ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង

ព័ត៌មានអន្តរជាតិ

លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស

2026/06/13 05:11:47 pm        100
នៅថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦)​ នេះ​ លីបង់ បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេស ពោល​គឺ​មិនយូរប៉ុន្មានបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានចេញការព្រមានឲ្យ​ជម្លៀសចេញ សម្រាប់ទីតាំងចំនួន ២០​ ក្នុង​នោះ​រួមមាន​ទាំងទីក្រុង Nabatieh ផង​ដែរ មុនពេល​ការវាយឆ្មក់កើត​ឡើង​។ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋ បានឲ្យ​ដឹង​ថា ប្រតិបត្តិការ​តាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារតំបន់ជាច្រើនដែលមាន​នៅ​ក្នុង​ការព្រមាននេះ​ ក្នុង​នោះ​រួមមាន​ទាំងភូមិ Rihan និង Sujud ដែលមានទីតាំងនៅមិនឆ្ងាយពីទីក្រុង​ Nabatieh។ការព្រមានរបស់កងទ័ពអ៊ីស្រាអែល បានជំរុញឲ្យ​ប្រជាជនជម្លៀសចេញ​ពី​ផ្ទះសម្បែង​របស់ពួកគេ​ជាបន្ទាន់ ហើយផ្លាស់ទៅភាគខាងជើងនៃទន្លេ Zahrani។ កាលពីខែឧសភា កង​ទ័ពអ៊ីស្រាអែល បានប្រកាសតំបន់ទាំងអស់នៅភាគខាងត្បូងនៃទន្លេនេះថា ជា «តំបន់ប្រយុទ្ធ» ហើយចាប់តាំងពីពេលនោះមកបានបើក​ការ​វាយប្រហារលើ​តំបន់នោះ។កាល​ពី​យប់​ថ្ងៃទី១២ ខែមិថុនា សារព័ត៌មាន NNA បានរាយការណ៍ពីការផ្ទុះ និងការបាញ់ផ្លោងកាំភ្លើងធំនៅជិតតំបន់​ភ្នំ Ali Taher។ នៅថ្ងៃទី១២ ខែមិថុនានោះ​ ក្រុមហេសបូឡា ដែលបានបន្តវាយប្រហារលើកងទ័ពអ៊ីស្រាអែល បាន​ឲ្យ​ដឹង​ថា យុទ្ធជនរបស់ខ្លួន បានប្រយុទ្ធ​ជាមួយ​កងកម្លាំងអ៊ីស្រាអែលដែលកំពុងរុលឆ្ពោះទៅកាន់ទីក្រុង Majdal Zoun។គួរ​បញ្ជាក់ថា អ៊ីស្រាអែល និងហេសបូឡា បានមាន​សង្គ្រាមជាមួយ​គ្នា ចាប់តាំងពីដើមខែមីនា នៅពេលដែលក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បានទាញលីបង់ឲ្យ​ធ្លាក់​ចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា ជាមួយនឹងការបាញ់រ៉ូកែតទៅ​អ៊ីស្រាអែល ដើម្បីសងសឹក ចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំឡុង​ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល៕

ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង

2026/06/13 05:09:22 pm        96
ប្រទេស​ប៉ាគីស្ថាន និងអេហ្ស៊ីប បានស្វាគមន៍វឌ្ឍនភាព នៅ​ក្នុងដំណើរការ​ចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយបានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ភាពតានតឹង នៅតំបន់​មជ្ឈិមបូព៌ា នឹង​សម្រេចបាន​ឆាប់ៗតាមដែលអាចធ្វើទៅបាន។យោងតាមក្រសួងការបរទេសប៉ាគីស្ថាន បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីការបរទេស លោក Ishaq Dar បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអេហ្ស៊ីបរបស់លោក គឺលោក Badr Abdelatty កាល​ពី​ល្ងាចថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) ដោយភាគីទាំង២ ស្វាគមន៍អ្វីដែលពួកលោក​បានពិពណ៌នាថា ជាសន្ទុះដ៏​វិជ្ជមាននៅ​ក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹង ក្នុងតំបន់។ក្រសួង​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ថា ថ្នាក់​ដឹកនាំទាំង២ បានពិភាក្សាអំពីការវិវត្ត​ចុងក្រោយបំផុត នៅតំបន់​មជ្ឈិមបូព៌ា និងបានសម្តែងក្តីសង្ឃឹមថា ការចូលរួមជាបន្តបន្ទាប់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងបង្កើតលទ្ធផលដំបូង និងប្រកប​ដោយ​ភាព​ស្ថាបនា។សេចក្ដី​ថ្លែងការណ៍ បាន​បន្ថែម​ថា ជាមួយ​គ្នានេះ រដ្ឋមន្ត្រីទាំង២ ក៏បានយល់ស្រប​ផង​ដែរ ក្នុងការ​​រក្សាទំនាក់ទំនងជិតស្និទ្ធ និងបន្តការ​ពិគ្រោះយោបល់ លើបញ្ហាដែលមានផលប្រយោជន៍ឲ្យ​គ្នា​ទៅវិញទៅមក។នៅថ្ងៃសុក្រនោះ​ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងលើ «ឯកសារ​ចុងក្រោយ» សម្រាប់កតិកាសញ្ញាមួយ ដើម្បីបញ្ចប់សង្គ្រាម​។ ប្រទេសប៉ាគីស្ថានបានដើរ​តួនាទី​សម្របសម្រួល រវាងប្រទេសទាំង​២ ដែលធ្វើ​​សង្គ្រាមជាមួយ​គ្នា ចាប់តាំងពីខ្លួនបានសម្របសម្រួលឲ្យ​មាន​បទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា ដើម្បីបញ្ឈប់សង្គ្រាមដែលបានចាប់ផ្តើម​កាល​ថ្ងៃទី២៨ ខែកុម្ភៈ៕

ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​

2026/06/13 05:06:39 pm        112
នៅ​ថ្ងៃសៅរ៍ (ទី​១៣ ខែមិថុនា ឆ្នាំ២០២៦) នេះ អាជ្ញាធរបានបញ្ជាក់​ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារភាគខាងត្បូងនៃ​ប្រទេសហ្វីលីពីនកាលពីដើមសប្តាហ៍នេះ បានកើនឡើងដល់ ៦១នាក់ហើយ​ ខណៈដែលក្រុមស្វែងរក និងជួយសង្គ្រោះ បានបន្តប្រតិបត្តិការនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត នៅកោះ​ Mindanao។ការិយាល័យការពារជនស៊ីវិល (OCD) បានឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់បានកើនឡើង បន្ទាប់ពីសាកសពបន្ថែមត្រូវបានរកឃើញ នៅក្នុងតំបន់ដែលរងផលប៉ះពាល់។ ប្រព័ន្ធ​ផ្សព្វផ្សាយ GMA News បានរាយការណ៍​ថា មនុស្ស ៣៣នាក់ កំពុងបាត់ខ្លួន ខណៈដែល ១.២២១នាក់ បានរងរបួស។ជាមួយ​គ្នានេះ អាជ្ញាធរបានបន្ថែម​ថា ប្រតិបត្តិការស្វែងរក ជួយសង្គ្រោះ និងទាញយក កំពុងបន្តមាន​ ខណៈដែលក្រុមសង្គ្រោះបន្ទាន់បន្តស្វែងរកអ្នកនៅរស់រានមានជីវិត និងជួយសង្គ្រោះជនរងគ្រោះដែលជាប់ ដោយសារបំណាក់​ដី និងសំណង់ដែល​បាក់រលំ​។មជ្ឈមណ្ឌលត្រួតពិនិត្យ និងព័ត៌មានប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយ (DROMIC) បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះ បានប៉ះពាល់ដល់មនុស្ស ៥៥៣.០៦៨នាក់ នៅក្នុងតំបន់មីន Mindanao។ ហើយ​បើយោងតាមសារព័ត៌មាន Philippine Daily Inquirer បាន​ឲ្យ​ដឹង​ថា មនុស្សប្រហែល ៩.៣៩៣នាក់កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ខណៈដែល ៥៤.២៧៤នាក់ បានស្វែងរកជម្រកបណ្តោះអាសន្នជាមួយសាច់ញាតិ និងមិត្តភក្តិនៅខាងក្រៅកន្លែងជម្លៀសផ្លូវការ។គួរបញ្ជាក់ថា រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរកោះ Mindanao កាលពីដើមសប្តាហ៍នេះ ដែលបង្កឲ្យ​មានការភ័យស្លន់ស្លោដល់​មនុស្ស​ជាច្រើន​ និងបណ្តាលឲ្យមាន​ការ​​ខូចខាតយ៉ាងខ្លាំងដល់ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ៕

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី

2026/06/13 05:03:21 pm        104
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង នៅថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃ នៅ​ទ្វីបអឺរ៉ុប​។ នេះ​បើ​យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។បើយោងតាមក្រសួងការបរទេសឥណ្ឌា បាន​ឲ្យ​ដឹង​ថា អំឡុង​ជើងទី១ នៃ​ដំណើរទស្សនកិច្ចនេះ លោក Modi នឹងធ្វើកិច្ចប្រជុំទ្វេភាគី ជាមួយប្រធានាធិបតីបារាំង លោក​ Emmanuel Macron នៅថ្ងៃអាទិត្យ ក្នុង​ទីក្រុង Nice ហើយមេដឹកនាំទាំង២ នឹង «ពិនិត្យឡើងវិញនូវវិសាលភាពពេញលេញ» នៃទំនាក់ទំនងទ្វេភាគីឥណ្ឌា-បារាំង។សម្រាប់​ជើងទី២ លោក Modi នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ស្លូវ៉ាគី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ហើយ​ក្រសួងបានឲ្យដឹង​ទៀត​ថា នេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់ប្រទេសនេះ​ ចាប់តាំងពីប្រទេសនេះ​ទទួលបានឯករាជ្យនៅឆ្នាំ១៩៩៣។ជាមួយ​គ្នានេះ បើ​យោងតាមមន្ត្រី បាន​បញ្ជាក់​ថា លោក Modi ក៏នឹងចូលរួមផងដែរក្នុងកិច្ចប្រជុំកំពូលរបស់​ក្រុមប្រទេស​មាន​ឧស្សាហកម្ម​លូត​លាស់​ទាំង៧ (G7) នាសប្តាហ៍ក្រោយ។ ក្រសួងបានបន្ថែមថា «ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រីទៅកាន់ទ្វីបអឺរ៉ុប នឹងធ្វើឲ្យ​ភាពជាដៃគូរបស់ឥណ្ឌាជាមួយ​បារាំង ស្លូវ៉ាគី និង G7 កាន់តែស៊ីជម្រៅបន្ថែម​»។នៅពេលដែលលោក Modi បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក នៅថ្ងៃសៅរ៍នេះ​ លោកបានលើក​ឡើង​ថា ដំណើរទស្សនកិច្ចនេះ «នឹងពង្រឹងការចូលរួមកាន់តែស៊ីជម្រៅរបស់ឥណ្ឌាជាមួយទាំងតំបន់​អឺរ៉ុប និងក្រុមប្រទេស G7 ហើយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការពង្រីកជើងមេឃនៃភាពជាដៃគូរបស់យើងជាមួយទ្វីបអឺរ៉ុប និងតំបន់​សផ្សេង​ទៀត​»៕

[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​

2026/06/13 05:00:23 pm        76
នៅ​ថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) នេះ មន្ត្រីបាន​បញ្ជាក់​ថា បុគ្គលិកកងទ័ពអាកាសឥណ្ឌា ៥​នាក់ បានបាត់បង់ជីវិត នៅពេលដែលយន្តហោះដឹកជញ្ជូន An-32 ១គ្រឿង បានធ្លាក់នៅរដ្ឋ Assam ភាគឦសាននៃប្រទេសឥណ្ឌា។យោងតាមកងទ័ពអាកាសឥណ្ឌា បាន​ឲ្យដឹងថា​ «យន្តហោះនេះ​បានជួបគ្រោះថ្នាក់» ក្នុងអំឡុងពេលធ្វើ​បេសកកម្ម​ហោះ​ហើរធម្មតា នៅក្នុងតំបន់ Jorhat របស់រដ្ឋ Assam។កង​ទ័ព​បានសរសេរនៅលើបណ្ដាញ​សង្គម X ថា «ការគ្រប់គ្រងកន្លែងធ្លាក់ និងការស៊ើបអង្កេតដំបូង កំពុងដំណើរការនៅពេលនេះ»។កងទ័ពអាកាសបានបន្ថែម​ថា តុលាការស៊ើបអង្កេតមួយ ត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ៕

យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ

2026/06/13 04:57:27 pm        66
យោធាបានឲ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដឹកជញ្ជូនយោធារបស់​ឥណ្ឌា ១គ្រឿង បានធ្លាក់នៅថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ខណៈពេលកំពុងចុះចតនៅទីតាំង​កងទ័ពអាកាសមួយកន្លែង នៅភាគឦសានដាច់ស្រយាលរបស់ប្រទេស។កងទ័ពអាកាសបានឲ្យ​ដឹង​​ថា យន្តហោះ Antonov An-32 ផលិតនៅរុស្ស៊ី «បានជួបគ្រោះថ្នាក់នៅថ្ងៃនេះ ខណៈពេលកំពុងចុះចតនៅឯ Jorhat» ជា​ទីក្រុងមួយក្នុងរដ្ឋ Assam។យ៉ាង​ណាក្ដី សេចក្តីថ្លែងការណ៍នេះ មិនបានផ្តល់ព័ត៌មានលម្អិត អំពីអ្នកស្លាប់ និងអ្នក​របួសនោះទេ ហើយក៏មិនបានបញ្ជាក់​ថា តើ​មានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះនោះដែរ។ សេចក្ដី​ថ្លែង​ការណ៍បានបន្ថែម​ថា «តុលាការស៊ើបអង្កេត កំពុងត្រូវបានបង្កើតឡើង ដើម្បីស្វែង​រក​មូលហេតុពិត​ដែល​នាំ​ឲ្យមាន​គ្រោះថ្នាក់នេះ​»។ប្រព័ន្ធផ្សព្វផ្សាយ​​ NDTV បានផ្សាយរូបភាពនៃកន្លែងយន្តហោះធ្លាក់​ ដែលបង្ហាញឲ្យ​ឃើញ​ផ្សែងខ្មៅដ៏​ក្រាស់ឃ្មឹក​ និងយន្តហោះដែល​ហាក់ដូចជាបែកបាក់​ជាបំណែកៗ៕

យោធាអ៊ីស្រាអែលព្រមានអំពីការវាយប្រហារជិតកើតមាន​ នៅភាគខាងត្បូងនៃ​ប្រទេសលីបង់

2026/06/13 03:50:17 pm        103
យោធាអ៊ីស្រាអែល នៅថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) បានព្រមានអំពីការវាយប្រហារជិតកើតមាន នៅភាគខាងត្បូងនៃ​ប្រទេសលីបង់ ដោយប្រាប់ឲ្យ​ប្រជាជននៃទីក្រុង និងភូមិចំនួន ២០ ក្នុង​នោះ​រួមទាំងភូមិជាច្រើននៅជិតទីក្រុង Nabatieh ផង​ដែរ​ ឲ្យ​ជម្លៀសចេញ ដោយ​ការ​ព្រមាននេះ​​នៅតែកើតឡើង​ ​ទោះបីជាមាន​បទឈប់បាញ់ក្នុងសង្គ្រាមជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡារបស់លីបង់ក៏ដោយ។អ្នកនាំពាក្យយោធាជា​ភាសាអារ៉ាប់ លោក​ Avichay Adraee បានឲ្យដឹងនៅក្នុងសារមួយលើបណ្ដាញ​សង្គម X ថា៖ «ដើម្បីសុវត្ថិភាពរបស់អ្នក អ្នកគួរតែជម្លៀសចេញ​ពី​ផ្ទះសម្បែង​របស់អ្នកជាបន្ទាន់ ហើយផ្លាស់ទៅភាគខាងជើងនៃទន្លេ Zahrani»។អម​ដោយការ​ចោទប្រកាន់ក្រុម​នេះថា បានរំលោភលើបទឈប់បាញ់ លោកបានបន្ថែមថា៖ «អ្នកណាដែលនៅជិតទីតាំង ឬមធ្យោបាយធ្វើ​សង្គ្រាមរបស់ក្រុម​ហេសបូឡា កំពុងធ្វើឲ្យ​ជីវិតរបស់ពួកគ្រោះថ្នាក់»។គួរបញ្ជាក់ថា អ៊ីស្រាអែលបានធ្វើការវាយលុកលើលីបង់ ចាប់តាំងពីថ្ងៃទី២ ខែមីនា ដែលបានសម្លាប់មនុស្សជាង ៣.៧០០នាក់ និងរបួសជាង ១១.៤៨០នាក់ បន្ថែមពីលើការផ្លាស់ទីលំនៅរបស់មនុស្សជាង ១លាននាក់។ទោះបីជាមានបទឈប់បាញ់នៅថ្ងៃទី១៧ ខែមេសាក៏ដោយ ក៏​ទីក្រុង Tel Aviv បានបន្តការវាយលុក តាមរយៈការបាញ់ផ្លោងជារៀងរាល់ថ្ងៃ និងការបំផ្លិច​បំផ្លាញផ្ទះសម្បែងយ៉ាងទូលំទូលាយ នៅក្នុងភូមិរាប់សិប៕

ជប៉ុន និងឥណ្ឌូនេស៊ី សម្លឹងដល់​ទំនាក់ទំនងកាន់តែជិតស្និទ្ធ តាម​រយៈការចែករំលែកព័ត៌មានសម្ងាត់ និងការនាំចេញនាវាពិឃាត

2026/06/13 03:46:00 pm        104
ក្រសួងការពារជាតិជប៉ុន នៅថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) នេះ បានឲ្យដឹង​ថា ប្រទេស​ជប៉ុន និងឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាស្វែងយល់ពីកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែស៊ីជម្រៅ តាមរយៈការចែករំលែកព័ត៌មានសមុទ្រដ៏រសើប និងពន្លឿនការចរចាឆ្ពោះទៅរកការនាំចេញនាវាពិឃាតជប៉ុន។កិច្ចព្រមព្រៀងនេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក​ Shinjiro Koizumi បានជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក​ Prabowo Subianto និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sjafrie Sjamsoeddin កាលពីថ្ងៃទី១២ ខែមិថុនា ខណៈពេលដែលលោកបានទៅបំពេញទស្សនកិច្ច នៅ​ប្រទេសអាស៊ីអាគ្នេយ៍មួយ​នេះ។អំឡុងកិច្ចប្រជុំនោះ​ លោក Koizumi បាននិយាយថា ការជំរុញការទប់ស្កាត់ដែន​សមុទ្ររបស់ឥណ្ឌូនេស៊ី ដែលមានទីតាំងនៅជិតផ្លូវសមុទ្រដ៏សំខាន់ ក៏នឹងរួមចំណែកផង​ដែរ​ដល់សន្តិភាព និងស្ថិរភាពរបស់ប្រទេសជប៉ុន និងកន្លែង​ផ្សេង​ទៀត។ភាគីជប៉ុនបានឲ្យ​ដឹង​ថា លោក Prabowo បានយល់ស្របជាមួយលោក Koizumi ថា ប្រទេសទាំង២ ត្រូវសហការគ្នា ក្នុងការធានាសន្តិសុខដែន​សមុទ្រ ដោយបន្ថែមថា លោក​ប្រធានាធិបតី បានសម្តែងក្តីសង្ឃឹមថា នឹង​មាន «វឌ្ឍនភាពជាក់ស្តែង» លើកិច្ចសហប្រតិបត្តិការឧបករណ៍ការពារជាតិ។កាលពីសប្តាហ៍មុន ប្រមុខការពារជាតិជប៉ុន និងឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នា ក្នុង​ការ​ចាប់ផ្តើមការ​ចរចាកម្រិតការងារ លើការនាំចេញនាវាពិឃាតថ្នាក់ Asagiri ទៅកាន់ឥណ្ឌូនេស៊ី។ ជប៉ុនបាន និងកំពុងប្រឹង​ប្រែង​បង្កើតចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយ​នេះ ខណៈ​ចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់នេះ​៕

មេដឹកនាំប្រឆាំង​របស់​កោះ​តៃវ៉ាន់ ព្យាយាម​សម្រាល​ក្តីបារម្ភរបស់អាមេរិក ជុំវិញ​ជំហរជាមួយ​ចិន

2026/06/13 03:42:57 pm        91
មេដឹកនាំគណបក្សប្រឆាំងដ៏​ធំ​របស់កោះ​តៃវ៉ាន់ បាននិយាយកាល​ពី​ថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) ថា លោកស្រី​បានប្រើប្រាស់ដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីកែតម្រូវ «ការយល់ច្រឡំជាច្រើន» អំពីវិធីសាស្រ្តគាំទ្រការពាក់​ព័ន្ធ​របស់លោកស្រី ចំពោះប្រទេសចិន ក្នុង​​ពេលមានការរិះគន់យ៉ាងខ្លាំង ពីក្រុម​ប្រឆាំងនៅទីក្រុងវ៉ាស៊ីនតោន។លោកស្រី Cheng Li-wun ប្រធានគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងធំបំផុតរបស់កោះ​តៃវ៉ាន់ បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិករយៈពេល ២សប្តាហ៍ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសចិន កាលពីខែមេសា ជាកន្លែងដែលលោកស្រីបានជួបជាមួយលោកប្រធានាធិបតី Xi Jinping។លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា លោកស្រីបានជួបជាមួយសមាជិកសភាអាមេរិកចំនួន ៩រូប មកពីគណៈកម្មាធិការដែលដោះស្រាយ​ទាក់ទងនឹងហិរញ្ញវត្ថុ ការពារជាតិ និងកិច្ចការបរទេស ក៏ដូចជាបញ្ញវន្ត និងតំណាងនៃវិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​នានា។ លោកស្រីបានបញ្ជាក់​ថា មាន «ការយល់ច្រឡំជាច្រើន» អំពីវិធីសាស្រ្តរបស់គណបក្ស​ KMT។គណបក្សរបស់លោកស្រី Cheng ដែលរួមជាមួយសម្ព័ន្ធមិត្តតូចរបស់ខ្លួន គឺគណបក្សប្រជាជនតៃវ៉ាន់ (Taiwan People’s Party) មានសំឡេងភាគច្រើន នៅក្នុងសភា បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំង នៅទីក្រុងវ៉ាស៊ីនតោន ចំពោះការកាត់បន្ថយផែនការទី៣ របស់រដ្ឋបាលនៃ​ដែន​កោះ​នេះ​ ក្នុង​ការ​ចំណាយបន្ថែម ៤០​ពាន់លានដុល្លារ លើការ​ទិញអាវុធ។ដោយ​បាន​និយាយ​ជា​ភាសា​ចិន លោកស្រី Cheng បាន​ឲ្យ​ដឹង​ថា លោកស្រី​​ជឿ​ថា ការ​ជួប​របស់​លោកស្រី បាន​អនុញ្ញាត​ឲ្យ​​អ្នកចូល​រួម​​សន្ទនា​ឃើញពីរូប​ភាព​​ពិតរបស់​គណបក្ស KMT និង​ធាតុ​ពិត​របស់លោកស្រី​ ហើយ​បាន​បរិយាយ​បន្ថែម​ជា​ភាសា​អង់គ្លេស​ថា លោកស្រី​មាន​ភាព​ស្មោះត្រង់ និងឥតលាក់​លៀម ហើយ​ពួកគេ​អាច​ឃើញនូវ​អ្វី​ទាំង​អស់នេះ​នៅពេល​ពួកគេ​ជួបលោកស្រី​ដោយ​​ផ្ទាល់៕

ចិនរិះគន់សហរដ្ឋអាមេរិកចំពោះការដាក់ស្លាក «យោធា» លើក្រុមហ៊ុនធំៗ​របស់ខ្លួន

2026/06/13 03:39:00 pm        80
ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់​ថា ខ្លួនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ស្លាកក្រុមហ៊ុនបន្ថែមទៀតថា ជា «ក្រុមហ៊ុនយោធា» ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រើប្រាស់សន្តិសុខជាតិជាលេស ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ក្រុមហ៊ុនចិន។យោងតាមសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) បាន​ឲ្យ​ដឹង​ថា ក្រសួងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះចំណាត់ការ​នេះ ដែលមិនអើពើនឹងទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិកកាន់តែទូលំទូលាយ ធ្វើឲ្យ​ខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក គំរាមកំហែងដល់ស្ថិរភាពខ្សែច្រវាក់​ក់ផ្គត់ផ្គង់ ខណៈពេលដែលប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់សហគ្រាសចិន។សេចក្ដី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា ទីក្រុងប៉េកាំងបានជំរុញឲ្យ​សហរដ្ឋអាមេរិកកែប្រែការកំណត់នេះ​ជាបន្ទាន់ និងផ្តល់នូវ​ការប្រព្រឹត្តដោយយុត្តិធម៌ និងមិនរើសអើងដល់ក្រុមហ៊ុនចិន ដោយព្រមានថា ខ្លួននឹងចាត់វិធានការតបត «យ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា» ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនផ្លាស់ប្តូរទិសដៅនេះ​ទេ​។គួរ​បញ្ជាក់ថា ការអត្ថាធិប្បាយទាំងនេះបានកើតឡើងបន្ទាប់ពីមន្ទីរបញ្ចកោណ នៅសប្តាហ៍នេះ បានបន្ថែមក្រុមហ៊ុនធំៗមួយចំនួនរបស់ប្រទេសចិន ក្នុង​នោះ​រួមទាំង Alibaba Group Holding, Baidu និង BYD ទៅក្នុងបញ្ជីក្រុមហ៊ុនដែលខ្លួនចាត់ទុក​ថា គាំទ្រដល់​កងទ័ពរំដោះប្រជាជនចិន​។ ចំណាត់ការនេះបានកែសម្រួលកំណែនៃបញ្ជីដែលបានបោះពុម្ពផ្សាយរយៈពេល​ខ្លី​ នៅក្នុងខែកុម្ភៈ មុនពេលត្រូវបានដកចេញវិញ​ដោយគ្មានការពន្យល់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM