ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

[UPDATE] ខ្មាន់កាំភ្លើងព្យាយាមសម្លាប់លោក Trump និងគណៈរដ្ឋមន្ត្រីនៅឯពិធីទទួលទានអាហារពេលល្ងាច

2026/04/27 08:06:44 am        118
ក្រុមអ្នកស៊ើបអង្កេតកាលពីថ្ងៃអាទិត្យ២៦មេសា បាននិយាយថា ខ្មាន់កាំភ្លើងដែលបានព្យាយាមសម្រុកចូលពិធីទទួលទានអាហារពេលល្ងាចមួយចូលរួមដោយលោក Donald Trump មានគម្រោងធ្វើឃាតប្រធានាធិបតីអាមេរិក និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ខណៈការត្រួតពិនិត្យកាន់តែខ្លាំងលើសន្តិសុខនៃព្រឹត្តិការណ៍នេះ។ លោក Trump ដែលត្រូវបានភ្នាក់ងារសេវាសម្ងាត់ប្រញាប់ប្រញាល់ជម្លៀសចេញពីសាលសណ្ឋាគារនៅទីក្រុងវ៉ាស៊ីនតោន បានបង្ហោះវីដេអូខ្មាន់កាំភ្លើងដែលកំពុងព្យាយាមរត់គេចខ្លួនឆ្លងកាត់ចំណុចត្រួតពិនិត្យសន្តិសុខ។បន្ទាប់ពីការបាញ់ប្រហារតបតគ្នាមួយសន្ទុះជាមួយភ្នាក់ងារផ្សេងៗ ជនសង្ស័យវ័យ៣១ឆ្នាំ ឈ្មោះ Cole Tomas Allen ត្រូវបានឃុំខ្លួននៅកន្លែងកើតហេតុ ហើយត្រូវបានសួរចម្លើយកាលពីថ្ងៃអាទិត្យ មុនពេលជនល្មើសត្រូវចូលបង្ហាញខ្លួននៅតុលាការនៅថ្ងៃបន្ទាប់។ លោក Trump បានចែករំលែករូបថតរបស់ជនសង្ស័យដែលត្រូវបានដាក់ខ្នោះដៃនៅលើកម្រាលឥដ្ឋសណ្ឋាគារ។លោកTodd Blanche រដ្ឋអាជ្ញាស្តីទីសហរដ្ឋអាមេរិក បានប្រាប់កម្មវិធី "Face The Nation" របស់ ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យថា លោកមិនបានសហការយ៉ាងសកម្មទេ។លោករំពឹងថាខ្មាន់កាំភ្លើងនឹងត្រូវបានចោទប្រកាន់ជាផ្លូវការនៅព្រឹកស្អែកក្នុងតុលាការសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន។លោក Blanche បានបន្ថែមថា ពុំមានហេតុផលអ្វីបន្ថែមទៀតត្រូវបានគេដឹងអំពីការវាយប្រហារនោះទេ ដោយបញ្ជាក់ថាជនសង្ស័យ ដែលប្រដាប់ដោយកាំភ្លើងវែង កាំភ្លើងខ្លី និងកាំបិត កំពុងស្នាក់នៅសណ្ឋាគារ Washington Hilton ជាកន្លែងដែលពិធីទទួលទានអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍២៥មេសា។ លោក Blanche បាននិយាយថា ពួកលោកជឿថាជនល្មើស បានធ្វើដំណើរតាមរថភ្លើងពីទីក្រុង Los Angeles ទៅ Chicago ហើយបន្ទាប់មកពី Chicago ទៅ Washington។ វាហាក់ដូចជាខ្មាន់កាំភ្លើងបានទិញអាវុធទាំងនេះក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ៕

ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

2026/04/26 03:49:59 pm        99
នៅក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១៧ ខែមេសា ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់ជិត១២,៩ លានបារ៉ែលក្នុងមួយថ្ងៃ ដែលឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក។ស្ថិតិពីទីភ្នាក់ងារនេះបង្ហាញពីនិន្នាការកើនឡើងនៃការនាំចេញប្រេងឆៅ និងផលិតផលសរុបថ្មីៗរបស់ប្រទេសនេះ។ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៧ ខែមេសា ការនាំចេញប្រេងឆៅមានប្រហែល៤,៨ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈការនាំចេញផលិតផលប្រេងមានចំនួនជិត៨,១ លានបារ៉ែលក្នុងមួយថ្ងៃ ដែលទាំងពីរនេះបានបង្កើតកំណត់ត្រាថ្មី។លោក Matt Smith អ្នកវិភាគមកពីវិទ្យាស្ថាន Kepler បានប៉ាន់ប្រមាណថា ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ានៅតែបន្ត ទីផ្សារពិភពលោកត្រូវបានបង្ខំឱ្យស្វែងរកអ្នកផ្គត់ផ្គង់ជំនួសសម្រាប់ប្រេងឆៅ និងផលិតផលប្រេង ដែលបានជំរុញឱ្យមានការនាំចេញប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកកើនឡើង។ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគមួយចំនួនក៏បានព្រមានផងដែរថា ទោះបីជាការកើនឡើងនៃការនាំចេញប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកបាននាំមកនូវប្រាក់ចំណេញយ៉ាងច្រើនសម្រាប់សហគ្រាសថាមពលក៏ដោយ ក៏ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈទំនងជាធ្វើឱ្យអតិផរណាក្នុងស្រុកកាន់តែខ្លាំងឡើងផងដែរ៕

អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង

2026/04/26 03:47:12 pm        112
កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ីរ៉ង់បានរៀបចំ និងកែលម្អផែនការប្រតិបត្តិការ និងការពារ ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលអាចកើតមាន រួមទាំងការប្រយុទ្ធនៅលើដី ហើយនឹងបន្តយុទ្ធសាស្ត្រយោធារបស់ខ្លួន ជាពិសេសការគ្រប់គ្រងច្រកសមុទ្រ Hormuz។នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន IRGC បាននិយាយថា កងកម្លាំងការពារជាតិរបស់អ៊ីរ៉ង់ត្រូវបានត្រៀមខ្លួនរួចរាល់ហើយនៅគ្រប់ទិសទី និងប្រព័ន្ធចារកម្មសម្ងាត់។កងឆ្មាំបដិវត្តន៍អ៊ីស្លាមនេះក៏បាននិយាយផងដែរថា មូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ាបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលសង្គ្រាមបច្ចុប្បន្ន ដោយបន្ថែមថា ជម្រើសតែមួយគត់សម្រាប់សហរដ្ឋអាមេរិកគឺដកខ្លួនចេញដោយគ្មានលក្ខខណ្ឌពីតំបន់នេះ។IRGC ក៏បានសង្កត់ធ្ងន់ផងដែរថា ការរក្សាការគ្រប់គ្រងលើច្រកសមុទ្រ Hormuz និងការរារាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន នៅតែជាអាទិភាពយុទ្ធសាស្ត្រ។នៅថ្ងៃដដែលនោះ បញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ ជាទីស្នាក់ការកណ្តាល Khatam al-Anbiya បានព្រមានថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបយ៉ាងខ្លាំងក្លា ប្រសិនបើកងកម្លាំងអាមេរិកបន្តបិទផ្លូវទឹក ចាប់នាវា និងសកម្មភាពចោរសមុទ្រនៅក្នុងតំបន់៕

មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី

2026/04/26 02:22:53 pm        110
យោងតាមអាជ្ញាធរតំបន់បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៤ នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកលើផ្លូវហាយវេនៅភាគនិរតីនៃប្រទេសកូឡុំប៊ី ។ លោក Octavio Guzmán អភិបាលតំបន់ Cauca បាននិយាយថា គ្រឿងផ្ទុះនេះត្រូវបានបំផ្ទុះកាលពីថ្ងៃសៅរ៍នៅលើផ្លូវហាយវេ Pan-American ក្នុងតំបន់ El Tunel នៃទីក្រុង Cajibio។លោក Guzman បាននិយាយនៅក្នុងសារមួយលើបណ្ដាញសង្គម X ថា គិតត្រឹមពេលនេះ ពួកលោកបានរាយការណ៍ថាមនុស្ស ១៤ នាក់បានស្លាប់ និង៣៨ នាក់រងរបួស រួមទាំងអនីតិជន៥ នាក់។ លោក Guzman បានថ្កោលទោសអ្វីដែលលោកហៅថា ការវាយប្រហារដោយមិនរើសមុខ ប្រឆាំងនឹងប្រជាជនស៊ីវិល។លោក Guzman បាននិយាយថា រូបលោកគ្មានពាក្យអ្វីរៀបរាប់ឲ្យស្មើនឹងទំហំនៃការឈឺចាប់ដែលពួកលោកកំពុងមាននៅពេលនេះទេ ដោយទាមទារឱ្យមានការឆ្លើយតប "ដ៏ម៉ឺងម៉ាត់ និងយូរអង្វែង" ពីរដ្ឋាភិបាលប្រឆាំងនឹង "ការកើនឡើងនៃអំពើភេរវកម្ម"។លោកឧត្តមសេនីយ៍ Hugo López មេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូឡុំប៊ី បានប្រាប់សន្និសីទសារព័ត៌មានមួយថា វាគឺជា «ទង្វើភេរវកម្ម» ហើយបានស្តីបន្ទោសបណ្តាញរបស់បុរសម្នាក់ដែលគេស្គាល់ថា Ivan Mordisco ជាឥស្សរជនម្នាក់ក្នុងចំណោមឥស្សរជនដែលប្រទេសកូឡុំប៊ីកំពុងតាមរកមុខ និងក្រុម Jaime Martínez៕

[UPDATE]លោកTrumpសន្មតថាអ្នកបាញ់ប្រហារនៅពិធីអាហារពេលល្ងាចធ្វើតែម្នាក់ឯង ហើយច្រានចោលការជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់

2026/04/26 01:59:26 pm        140
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានភ្នាក់ងារសេវាសម្ងាត់ជម្លៀសចេញពីពិធីអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំឆ្នាំរបស់សេតវិមានកាលពីយប់ថ្ងៃសៅរ៍ ២៥មេសា បន្ទាប់ពីឧបទ្ទវហេតុសន្តិសុខ ពាក់ព័ន្ធនឹងសំឡេងខ្លាំងៗដែលមិនស្គាល់អត្តសញ្ញាណ ។ លោក Trump បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយបន្ទាប់ពីឧបទ្ទវហេតុសន្តិសុខថាបុរសម្នាក់ប្រដាប់ដោយអាវុធច្រើនមុខ រួមទាំងកាំបិត និងពាក់អាវការពារគ្រាប់កាំភ្លើង បានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅពិធីជួបជុំទទួលទានអាហារពេលល្ងាច ដោយធ្វើឱ្យមន្ត្រីអនុវត្តច្បាប់ម្នាក់រងរបួស។ ជនសង្ស័យត្រូវបានគេរាយការណ៍ថាមានអាយុ៣០ឆ្នាំ ឈ្មោះ Cole Tomas Allen មកពីរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ លោក Trump បាននិយាយថាលោកសន្មតថាខ្មាន់កំាភ្លើងនៅពិធីអាហារពេលល្ងាចនោះគឺធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ហើយហេតុការណ៍នេះមិនមានជាប់ពាក់ព័ន្ធជាមួយសង្គ្រាមនៅអ៊ីរ៉ង់ទេ។ លោកស្រី Jeanine Pirro រដ្ឋអាជ្ញាអាមេរិកសម្រាប់ស្រុក Columbia បាននិយាយថាជនជាប់ចោទកំពុងត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់ពីរករណី ហើយនឹងត្រូវនាំខ្លួនឡើងតុលាការនៅថ្ងៃចន្ទ។ជនសង្ស័យត្រូវបានឃុំខ្លួន និងសម្រាកនៅមន្ទីរពេទ្យ។ លោក Trump បានបន្ថែមថាពិធីទទួលទាហានអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាននឹងត្រូវកំណត់ពេលឡើងវិញក្នុងរយៈពេល៣០ ថ្ងៃ៕

អ៊ីស្រាអែលសម្លាប់មនុស្សបួននាក់នៅលីបង់ ខណៈខ្លួនបង្កើនការបំពានលើបទឈប់បាញ់

2026/04/26 01:30:51 pm        137
ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់បួននាក់នៅក្នុងស្រុក Nabatieh ភាគខាងត្បូងប្រទេសលីបង់ ខណៈលោក Netanyahu បញ្ជាឱ្យកងទ័ពវាយប្រហារយ៉ាងខ្លាំងក្លាលើក្រុម ហេសបូឡា (Hezbollah) នៅក្នុងប្រទេសលីបង់ ក្នុងការផ្គើនទៅនឹងបទឈប់បាញ់ដែលនៅតែកំពុងបន្តរយៈពេលបីសប្តាហ៍ជាមួយក្រុមនេះ ។ ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ មជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់របស់ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយឆ្មក់ពីរលើករបស់អ៊ីស្រាអែលលើរថយន្តដឹកទំនិញ និងទោចក្រយានយន្តមួយគ្រឿងនៅក្នុងទីក្រុង Yohmor al-Shaqif បានសម្លាប់មនុស្សបួននាក់។លោកស្រី Heidi Pett របស់សារព័ត៌មាន Al Jazeera ដែលរាយការណ៍ពីទីក្រុង Tyre បាននិយាយថា ការវាយប្រហារទាំងនោះត្រូវបានធ្វើឡើងនៅភាគខាងជើងនៃទន្លេ Litani ដែលអ៊ីស្រាអែលបានប្រកាសជាឯកតោភាគីថាកំពុងធ្វើប្រតិបត្តិការ។ទន្ទឹមនឹងនេះ នៅក្នុងទីក្រុង Bint Jbeil ដែលក៏ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ផងដែរនោះ ទាហានអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថាបានបំផ្ទុះអគារមួយចំនួនកាលពីព្រឹកថ្ងៃសៅរ៍។អ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera បានរាយការណ៍ដាច់ដោយឡែកពីការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង Khiam រួមទាំងនៅលើអគារលំនៅឋានផងដែរ។ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី២ខែមីនា ២០ឥ២៦ នេះ មកបានសម្លាប់មនុស្ស២.៤៩៦ នាក់ និង៧.៩១៩នាក់រងរបួស៕

មនុស្សជាង៣.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ខណៈជប៉ុនកំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃ

2026/04/26 01:00:54 pm        106
ក្រុមពន្លត់អគ្គិភ័យជាង១.០០០នាក់នៅភាគខាងជើងប្រទេសជប៉ុនបានព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃចំនួនពីរសម្រាប់ថ្ងៃទីបួនជាប់ៗគ្នាកាលពីថ្ងៃសៅរ៍ ខណៈភ្លើងឆេះព្រៃបានរាលដាលកាន់តែជិតតំបន់លំនៅឋានប្រជាពលរដ្ឋ និងបានបង្ខំឱ្យប្រជាជនជាង ៣.០០០នាក់ជម្លៀសចេញ។តំបន់ដែលរងផលប៉ះពាល់សរុបមានទំហំធំបំផុតទីបីនេះ ត្រូវបានកត់ត្រានៅក្នុងប្រទេសជប៉ុន ជាកន្លែងដែលភ្លើងឆេះព្រៃកាន់តែខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ចំហេះដំបូងបានឆាបឆេះឡើងកាលពីថ្ងៃពុធសប្ដាហ៍ ២២មេសា ២០២៦នេះ នៅតំបន់ភ្នំមួយ ហើយបន្ទាប់មកភ្លើងឆេះទីពីរនៅក្បែរនោះបានគំរាមកំហែងដល់លំនៅឋាននៅទីក្រុង Otsuchi ក្នុងខេត្ត Iwate។មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ស្ថានភាពដីលើភ្នំ អាកាសធាតុស្ងួត និងខ្យល់កំពុងរារាំងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់អណ្ដាតភ្លើង។គិតត្រឹមថ្ងៃសៅរ៍២៥មេសា ភ្លើងឆេះព្រៃបានឆេះបំផ្លាញលើផ្ទៃដីប្រហែល៧៣០ ហិកតា ដែលជំរុញឱ្យមានបទបញ្ជាជម្លៀសមនុស្សចេញគ្របដណ្តប់លើគ្រួសារចំនួន១.៥៤១ និងមនុស្សចំនួន៣.២៣៣ នាក់ ប្រហែលមួយភាគបីនៃចំនួនប្រជាជនក្នុងទីក្រុង Otsuchi៕

មនុស្ស ១០នាក់ស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីលើទីក្រុង Dnipro និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន

2026/04/26 12:40:02 pm        130
កងកម្លាំងរុស្ស៊ីបានវាយប្រហារទីក្រុង Dnipro ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍២៥មេសា ក្នុងរលកនៃការវាយប្រហារដោយប្រើយានដ្រូន និងមីស៊ីល ដែលក៏បានវាយប្រហារតំបន់ផ្សេងទៀតផងដែរ ដោយបានសម្លាប់មនុស្ស ១០ នាក់ និង រាប់សិបនាក់របួស។ទីក្រុង Dnipro ត្រូវបានរងការវាយប្រហារដាច់ដោយឡែកពីគ្នាយ៉ាងហោចណាស់បីលើកទាំងយប់ទាំងថ្ងៃ។អភិបាលតំបន់ Oleksandr Hanzha បាននិយាយថា មនុស្សប្រាំបីនាក់បានស្លាប់ និង ៤៩ នាក់រងរបួសនៅក្នុងទីក្រុងនេះ ដែលជាគោលដៅដដែលៗក្នុងសង្គ្រាមជាងបួនឆ្នាំមកនេះជាមួយរុស្ស៊ី។លោក Hanzha បាននិយាយថា នៅក្នុងការវាយប្រហារដំបូងពេញមួយយប់ អគារអឹផាតមិនមួយបានដួលរលំបន្ទាប់ពីត្រូវបានវាយប្រហារ។ សាកសពចំនួនបួននាក់ត្រូវបានរកឃើញ ។ ទីតាំងនេះត្រូវបានវាយប្រហារម្តងទៀតក្នុងអំឡុងពេលថ្ងៃ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការ។ ការវាយប្រហារលើកទីពីរបានសម្លាប់មនុស្សម្នាក់ និងប្រាំពីរនាក់រងរបួស។មនុស្សប្រាំបីនាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃសៅរ៍។ លោក Hanzha បាននិយាយថា ពួកគេទាំងអស់កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។លោក Hanzha បានសរសេរនៅលើ Telegram ថា អស់រយៈពេលជាង ២០ ម៉ោងដ៏គួរឱ្យភ័យខ្លាច រុស្ស៊ីបានវាយប្រហារទីក្រុង Dnipro ក្នុងរលកវាយប្រហារជាច្រើន។ ពួកគេបានវាយប្រហារដោយមីស៊ីល និងយានដ្រូន។ ពួកគេបានវាយប្រហារដោយចេតនា។ ពួកគេបានវាយប្រហារតំបន់លំនៅឋាន។កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារដោយយានដ្រូន ចំនួន ៦១៩ គ្រឿង និងមីស៊ីលចំនួន ៤៧ គ្រាប់ពេញមួយយប់ ដោយបន្ថែមថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន ចំនួន ៥៨០ គ្រឿង និងមីស៊ីលចំនួន ៣០ គ្រាប់៕

ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវឱ្យប្រជាជនសន្សំសំចៃថាមពល

2026/04/26 11:58:47 am        90
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអំពាវនាវដល់ប្រជាជនអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ២៥ មេសា ឱ្យសន្សំសំចៃអគ្គិសនី ដោយព្រមានថា ខណៈមិនមានការខ្វះខាតនាពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មានគោលបំណងសាបព្រោះ "ការមិនពេញចិត្ត" ក្នុងចំណោមប្រជាជនអ៊ីរ៉ង់។ លោកប្រធានាធិបតីបានថ្លែងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា ពួកលោកបានស្នើសុំឱ្យប្រជាជនជាទីស្រឡាញ់របស់ពួកលោក ដែលឥឡូវនេះត្រៀមខ្លួនរួចរាល់ និងមានវត្តមាននៅលើទឹកដីនេះ នូវសំណើសាមញ្ញមួយ។ ហើយនោះគឺកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងថាមពលរបស់ពួកគេ។ លោកបានបន្ថែមថា ពួកលោកមិនត្រូវការឱ្យប្រជាជនលះបង់សម្រាប់ពេលបច្ចុប្បន្នទេ ប៉ុន្តែពួកលោកត្រូវគ្រប់គ្រងការប្រើប្រាស់។ ជំនួសឱ្យការប្រើអំពូលភ្លើងចំនួន១០ មកប្រើត្រឹមអំពូលភ្លើងពីរវិញនៅក្នុងផ្ទះ តើអាចទៅរួចឬអត់?។ទោះបីជាមានយុទ្ធនាការទម្លាក់គ្រាប់បែករវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ក៏ដោយ ក៏ពុំមានរបាយការណ៍អំពីការដាច់ចរន្តអគ្គិសនីនៅទីក្រុងតេអេរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះទេ។លោក Pezeshkian បានចោទប្រកាន់សត្រូវរបស់អ៊ីរ៉ង់ថាបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ និងបិទផ្លូវទឹកដើម្បីឱ្យការពេញចិត្តបច្ចុប្បន្នប្រែទៅជាការមិនពេញចិត្តវិញ៕

លោក Trump លុបចោលដំណើរបេសកជនទៅកាន់ប៉ាគីស្ថាន ដោយនិយាយថាសង្គ្រាមអ៊ីរ៉ង់ នឹងមិនបន្តភ្លាមៗទេ

2026/04/26 11:16:28 am        102
ប្រធានាធិបតីអាមេរិកលោក Donald Trump បានលុបចោលដំណើរទស្សនកិច្ចបេសកជនរបស់លោកទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់ការចរចាសន្តិភាពជាមួយអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ២៥ មេសា ដោយនិយាយថាគ្មានចំណុចណាមួយដែលត្រូវ «អង្គុយនិយាយអំពីរឿងឥតប្រយោជន៍អ្វីសោះ» នោះទេ ប៉ុន្តែលោកបានបន្ថែមថា សង្គ្រាមនឹងមិនបន្តភ្លាមៗនោះទេ។លោក Trump បាននិយាយថា លោកបានលុបចោលដំណើរទស្សនកិច្ចនេះ បន្ទាប់ពីមិនចាប់អារម្មណ៍នឹងជំហរចរចារបស់ទីក្រុងតេអេរ៉ង់ ដោយបន្ថែមថា សំណើដែលបានកែសម្រួលមួយបានកើតឡើងក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់ពីការសម្រេចចិត្តរបស់លោក។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគេបានផ្តល់ឱ្យពួកលោកនូវឯកសារមួយដែលគួរតែប្រសើរជាងនេះ ហើយ គួរឱ្យចាប់អារម្មណ៍ ភ្លាមៗ នៅពេលដែលរូបលោកបានលុបវាចោល ក្នុងរយៈពេល១០ នាទី ។លោកថា ពួកលោកទទួលបានឯកសារថ្មីមួយដែលល្អជាងនេះ ដោយពុំបានពន្យល់លម្អិត ទេ។ សេតវិមានបាននិយាយថា កូនប្រសាររបស់លោក Trump គឺលោក Jared Kushner និងបេសកជនពិសេសលោក Steve Witkoff កំពុងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់ការចរចាជាមួយអ៊ីរ៉ង់ ដែលមានគោលបំណង «ឆ្ពោះទៅរកកិច្ចព្រមព្រៀង» ប៉ុន្តែលោក Trump បានប្រាប់សារព័ត៌មាន Fox News ថា លោកបានលុបចោលដំណើរទស្សនកិច្ចនេះហើយ។លោកប្រធានាធិបតីបានថ្លែងថា លោកបានប្រាប់ក្រុមរបស់លោកថា ពួកលោកមានសន្លឹកបៀល្អគ្រប់យ៉ាង។ ពួកគេអាចទូរស័ព្ទមកពួកលោកនៅពេលណាដែលពួកគេចង់ ប៉ុន្តែអ្នកនឹងមិនធ្វើដំណើរតាមយន្តហោះរយៈពេល ១៨ ម៉ោងទៀតដើម្បីអង្គុយនិយាយរឿងឥតប្រយោជន៍នោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM