ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

រុស្ស៊ីគំរាមវាយប្រហារទីក្រុងគីវរបស់​អ៊ុយក្រែន​​បន្ថែមទៀត និងប្រាប់ជនបរទេសឱ្យចាកចេញ

2026/05/26 08:28:15 am        83
រុស្ស៊ីបានគំរាមវាយប្រហារជាប្រព័ន្ធជាថ្មី​​ទៀត​ប្រឆាំងនឹងទីក្រុងគី​វ ប៉ុន្មានថ្ងៃបន្ទាប់ពីបានបើក​ការវាយប្រហារដ៏ធំបំផុតមួយរបស់ខ្លួនទៅលើរដ្ឋធានីរបស់​​អ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។ក្រសួងការបរទេសរុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារថ្មីនឹងកំណត់គោលដៅទៅលើ "មជ្ឈមណ្ឌលធ្វើការសម្រេចចិត្ត និងប៉ុស្តិ៍បញ្ជាការ" រួមជាមួយនឹងរោងចក្រផលិតយានដ្រូន​ នៅក្នុងទីក្រុងនេះ។ទីក្រុងមូស្គូបានអំពាវនាវឱ្យជនបរទេស និងអ្នកការទូតចាកចេញពីទីក្រុងគី​វ "ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" និងបានព្រមានពលរដ្ឋនៅឱ្យឆ្ងាយពីអគាររដ្ឋបាល និងយោធា។អ៊ុយក្រែនបានស្ដីបន្ទោស​លើ​ការគំរាមកំហែងរបស់រុស្ស៊ី ហើយបានជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនសម្ពាធលើទីក្រុងមូស្គូ។​សេចក្តីថ្លែងការណ៍របស់​រុស្ស៊ី​បានបន្តថា ជាមួយនឹងការព្រមានរបស់ខ្លួនចំពោះជនបរទេស ទីក្រុងមូស្គូ ទទួលស្គាល់ថា ការបាញ់ផ្លោងរបស់ខ្លួនមានគោលបំណងបំភិតបំភ័យដល់អង្គភាពការទូតបរទេស។ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាន​និយាយ​ថា ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីកាលពី​យប់ថ្ងៃសៅរ៍ បានសម្លាប់មនុស្ស៤ នាក់ និងរបួសប្រហែល ១០០ នាក់នៅទីក្រុងគី​វ និងតំបន់ផ្សេងៗទៀត។ទីក្រុង​មូស្គូ និយាយថា​​​​ការបាញ់​ផ្លោង​ និងការព្រមាន​​វាយប្រហារ​បន្ថែមទៀតនេះ ​ជាការឆ្លើយតបទៅ​នឹង​អ្វីដែល​​ខ្លួន​អះអាង​​ថា​ជាការសងសឹក​ចំពោះ​ការវាយប្រហារ​​​របស់​​អ៊ុយក្រែន​​​ទៅ​លើអន្តេវាសិកដ្ឋាននិស្សិតមួយ​កន្លែង​​ក្នុង​ទីប្រជុំជន​ Starobilsk ក្នុងតំបន់ Luhansk របស់អ៊ុយក្រែន​​គ្រប់គ្រងដោយរុស្ស៊ី ​​កាលពីថ្ងៃ​សុក្រ​​​ ​​ដែល​ក្រុមមន្ត្រីមន្ត្រី​រុស្ស៊ី ​និយាយថា​​មនុស្ស​២១​នាក់​​​បានស្លាប់៕

[UPDATE]បញ្ជាការកណ្តាលអាមេរិក៖ យោធាអាមេរិកបានវាយប្រហារថ្មីលើគោលដៅទីតាំងមីស៊ីល​ និង​ទូកដាក់មីនរបស់អ៊ីរ៉ង់​នៅភាគខាងត្បូង​

2026/05/26 08:07:08 am        97
យោធាអាមេរិកនិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារថ្មីលើភាគខាងត្បូងអ៊ីរ៉ង់ ដោយកំណត់គោលដៅទីតាំងមីស៊ីលអ៊ីរ៉ង់ និងទូកដែលព្យាយាមដាក់មីន។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារត្រូវបានធ្វើឡើងក្នុងការការពារខ្លួន និង​​ដើម្បីការពារកងទ័ពរបស់ខ្លួន​ពីការគំរាមកំហែងបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់។​ ​​ អ្នកនាំពាក្យបញ្ជាការកណ្តាលបាននិយាយថា យោធាអាមេរិក បន្តការពារកងកម្លាំងរបស់ខ្លួន​ ខណៈ ប្រើប្រាស់ការអត់ធ្មត់ក្នុងអំឡុងពេលបទឈប់បាញ់ដែលកំពុងបន្ត។​ ការវាយប្រហារទាំងនេះបានកើតឡើង ខណៈអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqai បាននិយាយថា មានវឌ្ឍនភាពមួយចំនួនក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះ "មិនទាន់មកដល់ទេ"។ អ៊ីរ៉ង់មិនទាន់ឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ គេ​​មិនច្បាស់ថា តើការវាយប្រហារ​​​ថ្មីនេះ​ នឹងមានផលប៉ះពាល់អ្វីខ្លះទៅលើកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។​ កាលពី​ចុងសប្តាហ៍នេះ លោក​​ប្រធានាធិបតី Donald Trump បានលើកឡើងថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងមួយហើយ ប៉ុន្តែក្រោយមកបាននិយាយថា លោកបានណែនាំក្រុម​អ្នកចរចាកុំប្រញាប់ប្រញាល់ធ្វើ​កិច្ចព្រមព្រៀង៕

BREAKING NEWS! បញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថា យោធាអាមេរិកបានចាប់ផ្តើមការវាយប្រហារថ្មីលើគោលដៅនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់

2026/05/26 07:21:26 am        133
យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារថ្មីលើភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយកំណត់គោលដៅទីតាំងមីស៊ីលអ៊ីរ៉ង់ និងទូកដែលព្យាយាមដាក់ពង្រាយមីន។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារត្រូវបានធ្វើឡើងក្នុង "ការការពារខ្លួន" ហើយត្រូវបានធ្វើឡើង "ដើម្បីការពារកងទ័ពរបស់ខ្លួនពីការគំរាមកំហែងដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់។

របាយការណ៍៖ មេដឹកនាំកំពូលអ៊ីរ៉ង់ រស់​នៅក្នុង «លេណដ្ឋាន» សម្ងាត់ ដោយ​ទាក់ទងបាន​តាមរយៈអ្នកនាំសារប៉ុណ្ណោះ

2026/05/25 08:25:43 pm        50
 ការប្រកាសដែលត្រូវ​បាន​រំពឹងទុក អំពីកិច្ចព្រមព្រៀងដែល​អាច​កើតមាន រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ ​ ត្រូវបានពន្យារពេលដោយសារតែការលំបាកក្នុងការទាក់ទង​ជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ដែលត្រូវបានគេជឿថា កំពុងរស់នៅក្រោមការ​រឹតបន្តឹង​សន្តិសុខយ៉ាង​តឹងរ៉ឹង ក្នុងលេណដ្ឋានសម្ងាត់មួយ​។យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ CBS បាន​ឲ្យ​ដឹង​ថា​ មន្ត្រីអាមេរិកដែលស្និទ្ធនឹង​ចារកម្ម និយាយថា លោក Khamenei «លាក់ខ្លួនយ៉ាងមានប្រសិទ្ធភាព» នៅក្នុងទីតាំងដែលមិន​ត្រូវបានបង្ហាញ​ឲ្យ​ដឹង​​ ដោយ​មានការទាក់​ទង​​តិចតួចមក​កាន់ពិភពខាងក្រៅ។ ពួកគេនិយាយថា រូប​លោក​អាចត្រូវបានទាក់ទងតាមរយៈតែ​បណ្តាញអន្តរការី និងអ្នកនាំសារដ៏ស្មុគស្មាញប៉ុណ្ណោះ​ ដែលធ្វើ​ឲ្យអ៊ីរ៉ង់​​​ឆ្លើយតបយឺត​ ចំពោះសំណើរបស់សហរដ្ឋអាមេរិក ។បណ្តាញនេះក៏បានរាយការណ៍ផងដែរថា មន្ត្រីអ៊ីរ៉ង់ដែលពាក់ព័ន្ធនឹងការចរចាជាមួយរដ្ឋបាលរបស់លោក​ប្រធានាធិប​តី​ Donald Trump កំពុងជួប​ការ​លំបាក ក្នុង​ការ​មាន​ទំនាក់ទំនង នៅក្នុងប្រព័ន្ធរដ្ឋាភិបាលរបស់ពួកគេ ដែលបានធ្វើឲ្យ​យឺត​ដល់​វឌ្ឍនភាពនៃការចរចា។មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ CBS ថា លោក​ Khamenei បានយល់ព្រមលើគ្រោងដ៏​ទូលំទូលាយ​នៃសេចក្តីព្រាងកិច្ចព្រមព្រៀងបច្ចុប្បន្ន ខណៈពេលដែលប្រធានាធិបតី លោក​ Trump បានលើក​ឡើង​នៅក្នុងការបង្ហោះលើ​បណ្ដាញ​សង្គម​ Truth Social ថា លោក​រំពឹងថា នឹងមានការសម្រេចចិត្តចុងក្រោយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។គួរបញ្ជាក់​ថា លោក Mojtaba Khamenei បានរងរបួសក្នុងអំឡុងពេលវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨​ ខែកុម្ភៈ ជាពេល​ដែលឪពុករបស់លោក គឺមេដឹកនាំកំពូល លោក Ali Khamenei ត្រូវបាន​សម្លាប់។ របាយការណ៍នេះបានឲ្យ​ដឹង​ថា លោក Mojtaba Khamenei មិនត្រូវបានគេឃើញ ឬឮជាសាធារណៈ ចាប់តាំងពីមុនពេលសង្គ្រាមចាប់ផ្តើម៕

រដ្ឋមន្ត្រីស្តាំនិយមអ៊ីស្រាអែលជំរុញឲ្យ​លោក Netanyahu ចាប់​ផ្ដើម​វាយប្រហារទីក្រុង Beirut ឡើង​វិញ​ ដើម្បីទប់ទល់​ក្រុម Hezbollah

2026/05/25 08:15:43 pm        58
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich នៅ​ថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះ​ បានអំពាវនាវឲ្យ​នាយករដ្ឋមន្ត្រី លោក​ Benjamin Netanyahu ចាប់​ផ្ដើម​ការវាយប្រហារឡើង​វិញ​ លើ​ទីក្រុង Beirut របស់ប្រទេស​លីបង់​ ដើម្បីឆ្លើយតបទៅនឹងការបង្កើន​ការ​វាយប្រហារដោយយាន​ដ្រូន​មាន​គ្រឿង​ផ្ទុះ​របស់​ក្រុមហេបូឡាទៅលើកងទ័ពអ៊ីស្រាអែល និងទីប្រជុំជនភាគខាងជើងនៃ​ប្រទេស​អ៊ីស្រាអែល។ការអត្ថាធិប្បាយរបស់លោក Smotrich បានកើតឡើងបន្ទាប់ពីទាហានអ៊ីស្រាអែលម្នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារដោយយានដ្រូន​របស់ក្រុមហេសបូឡា ​កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លង​មក​។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា លោក Smotrich បានធ្វើការកត់សម្គាល់ស្រដៀងគ្នានេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ។លោកបានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យាន​ដ្រូន​មាន​គ្រឿង​ផ្ទុះដែលបង្កគ្រោះថ្នាក់ដល់យុទ្ធជនរបស់យើង មិនមែនកើត​ឡើង​ដោយ​ចៃដន្យ​នោះទេ​។ សម្រាប់យាន​ដ្រូន​បំពាក់​គ្រឿង​ផ្ទុះ​នីមួយៗ អគារចំនួន ១០ខ្នង​​ គួរតែដួលរលំនៅទីក្រុង Beirut»។តែ​យ៉ាង​ណាក្ដី ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា លោក Netanyahu បានបដិសេធការទាមទាររបស់លោក Smotrich ហើយចង់​ប្រើ​ប្រាស់​វិធានការការពារជាង​។ អ្នកនាំពាក្យរបស់លោក Netanyahu បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ចំណែក​រដ្ឋមន្ត្រីជាតិនិយមជ្រុលម្នាក់ទៀត គឺ​លោក Itamar Ben Gvir បាននិយាយថា អ៊ីស្រាអែលមិនត្រូវទទួល​ស្គាល់​យានដ្រូន​មាន​គ្រឿង​ផ្ទុះ​ថា ជា​រឿង​ធម្មតានោះទេ។ លោក Ben Gvir បាននិយាយថា «ដល់ពេលហើយ ដែល​លោក​នាយករដ្ឋមន្ត្រីត្រូវ​ទៅ​ទាម​ទារ​ពី​លោក​ (ប្រធានាធិបតី Donald) Trump ហើយប្រាប់គាត់ថា យើងកំពុងវិលត្រឡប់ទៅធ្វើ​សង្គ្រាម នៅលីបង់»៕

លោក Trump៖ កតិកាសញ្ញាណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែ «អស្ចារ្យ និងមានអត្ថន័យ» ឬ «គ្មានកិច្ចព្រមព្រៀង»

2026/05/25 08:01:36 pm        51
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅ​ថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះថា កតិកាសញ្ញាណាមួយដែលអាច​កើត​មាន​ជាមួយអ៊ីរ៉ង់ នឹងត្រូវតែ​ «អស្ចារ្យ និងមានអត្ថន័យ» ដោយព្រមានថា បើមិនដូច្នោះទេ នឹងមិនមានកិច្ច​ព្រម​ព្រៀង​តែម្ដង​។លោក Trump បានសរសេរ​នៅលើបណ្ដាញ​សង្គម​ Truth Social របស់លោកថា៖ «កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នឹងក្លាយជាកិច្ចព្រមព្រៀងដ៏អស្ចារ្យ និងមានអត្ថន័យ ឬបើមិន​ដូច្នោះទេ​ នឹងមិនមានកិច្ចព្រមព្រៀង​»។លោក Trump ក៏បានលើក​ឡើង​ផងដែរថា កិច្ចព្រមព្រៀងណាមួយដែលអាចធ្វើទៅបាន នឹង «ផ្ទុយស្រឡះ» ពីផែនការសកម្មភាពរួមគ្រប់ជ្រុង​ជ្រោយ (JCPOA) ដែលបានបង្កើត​ឡើង​​ អំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Barack Obama។ដោយរិះគន់ផែនការឆ្នាំ២០១៥ នោះ​ លោក Trump បានពិពណ៌នាអំពីកិច្ចព្រមព្រៀងនេះថា ជា «ផ្លូវផ្ទាល់ និងបើកចំហ ដើម្បី​ឲ្យ​អ៊ីរ៉ង់​ឆ្ពោះ​​ទៅផលិត​អាវុធនុយក្លេអ៊ែរ»។ លោកបានសង្កត់ធ្ងន់ថា «ទេ ខ្ញុំមិនធ្វើកិច្ចព្រមព្រៀងបែបនោះទេ!»។គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុង​សប្ដាហ៍កន្លង​មក​ លោក Trump បានប្រាប់ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះនេះ ត្រូវបាន «ចរចាដោយ​ភាគច្រើន​» ហើយកំពុងរង់ចាំការបញ្ចប់៕

រដ្ឋ​មន្ត្រី​សន្តិសុខជាតិ​ និង​ប្រធានាធិបតីអ៊ីស្រាអែល ប៉ះទង្គិចគ្នា​ ក្រោយ​មាន​ការ​ព្រមាន អំពី «អំពើឃោរឃៅ» ក្នុងសង្គម

2026/05/25 07:48:58 pm        34
ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog នៅ​ថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) បានព្រមាន អំពីការ​ឡើង​នូវ​ដំណើរការនៃ​ «អំពើឃោរឃៅ» នៅក្នុងសង្គមអ៊ីស្រាអែល ដែលជំរុញឲ្យ​មានការ​រិះ​គន់​ខ្លាំង​ៗ​ពីរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir និងបង្ហាញពីការបែកបាក់នយោបាយកាន់តែធំធេង​។អំឡុង​ពេល​ថ្លែងនៅឯ​ពិធីប្រគល់រង្វាន់ឯកភាពក្រុងហ្ស៊េរុយ​សាឡឹមឆ្នាំ២០២៦ (Jerusalem Unity Prize 2026) នៅឯនិវេសនដ្ឋាន​របស់​ប្រធានាធិបតី ក្នុងទីក្រុងហ្ស៊េរុយ​សាឡឹម លោក Herzog បាននិយាយថា សង្គមអ៊ីស្រាអែលកំពុងជួបប្រទះនឹងការកើនឡើងនូវ​អំពើហិង្សាដ៏​គ្រោះថ្នាក់​ និងការធ្វើ​ឲ្យ​បាត់​មនុស្សធម៌។លោក Herzog បាននិយាយថា៖ «ខ្ញុំប៉ង​ប្រាថ្នាថា សូម​ឲ្យ​ថ្ងៃ​នេះ ខ្ញុំអាចនិយាយតែអំពីឯកភាពប៉ុណ្ណោះ​»។ ប៉ុន្តែខ្ញុំមាន​ការ​សោកស្តាយយ៉ាងខ្លាំង ដែល​យើងកំពុងរស់នៅ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដែលអំពើហិង្សាមិនមែនជារឿងតែមួយគត់កំពុងកើតឡើងជាបញ្ហា​នោះទេ»។លោកបានព្រមានថា «ដំណើរការដ៏គួរឲ្យ​ភ័យខ្លាចនៃការ​មាន​ភាពឃោរឃៅ» កំពុងរីករាលដាលពីជ្រុង​ជាច្រើន​នៃសង្គមអ៊ីស្រាអែល ហើយប្រឈម​នឹង​ការក្លាយទៅ​រឿង​ធម្មតា។ លោកបានបន្ថែមថា «វាជាដំណើរការយឺត និងរំខាន ដែលគំរាមកំហែងជ្រៀត​ចូលទៅក្នុងចរន្តសំខាន់នៃសង្គមអ៊ីស្រាអែល ហើយយើងនឹងមិនអនុញ្ញាតឲ្យ​វាមាន​នោះទេ​»។ជាឧទាហរណ៍នៃអំពើហិង្សាដែលកំពុងកើនឡើងនេះ​ លោក Herzog បានចង្អុលបង្ហាញពីអត្រាឃាតកម្មកើនឡើង ក្នុងចំណោមពលរដ្ឋអារ៉ាប់ នៅអ៊ីស្រាអែល និងការវាយប្រហារដែលធ្វើឡើងដោយអ្វីដែលលោកបានពិពណ៌នាថា ជា «ក្រុម​មនុស្សគ្មានច្បាប់» នៅក្នុងតំបន់កាន់កាប់​ West Bank។ការកត់សម្គាល់របស់លោក Herzog បាននាំ​ឲ្យ​មានការរិះគន់ភ្លាមៗពីលោក Ben-Gvir ដែលសកម្មភាពរបស់លោកប្រឆាំងនឹងអ្នកចូលរួមនៃកងនាវាមនុស្ស​ធម៌ដែល​ធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា និង​ដែលត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារអ៊ីស្រាអែល បានទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយទូទាំងពិភពលោក​។ លោក Ben-Gvir ដែលបានចោទប្រកាន់លោក​ប្រធានាធិបតីថា បានប្រមាថពលរដ្ឋអ៊ីស្រាអែល។តាម​រយៈ​ការបង្ហោះមួយលើក្រុមហ៊ុនបណ្ដាញ​សង្គម X លោក Ben-Gvir បានសរសេរថា៖ «ប្រធានាធិបតីដែលហៅពលរដ្ឋសែន​នាក់របស់​រដ្ឋអ៊ីស្រាអែលថា ជាមនុស្ស​សាហាវ​ឃោរឃៅ​ មិនស័ក្តិសមធ្វើជាប្រធានាធិបតីទេ។ ចប់»៕

ចិនជំរុញឲ្យ​អាល្លឺម៉ង់បញ្ឈប់​ការ​ផ្ដល់​ «សញ្ញាមិន​ត្រឹម​ត្រូវ​» ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់

2026/05/25 07:13:28 pm        48
នៅថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ​២០២៦)​ នេះ​ ប្រទេស​ចិនបានប្រាប់​អាល្លឺម៉ង់កុំ​ឲ្យ​ «ផ្ដល់​សញ្ញាមិន​ត្រឹម​ត្រូវ​» ទៅកាន់ «កម្លាំងបំបែកខ្លួន» នៅកោះ​តៃវ៉ាន់​ ដោយ​អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានបញ្ជាក់​ទៅ​កាន់​អ្នកសារ​ព័ត៌មាននៅទីក្រុងប៉េកាំងថា «មានប្រទេសចិនតែមួយគត់ នៅក្នុងពិភពលោក ហើយកោះ​តៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន»។លោក Mao បានឆ្លើយតបទៅនឹងសំណួរ អំពីរបាយ​ការណ៍ ដែលថា គណៈប្រតិភូជាច្រើន​គណបក្សមកពីអាល្លឺម៉ង់ កំពុងធ្វើទស្សនកិច្ច នៅ​ទីក្រុងតៃប៉ិ ដែលចិនអះអាងថា ជា «ខេត្តបំបែកខ្លួន» ដោយតំណាងម្នាក់បានពិពណ៌នាអំពីកោះ​តៃវ៉ាន់ថា ជា «ដៃគូដ៏​សំខាន់ សម្រាប់អាល្លឺម៉ង់»។ទីក្រុងតៃប៉ិ បានទទូចថា ខ្លួន​មាន​ឯករាជ្យតាំងពីឆ្នាំ១៩៤៩​។ លោកស្រី​ Mao បានបន្ត​ទៀត​ថា «ប្រទេស​ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះអន្តរកម្មផ្លូវការទម្រង់ណាមួយ រវាងតំបន់តៃវ៉ាន់របស់ចិន និងប្រទេសដែលមានទំនាក់ទំនងការទូតជាមួយចិន»។លោកស្រី​បាន​បន្ថែម​ថា៖ «គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានដែលត្រូវបានទទួលស្គាល់យ៉ាងល្អ នៅក្នុងទំនាក់ទំនងអន្តរជាតិ និងជាការឯកភាពគ្នាជាសកល។ វាក៏ជាមូលដ្ឋានគ្រឹះនយោបាយ សម្រាប់ទំនាក់ទំនងចិន-អាល្លឺម៉ង់ផងដែរ។ យើងសូមអំពាវនាវដល់បុគ្គល​មួយចំនួនមកពីប្រទេសអាល្លឺម៉ង់ឲ្យ​គោរពតាមគោលការណ៍ចិនតែមួយ ហើយឈប់ផ្ញើសារខុសទៅកាន់កងកម្លាំងបំបែកខ្លួនទាម​ទារឯករាជ្យរបស់កោះ​តៃវ៉ាន់»។គណៈប្រតិភូអាល្លឺម៉ង់នឹងជួបជាមួយមេដឹកនាំកោះ​តៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃអង្គារ ហើយត្រូវបានគេរំពឹងថា នឹងស្នាក់នៅលើកោះនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា៕

ប្រធានាធិបតី បញ្ជាក់ថា អ៊ីរ៉ង់នឹងមិនទទួលយកការទាមទារហួសហេតុ នៅក្នុងកិច្ចចរចាជាមួយ​អាមេរិក​

2026/05/25 06:57:56 pm        66
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយនៅ​ថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦)​ នេះ​ថា ទីក្រុងតេអេរ៉ង់នឹងមិនទទួលយកនោះទេ​ សម្រាប់​ «ការទាមទារហួសហេតុ» ដោយសហរដ្ឋអាមេរិក នៅក្នុងកិច្ចចរចាដែលសម្របសម្រួលដោយប៉ាគីស្ថាន។ក្នុងអំឡុងពេលជួបជាមួយសមាជិកនៃសភាពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែ និងកសិកម្មរបស់អ៊ីរ៉ង់ លោក Pezeshkian បាននិយាយ​ថា៖ «ការចរចាត្រូវបានគ្រោងទុកតាមរបៀបដែលសិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់ ត្រូវបានធានាយ៉ាងពេញលេញ»។លោកបានអះអាងថា៖ «ទោះបីជាសត្រូវបានបង្វែរ​ការផ្តោតអារម្មណ៍របស់ខ្លួន ទៅលើសង្គ្រាមសេដ្ឋកិច្ចបន្ទាប់ពី​បរាជ័យផ្នែកយោធាក៏ដោយ ក៏​រដ្ឋាភិបាល និងវិស័យឯកជន ដោយធ្វើការរួមគ្នាដោយសាមគ្គីភាព ការយល់ចិត្ត និងកិច្ចសហប្រតិបត្តិការ នឹងឆ្លងកាត់ដំណាក់កាលនេះដោយជោគជ័យផងដែរ»។ ភាពតានតឹងក្នុងតំបន់បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់កាលពីខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដែលកំណត់គោលដៅលើអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តអាមេរិក នៅឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រ Hormuz។បទឈប់បាញ់មួយបានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ហើយក្រោយមកត្រូវបានពង្រីកដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយគ្មានកំណត់។ កាលពីថ្ងៃសៅរ៍ចុង​សប្ដាហ៍កន្លង​មក​ លោក Trump បាននិយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះនេះ ត្រូវបាន «ចរចាដោយ​ភាគច្រើន​» ហើយកំពុងរង់ចាំការបញ្ចប់៕

ការវាយប្រហារលើមណ្ឌលព្យាបាលជំងឺ Ebola នៅភាគខាងកើតកុងហ្គោ នាំ​ឲ្យ​អ្នកជំងឺ ១៣នាក់បាត់ខ្លួន

2026/05/25 06:55:28 pm        50
យោងតាមការផ្សាយរបស់វិទ្យុ Okapi បានឲ្យដឹងថា អ្នកស្រុកក្នុងទីក្រុងនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលស្ថិត​នៅ​ចំ​កណ្តាលនៃការផ្ទុះឡើងនូវ​ជំងឺអេបូឡា បានដុតតង់ព្យាបាល កាល​ពី​ថ្ងៃសុក្រចុងសប្ដាហឬកន្លង​មក​ ដោយនាំ​ឲ្យ​អ្នកត្រូវ​បានសង្ស័យ​មាន​ជំងឺ Ebola ចំនួន ១៣នាក់បាត់ខ្លួន។យោងតាមការ​ផ្សាយ​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា អំឡុង​ការវាយប្រហារបែបនេះជាលើក​ទី២ ក្នុងរយៈពេល​មួយសប្តាហ៍ ក្រុមយុវជនដែលពេញ​ដោយ​កំហឹង បានសម្រុក​ទៅ​កាន់​តង់ព្យាបាល​ជំងឺ​ដែលសាងសង់ឡើងដោយមានការគាំទ្រពីអង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) នៅមន្ទីរពេទ្យបង្អែកទូទៅ Mongwalu។លោក Richard Lokudi ប្រធានពេទ្យ​នៃ​មន្ទីរពេទ្យ Mongwalu បានប្រាប់វិទ្យុ Okapi ថា មណ្ឌលនេះផ្ទុកមនុស្ស ២៨នាក់ដែលសង្ស័យឆ្លង​ជំងឺ Ebola ហើយយ៉ាងហោចណាស់ ១៣នាក់បានរត់គេចខ្លួន និង​នៅតែរក​មិនទាន់​​ឃើញ​។លោកបានបន្ថែមថា នគរបាល​បានបើកការស៊ើបអង្កេតកាល​ពី​ព្រឹកថ្ងៃសៅរ៍ ដើម្បីកំណត់អត្តសញ្ញាណជនល្មើស និងកំណត់ទីតាំងអ្នកជំងឺដែលបាត់ខ្លួន ដែលត្រូវបានគេជឿថា កំពុងលាក់ខ្លួនក្នុងចំណោមប្រជាជន​។គួរបញ្ជាក់ថា ហេតុការណ៍នេះគឺជាការវាយប្រហារលើកទី២ លើហេដ្ឋារចនាសម្ព័ន្ធព្យាបាលជំងឺ Ebola នៅក្នុងតំបន់ ក្នុងរយៈពេល ១សប្តាហ៍ ដែលបង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើង រវាងបុគ្គលិកសុខាភិបាល និងសហគមន៍ក្នុងតំបន់ ក្នុងអំឡុងពេលមានការផ្ទុះឡើងនូវ​ជំងឺនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM