ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

UNថ្កោលទោលអំពើហិង្សាអ្នកតាំងលំនៅនិគមន៍កើនឡើងដែលមានគោលដៅលើសិស្សសាលាតំបន់វ៉េសប៊ែង

2026/04/24 06:40:25 pm        58
 លោក Stephane Dujarric គឺជាអ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN) និយាយថា អង្គការរបស់លោក បានថ្កោលទោលអំពើហិង្សាអ្នកតាំងលំនៅនិគមន៍កើនឡើងដែលមានគោលដៅលើសិស្សសាលាប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង ។ លោកថា UN បន្តទទួលបានសេចក្តីរាយការណ៍អាសន្នពីការវាយប្រហាររបស់ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនប៉ាឡេស្ទីន ការខូចខាត និងការជម្លៀសខ្លួន ។ លោកបានគូសបញ្ជាក់ផងដែរពីតម្រូវការបន្ទាន់ ដើម្បីការពារ និងស្តាឡើងវិញការអប់រំសម្រាប់កុមារប៉ាឡេស្ទីន ។ ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីននិយាយថា ទាហានអ៊ីស្រាអែល បានបាញ់សម្លាប់យុវជនវ័យ ១៥ឆ្នាំម្នាក់ អំឡុងការវាយឆ្មក់របស់កងទ័ពនៅតំបន់កាន់កាប់វ៉េសប៊ែង ។ នៅទីក្រុង Nablus ស្ថិតក្នុងតំបន់វ៉េសប៊ែង ក្រុមមន្រ្តីសុខភាព និយាយថា កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់យុវជន Youssef Sameh Shtayyeh អំឡុងការវាយឆ្មក់នៅតែបន្តក្នុងទីក្រុងមួយនេះ ។ យោធាអ៊ីស្រាអែលនិយាយថា យុវជនប៉ាឡេស្ទីនម្នាក់នេះ បានចោលដុំថ្មលើកងកម្លាំងរបស់ខ្លួន អំឡុងប្រតិបត្តិការនៅទីក្រុង Nablus ជាហេតុធ្វើឲ្យពួកគេបាញ់ប្រហារលើជនសង្ស័យម្នាក់នោះ ។ យោធាបន្តថា ពួកគេបានដឹងសេចក្តីរាយការណ៍ថា យុវជនប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់នៅកន្លែងកើតហេតុ ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានបាញ់សម្លាប់បុរសជនប៉ាឡេស្ទីនវ័យ ២៥ឆ្នាំម្នាក់ គឺលោក Odeh Awawdeh នៅទីក្រុង Deir Dibwan ស្ថិតនៅជិតទីក្រុង Ramallah កាលពីរយៈពេល ១ថ្ងៃមុន គឺជាអ្វីដែលក្រុមសិទ្ធិមនុស្សរៀបរាប់ថា ជាអំពើហិង្សាកើនឡើងលើជនប៉ាឡេស្ទីនបង្កឡើងដោយក្រុមអ្នកតាំងលំនៅនិគមន៍ និងទាហានអ៊ីស្រាអែល ។ យោធាអ៊ីស្រាអែល ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេលើឧបទ្ទេវហេតុមួយនេះ ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា មនុស្សយ៉ាងហោច ១៥នាក់ ត្រូវបានសម្លាប់ដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ៕

បេសកជនបញ្ជាក់ថា អ៊ីរ៉ង់នឹងលើកលែងឲ្យរុស្ស៊ី សម្រាប់ថ្លៃដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz

2026/04/24 06:36:04 pm        67
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំទីក្រុងមូស្គូ បានឲ្យដឹងនៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះថា ទីក្រុងតេអេរ៉ង់ បានធ្វើការលើកលែង សម្រាប់ប្រទេសមួយចំនួន ក្នុងនោះរួមទាំងរុស្ស៊ីផងដែរ ជុំវិញការបង់ថ្លៃដើម្បីឆ្លងកាត់ច្រកសមុទ្រ Hormuz។លោក Kazem Jalali បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti ថា អ៊ីរ៉ង់កំពុងស្វែងរកការអនុវត្តការលើកលែង សម្រាប់ «ប្រទេសជាមិត្ត ដូចជារុស្ស៊ីជាដើម»។ លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងនាពេលអនាគតទេ។ តែជាយ៉ាងណាក្ដី ក្រសួងការបរទេសរបស់យើង កំពុងព្យាយាមអនុវត្តការលើកលែងទាំងនេះ សម្រាប់ប្រទេសជាមិត្ត ដូចជារុស្ស៊ីជាដើម»។កាលពីថ្ងៃទី១៩ ខែមីនា ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ISNA បានរាយការណ៍ថា អ៊ីរ៉ង់កំពុងពិចារណាលើច្បាប់ ដែលនឹងតម្រូវឲ្យប្រទេសនានាបង់ថ្លៃ សម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រនេះ។ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានរំខានយ៉ាងខ្លាំង ចាប់តាំងពីសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ដែលធ្វើឲ្យទីផ្សារថាមពលពិភពលោករង្គោះរង្គើ និងបង្កើនការភ័យខ្លាចពីការខូចខាតសេដ្ឋកិច្ចយូរអង្វែង។កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក Donald Trump បានពន្យារបទឈប់បាញ់ ជាមួយអ៊ីរ៉ង់ បន្ទាប់ពីមានសំណើពីប៉ាគីស្ថាន ដោយប្រាប់ថា វានឹងនៅតែមានសុពលភាពរហូតដល់ទីក្រុងតេអេរ៉ង់បង្ហាញអ្វីដែលលោកពិពណ៌នាថា ជា «សំណើរួមតែមួយ»៕

ក្រោយលោក Trumpរិះគន់ សម្តេចប៉ាប ថ្កោលទោសការសម្លាប់បាតុករនៅអ៊ីរ៉ង់

2026/04/24 06:33:07 pm        85
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សម្តេចប៉ាប លីអូ បានថ្កោលទោសការសម្លាប់បាតុករប្រឆាំងរដ្ឋាភិបាលនៅអ៊ីរ៉ង់ ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរិះគន់ព្រះអង្គថា ពុំបានធ្វើបែបនេះ ។សម្តេចប៉ាបមានព្រះបន្ទូលថា ព្រះអង្គសូមធ្វើការថ្កោលទោសចំពោះការឆក់យកអាយុជីវិតមនុស្ស ព្រះអង្គថ្កោលទោសការកាត់ទោសប្រហារជីវិត ព្រះអង្គជឿថា ជីវិតមនុស្សត្រូវតែគោរព ហើយមនុស្សទាំងអស់ តាំងពីមានគត៌រហូតដល់សម្រាល ជីវិតរបស់ពួកគេគួរតែត្រូវបានគោរព និងត្រូវបានការពារ ។ ដូច្នេះហើយ ពេលដែលរបបមួយ ពេលដែលប្រទេសមួយសម្រេចចិត្តឆក់យកអាយុជីវិតមនុស្សដោយមិនត្រឹមត្រូវ វាច្បាស់ណាស់ថាជាអ្វីមួយដែលត្រូវតែថ្កោលទោស ។គួរឲ្យដឹងថា អាជ្ញាធរអ៊ីរ៉ង់បានសម្លាប់មនុស្សរាប់ពាន់នាក់ អំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែមករា ។ក្រុមសិទ្ធិមនុស្សនិយាយថា រដ្ឋាភិបាលអ៊ីរ៉ង់បន្តចាត់វិធានការបង្រ្កាបក្រុមប្រឆាំង ខណៈដែលសង្រ្គាមនៅអូសបន្លាយពេល ក្នុងនោះ ទីក្រុងតេអេរ៉ង់បានកាត់ទោសប្រហារជីវិតមួយទៀត ក្នុងសប្តាហ៍នេះ ។នៅដើមខែនេះ លោក Trumpដែលបានវាយប្រហារសម្តេចប៉ាបនៅលើបណ្តាញព័ត៌មានសង្គម ពាក់ព័ន្ធនឹងការរិះគន់របស់ទ្រង់ចំពោះសង្រ្គាមអ៊ីរ៉ង់ បានបង្ហោះថា តើនឹងមានអ្នកនិយាយប្រាប់សម្តេចប៉ាប លីអូ ពីការស្លាប់របស់បាតុករអ៊ីរ៉ង់ដែរឬទេ ៕

រដ្ឋមន្រ្តីការបរទេសឈីលី និងបូលីវី យល់ព្រមចាប់ផ្តើមឡើងវិញការពិគ្រោះយោបល់នយោបាយ ក្រោយរយៈពេល ៤៨ឆ្នាំ

2026/04/24 05:50:31 pm        58
រដ្ឋមន្រ្តីការបរទេសឈីលីលោក Perez Mackenna បានជួបជាមួយរដ្ឋមន្រ្តីការបរទេសបូលីវីលោក Fernando Aramayo នៅទីក្រុង La Paz ជាទីដែលភាគីទាំង ២និយាយថា ពួកគេមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងទ្វេភាគី ។លោក Mackenna និយាយថា ឈីលីចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងអន្តោប្រវេសន៍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធព្រំដែន ដែលជាផ្នែកមួយនៃកិច្ចខិតខំ ដើម្បីប្រយុទ្ធប្រឆាំងការធ្វើអន្តោប្រវេសន៍ខុសប្រក្រតី អង្គការឧក្រិដ្ឋកម្ម ការជួញដូរមនុស្សខុសច្បាប់ ការរត់ពន្ធ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ។លោកថា ក្រុមតំណាងធុរកិច្ចឈីលី និងបូលីវី បានជួបគ្នា ហើយភាគីទាំង ២ បានព្រមព្រៀងគ្នាចាប់ផ្តើមកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ។ចំណែកឯលោក Aramayo និយាយដែរថា ភាគីទាំង ២ បានយល់ព្រមស្តាឡើងវិញយន្តការសម្រាប់ការពិគ្រោះយោបល់នយោបាយ និងគ្រប់គ្រងរបៀបវារៈទ្វេភាគីតាមវិធីគ្រប់ជ្រុងជ្រោយ ។យោងតាមការអះអាងរបស់ក្រសួងការបរទេសឈីលី បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Mackenna គឺជាដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ ដោយផ្តោតសំខាន់លើការបង្កើតទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ វិស័យទេសចរណ៍ បណ្តាញទំនាក់ទំនង សន្តិសុខ អន្តោប្រវេសន៍ រ៉ែសំខាន់ សមាហរ័ណកម្មសិក្សា និងវប្បធម៌ ។សូមបញ្ជាក់ថា ឈីលី និងបូលីវី បានរក្សាទំនាក់ទំនងត្រឹមស្ថានកុងស៊ុលប៉ុណ្ណោះ មិនមែនជាទំនាក់ទំនងការទូតពេញលេញនោះទេ ចាប់តាំងពីឆ្នាំ ១៩៧៨រហូតមក ពេលដែលការចរចាលើតម្រូវការយូរអង្វែងរបស់បូលីវី សម្រាប់អធិបតេយ្យភាពនៅមហាសមុទ្រប៉ាស៊ីហ្វិក បរាជ័យ គឺជាវិវាទមួយផ្តើមចេញពីការបាត់បង់តំបន់ឆ្នេររបស់បូលីវីទៅ ឲ្យឈីលី នៅក្នុងសង្រ្គាមប៉ាស៊ីហ្វិក អំឡុងសតវត្សរ៍ទី ១៩ ៕

អាមេរិកពិចារណាដាក់គោលដៅមេបញ្ជាការ IRGC អ៊ីរ៉ង់ និងគំរាមកំហែងការដឹកជញ្ជូន បើបទឈប់បាញ់ដួលរលំ

2026/04/24 05:46:07 pm        64
សហរដ្ឋអាមេរិកកំពុងពិចារណាជម្រើសយោធាជាច្រើន ប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើបទឈប់បាញ់បច្ចុប្បន្នបរាជ័យ ដោយផែនការដំបូងផ្តោតលើការកំណត់គោលដៅលើបុគ្គលជាន់ខ្ពស់ដែលត្រូវបានគេមើលឃើញថា បានរារាំងដល់ការចរចា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ CNN នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ ដោយដកស្រង់ប្រភពដែលដឹងពីការពិភាក្សា។ជម្រើសមួយ ដែលកំពុងត្រូវបានពិនិត្យ ត្រូវបានរាយការណ៍ថា ពាក់ព័ន្ធនឹងការវាយប្រហារ លើមេដឹកនាំយោធាអ៊ីរ៉ង់ជាក់លាក់ និងឥស្សរជនសំខាន់ៗ នៅក្នុងរបបនេះ ដែលមន្ត្រីអាមេរិកបានចោទប្រកាន់ថា បានធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងផ្នែកការទូត។ ហើយដោយបានដកស្រង់ប្រភពមួយ ក្នុងចំណោមប្រភពទាំងនោះ ប្រព័ន្ធផ្សព្វផ្សាយ CNN បានឲ្យដឹងថា ក្នុងចំណោមនោះ មានលោក Ahmad Vahidi ដែលបម្រើការជាអគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។ក្រៅពីការកំណត់គោលដៅលើបុគ្គល អ្នករៀបចំផែនការយោធាអាមេរិក ក៏កំពុងរៀបចំសេណារីយ៉ូប្រតិបត្តិការទូលំទូលាយជាងមុនផងដែរ ដែលផ្តោតលើសមត្ថភាពដែនសមុទ្ររបស់អ៊ីរ៉ង់។ យោងតាមសារព័ត៌មាន CNN ដដែល បានឲ្យដឹងទៀតថា ផែនការទាំងនេះ រួមមាន «ការកំណត់គោលដៅថាមវន្ត» នៃធនាធាន នៅជុំវិញច្រកសមុទ្រ Hormuz ឈូងសមុទ្រអារ៉ាប់ភាគខាងត្បូង និងឈូងសមុទ្រអូម៉ង់ ដែលរួមមានទូកវាយប្រហារល្បឿនលឿនតូចៗ នាវាដាក់មីន និងឧបករណ៍មិនស៊ីមេទ្រីផ្សេងទៀត ដែលប្រើដោយទីក្រុងតេអេរ៉ង់ ដើម្បីរំខានដល់ផ្លូវដឹកជញ្ជូន។ប្រព័ន្ធផ្សព្វផ្សាយ CNN បានរាយការណ៍បន្ថែមថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ពីមុនផ្តោតជាសំខាន់លើគោលដៅចូលជ្រៅ នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែផែនការថ្មី បានផ្លាស់ប្តូរការយកចិត្តទុកដាក់ទៅលើការវាយប្រហារ ដែលផ្តោតជាសំខាន់ផ្លូវសមុទ្រជាយុទ្ធសាស្ត្រដ៏តូចចង្អៀតនេះ។ តែយ៉ាងណាក្ដី ប្រភពទាំងនោះបានព្រមានថា សកម្មភាពយោធាតែម៉្យាង អាចមិនគ្រប់គ្រាន់ ដើម្បីបើកច្រកសមុទ្រនេះឡើងវិញយ៉ាងឆាប់រហ័សបានឡើយ៕

ស្ដេច Charles របស់អង់គ្លេស នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅអាមេរិក ខណៈទំនាក់ទំនងនយោបាយអាប់អួរ

2026/04/24 05:43:13 pm        63
ព្រះមហាក្សត្រ Charles ទី៣ នឹងយាងទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី២៧ ខែមេសា ដោយភាពតានតឹងឆ្លងមហាសមុទ្រអាត្លង់ទិក ជុំវិញសង្គ្រាមអ៊ីរ៉ង់ និងស្រមោលវែងអន្លាយនៃនៃរឿងអាស្រូវ Epstein គំរាមកំហែងជ្រៀតជ្រែក ក្នុងព្រះរាជទស្សនកិច្ចដ៏សំខាន់នេះ។ទាំងព្រះបរមរាជវាំង Buckingham និងរដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា ព្រះរាជដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃនេះ នឹងជាកិត្តិយសដល់ទំនាក់ទំនងប្រវត្តិសាស្ត្រ រវាងប្រទេសទាំង២ ខណៈសហរដ្ឋអាមេរិក កំពុងប្រារព្ធខួបឯករាជ្យលើកទី២៥០។ព្រះរាជទស្សនកិច្ចរដ្ឋលើកដំបូងរបស់ស្ដេច Charles ក្នុងនាមជាព្រះមហាក្សត្រ បានកើតឡើងតាមការទូលសុំរបស់រដ្ឋាភិបាលអង់គ្លេស និងប្រធានាធិបតីអាមេរិក លោក Donald Trump ហើយនឹងត្រូវយាងទៅជាមួយម្ចាស់ក្សត្រី Camilla។ នេះបើយោងតាមព្រះបរមរាជវាំង។តែយ៉ាងណាក្ដី ខណៈដែលសង្គ្រាមរបស់មេដឹកនាំអាមេរិកជាមួយអ៊ីរ៉ង់ បានជំរុញឲ្យមានភាពរកាំរកូសដ៏កម្រ រវាងទីក្រុងឡុងដ្រ៍ និងវ៉ាស៊ីនតោន វាបានបង្កើតភាពចម្រូងចម្រាសយ៉ាងច្រើន។ លោក Trump បានរិះគន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ម្តងហើយម្តងទៀត ចំពោះការប្រឆាំងសង្គ្រាមរបស់លោក រួមជាមួយនឹងគោលនយោបាយអន្តោប្រវេសន៍ និងថាមពលរបស់រដ្ឋាភិបាលរបស់លោក។មេដឹកនាំអាមេរិករូបនេះ ក៏បានចំអកឲ្យស្ថានភាពកងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេសផងដែរ ដែលព្រះមហាក្សត្រមានព្រះរាជាតួនាទីជាអគ្គមេបញ្ជាការផងដែរ។ ជាការតបតវិញ លោក Starmer បានបង្កើនការរិះគន់ជាសាធារណៈរបស់លោក ចំពោះសង្គ្រាម ខណៈពេលដែលសង្កត់ធ្ងន់លើវិសាលភាព និងជម្រៅនៃទំនាក់ទំនង រវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក្នុងការការពារព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនេះ៕

មន្ទីរពេទ្យអ៊ីរ៉ង់ចាប់ផ្តើមជួបកង្វះខាតឱសថ ស្របពេលសង្រ្គាមបង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់

2026/04/24 05:40:33 pm        55
កម្មករថែទាំសុខភាពនៅទីក្រុងតេអេរ៉ង់ និយាយថា មន្ទីរពេទ្យអ៊ីរ៉ង់មួយចំនួនរាយការណ៍ពីកង្វះខាតឱសថ ស្របពេលការបិទរបស់កងទ័ពជើងទឹកអាមេរិក និងការបង្អាក់ធ្ងន់ធ្ងរនៅច្រកសមុទ្រ Hormuzបានរារាំងខ្សែចង្វាក់ផ្គត់ផ្គង់ ។លោក Arash Anisiyan គឺជាប្រធានមន្ទីរពេទ្យ Ebn-Sina ទទួលស្គាល់ពីកង្វះខាតថ្នាំគីមី ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំលើសឈាម ដោយសារប្រតិបត្តិការដឹកតាមផ្លូវអាកាសត្រូ វបានអាក់ខាន ហើយនិងការបង្អាក់ការផលិតគីមីឥន្ធនៈ ។កម្មករវេជ្ជសាស្រ្តផ្សេងទៀតនិយាយថា អ៊ីរ៉ង់អាចការពារកង្វះខាតទ្រង់ទ្រាយធំនៃឱសថ ហើយនិងទំនិញចាំបាច់ បើទោះបីជាមានសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ ប៉ុន្តែក្តីបារម្ភរយៈពេលវែងអាចនឹងមើលឃើញកង្វះខាតឱសថ ។លោក Azade Salem គឺជានាយកឱសថស្ថានអ៊ីរ៉ង់ និយាយថា បច្ចុប្បន្នពួកយើងព្រួយបារម្ភថា តើរយៈពេលយូរបែបណាឱសថបម្រុងរបស់អ៊ីរ៉ង់អាចឈានដល់ស្តុកក្នុងឃ្លាំង ។ស្ថានការបទឈប់បាញ់រយៈពេល ២សប្តាហ៍ដែលគ្រោងនឹងផុតកំណត់ទៅហើយកាលពីដើមសប្តាហ៍នេះ នៅតែមិនច្បាស់លាស់ ។ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយនៅក្នុងសេចក្តីប្រកាសឯកតាភាគីកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងបន្តបទឈប់បាញ់រហូតដល់ពួកគេពិភាក្សាលើសំណើរបស់អ៊ីរ៉ង់ ក្នុងកិច្ចពិភាក្សាសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ២ខែនេះ ៕

មនុស្សយ៉ាងហោច ១០នាក់ រងរបួស ក្រោយព្យុះកួចវាយប្រហាររដ្ឋ Oklahoma សហរដ្ឋអាមេរិក

2026/04/24 05:38:16 pm        79
 សារព័ត៌មាន KOCO News រាយការណ៍ថា មនុស្សយ៉ាងហោច ១០នាក់ បានរងរបួស ក្រោយព្យុះកួចវាយប្រហាររដ្ឋភាគខាងជើង Oklahoma របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមសង្រ្គោះបន្ទាន់ បានចុះប្រតិបត្តិការជួយសង្រ្គោះ និងរុករក ក្រោយព្យុះកួចបណ្តាលឲ្យមានការខូចខាតច្រើន ធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋានទ័ពអាកាស Vance ស្ថិតក្នុងទីក្រុង Enid រដ្ឋ Oklahoma ។ រូបភាពវីដេអូឃ្លីបថតបានដោយសារព័ត៌មាន KOCO News ឃើញកម្ទេចកម្ទីហោះលើអាកាស ពេលដែលព្យុះកួចបោកបក់ឆ្លងកាត់មូលដ្ឋានទ័ពអាកាស ។ សេវាកម្មឧតុនិយមជាតិ រាយការណ៍ថា ការខូចខាតដំបូល បង្អួច រថយន្ត និងដើមឈើ បានកើតមានឡើងនៅមូលដ្ឋានទ័ពអាកាស Vance ។ សារព័ត៌មាន KOCO News រាយការណ៍ទៀតថា ព្យុះទឹកកកដែលមានទំហំប៉ុនកូនបាល់វាយកូនហ្គោល អាចនឹងកើតមាននៅក្នុងសេចក្តីជូនដំណឹងដែលបានចេញកាលពីយប់ថ្ងៃព្រហស្បតិ៍ ៕

តុលាការថៃទទួលយកសំណុំរឿងប្ដឹងឥស្សរជនប្រឆាំង ៤៤រូប ពាក់ព័ន្ធច្បាប់ប្រមាថព្រះមហាក្សត្រ

2026/04/24 05:26:27 pm        50
តុលាការកំពូលថៃ នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ខ្លួនបានទទួលបណ្ដឹងមួយដែលចោទប្រកាន់សមាជិកសភាបច្ចុប្បន្ន និងអតីតរបស់គណបក្សប្រឆាំងចំនួន ៤៤រូប ពីបទរំលោភលើក្រមសីលធម៌ ជុំវិញការប៉ុនប៉ងធ្វើវិសោធនកម្មច្បាប់ដែលការពារអង្គព្រះមហាក្សត្រកុំឲ្យមានការរិះគន់ ក្នុងឆ្នាំ២០២១។បុគ្គល ៤៤រូបនោះ ដែលនឹងត្រូវឡើងសវនាការ ចាប់ពីថ្ងៃទី៣០ ខែមិថុនា រួមមានសមាជិកបច្ចុប្បន្ន និងអតីតរបស់គណបក្សជឿនលឿន គឺ People’s Party និងគណបក្សដើម គឺ Move Forward ដែលត្រូវបានរំលាយ។ ប្រសិនបើរកឃើញថា មានទោស ពួកគេនឹងត្រូវប្រឈមមុខនឹងការពិន័យខ្លាំងបំផុត ដោយត្រូវហាមឃាត់មិនឲ្យកាន់តំណែងរដ្ឋអស់មួយជីវិត។តុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចមិនព្យួរនោះទេ ចំពោះសមាជិកសភាដែលកំពុងបម្រើការចំនួន ១០រូប ក្នុងចំណោមអ្នកពាក់ព័ន្ធទាំង ៤៤រូប។គួរបញ្ជាក់ថា មនុស្សរាប់រយនាក់ត្រូវបានកាត់ទោសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេសថៃ ដែលជាច្បាប់ដ៏តឹងរ៉ឹងបំផុតមួយ ក្នុងពិភពលោក ដោយមានការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ សម្រាប់ជនល្មើស។ការទទួលយកសំណុំរឿងរបស់តុលាការនេះ គឺជាឧបសគ្គចុងក្រោយបំផុត ក្នុងចំណោមបញ្ហាជាបន្តបន្ទាប់ សម្រាប់គណបក្សសេរីនិយមប្រឆាំងនឹងស្ថាប័នរបស់ថៃ ដែលបានមើលឃើញខ្លួនឯងបរាជ័យម្ដងហើយម្ដងទៀត នៅក្នុងសេចក្តីសម្រេចរបស់តុលាការជាបន្តបន្ទាប់ និងដែលត្រូវបានរារាំងមិនឲ្យបង្កើតរដ្ឋាភិបាល បន្ទាប់ពីមានជ័យជម្នះ ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣៕

នគរបាលចរាចរណ៍នៅភាគខាងលិចឥណ្ឌាប្រើប្រាស់អាវត្រជាក់ ដើម្បីទប់ទល់នឹងអាកាសធាតុក្តៅខ្លាំង

2026/04/24 05:23:25 pm        50
នគរបាលចរាចរណ៍នៅទីក្រុងភាគខាងលិច Ahmedabad របស់ប្រទេសឥណ្ឌា បានងាកមកប្រើប្រាស់អាវត្រជាក់ ដើម្បីទប់ទល់នឹងស្ថានភាពអាកាសធាតុក្តៅខ្លាំង ។ក្រសួងឧតុនិយមឥណ្ឌា និយាយថា សីតុណ្ហភាពអតីបរមានៅទីក្រុងមួយនេះ បានកើនឡើងដល់ ៤០អង្សាសេកាលពីថ្ងៃព្រហស្បតិ៍ ។អាវត្រជាក់នេះ មានកង្ហាខាងក្នុងចំនួន ២ ដែលធានាផ្តល់ភាពត្រជាក់ដល់រាងកាយមនុស្ស និងធ្វើឲ្យមានភាពធូរស្រាល អំឡុងពេលបំពេញការងាររយៈពេលយូរ ។ឥណ្ឌានឹងជួបរដូវក្តៅក្តៅខ្លាំងខុសពីប្រក្រតីក្នុងឆ្នាំនេះ ក្នុងនោះរលកកម្តៅ ត្រូវបានគេរំពឹងថានឹងកើតមាននៅខែឧសភា ។លោក Vikram Singh គឺជាមន្រ្តីនគរបាលចរាចរណ៍មួយរូបនៅទីក្រុង Ahmedabad និយាយថា អំឡុងរដូវក្តៅ សីតុណ្ហភាពនៅទីក្រុងរបស់លោកនឹងកើនឡើងដល់ ៤០អង្សាសេ ឬក្តៅជាងនេះ ។ លោកបន្តថា ហេតុដូច្នេះហើយការពាក់អាវត្រជាក់មានកង្ហា ២ខាងក្នុង នឹងជួយបានច្រើន អំឡុងពេលបំពេញការងារកណ្តាលថ្ងៃត្រង់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM