រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

មនុស្ស១០នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលជិតសាលារៀនហ្កាហ្សា ខណៈ បទឈប់បាញ់តានតឹងខ្លាំង

2026/04/07 11:38:56 am        65
មន្ត្រីសុខាភិបាលបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ និងរបួសជាច្រើននាក់ទៀតនៅខាងក្រៅសាលារៀនមួយ ជាជម្រករបស់ប្រជាជនប៉ាឡេស្ទីន ត្រូវបានបណ្តេញចេញពីផ្ទះកាលពីថ្ងៃចន្ទ ៦ មេសា ដើមសប្ដាហ៍នេះ ក្នុងអំពើហិង្សាចុងក្រោយបំផុតដែលបានគ្របដណ្ដប់លើកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយនៅដែនដីហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិក។ក្រុមគ្រូពេទ្យ និងអ្នកស្រុកបាននិយាយថា មុនពេលការវាយប្រហារ ប្រជាជនប៉ាឡេស្ទីនមួយចំនួនបានប៉ះទង្គិចជាមួយសមាជិកនៃកងជីវពលគាំទ្រដោយអ៊ីស្រាអែល ដែលពួកគេនិយាយថាបានវាយប្រហារសាលារៀនក្នុងការប៉ុនប៉ងចាប់ពង្រត់មនុស្សមួយចំនួន។ ពួកគេបានបន្ថែមថា នៅស្របពេលមានការប៉ះទង្គិចគ្នា នៅភាគខាងកើតនៃជំរំជនភៀសខ្លួន Maghazi ក្នុងតំបន់ភាគកណ្តាលដែនដីហ្កាហ្សា យានដ្រូនរបស់អ៊ីស្រាអែលបានបាញ់មីស៊ីលពីរគ្រាប់ចូលទៅក្នុងតំបន់នោះ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ និងរបួសជាច្រើននាក់ទៀត។មិនទាន់ច្បាស់ភ្លាមៗទេថាតើមានជនស៊ីវិលប៉ុន្មាននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដែលបានប៉ះចំក្នុងសង្កាត់មួយមានប្រជាជនប៉ាឡេស្ទីនភៀសខ្លួនពីផ្ទះសម្បែងភាគច្រើនកំពុងរស់នៅ។ក្រុមគ្រូពេទ្យបាននិយាយថា មុនកើតហេតុនៅថ្ងៃចន្ទដដែល ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់ និងរបួសកុមារម្នាក់ ខណៈពួកគេធ្វើដំណើរតាមទោចក្រយានយន្តនៅក្នុងទីក្រុងហ្កាហ្សា៕

ផ្សារភាគហ៊ុនសកលជួបការលំបាក និងប្រេងឡើងថ្លៃ ខណៈឱសានវាទរបស់លោក Trumpលើអ៊ីរ៉ង់ជិតមកដល់

2026/04/07 11:37:09 am        57
តម្លៃផ្សារភាគហ៊ុនសកលបានធ្លាក់ចុះកាលពីថ្ងៃអង្គារ៦មេសាសប្ដាហ៍នេះ ខណៈតម្លៃប្រេងបានហក់ឡើងជាង១១០ដុល្លារក្នុងមួយបារ៉ែល ខណៈការរំពឹងទុកនៃការកើនឡើងនៃសង្គ្រាមនៅមជ្ឈិមបូព៌ា និងឱសានវាទសម្រាប់ការឈានដល់កិច្ចព្រមព្រៀងជិតមកដល់ ធ្វើឱ្យក្រុមវិនិយោគិនមានក្ដីបារម្ភកាន់តែខ្លាំង។ទីផ្សារមានភាពរង្គោះរង្គើចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ២០២៦នេះ ដោយទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រ Hormuz ជាផ្លូវដឹកជញ្ជូនប្រេងសកលដ៏សំខាន់មួយ ដែលបានជំរុញឱ្យមានការព្រួយបារម្ភអំពីអតិផរណាសកល។ ខណៈបណ្ដាវិនិយោគិនបានដាក់ក្តីសង្ឃឹមលើដំណោះស្រាយចំពោះសង្គ្រាម ការចរចារហូតមកដល់ពេលនេះមិនទាន់ទទួលបានវឌ្ឍនភាពនៅឡើយទេ ដោយប្រធានាធិបតីអាមេរិក Donald Trump បានដាក់កាលកំណត់ត្រឹមយប់ថ្ងៃអង្គារនេះ សម្រាប់កិច្ចព្រមព្រៀងដែលត្រូវសម្រេចបាន។នោះបានធ្វើឱ្យទីផ្សារមានភាពច្របូកច្របល់ ដោយប្រាក់ដុល្លារអាមេរិករក្សាសន្ទុះរបស់ខ្លួន ហើយតម្លៃប្រេងកំពុងកើនឡើង។តម្លៃប្រេងឆៅ Brent បានកើនឡើង ០,៤% ដល់១១០,១៩ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកដែរនោះ បានកើនឡើង០,៨% ដល់ ១១៣,៣១ ដុល្លារ ក្នុងមួយបារ៉ែល៕

អ៊ុយក្រែន បានស្នើសុំរុស្ស៊ី ឱ្យមានបទឈប់បាញ់លើថាមពល ក្រោយវិមានក្រឹមឡាំងទាត់ចោលសំណើថ្ងៃបុណ្យ Easter

2026/04/07 11:33:18 am        59
លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទ៦ មេសា ដើមសប្ដាហ៍នេះ ថា អ៊ុយក្រែនបានស្នើដល់រុស្ស៊ីឱ្យមានបទឈប់បាញ់លើបណ្ដាញថាមពល តាមរយៈក្រុមមន្ត្រីអាមេរិកដែលដើរតួជាអន្តរការី។លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាពេលល្ងាចមួយថា ប្រសិនបើរុស្ស៊ីត្រៀមខ្លួនបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ពួកលោក ពួកលោកនឹងត្រៀមខ្លួនឆ្លើយតបវិញ។ សំណើនេះត្រូវបានបញ្ជូនទៅភាគីរុស្ស៊ីតាមរយៈអាមេរិក។ប៉ុន្មានថ្ងៃមុននេះ លោក Zelenskyy បានដាក់សំណើបទឈប់បាញ់បុណ្យ Easter លើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងជំនួបតាមទូរស័ព្ទជាមួយក្រុមអ្នកចរចាអាមេរិកកាលពីថ្ងៃទី ១ខែមេសា។ រុស្ស៊ីបានបដិសេធ ហើយបានបន្តបាញ់ស្រោចមីស៊ីល និងយានដ្រូនទៅកាន់អ៊ុយក្រែន។លោក Zelenskyy បាននិយាយថា ខណៈវត្តមានក្រុមមន្ត្រីអាមេរិក ត្រូវបានរំពឹងថានឹងទៅដល់អ៊ុយក្រែននៅចុងខែនេះ បន្ទាប់ពីសន្ទុះនៃការការចរចាសន្តិភាពធ្លាក់ចុះ ទីក្រុងគីវ នៅតែបន្តធ្វើការលើការធានាសន្តិសុខ ។លោកថា ដូចដែលបានព្រមព្រៀងគ្នា អ៊ុយក្រែនកំពុងរៀបចំសំណើរបស់ខ្លួន ពង្រឹងឯកសារស្តីពីការធានាសន្តិសុខ។ ការធានាសន្តិសុខគឺជាគន្លឹះក្នុងការបញ្ចប់សង្គ្រាមពិតប្រាកដ ដើម្បីសន្តិភាពយូរអង្វែង។បេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff និងលោក Jared Kushner ត្រូវគេរំពឹងថានឹងដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិក ទៅកាន់ទីក្រុងគីវ បន្ទាប់ពីថ្ងៃបុណ្យ Easter ដែលនឹងត្រូវបានប្រារព្ធឡើងដោយព្រះវិហារសាសនាគ្រិស្ត Orthodox នៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ៕

ទីក្រុងមូស្គូ៖ អ៊ុយក្រែន វាយប្រហារលើស្ថានីយប្រេងដ៏សំខាន់ នៅភាគខាងត្បូងប្រទេសរុស្ស៊ី

2026/04/07 11:30:07 am        87
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារលើស្ថានីយនៅសមុទ្ររបស់សហព័ន្ធបំពង់បង្ហូរប្រេងកាសព្យែននៅភាគខាងត្បូងប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ទី៦ ខែមេសា ដោយបានបំផ្លាញចំណតស្ថានីយមួយ និងបានធ្វើឲ្យឆេះអាងប្រេងចំនួនបួន។ បំពង់បង្ហូរប្រេងសហព័ន្ធនៃបំពង់បង្ហូរប្រេងកាសព្យែន(CPC) គ្រប់គ្រងប្រហែល ១ ភាគរយនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក ព្រមទាំងប្រហែល ៨០ ភាគរយនៃការនាំចេញប្រេងរបស់ប្រទេសកាហ្សាក់ស្ថាន។កងទ័ពអ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារស្ថានីយមួយផ្សេងទៀតនៅកំពង់ផែ Novorossiysk ដោយពុំបានលើកឡើងពីសហព័ន្ធបំពង់បង្ហូរប្រេងកាព្យែនឡើយ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ក្នុងអំឡុងពេលយប់ អ៊ុយក្រែនបានវាយប្រហារដោយចេតនាទៅលើទីតាំងរបស់ក្រុមហ៊ុនដឹកជញ្ជូនប្រេងអន្តរជាតិសហព័ន្ធបំពង់បង្ហូរប្រេងកាសព្យែន(CPC) ។ក្រសួងបាននិយាយបន្ថែមថា «ជាលទ្ធផលនៃការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បំពង់បង្ហូរប្រេងនៃស្ថានីយចំណតតែមួយ ព្រមទាំងស្ថានីយផ្ទុកនិងនាំចេញប្រេង ត្រូវបានបំផ្លាញ ហើយអាងស្តុកផលិតផលប្រេងចំនួនបួនបានឆេះ»។ ក្រសួងបានចោទប្រកាន់អ៊ុយក្រែនពីបទប៉ុនប៉ង «ធ្វើឱ្យទីផ្សារអ៊ីដ្រូកាបូនសកលជួបអស្ថិរភាព ហើយកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងដល់អ្នកប្រើប្រាស់អឺរ៉ុប»។

ក្រុមប្រឹក្សាសន្តិសុខUN នឹងបោះឆ្នោតនៅថ្ងៃអង្គារនេះលើសេចក្តីសម្រេចសម្របសម្រួលនៅច្រកសមុទ្រ Hormuz

2026/04/07 11:26:34 am        80
ប្រភពការទូតបានប្រាប់សារពត៌មាន AFP ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងកំណត់ពេលបោះឆ្នោតនៅថ្ងៃអង្គារនេះលើសេចក្តីសម្រេចសម្របសម្រួលមួយដោះស្រាយការគំរាមកំហែងរបស់អ៊ីរ៉ង់ចំពោះច្រកសមុទ្រ Hormuz បន្ទាប់ពីសេចក្តីព្រាងមុនៗដែលរឹងមាំជាងនេះ ប្រឈមនឹងការប្រសើសិទ្ធិវ៉េតូ។អ៊ីរ៉ង់ បានដាក់ការបិទផ្លូវទឹកដ៏សំខាន់ដោយប្រសិទ្ធភាពចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមសង្គ្រាមនៅថ្ងៃទី២៨ ខែកុម្ភៈ បង្កផលប៉ះពាល់នៅទូទាំងសេដ្ឋកិច្ចពិភពលោក។ ប្រទេសបារ៉ែន ដែលគាំទ្រដោយប្រទេសឈូងសមុទ្រនាំចេញប្រេង បានចាប់ផ្តើមការចរចាកាលពី២សប្តាហ៍កន្លងទៅនេះ លើសេចក្តីព្រាងសេចក្តីសម្រេចដែលនឹងផ្តល់អាណត្តិច្បាស់លាស់របស់អង្គការសហប្រជាជាតិដល់រដ្ឋណាមួយដែលចង់ប្រើកម្លាំងដើម្បីបើកច្រកសមុទ្រ។ទោះជាយ៉ាងណា ការជំទាស់ពីសមាជិកអចិន្ត្រៃយ៍ជាច្រើនដែលប្រើសិទ្ធវ៉េតូបានឃើញឯកសារនេះ ត្រូវបានសម្របសម្រួលជាបន្តបន្ទាប់ ហើយការបោះឆ្នោត ដែលកាលពីដើមឡើយគ្រោងធ្វើនៅចុងសប្តាហ៍មុន ត្រូវបានពន្យារពេលជាច្រើនដង។ សេចក្តីព្រាងចុងក្រោយដែល AFP បានឃើញកាលពីថ្ងៃចន្ទ នៅតែទាមទារឱ្យអ៊ីរ៉ង់បញ្ចប់ការវាយប្រហាររបស់ខ្លួនលើនាវាពាណិជ្ជកម្ម និងបញ្ឈប់ «ការប៉ុនប៉ងណាមួយដើម្បីរារាំងការឆ្លងកាត់ ឬសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz»។ ជំនួសឲ្យការអនុញ្ញាតឲ្យប្រើកម្លាំង សេចក្តីព្រាងក៏ «ជុំរុញយ៉ាងខ្លាំងដល់រដ្ឋនានា ឲ្យសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដែលមានលក្ខណៈការពារខ្លួន ស្របតាមកាលៈទេសៈ ដើម្បីចូលរួមធានាសុវត្ថិភាព និងសន្តិសុខនៃការធ្វើនាវាចរណ៍ រួមទាំងតាមរយៈការអមការពារនាវាពាណិជ្ជកម្ម»។

ប្រធាន IMF និយាយថា សង្គ្រាមនៅមជ្ឈិមបូព៌ាមានន័យថាជាអ្នករុញឱ្យមានអតិផរណាខ្ពស់និង កំណើនសេដ្ឋកិច្ចសកលយឺត

2026/04/07 10:05:56 am        80
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ៦មេសាដើមសប្ដាហ៍នេះថាសង្គ្រាមនៅមជ្ឈិមបូព៌ានឹងនាំឱ្យមានអតិផរណាខ្ពស់ និងកំណើនសេដ្ឋកិច្ចពិភពលោកយឺត មុន ការព្យាករណ៍សម្រាប់សេដ្ឋកិច្ចពិភពលោកដែលបានគ្រោងទុកដោយក្រុមស្ថាប័នផ្តល់ប្រាក់កម្ចីសកលសម្រាប់សប្តាហ៍ក្រោយ។ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva បាននិយាយថាសង្គ្រាមនេះបានបង្កឱ្យមានការរំខានដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននៅក្នុងការផ្គត់ផ្គង់ថាមពលសកល ដោយការផលិតប្រេងរាប់លានបារ៉ែលត្រូវបានបិទដោយសារតែការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ ដែលមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នមួយភាគប្រាំរបស់ពិភពលោក ។ ទោះបីជាជម្លោះត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សក៏ដោយ IMF ត្រូវបានកំណត់ឱ្យកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ច និងបង្កើនទស្សនវិស័យរបស់ខ្លួនសម្រាប់អតិផរណា។មូលនិធិនេះត្រូវគេរំពឹងថានឹងចេញផ្សាយសេណារីយ៉ូ ឬចំហាក ជាច្រើននៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខរបស់ខ្លួន នៅថ្ងៃទី១៤មេសាខាងមុខ។ ទស្សនវិស័យនេះបានបង្ហាញពីលទ្ធភាពនៃការធ្លាក់ចុះក្នុងការចេញផ្សាយលើបណ្ដាញផ្សព្វផ្សាយប្លុកមួយកាលពីថ្ងៃទី៣០មីនា ដោយលើកឡើងពីផលប៉ះពាល់នៃសង្គ្រាមអាមេរិក-អ៊ីរ៉ង់ និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងតែង។ លោកស្រី Georgieva បាននិយាយថា បើគ្មានសង្គ្រាមទេ IMF រំពឹងថានឹងមានការធ្វើឱ្យប្រសើរឡើងបន្តិចបន្តួចនៅក្នុងការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកចំនួន ៣,៣% ក្នុងឆ្នាំ ២០២៦ នេះ និង៣,២ % ក្នុងឆ្នាំ២០២៧ ខណៈសេដ្ឋកិច្ចបន្តងើបឡើងវិញពីជំងឺរាតត្បាតសកល៕

ក្រុមហេសបូឡានៅលីបង់ និងក្រុមហ៊ូទីនៅយេម៉ែន ចូលរួមជាមួយអ៊ីរ៉ង់វាយប្រហារលើអ៊ីស្រាអែល

2026/04/07 09:53:09 am        148
 ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែននិយាយថា ពួកគេបានបើកការវាយប្រហារដោយកំណត់គោលដៅលើអ៊ីស្រាអែល ដែលត្រូវបានសម្របសម្រួលរួមជាមួយអ្នកគាំទ្រក្រុមហ៊ូទី និងក្រុមហេសបូឡា នៅប្រទេសលីបង់។ អ្នកនាំពាក្យយោធា លោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្ព័ន្ធមិត្តទាំងបី បានបាញ់ស្រោចមីស៊ីលស៊ីបគោលដៅនិងយានដ្រូនជាច្រើនគ្រាប់ ដោយកំណត់គោលដៅលើទីតាំងសំខាន់ៗ និងទីតាំងយោធាជាច្រើនកន្លែងជាកម្មសិទ្ធិរបស់សត្រូវអ៊ីស្រាអែល កាលពីថ្ងៃចន្ទ។ក្រុមហ៊ូទី ដែលគ្រប់គ្រងភាគច្រើននៅភាគខាងជើងប្រទេសយេម៉ែន បានចូលរួមក្នុងសង្គ្រាមក្នុងការគាំទ្រអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែមីនា។ កាលពីពេលមុន ពួកគេបានបើកការវាយប្រហារលើអ៊ីស្រាអែល និងដាក់គោលដៅលើការដឹកជញ្ជូននៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ក្នុងអំឡុងពេលសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ជាអ្វីដែលពួកគេនិយាយថា ជាការបង្ហាញសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន។តួនាទីរបស់ក្រុមហេសបូឡាដែលត្រូវបានរាយការណ៍ក្នុងការវាយប្រហារ ធ្វើឡើងនៅពេលដែលអ៊ីស្រាអែលបន្តវាយលុកលើប្រទេសលីបង់ ដោយនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់។ការវាយប្រហារចុងក្រោយបានធ្លាក់លើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូតកាលពីថ្ងៃចន្ទ។ កងទ័ពអ៊ីស្រាអែល បានប្រកាសថាខ្លួនកំពុង «វាយប្រហារគោលដៅភេរវករក្រុមហេសបូឡានៅទីក្រុងបេរូត»។ កាលពីពេលថ្មីៗនេះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារលើស្ថានីយប្រេងឥន្ធនៈ ក្រុមហ៊ុន Amana ចំនួនពីរកន្លែង «ដែលគ្រប់គ្រងដោយក្រុមហេសបូឡា និងបានបម្រើជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់» ជួយគាំទ្រសកម្មភាពរបស់ក្រុមនេះ។

លោក Trump គំរាមចាប់ដាក់ពន្ធនាគារចំពោះអ្នកសារព័ត៌មានដែលបញ្ចេញព័ត៌មានការជួយសង្គ្រោះអ្នកបើកយន្តហោះនៅអ៊ីរ៉ង់

2026/04/07 09:19:19 am        105
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ៦មេសាសប្ដាហ៍នេះថា លោកនឹងទាមទារឱ្យអ្នកសារព័ត៌មានដែលបានរាយការណ៍ដំបូងថា អ្នកបើកយន្តហោះម្នាក់នៅអ៊ីរ៉ង់ត្រូវបានជួយសង្គ្រោះ ដោយបង្ហាញពីរបៀបដែលពួកគេទទួលបានព័ត៌មាននោះ ហើយបានគំរាមចាប់ខ្លួនពួកគេដាក់ពន្ធនាគារ ប្រសិនបើពួកគេបដិសេធ។ការអត្ថាធិប្បាយរបស់លោក Trump នៅឯសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទ តំណាងឱ្យការកើនឡើងគួរឱ្យកត់សម្គាល់នៃការវាយប្រហាររបស់រដ្ឋបាលនេះលើសារព័ត៌មាន។ លោកប្រធានាធិបតីបានត្អូញត្អែរប្រាប់ក្រុមមន្ត្រីជំនិតរបស់លោកប៉ុន្មានសប្តាហ៍ថ្មីៗនេះថា ការផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់គឺ អវិជ្ជមានខ្លាំងពេកហើយ ហើយលោក Trump និងសម្ព័ន្ធមិត្តរបស់លោក បានរិះគន់ជាសាធារណៈចំពោះការផ្សាយព័ត៌មានរបស់អង្គភាពព័ត៌មានមួយចំនួន។បន្ទាប់ពីយន្តហោះចម្បាំងអាមេរិកមួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅលើដែនអាកាសអ៊ីរ៉ង់កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា អ្នកបើកយន្តហោះចម្បាំងម្នាក់ក្នុងចំណោមអ្នកបើកយន្តហោះចម្បាំងពីរនាក់នៅលើយន្តហោះ ត្រូវបានរកឃើញដោយជោគជ័យដោយកងកម្លាំងជួយសង្គ្រោះអាមេរិក។លោក Trump បាននិយាយថា ការបង្ហាញព័ត៌មាននេះបានគំរាមកំហែងដល់សន្តិសុខនៃប្រតិបត្តិការដែលកំពុងបន្តដើម្បីជួយសង្គ្រោះអ្នកបើកយន្តហោះទីពីរ ទោះបីជាបំផុត អ្នកបើកយន្តហោះនោះត្រូវបានរកឃើញដោយជោគជ័យក៏ដោយ។លោកថា បន្ទាប់ពីមាននរណាម្នាក់បានធ្វើឲ្យលេចធ្លាយអ្វីមួយ ពួកលោកសង្ឃឹមថានឹងរកឃើញអ្នកធ្វើឲ្យព័ត៌មានលេចធ្លាយនោះ។ពួកលោកកំពុងរកមុខសញ្ញាយ៉ាងខ្លាំងដើម្បីស្វែងរកអ្នកដែលធ្វើឲ្យព័ត៌មាននោះលេចធ្លាយ៕

លោកTrump៖ អាមេរិក អាចឲ្យបង់ប្រាក់សម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលសង្គ្រាមនៅអ៊ីរ៉ង់

2026/04/07 09:16:21 am        131
លោកប្រធានាធិបតី Donald Trump បានលើកឡើងថា សហរដ្ឋអាមេរិកអាចនឹងសម្លឹងមើលឲ្យបង់ប្រាក់នៅច្រកសមុទ្រ Hormuz បន្ទាប់ពីសង្គ្រាម ជាចំណាត់ការមួយដែលទំនងជាតម្រូវឱ្យមានការគ្រប់គ្រងដោយផ្ទាល់របស់យោធាសហរដ្ឋអាមេរិកលើផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ។នៅពេលត្រូវបានសួរកាលពីថ្ងៃចន្ទថាតើលោកនឹងទទួលយកកិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឱ្យអ៊ីរ៉ង់យកថ្លៃឈ្នួលពីនាវាឆ្លងកាត់ច្រកសមុទ្រនេះដែរឬទេ ប្រធានាធិបតីអាមេរិកបាននិយាយថា «ហេតុម្តេចបានយើងត្រូវបង់ប្រាក់? ហេតុអ្វីយើងមិនអាចយកប្រាក់? យើងជាអ្នកទទួលជ័យជម្នះ យើងបានឈ្នះហើយ»។លោក Trump បានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់បានបរាជ័យដោយយោធា ជាការអះអាងដែលលោកបាននិយាយតាំងពីថ្ងៃដំបូងនៃសង្គ្រាម ទោះបីជាមានការវាយប្រហារដោយយានដ្រូន និងមីស៊ីលជាបន្តបន្ទាប់របស់អ៊ីរ៉ង់នៅទូទាំងតំបន់ និងការបន្តបិទផ្លូវច្រកសមុទ្រ Hormuz ក៏ដោយ។ ច្រកសមុទ្រ Hormuz ដែលភ្ជាប់ឈូងសមុទ្រទៅនឹងកាន់មហាសមុទ្រឥណ្ឌា ភាគច្រើនស្ថិតនៅក្នុងដែនទឹកប្រទេសអូម៉ង់ និងអ៊ីរ៉ង់។ ប្រហែល២០ភាគរយនៃប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោកបានឆ្លងកាត់ច្រកសមុទ្រនេះ នៅមុនពេលសង្គ្រាម។ ការអត្ថាធិប្បាយចុងក្រោយរបស់លោក Trump បានធ្វើឡើងខណៈលោកបានចេញនូវអ្វីដែលលោកហៅថាជាឱសានវាទ «ចុងក្រោយ» ដល់ទីក្រុងតេអេរ៉ង់ ដើម្បីបើកច្រកសមុទ្រនេះឡើងវិញ និងព្រមព្រៀងតាមលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោន បើមិនដូច្នេះទេប្រឈមនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់ រួមទាំងស្ពាន និងរោងចក្រថាមពល។ ប្រធានាធិបតីអាមេរិកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ត្រូវតែរួមបញ្ចូលការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

លោកTrump រិះគន់ខ្លាំងៗថា NATO ជា «ខ្លាក្រដាស» ខណៈបន្តទាមទារការគ្រប់គ្រងដែនដី Greenland

2026/04/07 09:14:09 am        100
លោកប្រធានាធិបតី Donald Trump បានរិះគន់ខ្លាំងៗកាលពីថ្ងៃចន្ទ ទី៦ ខែមេសា ទៅលើសម្ព័ន្ធមិត្ត NATO ដែលមិនគាំទ្រសហរដ្ឋអាមេរិកក្នុងសង្គ្រាមនៅអ៊ីរ៉ង់ ហើយបានបញ្ជាក់ជាថ្មីនូវបំណងរបស់លោកក្នុងការដាក់បញ្ចូលឧបសម្ព័ន្ធដែនដី Greenland។ ការថ្លែងលើកឡើងរបស់លោក Trump បានធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់លោក Mark Rutte ប្រមុខសម្ព័ន្ធមិត្តការពារជាតិ ដែលគ្រោងធ្វើឡើងនៅសប្តាហ៍នេះ។លោក Trump បាននិយាយថា សម្ព័ន្ធមិត្ត «គឺជាខ្លាក្រដាស» ដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir «លោក Putin មិនខ្លាចទាល់តែសោះ»។ លោក Mark Rutte អគ្គលេខាធិការសម្ព័ន្ធយោធា NATO ដែលលោក Trump ហៅថា «ជាមនុស្សដ៏អស្ចារ្យ» ត្រូវបានគេរំពឹងថានឹងទៅដល់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍នេះ ហើយនៅថ្ងៃពុធ លោក នឹងជួបពិភាក្សាជាមួយលោកTrump រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ។ ការថ្លែងទាំងនេះបង្ហាញពីជម្លោះចុងក្រោយរវាងលោក Trump និងសម្ព័ន្ធមិត្ត។ លោក Trump មិនបានលាក់បាំងបំណងរបស់លោកក្នុងការដាក់បញ្ចូលឧបសម្ព័ន្ធដែនដី Greenland គ្រប់គ្រងដោយសម្ព័ន្ធមិត្តមួយរបស់ NATO គឺប្រទេសដាណឺម៉ាក ដែលបានជំទាស់លើបញ្ហានេះយ៉ាងខ្លាំង។ លោក Trump បាននិយាយថា «យើងចង់បានដែនដី Greenland»។ «ពួកគេមិនចង់ផ្តល់ឱ្យយើងទេ»។ លោក Trump ក៏បានរិះគន់សម្ព័ន្ធមិត្តមិនមែន NATO ផ្សេងទៀត រួមមានប្រទេសកូរ៉េខាងត្បូង អូស្ត្រាលី និងប្រទេសជប៉ុន ចំពោះការមិនជួយក្នុងសង្គ្រាមនៅអ៊ីរ៉ង់។ លោក Trump បានសរសើរប្រទេសឈូងសមុទ្រ រួមមានប្រទេសអារ៉ាប៊ីសាអ៊ូឌីត គូវ៉ែត បារ៉ែន កាតា និងប្រទេសអារ៉ាប់រួម ចំពោះការគាំទ្ររបស់ពួកគេក្នុងអំឡុងពេលជម្លោះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM