ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

ព្យុះកួចសម្លាប់មនុស្ស ៨នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស នៅរដ្ឋ Michigan សហរដ្ឋអាមេរិក

2026/03/08 11:34:59 am        106
អាជ្ញាធរក្នុងស្រុកនិយាយថា ព្យុះកួច និងខ្យល់ព្យុះ បានសម្លាប់មនុស្សយ៉ាងហោច ៨នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួសនៅតំបន់ភាគខាងត្បូងរដ្ឋ Michigan សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង និងបណ្តាលឲ្យអ្នកស្រុករាប់រយនាក់ គ្មានចរន្តអគ្គិសនីប្រើប្រាស់ ។ បន្ទាប់ពីសេវាអាកាសធាតុជាតិចេញការព្រមានអំពីព្យុះកួច សម្រាប់តំបន់នោះ កាលពីថ្ងៃសុក្រ រូបភាពវីដេអូឃ្លីបនៅលើបណ្ដាញសង្គម បង្ហាញពីព្យុះកួចដ៏ធំដែលហែកដំបូលអគារ និងបក់កម្ទេចកម្ទីប៉ើងទៅលើអាកាស។រូបភាពវីដេអូឃ្លីបពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឃើញអគារ និងរថយន្តរងការខូចខាត ព្រមទាំងបង្គោលភ្លើង ដើមឈើ និងស្លាកសញ្ញាផ្លូវដែលត្រូវបានខ្យល់បក់បោកដួលរលំ ។ ការិយាល័យតម្រួតក្នុងតំបន់ បានឲ្យដឹងថា មនុស្ស ៣នាក់បាត់បង់ជីវិត និងរបួសរាប់សិបនាក់ ត្រូវបានរាយការណ៍ស្រុក Branch ជាកន្លែងដែលទីក្រុង Union City ស្ថិតនៅ ។ យោងតាមអាជ្ញាធរមូលដ្ឋាននៅទីនោះ បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់រងរបួស នៅក្នុងតំបន់ Cass County ។ ឮអភិបាលរដ្ឋ Michigan លោកស្រី Gretchen Whitmer បាននិយាយថា លោកស្រីបានចាប់ផ្ដើមដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់រដ្ឋ ដើម្បីតាមដានស្ថានភាព ៕

លីបង់និយាយថា មនុស្សយ៉ាងហោច ១៦នាក់ស្លាប់ ក្នុងការវាយប្រហារអ៊ីស្រាអែលលើទីក្រុងភាគខាងកើត Nabi Chit

2026/03/08 11:12:45 am        89
រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃសៅរ៍ឃើញ ដងផ្លូវ និងអគាររងការបំផ្លិចបំផ្លាញ ជាមួយរណ្តៅដ៏ធំមួយនៅទីក្រុងភាគខាងកើត Nabi Chit របស់លីបង់ ។ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្សយ៉ាងហោច ១៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសទាំងយប់របស់អ៊ីស្រាអែលលើទីក្រុង Nabi Chit ។សារព័ត៌មានរដ្ឋលីបង់ និងអ្នកស្រុកនិយាយថា កាលពីយប់កន្លងទៅ ឧទ្ធម្ភាគចក្រអ៊ីស្រាអែល បានទម្លាក់ទាហាននៅជិតទីក្រុង Nabi Chit ស្ថិតនៅតំបន់ជ្រលងភ្នំ Bekaa របស់លីបង់ ។សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកស្រុក និងយុទ្ធជនក្រុមហេសបូឡា បានបាញ់ប្រហារលើទាហានទាំងនោះ ពេលពួកគេបំលាស់ទីដោយថ្មើរជើង ។សារព័ត៌មានរដ្ឋ និងអ្នកស្រុកនិយាយទៀតថា ទាហានអ៊ីស្រាអែលបានដកទៅវិញ ហើយចាកចេញដោយឧទ្ធម្ភាគចក្រ ពេលដែលអ៊ីស្រាអែលវាយប្រហារទីក្រុង Nabi Chit និងទីក្រុងក្បែរនោះ ។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ ក្រុមហេសបូឡានិយាយថា ពួកគេបានបាញ់ប្រហារទាហានអ៊ីស្រាអែលដែលត្រូវបានទម្លាក់ចុះពីលើឧទ្ធម្ភាគចក្រ ៤គ្រឿង នៅជិតទីក្រុង Nabi Chit ។ ពួកគេបញ្ជាក់ថា ទាហានអ៊ីស្រាអែលទាំងនោះ បានដកចេញទៅវិញអស់ហើយ ៕

ប្រេសិត UNប្រចាំអ៊ីរ៉ង់និយាយថា ជនស៊ីវិលអ៊ីរ៉ង់ ១.៣៣២នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាម

2026/03/08 11:09:18 am        127
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ(UN)លោក Amir Saeid Iravani និយាយថា ជនស៊ីវិលអ៊ីរ៉ង់ ១.៣៣២នាក់ បានបាត់បង់អាយុជីវិតរបស់ពួកគេ មកទល់នឹងពេលនេះ នៅក្នុងជម្លោះជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀត បានរងរបួស ។លោកបានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ខណៈថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯ UN ស្ថិតក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក ។លោកថា បើទោះបីជាពួកយើងបានទាក់ទងម្តងហើយម្តងទៀតទៅកាន់ក្រុមប្រឹក្សាសន្តសុខ UN អំពាវនាវឲ្យបញ្ឈប់សង្រ្គាមដ៏ឃោឃៅមួយនេះយ៉ាងណាក្តី ក៏ក្រុមប្រឹក្សានៅស្ងៀមដដែល ។ លោកនិយាយទៀតថា ពួកគេបែរជាបិទភ្នែកឈរមើលការបំពានដ៏ធ្ងន់ធ្ងរទាំងអស់នេះ បើទោះបីជាទំនួលខុសត្រូវចម្បងរបស់ពួកគេ ស្ថិតក្នុងធម្មនុញ្ញរបស់ UN ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិក៏ដោយ ។លោកនិយាយថា យោងតាមរបាយការណ៍ចុងក្រោយពីក្រុមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានឲ្យដឹងថា ជនស៊ីវិលយ៉ាងហោច ១.៣៣២នាក់ រួមទាំងស្រ្តី និងកុមារដែរនោះ បានបាត់បង់អាយុជីវិរបស់ពួកគេ ។ មនុស្សរាប់ពាន់នាក់ផ្សេងទៀត បានរងរបួស ហើយចំនួននេះ នឹងបន្តកើនឡើង ខណៈដែលសង្រ្គាមកំពុងអូសបន្លាយពេល ៕

អ៊ីរ៉ង់សុំអភ័យទោសរដ្ឋក្នុងតំបន់ឈូងសមុទ្រ ប៉ុន្តែសង្រ្គាមនៅតែបន្តនៅទូទាំងតំបន់

2026/03/08 11:00:09 am        65
សង្រ្គាមរីកកាន់តែធំនៅអ៊ីរ៉ង់ បានឈានចូលដល់សប្តាហ៍ទី ២ហើយ កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្នុងនោះ ប្រធានាធិបតីអ៊ីរ៉ង់ បានធ្វើការសុំអភ័យទោសខុសពីធម្មតាមួយចំពោះរដ្ឋជិតខាង ស្របពេលកំហឹងក្នុងតំបន់ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើគោលដៅស៊ីវិល នៅក្នុងតំបន់ឈូងសមុទ្រ ។ក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើសារព័ត៌មាន WANA ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយសុំអភ័យទោសដល់ប្រទេសជិតខាងដែលរងផលប៉ះពាល់ដោយសារសកម្មភាពរបស់អ៊ីរ៉ង់ ។លោកនិយាយថា យោធាអ៊ីរ៉ង់ពុំមានបំណងបំពានរដ្ឋឈូងសមុទ្រនោះទេ ប៉ុន្តែពួកយើងត្រូវការពារខ្លួនឯងប្រឆាំងនឹងអ្វីដែលលោកចាត់ទុកថាជាការឈ្លានពានយ៉ាងឃោឃៅ ។លោក Pezeshkian បានចាត់ទុកផងដែរការទាមទាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យអ៊ីរ៉ង់ចុះចេញដោយគ្មានលក្ខខណ្ឌនោះថា ជា“ក្តីស្រមៃ” ។នៅលើបណ្តាញព័ត៌មានសង្គម លោក Trump ចាត់ទុកការសុំអភ័យទោសរបស់លោក Pezeshkianថា ជាការចុះចាញ់របស់អ៊ីរ៉ង់ចំពោះប្រទេសជិតខាងក្នុងតំបន់មជ្ឈិមបូព៌ា ខណៈរូបលោកនិយាយថា ប្រទេសមួយនេះរងការវាយប្រហារយ៉ាងសន្ធាប់កាលពីថ្ងៃសៅរ៍ ។សេចក្តីអត្ថាធិប្បាយសុំអភ័យទោសរបស់លោក Pezeshkian បង្កឲ្យមានភាពចលាចលនយោបាយនៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់លោកផងដែរ ក្នុងនោះក្រុមបុព្វជិតប្រកាន់តឹង ចាត់ទុកការសុំអភ័យទោសនេះថា “គ្មានអាជីព ទន់ខ្សោយ និងមិនអាចទទួលយកបាន” ។ការរិះទាំងនេះបង្ខំឲ្យការិយាល័យប្រធានាធិបតីបញ្ជាក់ឡើងវិញថា យោធាអ៊ីរ៉ង់ នឹងឆ្លើយតបយ៉ាងមុតមាំចំពោះការវាយប្រហារពីមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងតំបន់ ៕

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Netanyahu ៖ ឆ្មាំបដិវត្តន៍ដែលទម្លាក់អាវុធ នឹងមិនរងគ្រោះថ្នាក់នោះទេ

2026/03/08 10:27:32 am        151
 នាយករដ្ឋមន្រ្តីអ៊ីស្រាអែលោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍មួយដល់សាធារណជនកាលពីថ្ងៃសៅរ៍ ស្របពេលដែលវិបត្តិរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក-អ៊ីស្រាអែល បានឈានចូលដល់សប្តាហ៍ទី ២ ។ លោក Netanyahu ថ្លែងទៅកាន់ប្រជាជនអ៊ីរ៉ង់ និងនិយាយដោយផ្ទាល់ទៅកាន់ប្រតិបត្តិករឆ្មាំបដិវត្តន៍ ដោយលោកនិយាយប្រាប់ពួកគេថា ពួកគេនឹងមិនគ្រោះថ្នាក់នោះទេ បើសិនជាពួកគេទម្លាក់អាវុធចុះ ។លោកបន្តថា ប្រទេសជាច្រើនដែលបានរងគ្រោះដោយសារឈ្លានពានពីអ៊ីរ៉ង់ បានទាក់ទងមកពួកយើង ហើយអ៊ីស្រាអែលឈរខាងពួកគេ ។លោក Netanyahu បញ្ជាក់ថា ជោគជ័យរបស់ពួកយើង មិនត្រឹមតែធ្វើឲ្យលែងមានការកំរាមកំហែងនុយក្លេអ៊ែរដល់ពិភពលោក និងសន្តិភាពរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ប៉ុណ្ណោះទេ តែវានឹងនាំមកនូវការពង្រីកវដ្តសន្តិភាពជុំវិញពួកយើងផងដែរ ។ លោកថា ថ្ងៃនេះអ្នករាល់គ្នាដឹងថា របបរបស់លោក Ayatollahs ធ្វើឲ្យគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ៊ីរ៉ង់ បានវាយប្រហារប្រទេសចំនួន ១២ជុំវិញពួកយើង ។ ពួកយើងឈរខាងពួកគេ ។គួរឲ្យដឹងថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារ លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់សាធារណរដ្ឋអ៊ិស្លាម លោក Ali Khamenei និងបង្កឲ្យមានជម្លោះក្នុងតំបន់ ៕

លោកស្រី Meloni៖ អ៊ីតាលីកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីរារាំងការកើនឡើងជម្លោះនៅមជ្ឈិមបូព៌ា

2026/03/08 10:11:15 am        90
នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និយាយកាលពីថ្ងៃសៅរ៍រថា អ៊ីតាលីកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗ ដើម្បីរារាំងការកើនឡើងភាពតានតឹងនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ខណៈចាត់វិធានការការពាផលប្រយោជន៍ជាតិ និងពលរដ្ឋរបស់ខ្លួន ។លោកស្រី Meloni និយាយថា ទីក្រុងរ៉ូមកំពុងធ្វើការយ៉ាងជិតស្និតជាមួយបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បន្ទាប់ពីការជជែកពិភាក្សាជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer ។លោកស្រី Meloni និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គោលជំហររបស់ពួកយើងច្បាស់លាស់គឺ អ៊ីតាលីមិនរួមចំណែកនៅក្នុងជម្លោះនោះទេ ហើយក៏គ្មានបំណងរួមចំណែកនៅក្នុងជម្លោះនោះដែរ ហើយអាទិភាពរបស់ពួកយើង គឺកាត់បន្ថយភាពតានតឹង និងគាំទ្រកិច្ចខិតខំ ដើម្បីចាប់ផ្តើមការចរចាឡើងវិញ ។លោកស្រីថា អ៊ីតាលី បានបញ្ជាឲ្យបញ្ជូននាវាចម្បាំងអ៊ីតាលីទៅកាន់ប្រទេសកោះស៊ីប ដើម្បីជួយការពារព្រំដែនអឺរ៉ុប ហើយលោកស្រីអំពាវនាវឲ្យមានសាមគ្គីភាព និងការការពាររបស់អឺរ៉ុប ។លោកស្រី Meloni បាននិយាយផងដែរថា រដ្ឋាភិបាលរបស់លោកស្រី បានបង្កើតកងកម្លាំងការងារ ដើម្បីតាមដានផលប៉ះពាល់ដ៏មានសក្តានុពលនៃវិបត្តិលើថាមពល សាំង និងតម្លៃស្បៀងអាហារ ហើយនិងប្រយុទ្ធប្រឆាំងការព្យាករ ៕

លោក Trumpនិយាយប្រាប់អង់គ្លេសថា ពួកយើងមិនត្រូវការមនុស្សចូលរួមសង្រ្គាមក្រោយពួកយើងឈ្នះរួចហើយនោះទេ

2026/03/08 09:56:32 am        100
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានថ្លែងដោយផ្ទាល់ពីចក្រភពអង់គ្លេស និងលោកនាយករដ្ឋមន្រ្តី Keir Starmer នៅលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃសៅរ៍ ពាក់ព័ន្ធនឹងជម្លោះជាមួយអ៊ីរ៉ង់ ។លោក Trumpនិយាយនៅលើបណ្តាញព័ង៌មានសង្គម Truth Social របស់លោកថា ចក្រភពអង់គ្លេសធ្លាប់ជាសម្ព័ន្ធមិត្តដ៏អស្ចារ្យរបស់ពួកយើង ប្រហែលជាអស្ចារ្យបំផុតក្នុងចំណោមពួកគេទាំងអស់ ទីបំផុតគិតបានហ្មត់ចត់បញ្ជូននាវាដឹកយន្តហោះចម្បាំង ២គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ា ។ មិនថ្វីទេ លោកនាយករដ្ឋមន្រ្តី Starmer ពួកយើងលែងត្រូវការវាទៀតហើយ ប៉ុន្តែពួកយើងនៅចងចាំ ។ ពួកយើងមិនត្រូវការមនុស្សដែលចូលរួមសង្រ្គាម ក្រោយពួកយើងឈ្នះរួចទៅហើយនោះទេ ។ការបង្ហោះសាររបស់លោក Trump បានកើតមានឡើង ក្រោយវិមាន Downing Street បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រនិយាយថា លោក Starmer បាននិយាយទៅកាន់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើរាជាណាចក្រមួយនេះ ស្របពេលជម្លោះកំពុងរីកកាន់តែធំនៅក្នុងតំបន់ ។លោក Starmer និយាយប្រាប់ព្រះអង្គម្ចាស់ Bin Salman ថា យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងនាវាចម្បាំងអង់គ្លេសបន្ថែមទៀត ត្រូវបានបញ្ជូនទៅកាន់តំបន់មួយនេះ ហើយអង់គ្លេសត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រការការពាររាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បើសិនជាពួកគេត្រូវការ ៕

លោក Trump បដិសេធមិនដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយលើកឡើងពីគំនិតលុបបំបាត់មេដឹកនាំទាំងអស់របស់ពួកគេ

2026/03/08 09:40:38 am        111
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍ម្សិលមិញ បានលើកឡើងពីលទ្ធភាពនៃសង្រ្គាមជាមួយអ៊ីរ៉ង់ថា អាចបញ្ចប់ទៅបានមានតែប្រទេសមួយនេះ លែងមានយោធា ឬថ្នាក់ដឹកនាំសេសសល់ណាមួយនៅកាន់អំណាចប៉ុណ្ណោះ ។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក Trump និយាយថា លោកមិនចាប់អារម្មណ៍នឹងការចរចាជាមួយអ៊ីរ៉ង់នោះទេ នៅត្រង់ចំណុចនេះ ហើយក្រោយមកលោកបន្តថា យុទ្ធនាការតាមច្រកអាកាសអាចនឹងលែងត្រូវការ បើសិនជាមេដឹកនាំដ៏មានសក្តានុពលទាំងអស់របស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ ហើយយោធាអ៊ីរ៉ង់ ត្រូវបានកម្ទេចចោលអស់ ។លោកនិយាយទៀតថា នៅចំណុចខ្លះ លោកមិនគិតថា នឹងមាននរណាម្នាក់នៅសេសសល់និយាយថា “យើងចុះចាញ់ហើយ” ។សេចក្តីអត្ថាធិប្បាយរបស់លោក Trumpបានកើតមាននៅ ១ថ្ងៃដែលអ៊ីស្រាអែល និងអ៊ីរ៉ង់ បើកការវាយប្រហារយ៉ាងសន្ធាប់ ស្របពេលដែលសង្រ្គាមមជ្ឈិមបូព៌ា ឈានចូលដល់សប្តាហ៍ទី ២ ។ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយសុំអភ័យទោសដល់រដ្ឋជិតខាង ដើម្បីបន្ធូរបន្ថយកំហឹងទូទាំងតំបន់ឈូងសមុទ្រ ប៉ុន្តែលោករងការរិះគន់ផងដែរពីក្រុមអ្នកប្រកាន់តឹងនៅក្នុងប្រទេសរបស់លោក ។សូមបញ្ជាក់ថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារ លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាម លោក Ali Khamenei និងបង្កឲ្យមានជម្លោះក្នុងតំបន់ ។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានឆ្លើយតបវិញ ជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូនទៅលើអ៊ីស្រាអែល និងធនធានរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសក្នុងតំបន់ ជាពិសេសនៅក្នុងបណ្ដារដ្ឋឈូងសមុទ្រ ៕

រុស្ស៊ីបាញ់ស្រោចមីស៊ីល និងយានដ្រូនលើអ៊ុយក្រែន ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច ៦នាក់ស្លាប់

2026/03/07 04:57:43 pm        142
នៅថ្ងៃសៅរ៍ (ទី៧ ខែមីនា ឆ្នាំ២០២៦) នេះ មន្ត្រីបានប្រាប់ឲ្យដឹងថា រុស្ស៊ីបានវាយប្រហារយ៉ាងសន្ធាប់លើអ៊ុយក្រែន ដោយយានដ្រូន និងមីស៊ីល ពេញមួយយប់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ និងបង្កឲ្យមានការព្រមានតាមអាកាសទូទាំងប្រទេស។សាកសពមនុស្ស ៥នាក់ ត្រូវបានរកឃើញនៅក្នុងគំនរបាក់បែកនៃអគារផ្ទះល្វែងមួយខ្នង នៅភាគខាងកើតតំបន់ Kharkiv ដែលត្រូវបានវាយប្រហារដោយមីស៊ីលបាលីស្ទិក ខណៈដែលមានមនុស្សម្នាក់ស្លាប់នៅតំបន់ Dnipropetrovsk។ប្រធានរដ្ឋបាលយោធាតំបន់ Kharkiv លោក Oleg Synegubov បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «បន្ទាប់ពីមានការវាយប្រហាររបស់សត្រូវ ផ្នែកមួយនៃអគារលំនៅឋានកម្ពស់ ៥ជាន់ នៅក្នុងតំបន់ Kyivsky របស់ទីក្រុង Kharkiv ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។ ផ្ទះនៅក្បែរនោះក៏រងខូចខាតផងដែរ»។អភិបាលតំបន់ Kharkiv លោក Igor Terekhov បាននិយាយថា មនុស្ស ៥នាក់ បានបាត់បង់ជីវិត និង ១០នាក់រងរបួស ក្នុងនោះរួមទាំងក្មេងប្រុស ២នាក់ អាយុ ៦ឆ្នាំ និង ១១ឆ្នាំ ព្រមទាំងក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ដែរ។ នៅទីក្រុង Dnipropetrovsk ប្រធានរដ្ឋបាលតំបន់ លោក Oleksandr Ganzha បាននិយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់ ហើយម្នាក់ទៀតរងរបួស អំឡុងការវាយប្រហាររបស់រុស្ស៊ី នៅក្នុងតំបន់ Nikopol។ លោក Ganzha បាននិយាយថា កងទ័ពរុស្ស៊ីបានកំណត់គោលដៅតំបន់នោះប្រហែល ២០ដង ដោយប្រើយានដ្រូន កាំភ្លើងធំ និងរ៉ូកែត។បើយោងតាមប្រធានរដ្ឋបាលតំបន់ លោក Ivan Fedorov បានឲ្យដឹងថា នៅទីក្រុង Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី បានធ្វើឲ្យទារកម្នាក់រងរបួស។ ការជូនដំណឹងអំពីការវាយប្រហារតាមអាកាស ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលយប់ នៅទូទាំងប្រទេសអ៊ុយក្រែន ដោយសារតែការវាយឆ្មក់របស់រុស្ស៊ី៕

ក្រុមហ៊ុនអាកាសចរណ៍ Emirates ផ្អាកជើងហោះហើរ ទាំងទៅ និងមកពីទីក្រុង Dubai

2026/03/07 04:55:43 pm        101
នាថ្ងៃសៅរ៍ (ទី៧ ខែមីនា ឆ្នាំ២០២៦) នេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមានមូលដ្ឋាននៅទីក្រុង Dubai បានឲ្យដឹងថា ខ្លួនបានផ្អាកជើងហោះហើរទាំងអស់ ទាំងទៅ និងមកពីទីក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម រហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែមានសភាពការណ៍វិវត្តន៍ នៅក្នុងតំបន់ជាបន្តបន្ទាប់។ក្រុមហ៊ុនអាកាសចរណ៍នេះបានណែនាំអ្នកដំណើរកុំឲ្យធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ហើយបានបញ្ជាក់ថា សុវត្ថិភាពរបស់អ្នកដំណើរ និងក្រុមការងារនៅតែជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន។ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្ថែមថា អ្នកដំណើរដែលបានកក់សំបុត្រ រវាងថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី៣១ ខែមីនា អាចកក់ជើងហោះហើរឡើងវិញទៅកាន់គោលដៅដែលពួកគេ បានគ្រោងទុក សម្រាប់ការធ្វើដំណើរនៅថ្ងៃទី៣០ ខែមេសា ឬមុននោះ ឬស្នើសុំការសងប្រាក់ត្រឡប់វិញ។លើសពីនេះ ចំណុចត្រួតពិនិត្យទីក្រុងទាំងអស់ នៅទូទាំងទីក្រុង Dubai ត្រូវបានបិទជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងបន្ថែម។គួរបញ្ជាក់ថា អ្នកក្រុង Dubai បានទទួលការជូនដំណឹងតាមទូរស័ព្ទ អំពីការគំរាមកំហែងដោយមីស៊ីលដែលអាចកើតមាន នៅម៉ោងប្រហែល ១០ព្រឹកម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៦ ម៉ោងសកល) នៅថ្ងៃសៅរ៍នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM