសាខ្មែរទៀតផង។ឯកឧត្តមសង្ឃឹមថា វត្តមានរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជានឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា កម្ពុជា និងកាណាដា ជាពិសេសឯកឧត្តមនឹងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៅក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាកាន់តែមានភាពសកម្ម។ ឯកឧត្តមក៏បានលើកឡើងពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលក្នុងរយៈពេលចុងក្រោយនេះគឺមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលស្របជាមួយគ្នាទៅនឹងទំនាក់ទំនងទ្វេភាគីផ្នែក នយោបាយ និងការទូតរវាងកាណាដាននិងកម្ពុជា។ ក្នុងឱកាសនោះ សម្តេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូតកាណាដា ជាពិសេសគឺការកើនឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ដែលក្នុងពេលកន្លងទៅនេះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺការកើនឡើងដល់ជាង១ពាន់លានដុល្លារ ដែលសម្ដេចតេជោបានចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មដែលមានប្រមាណប្រមាណជាង ១ពាន់លានដុល្លារនេះ គឺមិនមែនជារឿងសាមញ្ញទេ ដែលប្រទេសនៅឆ្ងាយពីគ្នាក៏ប៉ុន្តែអាចធ្វើពាណិជ្ជកម្មក្នុងរង្វង់ជាង១ពាន់លានដុល្លារជាមួយគ្នា គឺកើតឡើងពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរវាងភាគីទាំងពីរ។សម្ដេចតេជោសង្ឃឹមថា កម្ពុជា និងកាណាដានឹងរួមសហការគ្នាបន្ថែមទៀតដើម្បីពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរមកហើយ ដែលមកដល់ពេលនេះនៅតែរក្សាបាននូវទំនាក់ទំនងដ៏ល្អ និងជាផ្នែកនៃការរុញច្រាននៃទំនាក់ទំនងដទៃទៀត ទាំងផ្នែកពាណិជ្ជកម្មវិនិយោគ ពិសេសនៅក្នុងផ្នែកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូតកាណាដាក៏បានសម្ដែងនូវក្តីអរគុណចំពោះសម្តេចតេជោសារជាថ្មី ជាពិសេសឯកឧត្តមចាប់អារម្មណ៍ចំពោះការលើកឡើងរបស់សម្ដេចតេជោ ហើយតួអង្គរបស់សម្ដេចតេជោ ឯកឧត្តមមិនមែនតែចាប់អារម្មណ៍តែពេលនេះនោះទេ គឺឯកឧត្តមបានចាប់អារម្មណ៍តាំងពីពេលដែលឯកឧត្តមនៅកាណាដាមកម៉្លេះ ហើយឯកឧត្តមបានសិក្សាអំពីប្រវត្តិតស៊ូរបស់សម្ដេចតេជោផងដែរ។ ឯកឧត្តមសន្យាថា នឹងជំរុញបន្ថែមទៀត នៅអ្នកវិនិយោគកាណាដាមកកម្ពុជា ហើយឯកឧត្តមបានបញ្ជាក់ថានៅពេលនិយាយពីការវិនិយោគនៅកម្ពុជា គេនឹងនឹកឃើញដល់ធនាគារ ABA ដែលជាធនាគាររបស់កាណាដា ដែលនេះជាផ្លែផ្កាមួយ ហើយឯកឧត្តម នឹងជំរុញការវិនិយោគបន្ថែមទៀតទៅកាន់អ្នកវិនិយោគកាណាដាមកកាន់ព្រះរាជាណាចក្រកម្ពុជា។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាសូមទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចការងារ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/12/02 06:37:59 pm        174
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្ដី​​​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ Markéta Kolc Hájková ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆេក ប្រចាំព្រះរាជាណាចក្រកម្ពុជា ជំនួប​សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្តេចតេជោប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូតឆែក ចូលជួបសម្តែងការគួរសម

2025/12/02 06:31:04 pm        185
នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ាកេតា ខូល ហាចកូវ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីអនុញ្ញាតជូនឯកអគ្គរដ្ឋទូតប្រេស៊ីល​ប្រចាំ​កម្ពុជា​ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/12/02 05:58:37 pm        203
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតជូនលោកជំទាវ Vivian Loss Sanmartin ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/12/02 04:55:57 pm        164
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាជូន គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន ដឹកនាំដោយលោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ នៃUSABC អមដំណើរដោយលោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី​

2025/12/02 01:53:19 am        342
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃចន្ទទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយលោកជំទាវ ខៀវ វណ្ណា ព្រមទាំងក្រុមគ្រួសារចំពោះមរណភាព ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអតីតសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២:១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។ស្ថិតក្នុងវេលាដ៏ក្រៀមក្រំនេះ ឯកឧត្តម ពិត ចំណាន បានចូលរួមសម្តែងការសោកស្តាយអាឡោះអាល័យជាទីបំផុត និងបានប្រគល់សារលិខិត របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដែលសារលិខិតមានខ្លឹមសារថា៖“ក្នុងនាមខ្ញុំផ្ទាល់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកជំទាវ ខៀវ វណ្ណា និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាព ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអតីតសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២:១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។មរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត និងសាច់ញាតិជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ល្អប្រពៃ និងជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូប ក្នុងការដឹកនាំ និងលើកកម្ពស់វិស័យសុខាភិបាល ប្រកបដោយឆន្ទៈមនសិការស្នេហាជាតិ និងបទពិសោធន៍ខ្ពស់ ដែលកន្លងមកបានលះបង់បូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដោយការទទួលខុសត្រូវក្នុងការបម្រើប្រទេសជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ។ ទោះបីរូបកាយ ឯកឧត្តមសាស្ត្រាចារ្យ បានឃ្លាតឆ្ងាយទៅក៏ពិតមែន ប៉ុន្តែស្នាដៃ និងសមិទ្ធផលជាច្រើន បានចូលរួមជាមួយរាជរដ្ឋាភិបាល និងបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេស ការងារមនុស្សធម៌ មានគុណតម្លៃដ៏ធំធេង នៅក្នុងការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងការរៀបចំកម្មវិធីវេទិកាពិភពលោក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ រៀងរាល់ឆ្នាំរបស់កាកបាទក្រហមកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា សូមចងចាំនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម របស់ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕”

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ កាកបាទក្រហមកម្ពុជា​កំណត់ការងារជាអាទិភាពចំនួន ៤ ដើម្បី​ចូលរួម​ឆ្លើយតប​នឹង​ជំងឺអេដស៍នៅកម្ពុជា

2025/12/01 04:41:41 pm        258
ភ្នំពេញ៖ ក្នុងឱកាស ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥ ក្រោម​មូល​បទ​សកល ​«យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ នៃ​វេទិកា​ភាព​ជា​អ្នក​ដឹក​នាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បាន​ដាក់​ចេញ​នូវ​ការងារជាអាទិភាពចំនួន ៤ ដើម្បីចូលរួម​ឆ្លើយតបនឹងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា។ តាមរយៈសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាន​មាន​ប្រសាសន៍ថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នៅកម្ពុជា អស់​រយៈ​ពេល​៣២​ឆ្នាំកន្លងទៅនេះបានបង្ហាញពីឆន្ទៈនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​ចូល​រួមជាមួយពិភពលោក ឆ្ពោះទៅបញ្ចប់អេដស៍។ ដោយឡែកនៅក្នុងឆ្នាំ២០២៥នេះការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាឱកាស​គូស​បញ្ជាក់បន្ថែមទៀត ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងរួមជាសកល ជ​ម្នះ​គ្រ​ប់​ឧបសគ្គដែលកើតមានឡើងដោយសារតែសង្គ្រាម, ជម្លោះប្រដាប់​អាវុធ​ដែល​កើត​មាន​ឡើង​ជា​ច្រើនកន្លែងនៅក្នុងពិភពលោក, ការធ្លាក់ចុះសេដ្ឋកិច្ចសកល និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៅទៀត, វិបត្តិមូលនិធិជាប្រវត្តិសាស្ត្រកំពុងគំរាមកំហែងឈានទៅបំផ្លាញវឌ្ឍនភាពដែលខិតខំកសាងឡើងរាប់ទសវត្សរ៍។ ប្រទេសជាច្រើនត្រូវបង្ខំចិត្តធ្វើការផ្លាស់ប្តូរយ៉ាងធំធេង ក្នុងដំណើរការកម្មវិធីអេដស៍ និងការផ្តល់មូលនិធិ។នៅចំពោះមុខបរិការណ៍សកលនេះព្រះរាជាណាចក្រកម្ពុជា បើទោះបីកំពុងមានការរំខានដោយសារតែ ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃក៏ដោយ ក៏រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តសម្រេចឱ្យបាននូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០ ដែលបច្ចុប្បន្នកម្ពុជាសម្រេចបាន រួចទៅហើយ នូវគោលដៅសកលចំនួនពីរគឺ៖ ទី១. អ្នកដែលបានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ចំនួន១០០% បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍, ទី២.ក្នុងចំណោមអ្នកដែលបានទទួលការ ព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍គឺ៩៨% ទទួលបានប្រសិទ្ធភាពខ្ពស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា នៅចំពោះមុខកម្ពុជា យើងត្រូវតែនាំគ្នាប្តេជ្ញាបន្តខិតខំប្រឹងប្រែង សម្រេចឱ្យបានគោលដៅសកលទី១ ពោល គឺធ្វើយ៉ាងណាឱ្យអ្នក ដែលសង្ស័យថាមានផ្ទុកមេរោគអេដស៍ ដែលបច្ចុប្បន្នមាន៩២%នោះឱ្យបានកើនជាង៩៥% ដើម្បីពួកគាត់បានទៅទទួលសេវាព្យាបាល បានទាន់ពេលវេលា និងទប់ស្កាត់ករណីឆ្លងថ្មីនៃមេរោគអេដស៍។សម្ដេចបានថ្លែងថាជាមួយគ្នានេះដើម្បីចូលរួមសម្រេចបានគោលនយោបាយជាតិដ៏ស្រួចស្រាវខាងលើនេះ កាកបាទក្រហម កម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រួមទាំងរូបសម្ដេចផ្ទាល់បានកំណត់ការងារជាអាទិភាពចំនួន៤គឺ៖ ១-ពង្រឹងភាពជាអ្នកដឹកនាំនិងភាពធន់ ដោយលើកកម្ពស់ភាពជាម្ចាស់របស់សហគមន៍ចូលរួមជា ចរន្តជាតិតែមួយឈានឆ្ពោះទៅបញ្ចប់អេដស៍។ ២- បន្តពង្រឹង និងពង្រីកការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការការចម្លងមេរោគអេដស៍ជារួមនៅ តាមគ្រឹះស្ថានអប់រំ សហគមន៍មូលដ្ឋាន ជាពិសេសក្នុងចំណោមយុវវ័យ ក្រុមប្រជាជនគន្លឹះ និង លើកកម្ពស់ការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ៣- បន្តផ្តល់សេវាគាំទ្រសង្គម ជួយជនរងគ្រោះដោយសារមេរោគអេដស៍ ជំងឺអេដស៍ និង ៤- បន្តធ្វើជាគំរូនៅក្នុងសង្គមជាតិនិងរក្សាបរិយាកាស លើកកម្ពស់ការមិនរើសអើង និងមាក់ងាយ អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍។ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ចូលរួមយ៉ាងសកម្ម និងឱ្យបានទ្វេដង ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងយន្តការជាតិតែមួយ ដើម្បីសម្រេចបានដោយជោគជ័យនូវគោល នយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០។ ចំពោះយុវនារីយុវជនទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវផ្នត់គំនិត និងឥរិយាបថ វិជ្ជមានបង្ការខ្លួនពីការចម្លងមេរោគអេដស៍ និងដើរតួជាសកម្មជនប្រយុទ្ធនឹងជំងឺអេដស៍តាមរយៈ សកម្មភាពមិត្តអប់រំមិត្ត ការបង្កើតក្រុមជួយខ្លួនឯង ចែករំលែកចំណេះដឹង ផ្សព្វផ្សាយព័ត៌មានថ្មីៗ ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ដល់មិត្តភក្តិ សហគមន៍ និងសង្គមជាតិរបស់យើង ជាពិសេស ត្រូវនាំគ្នាចៀសឱ្យឆ្ងាយ ពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការប្រើបារីអេឡិចត្រូនិក និង ត្រូវលើកកម្ពស់ស្មារតី “ស្រឡាញ់ខ្លួន ស្ងួនចំណី”។ ចំពោះបងប្អូនដែលបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវតែស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ឱ្យបានឆាប់បំផុតដើម្បីអាចទទួលបាន នូវសេវាព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ និងសូមចងចាំជានិច្ចថា «យើងអាច ភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ»។ ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅទទួលសេវាពិនិត្យ និងថែទាំផ្ទៃពោះឱ្យបានត្រឹមត្រូវ និង ទៀងទាត់ ទទួលបានការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ មេរោគស្វាយ ទប់ស្កាត់ កាត់ការចម្លងមេរោគអេដស៍ មេរោគស្វាយពីម្តាយទៅកូន។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវ កុំរើសអើង និងមាក់ងាយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពី ការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និង ជំងឺអេដស៍នៅកម្ពុជា។ ផ្ទុយទៅវិញ សូមចូលរួមលើកទឹកចិត្ត ផ្តល់កិច្ចគាំពារ មិនបោះបង់ចោលឬទុកឱ្យនៅឯកាចំពោះអ្នករស់នៅជាមួយមេរោគអេដស៍និងអ្នកជំងឺអេដស៍ណាម្នាក់ឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM