គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

លោក Trump និយាយថា គេហដ្ឋាន​របស់​លោក​ក្នុង​រដ្ឋ Florida ត្រូវ​បាន​ក្រុម FBI ឆ្មក់​ចូល​ឆែកឆេរ​

2022/08/09 05:55:24 pm        756
​សហរដ្ឋអាមេរិក៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​គេហដ្ឋាន Mar-A- Lago របស់​លោក​នៅ​ក្នុង​រដ្ឋ Florida ត្រូវ​បាន​ទីភ្នាក់ងារ FBI ឆ្មក់​ចូល​ឆែកឆេរ ជា​អ្វី​ដែល​លោក​បាន​ហៅថា ​ជា​ទង្វើ​នៃ​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​របស់​រដ្ឋអាជ្ញា​។ ​លោក​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Truth របស់​លោក​ថា ទាំងនេះ​គឺជា​ពេលវេលា​ដ៏​ងងឹត​សម្រាប់​ប្រទេសជាតិ​របស់​យើង ព្រោះថា​ គេហដ្ឋាន​ដ៏​ស្រស់​ស្អាត​របស់ខ្ញុំ​នៅ Mar-A-Lago ក្នុង​តំបន់​ឆ្នេរសមុទ្រ Palm Beach រដ្ឋ Florida ពេលនេះ​កំពុង​រង​ការឡោមព័ទ្ធ​ឆ្មក់​ចូល​ឆែកឆេរ និង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​មនុស្ស​ដ៏​ច្រើន​របស់​ទីភ្នាក់ងារ FBI​។ ​លោក Trump និយាយ​ថា នេះ​ជា​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​របស់​រដ្ឋអាជ្ញាដែល​ជា​អាវុធ​នៃ​ប្រព័ន្ធ​យុត្តិធម៌ និង​ជា​ការ​វាយប្រហារ​ដោយ​ក្រុម​ប្រជាធិបតេយ្យ​ឆ្វេង​និយម​ជ្រុល ដែល​មិន​ចង់​ឲ្យ​ខ្ញុំ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ឆ្នាំ​២០២៤​។​ទីភ្នាក់ងារ FBI បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយទេលើ​បញ្ហា​ថា​ តើ​ការ​ឆែកឆេរ​កំពុង​កើតឡើង​ ឬអាច​មាន​រឿង​អ្វី​កើតឡើង ឬក៏​លោក Trump មិនបាន​ផ្តល់​ការ​ចង្អុល​បង្ហាញ​អំពី​មូលហេតុ​ ដែល​ភ្នាក់ងារ​សហព័ន្ធ​នៅផ្ទះ​របស់​លោក​។​ ​អង្គភាព National Archives បាន​និយាយ​កាលពី​ខែ​កុម្ភៈ​ថា ខ្លួន​បាន​រក​ឃើញ​ឯកសារ​ចំនួន​ ១៥កេសមកពី​លំនៅឋាន​រដ្ឋ Florida ​របស់​លោក Trump ដែល​សារព័ត៌មាន Washington Post បាន​ផ្សព្វផ្សាយ​រួមមាន​អត្ថបទ​មានការ​ផ្ទៀងផ្ទាត់​រួចរាល់ ដែល​លោក​បាន​យក​ទៅ​ជាមួយ​លោកនៅ​ពេល​លោក​ចាក​ចេញពី​ទីក្រុង Washington ក្រោយ​ការ​បរាជ័យ​ការបោះឆ្នោត​អាណត្តិ​ទី​២ ​របស់​លោក​៕អត្ថបទ៖ សុខមាន

រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ចោទ​ដាក់គ្នា​ទៅវិញទៅមក​ជុំវិញ​ការវាយប្រហារ​លើ​រោងចក្រ​នុយក្លេអ៊ែរ​

2022/08/09 05:26:47 pm        397
​អ៊ុយ​ក្រែ​ន៖ រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​កាលពី​ថ្ងៃ​ចន្ទ​ថា ភាគី​នីមួយៗ​កំពុង​បាញ់​ផ្លោង​ទៅលើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាង​ត្បូង​។ រុស្ស៊ី​អះអាង​ថា ការ​បាញ់​ផ្លោង​របស់​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ឲ្យ​ចរន្ត​ភ្លើង​បុក​ឡើង​ខ្លាំង និង​ឆេះ និង​បាន​បង្ខំ​ឲ្យ​បុគ្គលិក​ទម្លាក់​ទិន្នផល​ផលិត​ពី​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ចំនួន​២ ខណៈ​អ៊ុយ​ក្រែ​ន​បាន​ស្ដី​បន្ទោស​ទាហាន​រុស្ស៊ី​ថា​ បាន​ស្តុក​អាវុធ​នៅ​ទីនោះ​។ ​ក្រុម​អ្នក​ជំនាញ​នុយក្លេអ៊ែរ​បាន​ព្រមាន​ថា ការ​បាញ់​ផ្លោង​កាន់​តែ​ច្រើន​ទៅលើ​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដែល​ត្រូវ​បាន​រុស្ស៊ី​វាយ​ដណ្ដើម​គ្រប់គ្រង​កាលពី​សង្គ្រាម​ដំណាក់កាល​ដំបូង កំពុង​ជួប​គ្រោះថ្នាក់​។ ​វិមាន​ក្រឹម​ឡាំង​បាន​បន្ទរ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​អះអាង​ថា ក្រុង Kyiv កំពុង​វាយប្រហារ​រោងចក្រ និង​ជំរុញ​ឲ្យ​មហាអំណាច​លោក​ខាង​លិច​បង្ខំ​ឲ្យ​បញ្ឈប់​ទង្វើ​នេះ​។​​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការ​បាញ់​ផ្លោង​ទៅលើ​តំបន់​រោងចក្រ​នុយក្លេអ៊ែរ​ពីសំណាក់​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ រោងចក្រ​នេះ​ប្រឈម​នឹង​ផលវិបាក​ដ៏​មហន្តរាយសម្រាប់​ដែនដី​ដ៏​ធំ​ជាច្រើន ​ក៏ដូចជា​អឺរ៉ុប​ទាំងមូល​។ ​ចំណែក​អ្នកនាំពាក្យ​ចារកម្ម​យោធា​អ៊ុយ​ក្រែ​ន​លោក Andriy Yusov បាន​ទាត់ចោល​ដោយ​និយាយ​ថា កងកម្លាំង​រុស្ស៊ី​បាន​បំផ្ទុះ​គ្រឿងផ្ទុះ​នៅ​រោងចក្រ​នោះ​ ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​របស់​អ៊ុយ​ក្រែ​ន ​ដែល​បាន​រំពឹង​ទុក​នៅ​ក្នុង​តំបន់​នេះ​។ ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា រុស្ស៊ី​កំពុង​វាយ​ប្រហារ​ចេញពី​រោងចក្រ​នោះ​ និង​ប្រើប្រាស់​កម្មករ​ជនជាតិ​អ៊ុយ​ក្រែ​ន​នៅ​ទីនោះ​ធ្វើជា​ខែល​៕អត្ថបទ៖ សុខមាន

លោក Biden ព្រួយបារម្ភ ខណៈ​ចិន​បន្ថែម​ពេលវេលា​ធ្វើ​សម​យុទ្ធ​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​

2022/08/09 05:05:03 pm        465
​សហរដ្ឋអាមេរិក៖ កាលពី​ថ្ងៃ​ទី​៨​ ខែសីហា លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​និយាយ​ថា ខណៈ​លោក​មិន​បារម្ភ​អំពី​កោះ​តៃវ៉ាន់ លោក​បារម្ភ​ពី​សកម្មភាព​របស់​ចិន​នៅ​ក្នុង​តំបន់ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​លោកស្រី Pelosi​ ទៅកាន់​ទីក្រុង​តៃប៉ិ​។ ​ទោះ​យ៉ាង​ណា​លោក​បាន​បន្ថែម​ថា លោក​មិន​ជឿ​ថា ចិន​នឹង​ធ្វើ​អ្វី​ឲ្យ​ច្រើន​ជាង​នេះ​ទៀត​ទេ​។ ​​ពេលនេះ​ចិន​អះអាងថា ​ខ្លួន​កំពុង​បន្ថែម​ពេលវេលា​សម​យុទ្ធ​យោធា ​ដែល​ជា​ការ​គំរាម​កំហែង​ជិត​កោះ​តៃវ៉ាន់ ដែល​បាន​បង្កើន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​លទ្ធភាព​នៃ​សង្គ្រាម និង​ការ​អាក់​ខាន​ចរាចរណ៍​ដែនអាកាស និង​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​។ យោង​តាម​ក្រុម​មេដឹកនាំ​យោធា សម​យុទ្ធ​ទាំងនោះនឹង​រាប់បញ្ចូល​ទាំង​សម​យុទ្ធ​ប្រឆាំង​នាវាមុជទឹក ដែល​ទំនងជា​ចង់​បំផ្លាញ​ការ​គាំទ្រ​របស់​អាមេរិក​សម្រាប់​កោះ​តៃវ៉ាន់ ក្នុង​សកម្មភាព​ដែល​អាច​ថា​នឹង​មាន​ការវាយប្រហារ​ពី​ចិន​។ ​សម​យុទ្ធ​ទាំងអស់​ដែលមាន​ការចូលរួម​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល សកម្មភាព​យន្តហោះ​ចម្បាំង និង​នាវា​ឆ្លងកាត់​ខ្សែបន្ទាត់​កណ្ដាល​របស់​ច្រក​សមុទ្រ​តៃវ៉ាន់ គឺជា​ការ​សងសឹក​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ទៅកាន់​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​កាល​ពី​ពេល​ថ្មីៗ​នេះ មានការ​អំពាវនាវ​ឲ្យ​ចិន​បន្ថយ​ភាព​តានតឹង ប៉ុន្តែ​ពុំ​មាន​សុចនាករ​ពី​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ពី​សំណាក់​ក្រុង​ប៉េកាំង​ទេ​។​កាលពី​ថ្ងៃ​ទី​៨​ ខែ​សីហា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​លោក Wu Qian បាន​និយាយ​ថា ប្រទេស​ចិន​បាន​អំពាវ​នាវ​ដល់​សហរដ្ឋ​អាមេរិកឲ្យ​គោរព​ផលប្រយោជន៍​របស់​ក្រុង​ប៉េកាំង និង​បោះបង់​គំនិត​ប្រើ​កោះ​តៃវ៉ាន់​ជា​ឧបករណ៍ ដោយ​បន្ថែម​ថា ​សហរដ្ឋអាមេរិកត្រូវតែ​សង​រាល់​ការខូចខាត​ នៃ​ភាព​តានតឹង​ពេល​បច្ចុប្បន្ន​ជុំវិញ​កោះ​តៃវ៉ាន់​៕អត្ថបទ៖ សុខមាន

យោធា​ចិន​និយាយ​ថា សម​យុទ្ធ​នៅ​បន្ត​ជុំវិញ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ចន្ទ​នេះ​

2022/08/08 10:20:21 pm        614
​ចិន៖ យោធា​របស់​ប្រទេស​ចិន​បាន​ប្រកាស ​ការ​ធ្វើ​សម​យុទ្ធ​យោធា​ថ្មី​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​លើ​សមុទ្រ និង​ដែន​អាកាស​ជុំវិញ​កោះ​តៃវ៉ាន់ មួយថ្ងៃ​បន្ទាប់ពី​ការ​បញ្ចប់​តាម​ការ​គ្រោង​ទុក​នៃ​សម​យុទ្ធ​ទ្រង់​ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន ដើម្បី​តវ៉ា​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​កាលពី​សប្តាហ៍​មុន​មកកាន់​ទីក្រុង​តៃប៉ិ​ របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi។ ​​ទីបញ្ជាការ​សម្របសម្រួល​ភាគ​ខាងកើត​របស់​ប្រទេស​ចិន​បាន​និយាយ​ថា ទីបញ្ជាការ​នឹង​ធ្វើ​សមយុទ្ធ​រួមដែល​ផ្តោត​លើ​ប្រតិបត្តិ​ការ​ប្រឆាំង​នាវាមុជទឹក និង​ការវាយប្រហារ​តាម​សមុទ្រ ដោយ​អះអាង​ការ​ព្រួយបារម្ភ​របស់​អ្នកវិភាគ​សន្តិសុខ និង​អ្នកការទូត​មួយ​ចំនួន​ថា ​ទីក្រុង​ប៉េកាំង​នឹង​បន្ត​រក្សា​សម្ពាធ​លើ​ការ​ការពារ​កោះ​តៃវ៉ាន់​។​ ​ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ស្រី Pelosi មកកាន់​កោះ​តៃវ៉ាន់​កាលពី​សប្តាហ៍​មុនបាន​ធ្វើឱ្យ​ប្រទេស​ចិន​មាន​កំហឹង ដែល​បាន​ចាត់​ទុក​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​ថា​ជា​ខេត្ត​មួយ​របស់ខ្លួន ហើយ​បាន​ឆ្លើយតប​ដោយ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​នៅ​លើ​ទីក្រុង​តៃប៉ិ​ជា​លើកដំបូង ព្រមទាំង​ការលុបចោល​កិច្ច​សន្ទនា​មួយ​ចំនួន​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។ រយៈពេល និង​ទីតាំង​ជាក់លាក់​នៃ​សម​យុទ្ធ​ចុងក្រោយ​នេះមិនទាន់​ដឹង​នៅឡើយ​នោះទេ​។​​ភ្លាមៗ​មុន​ពេល​ការ​ធ្វើ​សម​យុទ្ធ​ចុងក្រោយ​ដែល​ត្រូវ​បាន​ប្រកាស ប្រធានាធិបតី​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-wen បាន​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​កោះ Saint Vincent និង Grenadines លោក Ralph Gonsalves ដោយ​បាន​ប្រាប់​លោក​ថា លោកស្រី​មានការ​រំភើប​ដោយ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ដំណើរ​ទស្សនកិច្ច​ ទោះបី​ជា​មាន​គំនាប​យោធា​របស់​ប្រទេស​ចិន​ក៏ដោយ​។ នាយករដ្ឋមន្ត្រី​លោក ​Gonsalves បាន​និយាយ​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ថា សម​យុទ្ធ​យោធា​របស់​ចិន​ និង​មិន​អាច​ទប់ស្កាត់​លោក​មិន​ឲ្យ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​បាន​នោះ​ទេ៕អត្ថបទ៖ ប៊ុនថន

ចិនបង្ហាញពីមូលហេតុដែលខ្លួនគិតថា អាមេរិកបញ្ជូនលោកស្រី Pelosi មកកាន់កោះតៃវ៉ាន់

2022/08/08 10:00:30 pm        738
​ចិន៖ ទីក្រុង​ប៉េកាំង​បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi មកកាន់​កោះ​តៃវ៉ាន់​អាច​ជា​ផ្នែក​មួយ​ នៃ​ការប៉ុនប៉ង​របស់​ទីក្រុង​វ៉ាស៊ីនតោនក្នុង​បំណង​បង្កើត​លេស ​ដើម្បី​ដាក់​ពង្រាយ​យោធា​របស់​ខ្លួន​បន្ថែម​ទៀត​មកកាន់​តំបន់​នេះ​។ ​​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​ធ្វើឡើង​ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស និង​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បាន​និយាយ​ថា មាន​សញ្ញា​បង្ហាញ​ថា ​សហ​រដ្ឋ​អាមេរិក​កំពុង​ព្យាយាម​ប្រើ​ល្បិច​ចាស់​របស់​ខ្លួន​ឡើង​វិញ​។ អ្នកការទូត​រូប​នេះ​បាន​បញ្ជាក់​ច្បាស់​ថា ទីក្រុង​វ៉ាស៊ីនតោន​មាន​ប្រវត្តិ​បង្កើត​បញ្ហា​ជាមុន ហើយ​ក្រោយមក​ប្រើប្រាស់​បញ្ហា​នោះ​ធ្វើ​ឲ្យ​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន ​ក្លាយ​ជា​ការពិត​នៅ​ទី​ដទៃ​ទៀត​នៅ​លើ​សកលលោក​។​ ​យោង​តាម​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា អ្នកមាន​តួនាទី​ក្នុង​តំបន់​គួរតែ​ប្រឆាំង​នឹង​ការ​បង្កើន​វត្តមាន​យោធា ​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់​ជុំវិញ​កោះ​តៃវ៉ាន់​។ ទីក្រុង​ប៉េកាំង​បាន​ក្រើនរំលឹក​ទីក្រុង​វ៉ាស៊ីន​តោន​ថា កោះ​តៃវ៉ាន់​មិន​មែន​ជា​ផ្នែក​របស់​សហរដ្ឋអាមេរិក​នោះទេ ប៉ុន្តែ​ជា​ទឹកដី​របស់​ប្រទេស​ចិន ហើយ​តាមរយៈ​ការ​ផ្តល់​ភ្លើង​ខៀវ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ​Pelosi សហរដ្ឋអាមេរិក​មិនបាន​រក្សា​សន្យា​ក្នុង​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​បូរណភាព​ទឹកដី​របស់​ប្រទេស​ចិន​។លោក Wang Yi បាន​បន្ត​អធិប្បាយ​អំពី​ការ​ឆ្លើយតប​ខ្លាំងក្លា​របស់​ប្រទេស​ចិន ដែល​ស្ថិត​ក្នុងចំណោម​បញ្ហា​ផ្សេងៗ​ទៀតរួមមាន​ការ​ដាក់​ទណ្ឌកម្ម​ថា​ ជា​ការ​ស្របច្បាប់​ សម​ហេតុផល ចាំបាច់​ បើកចំហ និង​សមស្រប​។ លោក​បាន​បន្ថែម​ថា វិធានការ​ក្នុង​ការ​ចោទប្រកាន់​គឺ​មាន​បំណង​រារាំង​ ការប៉ុនប៉ង​របស់​សហ​រដ្ឋ​អាមេរិក​មិន​ឲ្យ​ប្រើប្រាស់​កោះ​តៃវ៉ាន់​ ដើម្បី​គ្រប់គ្រង​ប្រទេស​ចិន​។ អ្នកការទូត​កំពូល​របស់​ប្រទេស​ចិន​បាន​អះ​អាង​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ស្រី Pelosi បាន​ចូលរួម​ការ​លើក​លែង​ទោស​ដល់​កងកម្លាំង​ផ្តាច់ខ្លួន​ ដែល​គាំទ្រ​ឯករាជ្យ​ភាព​របស់​កោះ​តៃវ៉ាន់​។ ក្នុងនាម​ជា​មនុស្ស​លំដាប់​ទី​បី​ក្នុង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ លោកស្រី Pelosi បាន​រួម​កម្លាំង​ជាមួយ​ក្រុម​ផ្តាច់ខ្លួន​ហើយ​ប្រឆាំង​ប្រជាជន​ចិន​។ លោក Wang Yi បាន​ចាត់​ទុក​គោលនយោបាយ​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ថា ​ជា​ច្បាប់​មាស​សម្រាប់​ទំនាក់​ទំនង​រ​វាង​រដ្ឋ​ និង​រដ្ឋ​៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​អង្គការសហប្រជាជាតិ​ព្រមាន​ជាថ្មី​លើ​បញ្ហា​នុយក្លេអ៊ែរ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ជប៉ុន

2022/08/08 09:33:22 pm        577
​ជប៉ុន៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ព្រមាន​ជាថ្មី​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់ពី​លោក​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រារព្ធ​ខួប​លើក​ទី77 នៃ​ការ​ទម្លាក់​គ្រាប់បែក​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​។​ ​លោក Guterres បាន​ថ្លែង​ទៅកាន់​ក្លឹប​អ្នកសារព័ត៌មាន​ជាតិ​ជប៉ុន​នៅ​ទីក្រុង​តូ​ក្យូ​ថា នេះ​គឺជា​ពេល​ដែល​ហានិភ័យ​នៃ​ការ​ប្រឈម​មុខ​ដាក់គ្នា​ដោយ​អាវុធ​នុយ​ក្លេ​អែរ​ត្រលប់​មកវិញ ជា​រឿង​ដែល​យើង​បាន​បំភ្លេច​ចោល​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​បន្ត​អង្វរ ​ដល់​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​ប្តេជ្ញាចិត្ត​ថា​ នឹង​មិន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​មុនគេ និង​មិន​ត្រូវ​ប្រើប្រាស់​ ឬ​គំរាមកំហែង​ដល់​រដ្ឋ​គ្មាន​នុយក្លេអ៊ែរ​ តាមរយៈ​ការប្រើប្រាស់​នុយក្លេអ៊ែរ​ដោយ​តម្លាភាព​ពេញ​លេញ​ទាក់ទង​នឹង​ឃ្លាំង​អាវុធ​របស់​ខ្លួន​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា នៅ​ពេល​ដែល​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​កំពុង​កើន​ឡើង និង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ត្រលប់​មកវិញ​ដែល​ត្រូវផ្តោត​ការយកចិត្តទុកដាក់​។​ប្រធាន​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សៅរ៍ បាន​ចូលរួម​ពិធី​នៅ​ឧទ្យាន​សន្តិភាព Hiroshima ដើម្បី​ប្រារព្ធ​ខួប​។ សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែកបរមាណូ​លើកដំបូង​ របស់​ពិភពលោក​ទៅលើ​ទីក្រុង Hiroshima នៅ​ថ្ងៃ​ទី6 ខែ​សីហា ឆ្នាំ1945 ដោយ​បាន​បំផ្លាញ​ទីក្រុង និង​បណ្តាល​ឲ្យ​មនុស្ស 140,000នាក់​ស្លាប់​។ ប្រទេស​នេះ​បាន​ទម្លាក់​គ្រាប់​បែក​លើក​ទី​ពីរ​រយៈពេល​បី​ថ្ងៃ​ក្រោយមក​លើ​ទីក្រុង Nagasaki បណ្តាល​ឲ្យ​មនុស្ស 70,000នាក់​បន្ថែម​ទៀត​ស្លាប់​។ ​ការ​ព្រួយបារម្ភ​នៃ​ការ​ទម្លាក់​គ្រាប់​បែកបរមាណូ​លើក​ទី​បី​ បាន​កើន​ឡើង​ក្នុង​ពេល​មានការ​គំរាមកំហែង​របស់​រុស្ស៊ី​ក្នុង​ការ​វាយប្រហារ​នុយក្លេអ៊ែរ​ ចាប់​តាំងពី​សង្គ្រាម​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​កាលពី​ខែ​កុម្ភៈ៕អត្ថបទ៖ ប៊ុនថន

ការ​បិទ​ខ្ទប់​បណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ជាប់​គាំង​នៅ​រមណីយដ្ឋាន​ប្រទេស​ចិន​

2022/08/08 06:48:32 pm        523
​ចិន៖ ក្រុម​អ្នកទេសចរ​ប្រមាណ ៨ម៉ឺន​នាក់​កំពុង​ជាប់​គាំង​នៅ​ក្នុង​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ក្រុង Sanya ភាគ​ខាង​ត្បូង​ប្រទេស​ចិន បន្ទាប់ពី​អាជ្ញាធរ​បាន​ប្រកាស​ថា ​វា​ជាទី​តាំង​ចំណុច​ក្តៅ​នៃ​វីរុស COVID-19 និង​បាន​ដាក់​វិធាន​ការ​បិទ​ខ្ទប់​។​ ​វិធានការ​រឹតត្បិត​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​អាជ្ញាធរ​បាន​ស្វែងរក​ការទប់ស្កាត់​ការ​រាល​ដាល​វីរុស COVID-19 នៅ​ក្នុង​ទីក្រុង​កោះ​ហៃ​ណាន​ត្រូពិច​។ មាន​ករណី​ដែល​បាន​បញ្ជាក់​ចំនួន ២២៩​ករណី​កាលពី​ថ្ងៃ​សុក្រ និង ១២៩​ករណី​បន្ថែម​ទៀត​កាលពី​ថ្ងៃ​សៅរ៍​។ អាជ្ញាធរ​អយស្ម័យយាន​បាន​ដាក់​បម្រាម​ការ​លក់​សំបុត្រ​ទាំងអស់​នៅ​ក្នុង​ក្រុង Sanya ខណៈ​ជើង​ហោះហើរ​ទាំងអស់​ក៏​ត្រូវ​បាន​លុបចោល​កាលពី​ថ្ងៃ​សៅរ៍​។ អាជ្ញាធរ​និយាយ​ថា អ្នកទេសចរ​ដែល​ចង់​ចាក​ចេញពី​ក្រុង ​Sanya ត្រូវ​ធ្វើតេស្ត​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា និង​ធ្វើតេស្ត PCR ចំនួន​ប្រាំ​ដង​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​។​​មន្ត្រី​ទីក្រុង​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា សណ្ឋាគារ​នឹង​ផ្តល់​ជូន​ភ្ញៀវ​នូវ​ការ​បញ្ចុះតម្លៃ ៥០% ក្នុងអំឡុងពេល​នៃ​វិធាន​ការ​បិទ​ខ្ទប់។ វិធាន​ការ​បិទ​ខ្ទប់​នេះ​ធ្វើឡើង​ក្នុង​រដូវ​កាល​ទេសចរណ៍​កើន​ឡើង​ខ្ពស់​នៅ​ក្រុង ​Sanya ដែល​ល្បីល្បាញ​សម្រាប់​រមណីយដ្ឋាន និង​ឆ្នេរសមុទ្រ​។ បក្ស​កុម្មុយនិស្ត​ដែល​កំពុង​កាន់​អំណាច​របស់​ប្រទេស​ចិន ​បាន​ប្រកាន់ខ្ជាប់​វិធានការ​គ្មាន ​COVID ដែល​មាន​ការជំទាស់​កាន់​តែ​ខ្លាំង​ពី​តំបន់​ដទៃ​ទៀត​លើ​ពិភពលោក​។ ការ​ផ្ទុះ​ឡើង​វីរុស​នៅ​ទីក្រុង​សៀង​ហៃ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​រាលដាល​យ៉ាង​ខ្លាំង ដែល​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ទីក្រុង​ទាំងមូល ជាទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស​ចិន​អស់​រយៈពេល​ ២​ខែដោយ​បាន​ធ្វើ​ឲ្យជាប់​គាំង​មនុស្ស​រាប់​លាន​នាក់ និង​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ៕អត្ថបទ៖ ប៊ុនថន

ចិន​ប្រកាស​ធ្វើ​សម​យុទ្ធ​យោធា​ថ្មី​បង្កើន​ការ​គំរាម​ប្រឆាំង​កោះ​តៃវ៉ាន់

2022/08/08 06:22:28 pm        555
​ចិន៖ ប្រទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើ​សម​យុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​នៅ​សមុទ្រ​លឿង និង​សមុទ្រ Bohai​។ ​រដ្ឋបាល​សុវត្ថិភាព​ដែនសមុទ្រ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា សម​យុទ្ធ​នៅ​សមុទ្រ Bohai នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​៨ ​ខែ​សីហា​នេះ​ដល់​ថ្ងៃ​ទី​៨ ​ខែ​កញ្ញា ចំណែក​សម​យុទ្ធ​មួយទៀត​នៅ​សមុទ្រ​លឿង​បាន​ធ្វើ​កាលពី​ថ្ងៃទី​៧ និង​បន្ត​រហូតដល់​ថ្ងៃ​ទី​១៥ ​ខែ​សីហា​នេះ​។ ក្រុង​ប៉េកាំង​បាន​ធ្វើ​សម​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត ជុំវិញ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi ទៅកាន់​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​ដែល​រង​ការព្រមាន​ធ្ងន់​ៗ​ពី​ចិន​។​​ចិន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​ផ្ដាច់ខ្លួន ទោះបី​ក្រុង​តៃប៉ិ​បាន​គ្រប់គ្រង​កោះ​នេះ​ចាប់​តាំងពី​ឆ្នាំ១៩៤៩ ក៏ដោយ​។ ចិន​បាន​ប្ដេជ្ញា​បង្រួបបង្រួម​ឡើងវិញ​ជាមួយ​កោះ​នេះ រួម​ទាំង​ការប្រើប្រាស់​កម្លាំង​ក្នុង​ករណី​ចាំបាច់​៕អត្ថបទ៖ សុខមាន

សារព័ត៌មាន​រដ្ឋ​រុស្ស៊ី៖ កូរ៉េខាងជើង​ផ្ដល់​កងទ័ព​ ១០​ម៉ឺន​នាក់​ជួយ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/08/08 05:55:59 pm        1321
​​រុស្ស៊ី៖ យោង​តាម​សារព័ត៌មាន​រដ្ឋ​របស់​រុស្ស៊ី​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​បាន​ផ្ដល់​កងទ័ព​ស្ម័គ្រចិត្ត ១០​ម៉ឺន​នាក់​ទៅ​ឲ្យ​វិមាន​ក្រឹម​ឡាំងដើម្បី​ជួយ​រុស្ស៊ី​យកឈ្នះ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន​។ ​សារព័ត៌មាន New York Post បាន​រាយការណ៍​ថា អ្នក​ជំនាញ​យោធា​រុស្ស៊ី​លោក Igor Korotchenko នៅ​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី Channel One បាន​និយាយ​ថា មាន​របាយការណ៍​ថា អ្នកស្ម័គ្រចិត្ត​កូរ៉េខាងជើង ១០​ម៉ឺន​នាក់​បាន​ត្រៀមខ្លួន​ចូលរួម​ក្នុង​ជម្លោះ​នេះ។ សារព័ត៌មាន​ខាងលើ​បាន​រាយការណ៍​ថា លោក Korotchenko បាន​កោតសរសើរ​ពី​បទ​ពិសោធន៍​ធ្វើ​សង្គ្រាម​កាំភ្លើង​ធំ​របស់​យោធា​កូរ៉េខាងជើង។ ​ទស្សនាវដ្ដី​យោធា​ឆ្នាំ១៩៤៥ បាន​រាយការណ៍​ថា សង្គ្រាម​កាំភ្លើង​ធំ​ដ៏​មាន​ប្រសិទ្ធភាព​គឺ​មាន​សារៈសំខាន់​សម្រាប់​យោធា​រុស្ស៊ី បន្ទាប់ពី​ការសម្រេចចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្ដល់ជំនួយ​ប្រព័ន្ធ​កាំភ្លើង​ធំ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ដ៏​ទំនើប HIMARS ដល់​អ៊ុយ​ក្រែ​ន។​ ​លោក Korotchenko បាន​លើកឡើងថា រុស្ស៊ី​គួរតែ​ស្វាគមន៍​កងទ័ព​កូរ៉េខាងជើង និង​អ្នក​ជំនាញ​សង្គ្រាម​កាំភ្លើង​ធំ​។ កូរ៉េខាងជើង​ក៏​ត្រូវ​បាន​រាយការណ៍​ផង​ដែរ​ថា ​បាន​ត្រៀម​បញ្ជូន​ក្រុម​កម្មករ​ដើម្បី​ជួយ​រុស្ស៊ី​សាងសង់​តំបន់ Donbas ឡើងវិញ៕អត្ថបទ៖ សុខមាន

អ្នករាយការណ៍​ពិសេស​របស់​ UN បាន​និយាយថា ការវាយប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់ Gaza​ ជា​រឿង​ខុសច្បាប់​

2022/08/08 05:05:14 pm        436
​UN៖ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ នៅ​ដែនដី​ប៉ា​ឡេ​ស្ទី​ន​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​និយាយ​ថា​ ការ​វាយឆ្មក់​តាម​អាកាស​របស់​អ៊ី​ស្រាអែល​ ទៅលើ​តំបន់​រង​ការឡោមព័ទ្ធ​មិន​ត្រឹមតែ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​គ្មាន​ការទទួលខុសត្រូវ​ទៀត​ផង ដោយ​អំពាវនាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​ការទូត ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​សុក្រ​ នៅ​ពេល​អ៊ីស្រាអែល​បើក​ការវាយប្រហារ​តាម​អាកាស​លើ​ទីក្រុង Gaza។ ​លោក Francesca Albanez បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា ស្ថានភាព​នៅ​តំបន់ Gaza ស្ទើរតែ​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌។ ​មធ្យោបាយ​តែមួយគត់​ដើម្បី​ធានា​សុខុមាលភាព​ប្រជាជន​ជាតិ​ប៉ា​ឡេ​ស្ទី​ន គឺ​ត្រូវ​ដក​ការ​ហ៊ុមព័ទ្ធ​គ្រប់​ទីកន្លែង និង​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ជំនួយ​ចូល​ទៅ​ដល់​ទី​នោះ​។ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អ៊ីស្រាអែល​លោក Tom Nides បាន​សរសេរ​នៅ​លើ​បណ្ដាញ Twitter កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋអាមេរិក​ជឿជាក់​យ៉ាង​មុតមាំ​ថា អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន។ យើង​កំពុង​ធ្វើការ​ជាមួយ​ភាគី​ផ្សេងៗ និង​ជំរុញ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​រក្សា​ភាព​ស្ងៀមស្ងាត់​។​ ​លោក Albanez បាន​រិះគន់​សហរដ្ឋអាមេរិក​ដែល​និយាយ​ថា ខ្លួន​ជឿ​ថា អ៊ី​ស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន។ លោ​កថា ​អ៊ីស្រាអែល​មិន​អាច​អះអាង​ថា ​ខ្លួន​កំពុង​ការពារ​ខ្លួនឯង​ក្នុង​ជម្លោះ​នេះ​បានទេ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM