ចិន បង្កើនវិធានការទប់ស្កាត់គ្រោះមហន្តរាយ ខណៈរដូវទឹកជំនន់ចូលមកដល់
ភាគហ៊ុនសកល​​​គ្មានស្ថិរភាព​ ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ា បានធ្វើឱ្យសុទិដ្ឋិនិយម AI ធ្លាក់ចុះ
ក្រុមជ្វីហ្វជ្រុលនិយម ប៉ះទង្គិចជាមួយនគរបាលនៅទីក្រុងយេរូសាឡឹម ជុំវិញការកែណ្ឌកងទ័ព
រ៉ូម៉ានី ថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីថាជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប

ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយ៖ ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់គំរាមកំហែងដល់ក្រុមប្រឹក្សាសន្តិភាពដែលបង្កើតឡើងដោយអាមេរិក

2026/03/11 06:51:58 pm        87
ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ គំរាមកំហែងដល់ក្រុមប្រឹក្សាសន្តិភាពដែលទីក្រុងវ៉ាស៊ីនតោន បានផ្តួចផ្តើមឡើង ដើម្បីដោះស្រាយស្ថានការណ៍ នៅក្នុងតំបន់ហ្កាហ្សា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Politico។មន្ត្រីរដ្ឋបាលលោក Trump ម្នាក់បាននិយាយថា យោងតាមប្រព័ន្ធផ្សព្វផ្សាយ «ក្រុមប្រឹក្សាសន្តិភាព បានរត់ចូលទៅក្នុងសង្គ្រាមនៅអ៊ីរ៉ង់ដោយផ្ទាល់ ដោយធ្វើឲ្យយឺតយ៉ាវនូវវឌ្ឍនភាពតិចតួចដែលខ្លួនបានធ្វើ» ចាប់តាំងពីការបង្កើតរបស់ខ្លួនត្រូវបានប្រកាសកាលពីខែមុន។ រហូតមកទល់ពេលនេះ ក្រុមប្រឹក្សាភិបាល បានបង្កើតគណនីរបស់ខ្លួន នៅធនាគារពិភពលោក និង JP Morgan Chase។ មន្ត្រីរូបនេះ បានបន្ថែមថា៖«យើងកំពុងធ្វើការជាមួយប្រទេសដែលបានធ្វើការសន្យា ដើម្បីទទួលបានព័ត៌មានអំពីពួកគេ»។ ប្រទេសប្រហែល ២០ បានសន្យាផ្តល់ប្រាក់ជាង ១៦ ពាន់លានដុល្លារដល់ក្រុមប្រឹក្សាភិបាលកាលពីខែកុម្ភៈ ដោយសហរដ្ឋអាមេរិកសន្យាថា នឹងផ្តល់ភាគហ៊ុនចំនួន ១០ ពាន់លានដុល្លារ។ នេះបើយោងតាមការចង្អុលបង្ហាញរបស់កាសែត Politico។ ទន្ទឹមនឹងនេះ ប្រទេសឥណ្ឌូនេស៊ី បានប្រកាសរួចហើយអំពីផែនការចាកចេញពីក្រុមប្រឹក្សាសន្តិភាពដោយសារតែការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋបាលអាមេរិក បានប្រាប់ Politico ថា កិច្ចចរចាជាមួយទីក្រុងហ្សាការតា នៅតែបន្ត ហើយថា «ក្រុមប្រឹក្សាសន្តិភាព ប្តេជ្ញាផ្តល់ស្ថិរភាព និងវិបុលភាពដល់ប្រជាជននៅតំបន់ហ្កា ហ្សា»៕

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា ដ្រូនពីរគ្រឿង បានធ្លាក់ នៅជិតអាកាសយានដ្ឋាន Dubai

2026/03/11 06:51:30 pm        115
អាជ្ញាធរនៅទីក្រុងឌូបៃ បានប្រកាសនៅថ្ងៃពុធនេះថា យានដ្រូនពីរគ្រឿង បានធ្លាក់ នៅជិតអាកាសយានដ្ឋានអន្តរជាតិ Dubai ដោយបានបណ្តាលឲ្យមនុស្ស ៤នាក់ រងរបួស។សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយឌូបៃ បានឲ្យដឹងថា ចរាចរណ៍ផ្លូវអាកាស កំពុងដំណើរការធម្មតា។ ហេតុការណ៍នេះ បានបណ្តាលឲ្យជនជាតិហ្គាណាពីរនាក់រងរបួសស្រាល ជនជាតិបង់ក្លាដែសម្នាក់ និងជនជាតិឥណ្ឌាម្នាក់ រងរបួសមធ្យម។នៅល្ងាចថ្ងៃពុធនេះ ក្រសួងការពារជាតិអារ៉ាប់រួម បាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលជាច្រើនគ្រាប់ និងដ្រូន ដោយធានាដល់ប្រជាជនថា សំឡេងដែលបានឮ គឺចេញមកពីប្រព័ន្ធការពារដែនអាកាសដែលដំណើរការ៕

អ្នកដំណើរជាប់ខ្លួនស្វែងរកទីជម្រកនៅតាមផ្ទះកសិដ្ឋានក្នុងប្រទេសអារ៉ាប់រួម

2026/03/11 06:49:02 pm        55
អ្នកដំណើររាប់សិបនាក់ដែលបានជាប់ខ្លួននៅអារ៉ាប់រួម ដោយសារការបង្អាក់ជើងហោះហើរទ្រង់ទ្រាយធំ បានស្វែងរកទីជម្រកបណ្តោះពាសន្ននៅតាមផ្ទះកសិដ្ឋានស្ថិតក្នុងទីក្រុង Ajman ជាទីដែលជនបរទេសឥណ្ឌាម្នាក់ បើកផ្ទះរបស់លោកស្វាគមន៍មនុស្សរង់ចាំចាកចេញពីប្រទេសមួយនេះ ។លោក Dhiraj Jain គឺជាពលរដ្ឋមួយរូបរស់នៅអារ៉ាប់រួម បានប្រែក្លាយផ្ទះកសិដ្ឋានរបស់លោកទៅជាជម្រកផ្តល់ជូន ដោយមានការរៀបចំពូកនៅក្នុងបន្ទប់ និងសង់សំពង់តង់ ដើម្បីបង្កើនសមត្ថភាពផ្ទុកមនុស្ស ។ លោក Jain និយាយថា មានពេលខ្លះ មនុស្សរហូតដល់ជាង ៣០០នាក់ បានស្នាក់នៅក្នុងផ្ទះកសិដ្ឋានរបស់លោក ។លោកបន្តថា លោកគ្រាន់តែចង់នៅជាមួយពួកគេ លោកចង់ផ្តល់ឲ្យពួកគេមាននូវអារម្មណ៍មួយថា ពួកគេមានបងប្អូន ឬកូនប្រុសរបស់ពួកគេនៅទីនេះ នៅទីក្រុង Dubai ។លោក Jain និងក្រុមអ្នកស្ម័គ្រចិត្តផ្សេងទៀត បានទៅទទួលយកអ្នកដំណើរជាប់ខ្លួនពីអាកាសយានដ្ឋាន សណ្ឋាគារ និងទីតាំងកន្លែងទៀតនៅទូទាំងក្រុង Dubai, Sharjah និងទីក្រុង Abu Dhabi ហើយនិងផ្តល់ការដឹកជញ្ជូន ការស្នាក់នៅ និងអាហារដល់ពួកគេ ។លោក Ashok Kumar គឺជាអ្នកដំណើរជាប់ខ្លួនមួយរូបនិយាយថា ដើម្បីជួយបន្ធូរបន្ថយការភ័យខ្លាចនៅក្នុងចំណោមភ្ញៀវ ក្រុមមួយនេះ បានរៀបចំសកម្មភាពប្រចាំថ្ងៃផងដែរ សម្រាប់អ្នកដំណើរជាប់ខ្លួនដែលបានចំណាយពេលជាមួយគ្នា ជួនកាលពួកគេលេងកីឡា ខណៈពួកគេរង់ចាំជើងហោះហើរចាប់ផ្តើមឡើងវិញ ៕

ប្រជាកសិករនៅទីក្រុង Jammu ប្រទេសឥណ្ឌា ជួបការលំបាក ខណៈសង្រ្គាមអ៊ីរ៉ង់បង្អាក់ការនាំចេញស្រូវ

2026/03/11 06:45:57 pm        59
ប្រជាកសិករធ្វើស្រែនៅទីក្រុងភាគខាងជើង Jammu ប្រទេសឥណ្ឌា ប្រឈមនឹងភាពមិនច្បាស់លាស់ ស្របពេលដែលការនាំចេញស្រូវ បានផ្អាក ដោយសារការបង្អាក់ផ្លូវពាណិជ្ជកម្មក្នុងតំបន់ឈូងសមុទ្រ ។ក្រុមមន្រ្តីពាណិជ្ជកម្មនិយាយថា ស្រូវបាស្មាទីប្រហែល ៤០ម៉ឺនតោន បានជាប់នៅតាមកំពង់ផែដែលត្រូវដឹកជញ្ជូន ហើយកិច្ចព្រមព្រៀងនាំចេញ លែងមាន ស្របពេលអត្រាថ្លៃដឹកជញ្ជូនកើនឡើងទ្វេដង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ ។នាវាដឹកប្រេង និងនាវាដឹកទូកុងតឺន័រ ចៀសវាងផ្លូវទឹកផងដែរ ស្របពេលដែលក្រុមហ៊ុនធានារ៉ាប់រង បានលុបចោលការធានារ៉ាប់រងសម្រាប់នាវារបស់ពួកគេ ខណៈថ្លៃដឹកជញ្ជូនសកលហក់ឡើងខ្ពស់ ។ប្រទេសឥណ្ឌាបានប្រមូលផលស្រូវបាស្មាទីជាប់កំណត់ត្រាក្នុងឆ្នាំនេះ ហើយការធ្លាក់ចុះភ្លាមៗតម្រូវការនាំចេញ ធ្វើឲ្យតម្លៃរបស់វាធ្លាក់ចុះជិត ៦ភាគរយ ។ឥណ្ឌាគឺជាប្រទេសនាំចេញអង្ករបាស្មាទីធំបំផុតរបស់ពិភពលោក ក្នុងនោះអ្នកទិញនៅតំបន់មជ្ឈិមបូព៌ា រួមទាំងអារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ និងអារ៉ាប់រួម ស្មើនឹងជាងពាក់កណ្តាលនៃការដឹកជញ្ជូនរបស់ពួកគេ ៕

ការស្ទង់មតិ៖ គណបក្សជំទាស់ Tisza របស់ហុងគ្រី បន្តការនាំមុខ ខណៈការបោះឆ្នោតជិតមកដល់

2026/03/11 06:43:40 pm        71
ការនាំមុខរបស់គណបក្សប្រឆាំងដ៏សំខាន់ Tisza នៅប្រទេសហុងគ្រី លើគណបក្ស Fidesz របស់នាយករដ្ឋមន្ត្រីកាន់តែំណែងដ៏យូរ គឺលោក Viktor Orban បានធ្លាក់ចុះបន្តិចនៅក្នុងការស្ទង់មតិមួយ ដែលបានចេញផ្សាយនៅថ្ងៃពុធ (ទី១១ ខែមីនា ឆ្នាំ២០២៦) នេះ ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតចូលដល់ខែចុងក្រោយ មុនការបោះឆ្នោតថ្ងៃទី១២ ខែមេសា។គណបក្សជាតិនិយមរបស់លោក Orban ជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំបំផុត សម្រាប់ការគ្រប់គ្រងរបស់លោក ក្នុងរយៈពេល ១៦ឆ្នាំ ទោះបីជាលទ្ធផលនៃការបោះឆ្នោត ដែលកើតឡើងក្នុងអំឡុងពេលមានសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី និងបញ្ហាប្រឈមសេដ្ឋកិច្ចកាន់តែខ្លាំង នៅតែមិនប្រាកដប្រជាខ្ពស់ក៏ដោយ ក៏ការស្ទង់មតិនេះ បង្ហាញថា អ្នកបោះឆ្នោតជាច្រើននៅតែមិនទាន់សម្រេចចិត្ត។ការស្ទង់មតិដោយមជ្ឈមណ្ឌលស្រាវជ្រាវ 21 (21 Kutatokozpont) ដែលធ្វើឡើងចន្លោះថ្ងៃទី២ និងទី៦ ខែមីនា និងចេញផ្សាយនៅថ្ងៃពុធនេះ បានបង្ហាញថា គណបបក្ស Tisza នាំមុខបក្ស Fidesz ១៤ភាគរយក្នុងចំណោមអ្នកបោះឆ្នោតដែលបានសម្រេចចិត្តហើយ ដោយធ្លាក់ចុះពីការនាំមុខ ១៦ភាគរយនៅក្នុងការស្ទង់មតិចុងក្រោយរបស់ទីភ្នាក់ងារនេះ កាលពីខែមករា។យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ 21 Research Centre បានឲ្យដឹងថា គណបក្សកណ្តាល-ស្ដាំនិយម Tisza ដែលដឹកនាំដោយអតីតអ្នកនៅក្នុងរដ្ឋាភិបាល គឺលោក Peter Magyar ទទួលបានការគាំទ្រពីអ្នកបោះឆ្នោតដែលបានសម្រេចចិត្តហើយចំនួន ៥៣ភាគរយ ជាកម្រិតដដែលដូចនឹងខែមករា ខណៈដែល ៣៩ភាគរយ គាំទ្រគណបក្ស Fidesz ដោយពីកម្រិត ៣៧ភាគរយ នៅក្នុងការស្ទង់មតិមុន។ការស្ទង់មតិ ដែលចេញផ្សាយដោយគេហទំព័រព័ត៌មាន 24.hu បានបង្ហាញពីការគាំទ្រ ៣៨ភាគរយ ចំពោះគណបក្ស Tisza ក្នុងចំណោមអ្នកបោះឆ្នោតទាំងអស់ ខណៈគណបក្ស Fidesz មាន ៣០ភាគរយ៕

រុស្ស៊ីអះអាងថា អ៊ុយក្រែនគ្រប់គ្រងតំបន់ Donetsk ប្រហែល ១៥-១៧ភាគរយប៉ុណ្ណោះ

2026/03/11 05:57:08 pm        64
 លោក Denis Pushilin គឺជាអភិបាលតំបន់ Donetsk របស់អ៊ុយក្រែនដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីនិយាយប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំឡុងជំនួបបង្ហាញលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារថា អ៊ុយក្រែន គ្រប់គ្រងតំបន់មួយនេះ ប្រហែល ១៥-១៧ភាគរយប៉ុណ្ណោះ ។ រុស្ស៊ីបានប្រកាសកម្មសិទ្ធិតំបន់ Donetsk ទាំងមូលថា ជាផ្នែកមួយរបស់រុស្ស៊ី ហើយតំបន់មួយនេះ ត្រូវបានការពារដោយឆ័ត្រនុយក្លេអ៊ែររុស្ស៊ី ។ ក្រុមអាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា មនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើទីក្រុង Sloviansk របស់អ៊ុយក្រែន ។អ៊ុយក្រែននិយាយថា ពួកគេមិនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់ Donetsk នោះទេ ហើយនិងតំបន់ផ្សេងទៀតដែលត្រូវបានគ្រប់គ្រងទាំងស្រុង ឬដោយអន្លើរដោយរុស្ស៊ី ។លោក Putinនិយាយថា កាលពីរយៈពេល ៦ខែមុន ពួកយើងជឿថា អាជ្ញាធរក្រុងគីវ គ្រប់គ្រងតំបន់ Donetsk ប្រហែល ២៥ភាគរយ តែឥឡូវមានឃើញអត់ថាតើពួកគេគ្រប់គ្រងបានប៉ុនា្មនភាគរយនោះ ៕

ពលរដ្ឋលីបង់៖ វាប្រៀបបាននឹងសុបិន្តអាក្រក់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ភាគកណ្តាលទីក្រុងបេរូត

2026/03/11 05:55:03 pm        92
ទីភ្នាក់ងារព័ត៌មានរដ្ឋលីបង់រាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលត្រូវចំប្លុកអគារផ្ទះល្វែងនៅតំបន់ភាគកណ្តាលទីក្រុងបេរូត ប្រទេសលីបង់ នាថ្ងៃពុធនេះ ខណៈដែលអ៊ីស្រាអែលបង្កើនការវាយប្រហាររបស់ពួកគេយ៉ាងខ្លាំងក្លាបំផុតលើទីតាំងគ្រប់គ្រងដោយក្រុមហេសបូឡា ដែលស្ថិតនៅតំបន់ជាយក្រុងភាគខាងត្បូង ជាទីដែលការវាយប្រហារយ៉ាងសន្ធាប់នៅតែបន្ត ។ ប្លុកអគារផ្ទះល្វែងនៅសង្កាត់ Aicha Bakkar រងការខូចខាតយ៉ាងដំណំ ។អ្នកស្រី Bassima Ramadan គឺជាពលរដ្ឋលីបង់មួយរូប ដែលរស់នៅទល់មុខអគារផ្ទះល្វែងរកការខូចខាតនេះ និយាយថា សំឡេងផ្ទុះ និងការភ័យខ្លាច ពុំអាចពិពណ៌នាបាននោះទេ ។អ្នកស្រីបន្តថា នេះគឺជាសុបិន្តដ៏អាក្រក់មួយ តើពេលណាទៅទើបសង្រ្គាមនេះអាចបញ្ចប់បាននោះ? ពួកយើងពិតជាមិនអាចស៊ូទ្រាតទៅទៀតបាននោះទេ ។នៅពុំមានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីយោធាអ៊ីស្រាអែល ហើយក៏គ្មានសេចក្តីរាយការណ៍ភ្លាមៗនោះដែរពីគ្រោះថ្នាក់ ។អាជ្ញាធរលីបង់និយាយថា មនុស្សជិត ៥៧០នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បើកការវាយប្រហារកាលពីថ្ងៃទី ២ ខែមីនា ដើម្បីជាការសងសឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei នៅពេលចាប់ផ្តើមសង្រ្គាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។អ៊ីស្រាអែលបន្តវាយប្រហារយ៉ាងសន្ធាប់លើតំបន់ជាយក្រុងភាគខាងត្បូង Dahiyeh កាលពីយប់កន្លងទៅ ។ យោធាអ៊ីស្រាអែល បានបញ្ជាឲ្យអ្នកស្រុកចាកចេញពីតំបន់ Dahiyeh ក៏ដូចជាតំបន់ភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ ។អង្គការសហប្រជាជាតិ រាយការណ៍ថា មនុស្សប្រហែល ៧០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួននៅប្រទេសលីបង់ ពោលគឺស្មើនឹងជាង ១ភាគ ១០នៃពលរដ្ឋសរុបរស់នៅក្នុងប្រទេសមួយនេះ ៕

កងឆ្មាំបដិវត្តន៍ឥស្លាម៖ អ៊ីរ៉ង់បានបាញ់ទម្លាក់ដ្រូនចំនួន ១០៤គ្រឿង ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ

2026/03/11 05:52:49 pm        81
ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានចាប់ផ្តើម នៅថ្ងៃទី ២៨ ខែកុម្ភៈ ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ បានបាញ់ទម្លាក់យានដ្រូនសត្រូវចំនួន ១០៤ គ្រឿង។ នេះបើយោងតាមសេវាសារព័ត៌មានរបស់កងកម្លាំងយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ គឺកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។អ្នកផ្សាយទូរទស្សន៍ និងវិទ្យុដែលគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់ IRGC ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រហូតមកទល់ពេលនេះ ប្រព័ន្ធការពារដែនអាកាសជាតិ បានបាញ់   ដ្រូនចំនួន ១០៤គ្រឿង ដែលមានប្រភេទផ្សេងៗគ្នា៖ Hermes, Heron, Orbiter និង MQ-9 [Reaper]។ លើសពីនេះទៅទៀត ដ្រូនHermes ទំនើបមួយគ្រឿង ត្រូវបានស្ទាក់ចាប់បានក្នុងស្ថានភាពដើម និងប្រគល់ទៅឲ្យអ្នកឯកទេស និងវិស្វករនៃឧស្សាហកម្មអាកាសចរណ៍»។ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖««គួរកត់សម្គាល់ថា ៩៥% នៃយានដ្រូនដែលត្រូវបានបាញ់ទម្លាក់ កំពុងផ្ទុកអាវុធប្រភេទផ្សេងៗគ្នា ហើយត្រូវបានបំផ្លាញដោយបណ្តាញការពារដែនអាកាសទំនើបរបស់ប្រទេសនេះ មុនពេលទៅដល់គោលដៅរបស់ពួកវា»៕

មន្ត្រីជាន់ខ្ពស់៖ អ៊ីស្រាអែលជឿថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ រងរបួសស្រាល អំឡុងការវាយប្រហារ

2026/03/11 05:51:02 pm        75
ការវាយតម្លៃផ្នែកចារកម្មរបស់អ៊ីស្រាអែល គឺថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានរងរបួសស្រាល អំឡុងការវាយប្រហារផ្លូវអាកាសរួមគ្នា រវាងអ៊ីស្រាអែល-អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ហើយនោះហើយជាមូលហេតុដែលលោកមិនត្រូវបានគេឃើញជាសាធារណៈ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ ដែលបាននិយាយប្រាប់សារព័ត៌មាន Reuters។កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានជំរុញឲ្យជ្រើសរើសលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មី ដោយមើលឃើញថា រូបលោកគឺជាជំនាន់ងាយនឹងស្ដាប់បង្គាប់ជាងឪពុករបស់លោក ដែលនឹងគាំទ្រគោលនយោបាយរឹងត្អឹងរបស់ពួកគេ។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីសប្តាហ៍មុនថា មេដឹកនាំណាមួយដែលត្រូវបានតែងតាំងដោយថ្នាក់ដឹកនាំអ៊ីរ៉ង់បច្ចុប្បន្ន នឹង «ក្លាយជាគោលដៅជាក់ស្ដែង សម្រាប់ការលុបបំបាត់»។នៅព្រឹកថ្ងៃពុធ កូនប្រុសរបស់ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា លោក Khamenei «មានសុវត្ថិភាព និងមានសុខភាពល្អធម្មតា» ទោះបីជាលេចឡើងនូវរបាយការណ៍អំពីការរងរបួស ក្នុងអំឡុងសង្គ្រាមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកក៏ដោយ។លោក Yousef Pezeshkian ដែលមានតួនាទីជាទីប្រឹក្សារដ្ឋាភិបាលផងដែរនោះ បានឲ្យដឹងនៅក្នុងសារមួយនៅលើ Telegram របស់លោកថា៖ «ខ្ញុំបានឮដំណឹងថា លោក Mojtaba Khamenei បានរងរបួស។ ខ្ញុំបានសួរមិត្តភក្តិមួយចំនួនដែលមានទំនាក់ទំនង។ ពួកគេបានប្រាប់ខ្ញុំថា អរគុណព្រះជាម្ចាស់ លោកមានសុវត្ថិភាព និងមានសុខភាពល្អធម្មតា»៕

នាវាដឹកប្រេងចាប់ផ្តើមឆ្លងកាត់ច្រកសមុទ្រ HORMUZ

2026/03/11 05:17:59 pm        85
នាវាដឹកទំនិញដែលត្រូវបានរារាំងនៅក្នុងឈូងសមុទ្រពែក្ស បានចាប់ផ្តើមឆ្លងកាត់ច្រកសមុទ្រ Hormuz និងចតនៅឈូងសមុទ្រអូម៉ង់។ នេះបើយោងតាមទិន្នន័យពីសេវាកម្មតាមដាននាវាតាមអ៊ីនធឺណិត ដែលបានវិភាគដោយអ្នកឆ្លើយឆ្លងព័ត៌មាន TASS។ទិន្នន័យទាំងនេះ បង្ហាញថា ក្នុងរយៈពេលចាប់ពីម៉ោង១២:00 ព្រឹកដល់ម៉ោង៨:00 យប់ ម៉ោងនៅទីក្រុងមូស្គូ (ម៉ោង៩:០០ ព្រឹកដល់ម៉ោង ៥:00 ល្ងាច ម៉ោងសកល) យ៉ាងហោចណាស់មាននាវាដឹកប្រេង និងនាវាដឹកទំនិញធុនធ្ងន់ចំនួន បីគ្រឿង ដែលលើកទង់ជាតិកោះ Marshall ចិន និងម៉ាដាហ្គាស្ការ បានឆ្លងកាត់ច្រកសមុទ្រ Hormuz ទៅកាន់ឈូងសមុទ្រអូម៉ង់។ ពុំមាននាវាណាមួយ ត្រូវបានឃើញថា កំពុងធ្វើដំណើរ ក្នុងទិសដៅផ្ទុយនោះទេ។នាវាដឹកទំនិញប្រហែល ១០០គ្រឿង ត្រូវបានចតនៅជិតកំពង់ផែ Sohar នៃប្រទេសអូម៉ង់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ កំពុងអនុវត្តយ៉ាងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាន បន្ទាប់ពីបញ្ជូនទៅមណ្ឌលអប់រំប្រែទី៤ និងពន្ធនាគារខេត្តឧត្តរមានជ័យ
06/02/2026 01:06 PM
កម្ពុជាស្នើដល់បណ្តាប្រទេសមេគង្គគួរពិចារណាសិក្សាអំពីការបង្កើតបណ្តាញសុចរិតភាពព័ត៌មានមេគង្គ
06/02/2026 01:06 PM
សម្ដេចធិបតី៖ កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការនៃយន្តការការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation)
06/02/2026 01:06 PM
អតីតយុទ្ធជនរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍មរតកតេជោធិបតីថ្លុកព្រីង ខេត្តកំពង់ធំ ចំនួន ២០៦ គ្រួសារ ទទួលបានអំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​
06/02/2026 12:06 PM
អាកាសយានដ្ឋានអន្តរជាតិតេជោជាប់ចំណាត់ថ្នាក់លេខ ៥ ជាស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក
06/02/2026 12:06 PM
ក្រសួងព័ត៌មាន បើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
06/02/2026 12:06 PM
ចិន បង្កើនវិធានការទប់ស្កាត់គ្រោះមហន្តរាយ ខណៈរដូវទឹកជំនន់ចូលមកដល់
06/02/2026 12:06 PM
ភាគហ៊ុនសកល​​​គ្មានស្ថិរភាព​ ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ា បានធ្វើឱ្យសុទិដ្ឋិនិយម AI ធ្លាក់ចុះ
06/02/2026 12:06 PM
ក្រុមជ្វីហ្វជ្រុលនិយម ប៉ះទង្គិចជាមួយនគរបាលនៅទីក្រុងយេរូសាឡឹម ជុំវិញការកែណ្ឌកងទ័ព
06/02/2026 12:06 PM
រ៉ូម៉ានី ថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីថាជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប
06/02/2026 12:06 PM