ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

គ្រូពេទ្យស្ថិតក្នុងចំណោមមនុស្សច្រើននាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់

2026/05/11 11:23:33 am        70
ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់ និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះបានសម្លាប់មនុស្សជាង ៥០នាក់ រួមមានទាំងបុគ្គលិកពេទ្យសង្គ្រោះបឋមពីរនាក់។ ក្រសួងបាននិយាយថា «សត្រូវអ៊ីស្រាអែល នៅតែបន្តរំលោភច្បាប់អន្តរជាតិ និងបទដ្ឋានមនុស្សធម៌ ហើយឧក្រិដ្ឋកម្មកាន់តែច្រើនលើក្រុមគ្រូពេទ្យសង្គ្រោះបឋម ខណៈអ៊ីស្រាអែលកំណត់គោលដៅដោយផ្ទាល់ទៅលើទីតាំងពីរកន្លែងរបស់អាជ្ញាធរសុខាភិបាលនៅតំបន់ Qalawiya និង Tibnin ក្នុងការវាយឆ្មក់ពីរលើក»។ បទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក បានចូលដល់សប្តាហ៍ទីបី។ ក្រសួងបាននិយាយថា មនុស្សចំនួន ២.៨៤៦ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី ២ ខែមីនា នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាថ្មី។ ចាប់តាំងពីពេលនោះមក អង្គការសហប្រជាជាតិនិយាយថា យ៉ាងហោចណាស់បុគ្គលិកពេទ្យនៅលីបង់ចំនួន ១០៣ នាក់ត្រូវបានសម្លាប់ និង ២៣០ នាក់បានរងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជាង ១៣០ លើក។ លោក Ali Safiuddin ប្រធានការពារជនស៊ីវិលលីបង់នៅទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ បាននិយាយថា «យើងស្ថិតនៅក្រោមការគំរាមកំហែងគ្រប់វិនាទី ជារៀងរាល់ថ្ងៃ»។ «យើងសួរខ្លួនឯង ថាតើយើងនឹងរស់រានមានជីវិត ឬយើងត្រូវស្លាប់ យើងដឹងថាយើងបានលះបង់អាយុជីវិតរបស់យើងរួចហើយពេលមកធ្វើការនៅទីនេះ។ យើងបានបាត់បង់មនុស្សជាច្រើន ហើយយើងគិតថា យើងក៏នឹងបាត់បង់ដែរ»។ អ្នកសារព័ត៌មានរបស់ Al Jazeera ដែលរាយការណ៍ពីទីក្រុង Tyre បាននិយាយថា ច្បាប់មនុស្សធម៌អន្តរជាតិ គឺច្បាស់លាស់ ដែលបុគ្គលិកពេទ្យ និងក្រុមអ្នកឆ្លើយតបដំបូង ដូចជាក្រុមការពារជនស៊ីវិលលីបង់ ត្រូវតែត្រូវបានការពារនៅក្នុងជម្លោះប្រដាប់អាវុធ។

ប្រទេសចិន ប្រកាសពីដំណើរទស្សនកិច្ចរបស់លោក Trump ចាប់ពីថ្ងៃទី១៣ ដល់ ១៥ឧសភា សប្ដាហ៍នេះ

2026/05/11 11:18:52 am        76
ទីក្រុងប៉េកាំងបានបញ្ជាក់នៅថ្ងៃចន្ទ ១១ ខែឧសភា សប្ដាហ៍​​នេះ​​ ថាលោក​​​ប្រធានាធិបតី Donald Trump នឹងបំពេញទស្សនកិច្ចនៅ​​ប្រទេសចិនចាប់ពីថ្ងៃទី ១៣​​ ដល់១៥ ខែឧសភា ដោយមេដឹកនាំអាមេរិករូបនេះ ត្រូវគេរំពឹងថានឹងពិភាក្សាអំពីបញ្ហា​អ៊ីរ៉ង់ និងពាណិជ្ជកម្មជាមួយសមភាគីចិនរបស់លោក។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ​បានធ្លាក់​ក្នុង​ជម្លោះ​​​លើបញ្ហាសំខាន់ៗជាច្រើនចាប់ពីពន្ធពាណិជ្ជកម្មរហូតដល់សង្គ្រាមមជ្ឈិមបូព៌ា និងកោះតៃវ៉ាន់ ដែលប្រទេសចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ដំបូងឡើយលោក Trump គ្រោងទៅ​​បំពេញទស្សនកិច្ចនៅចុងខែមីនា ឬដើមខែមេសាកន្លងទៅ​​​នេះ​​ ប៉ុន្តែបានពន្យារពេលដំណើរទស្សនកិច្ចរបស់លោកដើម្បីផ្តោតលើសង្គ្រាមអ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ​​​តាមការអញ្ជើញរបស់លោក​​​​ប្រធានាធិបតី Xi Jinping ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​​ ​Donald J Trump នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី១៣​ ដល់​១៥ ខែឧសភា​​ខាង​មុខនេះ​​។​​ នៅមុន​ជំនួប​ទល់មុខគ្នា​ដែល​បានគ្រោងទុកនេះ​ ក្រុមអ្នក​វិភាគ​បាន​លើកឡើងថា​ ជំនួប​នោះ​ នឹងមិនមាន​​​​​លទ្ធលផ​ផ្លែផ្កា​​ទេ​។  មេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកនឹងធ្វើកិច្ចចរចាផ្ទាល់មុខជាលើកដំបូងក្នុងរយៈពេលជាងប្រាំមួយខែ។​ លោក Trump គ្រោងនឹងទៅ​​ដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធសប្ដាហ៍នេះ​​ មុនពេលកិច្ចពិភាក្សាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។​នេះ​នឹងក្លាយ​ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៧​។ជំនួប​ទល់មុខគ្នា​ចុងក្រោយ​របស់​មេដឹកនាំ​ទាំងពីរ​​​​បានធ្វើឡើង​នៅ​ក្នុង​​ប្រទេស​កូរ៉េខាងត្បូង​ កាលពី​ឆ្នាំមុន៕

ប្រេងឡើងថ្លៃ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនយល់ស្របលើសំណើសន្តិភាពចុងក្រោយ​

2026/05/11 11:15:58 am        65
តម្លៃប្រេងបានកើនឡើងជាង​​​ ៣ ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទ ១១​​ឧសភា ​​សប្ដាហ៍នេះ ​ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ​​បរាជ័យក្នុងការយល់ព្រមលើសំណើសន្តិភាពដែលរៀបចំឡើងដោយទីក្រុងវ៉ាស៊ីនតោន ស្របពេល​​ច្រកសមុទ្រហ័រមូសនៅតែបិទ ​ដែលបន្ត​​ធ្វើឱ្យ​ចរន្ត​​ផ្គត់ផ្គង់ថាមពលសកល​​​​ច្របូកច្របល់​។ តម្លៃ​ប្រេងឆៅ​ Brent បានកើនឡើង ៣,១៨ ដុល្លារ ឬ ៣,១៤% ដល់ ១០៤,៤៧ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ២៣:៣៦ នាទី​ ​ម៉ោង​ក្នុងស្រុក​​​ ដោយបន្តកើនឡើង ១,២៣%។​ ​ តម្លៃ​​ប្រេង West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ ៩៨,៥១ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៣,០៩ ដុល្លារ ឬ ៣,២៤% បន្ទាប់ពីបានឡើងថ្លៃ ០,៦៤% ក្នុងវគ្គជួញដូរមុន។ ក្តីសង្ឃឹមសម្រាប់ការបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់រយៈពេល ១០ សប្តាហ៍ ដែលនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវបានបំផ្លាញ បន្ទាប់ពីប្រធានាធិបតី Donald ​Trump កាលពីថ្ងៃអាទិត្យ បានច្រានចោលការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការចរចាសន្តិភាពថា មិនអាចទទួលយកបាន។  លោក Tony Sycamore អ្នកវិភាគទីផ្សារអន្តរជាតិ​ IG ​នៅ​អូស្ត្រាលី បាននិយាយនៅក្នុងកំណត់ចំណាំមួយថា ការចាប់អារម្មណ៍របស់ទីផ្សារឥឡូវនេះ ​បាន​ងាកទៅ​​រកដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Trump ទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ៕

នាយករដ្ឋមន្ត្រី​​អង់គ្លេស​លោក Starmer ទាត់ចោលការអំពាវនាវឱ្យលាលែងពីតំណែង ​​ខណៈសម្ពាធកើនឡើង​

2026/05/11 10:37:07 am        75
លោកនាយករដ្ឋមន្ត្រី​​អង់គ្លេស Keir Starmer កាលពីថ្ងៃអាទិត្យបានប្រឈមនឹងការអំពាវនាវឡើងវិញរបស់គណបក្សការងារ​​ឱ្យលាលែង​​ពី​តំណែង​ ខណៈ​លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីថ្លែងសុន្ទរកថាមួយដែលបង្ហាញពីតម្លៃរបស់លោក និងចក្ខុវិស័យគាំទ្រសហភាពអឺរ៉ុប ដោយ​​​លោកសង្ឃឹមថានឹងបង្ក្រាបការបះបោរកាន់តែខ្លាំងឡើងក្នុងគណបក្សរបស់លោក។​លោក Starmer ដែលបានឈ្នះឆ្នោតយ៉ាងច្រើ​ន​លើស​លុបកាលពី​ឆ្នាំ២០២៤ ​ មិនត្រឹមតែបានបដិសេធគំនិតនោះពីអ្នកមួយចំនួន​​នៅក្នុងគណបក្សរបស់លោកឲ្យរូបលោក​លាលែងពី​តំណែង​ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Observer លោក​​ក៏បាន​លើកឡើង​​​ថាលោកអាចកាន់អំណាចបានរយៈពេល១០​ ឆ្នាំផងដែរ។​​​​ លោកនាយករដ្ឋមន្ត្រីនឹងព្យាយាមតស៊ូវាយបក​វិញ​ក្នុងឆាក​នយោបាយ​ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ជាមួយនឹងសុន្ទរកថាមួយនៅថ្ងៃចន្ទនេះ​ និងច្បាប់ថ្មីក្នុងសុន្ទរកថារបស់ព្រះមហាក្សត្រនៅថ្ងៃពុធ ប្រឆាំងនឹងការ​ផ្ទុះឡើង​នៃកំហឹងយ៉ាងខ្លាំងចំពោះការបរាជ័យក្នុងការបោះឆ្នោតតំបន់នៅសប្តាហ៍នេះ។ ​លទ្ធផល​​បឋម​កាលពី​ថ្ងៃ​​សុក្រ​សប្ដាហ៍មុន ​ បង្ហាញ​ពី​​កំហឹង​​​កប់យ៉ាងជ្រៅ​របស់អ្នកបោះឆ្នោតចំពោះ​​​​លោក​ ​​ Keir Starmer។​ ​​អ្នកទទួលផលចម្បងគឺគណបក្សកំណែទម្រង់ប្រជានិយមប្រឆាំងអន្តោប្រវេសន៍ ដែលទទួលបានអាសនៈក្រុមប្រឹក្សារាប់រយ។​ ប៉ុន្តែលោកប្រឈម​នឹងការតស៊ូដ៏លំបាកមួយ។ កាលពី​​ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ​​ អតីតរដ្ឋមន្ត្រីលោក​​ Josh Simons បានក្លាយជាសមាជិកសភា​​​របស់គណបក្ស​ការងារចុងក្រោយបង្អស់ដែលអំពាវនាវឱ្យលោកចាកចេញតំណែង​​។លោកនិយាយថា រូប​​លោក​​មិនជឿថាលោកនាយករដ្ឋមន្ត្រី អាចងើបឈរ​​បាននៅពេលនេះទេ។ លោកបានបាត់បង់ប្រទេស។ លោកគួរតែរៀបចំ​ការ​ផ្ទេ​អំណាចតាមសម្រួល​​​​​ទៅកាន់នាយករដ្ឋមន្ត្រីថ្មី​​​។​ លោកស្រី Catherine West អតីតរដ្ឋមន្ត្រីមួយរូប​​ទៀត បាននិយាយថា គណបក្សការងារ​​ មានបញ្ហា ហើយត្រូវចាត់វិធានការឲ្យបានឆាប់រហ័ស ខណៈ​​លោកស្រីបាននិយាយម្តងទៀតអំពីការគំរាមកំហែងដែលលោកស្រីបានធ្វើកាលពីថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមការ​ជ្រើសតាំង​មេដឹកនាំឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅថ្ងៃចន្ទ​១១​​ឧសភានេះ​។សមាជិកសភាគណបក្សការងារ​​ប្រហែល ៣០ រូបបានអំពាវនាវឲ្យលោក Starmer លាលែងពីតំណែង ឬកំណត់កាលបរិច្ឆេទសម្រាប់ការចាកចេញរបស់លោក៕

[UPDATE] អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយ​ឃុំខ្លួន​​ប្រហែល​​៨​ខែ​ តែ​ស្ថិតក្រោមការតាមដាន​៤ខែ​​ ​​​​​

2026/05/11 09:48:11 am        98
អតីតនាយករដ្ឋមន្ត្រីរួបរឹតដោយ​រឿងក្ដី​របស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ​ (​Thaksin Shinawatra)ត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃចន្ទ​​១១​ឧសភា​​សប្ដាហ៍នេះ​ បន្ទាប់ពីជាប់ពន្ធនាគារប្រហែលប្រាំបីខែ ក្រោយ​តុលាការបា​នសម្រេចថា លោកបានស្នាក់នៅមន្ទីរពេទ្យដោយខុសច្បាប់ ដើម្បីគេចពីការជាប់ពន្ធនាគារ។​ មហាសេដ្ឋីវ័យ ៧៦ ឆ្នាំរូបនេះ បានប្រឡូក​ឆាកនយោបាយ​ជាថ្មី​ និងគ្របដណ្ដប់លើនយោបាយថៃអស់រយៈពេល២៥​​ឆ្នាំ​មកហើយ ប៉ុន្តែឥទ្ធិពលរបស់លោកបានរសាត់ឆ្ងាយ​នាពេលថ្មីៗនេះ បន្ទាប់ពីការជាប់ពន្ធនាគារចុងក្រោយ​ និងការបរាជ័យ​យ៉ាងធ្ងន់ធ្ងរ​របស់​​គណបក្សភឿថៃ​ (Pheu Thai Party) ​ក្នុងការ​បោះឆ្នោត​​​​​កាលពី​ដើមឆ្នាំនេះ។​​​ដោយ​​​កាត់សក់ខ្លី​ និងស្លៀកសម្លៀកបំពាក់​ពណ៌សធម្មតា​ លោក ថាក់ស៊ីន បានដើរចេញពីពន្ធនាគារនៅម៉ោងប្រហែល ៧:៤០ ព្រឹក ម៉ោងក្នុងស្រុក​​ និងភ្លាមៗ​នោះត្រូវបានចោមរោម​ដោយសមាជិកគ្រួសារ រួមទាំងកូនស្រី និងជាអ្នក​បន្តវេន​​ គឺលោកស្រី ផែថងថាន​​ ស៊ីណាវ៉ាត់ (​Paetongtarn Shinawatra)ដែលត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីដោយសាលក្រម​​របស់តុលាការកាលពីខែសីហា ឆ្នាំ២០២៥​​ ប៉ុន្មានសប្តាហ៍មុនពេលលោកជាប់ពន្ធនាគារ។បន្ទាប់ពីរស់នៅនិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ លោកថាក់ស៊ីន ​​បានវិលត្រឡប់មកប្រទេសថៃវិញនៅឆ្នាំ ២០២៣ ដើម្បីប្រឈម​នឹងការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំពីបទជម្លោះផលប្រយោជន៍ ពុករលួយ​​ ​និងការរំលោភអំណាច ​ពេល​រូប​​​លោកធ្វើ​​ជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០០១ ដល់ ២០០៦ ដែលត្រូវបានព្រះមហាក្សត្រសម្រាល​​​​​​ទោស​​មកត្រឹម​​​មួយឆ្នាំវិញ។​ប៉ុន្តែលោកបានជាប់ពន្ធនាគារត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកវិលត្រឡប់មកប្រទស​​​វិញ ដោយត្អូញត្អែរពីបញ្ហាបេះដូង និងឈឺទ្រូង បន្ទាប់មកបានចំណាយពេលប្រាំមួយខែនៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យមួយ រហូតដល់លោកត្រូវបានដោះលែងនៅពេល​​ តែ​​​តុលាការ​​តម្រូវ​ឲ្យ​លោក​​ពាក់​ឧបករណ៍អេឡិច​ត្រូនិក​​តាមដាន​សកម្មភាព​​រយៈពេល​​៤​ខែ​៕

អ៊ុយក្រែន និងរុស្ស៊ី ចោទគ្នាទៅវិញទៅមកពីការរំលោភលើបទឈប់បាញ់ដែលគាំទ្រដោយអាមេរិក

2026/05/11 09:41:39 am        83
បទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងរុស្ស៊ី និងអ៊ុយក្រែន ទំនងជាស្ថិតនៅក្រោមភាពតានតឹងខ្លាំងនៅថ្ងៃទីពីរកាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ដោយភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភលើកិច្ចព្រមព្រៀងដោយការវាយប្រហារកាលពីចុងសប្តាហ៍។ ការផ្អាករយៈពេលបីថ្ងៃ ដែលបានប្រកាសកាលពីថ្ងៃសុក្រដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ គឺជាផ្នែកមួយនៃការជំរុញសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិក ដែលរហូតមកដល់ពេលនេះបានបរាជ័យក្នុងការបញ្ចប់សង្គ្រាមមានរយៈពេលជាងបួនឆ្នាំ ទោះបីជាមានផ្នែកការទូតជាច្រើនខែមកក៏ដោយ។ មន្ត្រីអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្សបីនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីនៅលើតំបន់ជិតសមរភូមិជួរមុខ ហើយការប៉ះទង្គិចគ្នានៅសមរភូមិជាង២០០លើក បានកើតឡើងចាប់តាំងពីព្រឹកថ្ងៃសៅរ៍។ ប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីបានបញ្ចៀសការវាយប្រហារតាមអាកាស និងមីស៊ីលទ្រង់ទ្រាយធំ ប៉ុន្តែបានបន្តវាយប្រហារនៅតាមផ្នែកមួយចំនួននៃសមរភូមិជួរមុខ ជាកន្លែងដែលកងកម្លាំងរបស់ខ្លួនកំពុងរុលទៅមុខ។ លោកបាននិយាយក្នុងសុន្ទរកថារបស់លោកថា កងទ័ពរុស្ស៊ី មិនបានឃើញភាពស្ងៀមស្ងាត់ណាមួយនៅសមរភូមិទេ ហើយកងទ័ពអ៊ុយក្រែនក៏បានឆ្លើយតប និងការពារទីតាំងរបស់ខ្លួន។ កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ី បានចោទអ៊ុយក្រែនថាបានបំពានលើការផ្អាកនេះ ដោយនិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែនចំនួន ៥៧ គ្រឿងក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ ហើយ «បានឆ្លើយតបវិញ» នៅលើសមរភូមិ។ 

ការជម្លៀសអ្នកដំណើរពីនាវារងការវាយលុកដោយវីរុស Hantavirus ជិតបញ្ចប់ហើយ ខណៈមនុស្សច្រើននាក់ត្រឡប់ទៅប្រទេសវិញ

2026/05/11 09:40:04 am        68
ប្រតិបត្តិការដ៏ស្មុគស្មាញរយៈពេលមួយថ្ងៃ ដើម្បីបញ្ជូនត្រឡប់ទៅវិញអ្នកជិះនៅលើនាវាទេសចរណ៍ដែលរងផលប៉ះពាល់ដោយការផ្ទុះឡើងវីរុស Hanta ជិតបញ្ចប់ហើយកាលពីល្ងាចថ្ងៃអាទិត្យ ទី ១០ ខែឧសភា បន្ទាប់ពីមនុស្ស ៩៤ នាក់ មានសញ្ជាតិផ្សេងៗគ្នាបានជិះយន្តហោះត្រឡប់ទៅប្រទេសវិញពីកោះ Canary របស់ប្រទេសអេស្ប៉ាញ។ អ្នកដំណើរបីនាក់នៅលើពីនាវា MV Hondius ជាស្វាមីភរិយាជនជាតិហូឡង់ និងស្ត្រីជនជាតិអាល្លឺម៉ង់ម្នាក់ បានស្លាប់ ខណៈអ្នកផ្សេងទៀតបានធ្លាក់ខ្លួនឈឺដោយសារជំងឺដ៏កម្រនេះ ដែលជាធម្មតា រាលដាលក្នុងចំណោមពពួកសត្វកកេរ។ គ្មានវ៉ាក់សាំង ឬការព្យាបាលជាក់លាក់ណាមួយសម្រាប់វីរុស Hanta ជាជំងឺរាតត្បាតនៅក្នុងប្រទេសអាហ្សង់ទីន ជាកន្លែងដែលនាវាបានចេញដំណើរកាលពីខែមេសា។ ប៉ុន្តែមន្ត្រីសុខាភិបាល បានបញ្ជាក់ថា ហានិភ័យសម្រាប់សុខភាពសាធារណៈសកលមានកម្រិតទាប ហើយបាននិយាយសម្រាលពីការប្រៀបធៀបទៅនឹងជំងឺរាតត្បាត COVID-19។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញ លោកស្រី Monica Garcia បានប្រកាសនៅលើកោះ Tenerife បន្ទាប់ពីអ្វីដែលលោកស្រីចាត់ទុកថាជាថ្ងៃដ៏លំបាក ដោយនិយាយថា ប្រតិបត្តិការបានជម្លៀសមនុស្ស៩៤នាក់ មកពី១៩ប្រទេស។ មន្ត្រីអេស្ប៉ាញ បាននិយាយថា ការជម្លៀសអ្នកដំណើរ និងនាវិកភាគច្រើននៅលើនាវាដែលមានមនុស្សជិត ១៥០ នាក់ មកពី២៣ប្រទេស នឹងបន្តរហូតដល់ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ចុងក្រោយទៅកាន់ប្រទេសអូស្ត្រាលី និងហូឡង់ នៅរសៀលថ្ងៃចន្ទនេះ។

ការពិភាក្សារវាងលោកTrump និងលោក Xi ត្រៀមពង្រីកដល់បញ្ហាអ៊ីរ៉ង់ កោះតៃវ៉ាន់ នុយក្លេអ៊ែរ ពាណិជ្ជកម្មនិងAI

2026/05/11 09:36:25 am        80
យោងតាមក្រុម​​មន្ត្រីអាមេរិកដែល​​កំពុង​​ត្រួតពិនិត្យ​​​​សម្រាប់​​ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក Trump ទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ ​បាន​ឲ្យដឹងថា​ ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping គ្រោងនឹងពិភាក្សាគ្នាអំពីបញ្ហា​​អ៊ីរ៉ង់ កោះ​​តៃវ៉ាន់ បញ្ញាសិប្បនិម្មិត និងអាវុធនុយក្លេអ៊ែរ ខណៈប្រទេស​ទាំងពីរ​​​​កំពុងពិចារណាពង្រីកកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយ ។​​ មេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក នឹងធ្វើកិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេលជាងប្រាំមួយខែ ខណៈ​ព្យាយាមធ្វើឱ្យប្រសើរឡើង​​វិញនូវ​​​​ទំនាក់ទំនង​​​ដែល​​​តានតឹងដោយសារពាណិជ្ជកម្ម សង្គ្រាមអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ និងវិស័យផ្សេងទៀត។​​​ លោក Trump គ្រោងទៅ​​​ដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធ​សប្ដាហ៍នេះ​​ មុនពេលកិច្ចពិភាក្សាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ​ ត្រូវនឹង​ថ្ងៃ​ ​១៤ និង​១៥​​ ឧសភា​ ​​។ នោះ​នឹងក្លាយ​ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៧។​ មន្ត្រីទាំងនោះបាននិយាយថាអាមេរិក និងចិនត្រូវបានគេរំពឹងថានឹងយល់ព្រមលើ​ចំណុច​​នានាដើម្បីសម្រួ​លដល់ពាណិជ្ជកម្ម ​​និងការវិនិយោគទៅវិញទៅមក ខណៈប្រទេសចិនត្រូវបានគេរំពឹងថានឹងប្រកាសពីការទិញទាក់ទងនឹងយន្តហោះ Boeing ផលិតផល​​កសិកម្ម និងថាមពលរបស់អាមេរិក។ មន្ត្រីរូបនោះបាននិយាយថា ប្រទេសទាំងពីរក៏នឹងពិភាក្សាអំពីការបន្ថែមពេល​វេលា​សម្រាប់ការផ្អាក​​​​សង្គ្រាមពាណិជ្ជកម្មរវាង​ភាគីទាំង​​​ពីរ​ ដែលអ​នុ​ញ្ញាតឱ្យរ៉ែដ៏កម្រហូរចេញពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ទោះបីជាមិនទាន់ច្បាស់ថាតើកិច្ចព្រមព្រៀងនោះនឹងត្រូវបានពង្រីកនៅសប្តាហ៍នេះឬអត់ក៏ដោយ៕

ចក្រភពអង់គ្លេស និងបារាំង នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិស្តីពីច្រកសមុទ្រ Hormuz

2026/05/11 08:58:32 am        90
រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយថា អង់គ្លេស និងបារាំង នឹងរៀបចំកិច្ចប្រជុំពហុជាតិសាសន៍នៃរដ្ឋមន្ត្រីការពារជាតិស្តីពីផែនការយោធាដើម្បីស្តារឡើងវិញលំហូរពាណិជ្ជកម្មតាមរយៈច្រកសមុទ្រ Hormuz នៅថ្ងៃអង្គារ ទី១២ ខែឧសភា។ ការប្រកាស បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់ បានព្រមានទីក្រុងឡុងដ្រ៍ និងទីក្រុងប៉ារីស ប្រឆាំងនឹងការបញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យថា «រដ្ឋមន្ត្រីការពារជាតិ លោក John Healey នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំចូលរួមដោយប្រទេសជាង៤០ រួមជាមួយសមភាគីបារាំងរបស់លោក លោកស្រី Catherine Vautrin សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិលើកដំបូងនៃបេសកកម្មពហុជាតិសាសន៍»។ កិច្ចប្រជុំតាមបណ្តាញអនឡាញ ធ្វើឡើងបន្ទាប់ពីការជួបប្រជុំគ្នារយៈពេលពីរថ្ងៃនៅទីក្រុងឡុងដ៍កាលពីខែមេសា របស់អ្នករៀបចំផែនការយោធា ដែលបានពិភាក្សាអំពីការអនុវត្តជាក់ស្តែងនៃបេសកកម្មពហុជាតិសាសន៍ដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង ដើម្បីការពារការធ្វើនាវាចរណ៍នៅលើផ្លូវទឹកដ៏សំខាន់ បន្ទាប់ពីមានបទឈប់បាញ់ប្រកបដោយចីរភាព។ លោក Healey បាននិយាយថា «យើងកំពុងប្រែក្លាយកិច្ចព្រមព្រៀងផ្នែកការទូតទៅជាផែនការយោធាជាក់ស្តែង ដើម្បីស្តារឡើងវិញទំនុកចិត្តសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz»។ វាបានកើតឡើងនៅពេលដែលប្រទេសបារាំង និងអង់គ្លេស បានបញ្ជូននាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ា។ ប្រទេសបារាំង បានបញ្ជូននាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួនគឺនាវា Charles de Gaulle ហើយចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍ បាននិយាយថា ខ្លួនកំពុងបញ្ជូននាវាពិឃាត HMS Dragon ទៅតំបន់នោះផងដែរ។ ប្រទេសទាំងពីរ បាននិយាយថា ការដាក់ពង្រាយនេះគឺជា «ការដាក់ទីតាំងជាមុន» មុនបេសកកម្មអន្តរជាតិណាមួយដើម្បីជួយការពារ ការដឹកជញ្ជូន។

លោក Trump ហៅការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើអាមេរិកក្នុងការបញ្ចប់សង្គ្រាមថាមិនអាចទទួលយកបានទាំងស្រុង ​

2026/05/11 08:25:44 am        98
លោក​ប្រធានាធិបតី Donald Trump បានច្រានចោលការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើសហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្គ្រាមថា "មិនអាចទទួលយកបានទាំងស្រុង"។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់បាននិយាយថា សំណើរបស់ទីក្រុងតេអេរ៉ង់ ​ត្រូវបាន​​​ផ្ញើតាមរយៈប្រទេសប៉ាគីស្ថាន ដែលបានបម្រើការជាអ្នកសម្របសម្រួល រួមមានការបញ្ចប់សង្គ្រាមភ្លាមៗគ្រប់​ជួរមុខ​ទាំងអស់​ ការបញ្ឈប់ការបិទផ្លូវទឹក​​​អ៊ីរ៉ង់ពីសំណាក់​កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងការធានាមិនឱ្យមានការវាយប្រហារបន្ថែមទៀតលើអ៊ីរ៉ង់។ បទឈប់បាញ់មានបំណងសម្រួលដល់ការចរចាដើម្បីបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងខែកុម្ភៈ២០២៦​ ត្រូវបានតាមដាន​យ៉ាងទូលំទូលាយ ទោះបីជាមានការបាញ់ប្រហារម្តងម្កាលក៏ដោយ។កាលពីសប្តាហ៍មុន​ ​​លោក Trump បាននិយាយម្តងទៀតថា សង្គ្រាមនៅអ៊ីរ៉ង់នឹង "បញ្ចប់យ៉ាងឆាប់រហ័ស"។​​ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា ឃ្លាំងស្តុកអ៊ុយរ៉ានី​ញ៉ូមដែលចម្រាញ់រួច​របស់អ៊ីរ៉ង់ត្រូវតែ "ដកចេញ" មុនពេលសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់អាចត្រូវបានចាត់ទុកថាចប់។ លោក Netanyahu បាននិយាយនៅក្នុងសម្រង់​បទសម្ភាសន៍មួយចាក់​​ផ្សាយតាមកម្មវិធី '60 Minutes' របស់ទូរទស្សន៍​​ CBS ថា ​នៅតែមានកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម​ផ្សេងទៀត ​ដែលត្រូវតែកម្ទេច​ចោល​​។ ​កាលពី​ថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ពុំ​បាន​​សំដៅចំៗ​លើសំណើនេះទេ ប៉ុន្តែបាននិយាយថា ពួកលោក​​នឹងមិនឱនក្បាលដាក់​​សត្រូវឡើយ ហើយប្រសិនបើការនិយាយអំពីការសន្ទនា ឬការចរចាកើតឡើង វាមិនមានន័យថាចុះចាញ់ ឬដកថយនោះទេ។ ​ ​លោក Trump បានបង្ហោះនៅលើបណ្ដាញ​សង្គម​ Truth Social ថា ​រូប​លោក​​​ទើបតែបានអានការឆ្លើយតបពីអ្វីដែលហៅថា ‘អ្នកតំណាង’ របស់អ៊ីរ៉ង់។ លោក​​មិនចូលចិត្តការឆ្លើយតប​នោះ​​ទេ និង​​​មិនអាចទទួលយកបានទាំងស្រុង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM