រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ច្រានចោលបទឈប់បាញ់ ខណៈលោក Trump និយាយថាប្រទេសនេះទាំងមូលអាចត្រូវកម្ទេចចោល

2026/04/07 08:38:41 am        106
អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទ ៦ មេសាដើមសប្ដាហ៍នេះ ថា ខ្លួនចង់បានការបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាអចិន្ត្រៃយ៍ ហើយបានវាយបកប្រឆាំងនឹងសម្ពាធដើម្បីបើកច្រកសមុទ្រហ័រមូស(Hormuz)ឡើងវិញ ខណៈប្រធានាធិបតីអាមេរិក Donald Trump បានព្រមានថា ប្រទេសនេះអាចនឹងត្រូវកម្ទេចចោល ប្រសិនបើមិនបានបំពេញតាមកាលកំណត់របស់លោកនៅយប់ថ្ងៃអង្គារទី ៧ មេសា សប្ដាហ៍នេះ ដើម្បីឈានដល់កិច្ចព្រមព្រៀង។ឆ្លើយតបទៅនឹងសំណើរបស់អាមេរិកតាមរយៈអ្នកសម្របសម្រួល ប៉ាគីស្ថាន ទីក្រុងតេអេរ៉ង់ បានច្រានចោលបទឈប់បាញ់ ហើយបាននិយាយថា ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍គឺចាំបាច់ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់។     ទីភ្នាក់ងារនេះបានបន្ថែមថា ការឆ្លើយតបរបស់អ៊ីរ៉ង់មាន១០ ប្រការ រួមទាំងការបញ្ចប់ជម្លោះនៅក្នុងតំបន់ ពិធីសារសម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រហ័រមូស ការលើកទណ្ឌកម្ម និងការកសាងប្រទេសអ៊ីរ៉ង់ឡើងវិញ។ លោក Trump ដែលបានគំរាមថានឹងទម្លាក់គ្រាប់បែកស្រោចលើទីក្រុងតេអេរ៉ង់ ប្រសិនបើប្រទេសនេះ ពុំបានធ្វើកិច្ចព្រមព្រៀងត្រឹមម៉ោង ៨យប់ម៉ោងសកល ស្មើរនឹងម៉ោង ៨ ព្រឹក ថ្ងៃពុធ ម៉ោងនៅសិង្ហបុរី ដើម្បីបើកច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកសំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលសកល បានបដិសេធការឆ្លើយតបរបស់អ៊ីរ៉ង់ ហើយនិយាយថា កាលកំណត់របស់លោកគឺជាពេលវេលាបញ្ចប់។ លោក Trump បាននិយាយថា បើគ្មានកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ទេ ស្ពានទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់នឹងត្រូវកម្ទេចចោល នៅត្រឹមម៉ោង ១២ អធ្រាត្រ នៅថ្ងៃពុធស្អែកនេះ ហើយរោងចក្រថាមពលទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់នឹងត្រូវបិទទ្វារប្រើប្រាស់លែងបានទៀត ហើយអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ និងផ្ទុះគ្រប់ទីកន្លែង៕

ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ

2026/04/06 08:53:00 pm        30
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ីលោក Airlangga Hartarto និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ ដំឡើងថ្លៃសំបុត្រយន្តហោះ ដោយសារប្រេងយន្តហោះឡើងថ្លៃ ខណៈលើកលែងពន្ធពាក់ព័ន្ធនឹងក្រុមហ៊ុនអាកសចរណ៍មួយចំនួន ។បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ ត្រូវបានគេអនុញ្ញាតឲ្យដំឡើងថ្លៃសំបុត្រយន្តហោះ ក្រោយរដ្ឋាភិបាលនិយាយថា ពួកគេនឹងអនុញ្ញាតឲ្យឡើងថ្លៃប្រេងយន្តហោះ ដល់ ៣៨ភាគរយ ប៉ុន្តែពួកគេបានណែនាំផងដែរការលើកលែងពន្ធ ហើយនិងគោលនយោបាយផ្សេងទៀត ដើម្បីគ្រប់គ្រងតម្លៃ ស្របពេលសង្រ្គាមកំពុងបន្តនៅតំបន់មជ្ឈិមបូព៌ា ។វិធានការនេះ រួមបញ្ចូលការលើកលែងសម្រាប់ពន្ធបន្ថែមលើតម្លៃ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ពន្ធនាំចូលសម្រាប់គ្រឿងបង្គុំយន្តហោះ ។រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងអនុញ្ញាតឲ្យសំបុត្រយន្តហោះឡើងថ្លៃចាប់ពី ៩ភាគរយ ដល់ ១៣ភាគរយ ។លោក Dudy Purwagandhi គឺជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីនិយាយថា ក្រុមហ៊ុនអាកាសចរណ៍ ត្រូវបានគេស្នើសុំថ្លៃគិតបន្ថែមប្រេងយន្តហោះចំនួន ៥០ភាគរយ តែរដ្ឋាភិបាលយល់ឃើញថា ចំនួន ៣៨ភាគរយ គឺជាតួលេខត្រឹមត្រូវ ដើម្បីរក្សាការទិញថាមពល និងធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ចៀសវាងការខាតបង់ច្រើន ។លោក Airlangga បន្តថា គោលនយោបាយនេះ នឹងចូលជាធរមានសម្រាប់រយៈពេល ២ខែបន្ទាប់ ហើយនិងក្លាយជាកម្មវត្ថុនៃការវាយតម្លៃបន្ថែមទៀត ផ្អែកលើដំណើរវិវត្តចុងក្រោយនៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ៕

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»

2026/04/06 08:52:39 pm        43
នៅថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) នេះ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា ការសោកស្តាយដែលទីក្រុងសេអ៊ូលបានបង្ហាញ ចំពោះការលុកលុយរបស់យានដ្រូន កាលពីខែមករា ចូលទៅទឹកដីកូរ៉េខាងជើង គឺជា «ឥរិយាបថដ៏ឈ្លាសវៃ»។នៅព្រឹកថ្ងៃនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសម្តែងការសោកស្តាយ ចំពោះទីក្រុងព្យុងយ៉ាង ពាក់ព័ន្ធនឹងយានដ្រូនត្រូវបានបញ្ជូនចូលទៅក្នុងដែនដីរបស់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ កាលពីដើមឆ្នាំនេះ ជាសកម្មភាពដែលលោកចាត់ទុកថា «គ្មានការទទួលខុសត្រូវ»។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការមជ្ឈិមកូរ៉េ ដោយប្រើឈ្មោះផ្លូវការរបស់កូរ៉េខាងត្បូង លោកស្រី Kim Yo Jong បានលើកឡើងថា៖ «ប្រធានាធិបតីកូរ៉េខាងត្បូងផ្ទាល់ បានសម្តែងការសោកស្តាយ និងបានពិភាក្សាអំពីវិធានការ ដើម្បីការពារកុំឲ្យហេតុការណ៍នេះកើតឡើងម្ដងទៀត។ រដ្ឋាភិបាលរបស់យើងពេញចិត្ត ដោយចាត់ទុកថា វាជាឥរិយាបថដ៏មានភ័ព្វល្អ និងឈ្លាសវៃ សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន»។ដំបូងឡើយ ទីក្រុងសេអ៊ូលបានបដិសេធមិនមានការជាប់ពាក់ព័ន្ធផ្លូវការណាមួយ នៅក្នុងការលុកលុយដោយយានដ្រូនកាលពីខែមករា ដោយអាជ្ញាធរបានបង្ហាញថា វាគឺជាការងាររបស់ជនស៊ីវិល ប៉ុន្តែលោក Lee បាននិយាយថា ការស៊ើបអង្កេតមួយបានបង្ហាញថា មន្ត្រីរដ្ឋាភិបាលបានជាប់ពាក់ព័ន្ធ។ កូរ៉េខាងជើងបានព្រមានកាលពីខែកុម្ភៈ អំពី «ការឆ្លើយតបដ៏គួរឲ្យភ័យខ្លាច» ប្រសិនបើខ្លួនរកឃើញយានដ្រូនជាច្រើនទៀតឆ្លងកាត់ព្រំដែនពីកូរ៉េខាងត្បូង ដែលជំរុញឲ្យទីក្រុងសេអ៊ូលស៊ើបអង្កេតការអះអាងទាំងនោះ៕

អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz

2026/04/06 08:41:16 pm        48
ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei បានគំរាមសម្ព័ន្ធមិត្តរបស់អ៊ីរ់ងថា ពួកគេអាចបិទផ្លូវដឹកជញ្ជូន Bab al-Mandeb ដូចដែលទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រ Hormuz ។ច្រកសមុទ្រ Bab-al-Mandeb តភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រអាដែន ហើយវាគឺជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្មប្រេងសកល ។ សារៈសំខាន់របស់ច្រកសមុទ្រមួយនេះ បានកើនឡើង ចាប់តាំងពីការបិទដោយប្រសិទ្ធិភាពរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រមួយសម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល ២០ភាគរយរបស់ពិភពលោក ។លោក Ali Akbar Velayati គឺជាអតីតរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ និងជាអ្នកការទូតជើងចាស់ម្នាក់សម្រាប់ឥទ្ធិពលរបស់លោកនៅក្នុងស្ថាប័នអ៊ីរ៉ង់នោះ បានព្រមានកាលពីថ្ងៃអាទិត្យនៅលើបណ្តាញព័ត៌មានសង្គម Xថា បញ្ជាការបង្រួបបង្រួមនៃរណសិរ្សតស៊ូ យល់ឃើញថា ច្រកសមុទ្រ Bab al-Mandeb ត្រូវដូចគ្នានឹងពួកគេបានធ្វើនៅច្រកសមុទ្រ Hormuz ។លោក Velayati បានសរសេរថា បើសិនជាសេតវិមានហ៊ានបង្កកំហុសលីលាម្តងទៀត មិនយូរទេពួកគេនឹងយល់ឃើញថា លំហូរថាមពលសកល និងពាណិជ្ជកម្ម អាចនឹងត្រូវអាក់ខាន ជាមួយនឹងចំណាត់ការតែមួយ ៕

អ៊ីស្រាអែល បញ្ជាក់ថា នឹងជំរុញការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow

2026/04/06 08:40:18 pm        39
នៅថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) នេះ ក្រសួងការពារជាតិអ៊ីស្រាអែល បានប្រាប់ឲ្យដឹងថា ខ្លួនមានគម្រោងពន្លឿនការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow ខណៈដែលខ្លួនកំពុងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់។ការប្រកាសនេះបានកើតឡើង បន្ទាប់ពីសំណួរជាច្រើន បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ អំពីរយៈពេលដែលស្តុកប្រព័ន្ធស្ទាក់ចាប់របស់អ៊ីស្រាអែល នឹងមាន ដោយអ្នកវិភាគមួយចំនួន បានចង្អុលបង្ហាញពីកង្វះខាតប្រព័ន្ធស្ទាក់ចាប់ Arrow ជាពិសេស។អ៊ីស្រាអែលមានប្រព័ន្ធការពារដែនអាកាសច្រើនស្រទាប់ ដោយប្រព័ន្ធជាច្រើនប្រភេទស្ទាក់ចាប់ការគំរាមកំហែង នៅរយៈកម្ពស់ផ្សេងៗគ្នា។ កម្រិតខ្ពស់បំផុតមានប្រព័ន្ធមីស៊ីលប្រឆាំងបាលីស្ទិក Arrow ដោយ Arrow 2 ដំណើរការទាំងនៅក្នុងបរិយាកាសផែនដី និងក្នុងលំហ ហើយ Arrow 3 ស្ទាក់ចាប់ពីលើបរិយាកាសផែនដី។សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានឲ្យដឹងថា៖ «គណៈកម្មាធិការរដ្ឋមន្ត្រី សម្រាប់លទ្ធកម្ម បានអនុម័តផែនការរបស់ក្រសួងការពារជាតិអ៊ីស្រាអែល (IMOD) ដើម្បីបង្កើនល្បឿនបន្ថែមដ៏សំខាន់នៃការផលិតប្រព័ន្ធស្ទាក់ចាប់ Arrow»។សេចក្ដីថ្លែងការណ៍បានបន្ថែមថា ផែនការនេះនឹងអាចឲ្យមាន «ការកើនឡើងគួរឲ្យកត់សម្គាល់ទាំងអត្រាផលិតកម្ម និងស្តុកប្រព័ន្ធស្ទាក់ចាប់ Arrow ដែលជាផ្នែកមួយនៃការរៀបចំ សម្រាប់យុទ្ធនាការដែលកំពុងវិវត្ត»។ ប្រព័ន្ធស្ទាក់ចាប់ Arrow 2 មួយគ្រឿងៗ មានតម្លៃប្រហែល ១,៥លានដុល្លារ ខណៈដែល Arrow 3 គឺប្រហែល ២លានដុល្លារ៕

IAEA៖ ការវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ «ត្រូវតែបញ្ឈប់»

2026/04/06 08:35:55 pm        36
ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) នេះ បានព្រមានថា ការវាយប្រហារនៅជិតរោងចក្រថាមពលបរមាណូ Bushehr របស់អ៊ីរ៉ង់ «បង្កគ្រោះថ្នាក់យ៉ាងពិតប្រាកដដល់សុវត្ថិភាពនុយក្លេអ៊ែរ ហើយត្រូវតែបញ្ឈប់»។រោងចក្រនេះ ដែលមានទីតាំងនៅភាគខាងត្បូងប្រទេស និងបំពាក់ដោយរ៉េអាក់ទ័រកម្លាំង ១.០០០មេហ្គាវ៉ាត់ ត្រូវបានគេកំណត់គោលដៅចំនួន ៤ដងហើយ ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានចាប់ផ្តើម។ ការវាយប្រហារចុងក្រោយនេះត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា កើតឡើងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។នាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានលើកឡើងនៅលើបណ្ដាញសង្គម X ថា ការវាយប្រហារនៅជិតរោងចក្រកំពុងដំណើរការនេះ «អាចបង្កឲ្យមានគ្រោះថ្នាក់វិទ្យុសកម្មធ្ងន់ធ្ងរ ដោយមានផលវិបាកដ៏គ្រោះថ្នាក់ដល់មនុស្ស និងបរិស្ថាន ទាំងនៅក្នុងប្រទេសអ៊ីរ៉ង់ និងកន្លែងផ្សេងទៀត»។IAEA បានវិភាគរូបភាពផ្កាយរណបអំពីទីតាំងនោះ ដោយបញ្ជាក់ពីផលប៉ះពាល់នៃការវាយប្រហារចុងក្រោយ ដែលមិនបានធ្វើឲ្យខូចខាតដល់រោងចក្រថាមពលនោះទេ។លោក Grossi បានបន្ថែមថា ការវាយប្រហារមួយ បាននៅចម្ងាយត្រឹមតែ ៧៥ម៉ែត្រ ពីបរិវេណរោងចក្រនោះ។ លោកបានសង្កត់ធ្ងន់ថា «រោងចក្រនុយក្លេអ៊ែរ និងតំបន់ជុំវិញ មិនគួរត្រូវបានវាយប្រហារឡើយ»៕

ឆ្មាំអ៊ីរ៉ង់ បញ្ជាក់ថា កំពុងរៀបចំផែនការសម្រាប់សណ្តាប់ធ្នាប់ថ្មី នៅក្នុងច្រកសមុទ្រ Hormuz

2026/04/06 08:32:40 pm        53
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបញ្ជាក់ថា ពួកគេកំពុងបញ្ចប់ការរៀបចំ ដើម្បីអនុវត្តលក្ខខណ្ឌប្រតិបត្តិការថ្មី នៅក្នុងច្រកសមុទ្រហ័រមូស ដែលស្ទើរតែត្រូវបានបិទ ចាប់តាំងពីសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល បានចាប់ផ្តើម។នៅក្នុងសារមួយលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យ (ទី៥ ខែមេសា ឆ្នាំ២០២៦) កងកម្លាំងជើងទឹករបស់កងឆ្មាំនេះ បានឲ្យដឹងថា៖ «កងកម្លាំងកងទ័ពជើងទឹករបស់ IRGC កំពុងបញ្ចប់ការរៀបចំប្រតិបត្តិការ សម្រាប់ការប្រកាសផែនការរបស់អាជ្ញាធរអ៊ីរ៉ង់ ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់ថ្មី នៅឈូងសមុទ្រពែរ្ស»។ជាមួយគ្នានេះ ពួកគេបានព្រមានថា លក្ខខណ្ឌនៅក្នុងច្រកសមុទ្រ «នឹងមិនវិលត្រឡប់ទៅរកស្ថានភាពដើមវិញឡើយ ជាពិសេស សម្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល»។សេចក្តីថ្លែងការណ៍របស់ពួកគេនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងជាថ្មីនូវការគំរាមកំហែងវាយប្រហាររោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់ ប្រសិនបើផ្លូវដឹកជញ្ជូនដ៏សំខាន់នេះមិនត្រូវបានបើកឡើងវិញទេនោះ។អ៊ីរ៉ង់បានអនុញ្ញាតឲ្យធ្វើចរាចរណ៍មានកំណត់តាមរយៈផ្លូវទឹកនេះ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយរំខានដល់លំហូរប្រេង និងឧស្ម័នសកលប្រហែល ២០ភាគរយ៕

តម្លៃប្រេងធ្លាក់ចុះបន្តិច ខណៈនាវាមួយចំនួនឆ្លងកាត់ច្រកសមុទ្រ Hormuz

2026/04/06 08:32:14 pm        72
តម្លៃប្រេងបានធ្លាក់ចុះបន្តិច នៅថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) នេះ ក្នុងអំឡុងពេលមានការជួញដូរនៅថ្ងៃឈប់សម្រាកបុណ្យ Easter ដ៏ស្ងប់ស្ងាត់ ខណៈដែលវិនិយោគិនទទួលបានអារម្មណ៍ជឿជាក់តិចតួចពីដំណឹង ដែលថា នាវាដឹកប្រេងមួយចំនួនកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz។លោក Ole R. Hvalbye អ្នកវិភាគរបស់ក្រុមហ៊ុន SEB បានប្រាប់សារព័ត៌មាន AFP ថា៖ «ប្រេងក្នុងបរិមាណមានកម្រិត ពិតជាកំពុងត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះ ពោលគឺរហូតមកដល់ពេលនេះ មិនទាន់មានការធ្វើឲ្យចរាចរណ៍នាវាពាណិជ្ជកម្មជាធម្មតានៅឡើយទេ ប៉ុន្តែវាពិតជាជំហានមួយ ក្នុងការឆ្ពោះទៅទិសដៅត្រឹមត្រូវ»។នៅម៉ោងប្រហែល ១០:៥០ ម៉ោងសកល ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ០,៨ភាគរយដោយមកនៅត្រឹម ១០៨,២០ដុល្លារ ក្នុងមួយបារ៉ែល។ ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១,៤ភាគរយ ដោយមកនៅត្រឹម ១១០,០១ដុល្លារ ក្នុងមួយបារ៉ែល។ ការធ្លាក់ចុះទាំងនោះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសទួរគី បាននិយាយថា នាវាទី៣ ដែលជាកម្មសិទ្ធិរបស់ទួរគី បានឆ្លងកាត់ច្រកសមុទ្រដែលហែកហួរដោយសង្គ្រាមនេះ។គួរបញ្ជាក់ថា អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសកលដ៏សំខាន់មួយ ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានធ្វើឲ្យតម្លៃប្រេង និងឧស្ម័នសកល ហក់ឡើងពីប្រហែល ៦០ដុល្លារ ក្នុងមួយបារ៉ែល មុនសង្គ្រាម៕

អ៊ីរ៉ង់៖ ប្រតិបត្តិការសង្គ្រោះអាកាសយានិកអាមេរិក អាចជាការបាំងមុខ ដើម្បី «លួចអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយ»

2026/04/06 07:55:04 pm        25
ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ដើម្បីជួយសង្គ្រោះអ្នកបើកយន្តហោះដែលត្រូវបានបាញ់ទម្លាក់ អាចជាផែនការបាំងមុខ ដើម្បី «លួចយកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយ» ពីសាធារណរដ្ឋឥស្លាម។កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ប្រធានាធិបតី លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកបានរកឃើញសមាជិកអាកាសយានិកទី២ នៃយន្តហោះ F-15E ដែលបានធ្លាក់ នៅអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ជាអ្វីដែលលោកហៅថា ជាប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ «ដ៏ក្លាហាន»។យោធាអ៊ីរ៉ង់ បាហៅប្រតិបត្តិការនេះថា «បេសកកម្មបំភ័ន្តភ្នែក និងរត់គេចខ្លួន» ដោយទទូចថា វាត្រូវបាន «បំផ្លាញទាំងស្រុង»។ ហើយនៅថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា មាន «ការសង្ស័យ និងភាពមិនច្បាស់លាស់ជាច្រើន» អំពីប្រតិបត្តិការនេះ។លោក Baqaei បានបញ្ជាក់ថា៖ «តំបន់ដែលអ្នកបើកយន្តហោះអាមេរិកត្រូវបានគេអះអាងថា មានវត្តមាននៅក្នុងខេត្ត Kohgiluyeh និង Boyer-Ahmad គឺនៅឆ្ងាយពីតំបន់ដែលពួកគេព្យាយាមចុះចត ឬចង់ចុះចតកងកម្លាំងរបស់ពួកគេ នៅភាគកណ្តាលនៃប្រទេសអ៊ីរ៉ង់»។លោកបានបន្ថែមថា៖ «លទ្ធភាព ដែលថា នេះគឺជាប្រតិបត្តិការបំភ័ន្តភ្នែក ដើម្បីលួចយកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយ មិនគួរត្រូវបានមើលរំលងនោះឡើយ។ ប្រតិបត្តិការនេះ គឺជាគ្រោះមហន្តរាយ សម្រាប់សហរដ្ឋអាមេរិក»៕

ប៉ាគីស្ថានផ្តល់កិច្ចព្រមព្រៀងឈប់បាញ់ ២ដំណាក់កាល ដើម្បីបញ្ចប់សង្រ្គាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់

2026/04/06 07:43:38 pm        24
ប្រភពនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប៉ាគីស្ថានស្នើសុំផែនការ ២ដំណាក់កាល ដើម្បីបញ្ចប់សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ហើយនិងបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្នុងនោះបច្ចុប្បន្នភាគីទាំង ២ កំពុងពិចារណាលើក្របខ័ណ្ឌ ។យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា លោក Esmaeil Baghaei គឺជាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ បានទទួលស្គាល់កិច្ចខិតខំរបស់ប៉ាគីស្ថាន ដែលចែករំលែកផែនការជាមួយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់អរិភាព ។លោក Baghaei បន្តថា អ៊ីរ៉ង់ផ្តោតសំខាន់លើសន្តិសុខរបស់ខ្លួន ស្របពេលមានការវាយប្រហារចុងក្រោយពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។សាកលវិទ្យាល័យកកំពូលមួយកន្លែងនៅក្នុងទីក្រុងតេអេរ៉ង់ និងរោងចក្រគីមីឥន្ធនៈធំបំផុតរបស់អ៊ីរ៉ង់ ស្ថិតក្នុងទីក្រុង Asaluyeh រងការទម្លាក់គ្រាប់បែកនាថ្ងៃចន្ទនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៣៤នាក់ នៅអ៊ីរ៉ង់ ។សារព័ត៌មាន Axios រាយការណ៍ដំបូងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងក្រុមអ្នកសម្របសម្រួលក្នុងតំបន់ បានពិភាក្សាលើបទឈប់បាញ់រយៈពេល ៤៥ថ្ងៃ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ២ដំណាក់កាលដែលអាចនាំឲ្យបញ្ចប់អចិន្រ្តៃយ៍សង្រ្គាមមួយនេះ ដោយពួកគេលើកពីប្រភពរបស់អាមេរិក-អ៊ីស្រាអែល និងប្រភពក្នុងតំបន់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM