មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន

ព័ត៌មានអន្តរជាតិ

លោក Netanyahu មានបំណងពង្រឹងភាគខាងជើងអ៊ីស្រាអែល និងដោះស្រាយការវាយប្រហារដោយយានដ្រូន

2026/06/03 11:34:09 am        84
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចែករំលែកការបង្ហោះសារដ៏វែងនៅលើបណ្តាញ X ដោយនិយាយអំពី «ផែនការធំ» ដើម្បីពង្រឹងភាគខាងជើងប្រទេសអ៊ីស្រាអែល ក្នុងពេលមានការវាយប្រហារដោយយានដ្រូនជាបន្តបន្ទាប់ឆ្លងកាត់ព្រំដែនពីប្រទេសលីបង់។ លោក Netanyahu បានថ្លែងក្នុងកិច្ចប្រជុំរដ្ឋាភិបាលថា ផែនការ «ពង្រឹង» ក្នុងចម្ងាយរហូតដល់៧គីឡូម៉ែត្រពីព្រំដែនប្រទេសលីបង់ គឺជា «ការបន្ថែមទៅលើសន្តិសុខ» នៅក្នុងការតតាំងដ៏សំខាន់ដែលយើងកំពុងធ្វើប្រឆាំងក្រុមហេសបូឡា»។ លោក Netanyahu បាននិយាយបន្ថែមថា រដ្ឋាភិបាលអ៊ីស្រាអែល កំពុងវិនិយោគទឹកប្រាក់២០ពាន់លានដុល្លារ ដើម្បី «ស្តារឡើងវិញទាំងសន្តិសុខ និងវិបុលភាព» ដល់តំបន់នោះ ដោយប្រៀបធៀបផែនការទៅនឹងតំបន់ភាគខាងត្បូងជាប់ព្រំដែនជាមួយតំបន់ហ្កាហ្សា ដែលលោកបាននិយាយថា បច្ចុប្បន្នកំពុងទទួលបាន «វិបុលភាពយ៉ាងខ្លាំង»។

កូរ៉េខាងជើងរិះគន់សម្ដីមន្ត្រីយោធាអាមេរិកដែលប្រៀបធៀបកូរ៉េខាងត្បូងទៅនឹងដាវដ៏មុតស្រួចនៅចំកណ្ដាលទ្វីបអាស៊ី

2026/06/03 11:26:49 am        59
កូរ៉េខាងជើងនៅថ្ងៃពុធ ៣ មិថុនាសប្ដាហ៍នេះ បានរិះគន់ការអត្ថាធិប្បាយដោយមន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូងដែលប្រៀបធៀបប្រទេសទទួលឲ្យឈរជើងនៃកងកម្លាំងអាមេរិក មួយនេះទៅនឹងដាវដ៏មុតស្រួចនៅចំកណ្ដាលទ្វីបអាស៊ី ដោយនិយាយថាវាឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ប្រទេសចិន។ លោកឧត្តមសេនីយ៍ Xavier Brunson បានធ្វើអត្ថាធិប្បាយនេះក្នុងបទសម្ភាសន៍មួយ ខណៈការរំពឹងទុកកំពុងកើនឡើងថា ទីក្រុងវ៉ាស៊ីនតោនអាចស្វែងរកការពង្រីកតួនាទីកងកម្លាំងសហរដ្ឋអាមេរិកនៅកូរ៉េ (USFK) ដើម្បីទប់ទល់នឹងឥទ្ធិពលក្នុងតំបន់របស់ប្រទេសចិន។ កងទ័ពអាមេរិកប្រហែល ២៨.៥០០ នាក់កំពុងឈរជើងនៅកូរ៉េខាងត្បូងដើម្បីជួយការពារប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) គ្រប់គ្រងដោយរដ្ឋបានចេញផ្សាយអត្ថាធិប្បាយមួយដោយអ្នកវិភាគលោក Kim Myong Chol ដែលបាននិយាយថា ការកត់អត្ថាធិប្បាយរបស់លោក Brunson បានបង្ហាញថាសហរដ្ឋអាមេរិកជា អ្នកយាយីសន្តិភាព និងចក្រភពសង្គ្រាមដ៏អាក្រក់បំផុតរបស់ពិភពលោក។ លោក Kim ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន និងត្រូវបានគេចាត់ទុកថាជាអ្នកនាំពាក្យក្រៅប្រទេសក្រៅផ្លូវការសម្រាប់កូរ៉េខាងជើង បាននិយាយថា ការអត្ថាធិប្បាយនេះបានឆ្លុះបញ្ចាំងពីរបៀបដែលទីក្រុងវ៉ាស៊ីនតោនមានបំណងប្រើប្រាស់កូរ៉េខាងត្បូង ជាឧបករណ៍ភូមិសាស្ត្រនយោបាយដ៏សំខាន់មួយដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រក្នុងតំបន់របស់ខ្លួនដែលមានគោលបំណងទប់ស្កាត់ប្រទេសចិន៕

ព្យុះត្រូពិក Jangmi វាយប្រហារប្រទេសជប៉ុន ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់លំនៅឋាន៦ម៉ឺនខ្នង

2026/06/03 11:16:03 am        49
ព្យុះត្រូពិក Jangmi ដ៏មានឥទ្ធិពលបានបោកបក់ពាសពេញប្រទេសជប៉ុននៅព្រឹកថ្ងៃពុធ៣មិថុនានេះ ដោយមានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ដែលរំខានដល់ការដឹកជញ្ជូន និងអាជីវកម្ម ព្រមទាំងកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់លំនៅឋានរាប់ម៉ឺនខ្នង។ ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា ចំណុចកណ្ដាលរបស់ព្យុះ ស្ថិតនៅក្បែរកោះ Honshu ភាគកណ្តាល ដោយបោះពួយរឆ្ពោះទៅទិសឦសានរបស់តំបន់តូក្យូ ដោយកម្លាំងខ្យល់បក់អតិបរមារហូតដល់២៥ ម៉ែត្រ ក្នុងមួយវិនាទី ដោយបន្ថែមថា តំបន់មួយចំនួនតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកកំពុងស្ថិតក្នុងហានិភ័យកើនឡើងនៃ "គ្រោះមហន្តរាយគំរាមកំហែងដល់អាយុជីវិត"។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Minoru Kihara បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ព្យុះនេះបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់គ្រួសារជិត៦ម៉ឺនខ្នងរហូតមកដល់ពេលនេះ។ការព្រមានអំពីការជម្លៀសត្រូវបានចេញដល់ប្រជាជនរាប់ម៉ឺននាក់នៅក្នុងខេត្តចំនួនប្រាំបីនៅទូទាំងភាគនិរតី កណ្តាល និងខាងកើតប្រទេសជប៉ុន។ក្រុមហ៊ុនអាកាសចរណ៍ រួមទាំងក្រុមហ៊ុន Japan Airlines និង All Nippon Airways បានលុបចោលសេវាកម្មអន្តរជាតិ និងក្នុងស្រុកជិត៩០០ជើង នៅព្រឹកថ្ងៃពុធនេះ។សេវាកម្មរថភ្លើងល្បឿនលឿនមួយចំនួននៅកោះ Kyushu ភាគនិរតី និងតំបន់ភាគខាងលិចនៃប្រទេសជប៉ុនត្រូវបានពន្យារពេល ខណៈក្រុមហ៊ុន East Japan Railway បាននិយាយថា សេវាកម្មរថភ្លើងមួយចំនួននៅតំបន់តូក្យូត្រូវបានផ្អាក ហើយសេវាកម្មជាច្រើនទៀតអាចនឹងរងផលប៉ះពាល់ក្នុងអំឡុងពេលថ្ងៃ៕

ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង

2026/06/03 10:08:03 am        56
រុស្ស៊ី បានវាយប្រហារទៅលើប្រទេសអ៊ុយក្រែនដោយយានដ្រូនរាប់រយគ្រឿងនិងមីស៊ីលរាប់សិបគ្រាប់ កាលពីថ្ងៃអង្គារ ទី ២ ខែមិថុនា ដោយបានសម្លាប់មនុស្ស២៣នាក់ និងរបួស១៣០នាក់ ហើយប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយថា ទីក្រុងមូស្គូ អាចបើកការវាយប្រហារថ្មីសម្រាប់យប់ទីពីរជាប់ៗគ្នា។ ការវាយប្រហារលើទីក្រុងនានា រួមទាំងទីក្រុងគីវនិងទីក្រុង Dnipro បានកើតឡើងបន្ទាប់ពីការព្រមានរបស់រុស្ស៊ីពីការវាយប្រហារ «ជាប្រព័ន្ធ» លើរដ្ឋធានី បន្ទាប់ពីការវាយប្រហារដោយយានដ្រូនលើអន្តេវាសិកដ្ឋានមួយកន្លែងនៅក្នុងតំបន់ Luhansk របស់អ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៊ី កាលពីខែមុន។ ទីក្រុងគីវ បានបដិសេធថា មិនបានកំណត់គោលដៅលើអន្តេវាសិកដ្ឋាន នោះទេ។ វាគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើកទីបីលើទីក្រុងគីវក្នុងរយៈពេលមិនដល់មួយខែ ប៉ុន្តែរុស្ស៊ី បានវាយប្រហារទីក្រុងរបស់អ៊ុយក្រែនឥតឈប់ឈរ រួមទាំងទីក្រុងគីវ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសជិតខាងតូចជាងខ្លួនក្នុងឆ្នាំ២០២២។ ការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកសម្រាប់សង្គ្រាមនៅអ៊ុយក្រែនបានជាប់គាំង ដោយទីក្រុងវ៉ាស៊ីនតោនផ្តោតសំខាន់លើអ៊ីរ៉ង់ ខណៈការរុលទៅមុខរបស់រុស្ស៊ីនៅលើសមរភូមិបានថយចុះនៅឆ្នាំនេះ ហើយទីក្រុងគីវបានបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។ លោក Zelenskyy បាននិយាយដដែលៗថា អ៊ុយក្រែនខ្វះសព្វាវុធដើម្បីទប់ទល់នឹងមីស៊ីលរបស់រុស្ស៊ីដែលបាញ់ចូលមក ហើយវា«គួរឲ្យសោកស្តាយ កម្រិតបច្ចុប្បន្ននៃការផ្គត់ផ្គង់សម្រាប់ការពារដែនអាកាសរបស់យើង មិនផ្តល់លទ្ធភាពឲ្យយើងស្ទាក់ចាប់មីស៊ីលមួយចំនួនធំបានទេ»។ ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ជូនប្រព័ន្ធស្ទាក់ចាប់មីស៊ីលប៉ាទ្រីយ៉ូត(Patriot) បន្ថែមទៀត។

រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយទទូចលើការទប់ស្កាត់នុយក្លេអ៊ែរ

2026/06/03 10:05:45 am        49
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា បានបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ទំនងជានឹងកើតឡើង ដោយសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ ត្រូវតែកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឲ្យបានច្រើនបំផុតមុនពេលទណ្ឌកម្មណាមួយត្រូវបានដកចេញ។ លោក Rubio បានប្រាប់គណៈកម្មាធិការសភាថា«មានទស្សនវិស័យ នៅចំពោះមុខយើង ដែលអាចកើតឡើងនៅថ្ងៃនេះ វាអាចកើតឡើងនៅថ្ងៃស្អែក ឬវាអាចកើតឡើងនៅសប្តាហ៍ក្រោយ»។ លោក Rubio បានផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា ខណៈ សង្គ្រាមរយៈពេលបីខែរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ ទំនងជានៅជាប់គាំងជុំវិញការបិទច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដោយបន្តរំខានដល់ទីផ្សារថាមពលសកល។ លោក Rubio បានទទូចថា ទីក្រុងតេអេរ៉ង់ ត្រូវតែបើកឡើងវិញច្រកដឹកជញ្ជូនសម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយ ខណៈក៏ព្រមព្រៀងទប់ស្កាត់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនដើម្បីមើលឃើញថាទណ្ឌកម្មត្រូវបានដកចេញ។ លោក Rubio និយាយថា «អ៊ីរ៉ង់កំពុងជាប់ទណ្ឌកម្ម ព្រោះពួកគេបានចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមយ៉ាងច្រើន អ៊ីរ៉ង់កំពុងត្រូវបានដាក់ទណ្ឌកម្មដោយសារតែសកម្មភាពនុយក្លេអ៊ែររបស់ពួកគេ»។ «ប្រសិនបើពួកគេព្រមព្រៀងបោះបង់ចោលរឿងទាំងនេះ នោះនឹងមានការបន្ធូរបន្ថយទណ្ឌកម្ម»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញទំនុកចិត្តដដែលៗថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ជិតមកដល់ហើយ ប៉ុន្តែការចរចាបានជាប់គាំង។ ទោះបីជាបទឈប់បាញ់ភាគច្រើនត្រូវបានធ្វើឡើងចាប់តាំងពីដើមខែមេសាក៏ដោយ កងកម្លាំងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក បានវាយប្រហារគ្នាទៅវិញទៅមក ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន

2026/06/03 10:03:49 am        48
អ៊ីស្រាអែល និងហេសបូឡា បានបាញ់ប្រហារដាក់គ្នាកាលពីថ្ងៃអង្គារ ២ មិថុនាសប្ដាហ៍នេះ ខណៈក្រុមអ្នកការទូតលីបង់ និងអ៊ីស្រាអែល បានជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាដោយផ្ទាល់ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ក្រុមសកម្មប្រយុទ្ធនេះគឺជាឧបសគ្គតែមួយគត់ចំពោះកិច្ចព្រមព្រៀងសន្តិភាព។ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា លោកបានសម្របសម្រួលកិច្ចព្រមព្រៀងមួយ ដែលស្ថានទូតលីបង់ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ក្រោយមកបាននិយាយថា ដំបូងឡើយនឹងគ្របដណ្តប់តែការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងបេរូត និងការវាយប្រហាររបស់ហេសបូឡាលើទឹកដីអ៊ីស្រាអែល មុនពេលពង្រីកវិសាលភាព។អ៊ីស្រាអែលបានប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា ចាប់តាំងពីក្រុមនេះបានអូសទាញលីបង់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដែលចេះតែរីកធំ ដោយវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ២ មីនា២០២៦នេះ ដើម្បីគាំទ្រអ៊ីរ៉ង់ ក្រោយអាមេរិក និងអ៊ីស្រាអែល វាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំនេះ។ភាគីទាំងពីរមិនបានទទួលយកកិច្ចព្រមព្រៀងរបស់លោក Trump ជាសាធារណៈនោះទេ ដោយមន្ត្រីជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Mahmud Qomati បានប្រាប់សារព័ត៌មាន AFP នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា ក្រុមនេះ "នឹងមិនទទួលយកបទឈប់បាញ់ដោយផ្នែកទេ"។ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់ បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលមួយចំនួនបានបណ្តាលឱ្យមានមនុស្សស្លាប់ លើទីតាំងប្រហែល៣០ កន្លែងនៅទូទាំងភាគខាងត្បូងកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ៕

អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់

2026/06/03 10:00:40 am        91
យោធាសហរដ្ឋអាមេរិក បានបាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងមួយគ្រឿងដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ជាផ្នែកមួយនៃការបិទផ្លូវដែលត្រូវបានដាក់ដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាអ្នកដែលកំពុងដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ឱ្យចរចាកិច្ចព្រមព្រៀងសន្តិភាពតាមលក្ខខណ្ឌរបស់លោក។ ទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក បានបង្ហោះវីដេអូមួយដែលបង្ហាញពីមីស៊ីលវាយប្រហារនាវាដឹកប្រេង និងបាននិយាយថា ខ្លួនបានកំណត់គោលដៅលើបន្ទប់ម៉ាស៊ីនរបស់នាវា M/T Lexie បំពាក់ទង់ជាតិប្រទេសបុតស្វាណា ដែលបានធ្វើឱ្យនាវាលែងដំណើរការ។ ទីបញ្ជាការកណ្តាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ក្រុមនាវិកនៅលើនាវា មិនអើពើទៅនឹងការព្រមានដដែលៗ ដោយមិនគោរពតាមការណែនាំពីកងកម្លាំងសហរដ្ឋអាមេរិក»។ យន្តហោះអាមេរិកមួយគ្រឿង បានធ្វើឱ្យនាវានេះលែងដំណើរការដោយបានបាញ់មីស៊ីល Hellfire ទៅលើបន្ទប់ម៉ាស៊ីនរបស់នាវា រារាំងនាវាដឹកប្រេងមិនឱ្យទៅដល់្រទេសអ៊ីរ៉ង់»។ នាវា Lexie គឺជានាវាទី៦ដែលយោធាសហរដ្ឋអាមេរិកធ្វើឲ្យលែងដំណើរការចាប់តាំងពីខ្លួនបានចាប់ផ្តើមបិទផ្លូវទឹកអ៊ីរ៉ង់នៅថ្ងៃទី១៣ ខែមេសា។ យោធាសហរដ្ឋអាមេរិក និយាយថា ខ្លួនក៏បានបង្វែរទិសដៅនាវាចំនួន១២២ គ្រឿងដែលលព្យាយាមចូល ឬចាកចេញពីកំពង់ផែអ៊ីរ៉ង់ រហូតមកដល់ពេលនេះ។

អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​

2026/06/03 09:16:00 am        122
យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថាសប្ដាហ៍នេះ​​ ខ្លួនបាន «កម្ចាត់» ការវាយប្រហារដោយមីស៊ីល និងយានដ្រូន​របស់អ៊ីរ៉ង់ជាបន្តបន្ទាប់នៅក្នុងឈូងសមុទ្រ និងបានវាយប្រហារការពារខ្លួនលើកោះ Qeshm របស់អ៊ីរ៉ង់។​​​ ទី​​បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom)ក៏បានបដិសេធការអះអាងរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ផងដែរ​ដែល​ថា អ៊ីរ៉ង់​​បានវាយប្រហារទីស្នាក់ការកណ្តាលនៃកងនាវាទីប្រាំរបស់កងទ័ពជើងទឹកអាមេរិកនៅក្នុងប្រទេសបារ៉ែន និងមូលដ្ឋានទ័ពអាកាសដាច់ដោយឡែកមួយនៅក្នុងតំបន់។ Centcom បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ទៅកាន់ប្រទេសជិតខាងក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ មីស៊ីលទាំងអស់មិនបានវាយប្រហារគោលដៅដែលពួកគេបានគ្រោងទុកនោះទេ»។​ មីស៊ីលអ៊ីរ៉ង់ពីរគ្រាប់ដែលបាញ់ទៅលើប្រទេសកូ​​វ៉ែតបានធ្លាក់ភ្លាមៗ​​ ឬបែកខ្ទេចខ្ទីនៅលើអាកាស​​ ហើយមីស៊ីលបីគ្រាប់ដែលបាញ់ទៅលើប្រទេសបារ៉ែនត្រូវបានស្ទាក់ចាប់ភ្លាមៗ ​ដោយកងកម្លាំងការពារដែនអាកាសអាមេរិក និងបារ៉ែន។​ យោធាកូ​វ៉ែតបាននិយាយថា ប្រព័ន្ធ​ការពារដែនអាកាសរបស់ខ្លួនកំពុងស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយានដ្រូន​របស់​សត្រូវ។ Centcom បាននិយាយថា​ យោធាអាមេរិកក៏បានបាញ់ទម្លាក់យានដ្រូន​​វាយប្រហារចំនួនបីគ្រឿងដែលត្រូវបានបាញ់ដោយអ៊ីរ៉ង់ «ឆ្ពោះទៅរកនាវិកស៊ីវិលដែលកំពុងឆ្លងកាត់ដែនទឹកក្នុងតំបន់ដោយស្របច្បាប់​ផងដែរ​។ ទី​​បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ខាងលើ​​បាននិយាយថា ការវាយប្រហារទាំងនោះបានកំណត់គោលដៅលើ «ស្ថានីយត្រួតពិនិត្យលើ​ដីរបស់​យោធាអ៊ីរ៉ង់» នៅលើកោះនេះ ដោយបន្ថែមថា គ្មានបុគ្គលិកអាមេរិកណាម្នាក់រងរបួសនោះទេ៕

អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត

2026/06/03 08:03:22 am        100
សារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអង្គារ ២ មិថុនាសប្ដាហ៍នេះថា អ៊ីរ៉ង់កំពុងពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងដែលបានស្នើឡើងជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់សង្គ្រាមរវាងប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយកំពុងបន្ត។ ជាងបីខែបន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ជម្លោះនេះបានក្លាយទៅជាភាពជាប់គាំង ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីចរចាកិច្ចព្រមព្រៀងបណ្តោះអាសន្នបានបង្ហាញថាពុំមានលទ្ធផលច្បាស់លាស់ ដែលធ្វើឱ្យច្រកសមុទ្រ Hormuz ភាគច្រើនត្រូវបានបិទ។ សារព័ត៌មាន Mehr បានដកស្រង់ប្រភពមួយដែលនិយាយថា អ៊ីរ៉ង់ពុំទាន់បានឆ្លើយតបទៅនឹងអត្ថបទចុងក្រោយដែលបានស្នើឡើងនៃកិច្ចព្រមព្រៀងបណ្តោះអាសន្ននៅឡើយទេ ហើយកំពុងប្រើវិធីសាស្រ្ត "តឹងរ៉ឹង" ដោយសារតែអ្វីដែលខ្លួនមើលឃើញថាជាប្រវត្តិសាស្ត្រនៃការមិនអនុលោមតាមរបស់សហរដ្ឋអាមេរិក និងការមិនទុកចិត្តយូរអង្វែង។ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars ដែលក៏បានដកស្រង់ប្រភពមួយផងដែរ បានបន្ថែមថា សារស្តីពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន ឬអនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានបញ្ឈប់កាលពីប៉ុន្មានថ្ងៃមុន ដោយសារចុងក្រោយគឺជា "សារច្បាស់លាស់" របស់ទីក្រុងតេអេរ៉ង់លើប្រទេសលីបង់ ជាទីដែលអ៊ីរ៉ង់កំពុងស្វែងរកការបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ខ្លួនគឺ ក្រុមហេសបូឡា ។ លោក Trump បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ការចរចាកំពុងបន្ត ហើយនឹងមានកិច្ចព្រមព្រៀងមួយដើម្បីពង្រីកបទឈប់បាញ់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញនៅសប្តាហ៍ក្រោយ។អ៊ីរ៉ង់បានព្រមានថាខ្លួននឹងដើរចេញពីកិច្ចព្រមព្រៀងជាមួយអាមេរិកបើអ៊ីស្រាអែលនៅតែបន្តវាយប្រហារលើក្រុមហេសបូឡានៅលីបង់៕ 

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ

2026/06/02 08:59:39 pm        30
មូលនិធិកុមារអន្តរជាតិនៃអង្គការសហប្រជាជាតិ(UNICEF) បានព្រមាននៅថ្ងៃអង្គារនេះថា ការហក់ឡើងខ្ពស់ថ្លៃដឹកជញ្ជូន និងការបង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់ បង្កឡើងដោយសារវិបត្តិនៅតំបន់មជ្ឈិមបូព៌ា កំពុងគំរាមកំហែងដល់ការចែកចាយជំនួយសង្រ្គោះជីវិតកុមារ ។រយៈពេលជិត ១០០ថ្ងៃចូលក្នុងវិបត្តិចុងក្រោយនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឲ្យកើនឡើងអសន្តិសុខនៅជុំវិញផ្លូវដឹកជញ្ជូនសំខាន់ៗនៅតំបន់ឈូងសមុទ្រ រួមទាំងច្រកសមុទ្រ Hormuz ធ្វើឲ្យតម្លៃប្រេង និងបុព្វលាភធានារ៉ាប់រង កើនឡើង ខណៈការកកស្ទះនៅតាមកំពង់ផែ ធ្វើឲ្យមានការរំខានកាន់តែធ្ងន់ធ្ងរ និងរារាំងដល់ការចែកចាយជំនួយ ។លោក Jean-Cedric Meeus គឺជាប្រធានផ្នែកដឹកជញ្ជូន និងភស្តុភារសកលរបស់ UNICEF និយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ តាមការតភ្ជាប់វីដេអូពីទីក្រុង Mogadishu ថា ការកើនឡើងថ្លៃដឹកជញ្ជូន មានន័យថា ប្រាក់កាន់តែតិចត្រូវការសម្រាប់ជំនួយផ្គត់ផ្គង់សង្រ្គោះអាយុជីវិត កុមារ ហើយរូបលោកគូសបញ្ជាក់ផងដែរថា ប្រតិបត្តិការរបស់ UNICEF រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ទីភ្នាក់ងារមួយនេះ និយាយថា ថវិការដឹកជញ្ជូនរបស់ពួកគេ នៅប្រទេសម៉ាលី បានកើនឡើងចំនួន ៣៦ភាគរយ នៅត្រីមាសដំបូង ក្នុងឆ្នាំនេះ បង្ខំឲ្យមានការដោះដូរយ៉ាងលំបាករវាងការកាត់បន្ថថយចំនួនថ្នាំព្យាបាលសង្រ្គោះជីវិត(RUTF) និងចំនួនកុមារដែលត្រូវព្យាបាល ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចចុះត្រួតពិនិត្យ៤ទីតាំង​​ ក្នុងក្រុងប៉ោយប៉ែតរកឃើញជនបរទេស​ស្នាក់នៅ​ជាង១០០នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
06/20/2026 08:06 AM
ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 08:06 AM
ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
06/20/2026 07:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”
06/20/2026 07:06 AM
គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM