រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

ទូរលេខផ្ទៃក្នុង៖ អាមេរិកស្វែងរកសម្ព័ន្ធភាពថ្មី ដើម្បីឲ្យនាវាចរាចរជាថ្មី នៅច្រកសមុទ្រ Hormuz

2026/04/30 04:13:46 pm        61
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងស្វែងរកការចូលរួមពីប្រទេសដទៃទៀតដើម្បីបង្កើតសម្ព័ន្ធភាពអន្តរជាតិមួយ ក្នុងគោលបំណងស្តារឡើងវិញនូវសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ Hormuz។ នេះបើយោងតាមទូរលេខរបស់ក្រសួងការបរទេសដែលសារព័ត៌មាន Reuters បានឃើញ។ទូរលេខចុះថ្ងៃទី២៨ ខែមេសា បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានយល់ព្រមបង្កើតសម្ព័ន្ធសេរីភាពសមុទ្រ (MFC) ដែលមានការពិពណ៌នាថា ជាគំនិតផ្តួចផ្តើមរួមគ្នាដោយក្រសួងការបរទេស និងមន្ទីរបញ្ចកោណ។ខ្សែទូរលេខនេះបានរៀបរាប់ថា៖ «MFC គឺជាជំហានដំបូងដ៏សំខាន់ ក្នុងការបង្កើតក្រុមសន្តិសុខដែនសមុទ្រក្រោយជម្លោះ សម្រាប់តំបន់មជ្ឈិមបូព៌ា។ ក្របខ័ណ្ឌនេះ គឺចាំបាច់ ដើម្បីធានាសន្តិសុខថាមពលរយៈពេលវែង ការពារហេដ្ឋារចនាសម្ព័ន្ធសមុទ្រដ៏សំខាន់ និងរក្សាសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងផ្លូវសមុទ្រដ៏សំខាន់នេះ»។ទូរលេខនេះបានបន្ថែមថា សមាសភាគនៃគំនិតផ្តួចផ្តើមដែលដឹកនាំដោយក្រសួងការបរទេស នឹងបម្រើជាមជ្ឈមណ្ឌលការទូត រវាងប្រទេសដៃគូ និងឧស្សាហកម្មដឹកជញ្ជូន។គួរបញ្ជាក់ថា ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលធ្លាប់ដឹកជញ្ជូនប្រេង និងឧស្ម័ន ១ភាគ៥ របស់ពិភពលោក បានថយចុះដល់កម្រិតទាប ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយទីក្រុងតេអេរ៉ង់បានបិទផ្លូវទឹកនេះ។ ហើយសំណើរបស់សហរដ្ឋអាមេរិកនេះធ្វើឡើង បន្ទាប់ពីមានភាពជាប់គាំង ក្នុងកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះ ដែលក៏បាននាំឲ្យសហរដ្ឋអាមេរិកព្យាយាមរារាំងការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដោយការបិទខ្ទប់ផ្លូវទឹកនៃកំពង់ផែរបស់អ៊ីរ៉ង់៕

ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ការគាំទ្ររបស់ប្រទេសកាណាដា មិនបានជួយដល់របបក្រុងគីវទេ

2026/04/30 03:56:17 pm        104
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងអូតាវ៉ា លោក Oleg Stepanov បានប្រាប់សារព័ត៌មាន TASS ថា កាណាដាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរក្សារបបទីក្រុងគីវឲ្យនៅរស់តទៅទៀត ប៉ុន្តែការធ្វើបែបនេះនេះ នឹងមិនជួយដល់ទីក្រុងនេះទេ។ លោកបានថ្លែងថា គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលអំពីរឿងនោះទេ» ដោយធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ សារព័ត៌មាន The Globe and Mail ដែលថា ក្រុមហ៊ុនកាណាដា Sentinel កំពុងសម្លឹងមើលការរៀបចំការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះ ដើម្បីផលិតយានដ្រូនសម្រាប់អ៊ុយក្រែន នៅក្នុងប្រទេសកាណាដា។អ្នកការទូតរូបនេះបានកត់សម្គាល់ថា៖«ប្រទេសកាណាដាបន្តធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់ខ្លួន ដើម្បីរក្សារបបដែលមិនអាចរស់រានមានជីវិត និងមិនមានប្រជាប្រិយភាពនៅក្នុងទីក្រុងគីវឲ្យមានលទ្ធភាពនៅ     រស់តទៅទៀត។ ទោះជាយ៉ាងណាក៏ដោយ ការបន្តការគាំទ្របែបនេះ នឹងមិនជួយដល់របបនេះទេ។ ប៉ុន្តែវាពិតជានឹងធ្វើឲ្យប្រាក់បន្ថែមទៀតហូរចេញពីហោប៉ៅរបស់អ្នកជាប់ពន្ធកាណាដា»។កាសែត The Globe and Mail បានរាយការណ៍នាពេលមុននេះថា ក្រសួងការពារជាតិកាណាដា និងអ៊ុយក្រែន កំពុងចូលរួមក្នុងការចរចាលើការផលិតយានដ្រូនសម្រាប់ទីក្រុងគីវ។ គេរំពឹងថា រដ្ឋាភិបាលកាណាដា នឹងទិញយានដ្រូនទាំងនេះ ដើម្បីផ្ទេរវាទៅឲ្យកងទ័ពអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយនេះ បានរំលឹកថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅអ៊ុយក្រែន ទីក្រុងអូតាវ៉ាបានផ្តល់ជំនួយយោធាដល់ទីក្រុងគីវ ដែលមានតម្លៃ ៦,៥ ពាន់លានដុល្លារ៕

អ្នកការទូត៖ រុស្ស៊ីបដិសេធលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន

2026/04/30 03:53:17 pm        106
ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសរបស់រុស្ស៊ី លោក Andrey Belousov បានបដិសេធការចោទប្រកាន់អំពីផែនការដែលអាចកើតមានរបស់រុស្ស៊ី ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។លោកបានថ្លែងនៅក្នុងសន្និសីទអំពីការពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)ថា៖«យើងយល់ថា វាចាំបាច់ក្នុងការបដិសេធការប៉ាន់ស្មានដែលគ្មានមូលដ្ឋានថា រុស្ស៊ីកំពុងសម្លឹងមើលការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ឬគំរាមកំហែងប្រើប្រាស់អាវុធបែបនេះ។ ជាក់ស្តែង រឿងនេះ កំពុងត្រូវបានធ្វើឡើងដោយចេតនា ដើម្បីបង្កើតភាពភ័យស្លន់ស្លោប្រឆាំងនឹងរុស្ស៊ី»។អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូ កំពុងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការប្រឈមមុខដាក់គ្នាដោយអាវុធរវាងគូប្រជែងនុយក្លេអ៊ែរ ពីព្រោះវានឹងនាំឲ្យការកើនឡើងភាពតានតឹងដល់កម្រិតនុយក្លេ អ៊ែរ»។លោកបានសង្កត់ធ្ងន់ថា៖«រុស្ស៊ីមិនចាប់អារម្មណ៍នឹងភាពតានតឹងដែលកំពុងកើនឡើងនេះទេ។ នេះ គឺជាផលប្រយោជន៍ល្អបំផុតរបស់យើង ដែលអាវុធនុយក្លេអ៊ែរមិនដែលត្រូវបានប្រើប្រាស់»៕

ផែនទីបង្ហាញផ្លូវរបស់បារាំងបញ្ជាក់ថា ប្រទេសនេះ នឹងឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅឆ្នាំ ២០៥០

2026/04/30 03:47:02 pm        118
ប្រទេសបារាំងបានចេញផ្សាយ «ផែនទីបង្ហាញផ្លូវ» លម្អិតមួយ ដើម្បីបញ្ឈប់ប្រទេសនេះពីការប្រើប្រាស់ប្រេង ឧស្ម័ន និងធ្យូងថ្ម ដែលផ្តល់កម្តៅដល់ភពផែនដី នៅឆ្នាំ ២០៥០ ដែលជាសញ្ញាសំខាន់មួយ នៅពេលដែលប្រទេសនានា កំពុងវាយតម្លៃឡើងវិញនូវការពឹងផ្អែករបស់ពួកគេលើឥន្ធនៈហ្វូស៊ីល។ផែនការនេះ ដែលបានបង្ហាញនៅក្នុងសន្និសីទអាកាសធាតុសកល មិនបានបង្ហាញពីការសន្យាថ្មីណាមួយឡើយ ប៉ុន្តែនាំមកនូវគោលនយោបាយ និងគោលដៅអាកាសធាតុ និងថាមពលដែលមានស្រាប់ នៅក្រោមឆត្រតែមួយ ជាមួយនឹងគោលដៅច្បាស់លាស់មួយ។អ្នកវិភាគនិយាយថា គ្មានប្រទេសណាផ្សេងទៀត បានបោះពុម្ពផ្សាយផែនការច្បាស់លាស់ និងទូលំទូលាយបែបនេះទេ។ព័ត៌មានលម្អិតនៃផែនទីបង្ហាញផ្លូវ ១៤ទំព័រ ដែលសេដ្ឋកិច្ចធំជាងគេទី២ របស់អឺរ៉ុប បានបង្ហាញកាលពីថ្ងៃអង្គារ នៅក្នុងកិច្ចពិភាក្សាលើកដំបូង អំពីរបៀបផ្លាស់ប្តូរចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅទីក្រុង Santa Marta ប្រទេសកូឡុំប៊ី។ឥន្ធនៈហ្វូស៊ីល មានចំនួនតិចជាង ៦០ភាគរយនៃការប្រើប្រាស់ថាមពលចុងក្រោយរបស់ប្រទេសបារាំង ក្នុងឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹង ៦៥ភាគរយ ក្នុងឆ្នាំ ២០១១៕

លីប៊ីនិយាយថា ជនអន្តោប្រវេសន៍យ៉ាងតិច ១៧នាក់ បានស្លាប់ នៅក្នុងសមុទ្រ និង ៩នាក់ បាត់ខ្លួន

2026/04/30 03:40:49 pm        122
ប្រភពពីអង្គការអឌ្ឍចន្ទក្រហមលីប៊ី និងសន្តិសុខលីប៊ី បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ ១៧នាក់ បានស្លាប់ និង ៩ នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេ មិនដំណើរការនិងអណ្តែតអស់រយៈពេល ៨ថ្ងៃ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ អង្គការអឌ្ឍចន្ទក្រហម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្ម័គ្រចិត្តសហការជាមួយកងកម្លាំងកងទ័ពជើងទឹក និងឆ្មាំឆ្នេរសមុទ្រនៃកងទ័ពជាតិលីប៊ី បានជួយសង្គ្រោះអ្នករស់រានមានជីវិតចំនួន ៧ នាក់ ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ នៅក្រៅទីក្រុង Tobruk ភាគខាងកើតប្រទេសនេះ ជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប។លីប៊ីគឺជាផ្លូវឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីអនុតំបន់សាហារ៉ាអាហ្វ្រិក ដែលប្រថុយជីវិតរបស់ពួកគេ ដើម្បីរត់គេចខ្លួនទៅកាន់អឺរ៉ុបឆ្លងកាត់វាលខ្សាច់ និងសមុទ្រ ដោយសង្ឃឹមថា នឹងគេចផុតពីជម្លោះ និងភាពក្រីក្រ។ប្រភពពីសន្តិសុខបាននិយាយថា ពួកគេរំពឹងថា សាកសពរបស់ជនអន្តោប្រវេសន៍ ដែលបាត់ខ្លួនចំនួន ៩ នាក់នឹងអណ្តែតមកដល់ច្រាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ រូបភាពដែលបានបង្ហោះនៅលើអ៊ីនធឺ   ណិតដោយអង្គការអឌ្ឍចន្ទក្រហម បានបង្ហាញឲ្យឃើញថា អ្នកស្ម័គ្រចិត្តដាក់សាកសពនៅក្នុងថង់ប្លាស្ទិក ហើយដាក់វាចូលទៅក្នុងរថយន្តភីកអាប់៕

ការស៊ើបអង្កេត៖ ក្រុមជ្វីហ្វអូស្ត្រាលីបានព្រមានអំពី «ការវាយប្រហារភេរវកម្ម» មុនពេលបាញ់ប្រហារនៅឆ្នេរ BONDI

2026/04/30 03:38:30 pm        109
ការស៊ើបអង្កេតមួយបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមសហគមន៍ជ្វីហ្វមួយក្រុម បានព្រមាននគរបាលថា ការវាយប្រហារភេរវកម្ម «ទំនងជា» កើតឡើងត្រឹមតែប៉ុន្មានថ្ងៃ មុនពេលខ្មាន់កាំភ្លើងពីរនាក់ បានសម្លាប់មនុស្ស ១៥នាក់ នៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅឆ្នេរ Bondi នៃប្រទេសអូស្ត្រាលី។ លោក Sajid Akram និងកូនប្រុស ឈ្មោះ Naveed ត្រូវបានចោទប្រកាន់ពីបទបើកការបាញ់ប្រហារ ខណៈដែលគ្រួសារជ្វីហ្វ បានប្រមូលផ្តុំគ្នានៅឆ្នេរ Bondi ដើម្បីប្រារព្ធពិធីបុណ្យ Hanukkah ក្នុងខែធ្នូ ដែលបានសម្លាប់មនុស្ស ១៥នាក់ នៅក្នុងការបាញ់ប្រហារដ៏ធំបំផុតនៅប្រទេសអូស្ត្រាលី ក្នុងរយៈពេល ៣០ ឆ្នាំ។គណៈកម្មការស៊ើបអង្កេតជាន់ខ្ពស់ ដែលមានភារកិច្ចស៊ើបអង្កេតការបាញ់ប្រហារនោះ បានសន្និដ្ឋាននៅក្នុងរបាយការណ៍បណ្តោះអាសន្នមួយថា សហគមន៍ជ្វីហ្វនៅប្រទេសអូស្ត្រាលី «គឺជាគោលដៅជាក់ស្តែងនៃការវាយប្រហារ»។ របាយការណ៍នេះ បានបង្ហាញថា ក្រុមសន្តិសុខជ្វីហ្វមួយក្រុម បានព្រមាននគរបាលថា ការប្រារព្ធពិធីបុណ្យ Hanukkah នាពេលខាងមុខ កំពុងស្ថិតក្នុងហានិភ័យ នៅក្នុងសារអ៊ីមែលមួយ ដែលបានផ្ញើរយៈពេលមិនដល់មួយសប្តាហ៍ផង មុនការវាយប្រហារនៅឆ្នេរ Bondi នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥៕

WHO៖ ការវាយប្រហារលើមន្ទីរពេទ្យ និងគ្រូពេទ្យដែលជំរុញដោយជម្លោះនៅមជ្ឈិមបូព៌ា កំពុងកើនឡើង

2026/04/30 03:33:23 pm        109
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារលើមណ្ឌលថែទាំសុខភាព និងបុគ្គលិក កំពុងកើនឡើងទូទាំងពិភពលោក ដោយមានការកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីជម្លោះថ្មីៗនេះនៅមជ្ឈិមបូព៌ា បានចាប់ផ្តើម។មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ នៅចុងខែកុម្ភៈ ការវាយប្រហារទូទាំងពិភពលោកលើមណ្ឌល និងបុគ្គលិកបែបនេះ មានជាមធ្យមប្រហែល ៣,៧ លើក ក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះវាបានកើនឡើងដល់ ៤,៣ លើក។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។លោក Altaf Musani ប្រធានផ្នែកអន្តរាគមន៍សុខភាពបន្ទាន់នៅអង្គការសុខភាពពិភពលោក បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«នេះបង្ហាញយ៉ាងច្បាស់ថា ការថែទាំសុខភាព គឺជាគោលដៅនៃការវាយប្រហារ»។ការវាយប្រហារទាំងនោះ រួមមានការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងលើមន្ទីរពេទ្យ និងគ្លីនិក ក៏ដូចជាការចាប់ខ្លួន និងការបំភិតបំភ័យបុគ្គលិកថែទាំសុខភាពជាដើម៕

លោក TRUMP ថា លោកពិចារណាកាត់បន្ថយវត្តមានកងទ័ពអាមេរិកនៅអាល្លឺម៉ង់ បន្ទាប់ពីជម្លោះជាមួយអ៊ីរ៉ង់

2026/04/30 03:20:20 pm        91
លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃពុធ បានបង្កើនការគំរាមកំហែងថ្មីមួយប្រឆាំងនឹងសម្ព័ន្ធមិត្តណាតូ គឺអាល្លឺម៉ង់ ដោយបង្ហាញថា លោកអាចនឹងកាត់បន្ថយវត្តមានយោធាអាមេរិកនៅទីនោះ ក្នុងពេលឆាប់ៗនេះ ខណៈដែលលោកបន្តជម្លោះជាមួយអធិការបតី Friedrich Merz ជុំវិញ    សង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។លោក ត្រាំ បានធ្វើការគំរាមកំហែងនេះ បន្ទាប់ពីលោក Merz កាលពីដើមសប្តាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងត្រូវបាន «អាម៉ាស់» ដោយថ្នាក់ដឹកនាំអ៊ីរ៉ង់ និងបានរិះគន់កង្វះយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងសង្គ្រាម។ លោក ត្រាំ ក៏បានរិះគន់ម្តងហើយម្តងទៀតប្រឆាំងនឹងអង្គការណាតូ ចំពោះការបដិសេធរបស់សម្ព័ន្ធមិត្តមិនជួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមរយៈពេលពីរខែរបស់ខ្លួន។លោក ត្រាំ បាននិយាយនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គមមួយថា៖«សហរដ្ឋអាមេរិកកំពុងសិក្សា និងពិនិត្យឡើងវិញនូវការកាត់បន្ថយកងទ័ពដែលអាចកើតមាននៅក្នុងប្រទេសអាល្លឺម៉ង់ ជាមួយនឹងការប្តេជ្ញាចិត្តដែលត្រូវធ្វើក្នុងរយៈពេលដ៏ខ្លីខាងមុខ»។លោក Merz បាននិយាយកាលពីព្រឹកថ្ងៃពុធថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយលោក ត្រាំ នៅតែ «ល្អដូចពីមុន» ប៉ុន្តែលោក «មានការសង្ស័យ តាំងពីដើមដំបូងអំពីអ្វីដែលបានចាប់ផ្តើមជាមួយនឹងសង្គ្រាមនៅអ៊ីរ៉ង់»៕

UN ព្រមានថា ប្រជាជនលីបង់ជាង ១ លាននាក់ ប្រឈមនឹងអសន្តិសុខស្បៀង ចាប់ពីពេលនេះដល់ខែសីហា

2026/04/30 03:17:55 pm        72
អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃពុធថា ប្រជាជនលីបង់ជាង ១ លាននាក់ កំពុងប្រឈមនឹងហានិភ័យនៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលអំពើហិង្សា ការផ្លាស់ទីលំនៅយ៉ាងច្រើន និងការលំបាកផ្នែកសេដ្ឋកិច្ច កាន់តែអាក្រក់ឡើងៗ។ ការព្រមាននេះ បានកើតឡើង នៅថ្ងៃដដែល ដែលអាជ្ញាធរអ៊ីស្រាអែលបានចេញបទបញ្ជាផ្លាស់ទីលំនៅថ្មីសម្រាប់តំបន់ចំនួន ១៦ ក្នុងប្រទេសលីបង់ នៅភាគខាងត្បូងនៃទន្លេ Litani ដោយបានណែនាំប្រជាជនឲ្យផ្លាស់ទីលំនៅទៅកាន់ទីក្រុង Saida ដែលនៅក្បែរនោះ។អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា បទបញ្ជាចុងក្រោយនេះបន្ថែមទៅលើសម្ពាធនៃការផ្លាស់ទីលំនៅកាន់តែខ្លាំងឡើង នៅទូទាំងប្រទេស ស្របពេលជនស៊ីវិល នៅតែបន្តទទួលរងនូវអរិភាពដែលកំពុងបន្ត។លោកបានបន្ថែមថា ស្ត្រី និងកុមារ នៅតែបន្តរងផលប៉ះពាល់មិនសមាមាត្រ ដោយមានរបាយការណ៍បង្ហាញពីកម្រិតនៃភាពតានតឹងផ្លូវចិត្តកើនឡើង។ មនុស្សជាច្រើន កំពុងជួបប្រទះការលំបាកកាន់តែខ្លាំងឡើង ដែលបណ្តាលមកពីការផ្លាស់ទីលំនៅ ការបែកគ្នាក្នុងគ្រួសារ និងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ ជម្រកចង្អៀតក៏បង្កើនហានិភ័យនៃអំពើហិង្សាផ្អែកលើយេនឌ័រផងដែរ ដែលធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងនូវភាពងាយរងគ្រោះក្នុងចំណោមប្រជាជនដែលផ្លាស់ទីលំនៅ៕

យោធា៖ កងទ័ពនីហ្សេរីយ៉ាបានសម្លាប់ជនសកម្មប្រយុទ្ធយ៉ាងតិច ១៨នាក់ ក្នុងប្រតិបត្តិការនៅភាគឦសាន

2026/04/30 03:11:38 pm        76
យោធាបាននិយាយកាលពីថ្ងៃពុធថា កងទ័ពនីហ្សេរីយ៉ា បានសម្លាប់ជនសកម្មប្រយុទ្ធឥស្លាមយ៉ាងហោចណាស់ ១៨នាក់ និងបានបំផ្លាញតំបន់ឧទ្ទាមជាច្រើន នៅក្នុងប្រតិបត្តិការសម្របសម្រួល នៅទូទាំងរដ្ឋ    Borno ខណៈដែលកងកម្លាំងសន្តិសុខបង្កើនសម្ពាធលើក្រុមអ៊ីស្លាម នៅភាគឦសាន។រដ្ឋ Borno ដែលមានទំហំប្រហាក់ប្រហែលនឹងប្រទេសអៀរឡង់ បានស៊ូទ្រាំនឹងការបះបោរបង្កឡើងដោយក្រុមបូកូហារ៉ាម និងក្រុមបំបែកខ្លួនដេស ( Daesh) នៅក្នុងខេត្តអាហ្វ្រិកខាងលិចអស់រយៈពេល ១៧ឆ្នាំមកហើយ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យមនុស្ស ២លាននាក់ផ្លាស់ទីលំនៅ។អ្នកនាំពាក្យយោធា លោក Sani Uba បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពដែលធ្វើការជាមួយអង្គភាពកងទ័ពអាកាស និងកងកម្លាំងជំនួយក្នុងស្រុក បានធ្វើការវាយលុក នៅក្នុងតំបន់ Timbuktu និងព្រៃ Bulabulin ដោយកំណត់គោលដៅទៅលើកន្លែងលាក់ខ្លួន និងបណ្តាញផ្គត់ផ្គង់។ ជនសកម្មប្រយុទ្ធចំនួន ១១នាក់ ត្រូវបានសម្លាប់ នៅក្នុងព្រៃ Bulabulin និង ៧នាក់ នៅក្នុងតំបន់ Timbuktu។ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការដែលកំពុងដំណើរការ មានគោលបំណងរុះរើបន្ទាយរបស់ក្រុមបះបោរនៅទូទាំងតំបន់ បន្ទាប់ពីការវាយប្រហារថ្មីៗនេះលើមូលដ្ឋានយោធា ដែលបានសម្លាប់កងទ័ពជាច្រើននាក់ រួមទាំងមន្ត្រីជាន់ខ្ពស់ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM