ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង

ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីទ្រព្យ​សែនកោដិ​ថ្មីថ្មោង លោក Musk រងការរិះគន់យ៉ាងខ្លាំង ជុំវិញកុបកម្ម នៅទីក្រុង Belfast

2026/06/13 03:35:53 pm        85
លោក Elon Musk ដែលទើប​ឡើង​គ្រង​តំណែង​ជាមហាសេដ្ឋីមាន​ទ្រព្យ​សម្បត្តិ​សែន​កោដិ​ដំបូងគេរបស់ពិភពលោក បានប្រឈម​នឹងការរិះគន់ថ្មី កាល​ពីថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) ពាក់​ព័ន្ធ​នឹង​កុបកម្មប្រឆាំងជនអន្តោប្រវេសន៍ នៅទីក្រុង Belfast របស់អៀរឡង់ខាងជើង​ បន្ទាប់ពីអ្នកស្រាវជ្រាវ បាននិយាយថា រឿងរ៉ាវហិង្សាដែលលោក​បានពង្រីកឲ្យ​កាន់តែ​ធំ​នៅលើវេទិកាបណ្ដាញសង្គម​ X របស់លោក បាននាំ​ឲ្យមាន​អ្នកចូលមើលរាប់លានដង។ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងរដ្ឋធានីរបស់​អៀរឡង់ខាងជើង បន្ទាប់ពីមាន​ការវាយប្រហារដោយកាំបិតដ៏ឃោរឃៅ កាល​ពី​ថ្ងៃទី៨ ខែមិថុនា ដោយនគរបាល​បានចោទប្រកាន់ជនជាតិស៊ូដង់ម្នាក់ឈ្មោះ Hadi Alodid ពីបទប៉ុនប៉ងធ្វើ​ឃាត។លោក Musk បានបង្កើន​ការអំពាវនាវឲ្យ​មានការតវ៉ានៅទូទាំងប្រទេសអង់គ្លេស ពីសកម្មជនប្រឆាំងអន្តោប្រវេសន៍ លោក​ Tommy Robinson និងបានសរសេរទៅកាន់អ្នកតាមដានចំនួន ២៤០​លាននាក់របស់លោក​នៅលើបណ្ដាញ​សង្គម X ថា «មានតែការតវ៉ាម្តងហើយម្តងទៀត និងខ្លាំងក្លា​ប៉ុណ្ណោះ ទើបមានការផ្លាស់ប្តូរណាមួយ»។ លោកក៏បានជំរុញផង​ដែរនូវ​ការបង្ហោះ និងសារប្រឆាំងនឹងអន្តោប្រវេសន៍ពីលោក Rupert Lowe មេដឹកនាំគណបក្សស្តាំនិយម Restore Britain ដោយបាន​ធ្វើ​ឲ្យ​ការ​បង្ហោះនោះ​ទៅ​ដល់អ្នកប្រើប្រាស់រាប់លាននាក់នៅលើវេទិកាបណ្ដាញសង្គម​។ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលឃ្លាំមើលបច្ចេកវិទ្យាមិនរកប្រាក់ចំណេញ Center for Countering Digital Hate (CCDH) បានរាយការណ៍ថា ការបង្ហោះរបស់អ្នកទាំង៣ អំពីទីក្រុង Belfast ទទួលបានការចូលមើលជាង ១១៥​លានដង នៅទូទាំងគណនីរបស់ពួកគេ ដោយលោក Musk មាន ៥៥ភាគរយនៃចំនួនសរុប។ CCDH បានឲ្យ​ដឹង​នៅក្នុងរបាយការណ៍មួយថា «ការពង្រីកសាររបស់លោក Musk គឺជាឧបករណ៍ដ៏សំខាន់» ដោយរួមចំណែកដល់ការចូលមើលចំនួន ៦៤លានដង។លោក Imran Ahmed ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ CCDH បានលើក​ឡើង​ថា៖ «ក្នុងនាមជាម្ចាស់បណ្ដាញ​សង្គម X និងជាអ្នកប្រើប្រាស់ដែលមានអ្នកតាមដានច្រើនជាងគេបំផុត​ លោក Musk មានអំណាចដែលមិនអាចប្រៀបផ្ទឹមបាន ក្នុងការបង្កើតអ្វីដែលមនុស្សមើល​ឃើញតាមប្រព័ន្ធ​អ៊ីនធឺណិត។ ជាមួយ​នឹង​អំណាចនោះ លោក​ត្រូវ​ទទួលខុសត្រូវ ចំពោះខ្លឹមសារ និងធ្វើការផ្សព្វផ្សាយលើ​វេទិការបស់លោក​»។លោក Ahmed បានបន្ថែមថា៖ «ខណៈពេលដែលសហគមន៍នានា បានដោះស្រាយជាមួយនឹងផលវិបាកនៃភាពឃោរឃៅ និងភាពចលាចល គ្មានបុគ្គលណាម្នាក់ដើរតួនាទីធំជាង ក្នុងការផ្សព្វផ្សាយខ្លឹមសារនេះនៅលើបណ្ដាញ​សង្គម​ X ជាងលោក Musk ផ្ទាល់នោះទេ»៕

កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់លេចស្រមោល​ស្ទុងៗ ខណៈវិធានការ​យោធាថ្មីកើត​ឡើងនៅជិតច្រកសមុទ្រ Hormuz

2026/06/13 03:31:57 pm        114
កាល​ពី​ថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្ហាញសញ្ញាថា កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម ជិតលេច​ចេញ​ជា​រូប​រាង​ហើយ ដោយមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកមួយ​រូប​ បាននិយាយថា ភាគីទាំង២ បានយល់​ស្រប​គ្នាលើពាក្យ​ពេចន៍ ក្នុងឯកសារ​​ ហើយថា ទីក្រុងវ៉ាស៊ីនតោនរំពឹងថា នឹងមាន​ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងដំបូង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ចំណែក​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា ខណៈពេលដែលការផ្លាស់ប្តូរ នៅក្នុងកិច្ចព្រមព្រៀង នៅតែអាចធ្វើទៅបាន កិច្ចព្រមព្រៀងបណ្តោះអាសន្ន បានបង្ហាញថា ប្រទេសរបស់លោក បានលេច​ឡើង​កាន់​តែ​​រឹងមាំពី​ក្នុង​ជម្លោះនេះ​។ លោកបាននិយាយតាម​កញ្ចក់ទូរទស្សន៍រដ្ឋថា «អ៊ីរ៉ង់គឺជាអ្នកឈ្នះសង្គ្រាមជាមួយសហរដ្ឋអាមេរិក»។តែ​យ៉ាង​ណាក្ដី ប្រភពមួយដែលដឹង​ពី​បញ្ហានេះ បានប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា ប៉ុន្មានម៉ោងបន្ទាប់ពីមាន​ការកត់សម្គាល់ទាំងនោះ កងកម្លាំងអាមេរិកបានបាញ់ទម្លាក់យាន​ដ្រូន​វាយប្រហារអត្តឃាត​របស់អ៊ីរ៉ង់ជាច្រើនគ្រឿង ដែលហោះ​តម្រង់​ទៅកាន់ច្រកសមុទ្រ Hormuz។ ប្រភពដែលបាន​សុំ​និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់​ថា យាន​ដ្រូន​ទាំងនោះបានបង្កការគំរាមកំហែងដល់ចរាចរណ៍ពាណិជ្ជកម្ម។ចំណែក​ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ជាច្រើន​ បានរាយការណ៍ថា សំឡេងផ្ទុះត្រូវបានគេឮតាមបណ្តោយច្រកសមុទ្រ នៅក្នុងកំពង់ផែ Sirik និងកោះ Qeshm របស់អ៊ីរ៉ង់ ដែលអ្នកស្រុក និងមន្ត្រីមូលដ្ឋាន បានសន្មតថា ជាការបាញ់ប្រហារដោយកងកម្លាំងអ៊ីរ៉ង់ ដើម្បីព្រមាននាវាដែលព្យាយាមឆ្លងកាត់ផ្លូវទឹកដោយគ្មានការអនុញ្ញាតពីកងទ័ពជើងទឹករបស់កងឆ្មាំបដិវត្តន៍។គួរបញ្ជាក់​ថា ប្រភពពី​គ្រប់ភាគី ក្នុង​ដំណើរការ​ចរចានេះ​ បានឲ្យដឹង​ថា អនុស្សរណៈយោគយល់គ្នាដែលត្រូវបានស្នើឡើង អំពាវនាវឲ្យ​បើកច្រកសមុទ្រឡើងវិញ និងលុប​ការបិទខ្ទប់​ផ្លូវទឹកដោយ​កងទ័ពជើងទឹកអាមេរិក លើកំពង់ផែអ៊ីរ៉ង់។ ហើយ​ការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ពោល​គឺ​ជា​ហេតុផលដែលត្រូវ​បានបញ្ជាក់ដោយ​ប្រធានាធិបតីអាមេរិក លោក​ Donald Trump ក្នុង​ការចាប់ផ្តើមសង្គ្រាម នឹងធ្វើឡើងបន្ទាប់ពីនោះ៕

លោក Trump៖ ការវាយប្រហារដោយ​អាមេរិក បានសម្លាប់មេក្រុមអន្ធពាល​ Tren de Aragua របស់វ៉េណេស៊ុយអេឡា

2026/06/13 03:18:12 pm        82
លោក​ប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារមួយ ដែលបានសម្លាប់លោក Hector Rusthenford Guerrero Flores ឬ Nino Guerrero មេនៃ​ក្រុមអន្ធពាល​ពន្ធនាគារ​ Tren de Aragua របស់ប្រទេសវ៉េណេស៊ុយអេឡា។នៅក្នុងការបង្ហោះមួយលើបណ្ដាញ​សង្គម Truth Social កាលពីល្ងាចថ្ងៃសុក្រ លោក Trump បានឲ្យ​ដឹង​ថា៖ «ដោយ​មាន​ការ​ចង្អុល​បង្ហាញ​របស់ខ្ញុំ បញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារយ៉ាងរហ័ស និងសាហាវ ដែល​បាន​ផ្ដាច់​ជីវិតលោក Nino Guerrero ​មេរបស់ក្រុម Tren De Aragua ដែលជាអង្គការភេរវករស្រេក​ឈាមបំផុតមួយ នៅលើភពផែនដី»។លោក​បាន​បន្ថែម​ថា៖ «ប្រតិបត្តិការ​នេះត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមិត្តភក្តិរបស់យើង នៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលយើងកំពុងធ្វើការជាមួយគ្នាយ៉ាងល្អប្រសើរ»។ចំណែក​លោក Pete Hegseth ប្រមុខ​មន្ទីរបញ្ចកោណ បានបង្ហោះនៅលើបណ្ដាញ​សង្គម​ X ថា ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅដើមសប្តាហ៍នេះ ហើយលោក Guerrero «ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់ ក្នុងអំឡុងពេលវាយប្រហារ»។ រីឯក្រសួងព័ត៌មានរបស់វ៉េណេស៊ុយអេឡា បានឲ្យដឹង​ថា ក្នុងអំឡុងពេលប្រតិបត្តិការនេះ មានការប៉ះទង្គិចគ្នាជាមួយសមាជិកនៃក្រុមឧក្រិដ្ឋជន ដែលមេដឹកនាំ គឺលោក Guerrero ត្រូវបានកម្ចាត់​។គួរ​បញ្ជាក់ថា រដ្ឋបាលរបស់​លោក Trump បានដាក់ទណ្ឌកម្មម្តងហើយម្តងទៀតលើលោក Guerrero និងមេដទៃទៀតនៃក្រុម​ Tren de Aragua ជុំវិញការជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មនានា ដូចជាការរត់ពន្ធគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងការសម្អាត​ប្រាក់​កខ្វក់។ ក្រសួងការបរទេសបានកំណត់ក្រុម​ Tren de Aragua ថា ជាអង្គការភេរវកម្មបរទេស៕

ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង

2026/06/13 01:15:02 pm        94
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិម​កូរ៉េ (KCNA) ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍​នៅថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) នេះថា ក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការអនុម័តលក់មីស៊ីលកម្រិតខ្ពស់បាញ់ពី​​អាកាសទៅអាកាស ឬមីស៊ីលបាញ់​​យន្តហោះ ​ និងឧបករណ៍ពាក់ព័ន្ធទៅឲ្យ​កូរ៉េខាងត្បូង ដោយព្រមានថា ការ​ធ្វើ​បែប​នេះនឹងនាំ​ឲ្យ​ភាពតានតឹង នៅឧបទ្វីបកូរ៉េ​កាន់តែអាក្រក់ទៅៗ ។ក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយ​ដោយ KCNA អគ្គនាយកគោលនយោបាយការបរទេសរបស់ក្រសួង បានបញ្ជាក់​ថា កិច្ចសហប្រតិបត្តិការយោធា រវាងទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល កំពុងត្រូវបាន «ពង្រឹងជាប្រព័ន្ធ» ទោះបីជាមាន​នូវ​អ្វីដែលខ្លួនចាត់​ទុក​ថា ជាការព្រួយបារម្ភរបស់អន្តរជាតិ អំពីភាពតានតឹងកើនឡើងទាំង​នៅក្នុង និងជុំវិញឧបទ្វីបនេះ​ក៏ដោយ។មន្ត្រីរូបនេះបានលើកឡើងពីការអនុម័តរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចំពោះការលក់មីស៊ីល​បាញ់ពី​​អាកាសទៅអាកាសកម្រិត​ខ្ពស់​ និងឧបករណ៍ពាក់ព័ន្ធទៅឲ្យ​កូរ៉េខាងត្បូងក្នុងតម្លៃជិត ៣០០លានដុល្លារសម្រាប់យោធាបរទេស ជាឧទាហរណ៍ចុងក្រោយបំផុត។មន្ត្រីរូបនេះបានសង្កត់ធ្ងន់​ថា «ការនាំចេញអាវុធរបស់សហរដ្ឋអាមេរិក គឺជាការនាំចេញសង្គ្រាម» ដោយបន្ថែមថា កូរ៉េខាងជើងនឹងបន្តពង្រឹងការរារាំងការពារខ្លួន ដើម្បីរក្សាតុល្យភាពអំណាច ក្នុងតំបន់។គួរបញ្ជាក់​ថា កូរ៉េខាងជើងតែងតែរិះគន់កិច្ចសហប្រតិបត្តិការយោធា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយចាត់ទុក​​ថា ជាការរៀបចំត្រៀម​សម្រាប់សង្គ្រាម៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ

2026/06/13 01:11:43 pm        87
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់នឹងគ្មានអាវុធនុយក្លេអ៊ែរឡើយ ដរាបណាលោកនៅតែជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ លោក Netanyahu ក៏បានសង្កត់ធ្ងន់ផងដែរថា លោក និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានឯកភាពគ្នាយ៉ាងពេញលេញលើបញ្ហានេះ។ សេចក្តីថ្លែងការណ៍របស់លោក Netanyahu ធ្វើឡើងនៅពេលដែលទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្ហាញសញ្ញាថា កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមរបស់ភាគីទាំងពីរ ជិតឈានដល់ហើយ។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីយប់ថ្ងៃសុក្រថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីបញ្ចប់សង្គ្រាមនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក្នុងការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា អ៊ីស្រាអែល ត្រូវតែធានាបានថា នៅពេលអនាគត ខ្លួនអាចមានចំណាត់ការដោយឯករាជ្យដើម្បីទប់ស្កាត់អ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែសារព័ត៌មាន The Times of Israel បានបកស្រាយការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថា ជាសញ្ញាមួយដែលបង្ហាញថា អ៊ីស្រាអែលកំពុងរក្សាជម្រើសយោធានៅលើតុដើម្បីទប់ស្កាត់អ៊ីរ៉ង់មិនឲ្យមានអាវុធនុយក្លេអ៊ែរ។ លោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកបានលុបចោលផែនការវាយប្រហារ និងការទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ដោយសារតែកិច្ចព្រមព្រៀងដែលនឹងឈានដល់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បាននិយាយថា ខណៈអ៊ីស្រាអែល ពុំមែនជាភាគីនៃអនុស្សរណៈនៃការយោគយល់ លោកពេញចិត្តចំពោះការប្តេជ្ញាចិត្តរបស់លោក Trump ក្នុងការធានាបានថាកិច្ចព្រមព្រៀងចុងក្រោយណាមួយ រួមមានការកំណត់លើកម្មវិធីនុយក្លេអ៊ែរ និងសមត្ថភាពមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់។

សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី

2026/06/13 01:08:52 pm        70
សហភាពអឺរ៉ុប បានប្រកាសថា ដំណើរការចូលជាសមាជិកសម្រាប់ប្រទេសអ៊ុយក្រែន និងម៉ុលដាវី នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃសុក្រ ឯកអគ្គរដ្ឋទូតមកពីប្រទេសចំនួន ២៧ របស់សហភាពអឺរ៉ុប បានព្រមព្រៀងចាប់ផ្តើមការចរចាជាផ្លូវការជាមួយប្រទេសទាំងពីរនៅក្នុងប្រទេសលុចសំបួរ នៅថ្ងៃចន្ទ។មេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងបើកការចរចាដំណើរចូលជាសមាជិកជាមួយប្រទេសអ៊ុយក្រែន និងម៉ុលដាវី កាលពីខែធ្នូ ឆ្នាំ ២០២៣។ ទោះជាយ៉ាងណា ការចរចានោះត្រូវបានផ្អាកដោយសារតែការជំទាស់ពីប្រទេសហុងគ្រីចំពោះបំណងចូលជាសមាជិករបស់ទីក្រុងគីវដោយនាយករដ្ឋមន្ត្រីគាំទ្ររុស្ស៊ី លោក Viktor Orban ។ទាំងទីក្រុងគីវ និងទីក្រុង Chisinau ចាត់ទុកសមាជិកភាពសហភាពអឺរ៉ុបថាជាសន្តិសុខបន្ថែមទៀតប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅក្នុងសារលើបណ្តាញផ្សព្វផ្សាយសង្គមរួមគ្នាថា រដ្ឋជាសមាជិកទាំងអស់ បានព្រមព្រៀងបើកក្រុមចរចាចូលជាសមាជិកដំបូងជាមួយអ៊ុយក្រែន និងម៉ុលដាវី។រដ្ឋាភិបាលថ្មីរបស់ប្រទេសហុងគ្រី ដែលឡើងកាន់តំណែងកាលពីខែឧសភា បានយល់ព្រមកាលពីសប្តាហ៍មុនក្នុងការលុបចោលសិទ្ធិវ៉េតូរបស់លោក Orban ដែលអនុញ្ញាតឱ្យដំណើរការចូលជាសមាជិកបន្តឡើងវិញ។ លោក Costa និងលោកស្រី von der Leyen បាននិយាយថា នេះគឺជាការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្ត ភាពក្លាហាន និងការខិតខំប្រឹងប្រែងដែលបង្ហាញដោយប្រទេសទាំងពីរក្នុងការជំរុញកំណែទម្រង់ ទោះបីជាប្រឈមទៅនឹងបញ្ហាធំៗក៏ដោយ។

BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន

2026/06/13 12:52:39 pm        90
ប្រព័ន្ធផ្សព្វផ្សាយ BBC និយាយថា រុស្ស៊ីបានបាត់បង់ទាហានជាង ២២០.០០០នាក់ ចាប់តាំងពីការវាយលុកនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ BBC និយាយថា មនុស្សជាច្រើនត្រូវបានសម្លាប់ដោយយានដ្រូន ហើយចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះ។ ស្ថាប័នផ្សព្វផ្សាយសាធារណៈរបស់អង់គ្លេសមួយនេះ បានសិក្សារួមអំពីការបាត់បង់របស់រុស្ស៊ីជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់រុស្ស៊ី Mediazona និងក្រុមអ្នកស្ម័គ្រចិត្ត។ពួកគេបានប្រើប្រាស់ទិន្នន័យប្រភពបើកចំហ រួមទាំងការចេញផ្សាយជាផ្លូវការនៃការស្លាប់យោធា និងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមដោយសាច់ញាតិរបស់អ្នកស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយនិយាយថា ឈ្មោះរបស់ជនជាតិរុស្ស៊ីចំនួន ២២៦,០៥៥នាក់ដែលត្រូវបានសម្លាប់នៅក្នុងសមរភូមិត្រូវបានកំណត់អត្តសញ្ញាណ ហើយផ្នែកសំខាន់មួយនៃការស្លាប់នៅសមរភូមិគឺបណ្តាលមកពីការវាយប្រហារដោយយានដ្រូន។ របាយការណ៍នេះនិយាយថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ដល់ ៣៤០.០០០នាក់ ទៅ ៥០០.០០០នាក់។BBC ក៏និយាយផងដែរថា ការសិក្សាដាច់ដោយឡែកកាលពីក្នុងខែឧសភា បានបង្ហាញថា ទាហានកូរ៉េខាងជើងចំនួន២.៣០៤នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធរួមគ្នាជាមួយរុស្ស៊ីក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ការសិក្សា រួមមានរូបភាពផ្កាយរណប និងរូបថតផ្លូវការនៃវិមានរំលឹកថ្មីមួយកន្លែងដែលត្រូវបានសាងសង់នៅក្នុងប្រទេសកូរ៉េខាងជើង បង្ហាញឈ្មោះទាហានដែលបានស្លាប់។

អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក

2026/06/13 10:57:57 am        127
យោងតាមប្រភពព័ត៌មានចំនួនបួន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសអារ៉ាប់រួម បានព្រមព្រៀងបញ្ចេញប្រាក់រាប់ពាន់លានដុល្លារសម្រាប់អ៊ីរ៉ង់ ដោយបន្តការផ្លាស់ប្តូរតាកទិកបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ជាច្រើនសប្តាហ៍លើរដ្ឋអារ៉ាប់ឈូងសមុទ្រក្នុងពេលមានសង្គ្រាមនៅបន្តជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។របាយការណ៍ស្តីពីចំណាត់ការនេះស្របគ្នាទៅនឹងដំណាក់កាលចុងក្រោយនៃការចរចាដ៏ទូលំទូលាយរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាម។ អ្នកការទូតនិយាយថា ការចរចាទាំងនោះពាក់ព័ន្ធនឹងការបញ្ចេញប្រាក់ចំណូលប្រេងរបស់អ៊ីរ៉ង់រាប់សិបពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅក្នុងធនាគារបរទេសក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ប្រភពព័ត៌មានក្នុងតំបន់ចំនួនពីរ បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសអារ៉ាប់រួមបានព្រមព្រៀងបញ្ចេញប្រាក់សរុបចំនួន ១០ ពាន់លានដុល្លារ ដែលក្នុងនោះជាង ៣ ពាន់លានដុល្លារត្រូវបានផ្តល់ឲ្យរួចហើយ។ សារព័ត៌មានរ៉យទ័រ បានរាយការណ៍ផងដែរថា ប្រភពពីរផ្សេងទៀតដែលដឹងអំពីការរៀបចំនេះបានដាក់ប្រាក់មូលនិធិសរុបដែលពាក់ព័ន្ធចំនួន ២០ ពាន់លានដុល្លារ ហើយចំណាត់ការនេះ ត្រូវបានព្រមព្រៀងគ្នាជាថ្នូរនឹងការបញ្ឈប់ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសអារ៉ាប់រួម។ ក្រសួងបាននិយាយថា ប្រទេសអារ៉ាប់រួម បានច្រានចោលយ៉ាងដាច់ខាតចំពោះរបាយការណ៍ដែលផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនទាក់ទងនឹងការផ្ទេរ ឬការបម្លែងមូលនិធិណាមួយពីអារ៉ាប់រួមទៅកាន់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ រួមទាំងការអះអាងអំពីប្រាក់៣ពាន់លានដុល្លារ ដោយនិយាយបន្ថែមថា ពុំមានមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ត្រូវបានបញ្ចេញ ផ្ទេរ ឬដំណើរការតាមរយៈ ប្រទេសអារ៉ាប់រួមទេ។

បទឈប់បាញ់នៅលីបង់ ជាការសាកល្បងវាយតម្លៃសម្រាប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

2026/06/13 10:54:15 am        84
រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បានពន្យល់ពីមូលហេតុដែលកិច្ចព្រមព្រៀងនៅមិនទាន់ត្រូវបានចុះហត្ថលេខា ដោយនិយាយថា មានការមិនចុះសម្រុងគ្នា ឬកម្រិតនៃការមិនចុះសម្រុងគ្នារវាងក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ និងមេដឹកនាំដទៃទៀត។លោក Abbas Araghchi និយាយថា កិច្ចពិភាក្សាកំពុងត្រូវបានធ្វើឡើង ខណៈមិនទាន់មានទស្សនៈស្របគ្នានៅឡើយ ប៉ុន្តែនោះពុំមែនជារឿងធំដុំនោះទេ។ នៅចុងក្រោយ វានឹងត្រូវបានព្រមព្រៀង ហើយពុំមានថ្ងៃផុតកំណត់សម្រាប់រឿងនេះឡើយ ខណៈអាចយល់បានថា វានឹងមកដល់ក្នុងពេលឆាប់ៗនេះ។ នៅពេលដែលវាត្រូវបានអនុម័ត នៅពេលចាប់ផ្តើម នឹងមានការចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកពីចម្ងាយ ហើយក្រោយមកទំនងជាមានកិច្ចប្រជុំរវាងភាគីទាំងពីរនៅកន្លែងណាមួយ ដើម្បីចុះហត្ថលេខា នៅលើឯកសារ។ ក្នុងចំណោមដំណាក់កាលទាំងពីរ ដំណាក់កាលទីមួយ គឺជាគន្លឹះនៃដំណើរការ ព្រោះនឹងមានបទឈប់បាញ់នៅគ្រប់កន្លែង រួមទាំងនៅប្រទេសលីបង់។ នឹងមានការដកចេញការបិទច្រកសមុទ្រ Hormuz ហើយក៏នឹងមានយន្តការមួយដើម្បីដោះស្រាយជាមួយនឹងការបញ្ចេញទ្រព្យសកម្មរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក។ដំណាក់កាលទីពីរនឹងរួមបញ្ចូលឯកសារនុយក្លេអ៊ែរ និងចំណុចមួយចំនួនទៀត ដូចជា ការដកចេញទណ្ឌកម្មលើអ៊ីរ៉ង់។ ដូច្នេះ ពេលនេះមានសុទិដ្ឋិនិយមក្នុងកម្រិតមួយខុសពីពេលមុន។ភាគីទាំងពីរកាន់តែខិតជិតជាងពេលណាៗទាំងអស់ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដែលសង្ឃឹមថានឹងនាំទៅដល់ការបញ្ចប់សង្គ្រាម។ ជាការពិតណាស់ ចំណុចជាប់គាំង ក្នុងករណីណាក៏ដោយ មិនថានៅដំណាក់កាលទីមួយ ឬដំណាក់កាលទីពីរនោះទេ វានឹងជាបញ្ហានៅប្រទេសលីបង់ ព្រោះនៅដំណាក់កាលទីមួយ គួរតែមានបទឈប់បាញ់នៅទីនោះ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់អះអាងថា ទ្រព្យសកម្ម ២៤ ពាន់លានដុល្លារដែលត្រូវបានបង្កក នឹងត្រូវបានបញ្ចេញ

2026/06/13 10:21:39 am        78
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់អះអាងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្រមព្រៀងបញ្ចេញមូលនិធិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក ទោះបីជាលោកនៅស្ងៀមជាសាធារណៈលើបញ្ហានេះក៏ដោយ។យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars គ្រប់គ្រងដោយរដ្ឋ បាននិយាយថា លោក Mohsen Rezaei សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់អ៊ីរ៉ង់ បាននិយាយថា លោក Trump បានព្រមព្រៀងបញ្ចេញទ្រព្យសកម្មចំនួន ២៤ ពាន់លានដុល្លាររបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក ប៉ុន្តែលោកមិនបានប្រកាសច្បាស់អំពីរឿងនេះទេ ។លោកប្រធានាធិបតី Trump នៅពេលដំបូងបានប្រកាសថា របាយការណ៍បែបនេះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ជា «ព័ត៌មានក្លែងក្លាយ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM