សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

អំពើ​ហិង្សា​ផ្ទុះ​ឡើង ខណៈ​ប្រជាជន​ហៃ​ទី​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង

2022/10/04 09:47:41 pm        950
​ហៃ​ទី៖ អំពើ​ហិង្សា​បាន​ផ្ទុះឡើង​អំឡុងពេល​បាតុកម្ម​នៅ​ទីក្រុង​ព័រ​អូ​ប្រាំង​កាលពី​ថ្ងៃ​ចន្ទ ខណៈ​មនុស្ស​រាប់ពាន់នាក់​បានចេញ​ដើរ​តាមផ្លូវ​តវ៉ា ​ដើម្បី​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ហៃ​ទី​លោក Ariel Henry ចុះ​ចេញពី​តំណែង​។​ ​អ្នក​សារព័ត៌មាន AP ម្នាក់​បានឃើញ​មនុស្ស​យ៉ាងហោចណាស់​ ២​នាក់​បាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង ដែល​យោងទៅតាម​ក្រុមអ្នកតវ៉ា​និយាយថា​ ត្រូវបាន​បាញ់​ដោយ​នគរបាល​ដែល​ព្យាយាម​បំបែក​ការហែក្បួន​តវ៉ា។ ដោយមាន​ការខកចិត្ត​ជាមួយនឹង​កង្វះ​ប្រេងឥន្ធនៈ និង​អំពើហិង្សា​រាលដាល​ដែល​បានធ្វើឱ្យ​ទីក្រុង​នេះ​ជាប់គាំង​អស់​ជាច្រើន​សប្តាហ៍ ប្រជាជន​ហៃ​ទី​កំពុង​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​។​ ​កាលពីដើម​ខែកញ្ញា ក្រុម​ជន​អន្ធពាល​ដ៏​មាន​ឥទ្ធិពល​មួយក្រុម​របស់​ប្រទេស​ហៃ​ទី​ បាន​បិទផ្លូវ​ចូលទៅ​កាន់​ស្ថានីយប្រេងឥន្ធនៈ​ដ៏​ធំ​បំផុត​របស់​ប្រទេស​នេះ ដោយ​ប្រកាសថា​ ខ្លួន​មិន​ដកថយ​ឡើយរហូតដល់​លោក Henry លាលែង​ពី​តំណែង​។ ប្រេងសាំង​អាច​រក​បានតែ​នៅលើ​ទីផ្សារងងឹត​តែប៉ុណ្ណោះ​ក្នុងតម្លៃ​ថ្លៃ​រហូតដល់ ៣០ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុង​។​ ​ភាពខ្វះខាត និង​ការខាត​បង់​​ច្រើនបាន​បង្ខំ​ឱ្យ​អាជីវកម្ម​ជាច្រើន​ត្រូវ​បិទទ្វារ រួមទាំង​មន្ទីរពេទ្យ ក្រុមហ៊ុន​ផលិត​ទឹក និង​សេវាកម្ម​សំខាន់ៗ ខណៈដែល​អាជ្ញាធរ​សុខាភិបាល​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​បាន​រកឃើញ​ករណី​ជំងឺ​អាសន្នរោគ​ចំនួន ៨ករណី​។ ការចំណាយ​ក្នុង​ជីវភាព​រស់នៅ​កើនឡើង​ខ្ពស់ បាន​ជំរុញ​ឱ្យ​ប្រជាជន​ហៃ​ទី​ជាច្រើន​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ និង​ភាព​អត់ឃ្លាន​។ អ្នក​តវ៉ានិយាយថា យើង​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ទេ ហើយ​ពួកគេ​មិន​យល់​ពី​ការទាមទារ​របស់​យើង​ឡើយ​។ ប្រទេស​ហៃ​ទី​បាន​កើតមាន​អស្ថិរភាព​កាន់តែខ្លាំង​ឡើង​មិន​ធ្លាប់មាន ​ចាប់តាំងពី​ការធ្វើឃាត​ប្រ​ធានា​ធិបតីលោក Jovenel Moïse កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដែល​ភាពវឹកវរ​បង្កឡើង​ដោយ​ក្រុម​ជន​អន្ធពាល ខណៈរដ្ឋបាល​របស់លោក Henry នៅតែ​ពុំមាន​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោត​ទូទៅ ​ដែល​គ្រោង​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំមុន៕អត្ថបទ៖ ប៊ុនថន

ស្នងការ​នគរបាល​ឥណ្ឌូនេស៊ី​ម្នាក់ និង​មន្ត្រី​ជាន់ខ្ពស់​ ៩​នាក់​ត្រូវបាន​ដកចេញ​ពីមុខ​តំណែង

2022/10/04 09:31:37 pm        965
​ឥណ្ឌូនេស៊ី៖ ក្រុមមន្ត្រី​បាន​និយាយថា ស្នងការ​នគរបាល​ឥណ្ឌូនេស៊ី​ម្នាក់ និង​មន្ត្រីជាន់ខ្ពស់ ៩​នាក់​ត្រូវបាន​ដកចេញពីមុខ​តំណែង​កាលពី​ថ្ងៃ​ចន្ទ ហើយ​មន្ត្រី ១៨​​នាក់​ផ្សេងទៀត​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ សម្រាប់​ការទទួលខុសត្រូវ​ក្នុង​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​ខាងក្នុង​ពហុ​កីឡដ្ឋាន​ ដែល​បាន​បង្កឱ្យមាន​ការរត់​ជាន់គ្នា​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោចណាស់ ១២៥​នាក់​ស្លាប់​។ ​សមាជិកគ្រួសារ​ដែលមាន​ទុក្ខព្រួយបាន​ព្យាយាម​ស្វែងយល់ ​ពី​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ ដែល​អ្នកស្លាប់​រួមមាន​ទាំង​កុមារ​ចំនួន ៣២នាក់នៅក្នុង​ការប្រកួត​បាល់​ទាត់​នៅ​ទីក្រុង Malang កោះ​ជ្វា​ខាងកើត ដែល​បានមក​ចូលរួម​ដោយ​ក្រុម​អ្នកគាំទ្រ​ក្រុម Arema FC នៅក្នុង​តំបន់​។ អ្នករៀបចំ​កម្មវិធី​បាន​ហាមឃាត់​ក្រុម​អ្នកគាំទ្រ​ក្រុម Persebaya Surabaya ដោយសារតែ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​ប្រវត្តិ​នៃ​ការប្រកួត​បាល់ទាត់​ដ៏​ហិង្សា​។ ​ហេតុ​ការណ៍​មនុស្ស​រត់​ជាន់គ្នា​កាលពី​យប់​ថ្ងៃ​សៅរ៍​ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​៕អត្ថបទ៖ ប៊ុនថន

អ្នកស្លាប់​ដោយសារ​ព្យុះសង្ឃរា Ian នៅ​សហរដ្ឋអាមេរិកបាន​កើន​ឡើងដល់ ​១០៣​នាក់​

2022/10/04 07:01:35 pm        409
​អាមេរិក៖ មនុស្ស​ជាង​ ១០០​នាក់​ត្រូវគេ​រាយការណ៍​ថា​បាន​ស្លាប់​នៅ​ក្នុង​សហរដ្ឋអាមេរិក ៥​ថ្ងៃ​បន្ទាប់​ពី​ព្យុះសង្ឃរា Ian បាន​វាយប្រហារ​តំបន់​ឆ្នេរ​ភាគ​ខាងលិច​នៃ​រដ្ឋ ​Florida ​ជា​ព្យុះ​ដ៏​មាន​ឥទ្ធិពល​កម្រិត​ទី​៤​។​ មន្ត្រី​ក្នុង​តំបន់ Lee County Sheriff លោក Carmine Marceno បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ពេលនេះ​មនុស្ស​ស្លាប់​ចំនួន​ ៥៤នាក់​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​តំបន់​នោះ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​រដ្ឋ Florida កើន​ឡើង​ដល់ ​៩៩​នាក់​គិត​ត្រឹម​យប់​ថ្ងៃ​ចន្ទ​។ ​ទិន្នន័យ​ពី​សារព័ត៌មាន CBS News ខ្ពស់​ជាង​របាយការណ៍​ផ្លូវការ​រដ្ឋ Florida ព្រោះ​ករណី​មួយ​ចំនួន​ក្រុម​មន្ត្រី​ប្រចាំ​តំបន់​កំពុង​បញ្ជាក់​ថា មានការ​ស្លាប់​បន្ថែម​ទៀត​លឿន​ជាង​ការ​បញ្ជាក់​ពី​ក្រុម​មន្ត្រី​រដ្ឋ​។ចំនួន​អ្នក​ស្លាប់​ពាក់ព័ន្ធ​នឹង​ព្យុះ​កម្រិត​ទី​៤ ​នេះត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​រដ្ឋ North Carolina ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ដល់​ ១០៣​នាក់​។​ លំនៅឋាន និង​ហាង​លក់ទំនិញ​ប្រមាណ ៦០ម៉ឺន​កន្លែង​ក្នុង​រដ្ឋ Florida នៅតែ​មិន​ទាន់​មាន​អគ្គិសនី​ប្រើ​ប្រាស់​នៅឡើយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ថយ​ចុះ​ពី​ចំនួន​ខ្ពស់​បំផុត ២​.៦​លាន​ខ្នង​ផ្ទះ និង​ហាង​អាជីវកម្ម​ផ្សេងៗ​៕អត្ថបទ៖ សុខមាន

អាមេរិក​នឹង​បញ្ជូន​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចល័ត​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ជា​កញ្ចប់​ជំនួយ​ ៦២៥​លាន​ដុល្លារ

2022/10/04 06:39:55 pm        455
​អាមេរិក៖ កញ្ចប់​ជំនួយ​សន្តិសុខ​បន្ទាប់​របស់​រដ្ឋបាល​លោក Joe Biden សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវ​បាន​គេ​រំពឹង​ថានឹង​រួមបញ្ចូល​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​សមត្ថភាព​ខ្ពស់ ​(HIMARS) ​ចំនួន ៤​គ្រឿង, គ្រាប់រំសេវ, គ្រាប់មីន និង​រថយន្ត​ប្រឆាំង​គ្រាប់មីន ជា​កញ្ចប់​ថវិកា​ជំនួយ​ចំនួន ៦២៥​លាន​ដុល្លារ​អាមេរិក​។​កញ្ចប់​ជំនួយ​នេះ​ត្រូវ​បាន​គេ​រំពឹងថា​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ ដែលជា​កញ្ចប់​ជំនួយ​ដំបូង​ចាប់​តាំង​ពី​រុស្ស៊ី​ប្រកាស​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។​ ការប្រកាស​ដាក់បញ្ចូល​ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​បាន​ធ្វើតាម​អ្វីដែល​ខ្លួន​ចាត់ទុកថា​ ជាការ​បោះឆ្នោត​ប្រជាមតិ​ក្នុង​តំបន់​របស់​អ៊ុយ​ក្រែ​ន ​ដែល​រុស្ស៊ី​បាន​ចូល​កាន់កាប់​។ រដ្ឋាភិបាល​ប្រទេសលោកខាងលិច និង​ទីក្រុង Kyiv បាន​និយាយថា ការបោះឆ្នោត​នេះ​បាន​បំពាន​ច្បាប់​អន្តរជាតិ ហើយ​ជាការ​បង្ខិតបង្ខំ​។​​ប្រព័ន្ធ​បាញ់​រ៉ុក្កែត HIMARS ទាំង​ ៤​គ្រឿង និង​គ្រាប់​រ៉ុក្កែត​ដែល​ពាក់ព័ន្ធ យានយន្ត​ប្រឆាំង​គ្រាប់មីន​ចំនួន ២០០​​គ្រឿង, គ្រាប់កាំភ្លើង​សម្រាប់​កាំភ្លើង​ធំ និង​គ្រាប់មីន​អាច​បញ្ជូនទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ នេះ​គឺជា​កញ្ចប់​ជំនួយ​ដំបូង​នៃ​ឆ្នាំសារពើពន្ធ​ឆ្នាំ២០២៣ របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​។​ កាលពី​សប្តាហ៍​មុន សហរដ្ឋអាមេរិកបាន​បង្ហាញ​កញ្ចប់​ជំនួយ​សព្វាវុធ​ចំនួន ១.១ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រួមមាន​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ HIMARS ចំនួន ១៨គ្រឿងរួមជាមួយ​គ្រាប់រំសេវ យាន​ដ្រូ​ន និង​ប្រព័ន្ធ​រ៉ា​ដា៕អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ស្ដីបន្ទោស​អាមេរិក និង​អ៊ីស្រាអែល​ថា​ ជា​អ្នក​នៅ​ពីក្រោយ​ការ​តវ៉ា​ដ៏​រំជើបរំជួល​

2022/10/04 06:02:05 pm        481
​​អ៊ីរ៉ង់៖ មេដឹកនាំ​កំពូល​អ៊ីរ៉ង់​បាន​ស្ដីបន្ទោស​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​ចំពោះ​ការ​តវ៉ា​កំពុង​រាលដាល​ពេញ​ប្រទេស ក្រោយ​ការ​ស្លាប់​ស្ត្រី​ម្នាក់​​ក្នុង​ពេល​ឃាត់ខ្លួន​សាកសួរ​របស់​នគរបាល​។ ​ការ​អត្ថាធិប្បាយ​ជា​សាធារណៈ​លើកដំបូង​របស់​លោក​លើ​ភាព​រំជើបរំជួល​នេះ លោក Ayatollah Ali Khamenei បាន​និយាយ​ថា អំពើ​កុបកម្ម​នានា​ត្រូវ​បាន​បង្កឡើង​ដោយ​ក្រុម​សត្រូវ​ដ៏​ជូរចត់ និង​សម្ព័ន្ធមិត្ត​ខ្លួន​របស់​អ៊ីរ៉ង់។ ​ការ​តវ៉ា​ទាំងនេះគឺជា​ការ​ប្រឈម​ធំ​បំផុត​ ចំពោះ​របប​ដឹកនាំ​របស់លោក​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ ហើយ​លោក​បាន​ជំរុញ​ដល់​កងកម្លាំង​សន្តិសុខ​ត្រៀម​ សម្រាប់​បញ្ហា​កាន់តែច្រើន​ថែមទៀត​។ ​សហរដ្ឋអាមេរិក​និយាយថា ​ខ្លួន​តក់ស្លុត​ចំពោះ​ការឆ្លើយតប​ដោយ​ហិង្សា​លើ​ការតវ៉ា​ទាំងនេះ។​ ​លោក​ប្រធានាធិបតី Joe Biden បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​និយាយថា លោក​បារម្ភ​យ៉ាង​ខ្លាំងអំពី​របាយការណ៍​នៃ​ការបង្ក្រាប​កាន់តែ​ចាស់ដៃ​ លើ​ក្រុមអ្នកតវ៉ាដោយ​ស្ងៀមស្ងាត់​។​ ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័​រ​វ៉ែ​ហ្សបាន​និយាយថា ចំនួន​អ្នកស្លាប់ដោយ​​សារ​ការតវ៉ា​ជាច្រើន​សប្ដាហ៍​មកនេះនៅក្នុង​ប្រទេស​អ៊ីរ៉ង់ ជុំវិញ​ការស្លាប់​ស្ត្រី​វ័យ ​២២​ឆ្នាំ​ម្នាក់ក្នុង​ពេល​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ កញ្ញាបាន​ឡើង​ដល់ ៩២​នាក់៕អត្ថបទ៖ សុខមាន

កងកម្លាំង​អ៊ុយ​ក្រែ​ន​វាយ​រុលចូល​ភាគខាងត្បូងឆ្លុះបញ្ចាំង​ពី​ជ័យជម្នះ​ក្នុង​ភាគ​ខាងកើត​

2022/10/04 05:18:19 pm        599
​អ៊ុយ​ក្រែ​ន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​សម្រេច​បាន​ជ័យជម្នះ​ធំ​បំផុត​របស់​ខ្លួន ​នៅ​ក្នុង​ភាគ​ខាង​ត្បូង​របស់​ប្រទេស​នេះ​ចាប់​តាំង​ពី​រុស្ស៊ី​វាយប្រហារ ដោយ​ឆ្លងកាត់​ខ្សែបន្ទាត់​មួយ​ចំនួន​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ និង​កំពុង​រុល​ចូល​ទៅមុខ​តាម​បណ្ដោយ​ទន្លេ Dnieper ដណ្ដើម​បាន​ភូមិ​មួយ​ចំនួន​នៅ​តាម​ផ្លូវ និង​កំពុង​គំរាម​ដល់​បណ្ដាញ​ផ្គត់ផ្គង់​សម្រាប់​ទាហាន​រុស្ស៊ី​រាប់ពាន់​នាក់​។ ​ការ​វាយ​រុល​ទៅ​មុខ​របស់​អ៊ុយ​ក្រែ​នដាក់​គោលដៅ​លើ​បណ្ដាញ​ផ្គត់ផ្គង់​ សម្រាប់​ទាហាន​រុស្ស៊ី​ប្រមាណ ២៥,០០០​នាក់នៅ​ត្រើយ​ទន្លេ Dnieper ភាគ​ខាងលិច​។​ អ៊ុយ​ក្រែ​ន​បាន​បំផ្លាញ​ស្ពាន​សំខាន់ៗ​រួច​ទៅ​ហើយ ដោយ​បង្ខំ​ឲ្យ​កងកម្លាំង​រុស្ស៊ី​ប្រើ​ស្ពាន​ឆ្លងកាត់​បណ្ដោះអាសន្ន​។​ ការវាយប្រហារ​ដ៏​សន្ធាប់​ទៅ​លើ​តំបន់​ជាប់មាត់​ទន្លេ​នេះ​ អាច​កាត់ផ្ដាច់​ពួកគេ​ទាំងស្រុង​។ ទីក្រុង Kyiv បាន​ផ្ដល់​ព័ត៌មាន​តិច​តួច​អំពី​ការ​ដណ្ដើម​បាន​ទឹកដី​ក្នុង​ភាគ​ខាង​ត្បូង ប៉ុន្តែ​ប្រភព​នានា​ពី​រុស្ស៊ី​ទទួល​ស្គាល់​ថា ទាហាន​អ៊ុយ​ក្រែ​ន​បាន​វាយ​រុល​ចូល​រាប់​សិប​គីឡូម៉ែត្រ​នៅ​ច្រាំង​ទន្លេ​ភាគ​ខាងលិច ដោយ​ដណ្ដើម​បាន​ភូមិ​មួយ​ចំនួន​នៅ​តាម​ផ្លូវ​នោះ។​ការ​វាយ​រុល​ទៅ​មុខ​នេះឆ្លុះបញ្ចាំង​ពី​ជ័យជម្នះ​របស់​អ៊ុយ​ក្រែ​ន​នាពេល​ថ្មីៗ ​នៅ​ក្នុង​ភាគ​ខាងកើត​ប្រឆាំង​នឹង​រុស្ស៊ី ស្រប​ពេល​ដែល​ទីក្រុង Moscow បាន​ព្យាយាម​បង្កើន​ហានិភ័យ​ដោយ​ការ​ដាក់​បញ្ចូល​ដែនដី​នេះ​ជា​ឧប​សម្ព័ន្ធ ការ​បញ្ជា​ឲ្យ​កេណ្ឌ​កម្លាំង​ទ័ព និង​គំរាម​សងសឹក​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ៖ យើងមានភាពទន់ខ្សោយផ្នែកកីឡាក៏ដោយចុះ តែមិនត្រូវមានភាពទន់ខ្សោយសីលធម៌ផ្នែកគ្រប់គ្រងកីឡាទេ

2022/10/04 05:13:54 pm        241
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ខណៈវិស័យកីឡានៅក្នុងទ្វីបអាស៊ីកំពុងទន់ខ្សោយហើយនោះ ហេតុអ្វីក្រមសីលធម៌ នៃការគ្រប់គ្រងកីឡាមានភាពទន់ខ្សោយបន្ថែមទៀត? ជាក់ស្តែងដូចហេតុការណ៍ដែលបានកើតឡើងនៅក្នុងការប្រកួតបាលទាត់មួយ នៅប្រទេសឥណ្ឌូនេស៊ី​ កាលពីកន្លងទៅថ្មីៗនេះយ៉ាងដូច្នេះដែរ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយខ្វះក្រមសីលធម៌ បានណ្តាលឲ្យមានសោកនាដកម្ម ប្រើហិង្សា និងរត់ជាន់គ្នាដោយបានធ្វើឲ្យមនុស្សស្លាប់ជាច្រើននាក់។ ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាមានការងឿងឆ្ងល់ចំពោះវិស័យកីឡានៅតំបន់ស៊ីមានភាពទន់ខ្សោយជាងទ្វីបអាមេរិកឡាទីន និងអឺរ៉ុប ជាពិសេសកីឡាបាលទាត់តែម្តង ខណៈប្រជាជននៅតំបន់អាស៊ីមានច្រើនជាងតំបន់អឺរ៉ុបទៅទៀត។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ខណៈវិស័យកីឡានៅតំបន់អាស៊ីយើងទាំងមូលមានភាពទន់ខ្សោយហើយនោះ ហេតុអ្វីក្រុមសីលធម៌ នៃការគ្រប់គ្រងកីឡាវាមាន ភាពទន់ខ្សោយដែរ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រទេសជាសមាជិកទាំងអស់គប្បីពង្រឹង នូវក្រមសីលធម៌នៃការគ្រប់គ្រងកីឡានេះឲ្យល្អ ដោយជៀសវាងឲ្យបាននូវការប្រើប្រាស់អំពើហិង្សាដាក់គ្នា៕(ដោយ៖ បាន ចក់)

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រំលង​ប្រទេស​ជប៉ុន​ធ្លាក់​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក

2022/10/04 04:52:17 pm        638
​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ១​គ្រាប់​រំលង​ប្រទេស​ជប៉ុន ដែល​ជា​ការ​បាញ់​លើក​ទី​៥ ​ក្នុង​រយៈពេល​ ១០​ថ្ងៃ ស្រប​ពេល​មានការ​រំពឹង​ទុក​ថា ប្រទេស​នេះ​កំពុង​ត្រៀម​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ​ជា​លើកដំបូង​ក្នុង​រយៈពេល​ ៥​ឆ្នាំ​។ ​មី​ស៊ី​ល​ដែល​ត្រូវ​បាន​តាមដាន​ដោយ​ឆ្មាំសមុទ្រ​ជប៉ុន និង​នាយសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង បាន​ជំរុញ​ឲ្យ​ចេញ​ស៊ី​រ៉ែ​ន​ព្រមាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ភាគ​ខាងជើង ដោយ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ក្នុង​ផ្ទះ​។ សេវា​រថភ្លើង​សាធារ​ណៈ​នៅ​ក្នុង​កោះ Hokkaido ភាគ​ឦសាន និង​តំបន់ Aomori ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​។​ សារព័ត៌មាន Yonhap បាន​រាយការណ៍​ថា លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida បាន​ថ្កោលទោស​នូវ​អ្វីដែល​លោក​បាន​ហៅថា ​ជា​ទង្វើ​សា​ហាវ​ឃោរឃៅ ខណៈ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-yeol បាន​ព្រមាន​ពី​ការ​ឆ្លើយ​តប​ប្រកបដោយ​ការ​តាំង​ចិត្ត​ខ្ពស់ ​ក្រោយ​ការ​បាញ់​សាកល្បង​នេះ​។​មេដឹកនាំ​ទាំង​២ ​បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​នេះ​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ជប៉ុន NHK បាន​និយាយ​ថា មី​ស៊ី​ល​នេះ​បាន​ហោះ​ចម្ងាយ ៤,០០០​គីឡូម៉ែត្រ​ ឡើង​ដល់​រយៈកម្ពស់ ១​,០០០​គីឡូម៉ែត្រ មុន​ធ្លាក់​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្រោយ​ហោះ​ឡើងលើ​អាកាស​រយៈពេល​ ២២​នាទី​។ មី​ស៊ី​ល​នេះ​ត្រូវ​បាន​បាញ់​ចេញពី​ភាគ​ខាងជើង​ជិត​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ចិន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

2022/10/04 04:20:53 pm        572
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី មានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស ព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ ១០ប្រទេសទៀត។ ក្រៅពីនោះ ក៏មានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដោយបានអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីដ៍មានសារៈ សំខាន់នេះ។សម្តេចតេជោបានស្វាគមន៍ព្រះអង្គម្ចាស់ទាយាទ ព្រះអង្គម្ចាស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសមាជិក សមាជិកាដែលបានអញ្ជើញមកចូលរួមក្នុងមហាសន្និបាតក្រុម ប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។សម្តេចតេជោក៏សូមថ្លែងអំណរគុណក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលបានផ្តល់សេចក្តីទុកចិត្ត និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នេះ នៅព្រះរាជាណាចក្រកម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២២ នេះ គឺជាពេលវេលាមួយដ៏សមស្រប និងមានសារៈ សំខាន់សម្រាប់កម្ពុជា ក្នុងការផ្លាស់ប្ដូរយោបល់ និងការដក ស្រង់នូវបទពិសោធន៍ជាក់ស្តែង ព្រមទាំងធាតុចូលល្អៗដែល នឹងទទួលបានតាមរយៈការធ្វើបទបង្ហាញដោយអ្នកជំនាញន វិស័យកីឡានិងកិច្ចពិភាក្សាពាក់ព័ន្ធនឹងវិស័យនេះ ពីព្រោះនៅឆ្នាំ ២០២៣ កម្ពុជាត្រូវបានផ្ដល់ការគាំទ្រធ្វើជាប្រធានក្រុម ប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយនឹងរៀបចំការ ប្រកួតកីឡាកម្រិតអន្តរជាតិដ៍ធំនេះនៅព្រះរាជាណាចក្រកម្ពុជា។ឆ្នាំនេះ គឺជាឆ្នាំដ៏មមាញឹក និងមានសារៈសំខាន់សម្រាប់ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន អាស៊ានកម្ពុជា មានការតាំងចិត្តខ្ពស់ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិ ការសន្តិសហវិជ្ជមាននិងស្មើមុខស្មើមាត់ រួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅ ក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម និងភាព ជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿន និងចីរភាពនៃការ អភិវឌ្ឍសម្រាប់ជោតវាសនា សន្តិសុខតំបន់ ការអភិវឌ្ឍ និង វិបុលភាពរួម ។ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យ កីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ឱ្យទទួលបានជោគជ័យខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានផ្ដល់ការលើកទឹកចិត្តជាចំណុចគន្លឹះមួយចំនួនដូចខាងក្រោម: ១- សម្តេចសូមលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវ ឧត្តមានុវត្តន៍ល្អៗនៅក្នុងមហាសន្និបាតនេះ ពាក់ព័ន្ធទៅនឹង ការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឍ បច្ចេកទេសកីឡា ដើម្បីធ្វើឱ្យវិស័យកីឡាកាន់តែប្រសើរក្នុង តំបន់អាស៊ីយើងនេះ។២- សូមក្រុមប្រឹក្សាអូឡាំពិកអាស៊ីបង្កើនការធ្វើពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេស សមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើន ការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍ បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។៣- គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈ កម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ និងស្ថាប័នកីឡាអន្តរជាតិក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួម កាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃ អនាគត។៤- អំពាវនាវដល់បណ្តាប្រទេសសមាជិកនៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីមេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅព្រះរាជាណា ចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់៕

តុលាការ​រុស្ស៊ី​អនុម័ត​ការដាក់បញ្ចូល​តំបន់​របស់​អ៊ុយ​ក្រែ​ន ​ខណៈ​ទាហាន​ជ្រើសរើស​ថ្មី​ត្រូវ​បាន​បណ្តុះបណ្តាល​

2022/10/03 09:59:37 pm        809
​រុស្ស៊ី៖ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បាន​រាយការណ៍​ថា តុលាការ​ធម្មនុញ្ញ​របស់​​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​បាន​ទទួល​ស្គាល់ ​ការដាក់បញ្ចូល​តំបន់​របស់​អ៊ុយ​ក្រែ​ន​ចំនួន៤ ​ក្នុង​រដ្ឋធម្មនុញ្ញ​។​ ​ប្រធាន​តុលាការ​ធម្មនុញ្ញ​រុស្ស៊ី​លោក Valery Zorkin បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ថា ថ្ងៃនេះតុលាការ​ធម្មនុញ្ញ​បាន​អនុម័ត​សេចក្តីសម្រេច​ចំនួន​៤ ដែល​បានអនុម័ត​លើ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​របស់​សហព័ន្ធ​រុស្ស៊ី​ ជាមួយ​សាធារណរដ្ឋ​ចំនួន​ពីរ​គឺ Donetsk និង Luhansk ព្រមទាំង​តំបន់ Kherson និង Zaporizhzhia​។ សភា​ជាន់​ទាប​របស់​សភា​រុស្ស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ពិចារណា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ដាក់បញ្ចូល​តំបន់​ទាំង​៤ ​នៅ​ថ្ងៃ​ចន្ទ​នេះ​។ ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​រុស្ស៊ី​ដែល​ជា​សភា​ជាន់ខ្ពស់​បាន​និយាយ​ថា ស្ថាប័ន​នេះ​ទំនងជា​នឹង​បោះឆ្នោត​លើ​ច្បាប់​ដាក់បញ្ចូល​នៅ​ថ្ងៃ​អង្គារ​។​ ​ជាមួយ​គ្នា​នេះ​ទាហាន​កេណ្ឌ​ថ្មី​បាន​ចាប់ផ្តើម​ហ្វឹកហាត់ ​នៅ​តំបន់​រៀន​បាញ់​កាំភ្លើង​របស់​យោធា​ផ្សេងៗ​គ្នា បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រកាស​ពី​ការ​កេណ្ឌ​ទាហាន​បម្រុង​មួយ​ផ្នែក​កាលពី​សប្តាហ៍​មុន​។ទូរ​ទស្សន៍​រដ្ឋ​រុស្ស៊ី​បាន​បង្ហាញ​ទាហាន​បម្រុង​បាញ់​កាំភ្លើង Giatsint-B 152​មី​ល្លី​ម៉ែត្រ​នៅ​មូលដ្ឋាន​យោធា​ក្នុង​តំបន់ Kaliningrad និង​បើក​រថក្រោះ T90M នៅ​តំបន់​គ្រី​មៀ។ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា ខ្លួន​មាន​ផែនការ​កេណ្ឌ​មនុស្ស​ចំនួន​ ៣​សែន​នាក់ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​ថា​ ចំនួន​នេះ​អាច​កើន​ឡើងដល់ ១,២​លាន​នាក់ ជា​ការ​អះអាង​ដែល​មន្ត្រី​រុស្ស៊ី​បាន​បដិសេធ​។ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​សន្យា​ ចំពោះតែ​ទាហាន​បម្រុង​ដែល​មាន​បទពិសោធន៍​ប្រយុទ្ធ ឬ​ការងារ​ពាក់​ព័ន្ធ​តែប៉ុណ្ណោះ ប៉ុន្តែ​យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន និង​ក្រុម​អ្នក​ស៊ូ​មតិ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ក្រុម​បុរស​ដែល​មិន​ពេញលក្ខណៈ​វិនិច្ឆ័យ​ក៏​កំពុង​ត្រូវ​បាន​កេណ្ឌ​ផង​ដែរ​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ និងអាមេរិក អះអាងថាកិច្ចព្រមព្រៀងស្តីពីច្រកសមុទ្ទ Hormuz ជិតសម្រេចបានហើយ
08/06/2026 08:08 AM
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM