ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់នឹងផ្អាកការវាយប្រហារលើប្រទេសជិតខាង លុះត្រាតែមិនមានការវាយប្រហារចេញពីពួកគេ

2026/03/07 04:53:39 pm        113
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃសៅរ៍ (ទី៧ ខែមីនា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ប្រទេសរបស់លោកនឹងមិនព្រមចុះចាញ់ឡើយ ចំពោះអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ខណៈដែលសង្គ្រាមមជ្ឈិមបូព៌ា បានឈានចូលដល់សប្តាហ៍ទី២ ហើយ។នៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ លោក Pezeshkian បាននិយាយថា សត្រូវរបស់ប្រទេសអ៊ីរ៉ង់ «ត្រូវតែកប់បំណងប្រាថ្នារបស់ពួកគេចោល ប្រសិនបើចង់ឃើញការចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ប្រជាជនអ៊ីរ៉ង់នោះ»។អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារ លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាម លោក Ali Khamenei និងបង្កឲ្យមានជម្លោះក្នុងតំបន់។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូនទៅលើអ៊ីស្រាអែល និងធនធានរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសក្នុងតំបន់ ជាពិសេសនៅក្នុងបណ្ដារដ្ឋឈូងសមុទ្រ។លោក Pezeshkian គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិក ៣នាក់នៃក្រុមប្រឹក្សាភាពជាអ្នកដឹកនាំបណ្តោះអាសន្ន ដែលទទួលបន្ទុកគ្រប់គ្រងអ៊ីរ៉ង់ ចាប់តាំងពីមានការសម្លាប់លោក Khamenei។ ក្នុងអំឡុងពេលនៃសុន្ទរកថា លោក Pezeshkian បានសុំទោសដល់ប្រទេសជិតខាង ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ នៅទូទាំងតំបន់ ដោយនិយាយថា ពួកគេនឹងមិនត្រូវបានកំណត់គោលដៅទេ ប្រសិនបើការវាយប្រហារមិនមានប្រភពចេញពីពួកគេ»។លោកបានលើកឡើងថា៖ «ខ្ញុំត្រូវតែសុំអភ័យទោសក្នុងនាមខ្ញុំផ្ទាល់ខ្លួន និងក្នុងនាមអ៊ីរ៉ង់ ចំពោះប្រទេសជិតខាងដែលត្រូវបានវាយប្រហារដោយអ៊ីរ៉ង់។ ក្រុមប្រឹក្សាថ្នាក់ដឹកនាំបណ្ដោះអាសន្ន បានឯកភាពគ្នាថា នឹងមិនមានការវាយប្រហារបន្ថែមទៀតលើប្រទេសជិតខាងឡើយ ហើយនឹងមិនមានការបាញ់មីស៊ីលឡើយ លុះត្រាតែការវាយប្រហារលើអ៊ីរ៉ង់មិនមានប្រភពចេញពីប្រទេសទាំងនោះ»៕

សម្ព័ន្ធអារ៉ាប់នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីរ៉ង់

2026/03/07 04:51:21 pm        106
រដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃអាទិត្យ (ទី៨ ខែមីនា ឆ្នាំ២០២៦) ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីរ៉ង់ លើសមាជិកជាច្រើនរបស់ក្រុមនេះ។ នេះបើយោងតាមជំនួយការអគ្គលេខាធិការរបស់ប្លុកនេះ ដែលបានប្រាប់សារព័ត៌មាន AFP។លោក Hossam Zaki បាននិយាយថា កិច្ចប្រជុំនេះ ដែលនឹងត្រូវបានធ្វើឡើងតាមរយៈសន្និសីទវីដេអូ ត្រូវបានស្នើឡើងដោយប្រទេសគុយវ៉ែត អារ៉ាប៊ីសាអ៊ឌីត កាតា អូម៉ង់ ហ្ស៊កដានី និងអេហ្ស៊ីប។កងកម្លាំងអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសដ៏ធំ លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល និងបណ្តាប្រទេសឈូងសមុទ្រ។នៅមុននេះ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ ដោយបាននិយាយថា ការធ្វើបែបនោះ គឺ «គួរឲ្យស្ដីបន្ទោសទាំងស្រុង» ហើយ «មិនត្រឹមតែជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែត លើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបំពានលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អផងដែរ»។លោកបានបន្ថែមថា ការវាយប្រហារទាំងនេះ «បង្កើតស្ថានភាពអរិភាពដែលមិនធ្លាប់មានពីមុន រវាងអ៊ីរ៉ង់ និងប្រទេសជិតខាងអារ៉ាប់របស់ខ្លួន។ នេះគឺជាកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងររបស់អ៊ីរ៉ង់ ដែលខ្ញុំសង្ឃឹមថា ពួកគេ នឹងកែតម្រូវ ដោយបញ្ឈប់ការវាយប្រហារទាំងនេះភ្លាមៗ»៕

អាស៊ែបៃហ្សង់៖ ខ្លួនបានរារាំងគម្រោងរបស់អ៊ីរ៉ង់ រួមទាំងផែនការវាយប្រហារបំពង់បង្ហូរប្រេងដ៏សំខាន់

2026/03/07 04:14:26 pm        95
ប្រទេសអាស៊ែបៃហ្សង់ បានឲ្យដឹងថា ខ្លួនបានទប់ស្កាត់សកម្មភាពបំផ្លិចបំផ្លាញ «ភេរវកម្ម» ជាច្រើន ដែលរៀបចំដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ក្នុងនោះរួមទាំងផែនការវាយប្រហារបំពង់បង្ហូរប្រេងដ៏សំខាន់មួយ ដែលរត់កាត់តំបន់កូកាសខាងត្បូង (South Caucasus) ទៅកាន់ប្រទេសទួរគី។គោលដៅទាំងនោះ រួមមានបំពង់បង្ហូរប្រេង រវាងទីក្រុងបាគូ ទីប៊ីលីស៊ី (ហ្សកហ្ស៊ី) និងសេហាន (ទួរគី) (BTC) ស្ថានទូតអ៊ីស្រាអែល នៅអាស៊ែបៃហ្សង់ វិហារជ្វីហ្វ Ashkenazi និងមេដឹកនាំសហគមន៍ជ្វីហ្វបុរាណ នៅអាស៊ែបៃហ្សង់ដែលហៅថា ជនជាតិជ្វីហ្វភ្នំ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេវាសន្តិសុខរដ្ឋ ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Azertag កាលពីយប់ថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦)។ ប្រទេសអ៊ីរ៉ង់មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញសេចក្តីថ្លែងការណ៍នេះ។បំពង់បង្ហូរប្រេង BTC ធ្វើដំណើរឆ្លងកាត់ហ្សកហ្ស៊ី និងតួកគី ហើយបញ្ជូនប្រេងទៅកាន់អឺរ៉ុប ហើយក៏មានចំនួនប្រហែល ១ភាគ៣នៃការនាំចូលប្រេងរបស់អ៊ីស្រាអែលផងដែរ។ ការខូចខាតណាមួយ ចំពោះហេដ្ឋារចនាសម្ព័ន្ធនេះ អាចធ្វើឲ្យតម្លៃថាមពលសកលឡើងកាន់តែខ្ពស់ ខណៈពេលដែលសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ឈានចូលដល់សប្តាហ៍ទី២ ហើយ។សេចក្តីថ្លែងការណ៍របស់អាស៊ែបៃហ្សង់នេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងបាគូ បានប្ដេជ្ញាថា នឹងសងសឹកចំពោះអ្វីដែលខ្លួនប្រាប់ថា ជាការឈ្លានពានរបស់យានដ្រូនអ៊ីរ៉ង់ចំនួន ៤គ្រឿង ចូលទៅក្នុងតំបន់ Nakhchivan ជាហេតុការណ៍ដែលបានបណ្ដាលឲ្យមនុស្ស ៤នាក់រងរបួស និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន។យ៉ាងណាក្ដី អ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការថាខ្លួនបានបញ្ជូនយានដ្រូនទាំងនោះចូលទៅក្នុងប្រទេសអាស៊ែបៃហ្សង់ឡើយ៕

មេដឹកនាំរុស្ស៊ី លោក Putin អំពាវនាវឲ្យបញ្ឈប់ជម្លោះអ៊ីរ៉ង់ជាបន្ទាន់

2026/03/07 04:12:05 pm        94
វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្ដែងការចូលរួមរំលែកទុក្ខជាមួយប្រធានាធិបតីអ៊ីរ៉ង់ ចំពោះការស្លាប់ជនស៊ីវិលយ៉ាងច្រើន ដែលបណ្តាលមកពី «ការឈ្លានពានប្រដាប់អាវុធរបស់អ៊ីស្រាអែល-អាមេរិក លើអ៊ីរ៉ង់» ហើយបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព។អំឡុងក្នុងការសន្ទនាតាមទូរស័ព្ទ កាលពីយប់ថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian លោក Putin បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះការស្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei សមាជិកគ្រួសាររបស់លោក Khamenei មេដឹកនាំនយោបាយ និងយោធាអ៊ីរ៉ង់ និង «ជនស៊ីវិលក្នុងចំនួនដ៏ច្រើន»។វិមានក្រឹមឡាំង បានឲ្យដឹងថា៖ «លោក Vladimir Putin បានបញ្ជាក់ជាថ្មីនូវជំហរជាគោលការណ៍របស់រុស្ស៊ី ក្នុងការគាំទ្រដល់ការបញ្ឈប់អរិភាពជាបន្ទាន់ បដិសេធការប្រើកម្លាំងជាវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាណាមួយ ជុំវិញបញ្ហាកើតឡើង នៅអ៊ីរ៉ង់ ឬនៅតំបន់មជ្ឈិមបូព៌ា និងការវិលត្រឡប់ទៅរកមាគ៌ានៃការដោះស្រាយការទូតយ៉ាងឆាប់រហ័ស»។ជាមួយគ្នានេះ លោក Putin បានបញ្ជាក់ថា លោកតែងតែទាក់ទងជាមួយមេដឹកនាំនៃរដ្ឋជាសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រជាប់ជានិច្ច។វិមានក្រឹមឡាំងបានឲ្យដឹងបន្ថែមថា៖ «លោក Masoud Pezeshkian បានសម្តែងការដឹងគុណ ចំពោះសាមគ្គីភាពរបស់រុស្ស៊ី ជាមួយប្រជាជនអ៊ីរ៉ង់ ខណៈពេលដែលពួកគេការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសរបស់ពួកគេ។ លោកក៏បានផ្តល់ព័ត៌មានលម្អិតថ្មី អំពីសភាពការណ៍វិវត្តន៍ ក្នុងដំណាក់កាលសកម្មចុងក្រោយនៃជម្លោះនេះ»៕

ចិនបដិសេធការអះអាងរបស់អូស្ត្រាលី អំពីឧប្បត្តិហេតុឧទ្ធម្ភាគចក្រកងទ័ព «មិនមានសុវត្ថិភាព»

2026/03/07 04:09:28 pm        69
ប្រទេសចិន និងអូស្ត្រាលី បានចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធការប្រឈមគ្នាដែលពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ នៅលើសមុទ្រលឿង ជាឧប្បត្តិហេតុយោធាចុងក្រោយបង្អស់ដែលបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែមីនា ឆ្នាំ២០២៦) ទីក្រុងកង់បេរ៉ាបានឲ្យដឹងថា ឧទ្ធម្ភាគចក្រកងទ័ពជើងទឹករំដោះប្រជាជន បានស្ទាក់ឧទ្ធម្ភាគចក្រកងកម្លាំងការពារជាតិអូស្ត្រាលីនៅថ្ងៃទី៤ ខែមីនា តាមវិធី «មិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ»។ តែក្រសួងការពារជាតិចិន បានពិពណ៌នាអំពីសកម្មភាពរបស់យន្តហោះរបស់ខ្លួនថា «ស្របច្បាប់ សមហេតុផល និងវិជ្ជាជីវៈ»។អូស្ត្រាលីបានឲ្យដឹងថា ឧទ្ធម្ភាគចក្រ MH-60R របស់ខ្លួន បានហោះចេញពីនាវាចម្បាំង HMAS Toowoomba នៅក្នុងដែនទឹកអន្តរជាតិ ក្រោមប្រតិបត្តិការ Argos ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដែលត្រូវបានអនុញ្ញាត ដើម្បីអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង។ រដ្ឋាភិបាលបានឲ្យដឹងបន្ថែមថា មិនមានអ្នករងរបួស ឬការខូចខាត ដោយសារហេតុការណ៍នោះទេ។ទីក្រុងប៉េកាំងបានឲ្យដឹងថា នាវា HMAS Toowoomba បានដាក់ពង្រាយឧទ្ធម្ភាគចក្រម្តងហើយម្តងទៀត ដើម្បីធ្វើ «ការឈ្លបយកការណ៍ក្នុងរយៈចម្ងាយដ៏កៀក» ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេស។កាលពីខែតុលាឆ្នាំមុន ការប្រឈមមុខគ្នា នៅលើអាកាស រវាងយន្តហោះចម្បាំង Su-35 របស់កងទ័ពអាកាសចិន និងយន្តហោះចម្បាំង P-8A Poseidon របស់កងទ័ពអាកាសអូស្ត្រាលី បានបង្កឲ្យមានការចោទដាក់គ្នាយ៉ាងក្តៅគគុក ដែលជំរុញឲ្យមានការព្រមានពីប្រទេសចិនទៅកាន់ទីក្រុងកង់បេរ៉ាឲ្យបញ្ឈប់ការបង្កហេតុដោយយន្តហោះ៕

ឥណ្ឌូនេស៊ី៖ ប៉ាគីស្ថាន និងអារ៉ាប់រួម គាំទ្រលោក Prabowo ធ្វើជាអ្នកសម្របសម្រួលបញ្ហាអ៊ីរ៉ង់

2026/03/07 04:06:28 pm        89
មន្ត្រីម្នាក់បានឲ្យដឹងថា ការស្នើរបស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto ដើម្បីសម្របសម្រួលជម្លោះអ៊ីរ៉ង់ ទទួលបានការគាំទ្រពីប្រទេសនានា ក្នុងនោះរួមមានទាំងប៉ាគីស្ថាន និងអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម) ផងដែរ។លោក Prabowo និងមេដឹកនាំនៃប្រទេសមូស្លីមភាគច្រើន បានឯកភាពគ្នាក្នុងការស្វែងរកការទប់ស្កាត់ជម្លោះ នៅតំបន់មជ្ឈិមបូព៌ា កុំឲ្យកើនឡើង។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី លោក Nusron Wahid ដែលបាននិយាយកាលពីថ្ងៃសុក្រ (ទី៥ ខែមីនា ឆ្នាំ២០២៦) បន្ទាប់ពីមានកិច្ចប្រជុំ រវាងប្រធានាធិបតី និងមេដឹកនាំឥស្លាម ក្នុងប្រទេស។លោក Wahid ដែលក៏ជាសមាជិកជាន់ខ្ពស់នៃស្ថាប័ន Nahdlatul Ulama (NU) ជាអង្គការមូស្លីមដ៏ធំជាងគេមួយរបស់ប្រទេស បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រធានាធិបតីចង់ជួបពិភាក្សាជាមួយអ៊ីរ៉ង់។ លោកបានទទួលការគាំទ្រពីប្រទេសមជ្ឈិមបូព៌ាជាច្រើន ក្នុងនោះរួមទាំងប៉ាគីស្ថាន និងអារ៉ាប់រួមផងដែរ»។ការអត្ថាធិប្បាយនេះ បានកើតឡើងបន្ទាប់ពីលោក Prabowo បានរៀបចំអាហារពេលល្ងាចបុណ្យរ៉ម៉ាឌន នៅវិមានប្រធានាធិបតី ក្នុងទីក្រុងហ្សាការតា ជាកន្លែងដែលលោកបាននិយាយអស់រយៈពេលជាង ៣ម៉ោង ខណៈពេលដែលបានគូសបញ្ជាក់ពីទស្សនៈរបស់លោក ជុំវិញជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។ ការជួបជុំគ្នានេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតី បានទទួលទានអាហារពេលល្ងាចជាមួយអតីតប្រធានាធិបតី និងមេដឹកនាំផ្សេងទៀត ដើម្បីប្រមែប្រមូលការគាំទ្រ សម្រាប់ជំហររបស់លោក លើបញ្ហានេះ៕

អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហារខុសច្បាប់ និងថា មជ្ឈិមបូព៌ាអាចហួសពីកាគ្រប់គ្រងបាន

2026/03/07 04:04:08 pm        105
កាលពីថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានថ្កោលទោស «ការវាយប្រហារខុសច្បាប់» នៅទូទាំងតំបន់មជ្ឈិមបូព៌ា ហើយបានព្រមានថាស្ថានភាពអាចនឹងរីកធំហួសពីការគ្រប់គ្រងបាន ខណៈដែលជម្លោះរីករាលដាលដល់ប្រទេសជាច្រើន។កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកយុទ្ធនាការផ្លូវអាកាសដ៏ធំ ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយអ៊ីរ៉ង់បានសងសឹកវិញ ដោយការវាយប្រហារលើអ៊ីស្រាអែល និងបណ្តាប្រទេសឈូងសមុទ្រ។ទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ខ្លួនមានគោលបំណងទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីទីក្រុងតេអេរ៉ង់ ប៉ុន្តែខ្លួនក៏បានសម្លាប់ថ្នាក់ដឹកនាំធំៗនៃរដ្ឋាភិបាលរបស់ប្រទេសនេះផងដែរ ហើយលោកប្រធានាធិបតី Donald Trump ឥឡូវនេះ កំពុងទាមទារឲ្យ «ព្រមចុះចាញ់ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»។លោក Guterres បានលើកឡើងថា៖ «ការវាយប្រហារខុសច្បាប់ទាំងអស់ នៅតំបន់មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត កំពុងបង្កឲ្យមានទុក្ខវេទនា និងគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជនស៊ីវិល នៅទូទាំងតំបន់ និងធ្វើឲ្យមានហានិភ័យធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសចំពោះប្រជាជនដែលងាយរងគ្រោះបំផុត»។ប្រមុខដឹកដឹកនាំស្ថាប័នដ៏ធំរបស់ពិភពលោករូបនេះ បានសង្កត់ធ្ងន់ថា៖ «ស្ថានភាពអាចរាលដាលអាក្រក់ទៅៗយ៉ាងឆាប់រហ័សហួសពីការគ្រប់គ្រងបានរបស់នរណាម្នាក់។ ដល់ពេលត្រូវបញ្ឈប់ការប្រយុទ្ធគ្នាហើយ ហើយចាប់ផ្តើមការចរចាការទូតយ៉ាងប្រាកដប្រជា»៕

ក្រសួងការបរទេសអាមេរិកអនុម័តលក់អាវុធបន្ទាន់ឲ្យអ៊ីស្រាអែល ខណៈកាន់តែតានតឹង នៅមជ្ឈិមបូព៌ា

2026/03/07 04:00:02 pm        88
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ «បន្ទាន់» នូវសំបកគ្រាប់បែកចំនួន ១២.០០០គ្រាប់ទៅឲ្យអ៊ីស្រាអែល កាលពីថ្ងៃសុក្រ (ទី៧ ខែមីនា ឆ្នាំ២០២៦) ខណៈពេលដែលប្រទេសទាំង២ កំពុងរួមប្រយុទ្ធជាមួយអ៊ីរ៉ង់ នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដែលកំពុងតែខ្លាំងក្លាឡើងៗ។ការលក់សំបកគ្រាប់បែកទម្ងន់ ៤៥០គីឡូក្រាមដែលត្រូវបានស្នើ តម្លៃប្រមាណ ១៥១,៨លានដុល្លារ ត្រូវបានអនុម័តដោយការិយាល័យកិច្ចការនយោបាយ-យោធារបស់ក្រសួងការបរទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ការិយាល័យនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការលក់ដែលត្រូវបានស្នើនេះ នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់អ៊ីស្រាអែល ក្នុងការទប់ទល់នឹងការគំរាមកំហែងបច្ចុប្បន្ន និងអនាគត ពង្រឹងសមត្ថភាពការពារមាតុភូមិរបស់ខ្លួន និងបម្រើជាខែលរារាំង ចំពោះការគំរាមកំហែងក្នុងតំបន់»។យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា បន្ថែមពីលើគ្រាប់រំសេវ ការលក់នេះនឹងរួមបញ្ចូលសេវាកម្មវិស្វកម្មកិច្ចសន្យា ភស្តុភារ និងជំនួយបច្ចេកទេសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ នៅក្នុងការបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃសុក្រ ពោលគឺមួយសប្តាហ៍បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារលើកដំបូងលើអ៊ីរ៉ង់ លោកប្រធានាធិបតី Donald Trump បានឲ្យដឹងថា ក្រុមហ៊ុនការពារជាតិធំៗរបស់សហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាផលិតអាវុធកម្រិតចំនួន ៤ដង។បើទោះបីការលក់អាវុធរបស់សហរដ្ឋអាមេរិក ជាធម្មតាតម្រូវឲ្យមានការយល់ព្រមពីសភាក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានចេញការលើកលែងផ្លូវការ ដោយរំលងការយល់ព្រម ដែលធ្វើឲ្យមន្ត្រីជាប់ឆ្នោតមួយចំនួនមានការភ្ញាក់ផ្អើល៕

សេតវិមាន៖ សហរដ្ឋអាមេរិកកំពុងស្ថិតនៅផ្លូវឆ្ពោះទៅគ្រប់គ្រងដែនអាកាសអ៊ីរ៉ង់

2026/03/07 03:18:52 pm        105
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) បាននិយាយថា សហរដ្ឋអាមេរិកកំពុងដំណើរការយ៉ាងល្អប្រសើរក្នុងដំណើរផ្លូវឆ្ពោះទៅរកការគ្រប់គ្រងដែនអាកាសអ៊ីរ៉ង់ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន រំពឹងថា គោលបំណងរបស់សហរដ្ឋអាមេរិកដែលអាចសម្រេចបាននេះ នឹងត្រូវបញ្ចប់ក្នុងរយៈពេលពី ៤ ទៅ ៦សប្តាហ៍។ជាមួយគ្នានេះ អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមាន លោកស្រី Leavitt ក៏បានប្រាប់ផងដែរថា ទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលបេក្ខជនដែលអាចដឹកនាំប្រទេសអ៊ីរ៉ង់នាពេលខាងមុខ ដោយការលើកឡើងនេះ កើតមានមួយថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានប្រាប់សារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយថា សហរដ្ឋអាមេរិកត្រូវតែចូលរួមក្នុងការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់។លោកស្រី Leavitt បាននិយាយថា៖ «ខ្ញុំដឹងថា មានមនុស្សមួយចំនួនដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើង និងរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងសម្លឹងមើល ប៉ុន្តែខ្ញុំនឹងមិននិយាយបន្ថែមទៀតទេ អំពីរឿង»។គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី៥ ខែមីនា លោក Trump បានលើកឡើងថា លោកគិតថាមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់ ទំនងជាមិនមែនជាកូនប្រុសរបស់អតីតមេដឹកនាំកំពូល លោក Ayatollah Ali Khamenei នោះឡើយ បន្ទាប់ពីរូបលោកបានលេចឡើងក្នុងនាមជាអ្នកនាំមុខគេ ក្នុងការស្នងតំណែងឪពុករបស់លោក ដែលត្រូវបានសម្លាប់ អំឡុងការវាយប្រហារយោធានៅដើមដំបូងនៃសង្គ្រាម។ហើយកាលពីព្រឹកថ្ងៃទី៦ ខែមីនា លោក Trump បានសង្កត់ធ្ងន់ថា នឹងមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងជាមួយអ៊ីរ៉ង់ទេ ក្រៅតែពី «ការព្រមចុះចាញ់ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»៕

ព្យុះគួច បណ្ដាលឲ្យមនុស្សយ៉ាងតិច ៤នាក់ស្លាប់ និងជាង ១០នាក់របួស នៅតំបន់ជនបទរដ្ឋ Michigan

2026/03/07 02:07:22 pm        83
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ព្យុះកួច និងខ្យល់ព្យុះដ៏ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ ហើយជាង ១០នាក់រងរបួស នៅភាគខាងត្បូងរដ្ឋ Michigan សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) ដោយបំផ្លាញផ្ទះជាច្រើនខ្នង និងធ្វើឲ្យប្រជាជនរាប់រយនាក់គ្មានអគ្គិសនីប្រើប្រាស់។ភ្លាមៗ បន្ទាប់ពីសេវាអាកាសធាតុជាតិ បានចេញការព្រមានអំពីព្យុះកួច សម្រាប់តំបន់នោះ កាលពីថ្ងៃសុក្រ វីដេអូនៅលើបណ្ដាញសង្គម ដែលអះអាងថា មកពីទីក្រុង Three Rivers និង Union City បានបង្ហាញឲ្យឃើញខ្យល់កួចដ៏ធំដែលហែកដំបូលអគារ និងបក់កម្ទេចកម្ទីប៉ើងទៅឡើងលើអាកាស។រូបភាពវីដេអូពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញពីអគារ និងរថយន្តដែលខូចខាត ព្រមទាំងបង្គោលភ្លើង ដើមឈើ និងផ្លាកសញ្ញាផ្លូវដែលត្រូវបានខ្យល់បក់បោកដួលរលំ។ ការិយាល័យតម្រួតតំបន់ បានឲ្យដឹងថា មានមនុស្ស ៣នាក់បាត់បង់ជីវិត និងរបួសរាប់សិបនាក់ ត្រូវបានរាយការណ៍ នៅក្នុងតំបន់ Branch County ជាកន្លែងដែលទីក្រុង Union City ស្ថិតនៅ។ ហើយយោងតាមអាជ្ញាធរមូលដ្ឋាន នៅទីនោះ បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់រងរបួស នៅក្នុងតំបន់ Cass County។ មន្ត្រីមូលដ្ឋានបានបន្ថែមថា ការដាច់ចរន្តអគ្គិសនី បានប៉ះពាល់ដល់មនុស្សរាប់រយនាក់។អភិបាលរដ្ឋ Michigan លោកស្រី Gretchen Whitmer បាននិយាយថា លោកស្រីបានចាប់ផ្ដើមដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់រដ្ឋ ដើម្បីតាមដានស្ថានភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM