ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

[UPDATE] លោក Trump មានសុវត្ថិភាពក្រោយជម្លៀសចេញពីពិធីជប់លៀងអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ខណៈខ្មាន់កាំភ្លើងត្រូវបានឃុំខ្លួន

2026/04/26 11:02:14 am        133
ក្រុមមន្ត្រីបាននិយាយថា លោកប្រធានាធិបតី Donald Trump និងស្រី្តទី១ Melania Trump ត្រូវបានភ្នាក់ងារសេវាសម្ងាត់ប្រញាប់ប្រញាល់ជម្លៀសចេញពីពិធីជប់លៀងសមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានកាលពីយប់ថ្ងៃសៅរ៍ ២៦ មេសា បន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីបានព្យាយាមបំពានសន្តិសុខ។មន្ត្រី FBI ម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា បុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីបានបាញ់ទៅលើភ្នាក់ងារសេវាសម្ងាត់។ មន្ត្រីរូបនោះបាននិយាយថា ភ្នាក់ងារនោះត្រូវបានបាញ់ចំតំបន់ដែលគ្របដណ្ដប់ដោយសម្ភារៈការពារ ហើយពុំបានរងរបួសទេ។មន្ត្រីសហព័ន្ធទាំងអស់ រួមទាំងលោក Trump មានសុវត្ថិភាព។ ប្រហែលមួយម៉ោងបន្ទាប់ពីលោក Trump ត្រូវបានប្រញាប់ប្រញាល់អមដំណើរចាកចេញពីពិធីនោះ លោកបានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា "ខ្មាន់កាំភ្លើងម្នាក់ត្រូវបានចាប់ខ្លួន"។លោក Trump បានបន្ថែមថា "ល្ងាចមួយនៅ D.C. សេវាសម្ងាត់ និងក្រុមមន្ត្រីអនុវត្តច្បាប់បានធ្វើការងារដ៏អស្ចារ្យ"។មិនយូរប៉ុន្មាន លោកបានបង្ហោះថា "ស្រី្តទី១ រួមទាំងអនុប្រធានាធិបតី និងសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់ ស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះ"។ លោកបាននិយាយថា រូបលោកនឹងធ្វើសន្និសីទសារព័ត៌មាននៅសេតវិមាននៅយប់ថ្ងៃសៅរ៍ដដែលនោះ វេលានៅអាមេរិក៕

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី

2026/04/25 05:35:14 pm        52
កងទ័ពម៉ាលី បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធបានធ្វើការវាយប្រហារក្នុងរដ្ឋធានី Bamako របស់ម៉ាលី និងនៅទីតាំងជាច្រើន នៅផ្នែកខាងក្នុងនៃប្រទេស នាព្រឹកថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ ដោយនេះគឺជាការវាយប្រហារដែលហាក់ដូចជាមានការសម្របសម្រួលគ្នាពាក់ព័ន្ធនឹងក្រុមជាច្រើន។សាក្សីម្នាក់របស់សារព័ត៌មាន Reuters បាននិយាយថា សំឡេងផ្ទុះដ៏ខ្លាំងចំនួន ២ និងការបាញ់ប្រហារជាបន្តបន្ទាប់ ត្រូវបានឮភ្លាមៗ នៅមុនម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹង ៦ ម៉ោងសកល) នៅជិតមូលដ្ឋានយោធាដ៏សំខាន់របស់ប្រទេសម៉ាលី គឺ Kati នៅខាងក្រៅរដ្ឋធានី Bamako ហើយទាហានត្រូវបានដាក់ពង្រាយ ដើម្បីបិទផ្លូវនៅក្នុងតំបន់នេះ។មានភាពចលាចលស្រដៀងគ្នានេះកើតឡើងក្នុងពេលដំណាលគ្នា នៅទីក្រុង Sevare ភាគកណ្តាល និងទីក្រុង Kidal និងទីក្រុង Gao នៅភាគខាងជើងនៃប្រទេសម៉ាលី។ សាក្សីម្នាក់នៅទីក្រុង Sevare បានប្រាប់ថា «មានការបាញ់ប្រហារគ្រប់ទីកន្លែង»។ម៉ាលីកំពុងប្រយុទ្ធប្រឆាំងនឹងការបះបោរក្រុមអាហ្វ្រិកខាងលិច ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋឥស្លាម ISIS។ ហើយប្រទេសនេះក៏កំពុងតស៊ូផងដែរជាមួយនឹងការបះបោរដ៏យូរអង្វែងដឹកនាំដោយជនជាតិ Tuareg នៅភាគខាងជើង។កងទ័ពម៉ាលីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុម «ភេរវករ» ដែលមិនស្គាល់អត្តសញ្ញាណបានវាយប្រហារទីតាំងជាច្រើន នៅក្នុងរដ្ឋធានី និងកន្លែងផ្សេងទៀត នៅក្នុងប្រទេស តែមិនបានបញ្ជាក់ទីតាំងឡើយ។ កងទ័ពបានបន្ថែមថា ការប្រយុទ្ធគ្នាកំពុងបន្តមាន ហើយបានប្រាប់ឲ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់។អ្នកនាំពាក្យរដ្ឋាភិបាល និងអ្នកនាំពាក្យកងទ័ពម៉ាលី មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក

2026/04/25 05:17:01 pm        93
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានជួបជាមួយប្រមុខកងទ័ពប៉ាគីស្ថាន គឺលោកសេនាប្រមុខ Asim Munir នៅទីក្រុងអ៊ីស្លាម៉ាបាដ នាថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ ស្របពេលមានកិច្ចប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវការចរចាសន្តិភាពដែលជាប់គាំង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៣សប្តាហ៍របស់គូជម្លោះទាំង២។យោងតាមវីដេអូខ្លីមួយដែលបានបង្ហោះដោយស្ថានទូតអ៊ីរ៉ង់ នៅលើវេទិកាបណ្ដាញសង្គម X បានបង្ហាញថា កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi ទីប្រឹក្សាសន្តិសុខជាតិ និងជាប្រធានផ្នែកស៊ើបការណ៍សម្ងាត់អន្តរសេវាកម្ម លោកឧត្តមសេនីយ៍ឯក Asim Malik អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Reza Amiri Moghadam។បើទោះបីជាស្ថានទូតមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមក៏ដោយ ក៏ប្រភពពីប៉ាគីស្ថានបានប្រាប់សារព័ត៌មាន Anadolu ថា ភាគីទាំង២ បានពិភាក្សាអំពីបញ្ហាទាក់ទងនឹងលទ្ធភាពដែលអាចមានកិច្ចចរចាជុំទី២ រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។លោក Araghchi បានទៅដល់ប៉ាគីស្ថានកាលពីយប់ថ្ងៃសុក្រ សម្រាប់អ្វីដែលមន្ត្រីប៉ាគីស្ថាន លើឡើងថា អាចបើកផ្លូវឲ្យមានការចរចាជុំទី២។ ជុំទី១ ត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពី ២សប្តាហ៍មុន ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងអ្វីឡើយ។ កិច្ចពិភាក្សាទាំងនោះបានកើតឡើងបន្ទាប់ពីប៉ាគីស្ថានបានសម្របសម្រួលឲ្យមានបទឈប់បាញ់រយៈពេល ២សប្តាហ៍ នៅថ្ងៃទី៨ ខែមេសា ដែលក្រោយមកត្រូវបានពន្យារដោយប្រធានាធិបតីអាមេរិកលោក Donald Trump៕

អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល

2026/04/25 05:03:11 pm        86
តុលាការបានរាយការណ៍ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់នៅថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រហារជីវិតបុរសម្នាក់ពីបទអនុវត្ត «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល ក្នុងអំឡុងពេលមានការតវ៉ាទ្រង់ទ្រាយធំ កាលពីខែមករា។នេះគឺជាការប្រហារជីវិតចុងក្រោយបំផុត ក្នុងចំណោមការប្រហារជីវិតជាបន្តបន្ទាប់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ គេហទំព័រ Mizan Online របស់តុលាការ បានឲ្យដឹងថា លោក Erfan Kiani ត្រូវបានព្យួរក បន្ទាប់ពីការកាត់ទោសរបស់លោក ត្រូវបានអះអាងមិនផ្លាស់ប្ដូរដោយតុលាការកំពូលរបស់ប្រទេស។គេហទំព័រនេះបានពិពណ៌នាអំពីលោក Kiani ថា ជា «អ្នកប្រតិបត្តិការដ៏សំខាន់» ម្នាក់ នៅក្នុង «បេសកកម្មដែលប្រគល់ឲ្យដោយទីភ្នាក់ Mossad» ក្នុងអំឡុងពេលមានភាពចលាចល នៅភាគកណ្តាលខេត្ត Isfahan របស់អ៊ីរ៉ង់។តុលាការបានចោទប្រកាន់រូបគេពីបទ «បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន សកម្មដុតបំផ្លាញ កាន់កាប់ និងប្រើប្រាស់គ្រាប់បែកភ្លើង កាន់អាវុធចុងស្រុច បិទផ្លូវយានយន្ត វាយប្រហារមន្ត្រី ហើយបានបង្កជាការភ័យខ្លាច និងការភ័យស្លន់ស្លោ ក្នុងចំណោមប្រជាពលរដ្ឋ»។ការប្រហារជីវិតរបស់គេ បានកើតឡើងបន្ទាប់ពីមានការកាត់ទោសដោយព្យួរកនេះ កាលថ្ងៃទី២៣ ខែមេសា ចំពោះបុរសម្នាក់ទៀតនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលត្រូវបានផ្ដន្ទាទោសពីបទចូលជាសមាជិកនៃក្រុមប្រឆាំងដែលត្រូវបានហាមឃាត់៕

មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា

2026/04/25 04:34:57 pm        72
នគរបាលបានឲ្យដឹងថា ការប្រយុទ្ធគ្នាដោយកាំភ្លើង រវាងក្រុមជនជាតិភាគតិចដែលមានអរិភាពជាមួយគ្នា នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ប្រទេសឥណ្ឌា បានបណ្ដាលឲ្យបុរស ៣នាក់បាត់បង់ជីវិត ដោយនេះគឺជាភាពចលាចលចុងក្រោយបំផុត នៅក្នុងតំបន់ដាច់ស្រយាល។រដ្ឋ Manipur បានជួបប្រទះនឹងការប៉ះទង្គិចគ្នាជាប្រចាំអស់រយៈពេលជិត ៣ឆ្នាំមកហើយ រវាងជនជាតិភាគតិច Meitei ដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ និងសហគមន៍ Kuki ដែលភាគច្រើនជាគ្រិស្តបរិស័ទ ជាជម្លោះដែលបានឆក់យកជីវិតមនុស្សជាង ២៥០នាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលល្ងាចថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នគរបាលរដ្ឋ Manipur បានឲ្យដឹងថា៖ «នៅក្នុងហេតុការបាញ់ប្រហារតគ្នាទៅវិញទៅមកដ៏ខ្លាំងមួយ មនុស្ស ៣នាក់បានរងរបួស ដោយសារគ្រាប់កាំភ្លើង ហើយបានបាត់បង់ជីវិត»។ការប៉ះទង្គិចគ្នាបានកើតឡើងនៅភូមិ Mullam ក្នុងតំបន់ Ukhrul ហើយនគរបាលមិនបានបញ្ជាក់ថា តើបុរសទាំងនោះមកពីសហគមន៍ណានោះទេ។នគរបាលបានបន្ថែមថា៖ «វិធានការសន្តិសុខត្រូវបានពង្រឹងនៅក្នុងតំបន់នេះ ដើម្បីទប់ស្កាត់ការកើនឡើងនូវអំពើហិង្សាបន្ថែមទៀត។ ប្រតិបត្តិការរឹតបន្តឹងនៅតែដំណើរការដដែល»៕

របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក

2026/04/25 04:03:29 pm        81
របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិម្នាក់ បាននិយាយថា សមត្ថភាពមីស៊ីលភាគច្រើនរបស់អ៊ីរ៉ង់ មិនត្រូវបានប្រើប្រាស់នោះឡើយ នៅក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក។លោកឧត្តមសេនីយ៍ Reza Talaei-Nik បាននិយាយថា «ផ្នែកសំខាន់នៃសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ នៅតែមិនទាន់ប្រើប្រាស់នោះទេ»។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការមួយនេះ។ដោយលើកឡើងថា កងកម្លាំងអ៊ីរ៉ង់ បន្តរក្សាបាននូវឧត្តមភាពពេញមួយជម្លោះនេះ លោក Talaei-Nik បានបញ្ជាក់ថា៖ «កងកម្លាំងរបស់យើងបន្តរក្សាបាននូវឧត្តមភាពផ្លូវអាកាសទាំងស្រុង លើទឹកដីកាន់កាប់ដោយក្រុមគាំទ្រលទ្ធិហ្សាអឺន (អ៊ីស្រាអែល) ហើយផ្នែកខ្លះប៉ុណ្ណោះនៃសមត្ថភាពមីស៊ីលរបស់យើង ត្រូវបានប្រើប្រាស់ក្នុងអំឡុងសង្គ្រាម ៤០ថ្ងៃ»។ទាក់ទងនឹងការប្រឈមមុខដាក់គ្នាខាងកងទ័ពជើងទឹក ឧត្តមសេនីយ៍រូបនេះបានអះអាងថា នាវាចម្បាំងដែលមានអរិភាព បានដកថយរាប់រយគីឡូម៉ែត្រពីសមុទ្រអូម៉ង់ម្តងហើយម្តងទៀត អំឡុងពេលមានការឆ្លើយតបទៅនឹងសកម្មភាពយ៉ាងដាច់ណាត់ដោយកងកម្លាំងអ៊ីរ៉ង់។ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ត្រូវបានរំខានយ៉ាងខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមលើអ៊ីរ៉ង់ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដែលធ្វើឲ្យទីផ្សារថាមពលសកលរង្គោះរង្គើ និងធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំង អំពីការខូចខាតសេដ្ឋកិច្ចយូរអង្វែង៕

រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក

2026/04/25 03:33:36 pm        61
រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា ប្រទេសទួរគីអាចពិចារណាចូលរួមក្នុងប្រតិបត្តិការដោះមីន នៅច្រកសមុទ្រ Hormuz បន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស កាលពីល្ងាចថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) លោក Fidan បានបញ្ជាក់ថា ក្រុមបច្ចេកទេសមួយ ត្រូវបានគេរំពឹងថា នឹងអនុវត្តការងារដោះមីន នៅក្នុងច្រកសមុទ្រ បន្ទាប់ពីមាននូវកិច្ចព្រមព្រៀងណាមួយ ដោយលោកបានបន្ថែមថា ទួរគីមើលឃើញកិច្ចប្រឹងប្រែងបែបនេះជាសកម្មភាពវិជ្ជមាន ដែលជាកាតព្វកិច្ចមនុស្សធម៌។លោក Fidan បាននិយាយថា ការងារដោះមីនណាមួយ នឹងត្រូវបានអនុវត្តដោយក្រុមបច្ចេកទេសមកពីប្រទេសផ្សេងៗ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីអាចសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ លោកបានបន្ថែមទៀតថា ទួរគីនឹង «មិនមានបញ្ហា» ជាមួយនឹងការចូលរួម ក្នុងប្រតិបត្តិការដោះមីនក្រោមលក្ខខណ្ឌនានាឡើយ។យ៉ាងណាក្ដី លោក Fidan បានព្រមានថា ទួរគីនឹងវាយតម្លៃឡើងវិញនូវជំហររបស់ខ្លួន ប្រសិនបើកក្រុមបច្ចេកទេសចម្រុះណាមួយនាពេលអនាគត ដែលមានការចូលរួមពីប្រទេសនានា បានក្លាយជាភាគីនៃជម្លោះថ្មី។ លោកក៏បានសង្កត់ធ្ងន់ដែរថា លោកជឿជាក់ថា បញ្ហាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់អាចត្រូវបានដោះស្រាយនៅក្នុងកិច្ចចរចាជុំបន្ទាប់ នៅក្នុងប្រទេសប៉ាគីស្ថាន៕

អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ

2026/04/25 03:33:07 pm        71
ក្រុមអ្នកចរចាអាមេរិក គ្រោងនឹងចាកចេញទៅកាន់ប្រទេសប៉ាគីស្ថាន នាថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ ប៉ុន្តែប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា មន្ត្រីរបស់ខ្លួនមិនមានគម្រោងជួបជាមួយអាមេរិក ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យទីផ្សារពិភពលោកច្របូកច្របល់។សេតវិមានបានឲ្យដឹងថា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Steve Witkoff និងកូនប្រសារប្រុស លោក Jared Kushner នឹងចេញដំណើរនៅព្រឹកថ្ងៃទី២៥ ខែមេសានេះ ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi។លោក Araqchi បានទៅដល់រដ្ឋធានីអ៊ីស្លាម៉ាបាដហើយ កាលពីថ្ងៃទី២៤ ខែមេសា។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបង្ហោះនៅលើវេទិកាបណ្ដាញសង្គម X ថា មន្ត្រីអ៊ីរ៉ង់មិនមានគម្រោងជួបជាមួយតំណាងអាមេរិកទេ ហើយថា ក្ដីបារម្ភរបស់ទីក្រុងតេអេរ៉ង់ នឹងត្រូវបញ្ជូនទៅអ្នកសម្របសម្រួលប៉ាគីស្ថាន។សេតវិមានមិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់។ ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ កំពុងស្ថិតក្នុងភាពជាប់គាំងដែលនាំឲ្យមានខាតបង់ធំ ដោយអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ភាគច្រើន ដែលជាធម្មតា ១ភាគ៥នៃការដឹកជញ្ជូនប្រេងសកលឆ្លងកាត់ទីនេះ ខណៈដែលសហរដ្ឋអាមេរិករារាំងការនាំចេញប្រេងរបស់អ៊ីរ៉ង់។ ជម្លោះនេះ ដែលចូលដល់សប្តាហ៍ទី៩ បានរុញឲ្យតម្លៃថាមពលហក់ឡើងដល់កម្រិតខ្ពស់បំផុតជាលើកដំបូង ក្នុងរយៈពេលច្រើនឆ្នាំ ដែលធ្វើឲ្យអតិផរណាកើនឡើង និងនាំឲ្យមានការរំពឹងទុក ដែលថា កំណើនសកលកាន់តែស្ថិតក្នុងភាពងងឹត៕

ការវាយប្រហារដ៏ធំរបស់រុស្ស៊ី លើអ៊ុយក្រែន បណ្ដាលឲ្យមនុស្ស ៤នាក់សា្លប់ និងរាប់សិបនាក់រងរបួស

2026/04/25 02:55:37 pm        59
ការវាយប្រហារដ៏ធំមួយរបស់រុស្ស៊ី ពេញមួយយប់ លើអ៊ុយក្រែន បានបណ្ដាលមនុស្សយ៉ាងតិច ៤នាក់ស្លាប់ និងជាង ៣០នាក់ផ្សេងទៀតរងរបួស ខណៈដែលទីក្រុងមូស្គូ បានប្រើប្រាស់យានដ្រូន និងមីស៊ីលរួមគ្នាជាង ៦៦០ គ្រឿង និងគ្រាប់ នៅក្នុងការបាញ់ស្រោចយ៉ាងសន្ធាប់ ដែលបានកំណត់គោលដៅលើទីក្រុង Dnipro នៅភាគអាគ្នេយ៍អ៊ុយក្រែន និងបានវាយប្រហារតំបន់ជាច្រើនទៀត។តាមរយៈសំណេរនៅលើបណ្ដាញសង្គម ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានរៀបរាប់ថា «ស្ទើរតែពេញមួយយប់ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីក្រុង Dnipro និងទីក្រុង និងសហគមន៍ផ្សេងទៀតរបស់យើង» ដោយលោកបានបន្ថែមថា គោលដៅភាគច្រើន គឺជាហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុង។ចំណែកអភិបាលតំបន់ លោក Oleksandr Hanzha បានឲ្យដឹងថា សាកសពមនុស្ស ២នាក់ ត្រូវបានទាញយកពីអគារមួយខ្នង ដែលរងគ្រោះដោយការវាយប្រហាររបស់រុស្ស៊ី នៅទីក្រុង Dnipro ដោយបានបន្តថាមនុស្ស ៥នាក់ផ្សេងទៀត អាចនៅតែជាប់នៅក្នុងគំនរបាក់បែករបស់អគារ។ លោកបានបន្ថែមថា មនុស្ស ២១ នាក់ផ្សេងទៀតនៅក្នុងទីក្រុងបានរងរបួស។នៅភាគខាងជើងតំបន់ Chernihiv ការវាយប្រហារដោយមីស៊ីល និងយានដ្រូន បានសម្លាប់មនុស្ស ២នាក់ ហើយ ៧នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការឲ្យដឹងពីអភិបាលទីនោះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយលើកម្មវិធីផ្ញើសារ Telegram កងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយប្រើយានដ្រូនចំនួន ៦១៩គ្រឿង និងមីស៊ីល ៤៧គ្រាប់ ដោយបន្ថែមថា ខ្លួន បានបាញ់ទម្លាក់យានដ្រូន ៥៨០គ្រឿង និងមីស៊ីល ៣០គ្រាប់។រុស្ស៊ីបានវាយប្រហារដោយយានដ្រូនរាប់សិបគ្រឿងជារៀងរាល់យប់ លើអ៊ុយក្រែន ដោយមានបន្ថែមការវាយប្រហារបញ្ចូលគ្នាទ្រង់ទ្រាយធំម្តងម្កាល ដែលប្រើប្រាស់យានដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់៕

ចំហេះព្រៃរាលដាលនៅភាគអាគ្នេយ៍អាមេរិក ខណៈរដ្ឋ Georgia ខូចខាតទ្រព្យសម្បត្តិច្រើនបំផុត

2026/04/25 02:33:00 pm        71
អភិបាលរដ្ឋ Georgia (ចចជៀ) លោក Brian Kemp បានប្រកាសអាសន្ន កាលពីថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) សម្រាប់តំបន់ចំនួន ៩១ នៅក្នុងរដ្ឋនេះ ជាកន្លែងដែលអាជ្ញាធរកំពុងប្រឹងប្រយុទ្ធជាមួយចំហេះព្រៃធំៗ ២ ដែលបានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិច្រើនបំផុត ខណៈដែលផ្ទះសម្បែង និងអគារផ្សេងទៀតជាង ១២០ខ្នង ត្រូវបានបំផ្លាញដោយអណ្ដាតភ្លើង។ចំហេះព្រៃនៅតំបន់ Highway 82 និង Pineland Road ដែលការឆាបឆេះមួយបង្កឡើងដោយបាឡុងពិធីជប់លៀង និងមួយទៀតដោយអណ្ដាតភ្លើងរបស់ជាងផ្សារ គឺជាចំហេះព្រៃអាក្រក់បំផុតក្នុងចំណោមភ្លើងឆេះព្រៃរាប់សិបកន្លែង ដែលកំពុងបំផ្លាញតំបន់ជនបទរដ្ឋ Georgia ជាទីដែលរងគ្រោះដោយគ្រោះរាំងស្ងួត និងរដ្ឋជិតខាង ដូចជា Florida, South Carolina និង Alabama ជាដើម ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។មិនទាន់មានរបាយការណ៍ អំពីអ្នកស្លាប់ និងរបួសនៅឡើយទេ នៅក្នុងរដ្ឋ Georgia ដែលរងគ្រោះខ្លាំងជាងគេ។ ប៉ុន្តែបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗ បានឲ្យដឹងថា អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តម្នាក់ បានបាត់បង់ជីវិត កាលពីល្ងាចថ្ងៃទី២៣ ខែមេសា បន្ទាប់ពីមានបញ្ហាសុខភាពភ្លាមៗ ដែលមិនត្រូវបានបញ្ជាក់ ខណៈពេលកំពុងប្រយុទ្ធប្រឆាំងនឹងចំហេះព្រៃ នៅភាគខាងជើងរដ្ឋ Florida។គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ចំហេះព្រៃ Highway 82 និង Pineland បានឆេះបំផ្លាញផ្ទៃដីរួមបញ្ចូលគ្នាជាង ១៦០.០០០ហិកតា ដោយបានដុតបំផ្លាញផ្ទះសម្បែង និងសំណង់ផ្សេងៗទៀតយ៉ាងហោចណាស់ ១២២ខ្នង។ នេះបើយោងតាមមន្ត្រីព្រៃឈើរដ្ឋ Georgia។អភិបាលរដ្ឋ បានប្រាប់សន្និសីទសារព័ត៌មានថា ចំនួននៃការបំផ្លិចបំផ្លាញនេះ បានក្លាយជាការខាតបង់ទ្រព្យសម្បត្តិដ៏ធំបំផុត ដោយសារព្រឹត្តិការណ៍ចំហេះព្រៃតែមួយ ក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ Georgia។ លោកបានបន្ថែមថា ផ្ទះជិត ១.០០០ខ្នងទៀត នៅតែរងការគំរាមកំហែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM