សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

លោក Biden ប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី​កាន់តែ​ធ្ងន់ធ្ងរ​

2022/03/04 05:43:45 pm        769
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden បានប្រកាស​ដាក់ទណ្ឌកម្ម​ថ្មីកាលពី​ថ្ងៃព្រហស្បតិ៍លើ​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី និង​អ្នក​ផ្សេងទៀត​នៅក្នុង​រង្វង់​ផ្ទៃក្នុង​របស់​ប្រធានាធិបតីលោក ​Vladimir Putin ខណៈ​កងកម្លាំង​រុស្ស៊ី​បន្ត​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លោក Biden និយាយថា លោក​កំពុង​បន្ត​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​លើ​មនុស្ស​ជិតស្និទ្ធ​ជាមួយ​លោក Putin​។ ទណ្ឌកម្ម​ថ្មី​នេះផ្តោតទៅលើអ្នកនាំពាក្យ​របស់លោក ​Putin គឺ​លោក Dmitry Peskov និង​លោក Alisher Burhanovich Usmanov ជា​បុគ្គល​មានទ្រព្យ​បំផុត​ម្នាក់​របស់​រុស្ស៊ី និង​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​លោក Putin។ ​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិកប្រកាសថា ក្រសួង​កំពុង​ដាក់​បម្រាម​ទិដ្ឋាការ​លើ​មន្ត្រី​រុស្ស៊ី ១៩នាក់ និង​សមាជិកគ្រួសារ​របស់​ពួកគេ និង​អ្នក​ជិតស្និទ្ធ​។ សេត​វិមាន​បានចាត់ទុក​លោក Peskov អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​ថា ​ជាអ្នក​ផ្សព្វផ្សាយ​កំពូល​ម្នាក់​នៃ​ការឃោសនា​របស់​លោក Putin​។​ ​លោក Biden និយាយថា គោលបំណង​នៃ​ទណ្ឌកម្ម​គឺ​ដើម្បី​រក្សា​យុទ្ធនាការ​ផលប៉ះពាល់លើ​សេដ្ឋកិច្ច​ រួម​ខ្លាំង​បំផុត​របស់​លោក Putin ​ក្នុង​ប្រវត្តិសាស្ត្រ​ទាំងអស់ ហើយ​លោក​គិតថា កំពុងដំណើរការ​បានល្អ​លើ​ការដាក់ទណ្ឌកម្ម​នេះ៕អត្ថបទ៖ ប៊ុនថន

កិច្ចចរចា​ជុំ​ទី​២ រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ព្រមព្រៀង​លើ​ការ​បើក​ច្រក​របៀង​មនុស្សធម៌

2022/03/04 05:30:14 pm        685
​បេឡារុស៖ អ្នកចរចា​នៃ​ភាគី​ទាំង​ពីរបាន​និយាយថា ប្រទេស​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​ព្រមព្រៀងគ្នាបង្កើត​ច្រករបៀងមនុស្សធម៌​ដើម្បី​ជម្លៀស​ជន​ស៊ីវិល នៅក្នុង​ជុំ​ទី​ពីរ​នៃ​កិច្ចចរចា​ចាប់តាំងពី​ទីក្រុង​មូ​ស្គូ បាន​ឈ្លា​នពាន​ចូល​អ៊ុយ​ក្រែ​នកាលពី​សប្តាហ៍​មុន​។ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Mykhailo Podolyak បាន​និយាយ​នៅលើ​បណ្តាញ Twitter ថា ជុំ​ទី​ពីរ​នៃ​កិច្ចចរចា​បានបញ្ចប់​ហើយ ប៉ុន្តែអ៊ុយ​ក្រែ​ន​មិនទាន់​ទទួលបាន​លទ្ធផលដែល​ខ្លួន​ត្រូវការ​នៅឡើយ។ មានការ​សម្រេច​តែ​លើ​ការរៀបចំឲ្យ​មាន​ច្រករបៀង​មនុស្សធម៌​ សម្រាប់​ការជម្លៀស​ជន​ស៊ីវិល​ប៉ុណ្ណោះ​។​ ​ការចរចារវាង​មន្ត្រី​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបានធ្វើ​ឡើង​នៅ​ព្រំដែន​ប្រទេស​ប៉ូឡូញ​-​បេឡា​រុសនៅ​ថ្ងៃទី៨ ​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ អ្នកចរចា​រុស្ស៊ីបាន​បញ្ជាក់ថា ភាគី​ទាំង​ពីរបាន​ព្រមព្រៀង​បង្កើត​ច្រកចេញ​សម្រាប់​ជន​ស៊ីវិល​។​ ​អ្នកចរចា​សំខាន់​របស់​រុស្ស៊ី ជាទី​ប្រឹក្សា​ប្រធានាធិបតី​រុស្សី​លោក Vladimir Putin លោក Vladimir Medinsky និយាយថា បញ្ហា​ចម្បង​ដែល​យើង​សម្រេច​នៅថ្ងៃនេះ​គឺ​បញ្ហា​នៃ​ការជួយ​សង្គ្រោះ​ប្រជាជន និង​ជន​ស៊ីវិលដែល​ស្ថិតនៅក្នុង​តំបន់​នៃ​ការប៉ះទង្គិច​គ្នា​ផ្នែក​យោធា​។​​លោក​និយាយថា​ រុស្ស៊ីអំពាវនាវ​ដល់​ជន​ស៊ីវិល​ដែល​មើលឃើញថា​ ខ្លួន​ស្ថិតក្នុង​ស្ថានភាព​នេះ ប្រសិនបើ​សកម្មភាព​យោធា​នៅតែ​បន្តត្រូវ​ប្រើប្រាស់​ច្រករបៀង​មនុស្សធម៌​ក្នុងការ​ជម្លៀស​ខ្លួន​។​ ​ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីនិយាយថា រុស្ស៊ី​នឹង​បន្ត​ទទូចថា កិច្ចព្រមព្រៀង​សន្តិភាពណាមួយ​ជាមួយ​អ៊ុយ​ក្រែ​ន​ ត្រូវតែ​រួម​មានការ​សន្យាថា​ អ៊ុយ​ក្រែ​ន​នឹង​គ្មាន​យោធា​។ រុស្សីបានផ្តល់​សញ្ញាថា​ ខ្លួន​មានបំណង​ពិភាក្សា​ជាមួយ​អ៊ុយ​ក្រែ​ន​ឲ្យ​ទទួលយកស្ថានភាព​អព្យាក្រឹត និង​យល់ព្រម​បោះបង់​មហិច្ឆតាក្នុងការ​ចូលរួម​ ជាមួយ​សមាជិក​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO)៕អត្ថបទ៖ ប៊ុនថន

កម្ពុជា-ម៉ាឡេស៊ី លើកឡើងអំពីបញ្ហាប្រឈមផ្នែកសន្តិសុខអន្តរជាតិ

2022/03/04 02:26:21 am        466
ភ្នំពេញ ៖ កម្ពុជា-ម៉ាឡេស៊ី បានកត់សម្គាល់អំពីបញ្ហាប្រឈមផ្នែកសន្តិសុខអន្តរជាតិ ដែលកំពុងកើតមាន ដូចជាបញ្ហាជំងឺរាតត្បាតជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកស្ដីពីទស្សនកិច្ចផ្លូវការរបស់មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ីនៅកម្ពុជា ចេញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។ប្រភពដដែលបន្តថាភាគីទាំងពីរក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សា និងការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកទាំងពីរកម្ពុជា-ម៉ាឡេស៊ី ដែលជាគន្លឹះមួយដ៏មានប្រសិទ្ធភាព រួមចំណែកជាមួយយន្តការពហុភាគីជាលក្ខណៈតំបន់ដែលមានស្រាប់ ដើម្បីជំរុញការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនានា និងបន្តគាំទ្រដល់សកម្មភាពនានាដែលនាំទៅដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។សូមបញ្ជាក់ផងដែរថានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ សឺរី ហ្សាមរ៉ូស ប៊ីន ម៉ូហាម៉ាត់ ហ្ស៊ីន (Tan Sri Dato Seri Zamrose Bin Mohd Zain) មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមនាយឧត្តមសេនីយ៍បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២ ដល់ទី៣ ខែមីនា ឆ្នាំ២០២២។សេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថាក្រៅពីលើកឡើងពីបញ្ហាប្រឈមភាគីទាំងពីរកម្ពុជា-ម៉ាឡេស៊ី ក៏បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យការពារជាតិ។ កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី គឺបានដំណើការបោះជំហានទៅមុខ និងទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ជាអាទិ៍ ការបណ្តុះបណ្តាលសិក្ខាកាមយោធិនកម្ពុជាតាមរយៈកម្មវិធី Malaysian Defense Cooperation Program (MDCP) ចាប់តាំងពីឆ្នាំ២០០២, ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងការអញ្ជើញចូលរួមរបស់គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ការពារជាតិអាស៊ី(Defense Services Asia Exhibition-DSA) និងពិព័រណ៍ដែនអាកាស និងលម្ហសមុទ្រអន្តរជាតិឡាំងកាវី (Langkawi International Maritime and Aero- space Exhibition-LIMA) ជាដើម។ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដែលជាការបើកទំព័រថ្មីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្មស៊ីជម្រៅ និងរឹងមាំថែមទៀត។ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើគោលគំនិត និងទិសដៅនៃកិច្ចសហប្រតិបត្តិការមួយចំនួនដែលមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកផងដែរ៕ អត្ថបទ ៖ គង់ ឌីន

លោក Zelenskyy ប្រាប់​កងទ័ព​រុស្ស៊ី​ឲ្យ​ទៅ​ប្រទេស​វិញ​

2022/03/03 10:21:11 pm        1586
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ផ្តល់​ការវាយតម្លៃ​ក្នុង​ភាព​សុទិដ្ឋិនិយម​នៃ​សង្គ្រាម តាមរយៈ​សេចក្ដីថ្លែងការណ៍​តាម​វីដេអូ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែ​នប​ន្ត​ការ​ទប់​ទល់។ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​លោក Zelenskyy បាន​អះ​អាង​ថា ជនជាតិ​រុស្ស៊ី​ ៩០០០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​រយៈពេល​ ៧​ថ្ងៃ​មកនេះ​ចាប់​តាំង​ពី​ការឈ្លានពាន​។ លោក​បាន​និយាយ​យោង​ទៅ​រក​អ្នក​មាន​អាយុ​ ១៩ និង​ ២០​ឆ្នាំ​ជា​អ្នក​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់ ហើយ​បាន​ប្រាប់​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ ជាមួយ​ទាហាន​រុស្ស៊ី​ទាំងអស់​។ កងកម្លាំង​ប្រធានាធិបតី​លោក ​Vladimir Putin របស់​រុស្សីបាន​អះ​អាង​ថា ​បាន​គ្រប់គ្រង​ទាំង​ស្រុង​ទីក្រុង Kherson ប៉ុន្តែ​លោក​ Zelenskyy មិនបាន​និយាយ​ថា ​តើ​រុស្សី​បាន​ដណ្ដើម​យក​ទីក្រុង​ណា​ខ្លះ​នោះ​ទេ​៕អត្ថបទ៖ ប៊ុនថន

ទាហាន​អាមេរិក​ប្រញាប់​ទៅកាន់​អឺរ៉ុប​ក្នុង​ពេល​មាន​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

2022/03/03 09:47:00 pm        3322
​សហរដ្ឋ​អាមេរិក៖ ទាហាន​មកពី​កងពលធំ​ទី​៣ ​កងទ័ពជើងគោក​របស់​កងទ័ព​សហរដ្ឋអាមេរិក ​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់ Fort Stewart រដ្ឋ Georgia កំពុង​ដាក់​ពង្រាយ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ដើម្បីហ្វឹកហាត់​ជាមួយ​សម្ព័ន្ធមិត្ត​ NATO និង​ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​របស់​រុស្ស៊ី​បន្ថែម​ទៀត បន្ទាប់ពី​ការ​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​។ ទាហាន​ប្រមាណ ៣,៨០០នាក់​ត្រូវ​បាន​បញ្ជា​ឱ្យ​ដាក់​ពង្រាយ​។​ពិភពលោក​ភាគច្រើន​ប្រឆាំង​ទីក្រុង​មូ​ស្គូ​នៅ​អង្គការសហប្រជាជាតិ ដើម្បី​ទាមទារ​ឱ្យ​ដក​ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន ខណៈ​កងកម្លាំង​រុស្ស៊ី​បន្ត​ការវាយប្រហារ​លើ​ទីក្រុង​ធំ​បំផុត​ទី​២ របស់​ប្រទេស​នេះ និង​បាន​ឡោម​ព័ទ្ធ​កំពង់ផែ​យុទ្ធសាស្ត្រ​របស់​ប្រទេស​។ ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ពី​ការ​ស្លាប់ និង​រង​របួស​យោធា​របស់​ខ្លួន​ជា​លើកដំបូង ​ចាប់​តាំង​ពី​ការ​ឈ្លានពាន​ចាប់ផ្ដើម​កាលពី​សប្ដាហ៍​មុន​ដោយ​និយាយ​ថា ទាហាន​ ៤៩៨​នាក់​ត្រូវ​បាន​សម្លាប់ និង​ជិត ១,៦០០​នាក់​បាន​រង​របួស​។​ អ៊ុយ​ក្រែ​ន​បាន​ទទូច​ថា ទាហាន​របស់​រុស្ស៊ី​ស្លាប់​ច្រើនជាង​ចំនួន​នេះ ប៉ុន្តែ​មិនបាន​បង្ហាញ​ភ្លាមៗ​អំពី​ការ​បាត់​បង់ជីវិត​ទាហាន​របស់​ប្រទេស​ខ្លួន​នោះ​ទេ៕​អត្ថបទ៖ ប៊ុនថន

UN បោះឆ្នោត​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ទាមទារ​ឱ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​ទីក្រុង​មូស្គូ​លើ​អ៊ុយ​ក្រែ​ន​

2022/03/03 07:26:37 pm        732
UN៖ ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ បាន​បោះឆ្នោត​ក្នុង​សម័យ​ប្រជុំ​ពិសេស​បន្ទាន់​មួយ​កាលពី​ថ្ងៃ​ពុធ ដើម្បី​ទាមទារ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​ ចំពោះ​ការវាយប្រហារ​របស់​ទីក្រុង​មូ​ស្គូ​លើ​អ៊ុយ​ក្រែ​ន និង​ដក​កងទ័ព​រុស្ស៊ី​ទាំងអស់ ដោយមាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រទេស​សមាជិក​ចំនួន ១៩៣​ប្រទេស​របស់​អង្គការ​ពិភពលោក​។​ការបោះឆ្នោត​លើ​សេចក្តី​សម្រេច​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះថា ការឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​ដែល​មានសំឡេង​គាំទ្រ ១៤១ ទល់ ៥ ជាមួយ​នឹង ៣៥អនុប្បវាទ​។​ រុស្ស៊ី​ទទួល​បាន​ការ​គាំទ្រ​ចំពោះ​ការ​អំពាវ​នាវ​របស់​ខ្លួន​ ឱ្យ​បោះឆ្នោត​ប្រឆាំង​នឹងសេចក្តី​សម្រេច​ពី​ប្រទេស​បេឡា​រុស ស៊ី​រី កូរ៉េខាងជើង និង​​អេ​រី​ទ្រី។ អនុប្បវាទ​រួមមាន​ទាំង​ប្រទេស​ចិន និង​ឥណ្ឌា។​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោកស្រី Linda Thomas-Greenfield បាន​និយាយ​ទៅកាន់អ្នកសារព័ត៌មាន​ភ្លាមៗបន្ទាប់ពី​ការ​បោះ​ឆ្នោត​ថា ពិភពលោក​បាន​និយាយ​ដោយសំឡេង​ច្បាស់លាស់ និង​មាន​សំឡេង​រួមគ្នា ហើយ​ការ​បោះ​ឆ្នោត​បង្ហាញ​ថា ​រុស្ស៊ី​នឹង​ឯកោ ហើយ​ការខាតបង់​នឹង​បន្ត​កើនឡើង​រហូតដល់​រុស្ស៊ី​បន្ទាប​ខ្លួន​។ ​លោកស្រី​បាន​ជំ​រុញឱ្យប្រទេស​ទាំងអស់​មាន​សន្ទុះ​បន្ត​ទៅ​មុខ ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បានដើម្បី​ជួយ​ប្រជាជន​អ៊ុយ​ក្រែ​ន និង​នាំ​យកប្រទេស​រុស្សី​ឲ្យ​ទទួលខុសត្រូវ៕អត្ថបទ៖ ប៊ុនថន

នគរបាល​រុស្ស៊ី​ចាប់ខ្លួន​ពលរដ្ឋ​រាប់​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​ដោយសារ​តវ៉ា​ប្រឆាំង​នឹង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/03/03 11:58:51 am        585
​រុស្ស៊ី៖ បាតុកម្ម​ប្រឆាំង​សង្គ្រាម​បានកើត​ឡើង​នៅក្នុង​ទីក្រុង​ជាច្រើន​របស់​ប្រទេស​រុស្ស៊ី​ ចាប់តាំងពី​លោកប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បញ្ជូន​កម្លាំង​រប​ស់លោក​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​ ​ក្រុម​បា​តុ​ករ​បាន​ដើរ​ក្បួន​នៅក្នុង​ទីក្រុង​ជាច្រើនដោយ​ស្រែក​ពាក្យ​ថា គ្មាន​សង្គ្រាម​។​​នៅក្នុង​ទីក្រុង St. Petersburg ជាទី​ដែល​មនុស្ស​រាប់សិប​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​កណ្ដាល​ទីក្រុង ហើយ​នគរបាលបង្ក្រាប​កុបកម្ម​បាន​ចាប់ខ្លួន​អ្នក​តវ៉ា និង​អូស​ចូល​រថយន្ត​នគរបាល ទោះបី​នោះ​ជា​បាតុកម្ម​ដោយ​សន្តិវិធី​ក៏ដោយ​។ ​យោងតាម OVD-Info ដែលជា​អង្គការ​តាមដាន​ការតវ៉ា​នៅក្នុង​ប្រទេស​រុស្ស៊ី មនុស្ស​ជិត ៧,០០០​នាក់ត្រូវបាន​ចាប់ខ្លួនដោយ​នគរបាល​រុស្ស៊ីនៅក្នុង​ការតវ៉ា​ផ្សេងៗ​គ្នា​ក្នុង​ទីក្រុង​ចំនួន​៥០។ ​គេ​បាន​មើលឃើញ​ក្រុមអ្នកតវ៉ា​មួយចំនួន ត្រូវ​នគរបាល​បង្ក្រាប​កុបកម្ម​រុស្ស៊ី​ចាប់ខ្លួន​ក្នុង​ទីក្រុង St. Petersburg កាលពី​ល្ងាច​ថ្ងៃ​អង្គារ ខណៈ​ពួកគេ​តវ៉ា​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​ការតវ៉ា​ប្រឆាំង​សង្គ្រាម​នៅក្នុង​ទីក្រុង St Petersburg បាន​បន្ត​មកដល់​ថ្ងៃ​ពុធ ខណៈ​ការឈ្លានពាន​ដោយ​យោធា​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​មកដល់​ថ្ងៃទី​៨​។ ​ការតវ៉ា​ប្រឆាំងនឹង​សង្គ្រាម​តែង​ត្រូវបាន​កើតមាន​ស្ទើរ​រាល់ថ្ងៃ​នៅក្នុង​ទីក្រុង​នេះ ព្រមទាំង​នៅ​តំបន់​ផ្សេងទៀតរបស់​ប្រទេស​រុស្ស៊ី ចាប់តាំងពី​ការឈ្លានពាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕អត្ថបទ៖ សុខមាន

កុមារ​ត្រូវ​បាន​ចាប់ខ្លួន​ព្រោះ​តវ៉ា​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​លោក Putin លើ​អ៊ុយ​ក្រែ​ន

2022/03/03 06:26:51 pm        745
​រុស្ស៊ី៖ ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចាប់ផ្ដើម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មក មាន​ការ​តវ៉ា​ជាច្រើន​បាន​ផ្ទុះឡើងនៅ​តាម​ទីក្រុង​នានា​ទូទាំង​ប្រទេស​រុស្ស៊ី ខណៈ​ប្រជាពលរដ្ឋ​រុស្ស៊ី​បង្ហាញ​ការ​ខឹង​សម្បារ​។ ​កុមារ​មួយ​ចំនួន​កំពុង​ត្រូវ​បាន​ចាប់ខ្លួន ​ដោយសារតែ​ការចូលរួម​ក្បួន​តវ៉ា​ប្រឆាំង​សង្គ្រាម​ក្នុង​ប្រទេស​រុស្ស៊ី នេះ​បើ​យោង​តាម​អ្នកនយោបាយ​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​នេះ​។​​បណ្ដាញ​សង្គម​ធ្វី​ត​ធ័​រ​មួយ​មាន​ឈ្មោះថា Novaya Gazeta បាន​ចែករំលែក​រូបភាព​បង្ហាញ​ពី​កុមារ​ឈរ​ នៅ​ខាងក្រោយ​រថយន្ត​នគរបាលនៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​។ ​សារព័ត៌មាន​រុស្ស៊ី​បាន​រាយការណ៍​ថា ​កុមារ​មួយ​ចំនួនត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​ដាក់​ផ្កា​នៅ​ស្ថានទូត​អ៊ុយ​ក្រែ​ន​។ ​កុមារ​យ៉ាងហោចណាស់​ ៣​នាក់ដែល​ពួកគេ​នៅ​សិក្សា​ថ្នាក់​បឋមសិក្សា​នៅ​ឡើយ កំពុង​អង្គុយ​នៅ​ពីក្រោយ​រថយន្ត​របស់​ន​គ​របាល​ក្រុង Moscow កាន់​ផ្កា និង​បដា​។មាន​រូបភាព​បង្ហាញ​ពី​ក្មេង​ស្រី​ម្នាក់​កំពុង​កាន់​សញ្ញា​មួយ​និយាយ​ថា គ្មាន​សង្គ្រាម​នៅ​រុស្ស៊ី ដោយមាន​រូប​គំនូរ​ទង់ជាតិ​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​តូច​ៗ​ព័ទ្ធជុំវិញ​ពាក្យ​នោះ​។ យ៉ាងណា​សារព័ត៌មាន​ខាងលើ​​និយាយ​ថា កុមារ​ទាំងនោះ​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ពេល​មេធាវី​បាន​ទៅដល់​៕អត្ថបទ៖ សុខមាន

ភាព​ច្របូកច្របល់​កើន​ឡើង​ខ្លាំង ខណៈ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ព្យាយាម​ភៀសខ្លួន​ទាំង​ក្នុង​ប្រទេស ​និង​ទៅ​អឺរ៉ុប

2022/03/03 05:49:07 pm        336
​អ៊ុយ​ក្រែ​ន៖ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​រាប់​ពាន់​នាក់​បាន​សម្រុក​ទៅកាន់​ស្ថានីយ​រថភ្លើង Dnipro ខណៈ​ពួកគេ​ព្យាយាម​ឡើង​ជិះ​រថភ្លើង​ចាក​ចេញពី​ទីក្រុង​នេះ និង​ភៀសខ្លួន​ចេញពី​ការឈ្លានពាន​របស់​រុស្ស៊ី​។​ ​ពលរដ្ឋ​ភាគច្រើន​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Lviv ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​អ្នក​ខ្លះ​ទៀត​ភៀសខ្លួន​ចូល​ទៅ​កាន់​អឺរ៉ុប​ដោយមាន​វ៉ា​លី​សំលៀកបំពាក់ ​និង​បង្ហាញ​ក្ដី​សង្ឃឹមថា​នឹង​មាន​សុវត្ថិភាព​។​ដោយសារ​តែ​មាន​ការ​ហាម​ប្រាម​ពី​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ មិន​ឲ្យ​បុរស​ដែល​មាន​អាយុ​ចាប់ពី ១៨ ដល់ ៦០​ឆ្នាំ​ចាក​ចេញពី​ប្រទេសដើម្បី​ឲ្យ​ពួកគេ​ចូល​បម្រើ​ទ័ព​ប្រយុទ្ធ​នឹង​ទាហាន​រុស្ស៊ី មានន័យថា ស្ត្រី និង​កុមារ​ជាច្រើន​ត្រូវតែ​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព​ដោយ​ខ្លួនឯង​។​ ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រូប​គាត់​ខឹង ​និង​ស្អប់​លោក Putin ខ្លាំង​ណាស់​។​ ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​និយាយ​ថា គាត់​ឈឺចាប់ ព្រោះ​ពួកគាត់​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​ប្រទេស។​ ​ថ្លែង​ទៅកាន់​សារព័ត៌មាន Sky News របស់​អង់គ្លេស​នៅ​លើ​រថភ្លើង​ទៅកាន់​ទីក្រុង Liviv អ្នកស្រី Natalia Nekrasa បាន​និយាយ​ថា ខ្ញុំ​មាន​អារម្មណ៍​តក់ស្លុត​ណាស់។ ​ខ្ញុំ​ត្រូវ​នាំ​កូនប្រុស​របស់ខ្ញុំ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព ប៉ុន្តែ​សាច់ញាតិ​របស់ខ្ញុំ​ខ្លះ​ទៀត​នៅតែ​បន្ត​រស់​នៅ​ក្នុង​ទីក្រុង Dnipro​។​រហូត​ដល់​ថ្ងៃ​ទី​៧​ នៃ​សង្គ្រាម​នៅ​តាម​ព្រំដែន​របស់​បណ្ដា​ប្រទេស​ផ្សេងៗ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​យ៉ាង​ច្រើន​កកកុញ​បាន​កំពុង​ព្យាយាម​រត់​ភៀសខ្លួន​។ ​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជាង ៨៧៤,០០០នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​របស់​ពួកគេ ចាប់​តាំង​ពី​ការឈ្លានពាន​របស់​រុស្ស៊ី។​ អង្គការ​នេះ​បាន​ព្រមាន​ថា ​ការឈ្លានពាន​របស់​រុស្ស៊ី​នឹង​អាច​បង្ខំ​ឲ្យ​ជនជាតិ​អ៊ុយ​ក្រែ​ន​យ៉ាងតិច ​៤​លាន​នាក់​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​៕​អត្ថបទ៖ សុខមាន

រុស្ស៊ី​៖ ​ទាហាន​របស់​ខ្លួន​ចំនួន ​៤៩៨​នាក់​បាន​ស្លាប់ និង​ ១.៥៩៧​នាក់​រង​របួស​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/03/03 04:40:46 pm        2091
​រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មាន RIA របស់​រុស្ស៊ី​បាន​រាយការណ៍​ថា ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទាហាន​រុស្ស៊ី​ចំនួន ៤៩៨​នាក់​បាន​ស្លាប់ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន និង ១.៥៩៧​នាក់​ផ្សេងទៀត​រង​របួស​ ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ប្រតិបត្តិការ​យោធា​របស់​ទីក្រុង Moscow នៅ​ទីនោះ។​​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ក្រុង Moscow បានដាក់​ចំនួន​អ្នកស្លាប់​របស់ខ្លួន​។​ ក្រសួង​នេះ​ក៏បាន​និយាយ​ផងដែរ​ថា ​ទាហាន​អ៊ុយ​ក្រែ​ន និង​អ្នក​ជាតិនិយម​ជាង ២,៨៧០​នាក់​បាន​ស្លាប់ ​និង​ប្រហែល​ ៣,៧០០នាក់​បាន​រង​របួស​ ​នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Interfax របស់​រុស្ស៊ី​។ ចំនួន​នេះ​មិនអាច​ស្វែងរក​ការផ្ទៀងផ្ទាត់​ឲ្យ​បាន​ជាក់លាក់​បាន​ទេ ហើយក៏​ពុំមាន​ការអត្ថាធិប្បាយ​ភ្លាមៗ​ពី​ខាង​ភាគី​អ៊ុយ​ក្រែ​ន​ដែរ​។ ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​វិញ ជន​ស៊ីវិល​ជាង ២,០០០​នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​សង្គ្រាម​របស់​ខ្លួន​ ទៅលើ​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កុម្ភៈ ​ខណៈ​ដែល​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា ​មនុស្ស​ជាង ​៨៧៤,០០០នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​ ចូលទៅក្នុង​ប្រទេសជិតខាង​ផ្សេងៗ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM
នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
08/11/2026 07:08 PM
ក្រុមហ៊ុនអវកាសវៀតណាម ប្រកាសកិច្ចព្រមព្រៀងជាមួយ SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន
08/11/2026 07:08 PM