គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

UN៖ កិច្ចព្រមព្រៀង​ស្តីពី​ការបន្ត​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​ក្នុងពេល​មាន​សង្គ្រាម​គឺជា​សញ្ញា​នៃ​ក្តី​សង្ឃឹម​

2022/07/23 05:51:35 pm        579
​ទួរគី៖ ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដាច់ដោយឡែក​ពីគ្នា​កាលពី​ថ្ងៃ​សុក្រ ​ដោយ​ប្រទេស​ទួរគី និង​អង្គការសហប្រជាជាតិជួយ​សម្របសម្រួល​សម្រាប់​ ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​រាប់លាន​តោន ព្រមទាំង​គ្រាប់​ធញ្ញជាតិ និង​ជីរ​បស់​រុស្ស៊ី ដោយ​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា​ក្នុងពេល​សង្គ្រាម ​ដែល​បាន​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង​នៅ​ជុំវិញ​ពិភពលោក​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ទីក្រុង Istanbul ប្រទេស​ទួរគី​ថា កិច្ចព្រមព្រៀង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ ស្តីពី​ការបន្ត​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​តាម​ច្រក​សមុទ្រ​ខ្មៅ ​ក្នុងពេល​មាន​សង្គ្រាម​គឺជា​សញ្ញា​នៃ​ក្តីសង្ឃឹម​នៅ​ទូទាំង​ពិភពលោក​ ដែល​ត្រូវការ​ជា​ចាំបាច់​។ ផែនការ​របស់​អង្គការសហប្រជាជាតិ​ដែល​ត្រួស​ត្រាយផ្លូវ​សម្រាប់​គ្រាប់​ធញ្ញជាតិ និង​ជីរ​បស់​រុស្សីឈានទៅដល់​ទីផ្សារ​ពិភពលោក នឹង​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​ស្បៀងអាហារ​នៅ​ទូទាំង​ពិភពលោក និង​ទប់ស្កាត់​គ្រោះ​ទុរ្ភិក្សដែល​ប៉ះពាល់ដល់​មនុស្ស​រាប់លាន​នាក់​។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​ដែល​បាន​ឈានដល់​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល គឺជា​សញ្ញា​មួយ​ផ្សេងទៀត​ដែលថា​ អ៊ុយ​ក្រែ​ន​អាច​ទប់​ទល់នឹង​សង្គ្រាម​នេះ​បាន​។ លោក​បាន​និយាយថា គ្រាប់​ធញ្ញជាតិ​ប្រមាណ ២០លាន​តោនដែលមាន​តម្លៃ​ ១០​ពាន់​លាន​ដុល្លារ​នឹងត្រូវ​នាំចេញ​។កិច្ចព្រមព្រៀង​នេះ​នឹង​ស្ថិតនៅ​ជា​ធរមាន​សម្រាប់​រយៈពេល ១២០ថ្ងៃ​គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​កាលពី​ថ្ងៃ​សុក្រ ហើយ​អាច​បន្ត​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​រយៈពេល​ដូចគ្នា លុះត្រាតែ​រុស្ស៊ី ឬ​អ៊ុយ​ក្រែ​ន​ជូនដំណឹង​ដល់​ភាគី​ផ្សេង​ទៀត​ថា​ ពួកគេ​មានបំណង​កែប្រែ ឬ​បញ្ចប់​វា​។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov កាលពី​ថ្ងៃ​សុក្រ​បាន​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​ស្តីពី​ការនាំចេញ​ស្បៀងអាហារ​ ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង​បាន​និយាយថា ​វា​បង្ហាញ​ពីអ្វី​ដែល​ប្រទេស​លោកខាងលិច​កំពុង​ផ្លាស់ប្តូរ ​ការដាក់​កំហុស​លើ​ទីក្រុង​មូ​ស្គូចំពោះ​បញ្ហាផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​។ លោក​សង្ឃឹមថា កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នឹង​ត្រូវបាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នាពេលខាងមុខ ហើយ​រុស្ស៊ី​នឹង​បន្ត​ភាពស្មោះត្រង់​ចំពោះ​កាតព្វកិច្ច​របស់ខ្លួន​នៅក្នុង​តំបន់​នេះ​៕អត្ថបទ៖ ប៊ុនថន

នគរបាល​ទីក្រុង​កូឡុំបូ​បាន​ចាប់ខ្លួន​បាតុករ​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី​

2022/07/22 07:21:05 pm        442
​ស្រីលង្កា៖ នគរបាល​នៅក្នុង​ទីក្រុង​កូ​ឡំ​បូ​បាន​ចាប់ខ្លួន​ក្រុមអ្នកតវ៉ា​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​អ្នកនយោបាយ​ជើងចាស់​លោក Ranil Wickremesinghe បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ស្រីលង្កា​។ យោធា​​ស្រីលង្កា​បាន​ចូល​គ្រប់គ្រង​ការិយាល័យ​ប្រធានាធិបតី​ក្នុង​រដ្ឋធានី ​បន្ទាប់ពី​វាយ​ប្រហារ​យ៉ាង​ព្រៃផ្សៃ​លើ​ក្រុម​បាតុករ​។ ទាហាន​ស្រីលង្កា​បាន​បំផ្លាញ​តង់​នៅ​ទីតាំង​តវ៉ា ដោយ​ចាប់ខ្លួន​មេដឹកនាំ​បាតុករ​ជាច្រើន​នាក់ និង​ឡោមព័ទ្ធ​តំបន់​នេះ​ដែល​មាន​បាតុករ​ប្រហែល 100នាក់​។ ក្រុម​បាតុករ​ត្រូវ​បាន​គេ​ឃើញ​ស្ថិត​នៅ​ក្នុង​មន្ទីរឃុំឃាំង​ របស់​នគរបាល​ក្បែរ​ការិយាល័យ​ប្រធានាធិបតី ហើយ​កងកម្លាំង​សន្តិសុខ​ជាច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​ នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​ ​ប្រជាជន​ស្រីលង្កា​បាន​ធ្វើ​បាតុកម្ម​ជាច្រើន​ខែ​មក​ហើយ ដើម្បី​ទាមទារ​ឱ្យ​មេដឹកនាំ​កំពូល​របស់​ពួកគេ​លាលែង​ពី​តំណែង ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ភាព​ចលាចល​ផ្នែក​សេដ្ឋកិច្ ចដែល​បាន​បណ្តាល​ឱ្យ​ប្រជាជន 22លាន​នាក់​របស់​ប្រទេស​នេះ​ជួប​ការ​លំបាក​ ដោយ​កង្វះ​សម្ភារៈ​ចាំបាច់រួម​ទាំង​ថ្នាំពេទ្យ ប្រេង​ឥន្ធនៈ និង​ស្បៀងអាហារ​។​​លោក Wickremesinghe មិនដែល​បាន​កាន់​តំណែង​កំពូល​នេះ​ទេ ប៉ុន្តែ​លោក​បាន​ទទួល​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​សម្ងាត់​របស់​សមាជិកសភា​កាលពី​ថ្ងៃ​ពុធ​ ដើម្បី​បញ្ចប់​អាណត្តិ​របស់​អតីត​ប្រធានាធិបតី​លោក​ Gotabaya Rajapaksa ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស ​បន្ទាប់ពី​ក្រុម​អ្នក​តវ៉ា​បាន​សម្រុកចូល​លំនៅឋាន​របស់​លោក​កាលពី​សប្តាហ៍​មុន និង​បាន​លាលែង​ពី​តំណែង​។​ ​ការតែងតាំង​របស់​លោក​ទទួល​បាន​ប្រតិកម្ម​ចម្រុះ ដោយមាន​អ្នកគាំទ្រ​ខ្លះ​ដុត​ផាវ ខណៈ​ក្រុម​អ្នក​តវ៉ា​ផ្សេង​ទៀត​បន្ត​ទាមទារ​ឲ្យ​លោក​លាលែង​ពី​តំណែង​។​ លោក Ranil Wickremesinghe បាន​ស្បថ​សច្ចា​ប្រណិធាន​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​ប្រទេស​ស្រីលង្កា ដើម្បី​ទទួលយក​ការងារ​ប្រទេសជាតិ​ដែល​កំពុង​ញាំញី​ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​មិន​ធ្លាប់​ដែល​មាន​ពី​មុន​មក៕អត្ថបទ៖ ប៊ុនថន

កំណាត់ផ្លូវជាតិលេខ៥ ដែលរងការជន់លិចបានផ្អាកចចារណ៍ជាបណ្តោះអាសន្នហើយ, អ្នកដំណើរអាចវាងទៅផ្លូវជប៉ុនកំពុងសាងសង់ថ្មី

2022/07/22 06:46:39 pm        623
កំពង់ឆ្នាំង៖ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារចំរុះថ្នាក់ខេត្ត បានសម្រេចបិទផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ដោយបិទការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន ដោយសារតែផ្លូវនៅចំណុចនោះបានរងការខូចខាតដោយសារតែជំនន់ទឹកភ្លៀងហូរកាត់។ដោយឡែកការធ្វើរចរាចរណ៍របស់ប្រជាពលរដ្ឋលើផ្លូវជាតិលេខ៥ត្រង់ចំនុចនេះ ត្រូវបានបញ្ចៀសទៅតាមផ្លូវជប៉ុនកំពុងសាងសង់ថ្មី ដោយក្រុមការងារក៏បន្តដំណើរមកពិនិត្យមើលស្ថានភាពអាងទំនប់ទឹកអន្លង់ជ្រៃ ស្ថិតក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ បន្តទៀត៕

លោក​ប្រធានាធិបតី​អាមេរិក Joe Biden នៅតែមាន​សុខភាព​ល្អ​ និង​ធ្វើការ​ដូច​ធម្មតា​ក្រោយ​ឆ្លង​វីរុស COVID-19

2022/07/22 05:46:34 pm        338
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស Covid-19 ហើយ​កំពុង​នៅ​ដាច់ដោយឡែក​នៅ​ឯ​សេត​វិមាន​។​ ​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Karine Jean-Pierre បាន​និយាយ​ថា មេដឹកនាំ​វ័យ ៧៩​ឆ្នាំ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ និង​បាន​ចាក់​ដូ​ស​ជំរុញ​លើក​ទី​ពីរ​មាន​ "រោគសញ្ញា​ស្រាល​" ហើយ​នឹង​បន្ត​បំពេញ​ភារកិច្ច​ទាំងអស់​របស់​លោក​តាម​ធម្មតា។​ ​សេចក្តីថ្លែងការណ៍​រប​ស់លោក​ស្រី​បាន​បន្ថែម​ថា ប្រធានាធិបតី​កំពុង​ពិសា​ថ្នាំ​ប្រឆាំង​វីរុស​ឈ្មោះ Paxlovid។​ នៅ​ក្នុង​សារ​លើ​បណ្ដាញ​សង្គម tweeter លោក Biden បាន​និយាយ​ថា លោក​កំពុង​មាន​សុខ​ភាព​ល្អ​ណាស់​ និង​បន្ត​រវល់​ភារកិច្ច​ដូច​ធម្មតា​ទេ​។​ ​ចំណែក​ភរិយា​របស់​លោក​គឺ​ស្ត្រី​ទី​១ Jill Biden បាន​និយាយ​ថា ​លោកស្រី​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​។​ ​លោកស្រី Jean-Pierre បាន​និយាយ​ថា ដោយ​ស្រប​ទៅ​តាម​ពិធីសារ​សេត​វិមាន ​ប្រធានាធិបតី​នឹង​បន្ត​ធ្វើការ​ដាច់​ដោយ​ឡែក​រហូត​ដល់​លោក​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន ហើយ​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​តាមរយៈ​ទូរស័ព្ទ និង Zoom​។​​លោក​វេជ្ជបណ្ឌិត Ashish Jha អ្នក​សម្របសម្រួល​នៅ​សេត​វិមាន​បាន​និយាយ​ថា លោក​ប្រធានាធិបតី​អស់​កម្លាំង ហៀរ​សំបោរ និង​ក្អក​ស្ងួត​។ លោក​បាន​និយាយ​ថា លោក Biden បាន​ចូល​សម្រាក​ដោយ​មាន​អារម្មណ៍ល្អ ប៉ុន្តែ​ទទួលទានដំណេក​មិនសូវ​លក់​ស្រួល​ទេ ហើយ​បន្ទាប់មក​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​៕​អត្ថបទ៖ សុខមាន

មនុស្ស​ ១៨​នាក់​ស្លាប់​ក្នុងការ​វាយឆ្មក់​ដ៏​ធំ​របស់​កម្លាំង​នគរបាល​នៅ​ទីក្រុង Rio de Janeiro

2022/07/22 05:16:43 pm        617
​​ប្រេ​ស៊ី​ល៖ ប្រតិបត្តិការ​របស់​នគរបាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ដាក់​គោលដៅ​ទៅលើ​សមាជិក​ក្រុម​ជន​អន្ត​ពាល​ នៅ​ក្នុង​តំបន់​គ្មាន​របៀបរៀបរយ​ដ៏​ធំ​បំផុត​របស់​ទីក្រុង Rio de Janeiro ឬ​សហគមន៍​ដែល​មាន​ប្រាក់ចំណូល​ទាប ​បាន​បណ្តាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ ១៨​នាក់​ស្លាប់​ នៅ​ក្នុង​ការ​វាយឆ្មក់​មួយ​ក្នុងចំណោម​ការ​វាយឆ្មក់​ដ៏​សាហាវ​បំផុត​ជាច្រើន ដែល​ទីក្រុង​បាន​ឃើញ​នា​ពេល​ថ្មីៗ​នេះ និង​នាំ​ឲ្យ​មានការ​រិះគន់​លើ​ការ​ប្រើ​អំពើ​ហិង្សា​របស់​កម្លាំង​នគរបាល​កាន់​តែ​ខ្លាំង​ឡើង​។ ​ក្រុម​អាជ្ញាធរ​ទីក្រុង Rio បាន​និយាយ​ថា ឧក្រិដ្ឋជន​ជនជាប់សង្ស័យ ១៦​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រឈម​ដាក់គ្នា​ជាមួយ​នគរបាល​នៅ​ក្នុង​ទីក្រុង Complexo do Alemao ក្នុងចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ក៏​មាន​មន្ត្រី​នគរបាល​ម្នាក់ និង​ស្ត្រី​ម្នាក់​ផង​ដែរ​។ អ្នកនាំពាក្យ​នគរបាល​បាន​និយាយថា ការ​វាយឆ្មក់​នេះ​សំដៅ​ទៅលើ​ក្រុម​ឧក្រិដ្ឋជន​ដែល​លួច​រថយន្ត និង​ប្លន់​ធនាគារ ហើយ​បាន​លុកលុយ​សង្កាត់​ក្បែរ​នោះ​។ ​វីដេអូ​ដែល​ផ្សព្វផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​បានបង្ហាញ​ពី​ការបាញ់ប្រហារ​គ្នា​យ៉ាងខ្លាំង​រវាង​ឧក្រិដ្ឋជន ក៏ដូចជា​ឧទ្ធម្ភាគចក្រ​នគរបាល​ដែល​កំពុង​ហោះ​ហើរ​ទាប​ៗ​រំលង​លើ​ដំបូល​ផ្ទះ​ថ្មី​តូច​ៗ​។នគរបាល​របស់​ទីក្រុង Rio បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ដើម្បី​បាញ់​ប្រហារ​ទៅលើ​គោលដៅ​នានា សូម្បីតែ​នៅ​ក្នុង​តំបន់​លំនៅដ្ឋាន​ដែល​មាន​ប្រជាជន​រស់នៅ​យ៉ាង​ច្រើន​។ ​នៅ​កន្លែង​នៃ​ការ​វាយឆ្មក់ អ្នកយកព័ត៌មាន AP បានឃើញ​អ្នកស្រុក​​បាន​សែង​សាកសព​ប្រហែល ១០​នាក់ ខណៈដែល​ពលរដ្ឋ​កំពុង​ឈរ​មើល​ហេតុការណ៍​ស្រែក​ថា "​យើង​ចង់បាន​សន្តិភាព​!" ក្រុម​អ្នក​ស្រុក​បាន​និយាយ​ថា អ្នក​ដែល​ប៉ុនប៉ង​ជួយ​អ្នក​រងរបួស​ប្រឈម​នឹង​ការចាប់ខ្លួន​៕​អត្ថបទ៖ សុខមាន

ការ​បោសសំអាត​មីន​នៅ​តំបន់​អាង​ត្រពាំងថ្ម ឃុំ​ប៉ោយចារ សម្រេច​បាន​ជាង ៨០​ភាគរយ​

2022/07/22 05:04:43 pm        251
​បន្ទាយមានជ័យ​៖ គិត​រហូតមក​ដល់ពេលនេះ កងកម្លាំង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​បោសសំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​តំបន់​អាង​ត្រពាំងថ្ម ស្ថិត​ក្នុង​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានសម្រេច​បាន​ជាង ៨០​ភាគរយ​ហើយ។​ ​បើ​តាម​លោក ចាន់ ដា​រ៉ុ​ម អនុប្រធាន​កងឯកភាព​កំចាត់មីន​ទទួលបន្ទុក​ប្រតិបត្តិការ នៅ​ទីវាល​នៃ​តំបន់​អាង​ត្រពាំងថ្ម​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ ដោយ​កម្លាំង​ស៊ីម៉ាក់​បោសសំអាត​មីន​បាន​ដល់​ទៅ​ ៨២​ភាគរយ​ស្មើនឹង ​២០​ហិកតា នៅសល់តែ​ ៥​ហិកតា​ទៀត ដោយ​កម្លាំង​ស៊ីម៉ាក់​កំពុង​ខិតខំ​បន្ត​ដោះ​ឲ្យ​រួចរាល់​តាម​ផែនការ។​ ​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​មានប្រសាសន៍ថា ការងារ​បោសសំអាត​មីន​នៅ​តំបន់​អាង​ត្រពាំងថ្ម ក្នុង​ឃុំ​ប៉ោយចារ​នេះ​ប្រើ​ពេល​វេលា​ត្រឹម ​១​ខែ​ប៉ុណ្ណោះ ហើយ​ផ្ទៃដី​ដែល​ត្រូវ​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ មាន​ចម្ការ​មីន​ចំនួន​៨ ស្មើនឹង​ ២៥​ហិកតា ដោយ​ប្រើ​ប្រាស​កម្លាំង​ស៊ីម៉ាក់​ជាង​ ៥០​នាក់ចែក​ចេញជា​ ២​ក្រុម​ដែល​ប្រើប្រាស់​ធនធាន​ថវិកា​មាន​ស្រាប់ រួមទាំង​ប្រើ​កម្លាំង​គ្រឿងចក្រ កម្លាំង​សុនខ និង​កម្លាំង​បច្ចេកទេស​តាម​ការចាំបាច់។​​ក្នុង​ឱកាស​អញ្ជើញ​អបអរ​ទិវា​មច្ឆជាតិ​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មីន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បោសសំអាត​មីន​នៅ​តំបន់​អាង​ត្រពាំង​ថ្ម ហើយ​ប្រកាស​ថា ​គ្មាន​មីន​នៅ​ចុង​ឆ្នាំនេះ សម្រាប់​ឃុំ​ប៉ោយចារ​ត្រូវ​ធ្វើ​ឱ្យ​បាន​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ។ ជាមួយគ្នា​នោះ សម្ដេច​តេ​ជោ ក៏បាន​អំពាវនាវ​ពលរដ្ឋ និង​សប្បុរសជន​នានា ចូលរួម​ក្នុង​ការងារ​បោសសំអាត​មីន​នៅ​កម្ពុជា ដើម្បី​ឲ្យ​សម្រេច​តាម​ផែនការ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥ ដែល​នឹងធ្វើ​ឲ្យ​ផ្ទៃដី​មាន​សុវត្ថិភាព​នៅ​ទូទាំង​ប្រទេស ខណៈ​សកម្មភាព​ចូលរួម​បរិច្ចាគ​ថវិកា​នេះ កំពុង​ដំណើរការ​យ៉ាង​ផុស​ផុល​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស រួម​ទាំង​ខាង​ផ្នែក​អន្តរជាតិ​ផងដែរ៕ អត្ថបទ៖ បាន សុខ​រិ​ទ្ធិ

រុស្ស៊ី​បន្ត​ការវាយលុក​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​ពង្រីក​គោលដៅ​សង្គ្រាមហួស​ពី​តំបន់ ​Donbas

2022/07/22 04:40:53 pm        661
​រុស្ស៊ី៖ រុស្ស៊ី​ទំនងជា​ពង្រីក​មហិច្ឆតា​ទឹកដី​របស់ខ្លួន​នៅក្នុង​សប្តាហ៍​ទី21 នៃ​សង្គ្រាម​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន ខណៈ​បាន​បន្ត​ការវាយលុក​នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើត និង​ទទួល​បាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ដ៏​កម្រ​មួយ​ចំនួន ​នូវ​អ្វីដែល​ខ្លួន​ហៅថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស។ ​​នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី Ria Novosti កាលពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​បាន​ពង្រីកហួស​ពី​គោលដៅ​ផ្លូវការ​របស់​ខ្លួន​ ក្នុង​ការ​កាន់កាប់​តំបន់​ភាគ​ខាងកើត​ទាំងពីរ​គឺ Luhansk និង Donetsk ដែល​បង្កើត​បាន​តំបន់ Donbas។​ ​លោក Lavrov បាន​និយាយ​ថា វា​មិន​ត្រឹមតែ​តំបន់ Luhansk និង Donetsk ​ទេ​គឺ​ថែមទាំង​តំបន់ Kherson និង Zapporizhzhia ព្រមទាំង​ទឹកដី​ផ្សេងទៀត​ផងដែរ​។បន្ទាប់ពី​កងកម្លាំង​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញពី​តំបន់​ជុំវិញ​ទីក្រុង Kyiv កាលពី​ថ្ងៃ​ទី25 ខែមីនា លោក Lavrov បាន​និយាយ​ថា "​ប្រតិបត្តិការ​សឹក​ពិសេស​" នៅ​អ៊ុយ​ក្រែ​ន​បាន​បញ្ចប់ ហើយ​រុស្ស៊ី​នឹង​ផ្តោត​លើ​តំបន់​ភាគ​ខាងកើត​ទាំងពីរ​។ ​ប៉ុន្តែ​កង​កម្លាំង​រុស្ស៊ី​បាន​បន្ត​កាន់កាប់​ផ្នែក​ខ្លះ​នៃ​តំបន់ Kherson និង Zaporizhia នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន ដែល​ពួកគេ​ដណ្តើម​​បាន​តាំងពី​ការចាប់ផ្ដើម​សង្គ្រាម និង​ជំរុញ​ឲ្យ​តំបន់​ទាំងនោះ​ក្លាយ​ជា​រុស្ស៊ី​និយម ស្រប​ពេល​មានការ​ព្រួយបារម្ភ​ថា ​ទីក្រុង Moscow កំពុង​រៀបចំ​ផែនការ​ដាក់បញ្ចូល​តំបន់​ទាំងនោះ​ជា​ឧប​សម្ព័ន្ធ​របស់​ខ្លួន៕អត្ថបទ៖ សុខមាន

ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​និយាយ​ថា គ្មាន​ភស្តុតាង​បញ្ជាក់​ថា លោក Putin មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ​

2022/07/21 06:59:51 pm        472
​សហរដ្ឋអាមេរិក៖ ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក CIA បាន​និយាយ​ថា គ្មាន​ការ​ស៊ើបការណ៍​ណា​មួយ​ដែល​បង្ហាញ​ថា​ លោក Vladimir Putin មាន​ស្ថាន​ភាព​មិន​ស្ថិតស្ថេរ ឬ​មាន​សុខភាព​មិនល្អ​នោះ​ទេ​។ ​មានការ​រំពឹង​ទុក​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដែល​មិន​អាច​បញ្ជាក់​បាន​កាន់តែ​ច្រើន​ឡើង​ដែល​ថា ​លោក Putin វ័យ ៧០​ឆ្នាំ​នៅ​ឆ្នាំនេះ​អាច​នឹង​មាន​សុខភាព​មិនល្អ អាច​ជា​ជំងឺ​មហារីក​។ ​ប៉ុន្តែ​លោក Williams Burns បាន​និយាយ​ថា ​មិន​មាន​ភស្តុតាង​ណាមួយ​បង្ហាញ​ពី​រឿង​នេះ​ទេ ដោយ​និយាយ​លេង​ថា ​លោក​ទំនងជា "​មាន​សុខ​ភាព​ល្អ​ពេក​ទេ​ដឹង​"។ ​ការ​អត្ថាធិប្បាយ​របស់​លោក​បាន​កើតឡើង​ ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន​នូវ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​បន្ថែម​ទៀត​។ ​កាលពី​ថ្ង​ពុធ​សប្ដាហ៍​នេះ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយថា ការដាក់​គោលដៅ​របស់​យោធា​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន លែង​មាន​កំណត់​ត្រឹមតែ​នៅ​តំបន់​ខាងកើត​ទៀតហើយ ដោយ​បង្កប់​ន័យ​ថា យុទ្ធសាស្ត្រ​របស់​ទីក្រុង Moscow បាន​ផ្លាស់ប្តូរ បន្ទាប់ពី​លោក​ខាង​លិច​បាន​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​ជា​បន្តបន្ទាប់​។​​លោក Lavrov ក៏បាន​ព្រមាន​លោក​ខាង​លិច​ផង​ដែរ​ថា រុស្ស៊ី​នឹង​ពង្រីក​គោលបំណង​របស់​ខ្លួន​ប​ន្ថែ​ម​ទៀត ប្រសិនបើ​សម្ព័ន្ធ​យោធា​ណា​តូប​ន្ត​ផ្គត់ផ្គង់​សព្វាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ដល់​អ៊ុយ​ក្រែ​ន​។ ​លោក​ខាង​លិច​បាន​បញ្ជូន​គ្រឿង​សព្វាវុធ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន​រួចហើយ​។ ក្រុង Kyiv បាន​និយាយ​ថា អាវុធ​ទាំងនោះ​បាន​ផ្ដល់​ក្ដី​សង្ឃឹម​នៅ​សមរភូមិ ខណៈ​ជំរុញ​ឱ្យ​បញ្ជូន​គ្រឿង​យុទ្ធោបករណ៍​ពី​លោក​ខាង​លិច​បន្ថែម​ទៀត​៕ អត្ថបទ៖ សុខមាន

លោក​ Biden គ្រោង​នឹង​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Xi ក្នុង​រយៈពេល ​១០​ថ្ងៃ​បន្ទាប់ ខណៈ​មានការ​សង្ស័យ​លើ​ដំណើរ​របស់​លោកស្រី Pelosi ទៅ​កោះ​តៃវ៉ាន់

2022/07/21 06:29:11 pm        623
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​ពេល​ជាង ​១​សប្ដាហ៍​ទៀត​គិត​ពី​សប្ដាហ៍​ថ្ងៃក្រោយ​ទៅ និង​បង្ហាញ​ពី​ភាពមិនច្បាស់លាស់ថា តើប្រធានសភា​លោកស្រី Nancy Pelosi នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​ ឬ​យ៉ាងណា​។ ​លោក Biden បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង Washington បន្ទាប់ពី​ពួកគេ​បានធ្វើ​ដំណើរ​ជាមួយ​លោក​ក្នុង​ដំណើរ​កម្សាន្ត​មួយថ្ងៃ​ទៅកាន់​រដ្ឋ Massachusetts ថា ​ខ្ញុំ​គិតថា​ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី Xi ក្នុង​រយៈពេល ១០​ថ្ងៃ​ខាងមុខ​ទៀត​នេះ​។ ​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Xi និង​លោក Biden នឹង​កើតឡើង​ប៉ុន្មាន​ខែ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​តាម​វីដេអូ​ចុងក្រោយ​របស់​មេដឹកនាំ​ទាំង​២ កាលពី​ខែ​មីនា​។ វា​នឹង​ក្លាយ​ជា​ជំនួប​ផ្ទាល់​លើក​ទី​២ ​រវាង​លោក​ទាំង២ ​ចាប់​តាំងពី​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​លើកទី១ ​ចាប់តាំងពី​ប្រមុខ​ការពារជាតិ​របស់​ប្រទេស​ទាំង​២​ បាន​បង្កើន​សង្គ្រាម​វោហារសាស្ត្រ​ដាក់គ្នា​ទៅវិញទៅមក​នៅឯ​កិច្ចសន្ទនា Shangri-La ក្នុងប្រទេស​សិង្ហ​បុរី​។​​ការអះអាង​របស់លោក Biden កាលពី​ខែឧសភា​ដែល​ថា ​សហរដ្ឋអាមេរិក​នឹងធ្វើ​អន្តរាគមន៍​ដោយ​យោធា ប្រសិនបើ​ទីក្រុង​ប៉េកាំង​ប៉ុនប៉ង​ប្រើ​កម្លាំង​បង្ខំ​ឲ្យ​កោះ​តៃវ៉ាន់រួបរួម​ជាមួយ​ចិនដីគោក ដែល​ត្រូវ​បានកំណត់​សម្រាប់​វេទិកា​នោះ ដែល​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិនលោក​ឧ​ត្ត​ម​សេនីយ៍ Wei Fenghe បាន​ទាត់ចោល​នូវ​ច្បាប់​ស្ដីពី​ទំនាក់ទំនង​កោះ​តៃវ៉ាន់​នោះ​។ ទោះជា​យ៉ាងណាក៏ដោយនៅ​ពេល​ត្រូវ​បាន​សួរ​កាលពី​ថ្ងៃ​ពុធ ​អំពី​លទ្ធភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi លោក​ Biden បាន​និយាយ​ថា "​ខ្ញុំ​គិត​ថា​ យោធា​គិត​ថា​ វា​មិន​មែន​ជា​គំនិតល្អ​ទេ​នៅ​ពេល​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ​ស្ថានភាព​របស់​វា​ជា​អ្វី​ទេ​៕​អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​ប្រាប់​រដ្ឋ​ជា​សមាជិក​ឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័ន ខណៈ​មានការ​ព្រមាន​ថ្មី​ពី​លោក Putin

2022/07/21 05:42:35 pm        551
​សហភាព​អឺរ៉ុប៖ សហភាព​អឺរ៉ុប​បាន​ប្រាប់​រដ្ឋ​សមាជិក​កាលពី​ថ្ងៃ​ពុធ​ ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​ឲ្យ​បាន 15% ​រហូតដល់​ខែ​មីនា ឆ្នាំ​២០២៣ ដែល​ជា​ផ្នែក​នៃ​ផែនការ​គ្រាអាសន្ន បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមាន​ថា​ ការ​ផ្គត់ផ្គង់​ដែល​បញ្ជូន​ទៅ​អឺរ៉ុប​អាច​ត្រូវ​បាន​កាត់បន្ថយ​បន្ថែម​ទៀត​។ ​ការ​ដឹក​ជញ្ជូន​តាម​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 គ្រោង​នឹង​ដំណើរការ​ជាថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​ការ​ផ្អាក​ដល់​ដើម្បី​ជួសជុល​រយៈពេល​ ១០​ថ្ងៃ​។ បណ្ដាញ​នេះ​មាន​ច្រើនជាង​មួយ​ភាគ​បី​នៃ​ការនាំចេញ​ឧស្ម័ន​របស់​រុស្ស៊ី​ទៅកាន់​សហភាព​អឺរ៉ុប​។ ​ការផ្គត់ផ្គង់​តាមរយៈ Nord Stream 1 ត្រូវបាន​កាត់បន្ថយ​មុន​ពេល​ការ​ជួសជុល​ប្រចាំឆ្នាំ ​ដោយសារ​ជម្លោះ​ជុំវិញ​ការដាក់ទណ្ឌកម្ម ហើយ​ឥឡូវនេះ​អាច​ត្រូវ​បាន​កាត់បន្ថយ​បន្ថែមទៀត​។ លំហូរ​ឧស្ម័ន​តាមរយៈ​ផ្លូវ​ផ្សេងទៀត​ដូចជា​អ៊ុយ​ក្រែ​ន​ក៏បាន​ធ្លាក់​ចុះ​ផង​ដែរ ​ចាប់​តាំង​ពី​ការវាយលុក​របស់​រុស្ស៊ី​កាលពី​ខែ​កុម្ភៈ​។​ការរអាក់រអួល​បាន​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អឺរ៉ុប​ ក្នុង​ការចាក់​បំពេញ​ឧស្ម័ន​ឡើងវិញ​នៅមុន​រដូវរងា ដោយ​បង្កើន​ហានិភ័យ​នៃ​បែកបាក់​គ្នា និង​ផលប៉ះពាល់​មួយទៀត​ដល់​កំណើនសេដ្ឋកិច្ច​ដែល​ទន់ខ្សោយ ប្រសិនបើ​ទីក្រុង Moscow រឹតត្បិត​បន្ថែមទៀត​លើ​លំហូរឧស្ម័ន​នេះ ជាការ​សងសឹក​ចំពោះ​ទណ្ឌកម្ម​របស់លោក​ខាងលិច​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ​គណៈកម្មការ​អឺរ៉ុប​បានស្នើ​គោលដៅ​ស្ម័គ្រចិត្ត ​សម្រាប់​រដ្ឋ​ជា​សមាជិក​ទាំងអស់​កាត់​បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​ឲ្យ​បាន 15% ចាប់ពី​ខែសីហា​ដល់​ខែមីនា​ ឆ្នាំ​២០២៣ ខាងមុខ បើ​ធៀប​នឹង​ការប្រើប្រាស់​ជា​មធ្យម​របស់​ពួកគេ​ក្នុង​រយៈពេល​ដូចគ្នា​៕​អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM