សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

ព្រះមហាក្សត្រ យាងទៅកាន់ប្រទេសបារាំងដើម្បីចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ រយៈពេលមួយសប្ដាហ៍

2025/12/01 04:05:13 pm        321
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានយាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងរយៈពេលមួយសប្តាហ៍ ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ។អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងចូលរួមកម្មវិធីបណ្ឌិត្យសភាវិទ្យាសាស្រ្តនៅព្រឹកនេះ ក៏មានការអញ្ជើញចូលរួមដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា, រួមនឹងមន្រ្ដីរាជការតាមបណ្ដាក្រសួង ស្ថាប័នជាច្រើនរូបទៀត។ តាមព្រះរាជសារផ្ញើជូនដល់ជនរួមជាតិ, ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលឱ្យដឹងថា ក្នុងឱកាសដែលព្រះអង្គគង់ប្រថាប់នៅក្រៅប្រទេសនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយក្នុងព្រះបរមនាមរបស់ព្រះអង្គ ជាប្រមុខរដ្ឋស្តីទី។សូមបញ្ជាក់ថា ក្នុងឱកាសគង់ប្រថាប់នៅទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក៏សព្វព្រះរាជហឫទ័យស្តេចយាងទតបណ្ណាគារ, យាងទតហាងលក់ DVD, យាងទតវត្តខេមរារាម, យាងទតបណ្ណាល័យឧត្តមសិក្សា និងអរិយធម៌ BULAC, យាងទតព្រះរាជដំណាក់ថ្មីនៅទីក្រុងប៉ារីស។សូមបញ្ជាក់ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រ គឺជាសមាគមអ្នកសិក្សាមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២។ សកម្មភាពរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រភាគច្រើនទាក់ទងនឹងភូមិសាស្ត្រ និងប្រវត្តិសាស្ត្រទូទៅនៃទ្វីបអាហ្វ្រិក អាមេរិកឡាទីន អាស៊ី និងអូសេអានី។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២ ដោយលោក Paul Bourdarie ដើម្បីសិក្សាអំពីបញ្ហាជាក់លាក់នៃទឹកដីនៃបណ្តាប្រទេស និងរដ្ឋដែលធ្លាប់បានស្ថិតក្រោមអាណាព្យាបាលបារាំង។ ដើមឡើយ បណ្ឌិត្យសភាវិទ្យាសាស្ត្រមានឈ្មោះថា បណ្ឌិត្យសភាវិទ្យាសាស្ត្រអាណានិគម និងត្រូវបានប្តូរឈ្មោះជាបណ្ឌិត្យសភាវិទ្យាសាស្ត្រនៃប្រទេសឯនាយសមុទ្រក្នុងខែមិថុនា ឆ្នាំ១៩៥៧។បណ្ឌិត្យសភាវិទ្យាសាស្ត្រ មានបាវចនា «ចំណេះដឹង ការយល់ដឹង ការគោរព សេចក្តីស្រឡាញ់»។ មានអាយុកាលជាង១០០ឆ្នាំ បណ្ឌិត្យសភាវិទ្យាសាស្ត្រនៃប្រទេសឯនាយសមុទ្រមានបណ្ណាល័យដែលតម្កល់សៀវភៅជាង៧ម៉ឺនក្បាល ធ្វើឱ្យបណ្ឌិត្យសភាវិទ្យាសាស្ត្រក្លាយជាធនធានឈានមុខគេសម្រាប់វប្បធម៌ នៃអតីតប្រទេសស្ថិតក្រោមអាណាព្យាបាលនៅឯនាយសមុទ្រ។បណ្ឌិត្យសភាវិទ្យាសាស្ត្រក៏ផ្តល់រង្វាន់ដែលទទួលស្គាល់ដល់ការសិក្សាទាក់ទងនឹងទឹកដីប្រវត្តិសាស្ត្រ វប្បធម៌នៃបណ្តាប្រទេសឯនាយសមុទ្រផងដែរ៕ 

កម្ពុជា-នូវែលសេឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត

2025/11/29 07:07:56 pm        191
នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ឯកឧត្តមរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ នូវែលសេឡង់-កម្ពុជា និងបានគូសបញ្ជាក់ថា នូវែលសេឡង់ ជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ហេីយនូវែលសេឡង់នឹងបន្តគាំទ្រ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណកម្ពុជា ដែលបានគាំទ្រដល់ការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងអាស៊ាន ពិសេស ការគាំទ្រលើការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលសេឡង់” ដែលបានប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅប្រទេសម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។ សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូមកកម្ពុជានាពេលនេះ និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននូវែលសេឡង់ ដែលបានគាំទ្រដល់ដំណើរការស្វែងរកសុខសន្ដិភាពនៅកម្ពុជា និងបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៩០ រហូតមកដល់ពេលបច្ចុប្បន្ន។ សម្ដេចបវរធិបតី ក៏បានស្វាគមន៍ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចពិគ្រោះយោបល់លើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលបានរៀបចំឡើងកាលពីខែសីហា កន្លងទៅ និងលើកទឹកចិត្តដល់ក្រសួងការបរទេសនៃប្រទេសទាំងពីរបន្តនូវយន្តការនេះឱ្យបានទៀងទាត់ ដោយ សម្ដេចបវរធិបតី ជឿជាក់ថា យន្តការនេះនឹងរួមចំណែកកាន់តែច្រើន ដល់ការពង្រឹង និងពង្រីកកិច្ចសហ-ប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ ដោយមិនត្រឹមតែភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងពង្រីកការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ព្រមទាំងរវាងប្រជាជន និងប្រជាជន ថែមទៀតផង។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ពាក់ព័ន្ធនឹងការពង្រីកការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននេះ, កម្ពុជាក៏បានបង្កើតការិយាល័យតំណាង នៃសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសនូវែលសេឡង់ ផងដែរ ក្នុងគោលបំណងពង្រីកនូវកាលានុវត្តភាពការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែល្អថែមទៀត។សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ កសិកម្ម ទេសចរណ៍ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ផងដែរ។ មុននឹងបញ្ចប់ សម្ដេចបវរធិបតី បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់ថា កម្ពុជានឹងនៅតែប្ដេជ្ញាអនុវត្តតាមខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កម្ពុជាបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ៕

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្ដេចអនុម័តលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥

2025/11/28 10:53:58 pm        363
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, ក្នុងនោះកិច្ចប្រជុំបានសម្រេចអនុម័តលើ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥។សេចក្តីព្រាងគោលនយោបាយនេះ ជាត្រីវិស័យតម្រង់ទិសសម្រាប់កិច្ចការអភិវឌ្ឍន៍ជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតទៅលើតម្រូវការជាអាទិភាពនៃតំបន់ភូមិសាស្ត្រផ្សេងៗគ្នា ដូចជា តំបន់ទំនាបកណ្តាល តំបន់ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងតំបន់ខ្ពង់រាបនិងភ្នំ ដើម្បីអភិវឌ្ឍតំបន់ទាំងនោះឱ្យរីកចម្រើនប្រកបដោយតុល្យភាព បរិយាបន្ន ភាពធន់ និងចីរភាព ជាពិសេសផ្តោតលើការអភិវឌ្ឍតំបន់ជនបទនៅតាមបន្ទាត់ព្រំដែនដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។គោលនយោបាយជាតិនេះ បានកំណត់ចក្ខុវិស័យដើម្បីកសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព និងដោយមានគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទមានជីវភាពសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អដោយចីរភាពនិងមានសេចក្តីថ្លៃថ្នូរ ព្រមទាំងបានកំណត់គោលដៅចំនួន៤ ដែលប្រកបដោយតុល្យភាព ភាពធន់ និងបរិយាបន្ន រួមមាន (១) តំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា (២) ប្រជាជននៅតំបន់ជនបទមានសុខភាពល្អនិងអាយុសង្ឃឹមរស់វែង (៣) ប្រជាជនរស់នៅក្នុងភូមិឋានដែលមានសេចក្តីសុខក្សេមក្សាន្តនិងបរិស្ថានល្អ និង(៤) ប្រជាជននៅតំបន់ជនបទមានកំណើនប្រាក់ចំណូលប្រកបដោយចីរភាព៕

គណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពី​ការ​ពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោម​កិច្ចព្រម​ព្រៀង​ដឹក​ជញ្ជូនតាមផ្លូវ​អាកាស​រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលចិន

2025/11/28 10:43:29 pm        381
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, ក្នុងនោះកិច្ចប្រជុំបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ពិធីសារទី៣នេះមាន ២មាត្រា ត្រូវបានផ្តួចផ្តើមនិងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ២០១៨។ ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី៣នេះ ព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ រួមមាន (១) ជំរុញការទាក់ទាញការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន រួមទាំងអាស៊ាននិងចិន (២) ជំរុញក្រុមហ៊ុនអាកាសចរណ៍កម្ពុជានិងចិនដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនបន្ថែមទៀត លើការអនុវត្តសិទ្ធិហោះហើរទី៥ (រវាងកម្ពុជានិងចិនដោយឆ្លងកាត់តំបន់អាស៊ាន) ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ (៣)បង្កើនជម្រើសកាន់តែច្រើនថែមទៀតដល់អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិរវាងកម្ពុជានិងចិនប្រកបដោយសន្តិសុខ សុវត្ថិភាព និងផាសុកភាព (៤) ទទួលបានការទាក់ទាញលើការកសាងនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិលរវាងកម្ពុជានិងចិន ដែលកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាល្អរួចហើយ តាមរយៈការអនុវត្តគម្រោងលើគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន និង(៥) រួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជានិងចិន ក្រោមទិដ្ឋភាពការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ចិន រួមទាំងពិធីសារទី១ ទី២ និងទី៣។ មកដល់ពេលបច្ចុប្បន្ន ពិធីសារទី៣នេះ មានរដ្ឋភាគីចំនួន ៧ប្រទេស បានផ្តល់សច្ចាប័នរួច ដែលរដ្ឋសមាជិកអាស៊ានចំនួន ៦ប្រទេស រួមមាន ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រទេសចិន៕

គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពី​ការដឹកជញ្ជូនតាមផ្លូវ​អាកាស​រវាងរដ្ឋសមាជិក​សមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​សហភាព​អឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន

2025/11/28 10:37:25 pm        614
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, ក្នុងនោះកិច្ចប្រជុំបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន។កិច្ចព្រមព្រៀងនេះមានចំនួន ៣៤មាត្រា និងភ្ជាប់ដោយឧបសម្ព័ន្ធចំនួន១ ដែលមាន ១៥មាត្រា ត្រូវបាន ផ្តួចផ្តើមនិងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប ចាប់ពីឆ្នាំ២០១៦។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាននឹងទទួលបានអត្ថប្រយោជន៍ រួមមាន (១) បង្ហាញពីសុច្ឆន្ទៈល្អនិងបង្កើនកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយរដ្ឋសមាជិកអាស៊ាន និងរដ្ឋសមាជិកនៃសហភាពអឺរ៉ុប ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ (២) ជំរុញការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននិងប្រជាជននៃតំបន់ទាំងពីរ (៣) ជំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនលើដំណាក់ផ្លូវរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប តាមរយៈជើងហោះហើរដោយអនុវត្តសិទ្ធិហោះហើរទី៣ ទី៤ ទី៥ និងកិច្ចសហការជើងហោះហើរ ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសអន្តរជាតិ (៤) បង្ហាញការធានាបានសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍កម្រិតខ្ពស់បំផុតនៅកម្ពុជាជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួន (៥) ធានាបានតម្លាភាពក្នុងការប្រកួតប្រជែងស្មើភាពជូនដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍មកពីតំបន់អាស៊ាននិងសហភាពអឺរ៉ុប និង(៦) បង្កើនកិច្ចសម្រួលការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិប្រកបដោយសន្តិសុខ សុវត្ថិភាព ផាសុកភាព ប្រើប្រាស់រយៈពេលខ្លី និងចំណាយតិចរវាងព្រះរាជាណាចក្រកម្ពុជាជាមួយតំបន់អាស៊ាននិងតំបន់សហភាពអឺរ៉ុប។កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រដ៏ធំមួយរវាងអាស៊ាននិងសហភាពអឺរ៉ុប សម្រាប់វិស័យអាកាសចរណ៍ស៊ីវិល ដើម្បីបម្រើឱ្យសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ដែលតំណាងឱ្យ ៣៧ប្រទេស រួមមាន អាស៊ាន ១០ប្រទេស និងសហភាពអឺរ៉ុប២៧ប្រទេស ហើយមានលក្ខណៈទូលំទូលាយ និងបើកចំហរទីផ្សារនៃការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។ មកដល់ពេលបច្ចុប្បន្ន កិច្ចព្រមព្រៀងនេះមានរដ្ឋភាគីចំនួន ១៤ប្រទេស បានផ្តល់សច្ចាប័នរួចហើយ ដែលក្នុងនោះ រដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ១២ប្រទេស រួមមាន ឆែក អេស្តូនី អៀរឡង់ អេស្ប៉ាញ បារាំង លីទុយអានី លុចសំបួ ហុងគ្រី អូទ្រីស រូម៉ានី ស្លូវេនី និងស្លូវ៉ាគី ហើយរដ្ឋសមាជិកអាស៊ានចំនួន២ប្រទេស រួមមាន ឡាវ និងសិង្ហបុរី៕

សម្ដេចតេជោ និងមន្រ្ដីជាន់ខ្ពស់វៀតណាម វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​តាម​បណ្ដោយ​ព្រំដែន​ប្រទេសទាំងពីរ ខណៈ៩ខែឆ្នាំនេះ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​សម្រេច​បាន​ជាង​៩​ពាន់​លានដុល្លារ

2025/11/28 07:18:41 pm        407
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម​ Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាន​វាយ​តម្លៃ​ខ្ពស់​លើកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងនោះការ​រក្សា​បាន​នូវ​សន្ដិសុខ​តាម​ព្រំដែន​ប្រទេស​ទាំងពីរ និងការធ្វើពាណិជ្ជកម្ម៩ខែឆ្នាំនេះសម្រេចបានជាង ៩ ពាន់លានដុល្លារ។ភាគីទាំងពីរបានវាយម្លៃខ្ពស់បែបនេះ ក្នុងឱកាសសម្ដេចតេជោ បានអនុញ្ញាតឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង​គណៈ​ប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះ ជាកិច្ច​ចាប់ផ្ដើម​សម្ដេច​តេជោ ​ប្រធានព្រឹទ្ធសភា បានបង្ហាញនូវក្ដីរីករាយដែលបានជួបជាមួយ ឯកឧត្តម Bui Thanh Son ​ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈ​ប្រតិភូ​ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។ក្នុងឱកាសនោះសម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ទាំង​ក្រប​ខណ្ឌននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ និងគណបក្ស គឺមាន​ភាព​រីក​ចម្រើន​គួរ​ឱ្យ​គត់​សម្គាល់​។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានឆ្លៀត​ឱកាស​ចូលរួម​សោក​ស្ដាយចំពោះ​គ្រោះមហន្ត​រាយ​ធម្មជាតិ​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​វៀត​ណាម​ដែល​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​មួយ​ចំនួន​ផង​ដែរ។ ក្នុង​ឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វៀតណាម បានសម្ដែង​នូវ​ការ​អរគុណ​ជា​អនេក​ដែល​សម្ដេច​តេជោ​បានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូបានចូ​ល​ជួប​សម្ដែង​ការ​គួរ​ស​ម​នា​ឱកាស​នេះ។​ ឯកឧត្តម បានសម្ដែងនូវក្ដីអរគុណចំពោះនូវមនោសញ្ចេតនារបស់សម្ដេចតេជោ ដែល​បាន​ចូលរួ​មស​ម្ដែង​នូវ​ការ​សោក​ស្ដាយ​ចំពោះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម។ ឯកឧត្តម ក៏បាននាំនូវសារផ្ដាំសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម​អគ្គ​លេខា​ធិការ​បក្សគម្មុនីសវៀតណាម, ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្ដី និងប្រធានរដ្ឋ វៀតណាម​ផង​ដែរ​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះ ចំពោះ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និងវៀតណាមនាពេលបច្ចុប្បន្ន ជាពិសេសមិនត្រឹមតែទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ និង​ស្ថាប័ននីតិប្រតិបត្តិទេ ក៏ប៉ុន្ដែទំនាក់ទំនងគណបក្ស និងគណបក្ស រវាងប្រទេសទាំងពីរ មាន​ភាព​រីក​ចម្រើនគួរឱ្យគត់សម្គាល់។ឯកឧត្តម ក៏បានរំលេច​នូវ​កិច្ច​សហ​ប្រតិបត្តិការ​មួយ​ចំនួន​ដែល​ប្រទេស​ទាំង​ពីរ​បា​ន​ធ្វើ​ជា​មួយ​គ្នា​ជាពិសេស​លើការធ្វើពាណិជ្ជកម្មដែលមានការកើនឡើង ក្នុងនោះត្រឹមរយៈពេល ៩ខែឆ្នាំ២​០២៥​នេះ​ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួនជាង ៩ពាន់លានដុល្លារ ហើយនឹ​ង​មាន​ការ​កើន​ឡើង​នៅ​ពេល​ខាង​មុខថែមទៀត ដែលជាការបង្ហាញ​អំពី​សញ្ញា​វិជ្ជមាន​នៃ​ទំនាក់​ទំនង​ពាណិជ្ជ​ក​ម្ម​រវាង​ប្រទេស​ទាំងពីរ។ ឯកឧត្តមក៏បានរំលេចនៅការចង់ចាំមួយដែលមិនអាចបំភ្លេចបាន ដោយបានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់ចំពោះការរក្សាបានសន្ដិសុខនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម​មាន​ភាព​ល្អ​ប្រសើរ​ដែល​ភាគីទាំងពីរបានសហការគ្នា ធ្វើសហប្រតិបត្តិការដើម្បីពង្រីក និងពង្រឹងនូវសន្ដិសុខ សណ្ដាប់​ធ្នាប់ ធ្វើយ៉ាងណារក្សាឱ្យបានដើម្បីជាផលប្រយោជន៍រវាងប្រទេសទាំងពីរ ជាពិសេស​ប្រជាជន​នៅ​តាមព្រំដែនប្រទេសទាំងពីរ។ ក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការឯកភាពទាំងស្រុង ចំពោះការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វៀតណាម លើការ​រក្សា​បាន​នូវ​សន្ដិសុខ​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដែលភាគីទាំងពីរបានដោះស្រាយបានយ៉ាងល្អជាមួយគ្នា មានទាំង​កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗជាមួយគ្នាបានយ៉ាងល្អ ហើយប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​ព្រំដែនក្លាយជាព្រំដែនដែលមានសុខសន្ដិភាពជាមួយគ្នា ប្រជាជនអាចធ្វើពាណិជ្ជកម្ម និង​ដោះដូរទំនិញគ្នាទៅវិញទៅមកបានយ៉ាងមានភាពល្អប្រសើរ។ សម្ដេចតេជោ ក៏បានលើកឡើងអំពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ដើម្បី​អំណោយ​ផល​ដល់ការធ្វើកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការផ្សារ​ភ្ជាប់​រវាង​ប្រជាជន និងប្រជាជនដែលជាសញ្ញាណដ៏ល្អ និងជាទិសដៅដែ​ល​សម្ដេច​តេជោច​ង់​បា​នតាំង​ពី​ដើម​មក។ សម្ដេចតេជោ ក៏បានសម្ដែងការពេញចិត្តចំពោះការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម​ផង​ដែរ ​ដោយសម្ដេចតេជោ សង្ឃឹមថា គោលដៅ​របស់​ប្រទេស​ទាំង​ពីរ​ដែល​ចង់​សម្រេច​បាន​ក្នុង​គោល​ដៅ ២​០ ពាន់លានដុល្លារនោះ គឺប្រទេសទាំងពីរអាចមានលទ្ធភាពធ្វើទៅរួច និងសម្រេច​បាន​ក្នុង​ពេលដ៏ឆាប់ខាងមុខ។ សម្ដេចតេជោ ក៏បានរំលេចថា កម្ពុជា និងវៀតណាម ក៏គ្រោងនឹងសម្ពោធនូវច្រកព្រំដែនអន្តរជាតិ ម៉ឺនជ័យ នៅដើមខែធ្នូនេះ ដែលជាសញ្ញាណបង្ហាញយ៉ាងវិជ្ជមានចំពោះការផ្លាស់ប្ដូរប្រជាជន ការ​ដឹក​ជញ្ជូនទំនិញ កសិផលជាដើមរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរីកចម្រើន ហើយ​ក៏​ដើរ​ទន្ទឹម​គ្នា​ជាមួយទំនាក់ទំនងល្អទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សា​លើរបៀបវារៈ​សំខាន់ៗចំនួន៥

2025/11/28 04:44:24 pm        274
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយ​ពិភាក្សា​លើ​របៀប​វារៈ​សំខាន់ៗចំនួន៥ នៅវិមានសន្តិភាព។១- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។២- ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។៣- ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។៤- ការពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ។៥- ការពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤ ។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ​សង្គម​និយម​វៀតណាម ចូលជួបសម្តែងការគួរសម

2025/11/28 04:39:11 pm        230
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ​សង្គម​និយម​វៀតណាម ចូលជួបសម្តែងការគួរសម។ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

TOP STORY | សម្ដេចធិបតី ប្រាប់ក្រុមជ្រុលនិយមក្រៅស្រុកថា បើមិនយល់ច្បាស់រឿងផែនទី ឬ​កិច្ចការ​ព្រំដែន​ទេ​សូម​កុំតាំង​ខ្លួន​ធ្វើ​ជា​អ្នកចេះ​ជាងអ្នក​ជំនាញ​ព្រំដែន​ដែល​បាន​ធ្វើ​កិច្ច​ការងារ​នេះរាប់​ទសវត្សរ៍​មក​ហើយ

2025/11/27 10:13:34 pm        249
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ បានចេញសារមួយប្រាប់ទៅប់ក្រុមជ្រុលនិយមក្រៅស្រុកថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេសូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។សម្ដេចធិបតីបានសរសេរថា ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនៅចំណុចមួយចំនួនកុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។សម្ដេចបានថ្លែងថា កាលពីព្រឹកមិញនេះ លោក អ៊ុំ សំអាន បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា៖ Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហម ដែលលោក អៀង សារី បានកាន់កាប់ហើយមានលោក អ៊ី ឈាន ជាមេទ័ពនាសម័យសង្រ្គាមស៊ីវិលនាទសវត្សទី៨០។ លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មី គឺធ្វើអោយបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ។ប៉ុន្តែប៉ុន្មានមួយម៉ោងក្រោយមក ឯ.ឧ អ៊ី ឈាន បានចេញសារបញ្ជាក់ជូនបងប្អូនជនរួមជាតិថា៖ អ្វីដែល អ៊ុំ សំអាន សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។សម្ដេចធិបតី និងប្រជាជនទាំងអស់នឹងរង់ចាំមើលថាតើលោក អ៊ុំ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន នឹងឆ្លើយតបយ៉ាងណាចំពោះ ឯ.ឧ អ៊ី ឈាន? ហើយតើ លោក អ៊ុំ សំអាន មានឯកសារឬភស្តុតាងអ្វីផ្សេងទៀតទេដើម្បីការពារអំណះអំណាងរបស់ខ្លួន និងបញ្ជាក់ថាខ្លួនជាអ្នកជំនាញព្រំដែនពិតប្រាកដ។ សង្ឃឹមថាលោកមិនគ្រាន់តែចេញមកចោទប្រកាន់ ឯកឧត្តម អ៊ី ឈាន ថាគាត់និយាយកុហក ឬក្បត់ឧត្តមគតិដូចអ្វីដែលលោកតែងតែចោទអ្នកដែលមិនមានទស្សនៈស្របជាមួយលោក និងក្រុមរបស់លោកនោះទេ។សម្ដេចបានបន្តថា និយាយដោយត្រង់ តាមដែលខ្ញុំមើលឃើញ និងប្រហែលដូចដែលអ្វីបងប្អូនប្រជាពលរដ្ឋមើលឃើញដូចគ្នាដែរនោះ គឺរហូតមកដល់ពេលនេះ អ្វីដែលលោក អ៊ុំ សំអាន និយាយពាក់ព័ន្ធនឹងកិច្ចការព្រំដែន ហាក់ដូចជាគ្មានអ្វីច្បាស់លាស់ អាចយកជាការបានទាំងមូលដ្ឋានបច្ចេកទេសផែនទី (ក្រៅតែពីបានទៅសុំ ហ្វូតូកូពីផែនទីមួយផ្ទាំង ពីពីបណ្ណាល័យ សភាសហរដ្ឋអាមេរិក ដើម្បីធ្វើការសិក្សាស្រាវជ្រាវ) ទាំងមូលដ្ឋានច្បាប់ ឬឯកសារយោងនានា (ឃើញតែលើកឡើងថា អ្នកនេះឬអ្នកនោះ បាននិយាយថាដីខ្មែរពីមុននៅនោះ មិនមែននៅនេះទេ ដូចជាករណីដែលគាត់លើកឡើងថា ឯ.ឧ អ៊ី ឈាន បាននិយាយដូច្នេះ នៅពេលដែល ឯ.ឧ អ៊ី ឈាន ច្រានចោលថាជាការប្រឌិត ។ល។)។សម្ដេចធិបតី សូមឲ្យយោបល់ដូច្នេះថា៖ បើលោកឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។ បើសិនអស់លោកមិនប្រកាន់ខ្លួនឬខ្លាចគេថាអន់ទេ ហើយចង់រៀនសូត្រអំពីវិធីសាស្ត្រឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី (ដែលអស់លោកបាន ហ្វូតូកូពីនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក) ដើម្បីជាជំនួយក្នុងការវាស់វែង បោះបង្គោលនិងខណ្ឌសីមានៅលើដីឲ្យបានត្រឹមត្រូវនោះ លោកអាចស្នើសុំមករាជរដ្ឋាភិបាល ដើម្បីអោយអ្នកមានជំនាញព្រំដែនពិតប្រាកដ អាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី។សម្ដេចបានបញ្ជាក់ថា បើអស់លោកមិនមកប្រទេសខ្មែរទេ លោកអាចចាត់តំណាងដែលនៅខ្មែរដើម្បីអោយអ្នកបច្ចេកទេសធ្វើបទបង្ហាញអោយ ដែលតំណាងអស់លោកអាចយកទៅបង្រៀនបន្តដល់លោកនិងក្រុមលោក។ ខ្ញុំជឿថានៅពេលដែលអស់លោកបានយល់ដឹងខ្លះៗពីមូលដ្ឋានបច្ចេកទេសផែនទី អស់លោកនឹងអាចមានសមត្ថភាពនិយាយស្ដីសមហេតុផលជាងមុនច្រើន ក្នុងករណីដែលអស់លោកប្រកាន់សច្ចៈភាព៕

សម្ដេចធិបតី​បញ្ជាក់បីចំណុចជូនដល់ជនរួមជាតិពាក់ព័ន្ធការវាស់វែង និងការបោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្នកម្ពុជា និងថៃ

2025/11/25 05:45:02 pm        194
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្ញើសារបញ្ជាក់ចំនួនបីចំណុច ជូនចំពោះបងប្អូនជនរួមជាតិពាក់ព័ន្ធការវាស់វែង និងការបោះបង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជា និងថៃ។សម្ដេចធិបតីបានបញ្ជាក់ថា បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ សម្ដេចធិបតីបានរម្លឹកថា សម្ដេចធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។ ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។ ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែង និងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា សម្ដេចបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩។ សម្ដេចបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន៖ ១. មានមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ ក្នុងរយៈពេលខ្លី។ នេះជាការពិតឬទេ? សម្ដេចធិបតីបានបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។ កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង ៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។ ក្នុងន័យនេះ ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។ ២. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន ផ្អែកលើមូលដ្ឋានអ្វី ដើម្បីធានានូវភាពត្រឹមត្រូវ តម្លាភាព និងសុក្រិតភាព ក្នុងគោលដៅធានាអោយបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ? ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោលព្រំដែនចន្លោះលេខ៤២-៤៧ និង បង្គោលព្រំដែនចន្លោះលេខ៥២-៥៩ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។៣. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នឹងធ្វើអោយកម្ពុជាខាតដីឬចំណេញដី? សម្ដេចបានឃើញ មានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គម អំពី ការបាត់បង់ ឬ ការទទួលបានដី បន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះសោះនេះ។ សម្ដេចធិបតីបញ្ជាក់ថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។ ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក។ ជាថ្មីម្តងទៀត សម្ដេចធិបតីបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM