ចិន បង្កើនវិធានការទប់ស្កាត់គ្រោះមហន្តរាយ ខណៈរដូវទឹកជំនន់ចូលមកដល់
ភាគហ៊ុនសកល​​​គ្មានស្ថិរភាព​ ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ា បានធ្វើឱ្យសុទិដ្ឋិនិយម AI ធ្លាក់ចុះ
ក្រុមជ្វីហ្វជ្រុលនិយម ប៉ះទង្គិចជាមួយនគរបាលនៅទីក្រុងយេរូសាឡឹម ជុំវិញការកែណ្ឌកងទ័ព
រ៉ូម៉ានី ថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីថាជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប

ព័ត៌មានអន្តរជាតិ

យោធាអ៊ីរ៉ង់ ប្ដេជ្ញាវាយប្រហារគោលដៅសេដ្ឋកិច្ចរបស់អាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់

2026/03/11 05:14:40 pm        77
នៅថ្ងៃពុធ (ទី១១ ខែមីនា ឆ្នាំ២០២៦) នេះ យោធាអ៊ីរ៉ង់បានប្ដេជ្ញាថា នឹងវាយប្រហារប្រឆាំងនឹងគោលដៅសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់ ក្នុងនោះរួមមានទាំងធនាគារផងដែរ បន្ទាប់ពីការវាយប្រហារពេញមួយយប់ ត្រូវបានគេរាយការណ៍ថា បានត្រូវចំធនាគារមួយរបស់អ៊ីរ៉ង់។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទូរទស្សន៍រដ្ឋ មេបញ្ជាការប្រតិបត្តិការកណ្តាលរបស់យោធា លោក Khatam Al-Anbiya បានលើកឡើងថា៖ «សត្រូវបានផ្ដល់ឲ្យយើងនូវសេរីភាព ក្នុងការកំណត់គោលដៅលើមជ្ឈមណ្ឌលសេដ្ឋកិច្ច និងធនាគារដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល»។ជាមួយគ្នានេះ មានការជំរុញឲ្យប្រជាជននៅទូទាំងតំបន់កុំចូលទៅជិតធនាគារ ក្នុងចម្ងាយ ១គីឡូម៉ែត្រ។ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា ការវាយប្រហារពេញមួយយប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានត្រូវចំធនាគារមួយកន្លែង នៅក្នុងទីក្រុងតេអេរ៉ង់ ដោយបានបណ្ដាឡឲ្យបុគ្គលិកមួយចំនួនស្លាប់៕

អ៊ីរ៉ង់៖ អាមេរិកនិងអ៊ីស្រាអែល កំពុងកំណត់គោលដៅជនស៊ីវិ ដោយរំលោភលើច្បាប់អន្តរជាតិ

2026/03/11 05:11:23 pm        74
តំណាងអចិន្ត្រៃយ៍អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក និងកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល កំពុងវាយប្រហារគោលដៅជនស៊ីវិលដោយចេតនា នៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធ ដែលបង្ហាញពីការមិនគោរពច្បាប់អន្តរជាតិ។  អ្នកការទូតរូបនេះ បានកត់សកម្គាល់ថា៖«ក្នុងអំឡុងពេលនេះ សហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល បន្តការវាយប្រហារទ្រង់ទ្រាយធំរបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់ និងប្រជាជនអ៊ីរ៉ង់ដោយមិនឈប់ឈរ ទាំងយប់ទាំងថ្ងៃ។ ពួកគេកំពុងកំណត់គោលដៅជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល នៅទូទាំងប្រទេសរបស់ខ្ញុំ ដោយចេតនា និងតាមអំពើចិត្ត។  លោក Amir Saeid Iravani សង្កត់ធ្ងន់ថា៖ «ពួកគេមិនបង្ហាញការគោរពច្បាប់អន្តរជាតិ និងគ្មានការអត់ធ្មត់ ក្នុងការប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះទេ។ តំបន់លំនៅឋាន ដែលមានប្រជាជនរស់នៅច្រើន និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលសំខាន់ៗ ត្រូវបានកំណត់គោលដៅដោយចេតនា»៕

អ៊ីរ៉ង់បដិសេធការអះអាងរបស់អាមេរិក អំពីគម្រោងវាយប្រហារថា ជា «ការកុហកទាំងស្រុង»

2026/03/11 05:09:16 pm        83
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) បានបដិសេធការអះអាងរបស់សហរដ្ឋអាមេរិក ដែលថា ប្រទេសអ៊ីរ៉ង់បានគ្រោងវាយប្រហារសហរដ្ឋអាមេរិក ឬកងកម្លាំងរបស់ខ្លួន ដោយចាត់ទុកការចោទប្រកាន់នេះថា «ជាការនិយាយកុហកទាំងស្រុង»។នៅលើបណ្ដាញសង្គម X លោក Araghchi បានសរសេរថា៖ «ការអះអាង ដែលថា ប្រទេសអ៊ីរ៉ង់កំពុងរៀបចំផែនការវាយប្រហារសហរដ្ឋអាមេរិក ឬកងកម្លាំងអាមេរិក មិនថា ជាការបង្ការ ឬជាការបង្ការទុកជាមុននោះទេ គឺជាការនិយាយកុហកទាំងស្រុង»។លោកបានបន្ថែមថា ការអះអាងនេះ មានបំណងបង្ហាញពីភាពត្រឹមត្រូវនៃប្រតិបត្តិការ « Operation Epic Mistake» ដែលលោកបាននិយាយថា គឺជា «វិធានការមិនត្រឹមត្រូវដែលរៀបចំឡើងដោយអ៊ីស្រាអែល និងត្រូវចំណាយដោយជនជាតិអាមេរិកសាមញ្ញ»។ភាពតានតឹង ក្នុងតំបន់ បានកើតឡើងនៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នា ប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានបណ្ដាលឲ្យមនុស្សជាង ១.២០០នាក់ស្លាប់ និង ១០.០០០នាក់រងរបួស ចាប់តាំងពីសប្តាហ៍មុន។ សហរដ្ឋអាមេរិកបានដាក់ឈ្មោះការវាយប្រហារនេះថា ប្រតិបត្តិការ «Operation Epic Fury»។ដោយបដិសេធមិនព្រមចុះចាញ់ ទីក្រុងតេអេរ៉ង់បានសងសឹកវិញ ជាមួយនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីល ដែលកំណត់គោលដៅលើអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រដែលជាទីតាំងនៃគ្រឿងយុទ្ធោបករណ៍របស់សហរដ្ឋអាមេរិក៕

មន្ទីរបញ្ចកោណ៖ ពិភពលោកមិនសាទរកិច្ចប្រឹងប្រែងរបស់អាមេរិកក្នុងការកាត់បន្ថយការស្លាប់និងរបួសជនស៊ីវិលទេ

2026/03/11 05:07:00 pm        76
ប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth ជឿជាក់ថា សហគមន៍អន្តរជាតិមិនពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការស្លាប់និងរបួសរបស់ជនស៊ីវិល នៅក្នុងជម្លោះដែលផ្តួចផ្តើមដោយទីក្រុងវ៉ាស៊ីនតោននោះទេ។លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា៖«គ្មានប្រទេសណាចាត់វិធានការប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីធានាថា មិនមានការកំណត់គោលដៅលើជនស៊ីវិលជាងសហរដ្ឋអាមេរិកនោះទេ។ និយាយតាមត្រង់ទៅ នេះគឺជាចំណុចមួយដែលមិនត្រូវបានកោតសរសើរគ្រប់គ្រាន់ទេ» ដោយធ្វើអត្ថាធិប្បាយអំពីវិធានការដែលសហរដ្ឋអាមេរិកបានធ្វើឡើង ដើម្បីទប់ស្កាត់ការស្លាប់និងរបួសរបស់ជនស៊ីវិល រួមទាំងការវាយប្រហារលើសាលាបឋមសិក្សាក្មេងស្រីមួយកន្លែង ក្នុងទីក្រុង Minab របស់អ៊ីរ៉ង់។លោក Hegseth បាននិយាយថា៖«យើងនឹងស៊ើបអង្កេត។ នោះមិនមែនជាប្រភពបើកចំហទេ។ វាមិនមែនជាកន្លែង ដើម្បីកំណត់អ្វីដែលបានកើតឡើង ឬមិនបានកើតឡើងនោះទេ»។ មន្ត្រីការពារជាតិជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ថា៖«យើងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយស៊ើបអង្កេតលើទីតាំងទាំងនោះ យ៉ាងហ្មត់ចត់ ដែលត្រូវការពេលវេលា»។លោកក៏បានចោទប្រកាន់អ៊ីរ៉ង់ថា បានដាក់អាវុធមីស៊ីលនៅក្នុងតំបន់លំនៅឋាន និងវាយប្រហារជនស៊ីវិលនៅក្នុងប្រទេសដទៃទៀត។ លោក Hegseth បាននិយាយថា៖«ពួកគេបានវាយប្រហារដោយយានដ្រូននិងមីស៊ីលទៅលើគោលដៅស៊ីវិល មន្ទីរពេទ្យ សណ្ឋាគារ និងអាកាសយានដ្ឋាន។ ពួកគេកំណត់គោលដៅលើជនស៊ីវិល។ យើងមិនធ្វើដូច្នេះទេ»។ នៅថ្ងៃទី ២៨ ខែកុម្ភៈ អាជ្ញាធរអ៊ីរ៉ង់បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារសាលាបឋមសិក្សាក្មេងស្រីមួយកន្លែង នៅភាគខាងត្បូងទីក្រុង Minab។ យោងតាមទីក្រុងតេអេរ៉ង់ មនុស្ស ១៦៥នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាសិស្ស ឪពុកម្តាយ និងគ្រូបង្រៀន។ មនុស្ស ៩៥នាក់ ផ្សេងទៀត បានរងរបួស៕

ស៊ីរីនិងលីបង់ពិភាក្សាអំពីសន្តិសុខព្រំដែន បន្ទាប់ពីក្រុមហេសបូឡាវាយប្រហារនៅភាគខាងលិចទីក្រុងដាម៉ាស

2026/03/11 04:56:39 pm        67
ប្រធានាធិបតីស៊ីរី លោក Ahmad Al-Sharaa និងសមភាគីលីបង់ លោក Joseph Aoun បានពិភាក្សាអំពីសន្តិសុខព្រំដែន កាលពីថ្ងៃអង្គារ។ការពិភាក្សានេះ បានកើតឡើង នៅពេលដែលស៊ីរីបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ថា បានប្រមូលផ្តុំកម្លាំងជំនួយនៅជិតព្រំដែន ដោយកំណត់គោលដៅទីតាំងកងទ័ព នៅក្នុងប្រទេសស៊ីរី និងបាញ់គ្រាប់កាំភ្លើងធំពីទឹកដីលីបង់ដែលបានធ្លាក់នៅជិតទីក្រុង Serghaya ភាគខាងលិចនៃរដ្ឋធានីដាម៉ាស។ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរីបានរាយការណ៍ថា ក្នុងអំឡុងពេលសន្ទនាជាមួយលោក Aoun លោក Al-Sharaa បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលីបង់ ក្នុងការដកហូតអាវុធពីក្រុមហេសបូឡា។ លោកបានបន្ថែមថា ការដកហូតអាវុធរបស់ក្រុមនេះ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងការពារតំបន់ពីផលវិបាកនៃជម្លោះប្រដាប់អាវុធដែលកំពុងបន្ត។មេដឹកនាំទាំងពីរ ក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សកម្មភាពរួមគ្នា ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនស៊ីរី។ជនជាតិស៊ីរីរាប់ពាន់នាក់ដែលបានភៀសខ្លួនទៅកាន់ប្រទេសលីបង់ ដើម្បីគេចចេញពីសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំ នៅក្នុងប្រទេសរបស់ពួកគេ បានវិលត្រឡប់មកផ្ទះសម្បែងវិញ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ និងការរីករាលដាលនៃជម្លោះទៅកាន់តំបន់ផ្សេងទៀតនៃមជ្ឈិមបូព៌ា៕

អ៊ីស្រាអែលអះអាងថា ខ្លួនមិនបានជំរុញឲ្យសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់ទេ

2026/03/11 04:51:01 pm        110
លោកប្រធានាធិបតី Isaac Herzog បាននិយាយថា អ៊ីស្រាអែលមិនបានជំរុញឲ្យសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់ទេ។លោក Herzog បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ Bild ថា៖«និយាយតាម ត្រង់ទៅ នេះគឺជាការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោកមិនត្រូវការឲ្យ អ៊ីស្រាអែលដឹកនាំលោកទៅណាទេនោះ»។  លោកមិនបានផ្តល់ពេលវេលាណាមួយនៃការបញ្ចប់អរិភាពប្រឆាំងនឹងអ៊ីរ៉ង់ទេ។ លោក Herzog បានបន្តថា៖«ខ្ញុំគិតថា ប្រសិនបើយើងវាស់អ្វីៗគ្រប់យ៉ាងដោយឧបករណ៍វាស់ល្បឿន យើងនឹងមិនទៅដល់កន្លែងណាមួយនោះទេ។ យើងត្រូវតស៊ូ ហើយផ្តោតការយកចិត្តទុកដាក់ទៅលើលទ្ធផលចុងក្រោយ»។លោកបានភ្ជាប់ជម្លោះនៅតំបន់ហ្កាហ្សាជាមួយនឹងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។លោកបាននិយាយថា៖«នេះគឺជាសង្គ្រាមដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។ វាបានចាប់ផ្តើមនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣ ហើយតាមគំនិតរបស់ខ្ញុំ ឥឡូវនេះ យើងអាចនឹងខិតជិតដល់ដំណាក់កាល ចុងក្រោយរបស់វា ដោយផ្លាស់ប្តូរការកំណត់រចនាសម្ព័ន្ធទាំងមូលនៃមជ្ឈិមបូព៌ា»។នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បាននិយាយផងដែរថា មិនមានសម្ពាធពីអ៊ីស្រាអែលឲ្យអាមេរិកសម្រេចចិត្តចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះទេ៕

មនុស្សយ៉ាងតិច ៦នាក់ បានបាត់បង់ជីវិតក្នុងអគ្គិភ័យឆេះរថយន្តក្រុង នៅស្វីស

2026/03/11 04:49:06 pm        55
យ៉ាងហោចណាស់មានមនុស្ស ៦នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍មានអគ្គិភ័យឆេះរថយន្តក្រុងមួយគ្រឿង កាលពីយប់ថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) នៅទីក្រុងតូចមួយ នៅភាគខាងលិចនៃប្រទេសស្វីស ដែលនគរបាលបានឲ្យដឹងថា អាចបណ្តាលមកពីទង្វើចេតនា។នគរបាលបានបញ្ជាក់ថា រថយន្តក្រុងនេះត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅលើផ្លូវមួយ ក្នុងទីក្រុង Kerzers ដែលជាទីក្រុងមួយ នៅក្នុងខេត្ត Fribourg ចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីរដ្ឋធានី Bern របស់ស្វីស បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា មនុស្សម្នាក់នៅលើនោះបានដុតខ្លួនឯង។អ្នកនាំពាក្យរបស់នគរបាលខេត្ត Fribourg លោក Frederic Papaux បាននិយាយថា៖ «នៅដំណាក់កាលនេះ យើងមានព័ត៌មានខ្លះដែលបង្ហាញពីទង្វើចេតនារបស់មនុស្សម្នាក់ដែលនៅក្នុងរថយន្តក្រុងនោះ»។ អ្នកនាំពាក្យនគរបាលមូលដ្ឋានម្នាក់ទៀត លោកស្រី Christa Bielmann បាននិយាយថា ក្រុមអ្នកស៊ើបអង្កេត កំពុងស៊ើបអង្កេតរបាយការណ៍ ដែលថា មនុស្សម្នាក់បានចាក់សាំងលើខ្លួនឯង។ តែលោកស្រីបានប្រាប់សន្និសីទសារព័ត៌មានមួយថា វាគឺលឿនពេកដែលមិនអាចនិយាយបានថា តើឧប្បត្តិហេតុនេះទាក់ទងនឹងភេរវកម្មដែរ ឬអត់ ។នគរបាលបានឲ្យដឹងទៀតថា អ្នករងរបួស ៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហើយលោក Papaux បាននិយាយទៀតថា អ្នកដំណើរត្រូវបានគេឃើញរត់គេចខ្លួនចេញពីរថយន្តក្រុងដែលកំពុងឆេះ ដោយភ័យស្លន់ស្លោ និងរងរបួស ហើយបានបន្ថែមថា គ្មានយានយន្តផ្សេងទៀតពាក់ព័ន្ធហេតុការណ៍នេះទេ។វីដេអូបន្ទាប់ពីអណ្តាតភ្លើងត្រូវបានពន្លត់ បានបង្ហាញពីរថយន្តដែលត្រូវបានឆេះខ្ទេចគ្មានសល់។ ប្រធានាធិបតីស្វីស លោក Guy Parmelin បានសម្តែងការចូលរួមរំលែកទុក្ខ ហើយបាននិយាយថា ហេតុការណ៍នេះកំពុងត្រូវបានស៊ើបអង្កេត៕

កូរ៉េខាងជើង៖ អាមេរិក និងអ៊ីស្រាអែលបំផ្លាញមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខ នៅមជ្ឈិមបូព៌ា

2026/03/11 04:38:48 pm        83
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងបំផ្លាញមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា និងធ្វើឲ្យអស្ថិរភាពសកលកាន់តែធ្ងន់ធ្ងរឡើង។ នេះបើយោងតាមការដកស្រង់សម្តីរបស់ក្រសួងការបរទេសកូរ៉េខាងជើង។សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា៖«យើងសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពឈ្លាន ពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលតាមរយៈការវាយប្រហារយោធាខុសច្បាប់លើអ៊ីរ៉ង់ បំផ្លាញមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ និងធ្វើឲ្យអស្ថិរភាពកាន់តែធ្ងន់ធ្ងរឡើង នៅទូទាំងពិភពលោក ហើយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរឿងនេះ»។ក្រសួងការបរទេស ក៏បានចង្អុលបង្ហាញផងដែរថា កូរ៉េខាងជើងគោរព «សិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ ក្នុងការជ្រើសរើសមេដឹកនាំកំពូលរបស់ពួកគេ និងជម្រើសរបស់ខ្លួន»។នៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារទីក្រុងធំៗ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងឥស្សរជនសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់។ កងឆ្មាំបដិវត្តន៍ឥស្លាម (អង្គភាពកងទ័ពសម្រាំង) បានសងសឹកដោយការវាយប្រហារយ៉ាងខ្លាំងក្លាលើអ៊ីស្រាអែល។ មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា គូវ៉ែត អារ៉ាប់រួម អូម៉ង់ អារ៉ាប៊ីសាអ៊ូឌីត និងស៊ីរី ក៏ត្រូវបានវាយប្រហារផងដែរ។ក្រោយមក ក្រុមប្រឹក្សាអ្នកជំនាញរបស់អ៊ីរ៉ង់ បានជ្រើសរើសលោក Mojtaba Khamenei ជាកូនប្រុសរបស់លោក Ayatollah ដែលបានទទួលមរណភាព ជាមេដឹកនាំកំពូលថ្មី៕

បេសកជនពិសេស៖ ចិនព្រួយបារម្ភអំពីការរីករាលដាលនៃសង្គ្រាមទៅកាន់តំបន់ឈូងសមុទ្រពែក្សទាំងមូល

2026/03/11 04:36:22 pm        85
បេសកជនពិសេសទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Zhai Jun បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងអាប៊ុយដាប៊ី និងកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួមលោក Abdullah bin Zayed Al Nahyan ថា ប្រទេសចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីករាលដាលនៃជម្លោះប្រដាប់អាវុធទៅកាន់តំបន់ឈូងសមុទ្រពែក្សាទាំងមូល និងអំពាវនាវឲ្យមានការបញ្ឈប់អរិភាពជាបន្ទាន់។ ដោយត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍មជ្ឈិមចិន លោកបាននិយាយថា៖«ភាគីចិនមានការព្រួយបារម្ភយ៉ាងខ្លាំងថា អណ្តាតភ្លើងនៃសង្គ្រាមកំពុងរាលដាលដល់តំបន់ឈូងសមុទ្រពែក្សទាំងមូល។ យើងតែងតែជឿជាក់ថា អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ នៅឈូងសមុទ្រពែក្ស គួរតែត្រូវបានគោរព ហើយការវាយប្រហារណាមួយលើជនស៊ីវិល និងគោលដៅមិនមែនយោធាសមនឹងត្រូវបានថ្កោលទោសយ៉ាងដាច់អហង្ការ»។រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម បាននិយាយថា ទីក្រុងអាប៊ុយដាប៊ី មិនមែនជាភាគីនៃជម្លោះប្រដាប់អាវុធទេ តែងតែតស៊ូមតិគាំទ្រសន្តិភាពនៅក្នុងតំបន់ និង «មិនគួរត្រូវបានវាយប្រហារទេ»។ លោកក៏បានធានាដល់ភាគីចិនផងដែរថា អារ៉ាប់រួម នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋ និងស្ថាប័ននានារបស់ចិន នៅលើទឹកដីរបស់ខ្លួន។អំឡុងពេលដំណើរទស្សនកិច្ចនេះ លោក Zhai Jun ក៏បានជួបពិភាក្សាជាមួយលោក Khaldoon Al Mubarak បេសកជនពិសេសរបស់ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួមប្រចាំប្រទេសចិន ដើម្បីពិភាក្សាអំពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕

លោក TRUMP ព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើអ៊ីរ៉ង់ដាក់មីននៅច្រកសមុទ្រ HORMUZ

2026/03/11 04:32:04 pm        64
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារ បានព្រមានអ៊ីរ៉ង់អំពីផលវិបាកយោធាដែលមិនធ្លាប់មានពីមុនមក ប្រសិនបើប្រទេសនេះ ដាក់មីននៅច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានប្តេជ្ញាថា គ្មាននាវាដឹកប្រេងនៅឈូងសមុទ្រណាមួយ នឹងឆ្លងកាត់ផ្លូវទឹកសំខាន់នេះទេ។លោក ត្រាំ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកមិនទាន់ទទួលបានរបាយការណ៍ណាមួយអំពីអ៊ីរ៉ង់ដែលកំពុងធ្វើដូច្នេះនៅឡើយទេ ប៉ុន្តែបន្ទាប់មក បានលើកឡើងថា ប្រសិនបើទីក្រុងតេអេរ៉ង់បានធ្វើដូច្នោះមែន នោះទីក្រុងនេះ ត្រូវតែដកគ្រាប់មីនដែលអណ្តែតនៅលើសមុទ្រនោះចេញ «ជាបន្ទាន់!»។ លោក ត្រាំ បាននិយាយនៅលើបណ្តាញសង្គម Truth Social របស់លោកថា៖«ប្រសិនបើដោយហេតុផលណាមួយ មីនត្រូវបានដាក់ ហើយវាមិនត្រូវបានដកចេញភ្លាមៗទេ ផលវិបាកយោធាចំពោះអ៊ីរ៉ង់ នឹងស្ថិតនៅកម្រិតដែលមិនធ្លាប់មានពីមុនមក»។ម្យ៉ាងវិញទៀត ប្រសិនបើពួកគេដកអ្វីដែលអាចត្រូវបានដាក់ចេញ វានឹងជាជំហានដ៏ធំមួយ ក្នុងទិសដៅត្រឹមត្រូវ!»។ លោក ត្រាំ បានបន្ថែមថា សហរដ្ឋអាមេរិក ក៏នឹងប្រើប្រាស់មីស៊ីលដែលខ្លួនធ្លាប់ប្រើ ដើម្បីវាយប្រហារនាវាជួញដូរគ្រឿងញៀន នៅក្នុងដែនទឹកអាមេរិកឡាទីន ដើម្បី «កម្ទេចទាំងស្រុង» នូវទូកដាក់មីនណាមួយ នៅក្នុងច្រកសមុទ្រឈូងសមុទ្រនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតយុទ្ធជនរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍មរតកតេជោធិបតីថ្លុកព្រីង ខេត្តកំពង់ធំ ចំនួន ២០៦ គ្រួសារ ទទួលបានអំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​
06/02/2026 12:06 PM
អាកាសយានដ្ឋានអន្តរជាតិតេជោជាប់ចំណាត់ថ្នាក់លេខ ៥ ជាស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក
06/02/2026 12:06 PM
ក្រសួងព័ត៌មាន បើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
06/02/2026 12:06 PM
ចិន បង្កើនវិធានការទប់ស្កាត់គ្រោះមហន្តរាយ ខណៈរដូវទឹកជំនន់ចូលមកដល់
06/02/2026 12:06 PM
ភាគហ៊ុនសកល​​​គ្មានស្ថិរភាព​ ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ា បានធ្វើឱ្យសុទិដ្ឋិនិយម AI ធ្លាក់ចុះ
06/02/2026 12:06 PM
ក្រុមជ្វីហ្វជ្រុលនិយម ប៉ះទង្គិចជាមួយនគរបាលនៅទីក្រុងយេរូសាឡឹម ជុំវិញការកែណ្ឌកងទ័ព
06/02/2026 12:06 PM
រ៉ូម៉ានី ថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីថាជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប
06/02/2026 12:06 PM
ការវាយប្រហាររបស់ក្រុមជាប់ទាក់ទងជាមួយរដ្ឋអ៊ីស្លាម បានសម្លាប់មនុស្សច្រើននាក់ នៅកុងហ្គោ
06/02/2026 11:06 AM
នគរបាលប្រើកាណុងបាញ់ទឹក បំបែកក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល នៅរដ្ឋធានីប្រទេសឈីលី
06/02/2026 11:06 AM
លោកTrump ៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អាចនឹងឈានដល់ «ក្នុងពេលមួយសប្តាហ៍ទៀត»
06/02/2026 11:06 AM