ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា

2026/04/27 08:35:22 pm        26
 ប្រជាពលរដ្ឋដែលអំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅប្រទេសគុយបា បានជួបជុំគ្នានៅទីក្រុង Miami សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ។ អ្នកចូលរួមការជួបជុំគ្នានេះ នាំគ្នាកាន់ទង់ជាតិគុយបា ស្លៀកពាក់សម្លៀកបំពាក់មានពណ៌របស់ប្រទេសកោះមួយនេះ និងកាន់បដាសរសេរថា “ដោះលែងគុយបា” ខណៈអ្នកចូលរួមខ្លះទៀតកាន់ឆ័ត្រមើលការសម្តែងនៅរោងមហោស្រព ។ អ្នកចូលរួមខ្លះទៀតរកកន្លែងជ្រកពីមេឃភ្លៀង ខណៈមេដឹកនាំបាតុកម្មថ្លែងតាមឧបករណ៍បំពងសំឡេងទៅកាន់ហ្វូងមនុស្ស ។ លោក Roberto Ferreiro គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុង Miami និយាយថា ការធ្វើដំណើរមកទីនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋគុយបាទាំងអស់ ដែលបានចូលរួមឥតឈប់ឈរ ដើម្បីទាមទារសេរីភាពសម្រាប់គុយបា ។ ចំណែកឯលោក Caridad Valdes គឺជាអ្នកចូលរួមមួយរូបទៀត និយាយដែរថា អ្នកចូលរួមជាច្រើន បានលើកឡើងពីទំនាក់ទំនងផ្ទាល់ខ្លួនជាមួយគុយបា និងបទពិសោធន៍របស់ពួកគេចាកចេញពីប្រទេសមួយនេះ ។ លោកថា ពួកយើងមកទីនេះ តាមជើងហោះហើរសេរីភាព លោកមកជាមួយកូនស្រីរបស់លោក ប៉ុន្តែលោកមិនបានវិលត្រឡប់ទៅកាន់គុយបាវិញនោះទេ ។ អ្នកចូលរួមខ្លះទៀត បានបង្ហាញក្តីសង្ឃឹមរថា នឹងមានការផ្លាស់ប្តូរនយោបាយសម្រាប់គុយបា ហើយនិងបង្ហាញក្តីបារម្ភចំពោះអ្នកដែលកំពុងរស់នៅទីនោះ ។ លោក Jorge Cabrera ដែលជាចូលរួមមួយរូបទៀតនិយាយដែរថា លោកមានជំនឿលើព្រះ លោកសុំទៅចុះសម្រាប់បងប្អូនរបស់ពួកយើងដែលរស់នៅគុយបា ហើយនិងសុំសម្រាប់អ្នកទោសនយោបាយទាំងអស់ ៕

UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស

2026/04/27 08:33:35 pm        82
គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានលើកឡើងនៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះថា ប្រទេសស៊ុយអែតបានរំលោភលើសិទ្ធិរបស់កុមារអាល់បានីម្នាក់ ដែលមានពិការភាពធ្ងន់ធ្ងរ ដោយនិរទេសរូបគេ ២ដង ទៅកាន់អាល់បានី ដោយមិនបានធានាឡើយថា ក្មេងនោះនឹងអាចទទួលបានការព្យាបាលវេជ្ជសាស្រ្តចាំបាច់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការបានរកឃើញថា ស៊ុយអែតបានរំលោភលើសិទ្ធិរស់រានមានជីវិតរបស់កុមារ ក៏ដូចជាការហាមឃាត់ការធ្វើទារុណកម្ម និងការប្រព្រឹត្តដ៏ឃោរឃៅ អមនុស្សធម៌ ឬសកម្មភាពបន្ទាបបន្ថោក។ករណីនេះ ទាក់ទងនឹងកុមារ E.B. ជាកុមារជនជាតិអាល់បានីដែលមានស្ថានភាពជំងឺជាច្រើនមុខ ក្នុងនោះរួមមានទាំងអូទីសឹម ប៉ះទង្គិចខួរក្បាល ទឹកក្នុងខួរក្បាល និងស្កន់ ឬឆ្កួតជ្រូក ដែលត្រូវបាននិរទេសជាមួយក្រុមគ្រួសាររបស់គេ ពីស៊ុយអែតក្នុងឆ្នាំ២០១៦ និងម្តងទៀត ក្នុងឆ្នាំ២០១៩ បន្ទាប់ពីការទាមទារសិទ្ធិជ្រកកោនមិនទទួលបានជោគជ័យ។លោកស្រី Wafaa Bassim អនុប្រធានគណៈកម្មាធិការ បានលើកឡើងថា៖ «មុនពេលនិរទេសកុមារដែលមានពិការភាពធ្ងន់ធ្ងរ និងស្មុគស្មាញ ហើយនិងមានស្ថានភាពសុខភាពដែលគំរាមកំហែងដល់អាយុជីវិត រដ្ឋនានាត្រូវតែអនុវត្តការវាយតម្លៃយ៉ាងម៉ត់ចត់ និងជាលក្ខណៈបុគ្គល និងធានាថា ការព្យាបាល និងថ្នាំចាំបាច់ នឹងអាចមានលទ្ធភាពទទួលបាន និងរកបាន នៅក្នុងប្រទេសទទួលការនិរទេសនោះ»។គណៈកម្មាធិការបានសង្កត់ធ្ងន់ថា អាជ្ញាធរស៊ុយអែតបានបរាជ័យក្នុងការផ្ទៀងផ្ទាត់ភស្តុតាងវេជ្ជសាស្រ្តឲ្យបានគ្រប់គ្រាន់ ដែលបង្ហាញថា កុមារពឹងផ្អែកលើការព្យាបាលសំខាន់ៗ ដែលមិនមាននៅក្នុងប្រទេសអាល់បានី។ ហើយលោកស្រី Bassim បានបន្ថែមថា «ក្នុងករណីធ្ងន់ធ្ងរដូចករណីរបស់កុមារ E.B. រដ្ឋនានាត្រូវធ្វើឲ្យច្រើនជាងការពិនិត្យឡើងវិញតាមស្តង់ដារ»៕

សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់

2026/04/27 08:29:05 pm        56
មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់សារព័ត៌មាន Reuters ថា នាយសេនាធិការសេតវិមាន លោកស្រី Susie Wiles នឹងធ្វើកិច្ចប្រជុំមួយនៅសប្តាហ៍នេះ ស្តីពីសន្តិសុខប្រធានាធិបតី បន្ទាប់ពីមានការបាញ់ប្រហារនៅក្បែរពិធីជួបជុំរបស់អ្នកសារព័ត៌មាន និងមន្ត្រីរដ្ឋបាល នៅទីក្រុងវ៉ាស៊ីនតោន។មន្ត្រីរូបនេះ បានឲ្យដឹងថា ប្រធានាធិបតី លោក Donald Trump និងសេតវិមាន គាំទ្រថ្នាក់ដឹកនាំនៃសេវាសម្ងាត់សហរដ្ឋអាមេរិក បន្ទាប់ពីមានការបាញ់ប្រហារនៅខាងក្រៅបន្ទប់ជួបជុំរបស់សណ្ឋាគារ ជាកន្លែងដែលពិធីជប់លៀងរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន កំពុងត្រូវបានធ្វើឡើង។មន្ត្រីជាន់ខ្ពស់រូបនេះបានឲ្យដឹងទៀតថា លោកស្រី Wiles ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅដើមសប្តាហ៍នេះជាមួយថ្នាក់ដឹកនាំនៃសេវាសម្ងាត់ និងក្រសួងសន្តិសុខមាតុភូមិ ដើម្បីពិភាក្សាអំពី «ពិធីសារ និងការអនុវត្ត» សម្រាប់ព្រឹត្តិការណ៍សំខាន់ៗដែលពាក់ព័ន្ធនឹងលោក Trump។មន្ត្រីរូបនេះបានបន្ថែមថា កិច្ចប្រជុំនេះនឹងពិនិត្យមើលការឆ្លើយតបសន្តិសុខ ក្នុងហេតុការណ៍ កាលពីថ្ងៃសៅរ៍ ហើយក៏ពិនិត្យមើលផងដែរនូវ «អ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន» ដើម្បីរក្សាសុវត្ថិភាពព្រឹត្តិការណ៍នាពេលខាងមុខ៕

អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU

2026/04/27 08:25:16 pm        51
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ប្រទេសអ៊ុយក្រែន ប្រហែលត្រូវព្រមទទួលយកថា ផ្នែកខ្លះនៃទឹកដីរបស់ខ្លួន អាចនៅតែមិនស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងគីវដដែលទៀតទេ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតជាមួយរុស្ស៊ី ដោយភ្ជាប់ការធ្វើសម្បទានបែបនេះទៅនឹងការរំពឹងទុករបស់ប្រទេសនេះ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU)។នៅសាលា Carolus-Magnus-Gymnasium ក្នុងទីក្រុង Marsberg ដែលជាទីក្រុងមួយ នៅតំបន់ North Rhine-Westphalia នាថ្ងៃចន្ទនេះ លោក Merz បានប្រាប់សិស្សានុសិស្សថា៖ «នៅចំណុចណាមួយ ប្រទេសអ៊ុយក្រែន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់។ នៅចំណុចណាមួយ សង្ឃឹមថា មានសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី។ បន្ទាប់មក វាប្រហែលជាថា ផ្នែកនៃទឹកដីអ៊ុយក្រែន លែងជារបស់អ៊ុយក្រែនទៀតហើយ»។លោក Merz បានបន្ថែមថា៖ «ប្រសិនបើលោកប្រធានាធិបតី (Volodymyr) Zelenskyy ចង់ពន្យល់រឿងនេះទៅកាន់ប្រជាជនរបស់គាត់ និងទទួលបានសំឡេងគាំទ្រភាគច្រើន សម្រាប់វា ហើយគាត់ត្រូវធ្វើប្រជាមតិលើដំណើរការនេះនោះ គាត់ត្រូវតែប្រាប់ប្រជាជនក្នុងពេលតែមួយថា រូបគាត់បានបើកផ្លូវទៅកាន់អឺរ៉ុប សម្រាប់ប្រជាជនរបស់គាត់»។វឌ្ឍនភាពនៃការចូលជាសមាជិក EU របស់ទីក្រុងគីវ ត្រូវបានរារាំងដោយនាយករដ្ឋមន្ត្រីជាតិនិយមហុងគ្រី លោក Viktor Orban ប៉ុន្តែការបរាជ័យរបស់លោក នៅក្នុងការបោះឆ្នោតកាលពីដើមខែនេះ បានបង្កើនក្តីសង្ឃឹមថា ដំណើរការនេះ អាចឈានទៅជំហានបន្ទាប់។ បច្ចុប្បន្នអ៊ុយក្រែនមានឋានៈជាបេក្ខជនផ្លូវការរបស់ EU។កាលពីសប្តាហ៍មុន EU បានអនុម័តប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន ដែលគ្របដណ្តប់លើតម្រូវការភាគច្រើនរបស់ប្រទេសនេះ រហូតដល់ឆ្នាំ២០២៧ ប៉ុន្តែប្លុកនេះនៅតែមានការខ្វែងគំនិតគ្នា លើការពន្លឿននៃការចរចាចូលជាសមាជិករបស់ទីក្រុងគីវ៕

លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក

2026/04/27 08:02:16 pm        76
លោកស្រី Ursula von der Leyen បានលើកឡើងថា វាគឺជារឿងឆាប់ពេក ដែលមិនអាចលើកលែងទណ្ឌកម្ម លើអ៊ីរ៉ង់ ជាថ្នូរនឹងការបើកច្រកសមុទ្រ Hormuz ឡើងវិញនោះឡើយ ដោយបានបង្ហាញការរិះគន់ លើអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។អស់រយៈពេលជិត ២ខែមកហើយ អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ ១ភាគ៥ របស់ពិភពលោក ហើយស្តុកថាមពលរបស់អឺរ៉ុប កំពុងចាប់ផ្តើមអស់ជាលំដាប់។ប្រធានគណៈកម្មការអឺរ៉ុប បានប្រើប្រាស់ដំណើរទស្សនកិច្ចនៅទីក្រុងប៊ែរឡាំង ដើម្បីបង្ហាញការរិះគន់ ចំពោះអធិការបតី លោក Merz ដែលជាសមាជិករួមគណបក្សប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) របស់អាល្លឺម៉ង់ បន្ទាប់ពីលោកបានស្នើឲ្យបន្ធូរបន្ថយទណ្ឌកម្ម ដើម្បីឲ្យមានលំហូរថាមពលឡើងវិញ។លោកស្រី Von der Leyen បានលើកឡើងថា៖ «យើងគិតថា ការទម្លាក់ទណ្ឌកម្ម នឹងជាដំណើរការលឿនរហ័សពេក។ មានហេតុផលមួយដែលទណ្ឌកម្មត្រូវបានដាក់លើអ៊ីរ៉ង់ ដោយសារតែអាកប្បកិរិយារបស់ពួកគេ ចំពោះប្រជាជនរបស់ពួកគេ»។លោកស្រីបានបន្ថែមថា របបអ៊ីរ៉ង់បានសម្លាប់ប្រជាជនវ័យក្មេងយ៉ាងហោចណាស់ ១៧.០០០នាក់ នៅឆ្នាំនេះ។ វាគឺជាការគាបសង្កត់លើសិទ្ធិមនុស្ស និងជាពិសេសសិទ្ធិស្ត្រី នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលនាំឲ្យមានទណ្ឌកម្មទាំងនេះ»។ លោកស្រីបានពន្យល់ថា ការលើកឡើងទណ្ឌកម្មទាំងនោះ នឹងតម្រូវឲ្យមាន «ការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់»។សហភាពអឺរ៉ុបបានបន្តទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ចុងក្រោយ រហូតដល់ចុងឆ្នាំ២០២៧ នៅក្នុងខែមីនា បន្ទាប់ពីបានបន្ថែមកងឆ្មាំបដិវត្តន៍ឥស្លាមទៅក្នុងបញ្ជីភេរវកររបស់ខ្លួន ក្នុងខែកុម្ភៈ ដែលជាការទាមទារជាយូរមកហើយរបស់ក្រុមប្រឆាំងនឹងរបបនេះ៕

សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត

2026/04/27 07:30:22 pm        42
សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) បានពង្រីកវិធានការដាក់ទណ្ឌកម្មរបស់ខ្លួន ប្រឆាំងនឹងមីយ៉ាន់ម៉ា រហូតដល់យ៉ាងហោចណាស់ខែឧសភា ឆ្នាំ២០២៧ ដែលជាកិច្ចប្រឹងប្រែង ដើម្បីបន្តសម្ពាធ លើថ្នាក់ដឹកនាំយោធារបស់ប្រទេសនេះ ជាង ៥ឆ្នាំបន្ទាប់ពីរដ្ឋប្រហាររបស់ពួកគេ បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត។វិធានការទាំងនេះ រួមមានការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ការធ្វើដំណើរ និងទណ្ឌកម្មលើអាវុធ ចំពោះបុគ្គលចំនួន ១០៥នាក់ និងអង្គភាពចំនួន ២២។ វិធានការទាំងនេះត្រូវបានដាក់ចេញជាលើកដំបូង បន្ទាប់ពីមានរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ និងការបង្ក្រាបជាបន្តបន្ទាប់លើអ្នកប្រឆាំង។ដោយលើកឡើងពីអ្វីដែលខ្លួនបានពិពណ៌នាថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាបន្តបន្ទាប់ និងការរឹតបន្តឹងយ៉ាងទូលំទូលាយ លើសេរីភាពជាមូលដ្ឋាន ក្រុមប្រឹក្សា EU បានឲ្យដឹងថា៖ «EU សូមបញ្ជាក់ជាថ្មីនូវការថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពដែលបានធ្វើឡើងដោយយោធាមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០២១»។ជាមួយគ្នានេះដែរ ប្លុកនេះ បានអំពាវនាវឲ្យបញ្ចប់អំពើហិង្សាទាំងអស់ និងដោះលែងមនុស្សដែលត្រូវបានឃុំខ្លួនដោយគ្មានដំណើរការផ្លូវច្បាប់។ កាលពីដើមខែមេសា មេដឹកនាំរដ្ឋប្រហារលោក Min Aung Hlaing ត្រូវបានជ្រើសរើសជាប្រធានាធិបតីមីយ៉ាន់ម៉ា បន្ទាប់ពីមានការបោះឆ្នោតដែលត្រូវបានរដ្ឋាភិបាលលោកខាងលិចថ្កោលទោសថា ជារៀបចំក្លែងបន្លំ ដើម្បីបន្តការគ្រប់គ្រងរបស់យោធា៕

ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»

2026/04/27 07:10:21 pm        65
ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយនៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះថា ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល មានគោលបំណងបញ្ចប់ជម្លោះជាមួយក្រុមហេសបូឡា ខណៈពេលចោទប្រកាន់អ្នកដែលទាញប្រទេសលីបង់ចូលទៅក្នុងសង្គ្រាមថា ជា «អំពើក្បត់ជាតិ» ដែលជាការស្តីបន្ទោសដោយប្រយោល ចំពោះក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់។លោក Aoun បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គោលដៅរបស់ខ្ញុំ គឺដើម្បីឈានដល់ការបញ្ចប់ស្ថានភាពសង្គ្រាម ជាមួយអ៊ីស្រាអែល ស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ១៩៤៩»។ លោកបានបន្ថែមថា៖ «ខ្ញុំសូមធានាចំពោះអ្នកថា ខ្ញុំនឹងមិនទទួលយកការឈានដល់កិច្ចព្រមព្រៀងប្រកបដោយភាពអាម៉ាស់នោះទេ»។លោកបានសង្កត់ធ្ងន់ថា៖ «អ្នកដែលអូសយើងចូលទៅក្នុងសង្គ្រាម នៅប្រទេសលីបង់ ឥឡូវនេះកំពុងធ្វើឲ្យយើងទទួលខុសត្រូវ ពីព្រោះយើងបានសម្រេចចិត្តទៅចរចា។ អ្វីដែលយើងកំពុងធ្វើមិនមែនជាការក្បត់ជាតិទេ។ ផ្ទុយទៅវិញ ការក្បត់ជាតិត្រូវបានប្រព្រឹត្តដោយអ្នកដែលនាំប្រទេសរបស់ពួកគេចូលទៅក្នុងសង្គ្រាម ដើម្បីសម្រេចផលប្រយោជន៍ឲ្យបរទេស»។គួរបញ្ជាក់ថា មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem នៅថ្ងៃចន្ទនេះ បានបដិសេធការចរចាផ្ទាល់ដែលបានគ្រោងទុករបស់លីបង់ ជាមួយអ៊ីស្រាអែល ដោយចាត់ទុកថា ជា «ទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរ» ដែលនឹងធ្វើឲ្យលីបង់មិនមានស្ថិរភាពឡើយ៕

ហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធប្រឆាំងការឡើងដីគោក ជាមួយសម្ព័ន្ធមិត្ត ក្បែរសមុទ្រចិនខាងត្បូង

2026/04/27 06:53:01 pm        55
នៅពេលដែលទូកសម្ដែងធ្វើជាសត្រូវ និងទូកដ្រូន បានចូលទៅកៀកឆ្នេរសមុទ្រកោះ Palawan ដែលមានទីតាំងឈមមុខនឹងសមុទ្រចិនខាងត្បូង កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធប្រឆាំងការឡើងដីគោក នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ ដោយទប់ទល់នឹងការវាយប្រហារក្លែងក្លាយដោយប្រើការបាញ់ប្រហារពិតប្រាកដ ប្រឆាំងនឹងគោលដៅដែលបានកំណត់ និងស្ទាក់ចាប់ការគំរាមកំហែង។ការបង្ហាញសមត្ថភាពអាវុធកម្រិតខ្ពស់ និងការត្រៀមខ្លួនប្រតិបត្តិការ គឺជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំ Balikatan ឬ «ស្មាប្រកៀកស្មា» ដោយនាំកងកម្លាំងមកពីប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់មកធ្វើសមយុទ្ធការពារឆ្នេរសមុទ្ររួមគ្នា និងសាកល្បងសមត្ថភាពរបស់ពួកគេ ក្នុងការធ្វើការរួមគ្នា ដើម្បីការពារដែនទឹករបស់ដែនដី។មេបញ្ជាការយោធាហ្វីលីពីន លោក Romeo Brawner បានគូសបញ្ជាក់ពីតម្លៃយុទ្ធសាស្ត្ររបស់ទីតាំងនេះ ដោយកត់សម្គាល់ថា កោះ Palawan នៅឈមមុខនឹងសមុទ្រចិនខាងត្បូង ហើយស្ថិតនៅទល់មុខក្រុមកោះ Kalayaan ជាផ្នែកនៃកោះ Spratly ដែលទីក្រុងម៉ានីលចាត់ទុកថា ជាផ្នែកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។លោក Brawner បានបញ្ជាក់ថា សមយុទ្ធប្រឆាំងការឡើងដីគោកនៅឆ្នាំ២០២៦ នេះ ដែលមានប្រព័ន្ធដូចជា HIMARS ជាដើម គឺខុសពីសមយុទ្ធមុនៗ ដោយការប្រើប្រាស់ប្រព័ន្ធគ្មានមនុស្សបញ្ជា ក្នុងនោះរួមមានទាំងយានដ្រូនផងដែរ។ប្រទេសចិន ពីមុនបានរិះគន់សមយុទ្ធយោធារួមគ្នា ដែលធ្វើឡើងដោយប្រទេសហ្វីលីពីន និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយលើកឡើងថា សមយុទ្ធទាំងនេះបង្កើនភាពតានតឹងក្នុងតំបន់៕

ប៉ាគីស្ថាននៅតែប្រឹងប្រែងបិទគម្លាត រវាងអាមេរិក និងអ៊ីរ៉ង់ ទោះគ្មានការចរចាទល់មុខក៏ដោយ

2026/04/27 06:46:03 pm        61
ប្រភពពីអ្នកសម្របសម្រួលប៉ាគីស្ថាន បានឲ្យដឹងថា ការងារមិនត្រូវបានបញ្ឈប់នោះឡើយ ក្នុងការបិទគម្លាត រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទោះបីជាកិច្ចចរចាទល់មុខមិនទទួលបានជោគជ័យក៏ដោយ បន្ទាប់ពីលោក Donald Trump បានលុបចោលការធ្វើដំណើរនៃបេសកជនរបស់លោក និងបានប្រាប់អ៊ីរ៉ង់ឲ្យទូរស័ព្ទជជែកគ្នា នៅពេលដែលខ្លួនចង់បានកិច្ចព្រមព្រៀង។ក្តីសង្ឃឹមនៃការរស់ឡើងវិញនូវកិច្ចប្រឹងប្រែងសន្តិភាព បានថយចុះ ចាប់តាំងពីប្រធានាធិបតីអាមេរិក កាលពីថ្ងៃសៅរ៍ បានលុបចោលការធ្វើដំណើរដោយបេសកជនរបស់លោក គឺលោក Steve Witkoff និងលោក Jared Kushner ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដែលជារដ្ឋធានីប៉ាគីស្ថាន ពោលគឺជាកន្លែងដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានធ្វើដំណើរចេញចូល ២ដងហើយ កាលពីចុងសប្តាហ៍កន្លងមក។លោក Araqchi ដែលក៏បានទៅទស្សនកិច្ចប្រទេសអូម៉ង់ផងដែរនោះ បានទៅដល់រុស្ស៊ីហើយ នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ ដើម្បីជួបជាមួយប្រធានាធិបតី លោក Vladimir Putin ដែលជាសម្ព័ន្ធមិត្តយូរអង្វែង។ជាសញ្ញាមួយដែលបង្ហាញថា មិនមានការប្រជុំទល់មុខណាមួយ ត្រូវបានគ្រោងទុក ក្នុងពេលឆាប់ៗនេះទេ ផ្លូវនានាបានបើកចរចារណ៍ឡើងវិញ នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន ដែលត្រូវបានបិទខ្ទប់អស់រយៈពេល ១សប្តាហ៍ ដើម្បីរង់ចាំការចរចាដែលមិនដែល​កើតឡើងឡើយ។ សណ្ឋាគារប្រណីតដែលត្រូវបានសម្អាត ដើម្បីទុក​សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ កំពុងទទួលការកក់ពីសាធារណជនម្តងទៀត។មន្ត្រីប៉ាគីស្ថានបាននិយាយថា ការចរចានៅតែកំពុងធ្វើឡើងពីចម្ងាយ ប៉ុន្តែមិនមានផែនការធ្វើកិច្ចប្រជុំទល់មុខនោះទេ រហូតដល់ភាគីទាំង២ មានការយល់ឃើញជិតគ្នាមែនទែន ដែលមានភាពគ្រប់គ្រាន់ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈ។ ប្រភពប៉ាគីស្ថានដែលដឹងពីការចរចានេះ បានឲ្យដឹងថា «សេចក្តីព្រាង នឹងត្រូវបានចរចាពីចម្ងាយ រហូតដល់ភាគីទាំង២ ឈានដល់ការឯកភាពគ្នាខ្លះ»៕

អាហ្វ្រិកខាងលិច អំពាវនាវឲ្យមានការឆ្លើយតបរួមគ្នាចំពោះការវាយប្រហារសម្លាប់រដ្ឋមន្រ្តីការពារជាតិម៉ាលី

2026/04/27 06:44:17 pm        45
 ប្រជាពលរដ្ឋរស់នៅប្រទេសហ្គាណា និងកូឌីវ័រ មានក្តីក្រៀមក្រំជាខ្លាំង និងតក់ស្លុតក្រោយការវាយប្រហារនៅប្រទេសម៉ាលីបានសម្លាប់លោករដ្ឋមន្រ្តីការពារជាតិ Sadio Camara ។ អ្នកនាំពាក្យរដ្ឋាភិបាលម៉ាលីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រថយន្តមួយគ្រឿងដែលផ្ទុក គ្រឿងផ្ទុះបើកបរដោយជនវាយប្រហារអត្តឃាតម្នាក់ បានបើកបុកចូលលំនៅឋានរបស់លោក Sadio Camara ស្ថិតក្នុងទីក្រុង Kati បង្កឲ្យមានការបាញ់ប្រហារបណ្តាលឲ្យរូបលោករងរបួស និងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។ នៅក្នុងរដ្ឋធានី Accra របស់ហ្គាណា យុវជន Sidi Keita គឺជានិស្សិតម៉ាលីមួយរូបនិយាយថា រូបគេមានភាពក្រៀមក្រំជាពន់ពេក ក្រោយពេលទទួលបានដំណឹងអកុសលបែបនេះ ។ខណៈពេលនោះដែរ រដ្ឋាភិបាលម៉ាលី បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ២ថ្ងៃ ហើយសម្ព័ន្ធមិត្តក្រុមអាល់កៃដាបានប្រកាសទទួលស្គាល់ការវាយប្រហារមួយនេះ ។ការវាយប្រហារនេះដែរ បញ្ជាក់ពីការគំរាមកំហែងជាប់លាប់ដែលរដ្ឋាភិបាលដឹកនាំដោយយោធារបស់លោក Assimi Goita កំពុងប្រឈមមុខ ដែលបានទប់ស្កាត់អំពើហិង្សារបស់ក្រុមឧទ្ទាម ទោះបីជាមានប្រតិបត្តិការកាន់តែខ្លាំងក៏ដោយ ។ ដោយឡែក អង្គការសហប្រជាជាតិ(UN) ក៏បានថ្កោលទោសការវាយប្រហារនេះដែរ និងបានអំពាវនាវឲ្យមានការឆ្លើយតបពីអន្តរជាតិចំពោះភាពអសន្តិសុខកាន់តែអាក្រក់នៅទូទាំងតំបន់ Sahel ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM