ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ត្រូវបានគេនិយាយថាកំពុងសាងសង់ផ្លូវយោធានៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង

2026/04/22 08:58:15 am        165
យោធារបស់ប្រទេសកូរ៉េខាងត្បូង និយាយថាកូរ៉េខាងជើង កំពុងសាងសង់ផ្លូវមួយខ្សែដែលត្រូវបានរៀបចំប្រើប្រាស់សម្រាប់គោលបំណងយោធាក្នុងករណីចាំបាច់។ នាយសេនាធិការចម្រុះ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងកំពុងសាងសង់ផ្លូវយុទ្ធសាស្ត្រមួយខ្សែនៅផ្នែកខាងជើងនៃព្រំដែនអន្តរកូរ៉េ។អ្នកជំនាញយោធានិយាយថា ផ្លូវបែបនេះត្រូវបានកសាងឡើងដើម្បីដឹកជញ្ជូនអាវុធ និងដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់។ ប្រព័ន្ធផ្សព្វផ្សាយ NHK បានថតតំបន់ព្រំដែនកូរ៉េខាងជើងពីទីក្រុង Paju របស់កូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ ដែលតំបន់នេះស្ថិតនៅផ្នែកម្ខាងទៀតនៃទន្លេ និងមានចម្ងាយប្រហែលមួយគីឡូម៉ែត្រ។វីដេអូបង្ហាញពីទាហានកំពុងដំឡើងរបងលួសបន្លា ប៉ុន្តែវាមិនទាន់ច្បាស់ភ្លាមៗនោះថាតើពួកគេកំពុងកសាងផ្លូវ ឬជាអ្វីនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង រាយការណ៍ថាកូរ៉េខាងជើងកំពុងកសាងផ្លូវ ដើម្បីបង្ហាញពីអរិភាពរបស់ខ្លួនចំពោះប្រទេសកូរ៉េខាងត្បូង។ កូរ៉េខាងជើង ចាត់ទុកកូរ៉េខាងត្បូងថាជារដ្ឋអរិភាព។ កូរ៉េខាងជើង បានបំផ្ទុះផ្នែកមួយចំនួននៃផ្លូវ និងផ្លូវរថភ្លើងអន្តរកូរ៉េ នៅខាងព្រំដែនរបស់ខ្លួនក្នុងឆ្នាំ២០២៤ ហើយទីក្រុងព្យុងយ៉ាង ក៏បានច្រានចោលមិនធ្វើការសន្ទនាជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែលបានឡើងកាន់តំណែងកាលពីឆ្នាំមុន។

មេដឹកនាំកោះតៃវ៉ាន់ លុបចោលទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិក ដោយសារតែសម្ពាធរបស់ប្រទេសចិន

2026/04/22 08:55:59 am        128
ការិយាល័យមេដឹកនាំកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានលុបចោលដំណើរទស្សនកិច្ចរបស់មេដឹកនាំលោក Lai Ching-te ទៅកាន់ប្រទេសស្វាហ្ស៊ីឡង់ នៅទ្វីបអាហ្វ្រិក ដោយចោទប្រកាន់ថាប្រទេសមួយចំនួនបានលុបចោលលិខិតអនុញ្ញាតសម្រាប់យន្តហោះរបស់លោកដោយសារតែសម្ពាធពីប្រទេសចិន។ ការិយាល័យ បានធ្វើសន្និសីទសារព័ត៌មានដែលមិនបានគ្រោងទុកកាលពីថ្ងៃអង្គារ ដើម្បីប្រកាសពីការលុបចោលដំណើរទស្សនកិច្ច ដែលត្រូវគ្រោងនឹងចាប់ផ្តើមនៅថ្ងៃពុធនេះ។ប្រទេសស្វាហ្ស៊ីឡង់ គឺជាប្រទេសនៅទ្វីបអាហ្វ្រិកតែមួយគត់ដែលមានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់។ លោក Lai គ្រោងនឹងមានកិច្ចពិភាក្សាជាមួយមហាក្សត្រ Mswati ទី៣ ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគី។ អគ្គលេខាធិការការិយាល័យ លោក Pan Men-an បាននិយាយថា ប្រទេសស៊ីសែល ប្រទេសម៉ូរីស និងម៉ាដាហ្កាស្កា បានលុបចោលលិខិតអនុញ្ញាតហោះហើរសម្រាប់យន្តហោះរបស់មេដឹកនាំដើម្បីឱ្យហោះហើរនៅខាងលើទឹកដីរបស់ពួកគេ ដោយមិនបានព្រមានជាមុន។លោក Pan បានអះអាងថា មូលហេតុពិតប្រាកដគឺសម្ពាធខ្លាំងពីអាជ្ញាធរប្រទេសចិន រួមទាំងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច។ លោកបាននិយាយថា ការបង្ខិតបង្ខំប្រទេសទីបីឲ្យផ្លាស់ប្តូរការសម្រេចចិត្តតាមរយៈការបំភិតបំភ័យ រំលោភលើច្បាប់អន្តរជាតិដែលធ្វើឱ្យអន្តរាយដល់ស្ថានភាពបច្ចុប្បន្នក្នុងតំបន់ និងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនកោះតៃវ៉ាន់។

ក្រុមប្រឆាំងមីយ៉ាន់ម៉ាស្វែងរកប្រព័ន្ធប្រជាធិបតេយ្យសហព័ន្ធគ្មានឥទ្ធិពលពីយោធា ខណៈរបបសឹកទុកពេល១០០ថ្ងៃសម្រាប់ការចរចាសន្តិភាព

2026/04/22 08:53:39 am        124
រដ្ឋាភិបាលគាំទ្រដោយយោធារបស់សហភាពមីយ៉ាន់ម៉ាបានអញ្ជើញក្រុមប្រដាប់អាវុធប្រឆាំងឱ្យចូលរួមការចរចាសន្តិភាព ប៉ុន្តែក្រុមឧទ្ទាមសំខាន់ៗពីរបានបដិសេធការផ្តល់ជូននេះភ្លាមៗ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោកប្រធានាធិបតី Min Aung Hlaing ជាឧត្តមសេនីយ៍ដែលបានដឹកនាំរដ្ឋប្រហារកាលពីប្រាំឆ្នាំមុន នាំឱ្យមានសង្គ្រាមស៊ីវិលនោះ បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា លោកចង់ឱ្យក្រុមឧទ្ទាមដែលមិនទាន់បានយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ ចូលរួមការចរចាក្នុងរយៈពេល១០០ ថ្ងៃ។ លោកថា សម្រាប់ក្រុមដែលមិនទាន់ចូលរួមក្នុងការសន្ទនា និងការចរចា ពួកលោកក៏អញ្ជើញពួកគេឱ្យចូលរួមក្នុងការពិភាក្សាត្រឹមថ្ងៃផុតកំណត់ចុងក្រោយនៃថ្ងៃទី៣១កក្កដា២០២៦នេះ ផងដែរ ដោយលើកឡើងពីក្រុមប្រឆាំងដែលធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ទូទាំងប្រទេស (NCA) មុនពេលរដ្ឋប្រហារឆ្នាំ ២០២១។ ក្រុមសហភាពជាតិការ៉ែន (Karen National Union )បានបដិសេធការផ្តល់ជូននេះភ្លាមៗ។ អ្នកនាំពាក្យមួយរូប បានកត់សម្គាល់ថា ក្រុមនេះបានដកខ្លួនចេញពី NCA បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) ហើយមិនមានគម្រោងវិលត្រឡប់ទៅរកការចរចា ឬដើរតាមមាគ៌ា NCA វិញទេ។លោក Salai Htet Ni អ្នកនាំពាក្យរបស់ក្រុម Chin National Front និយាយថា ក្រុមរបស់លោកកំពុងស្វែងរកប្រព័ន្ធប្រជាធិបតេយ្យសហព័ន្ធមួយដែលគ្មានឥទ្ធិពលពីយោធា។ លោកថា ដោយសារពួកលោកកំពុងប្រយុទ្ធប្រឆាំងនឹងសមរភូមិនយោបាយយោធា នៅពេលនេះ ពួកលោកគ្មានអ្វីត្រូវពិភាក្សាជាមួយអ្នកដែលបច្ចុប្បន្នហៅខ្លួនឯងពេញៗមាត់ថាជា រដ្ឋបាល បន្ទាប់ពីគ្រាន់តែផ្លាស់ប្តូររូបរាងរបស់ពួកគេពីយោធានោះទេ។គួររម្លឹកថាលោក Min Aung Hlaing ត្រូវបានជ្រើសតាំងដោយសភាជាប្រធានាធិបតីកាលពីដើមខែនេះ បន្ទាប់ពីអ្វីដែលក្រុមអ្នករិះគន់ហៅថាការបោះឆ្នោតក្លែងក្លាយដែលត្រូវបានបង្កើតឡើងដើម្បីរក្សាការក្លែងបន្លំអំណាចរបស់យោធានៅពីក្រោយស្រទាប់នៃលទ្ធិប្រជាធិបតេយ្យ៕

អឺរ៉ុប សម្លឹងមើលជម្រើសនានា ខណៈជម្លោះនៅអ៊ីរ៉ង់គំរាមដល់កង្វះប្រេងឥន្ធនៈយន្តហោះ

2026/04/22 08:46:48 am        150
សហភាពអឺរ៉ុប កំពុងពិចារណាលើការនាំចូលប្រេងឥន្ធនៈយន្តហោះពីសហរដ្ឋអាមេរិក ខណៈខ្លួនសម្លឹងមើលលើជម្រើសនានា ក្នុងពេលមានវិបត្តិផ្គត់ផ្គង់ដោយសារតែជម្លោះនៅអ៊ីរ៉ង់។ទោះបីជាមានសម្ពាធកើនឡើងលើការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះនៅក្នុងសហភាពអឺរ៉ុបក៏ដោយ ក៏ពុំមានភស្តុតាងណាមួយនៃ «កង្វះពិតប្រាកដ» នៃប្រេងឥន្ធនៈយន្តហោះនាពេលបច្ចុប្បន្ននោះដែរ ហើយការលុបចោលជើងហោះហើរជាច្រើនមិនត្រូវបានគេរំពឹងទុកនៅរដូវក្តៅនោះទេ នេះបើតាមការអះអាងរបស់ស្នងការដឹកជញ្ជូន។បំណងរបស់មន្ត្រីសហភាពអឺរ៉ុប ដើម្បីបន្ធូរបន្ថយការព្រួយបារម្ភបានកើតឡើងក្នុងពេលមានការបន្តបិទច្រកសមុទ្រ Hormuz ដែលជាធម្មតាជាច្រកឆ្លងកាត់សម្រាប់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំរបស់ពិភពលោក ដែលបានបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់នៅទូទាំងពិភពលោក។ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol បាននិយាយថា អឺរ៉ុប «មាននៅសល់ប្រេងឥន្ធនៈយន្តហោះប្រហែល៦សប្តាហ៍ទៀត» ដោយបានព្រមានអំពីការលុបចោលជើងហោះហើរដែលអាចកើតមានក្នុងពេល «ឆាប់ៗនេះ» ប្រសិនបើការផ្គត់ផ្គង់ប្រេងនៅតែត្រូវបានផ្អាកដោយសារតែសង្គ្រាម។ស្នងការដឹកជញ្ជូន បាននិយាយថា ស្តុកកំពុង «ស្ថិតនៅក្រោមសម្ពាធ» នៅក្នុងតំបន់មួយចំនួននៃទ្វីបអឺរ៉ុប ប៉ុន្តែបាននិយាយថា សហភាពអឺរ៉ុបកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយទីផ្សារកំពុងឆ្លើយតបទៅនឹងសម្ពាធ និងពុំមានសញ្ញានៃការរាំងស្ទះនៅឡើយទេ។ ស្នងការដឹកជញ្ជូន ទទួលស្គាល់ថា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានលុបចោលជើងហោះហើរ ប៉ុន្តែបានអះអាងថា វាគឺដោយសារតែតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ពុំមែនដោយសារតែកង្វះការផ្គត់ផ្គង់ទេ។

លោកTrump បន្ថែមរយៈពេលបទឈប់បាញ់ដោយគ្មានពេលកំណត់ដើម្បីទុកឱកាសឱ្យអ៊ីរ៉ង់ចូលតុចរចាខណ: បទឈប់បាញ់ត្រូវផុតកំណត់នៅថ្ងៃពុធនេះ

2026/04/22 08:09:49 am        137
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ ២១ មេសា សប្ដាហ៍នេះបាននិយាយថា លោកកំពុងបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានពេលកំណត់ តាមសំណើរបស់ប៉ាគីស្ថាន ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់ការចរចា ប៉ុន្តែនឹងរក្សាការបិទកំពង់ផែរបស់អ៊ីរ៉ង់ពីសំណាក់កងទ័ពជើងទឹកអាមេរិកដដែល។លោក Trump បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងបន្ថែមរយៈពេលបទឈប់បាញ់រហូតដល់អ៊ីរ៉ង់មានសំណើររួមមួយ ឈានទៅបញ្ចប់ជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ លោក បានដឹកនាំយោធារបស់ពួកលោកឱ្យបន្តការបិទកំពង់ផែរបស់ប្រទេសនេះ។ ការបន្តបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិករូបនេះ បានកើតឡើងប៉ុន្មានម៉ោងមុនពេលត្រូវគេជឿថានឹងផុតកំណត់នៅថ្ងៃពុធនេះម៉ោងនៅអាមេរិក។ការប្រកាសនេះគឺជាចំណាត់ការចុងក្រោយបំផុតរបស់លោក Trump ដែលបានដកថយពីការគំរាមកំហែងម្តងហើយម្តងទៀតរបស់លោក ក្នុងការទម្លាក់គ្រាប់បែកលើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ង់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres និងមេដឹកនាំផ្សេងទៀតបាននិយាយថា ច្បាប់មនុស្សធម៌អន្តរជាតិហាមប្រាមការវាយប្រហារបែបនេះ។ពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីរ៉ង់ ឬអ៊ីស្រាអែលទេ។ការបន្ថែមពេលវេលានេះក៏បានកើតឡើងផងដែរ ខណៈសេតវិមានបាននិយាយថា អនុប្រធានាធិបតី JD Vance នឹងមិនទៅប្រទេសប៉ាគីស្ថានសម្រាប់អ្វីដែលត្រូវបានគេរំពឹងថានឹងជាកិច្ចចរចាសន្តិភាពជុំទីពីរនោះទេ។មន្ត្រីសេតវិមានមួយរូបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននឹងមិនកើតឡើងនៅថ្ងៃនេះទេ។ ព័ត៌មានថ្មីៗបន្ថែមទៀតអំពីកិច្ចប្រជុំទល់មុខគ្នានឹងត្រូវប្រកាសដោយសេតវិមាន៕

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ

2026/04/21 09:15:44 pm        24
 អ្នកស្រី Rahila Begum គឺជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាម្នាក់ ព្យាយាមសម្រាកនៅលើកន្ទេលក្នុងខ្ទមកំសត់នៅប្រទេសបង់ក្លាដែស ។ រុំភួយដោយសារមានជំងឺគ្រុនក្តៅ អ្នកស្រីនៅមិនទាន់ជាសះស្បើយនៅឡើយទេ ក្រោយចំណាយពេល ២ថ្ងៃ រសាត់អណ្តែតនៅក្នុងសមុទ្រអាន់ដាម៉ាន់ កាលពីដើមខែមេសា ។ អ្នកស្រី Begum និយាយថា ពេលដែលទូកលិក គាត់បានតោងបន្ទះក្តារមួយ ដែលធ្វើឲ្យគាត់អាចអណ្តែតក្នុងទឹកបានរយៈពេល ២ថ្ងៃ ។  គាត់បន្តថា កម្លាំងរបស់គាត់កាន់តែខ្សោយទៅៗ បន្ទះក្តារបានរសាត់អណ្តែតទៅឆ្ងាយ ទុកឲ្យគាត់នៅក្នុងទឹកជ្រៅតែម្នាក់ឯង គាត់បានបួងសួងដល់ព្រះអល់ឡោះឲ្យសង្រ្គោះជីវិតគាត់ ។ ការបួងសួងឪពុកម្តាយរបស់គាត់នៅជាមួយគាត់ អព្ភូតហេតុរបស់ព្រះអល់ឡោះ នាវាក៏បានមកសង្រ្គោះគាត់ ។ អ្នកស្រី Begum សង្ឃឹមថា នឹងរត់ភៀសខ្លួនទៅកាន់ប្រទេសម៉ាឡេស៊ី តែផ្ទុយទៅវិញគាត់ស្ថិតក្នុងចំណោមអ្នករស់រានប៉ុនា្មននាក់ប៉ុណ្ណោះ ក្នុងឧបទ្ទេវហេតុលិចទូកដែលបណ្តាលឲ្យមនុស្សប្រហែល ២៥០នាក់ ស្លាប់ ។ អ្នកស្រីស្ថិតនៅក្នុងចំណោមជនមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ដែលបានធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ ដើម្បីគេចចេញពីស្ថានភាពលំបាកក្នុងជំរំនៅប្រទេសបង់ក្លាដែស ។ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ព្យាយាមស្វែងរកជីវិតល្អប្រសើរជាងនេះ នៅតាមប្រទេសជាច្រើនដូចជានៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ៕

ជនអន្តោប្រវេសន៍ចង់បានភាពស្របច្បាប់ចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុងអេស្ប៉ាញ

2026/04/21 09:15:11 pm        23
 ជនអន្តោប្រវេសន៍គ្មានឯកសារដែលសង្ឃឹមថានឹងទទួលបានឯកសារអេស្ប៉ាញដាក់ពាក្យសម្រាប់កម្មវិធីលើកលែងទោសនិយាយនៅថ្ងៃអង្គារនេះថា ពួកគេបានចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុង ស្ថិតនៅទីក្រុងភាគខាងត្បូង Almeria ។ រុំភួយ និងកាន់ឯកសារក្នុងដៃ ជនអន្តោប្រវេសន៍រាប់សិបនាក់ បានរង់ចាំពេញមួយយប់ក្រោមអាកាសធាតុត្រជាក់ ដើម្បីទទួលបានវិញ្ញាបនបត្រភាពងាយរងគ្រោះ និងការចុះបញ្ជីក្រុង ដែលជាតម្រូវការជាមុនសម្រាប់ការដាក់ពាក្យសុំធ្វើនិយតកម្ម ។ អ្នកស្រី Tatiana Preciado ដែលជាពលរដ្ឋវ័យ ២៨ឆ្នាំមួយរូបមកពីកូឡុំប៊ី និយាយថា ពួកយើងបានមកដល់ទីនេះ កាលពីយប់មិញវេលាម៉ោង ១០ និង ៣០នាទី ហើយមានមនុស្សច្រើនណាស់ ។ អ្នកស្រីបន្តថា ស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង ប៉ុន្តែពួកយើងបានយកខ្នើយ កន្ទេល ភួយមកជាមួយ ដើម្បីទទួលបានភាពកក់ក្តៅ ។ សម្រាប់អ្នករង់ចាំពេញមួយយប់ ដូចជាលោក Andrea Perez មកពីប្រទេសវេណេស៊ុយអេឡា ការធ្វើឲ្យស្របច្បាប់ស្ថានការរបស់ពួកគេ គឺនឹងទទួលបានស្ថិរភាព និងសមត្ថភាពធ្វើការដោយស្របច្បាប់ និងរួមចំណែកយ៉ាងពេញលេញនៅក្នុងសង្គមអេស្ប៉ាញ ៕

EU រំពឹងថានឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែននៅថ្ងៃពុធស្អែកនេះ

2026/04/21 09:14:38 pm        52
 ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកស្រី Kaja Kallas និយាយថា លោកស្រីរំពឹងថា នឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ(ស្មើនឹង ១០៥,៩៤ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន នៅថ្ងៃពុធស្អែកនេះ ។ លោកស្រីនិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះ មុនជំនួបរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបនៅប្រទេសលុចសំបួរថា ពួកយើងរំពឹងថា នឹងមានការសម្រេចចិត្តវិជ្ជមាននៅថ្ងៃស្អែកនេះ លើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ ។ អ៊ុយក្រែនពិតជាត្រូវការប្រាក់កម្ចីនេះ ហើយវាគឺជាសញ្ញាមួយផងដែរថា រុស្ស៊ីមិនអាចយកឈ្នះអ៊ុយក្រែនបានទេ ។ លោកស្រី Kallas បន្តថា ដំបូងពួកយើងនឹងពិភាក្សាលើសង្រ្គាមនៅអ៊ុយក្រែន ហើយបន្ទាប់មកពួកយើងរំពឹងថា នឹងមានការសម្រេចចិត្តវិជ្ជមាននៅថ្ងៃស្អែកលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ ។ វាពិតជាសំខាន់ខ្លាំងណាស់នៅពេលនេះ ។សូមបញ្ជាក់ថា កិច្ចប្រជុំអ្នកការទូតនៅថ្ងៃពុធស្អែក នឹងស្វែងរកការឯកភាពគ្នាលើវិសោធនកម្មចាំបាច់ចំពោះថវិការបស់ប្លុកអឺរ៉ុប មុនពេលនីតិវិធីជាលាយលក្ខណ៍អក្សរត្រូវបានចាប់ផ្តើមសម្រាប់ការអនុម័តចុងក្រោយនៃប្រាក់កម្ចី។ ដំណើរការនេះ ត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈមេដឹកនាំថ្មីរបស់ប្រទេសហុងគ្រី លោក Peter Magyar ត្រៀមឡើងកាន់តំណែង ៕

ខ្មាន់កាំភ្លើងសម្លាប់ស្រ្តីជនជាតិកាណាដាម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួសនៅពីរ៉ាមីត Teotihuacan

2026/04/21 09:14:03 pm        69
 ស្នូរសំឡេងគ្រាប់កាំភ្លើងបានបន្លឺឡើងនៅពីរ៉ាមីត Teotihuacan របស់ម៉ិកស៊ិកកាលពីថ្ងៃចន្ទ ពេលដែលខ្មាន់កាំភ្លើងម្នាក់ បាញ់ស្រោចលើទីតាំងមួយនេះ ដោយបានសម្លាប់ស្រ្តីជនជាតិកាណាដាម្នាក់ និងធ្វើឲ្យមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស មុនពេលបាញ់សម្លាប់ខ្លួនឯង ។  ក្រុមអាជ្ញាធរនិយាយថា មនុស្ស ១៣នាក់ បានរងរបួស នៅក្នុងឧបទ្ទេវហេតុមួយនេះ ក្នុងនោះពួកគេមួយចំនួន ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ។ នៅក្នុងចំណោមអ្នករងរបួស គឺជាជនជាតិកូឡុំប៊ី ៣នាក់ ម្នាក់ក្នុងចំណោមពួកគេគឺជាក្មេងអាយុ ៦ឆ្នាំ ក៏ដូចជាជនជាតិអាមេរិក រុស្ស៊ី និងប្រេស៊ីល ។ យោងតាមសារបង្ហោះលើបណ្តាញព័ង៌មានសង្គម Xពីរដ្ឋមន្រ្តីការបរទេសកាណាដា បានឲ្យដឹងថា ជនជាតិកាណាដាទី ២ បានរងរបួសផងដែរនៅក្នុងការវាយប្រហារនេះ ។ ក្រុមរដ្ឋអាជ្ញាក្នុងស្រុក និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ខ្មាន់កាំភ្លើងមានឈ្មោះ Julio Cesar Jasso Ramirez គឺជាជនជាតិម៉ិកស៊ិក ។ ពួកគេពុំបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ ។ ខណៈពេលនោះដែរ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានសម្តែងមរណទុក្ខចំពោះមនុស្សស្លាប់ក្នុងឧបទ្ទេវហេតុមួយនេះ ហើយលោកស្រីនិយាយថា លោកស្រីកំពុងទាក់ទងជាមួយស្ថានទូតកាណាដា ៕

នាយអគ្គលេនាធិការកងទ័ពរុស្ស៊ី៖ កងកម្លាំងទីក្រុងមូស្គូ ដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែនក្នុងឆ្នាំនេះ

2026/04/21 09:13:25 pm        56
នាយអគ្គសេនាកងទ័ពរុស្ស៊ីលោក Valery Gerasimov និយាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋនាថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៊ីដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែន មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ហើយកំពុងរុលទៅមុខគ្រប់ទិសដៅ ។លោក Gerasimov និយាយថា ចាប់តាំងពីដើមឆ្នាំនេះរហូតមក ទីតាំងឈរជើង ៨០កន្លែង និងទឹកដីជាង ១.៧០០គ.មក្រឡា បានស្ថិតក្រោមការគ្រប់គ្រងរបស់ពួកយើង ។ ការរំដោះសាធារណរដ្ឋប្រជាមានិត Luhansk ត្រូវបានបញ្ចប់ទាំងស្រុង ។លោកថា អំឡុងខែមីនា-មេសា កងកម្លាំងរុស្ស៊ី ដណ្តើមគ្រប់គ្រងបានទីតាំងឈរជើង ៣៤កន្លែង ហើយនិងទឹកដីសរុប ៧០០គ.មក្រឡា ។ ខណៈពេលនោះដែរ អង្គការសហប្រជាជាតិ (UN) បានព្រមានអំពីការកើនឡើងគួរឲ្យព្រួយបារម្ភនូវការប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលគ្មានដំណើរការការទូតសំខាន់ ខណៈដែលហានិភ័យនៃជម្លោះ ដែលកាន់តែអាក្រក់ទៅៗហួសពីការគ្រប់គ្រងបាន កំពុងលេចចេញជារូបរាងកាន់តែធំឡើង ។នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីបញ្ហាអ៊ុយក្រែនកាលពីថ្ងៃចន្ទ លោក Khaled Khiari ជំនួយការអគ្គលេខាធិការ UN ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា អាស៊ី និងប៉ាស៊ីហ្វិក បាននិយាយថា ចាប់តាំងពីពួកយើងបានរាយការណ៍ជូនក្រុមប្រឹក្សាលើកចុងក្រោយ អំពីការវិវត្តនៅក្នុងប្រទេសអ៊ុយក្រែន ពួកយើងបានឃើញការកើនឡើងគួរឲ្យព្រួយបារម្ភនៃការប្រយុទ្ធគ្នា ខណៈពេលដែលមិនមានដំណើរការការទូតសំខាន់ឡើយ ។ ការវាយប្រហាររបស់រុស្ស៊ី នៅតែបន្តមានកាន់តែខ្លាំងឡើងៗ ដោយមានការកើនឡើងនូវការសា្លប់ និងរបួសជនស៊ីវិល ក៏ដូចជាការបំផ្លិចបំផ្លាញ នៅទូទាំងអ៊ុយក្រែន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM