លោក Ramiro Valdes ដែលស្ថិតក្នុងចំណោមឥស្សរជនបដិវត្តន៍នៅរស់ចុងក្រោយរបស់គុយបា បានទទួលមរណភាព
ចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន ១០ ជុំវិញការដាក់ក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅរបស់មន្ទីរបញ្ចកោណ
អ្នកនាំពាក្យអ៊ីរ៉ង់៖ នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ នៅប្រទេសស្វីស
ប្រជាជនលីបង់ដែលភៀសខ្លួនបានធ្វើដំណើរទៅភាគខាងត្បូងដោយសង្ឃឹមថាបទឈប់បាញ់នឹងមានជាធរមាន

ព័ត៌មានអន្តរជាតិ

លោក Trump ប្រាប់មន្ត្រីជំនិតលោកថា លោកនឹងមិនបន្តសង្គ្រាមពេញបន្ទុកជាមួយអ៊ីរ៉ង់ទេ លុះត្រាតែកងទ័ពអាមេរិកត្រូវបានសម្លាប់

2026/06/04 12:00:08 pm        46
សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីល្ងាចថ្ងៃពុធ៣ មិថុនា សប្ដាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ក្រុមមន្ត្រីជំនិតរបស់លោកជាឯកជនថា លោកនឹងពិចារណាបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់ ប្រសិនបើកងទ័ពអាមេរិកត្រូវបានសម្លាប់។ ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយវាយប្រហារតាមអាកាសដាក់គ្នាជាបន្តបន្ទាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ជាការសាកល្បងបទឈប់បាញ់ដ៏ទន់ខ្សោយរួចទៅហើយរវាងប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកភាគច្រើនបានហៅការវាយប្រហារថ្មីៗនេះថាជា "ការការពារខ្លួន" ខណៈអ៊ីរ៉ង់បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានរំលោភលើបទឈប់បាញ់។ ប៉ុន្តែរបាយការណ៍ពីសារព័ត៌មាន Wall Street Journal បានបង្ហាញថា មន្ត្រីអាមេរិកទទូចថា បទឈប់បាញ់នៅតែអនុវត្ត ទោះបីជាមានអរិភាពថ្មីៗនេះក៏ដោយ។ យោធាអាមេរិកបាននិយាយថា យ៉ាងហោចណាស់មានសមាជិកយោធាអាមេរិកចំនួន១៥ នាក់ត្រូវបានសម្លាប់ និង៥៤៣ នាក់រងរបួសនៅក្នុងសង្គ្រាមអ៊ីរ៉ង់។ អ្នកស្លាប់ និងរបួសរបស់អ៊ីរ៉ង់ វិញ ត្រូវបានគេប៉ាន់ប្រមាណថាយ៉ាងហោចណាស់លើសពី ៦.០០០នាក់។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បាននិយាយថា ទីក្រុងតេអេរ៉ង់បានបញ្ឈប់ការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិក។ លោក Trump បានអះអាងម្តងហើយម្តងទៀតថា ការចរចាជាមួយអ៊ីរ៉ង់នៅតែដំណើរការ ហើយថ្មីៗនេះបាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពអាចសម្រេចបានក្នុងរយៈពេលមួយសប្តាហ៍។ មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅតែជាចំណុចខ្ទាស់សំខាន់នៃការឈ្លោះប្រកែកគ្នា ដោយទីក្រុងតេអេរ៉ង់បានបដិសេធម្តងហើយម្តងទៀតនូវការទាមទារពីសហរដ្ឋអាមេរិកក្នុងការប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់ខ្លួន៕

លោកTrump៖ លោកមានឆន្ទៈជួបជាមួយ លោក Ayatollah របស់អ៊ីរ៉ង់ ដែលនៅតែពាក់ព័ន្ធដ៏សកម្មក្នុងការចរចាផ្នែកការទូត

2026/06/04 11:55:33 am        35
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ ទី៣ ខែមិថុនា ថា លោក Ayatollah មេដឹកនាំកំពូលរបស់អ៊ីរ៉ង់នៅតែចូលរួមយ៉ាងសកម្មក្នុងការចរចាផ្នែកការទូតជាមួយសហរដ្ឋអាមេរិក ហើយចង់ជួបលោក។ នៅពេលត្រូវបានសួរថាតើនៅទីបំផុតអ្នកណាជាអ្នកសម្រេចចិត្តដ៏ធំសម្រាប់ទីក្រុងតេអេរ៉ង់ លោក Trump បានបង្ហាញថា មេដឹកនាំអ៊ីរ៉ង់នៅតែផ្តល់ការអនុម័តចុងក្រោយក្នុងការចរចា ទោះបីជាមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ជុំវិញសុខភាពរបស់លោកក៏ដោយ។ នៅពេលត្រូវបានសួរថាតើលោកចង់ជួប លោក Ayatollah ដែរឬយ៉ាងណា នោះលោក Trump បានឆ្លើយថា «ប្រហែលជានឹងជួបគ្នានៅចំណុចណាមួយ អាស្រ័យលើស្ថានភាពថាតើត្រូវដោះស្រាយដូចម្តេច»។ លោក Trump បានប្រាប់ The New York Post ថា «ខ្ញុំចង់ជួបលោក Ayatollah ហើយយើងប្រហែលជានឹងជួបគ្នានៅចំណុចណាមួយ អាស្រ័យលើរបៀបដែលវាដំណើរការ»។ លោក Trump បាននិយាយថា អ៊ីរ៉ង់បាន ព្រមព្រៀងថានឹងគ្មាន«អាវុធនុយក្លេអ៊ែរ» ហើយ លោក Ayatollah របស់អ៊ីរ៉ង់កំពុងចូលរួមក្នុងការចរចា «ជាមួយសហរដ្ឋអាមេរិក»។

សភាអាមេរិកអនុម័តសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមនៅអ៊ីរ៉ង់ ក្នុងការជំទាស់ដ៏កម្រប្រឆាំងលោក Trump

2026/06/04 11:51:09 am        82
សភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីសម្រេចមួយដើម្បីទប់ស្កាត់អំណាចរបស់លោកប្រធានាធិបតី Donald Trump ក្នុងការវាយប្រហារនៅអ៊ីរ៉ង់ដោយគ្មានការអនុញ្ញាតពីសភា។ សមាជិកគណបក្សសាធារណរដ្ឋចំនួនបួនរូប បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តសេចក្តីស្នើច្បាប់ក្នុងការបោះឆ្នោតក្នុងសំឡេង២១៥ទល់នឹង២០៨ កាលពីថ្ងៃពុធ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ខណៈសេចក្តីសម្រេចនេះទំនងជាមិនក្លាយជាច្បាប់ វាបង្ហាញពីការស្តីបន្ទោសយ៉ាងខ្លាំងប្រឆាំងការសម្រេចចិត្តរបស់លោក Trump ក្នុងការចូលរួមជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយបានចាប់ផ្តើមជម្លោះ ដែលនឹងឈានដល់ថ្ងៃទី១០០ នៅថ្ងៃសៅរ៍ខាងមុខនេះ។លោក Trump មិនបានស្វែងរកការព្រមព្រៀងពីសភាសម្រាប់សង្គ្រាមនោះទេ ដែលលោកបានព្យាយាមដាក់ចាត់ទុកថាជា «ការប៉ះទង្គិចគ្នាតិចតួច» ឬ «ដំណើររយៈពេលខ្លី»។ ការប្រើប្រាស់កងកម្លាំងយោធាម្តងហើយម្តងទៀតរបស់មេដឹកនាំគណបក្សសាធារណរដ្ឋនៅបរទេស បានធ្វើឱ្យមេដឹកនាំមួយចំនួននៅក្នុងសភាខកចិត្ត ជាស្ថាប័នមួយដែលរដ្ឋធម្មនុញ្ញបានផ្តល់ឱ្យតែអំណាចក្នុងការប្រកាសសង្គ្រាម។ការបោះឆ្នោតកាលពីថ្ងៃពុធ ត្រូវបានកត់សម្គាល់លើកទីបួននៅឆ្នាំនេះដែលសភាបានបោះឆ្នោតលើសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមដើម្បីបង្ខំលោក Trump ឱ្យស្វែងរកការគាំទ្រពីសភាសម្រាប់សកម្មភាពយោធារបស់លោកប្រឆាំងប្រទេសអ៊ីរ៉ង់។ទោះជាយ៉ាងណា នេះជាលើកដំបូងហើយដែលសេចក្តីសម្រេចនេះ ទទួលបានជោគជ័យនៅក្នុងសភា។ ការអនុម័ត កើតឡើងបន្ទាប់ពីល្បិចនយោបាយមួយដែលមនុស្សមួយចំនួនបកស្រាយថាជាកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសាធារណរដ្ឋ ដើម្បីបំផ្លាញសេចក្តីស្នើច្បាប់។

មេដឹកនាំអ៊ុយក្រែន បន្តជំរុញសម្ព័ន្ធមិត្តផ្ដល់មីស៊ីល ខណៈការផ្តល់មូលនិធិអាវុធរបស់ណាតូមានការយឺតយ៉ាវ

2026/06/04 11:24:34 am        70
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃពុធ៣មិថុនាសប្ដាហ៍នេះ បានជំរុញឱ្យបណ្ដាប្រទេសនៅអឺរ៉ុបបង្កើនការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសដ៏សំខាន់ ខណៈការសន្យាផ្តល់មូលនិធិពីកម្មវិធីសំខាន់មួយដែលគាំទ្រដោយណាតូមានភាពយឺតយ៉ាវ។ លោក Zelenskyy បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងគីវថា មីស៊ីលផ្លោងគឺជាអំណះអំណាងចុងក្រោយរបស់រុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែននេះ ហើយពួកលោកត្រូវតែស្វែងរកការឆ្លើយតបគ្រប់គ្រាន់ចំពោះមីស៊ីលបាលីស្ទីកទាំងនោះ ដូច្នេះបញ្ហានេះនឹងជួយយ៉ាងខ្លាំងសម្រាប់ដៃគូរបស់ពួកលោកក្នុងការផ្តោតជាពិសេសលើប្រព័ន្ធការពារប្រឆាំងនឹងមីស៊ីលផ្លោង។ ទីក្រុងគីវបានស្នើសុំម្តងហើយម្តងទៀតដល់សម្ព័ន្ធមិត្តណាតូឱ្យផ្តល់ប្រព័ន្ធស្ទាក់ចាប់អាវុធ Patriot ដ៏សំខាន់ផលិតដោយសហរដ្ឋអាមេរិក ដែលអាចបំផ្លាញមីស៊ីលផ្លោងរបស់រុស្ស៊ី។ សំណើចុងក្រោយបំផុតនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីរលកយានដ្រូន និងមីស៊ីលរបស់រុស្ស៊ីបានសម្លាប់មនុស្ស១២ នាក់នៅក្នុងរដ្ឋធានីអ៊ុយក្រែន។ បណ្តាប្រទេសសហភាពអឺរ៉ុបបានយល់ព្រមលើប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូដើម្បីគាំទ្រអ៊ុយក្រែនរហូតដល់ឆ្នាំ ២០២៧ ។ សម្ព័ន្ធមិត្តណាតូកាលពីខែកុម្ភៈក៏បានសន្យាផ្តល់ប្រាក់ចំនួន៣៥ ពាន់លានដុល្លារដើម្បីជួយពង្រឹងការការពារដែនអាកាសរបស់ទីក្រុងគីវផងដែរ ដោយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានបង្ហាញថាវាអាចរួមបញ្ចូលមីស៊ីល Patriot PAC-3 ចំនួន៣៥ គ្រាប់។ ប៉ុន្តែលោក Zelenskyy បានព្រមានថាបញ្ហានេះ លែងទាក់ទងនឹងការផ្តល់ហិរញ្ញប្បទាន តែមួយមុខទៀតហើយ ដោយប្រាប់ក្រុមអ្នកសារព័ត៌មានថា បរិមាណនៃការដឹកជញ្ជូនបានថយចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់ ដែលបានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរលើស្តុកអាវុធសំខាន់ៗទូទាំងពិភពលោក៕

ថៃភ័យខ្លួន ក្រោយម៉ាឡេស៊ី ហាមប្រាមនាំចូលបង្គា៥ប្រភេទ ខណៈអំពាវនាវឱ្យមានកិច្ចពិភាក្សាបន្ទាន់

2026/06/04 11:01:05 am        77
នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានអំពាវនាវឱ្យមានកិច្ចពិភាក្សាជាបន្ទាន់ជាមួយម៉ាឡេស៊ីបន្ទាប់ពីការហាមប្រាមការនាំចូលបង្គាថៃចំនួនប្រាំប្រភេទជាបណ្តោះអាសន្ន ដែលជាផ្នែកមួយនៃការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើផលិតផលនេសាទថៃ។ នាយករដ្ឋមន្ត្រីថៃរូបនេះ បានចេញសេចក្តីណែនាំនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ទី២ មិថុនា ហើយបានព្រមានថា ការរឹតបន្តឹងរយៈពេលយូរអាចប៉ះពាល់ដល់ជីវភាពរស់នៅរបស់អ្នកចិញ្ចឹមបង្គា អ្នកនាំចេញ និងខ្សែច្រវាក់ផ្គត់ផ្គង់អាហារសមុទ្រកាន់តែទូលំទូលាយ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek។ លោកស្រីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា ប្រសិនបើបញ្ហានេះត្រូវបានបណ្ដោយឱ្យបន្ត វាអាចប៉ះពាល់ដល់តម្លៃបង្គានៅកសិដ្ឋាន និងប្រាក់ចំណូលរបស់កសិករខ្នាតតូច។ ទីផ្សារនាំចេញអាហារសមុទ្ររបស់ប្រទេសថៃត្រូវបានរង្គោះរង្គើបន្ទាប់ពីប្រទេសម៉ាឡេស៊ីបានប្រកាសពីវិធានការថ្មីយ៉ាងតឹងរ៉ឹងចាប់ពីថ្ងៃចន្ទ ទី១ មិថុនា ឆ្នាំ ២០២៦ នេះ ដែលប៉ះពាល់ដល់ការនេសាទដែនសមុទ្ររបស់ថៃ និងបង្គាចំនួនប្រាំប្រភេទ និងបង្កើនហានិភ័យនៃការផ្គត់ផ្គង់លើសចំនួនក្នុងស្រុក។ ការិយាល័យកិច្ចការពាណិជ្ជកម្មនៅទីក្រុងគូឡាឡាំពួរបានរាយការណ៍ថា ប្រទេសម៉ាឡេស៊ីបានរៀបចំអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការនាំចូលអាហារសមុទ្រពីប្រទេសថៃចាប់ពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។វិធានការទាំងនេះត្រូវបានពិពណ៌នាថាជាការឆ្លើយតបពាណិជ្ជកម្ម និងជាការធ្វើឱ្យប្រសើរឡើងនូវវិធានការការពារសុវត្ថិភាពចំណីអាហារជាតិ។ ប្រទេសថៃនាំចេញបង្គាប្រហែល ៦.០០០ តោន ទៅ ៨.០០០ តោនទៅកាន់ប្រទេសម៉ាឡេស៊ីជារៀងរាល់ឆ្នាំ ដែលមានចំនួនប្រហែល ៥ ភាគរយនៃការនាំចេញបង្គាសរុបរបស់ថៃ។ ការហាមប្រាមនេះអាចធ្វើឱ្យប្រទេសថៃខាតបង់ជាង ៤ ពាន់លានបាត ស្មើរនឹង១២២,១ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post៕

តម្លៃភាគហ៊ុន និងប្រេងសកលធ្លាក់ចុះដោយសារគ្មានពន្លឺនៃការបញ្ចប់សង្គ្រាមរវាង អាមេរិក-អ៊ីរ៉ង់

2026/06/04 10:33:28 am        64
ភាគហ៊ុនអាស៊ីបានធ្លាក់ចុះពេលចាប់ផ្តើមការជួញដូរនៅថ្ងៃព្រហស្បតិ៍ ៤មិថុនានេះ ខណៈការប្រយុទ្ធគ្នាឡើងវិញរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើឱ្យផ្សារភាគហ៊ុនរង្គោះរង្គើ ទោះបីជាសញ្ញាផ្ទុយគ្នានៃការថយចុះភាពតានតឹងបានធ្វើឱ្យវិនិយោគិនស្ទាក់ស្ទើរក៏ដោយ។ សន្ទស្សន៍ទូលំទូលាយបំផុតរបស់ MSCI នៃភាគហ៊ុនអាស៊ី-ប៉ាស៊ីហ្វិក នៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS) បានធ្លាក់ចុះ ០,៨% ខណៈតម្លៃភាគហ៊ុន S&P 500របស់អាមេរិក បានធ្លាក់ចុះ ០,៤%។ ភាគហ៊ុនកូរ៉េបានបើកឡើងវិញដោយធ្លាក់ថ្លៃ២% បន្ទាប់ពីថ្ងៃឈប់សម្រាក ខណៈភាគហ៊ុន Nikkei 225 (.N225) របស់ប្រទេសជប៉ុនបានធ្លាក់ចុះ ១,៣%។ អ្នកវិភាគទីផ្សារមកពីក្រុមហ៊ុន Westpac បានសរសេរនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយថា ទីផ្សារហិរញ្ញវត្ថុបានប្រែប្រួលទៅតាមស្ថានភាពហានិភ័យ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបាញ់ប្រហារគ្នាម្តងទៀត។ ផ្សារភាគហ៊ុនអឺរ៉ុបបានធ្លាក់ចុះតិចតួចកាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈមានការវាយប្រហារដាក់គ្នាជាថ្មីទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ភាគហ៊ុននៅ Wall Street បានធ្លាក់ចុះពេញមួយយប់ ដោយ S&P 500 (.SPX) បើកការជួញដូរថ្មីធ្លាក់ចុះ ០,៧% និងតម្លៃប្រេងកើនឡើងប្រហែល ២% ខណៈអរិភាពនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងម្តងទៀត ហើយការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនបានបង្ហាញវឌ្ឍនភាពតិចតួច។ យ៉ាងណាតម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,៣% មកនៅត្រឹម៩៦,៥៩ ដុល្លារក្នុងមួយបារ៉ែល ខណៈការជួញដូរបានចាប់ផ្តើមឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រទេសលីបង់ និងអ៊ីស្រាអែលបានយល់ព្រមអនុវត្តបទឈប់បាញ់៕

អាមេរិកប្រាប់អឺរ៉ុប និងកាណាដាឱ្យបង្កើនកងកម្លាំងអាកាស និងជើងទឹករបស់ណាតូ ខណៈទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយការចំណាយ

2026/06/04 09:37:02 am        24
ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធ៣មិថុនាសប្ដាហ៍នេះ ថា សហរដ្ឋអាមេរិករំពឹងថាសម្ព័ន្ធមិត្តណាតូអឺរ៉ុប និងកាណាដា នឹងបង្កើនចំនួនយន្តហោះ និងនាវាមានមនុស្សបើក និងគ្មានមនុស្សបើកឲ្យបានឆាប់ ដែលពួកគេរួមចំណែកដល់ផែនការការពារជាតិរបស់សម្ព័ន្ធភាពនេះ ខណៈទីក្រុងវ៉ាស៊ីនតោន កាត់បន្ថយការចំណាយនៅក្នុងវិស័យទាំងនេះ ។ សេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិកលោក Alexus Grynkewich ដែលមេបញ្ជាការជាន់ខ្ពស់របស់សម្ព័ន្ធយោធាណាតូ និងជាប្រធានកងកម្លាំងអាមេរិកនៅអឺរ៉ុប បានធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋបាលលោក Trump ដើម្បីកាត់បន្ថយសមត្ថភាពយោធារបស់សហរដ្ឋអាមេរិកដែលមានសម្រាប់ណាតូ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់ណាតូម្តងហើយម្តងទៀត ហើយបានប្រាប់សមាជិកអឺរ៉ុបរបស់ខ្លួនថា ពួកគេនឹងត្រូវទទួលខុសត្រូវចម្បងចំពោះការការពារទ្វីបនេះ។ សហរដ្ឋអាមេរិកបានប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនកាលពីខែមុនអំពីការសម្រេចចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយការចូលរួមចំណែករបស់ខ្លួនចំពោះក្របខ័ណ្ឌមួយដែលគេស្គាល់ថាជាគំរូកងកម្លាំងណាតូ ដោយរួមមានកងកម្លាំងដែលអាចត្រូវបានធ្វើឱ្យសកម្មក្នុងអំឡុងពេលមានវិបត្តិ។ សហរដ្ឋអាមេរិកពុំបានបង្ហាញជាសាធារណៈនូវព័ត៌មានលម្អិតនៃការកាត់បន្ថយដែលបានគ្រោងទុកនោះទេ។ ប៉ុន្តែវារួមបញ្ចូលទាំងការកាត់បន្ថយសមត្ថភាពជាច្រើនប្រភេទ រួមទាំងការចាក់ប្រេងយន្តហោះ យន្តហោះចម្បាំង យានដ្រូន និងនាវាកងទ័ពជើងទឹក នេះបើយោងតាមតួលេខដែលផ្តល់ឱ្យទៅទីភ្នាក់ងារព័ត៌មាន Reuters ដោយប្រភពយោធាមួយ៕

ក្រុមហេសបូឡា បាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែល ជាការសាកល្បងកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក

2026/06/04 09:34:29 am        68
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់រ៉ុក្កែតដែលបាញ់ដោយក្រុមហេសបូឡា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ខណៈប្រភពសន្តិសុខប្រទេសលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានធ្លាក់លើរថយន្តមួយគ្រឿងនៅជិតទីក្រុងបេរូត ជាការសាកល្បងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើឱ្យភាគីទាំងពីរទប់ស្កាត់ការវាយប្រហារ។ ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបាញ់រ៉ុក្កែតទៅលើទីតាំងកងទ័ពអ៊ីស្រាអែលនៅភាគខាងជើងអ៊ីស្រាអែល ជាលើកដំបូងដែលខ្លួនបានប្រកាសពីការវាយប្រហារដោយមីស៊ីលឆ្លងព្រំដែនចាប់តាំងពីថ្ងៃចន្ទ។ លីបង់ បានលេចចេញជាចំណុចកណ្តាលនៃវិបត្តិក្នុងតំបន់នៅសប្តាហ៍នេះ ដោយមានហានិភ័យនៃការកើនឡើងបន្ថែមទៀតលុបលើកិច្ចខិតខំប្រឹងប្រែងដើម្បីចុះកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ទីក្រុងតេអេរ៉ង់ ទទូចឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារលើប្រទេសលីបង់ក្រោមកិច្ចព្រមព្រៀងណាមួយ។ អរិភាព បានបន្តនៅភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកត្រូវបានប្រកាសកាលពីថ្ងៃចន្ទ នៅពេលដែលប្រធានាធិបតី លោក Donald Trump បាននិយាយថា លោកបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កុំធ្វើការវាយឆ្មក់ទៅលើទីក្រុងបេរូត ហើយក្រុមហេសបូឡា តាមរយៈអន្តរការី បានប្តេជ្ញាថានឹងមិនវាយប្រហារអ៊ីស្រាអែលទៀតឡើយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា អ៊ីស្រាអែលនឹងវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូតដែលគ្រប់គ្រងដោយក្រុមហេសបូឡា ប្រសិនបើភាគខាងជើងអ៊ីស្រាអែល ត្រូវបានវាយប្រហារ។

លោក Netanyahu និយាយសម្រាលពីជម្លោះជាមួយលោក Trump ដោយមេដឹកនាំទាំងពីរយល់ស្របលើការរំសាយអាវុធក្រុមហេសបូឡា

2026/06/04 09:33:07 am        72
លោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយសម្រាលពីជម្លោះជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ដោយនិយាយថា មេដឹកនាំទាំងពីរមានគោលបំណងរំសាយអាវុធក្រុមហេសបបូឡាដើម្បីសម្រេចបានសន្តិភាពរវាងអ៊ីស្រាអែល និងលីបង់។ លោក Trump បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធនៅក្នុងសារព័ត៌មាន The New York Post ថា លោកមានការសន្ទនាដ៏តានតឹងជាមួយលោក Netanyahu កាលពីពីរថ្ងៃមុន ដែលតាមសេចក្តីរាយការណ៍ថា លោកបានស្តីបន្ទោសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកដោយពាក្យប្រមាថ។ លោក Netanyahu បាននិយាយសម្រាលពីជម្លោះនេះនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍អាមេរិក CNBC ដោយនិយាយថាលោក និងលោក Trump មានទស្សនៈដូចគ្នានៅពេលនិយាយអំពីការដោះស្រាយក្រុមសកម្មប្រយុទ្ធហេសបូឡានៅលីបង់។ លោក Netanyahu បាននិយាយនៅក្នុងបទសម្ភាសន៍ថាក្រុមហេសបូឡា «គឺជាក្រុមតំណាងអ៊ីរ៉ង់ ដែលដាក់ពលរដ្ឋលីបង់ទាំងអស់ស្ថិតក្រោមការគំរាមកំហែងផ្ទាល់ ហើយប្រើប្រាស់ប្រទេសលីបង់ជាមូលដ្ឋានដើម្បីបាញ់មីស៊ីលភេរវកម្មចូលទៅក្នុងទីក្រុងរបស់អ៊ីស្រាអែល និងបង្ហោះយានដ្រូនពិឃាតប្រឆាំងជនស៊ីវិលរបស់យើង»។ «ដូច្នេះប្រសិនបើយើងចង់ជួយសង្គ្រោះប្រទេសលីបង់ ប្រសិនបើយើងចង់ទទួលបានសន្តិភាពលីបង់-អ៊ីស្រាអែល យើងត្រូវតែរំសាយអាវុធក្រុមហេសបូឡា។ លោក Trump បាននិយាយថា លោកមាន «ការរំខាន» ដោយស្ថានភាពនៅក្នុងប្រទេសលីបង់ នៅពេលដែលលោកបាននិយាយទៅកាន់លោក Netanyahu កាលពីដើមសប្តាហ៍នេះ។ លោក Trump បាននិយាយបន្តថា លោកមាន «ទំនាក់ទំនងល្អខ្លាំង» ជាមួយលោក Netanyahu។

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាថានឹងបង្កើនទ្វេដងកងកម្លាំងនុយក្លេអ៊ែរ

2026/06/04 09:30:11 am        70
មេដឹកនាំ លោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃពុធ ទី៣ ខែមិថុនា ថា ការផលិតសម្ភារៈនុយក្លេអ៊ែរកម្រិតផលិតអាវុធរបស់ប្រទេសកូរ៉េខាងជើង បានកើនឡើងទ្វេដងក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅនេះ ដោយប្តេជ្ញាថានឹងបង្កើនបង្កើនទ្វេដងសមត្ថភាពនុយក្លេអ៊ែរខាងយោធា។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា ក្នុងអំឡុងទស្សនកិច្ចទៅកាន់រោងចក្រផលិតសម្ភារៈនុយក្លេអ៊ែរថ្មីមួយកន្លែង លោកគីម បាននិយាយថា កូរ៉េខាងជើង បានបញ្ជាក់ពី «ផែនការនាពេលអនាគតដ៏មហិច្ឆតា ដែលត្រូវបានរៀបចំដើម្បីបង្កើនទ្វេដងកម្លាំងនុយក្លេអ៊ែររបស់រដ្ឋ»។ កូរ៉េខាងជើង មើលឃើញឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាការការពារប្រឆាំងការវាយប្រហារពីប្រទេសកូរ៉េខាងត្បូងនិងកងកម្លាំងសហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅទីនោះ។ ចំពោះការកើនឡើងតាមផែនការ លោក គីម បាននិយាយថា «នេះបង្ហាញពីការផ្លាស់ប្តូរដ៏អស្ចារ្យ និងដោយជោគជ័យ ដែលហួសពីការពិពណ៌នាវោហាសាស្ត្រ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងការធ្វើឱ្យប្រសើរនូវសមត្ថភាពនុយក្លេអ៊ែរទ្វេដងរបស់យើង»។ ដោយច្រានចោលសម្ពាធពីសហរដ្ឋអាមេរិក កូរ៉េខាងជើងបានទទូចថា ខ្លួននឹងមិនបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ដោយពណ៌នាអំពីវិធីសាស្ត្ររបស់ខ្លួនថា «មិនអាចត្រឡប់ក្រោយវិញបាន»។ ទីក្រុងព្យុងយ៉ាង បានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ ១៩៩៣ ហើយចាប់តាំងពីពេលនោះមក បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរចំនួន ៦ លើក ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Ramiro Valdes ដែលស្ថិតក្នុងចំណោមឥស្សរជនបដិវត្តន៍នៅរស់ចុងក្រោយរបស់គុយបា បានទទួលមរណភាព
06/22/2026 03:06 PM
កាកបាទក្រហមកម្ពុជា បើកយុទ្ធនាការបរិច្ចាគឈាមដ៏ធំក្រោមប្រធានបទ «តំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត»
06/22/2026 02:06 PM
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង
06/22/2026 02:06 PM
ជប៉ុន​​ផ្ដល់ឥណទានសម្បទានប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោង​ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ
06/22/2026 02:06 PM
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
06/22/2026 02:06 PM
មន្រ្ដីជំនាញ៖ការសិក្សារំហូរទេសចរជាយុទ្ធសាស្រ្តពីអ្នកជំនាញរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តបាត់ដំបង
06/22/2026 02:06 PM
ភាគីថៃជូនដំណឹងជាផ្លូវការមកកម្ពុជា​អំពីការ​ជ្រើសរើស​អ្នកផ្សះផ្សាចំនួនពីររូបរួចហើយ ដើម្បីចូលរួម​ក្នុង​យន្តការផ្សះផ្សាដោយបង្ខំ​ ក្រោម​អនុសញ្ញា UNCLOS
06/22/2026 01:06 PM
បាល់ទាត់ពិភពលោក ២០២៦៖ ជាងកាត់សក់នៅ LA ផ្តល់សេវាកាត់សក់ឥតគិតថ្លៃ ស្វាគមន៍អ្នកគាំទ្របាល់ទាត់
06/22/2026 01:06 PM
ភ្ញៀវទេសចររាប់ម៉ឺននាក់ទៅលេងកម្សាន្តទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងរដូវកាលបៃតង និងជារដូវកាលប្រមូលផលផ្លែឈើ
06/22/2026 01:06 PM
សហគ្រិនក្នុងស្រុក​ បង្ហាញក្ដីរីករាយ​ ខណៈសន្ទុះគាំទ្រផលិតផលខ្មែរពីពលរដ្ឋបន្តមានការ​កើនឡើង
06/22/2026 01:06 PM