ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទូទាំងទ្វីបអឺរ៉ុប ដើម្បីគាំទ្រប្រជាជនអ៊ីរ៉ង់ និងតវ៉ាប្រឆាំងនឹងសង្រ្គាម

2026/03/08 05:44:20 pm        128
កាលពីថ្ងៃសៅរ៍ (៧ មីនា) ប្រជាជនអឺរ៉ុប បានចេញធ្វើបាតុកម្មតាមដងផ្លូវដើម្បីសម្ដែងការគាំទ្ររបស់ពួកគេដល់ប្រជាជនដែលរស់នៅប្រទេសអ៊ីរ៉ង់ និងប្រឆាំងនឹងរបបដឹកនាំបច្ចុប្បន្នរបស់អ៊ីរ៉ង់ ស្របពេលសង្រ្គាមដែលកំពុងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងរដ្ឋអ៊ិស្លាមមួយនេះ។ អ្នកខ្លះទៀតបានជួបជុំគ្នាដើម្បីគាំទ្រព្រះអង្គម្ចាស់ Reza Pahlavi ដែលជាខ្សែរាជវង្សចុងក្រោយរបស់អ៊ីរ៉ង់ ខណៈអ្នកផ្សេងទៀតបានបង្ហាញការជំទាស់នឹងការវិលត្រឡប់នៃរបបរាជានិយមបែបនោះ។ទង់ជាតិមានរូបតោនៃប្រទេសអ៊ីរ៉ង់សម័យមុនបដិវត្តន៍ ត្រូវបានលើកឡើងនៅតាមបណ្តាទីក្រុងនានាទូទាំងទ្វីបអឺរ៉ុប នៅពេលដែលក្រុមបាតុករបានជួបជុំគ្នា ដើម្បីសម្តែងការគាំទ្រចំពោះប្រជាជនអ៊ីរ៉ង់ ក្នុងអំឡុងពេលសង្រ្គាមដ៏ក្ដៅគគុក។ ក្រុមបាតុករជាច្រើន រួមមាននៅទីក្រុងប៊ែរឡាំង ស្តុកខុម និងប៉ារីស បានបញ្ចេញសំឡេងគាំទ្រដល់ព្រះអង្គម្ចាស់ Pahlavi ដែលលេចឡើងជាជម្រើសថ្មី បន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក។នៅទីក្រុងឡុងដ្រ៍ មនុស្សជាច្រើនបានធ្វើបាតុកម្មប្រឆាំងនឹងសង្រ្គាម ហើយអ្នកខ្លះទៀតបានដើរក្បួនដើម្បីគាំទ្រលោក Khamenei។ យោងតាមនគរបាលក្រុងឡុងដ្រ៍ មនុស្សចន្លោះពី ៥ពាន់ ទៅ ៦ពាន់នាក់ បានចូលរួមក្នុងការដើរក្បួននេះ។ ចំណែកនៅទីក្រុងប៉ារីស មានបាតុកម្មពីរផ្សេងគ្នា៖ មួយគឺគាំទ្របុត្រារបស់អតីតរាជវង្សអ៊ីរ៉ង់អង្គនោះឱ្យដឹកនាំការផ្លាស់ប្តូរអំណាចនៅអ៊ីរ៉ង់ និងបាតុកម្មមួយក្រុមទៀតគឺថ្កោលទោសចំពោះស្ថានភាពបែបនោះ។ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាជួយកសាងសេដ្ឋកិច្ចអ៊ីរ៉ង់ឡើងវិញ បើទីក្រុងតេអេរ៉ង់ តែងតាំងនរណាម្នាក់ដែលលោក «អាចទទួលយកបាន» មកជំនួសតំណែងអតីតមេដឹកនាំកំពូលដែលបានស្លាប់ទៅ។ លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ និយាយថា អាមេរិក នឹងមិនមានតួនាទីណាមួយក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មីឡើយ៕

អ៊ីស្រាអែល ព្រមានលីបង់ពី «ផលវិបាកដ៏មហន្តរាយ» ខណៈចំនួនអ្នកស្លាប់ក្នុងសប្តាហ៍នេះជិតដល់ ៣០០នាក់

2026/03/08 05:41:17 pm        140
កាលពីថ្ងៃសៅរ៍ (៧ មីនា) អ៊ីស្រាអែល បានព្រមានលីបង់ អំពីផលវិបាក «ដ៏មហន្តរាយ» ប្រសិនបើខ្លួនមិនទប់ស្កាត់ក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ទេនោះ ខណៈយោធាអ៊ីស្រាអែល បានវាយប្រហារយ៉ាងខ្លាំងក្លាលើបន្ទាយរបស់ក្រុមនេះនៅទូទាំងប្រទេសលីបង់ តាមរយៈការវាយប្រហារតាមអាកាស និងការឆ្មក់វាយប្រហារតាមផ្លូវអាកាសដ៏បង្ហូរឈាមនៅភាគខាងកើត។លីបង់ត្រូវបានអូសទាញឱ្យធ្លាក់ចូលក្នុងសង្រ្គាមមជ្ឈិមបូព៌ាដ៏រីករាលដាលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅពេលក្រុមហេសបូឡា បាញ់ប្រហារលើអ៊ីស្រាអែល ដែលនាំឱ្យមានការឆ្លើយតបវិញជាមួយនឹងយុទ្ធនាការយោធាថ្មី ដែលបានសម្លាប់មនុស្សជិត ៣០០ នាក់ គិតមកទល់ចុងសប្ដាហ៍នេះ និងបង្ខំឱ្យប្រជាជនលីបង់រាប់សែននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។វីដេអូរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានបង្ហាញឱ្យឃើញការបំផ្លិចបំផ្លាញនៅជាយភាគខាងត្បូងនៃទីក្រុងបេរូត ដែលជាបន្ទាយរបស់ក្រុមហេសបូឡា ជាទីដែលអគារនានាបានក្លាយជាកម្ទេចថ្ម។ នៅចុងភាគខាងកើតក្នុងទីក្រុង Nabi Chit ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល បន្ទាប់ពីការឆ្មក់វាយប្រហារតាមផ្លូវអាកាសដ៏កម្រមួយ បានធ្វើដីបាក់ស្រុតកប់លើរថយន្ត និងធ្វើឱ្យរថយន្តមួយគ្រឿងខ្ទាតទៅលើដំបូលអគារកម្ពស់ពីរជាន់។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ បានព្រមានថា៖ «រដ្ឋាភិបាលលីបង់ មានភារកិច្ចអនុវត្តកិច្ចព្រមព្រៀងឆ្នាំ២០២៤ ដើម្បីរំសាយអាវុធក្រុមហេសបូឡា។ ការទទួលខុសត្រូវរបស់លីបង់ គឺត្រូវលុបបំបាត់អាវុធក្រុមហេសបូឡា។ ប្រសិនបើលីបង់មិនធ្វើបែបនេះទេ ការឈ្លានពានរបស់ក្រុមនេះ នឹងបណ្តាលឱ្យមានផលវិបាកដ៏មហន្តរាយសម្រាប់ប្រទេសលីបង់»៕

តុលាការឧទ្ធរណ៍អាមេរិក៖ រដ្ឋបាលមិនអាចបញ្ចប់សិទ្ធិការពារផ្នែកនិរទេសរបស់ជនជាតិហៃទី ៣៥ម៉ឺននាក់បានទេ

2026/03/08 05:38:54 pm        100
សាលាឧទ្ធរណ៍សហរដ្ឋអាមេរិក បានចេញសេចក្ដីសម្រេចមួយ ដែលបដិសេធមិនអនុញ្ញាតឱ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ លុបចោលសិទ្ធិការពារផ្លូវច្បាប់ ដែលអនុញ្ញាតឱ្យជនជាតិហៃទីជាង ៣៥០.០០០ នាក់ រស់នៅ និងធ្វើការក្នុងសហរដ្ឋអាមេរិក ហើយដើម្បីចៀសវាងការនិរទេសត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ ដែលកំពុងរងគ្រោះដោយអំពើហិង្សាក្រុមជនអន្ធពាល។គួរឱ្យដឹងថា រដ្ឋបាលអាមេរិក បានប្ដឹងឧទ្ធរណ៍ ដើម្បីផ្អាកសេចក្តីសម្រេចមួយ ចេញកាលពីថ្ងៃទី២ ខែកុម្ភៈ ដែលបានរារាំងក្រសួងសន្តិសុខមាតុភូមិ មិនឱ្យបញ្ចប់ «ស្ថានភាពការពារបណ្តោះអាសន្ន» (ឬហៅថា TPS) សម្រាប់ប្រទេសហៃទី។ ប៉ុន្តែតុលាការឧទ្ធរណ៍ប្រចាំតំបន់វ៉ាស៊ីនតោន កាលពីយប់ថ្ងៃសុក្រកន្លងទៅ បានច្រានចោលការប៉ុនប៉ងនេះ។ ក្រុមចៅក្រមបានលើកឡើងថា ប្រសិនបើជនជាតិហៃទីត្រូវបាននិរទេសទៅប្រទេសកំណើតវិញ នោះពួកគេនឹង «ងាយរងគ្រោះដោយអំពើហិង្សាក្នុងស្ថានភាពដែលនីតិរដ្ឋកំពុងដួលរលំ និងខ្វះលទ្ធភាពទទួលបានការថែទាំវេជ្ជសាស្ត្រដើម្បីទ្រទ្រង់ជីវិត»។គួរបញ្ជាក់ថា សិទ្ធការពារផ្នែកច្បាប់ TPS នេះ គឺជាកម្មវិធីមនុស្សធម៌មួយដែលការពារជនអន្តោប្រវេសន៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មិនឱ្យរងហានិភ័យនៃការនិរទេស និងអនុញ្ញាតឱ្យពួកគេធ្វើការនៅសហរដ្ឋអាមេរិក។ ក្រសួងសន្តិសុខមាតុភូមិបានឈានទៅបញ្ចប់កម្មវិធី TPS នេះសម្រាប់ប្រទេសចំនួន ១២ ដែលជាផ្នែកមួយនៃការបង្ក្រាបអន្តោប្រវេសន៍របស់លោក ត្រាំ ដោយលើកអំណះអំណាងថា កម្មវិធីនេះមិនដែលបង្កើតឡើងដើម្បីបម្រើជា «ការលើកលែងជាក់ស្តែង» នោះទេ។អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលនឹងបន្តប្តឹងសំណុំរឿងនេះទៅកាន់តុលាការកំពូលសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ «ពាក្យថាបណ្តោះអាសន្ន គឺមានន័យថាបណ្តោះអាសន្ន ហើយការសម្រេចចុងក្រោយនឹងមិនមែនចេញពីចៅក្រមសកម្មជន ដែលបង្កើតច្បាប់ចេញពីកៅអីតុលាការនោះឡើយ»៕

យោធាអ៊ីស្រាអែល ប្ដេជ្ញាតាមកម្ចាត់អ្នកណាក៏ដោយដែលស្នងតំណែងមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់

2026/03/08 05:33:47 pm        136
នៅថ្ងៃអាទិត្យ (៨ មីនា) នេះ កងទ័ពអ៊ីស្រាអែលបានព្រមានថា ខ្លួននឹងបន្តតាមកម្ចាត់នូវរាល់អ្នកបន្តវេនទាំងអស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីចុងសប្ដាហ៍មុន។ក្នុងការបង្ហោះលើបណ្តាញសង្គម X ជាភាសាហ្វាស៊ីរបស់អ៊ីរ៉ង់ កងទ័ពអ៊ីស្រាអែលក៏បានព្រមានផងដែរថា ខ្លួននឹងតាមកម្ចាត់រាល់បុគ្គលណាដែលព្យាយាមតែងតាំងអ្នកស្នងតំណែងលោក Khamenei ដោយសំដៅទៅលើស្ថាប័នសាសនាដែលមានភារកិច្ចជ្រើសរើសមេដឹកនាំកំពូលនៃសាធារណរដ្ឋអ៊ិស្លាមមួយនេះ។ គួរឱ្យដឹងថា ការព្រមាននេះបានកើតឡើងភ្លាមៗ បន្ទាប់ពីស្ថាប័នសាសនាមួយនេះ ត្រៀមរៀបចំកិច្ចប្រជុំដើម្បីជ្រើសរើសមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់។លោក Mojtaba Khamenei កូនប្រុសទីពីររបស់លោក Khamenei ត្រូវបានរំពឹងទុកថា នឹងបន្តតំណែងពីឪពុករបស់លោក ជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ដើម្បីដឹកនាំសាធារណរដ្ឋអ៊ិស្លាមមួយនេះ ឆ្លងកាត់ដំណាក់កាលដ៏ច្របូកច្របល់បំផុតក្នុងប្រវត្តិសាស្ត្រ ៤៨ឆ្នាំរបស់ខ្លួន ហើយក៏ជាសញ្ញាដ៏ខ្លាំងក្លាមួយបង្ហាញថា សម្រាប់ពេលនេះ អ៊ីរ៉ង់គ្មានបំណងនឹងផ្លាស់ប្តូរទិសដៅរបបដឹកនាំរបស់ខ្លួនឡើយ។លោក Mojtaba វ័យ ៥៦ឆ្នាំ ដែលបានរួចជីវិតពីសង្គ្រាមផ្លូវអាកាសរវាងអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ត្រូវបានគេជឿថា ជាជម្រើសរបស់កងឆ្មាំបដិវត្តន៍អ៊ិស្លាម (IRGC)។ ប្រភពដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា ទំនាក់ទំនងដ៏ជិតស្និទ្ធរបស់លោក Mojtaba ជាមួយកងឆ្មាំបដិវត្តន៍ ផ្តល់ឱ្យលោកនូវឥទ្ធិពលបន្ថែមនៅទូទាំងផ្នែកនយោបាយ និងសន្តិសុខរបស់អ៊ីរ៉ង់៕

ប្រភព៖ អារ៉ាប៊ីសាអ៊ូឌីត បានប្រាប់អ៊ីរ៉ង់ កុំឱ្យវាយប្រហារខ្លួន និងព្រមានពីលទ្ធភាពនៃការសងសឹកវិញ

2026/03/08 03:33:04 pm        109
ប្រភពចំនួន៤ ដែលដឹងពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា អារ៉ាប៊ីសាអូអ៊ូឌីត បានប្រាប់ទៅកាន់ទីក្រុងតេអេរ៉ង់ថា ទោះបីជាខ្លួនចង់បានដំណោះស្រាយតាមផ្លូវការទូតចំពោះជម្លោះរបស់អ៊ីរ៉ង់ ទល់នឹងសហរដ្ឋអាមេរិកក៏ដោយ ក៏ការបន្តវាយប្រហារលើព្រះរាជាណាចក្រមួយនេះ និងវិស័យថាមពលរបស់ខ្លួនពីសំណាក់អ៊ីរ៉ង់ អាចនឹងជំរុញឱ្យទីក្រុងរីយ៉ាដ ឆ្លើយតបវិញតាមរបៀបដូចគ្នា។សារព្រមាននេះត្រូវបានបញ្ជូន នៅមុនការថ្លែងសុន្ទរកថាកាលពីថ្ងៃសៅរ៍ ទី៧ ខែមីនា ដែលក្នុងនោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសូមអភ័យទោសដល់បណ្តាប្រទេសឈូងសមុទ្រជិតខាង ចំពោះសកម្មភាពរបស់ទីក្រុងតេអេរ៉ង់ ដែលជាការព្យាយាមយ៉ាងច្បាស់ដើម្បីបន្ធូរបន្ថយកំហឹងក្នុងតំបន់ ជុំវិញការវាយប្រហាររបស់អ៊ីរ៉ង់ ដែលបានប៉ះពាល់ដល់គោលដៅស៊ីវិល។ប្រភពបាននិយាយថា រយៈពេលពីរថ្ងៃមុននោះ ពោលគឺនៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត គឺព្រះអង្គម្ចាស់ Faisal bin Farhan បានពិភាក្សាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi និងបានបញ្ជាក់ពីគោលជំហររបស់ទីក្រុងរីយ៉ាដ យ៉ាងច្បាស់លាស់។ប្រភពបានដកស្រង់សម្តីរដ្ឋមន្ត្រីទីក្រុងរីយ៉ាដអង្គនេះ ដែលបានលើកឡើងថា អារ៉ាប៊ីសាអ៊ូឌីត បើកចំហចំពោះរាល់ទម្រង់នៃការសម្របសម្រួលក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងការស្វែងរកដំណោះស្រាយតាមរយៈការចរចា ដោយបានសង្កត់ធ្ងន់ថា ទាំងទីក្រុងរីយ៉ាដ និងបណ្តាប្រទេសឈូងសមុទ្រផ្សេងទៀត មិនបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់ដែនអាកាស ឬទឹកដីរបស់ពួកគេ ដើម្បីបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ឡើយ។ប្រភពបន្តថា ព្រះអង្គម្ចាស់ Faisal ក៏បានមានបន្ទូលព្រមានផងដែរថា ប្រសិនបើការវាយប្រហាររបស់អ៊ីរ៉ង់ នៅតែបន្តមកលើទឹកដី ឬហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូអ៊ូឌីត នោះអារ៉ាប៊ីសាអ៊ូឌីតនឹងបង្ខំចិត្តអនុញ្ញាតឱ្យកងកម្លាំងសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ពួកគេនៅទីនោះសម្រាប់ប្រតិបត្តិការយោធា ហើយថា ទីក្រុងរីយ៉ាដនឹងសងសឹកវិញ ប្រសិនបើការវាយប្រហារលើទីតាំងថាមពលសំខាន់ៗរបស់ព្រះរាជាណាចក្រនេះ នៅតែបន្ត៕

អ៊ីរ៉ង់ ជិតរកឃើញមេដឹកនាំកំពូលថ្មីរបស់ខ្លួនហើយ ដែលប្រហែលជាកូនប្រុសរបស់លោក Khamenei

2026/03/08 03:24:54 pm        95
លោក Ayatollah Mohammadmehdi Mirbaqeri សមាជិកក្រុមប្រឹក្សាអ្នកជំនាញជាន់ខ្ពស់ ដែលមានភារកិច្ចជ្រើសរើសមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យ (៨ មីនា) នេះថា ស្ថាប័នសាសនាមួយនេះ ជិតរកឃើញអ្នកដែលបន្តតំណែងពីលោក Ayatollah Ali Khamenei ដែលត្រូវបានធ្វើឃាតក្នុងការវាយប្រហារកាលពីសប្ដាហ៍មុន និងស្ទើរតែសម្រេចបាននូវការឯកភាពភាគច្រើនហើយ ខណៈបង្ហើបបែបប្រយោលថា មេដឹកនាំកំពូលថ្មីប្រហែលជាកូនប្រុសរបស់លោក Khamenei។ភ្នាក់ងារសារព័ត៌មាន Mehr បានដកស្រង់សម្តីរបស់លោក Mirbaqeri ដែលបានលើកឡើងថា «ឧបសគ្គមួយចំនួន» នៅតែត្រូវការដោះស្រាយ ពាក់ព័ន្ធនឹងដំណើរការនេះ។ កាលពីថ្ងៃសៅរ៍កន្លងទៅ បព្វជិតជាន់ខ្ពស់មួយរូបនៅក្នុងក្រុមប្រឹក្សាអ្នកជំនាញនេះ បាននិយាយថា សមាជិករបស់ខ្លួននឹងជួបប្រជុំគ្នា «ក្នុងរយៈពេលមួយថ្ងៃ» ដើម្បីជ្រើសរើសមេដឹកនាំកំពូលថ្មី។ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ និយាយថា ក្រុមនេះមានការខ្វែងគំនិតគ្នាបន្តិចបន្តួចលើបញ្ហាដែលថា តើការសម្រេចចិត្តចុងក្រោយរបស់ពួកគេត្រូវតែធ្វើឡើងតាមរយៈការជួបប្រជុំគ្នាដោយផ្ទាល់ ឬអាចប្រកាសចេញដោយមិនចាំបាច់អនុវត្តតាមទម្រង់ផ្លូវការនេះ។លោក Ayatollah Mohsen Heidari Alekasir ដែលជាសមាជិកម្នាក់ទៀតនៃក្រុមប្រឹក្សានេះ បាននិយាយថា ជំនួបទល់មុខគ្នាដោយក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតចុងក្រោយ គឺមិនអាចធ្វើទៅបានទេក្រោមស្ថានភាពបច្ចុប្បន្ន។ លោកបន្តថា បេក្ខជនមួយរូបត្រូវបានជ្រើសរើសរួចទៅហើយ ដោយផ្អែកលើដំបូន្មានរបស់អតីតមេដឹកនាំកំពូលដែលថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គួរតែជាបុគ្គលដែល «សត្រូវស្អប់» មិនមែនជាអ្នកទទួលបានការសរសើរពីសត្រូវនោះឡើយ។ លោក Alekasir បាននិយាយអំពីអ្នកស្នងតំណែងដែលត្រូវបានជ្រើសរើសនោះថា៖ «សូម្បីតែសហរដ្ឋអាមេរិក ក៏បានបញ្ចេញឈ្មោះរបស់បេក្ខភាពមេដឹកនាំកំពូលថ្មីរូបនេះដែរ»។ គួរឱ្យដឹងថា ប៉ុន្មានថ្ងៃមុន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា កូនប្រុសរបស់លោក Khamenei ឈ្មោះលោក Mojtaba គឺជាជម្រើសមួយដែលលោក «មិនអាចទទួលយកបាន» នោះឡើយ៕

ក្រុមគ្រួសារអ្នកដំណើរលើយន្តហោះ MH370 ដែលបាត់ខ្លួន ១២ឆ្នាំមុន ជំរុញឱ្យម៉ាឡេស៊ី ពង្រីកការស្វែងរក

2026/03/08 02:20:24 pm        102
នៅថ្ងៃអាទិត្យ (៨ មីនា) នេះ ក្រុមគ្រួសារជនរងគ្រោះលើជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជំរុញឱ្យរដ្ឋាភិបាលម៉ាឡេស៊ី បន្តកិច្ចសន្យាដែលខ្លួនបានធ្វើជាមួយក្រុមហ៊ុនរុករកបាតសមុទ្រជ្រៅ Ocean Infinity ដើម្បីបន្តការស្វែងរកយន្តហោះ ដែលបាត់ខ្លួនកាលពី ១២ ឆ្នាំមុន។គួររម្លឹកថា យន្តហោះប្រភេទប៊ូអ៊ីង 777 នេះ បានដឹកអ្នកដំណើរ ២២៧ នាក់ និងបុគ្គលិក ១២ នាក់ ហើយបានបាត់ខ្លួនអំឡុងពេលហោះហើរពីទីក្រុងគូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដែលបានក្លាយជាអាថ៌កំបាំងអាកាសចរណ៍ដ៏យូរអង្វែងបំផុតមួយរបស់ពិភពលោក។ ប្រតិបត្តិការស្វែងរកយន្តហោះជាច្រើនលើក ត្រូវបានធ្វើឡើងក្នុងតំបន់ភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា ចាប់តាំងពីពេលនោះមក ប៉ុន្តែការស្វែងរកទាំងអស់សុទ្ធតែមិនទទួលលទ្ធផល។កាលពីខែមីនាឆ្នាំមុន ម៉ាឡេស៊ី បានអនុញ្ញាតឱ្យក្រុមហ៊ុន Ocean Infinity បន្តការស្វែងរកឡើងវិញក្រោមគោលការណ៍ «រកមិនឃើញ មិនយកប្រាក់» ដោយក្រុមហ៊ុននេះ នឹងទទួលបានប្រាក់កម្រៃចំនួន ៧០ លានដុល្លារ ប្រសិនបើរកឃើញបំណែកយន្តហោះដោយជោគជ័យ។ការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាសរបស់ម៉ាឡេស៊ី (AAIB) បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រតិបត្តិការមិនទាន់ទទួលបានផ្លែផ្កាអ្វីឡើយមកទល់ពេលនេះ បន្ទាប់ពីការស្វែងរកចំនួនពីរដំណាក់កាលមានរយៈពេល ២៨ថ្ងៃ ដែលគ្របដណ្តប់ផ្ទៃបាតសមុទ្រប្រមាណ ៧.៥៧១ គីឡូម៉ែត្រក្រឡា ហើយប្រតិបត្តិការបានរងភាពរអាក់រអួលជាប្រចាំដោយសារអាកាសធាតុ និងស្ថានភាពសមុទ្រ ដោយដំណាក់កាលទីពីរបានបញ្ចប់កាលពីថ្ងៃទី២៣ ខែមករា។ក្រុម Voice370 ដែលជាក្រុមតំណាងឱ្យគ្រួសារអ្នកនៅលើយន្តហោះនោះ បាននិយាយថា ក្រុមហ៊ុន Ocean Infinity ប្រហែលជាមិនបន្តការស្វែងរកឡើងវិញទេ មុនកិច្ចសន្យារបស់ខ្លួនបញ្ចប់នៅខែមិថុនា ខាងមុខនេះ ដោយសារតែរដូវរងាជិតមកដល់នៅអឌ្ឍគោលខាងត្បូង និងស្ថានភាពសមុទ្រកាន់តែអាក្រក់ទៅៗ។ ក្រុមនេះបានជំរុញឱ្យរដ្ឋាភិបាលម៉ាឡេស៊ី យល់ព្រមលើរាល់សំណើសុំបន្តកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Ocean Infinity ក៏ដូចជាពង្រីកលក្ខខណ្ឌដូចគ្នានេះដល់ក្រុមហ៊ុនរុករកផ្សេងទៀតដែលចាប់អារម្មណ៍លើបេសកកម្មនេះផងដែរ៕

ចិន លើកពីសារៈសំខាន់នៃកិច្ចចរចាជាមួយសហរដ្ឋអាមេរិក មុនជំនួបកំពូលមេដឹកនាំ នៅចុងខែមីនានេះ

2026/03/08 02:12:03 pm        126
ប្រមុខការទូតរបស់ប្រទេសចិន បាននិយាយនៅថ្ងៃអាទិត្យ (៨ មីនា) នេះថា កិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងចិន គឺមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការគណនាខុសណាមួយ ដែលអាចបង្កការខូចខាតដល់ពិភពលោក នៅមុនពេលជំនួបកំពូលដែលគ្រប់មជ្ឈដ្ឋានទន្ទឹងរង់ចាំយ៉ាងខ្លាំងនៅចុងខែមីនានេះ រវាងមេដឹកនាំចិន លោក ស៊ី ជីនពីង និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ការខកខានក្នុងការប្រាស្រ័យទាក់ទងរវាងប្រទេសទាំងពីរ នឹងនាំឱ្យមានការយល់ច្រឡំ និងការវាយតម្លៃខុស ដែលឈានទៅរកការប្រឈមមុខដាក់គ្នា និងធ្វើឱ្យប៉ះពាល់ដល់ពិភពលោក»។លោក វ៉ាង បន្ថែមថា៖ «របៀបវារៈសម្រាប់ការផ្លាស់ប្តូរមតិកម្រិតខ្ពស់ (ជាមួយសហរដ្ឋអាមេរិក) គឺរួចរាល់ហើយ អ្វីដែលចាំបាច់ គឺភាគីទាំងពីរត្រូវត្រៀមលក្ខណៈឱ្យបានហ្មត់ចត់ ដើម្បីបង្កើតបរិយាកាសអំណោយផលដើម្បីគ្រប់គ្រងការខ្វែងគំនិតគ្នា» ប៉ុន្តែលោកមិនលម្អិតនោះឡើយ។ មន្ត្រីសេតវិមានមួយរូបបានបញ្ជាក់ថា លោក ត្រាំ នឹងទៅទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា៕ស្របពេលប្រធានាធិបតីអាមេរិក កំពុងផ្តោតលើសង្រ្គាមដែលលោក និងអ៊ីស្រាអែលបានចាប់ផ្ដើម ប្រឆាំងនឹងអ៊ីរ៉ង់ ក្រុមអ្នកវិភាគកំពុងតាមដានមើលថា តើដំណើរទស្សនកិច្ចរបស់លោក ដើម្បីជួបលោក ស៊ី នឹងប្រព្រឹត្តទៅដែរឬទេ។ ពាក់ព័ន្ធនឹងបញ្ហាអ៊ីរ៉ង់ លោក វ៉ាង បានជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធា ដោយលើកឡើងថា សង្រ្គាមនេះមិនគួរកើតឡើងឡើយ ហើយការប្រើប្រាស់កម្លាំងបាយ មិនមែនជាមធ្យោបាយដោះស្រាយបញ្ហានោះទេ៕

បំណាក់ដីវាយប្រហារតំបន់ Ayacucho របស់ប៉េរូ បណ្តាលឲ្យផ្ទះសម្បែងពលរដ្ឋរាប់រងខ្នងរងការខូចខាត

2026/03/08 01:57:18 pm        80
បំណាក់ដី និងទឹកហូរប្រៀបច្រាំងនៅទន្លេ Sanquirhuato បណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរនៅស្រុក Ayna ស្ថិតក្នុងតំបន់ Ayacucho របស់ប្រទេសប៉េរូ ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋរាប់រយខ្នង និងធ្វើឲ្យអ្នកស្រុកជាច្រើនគ្រួសារ ស្វែងរកទីជម្រក ។វិទ្យាស្ថានជាតិការពារជនស៊ីវិល(INDECI)របស់ប៉េរូ និយាយថា ទឹកជំនន់បានធ្វើឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ ២៤៣ខ្នង សាលារៀន ២កន្លែង និងស្ពានមួយកន្លែង រងការខូចខាត ខណៈផ្លូវថ្នល់ មណ្ឌលសុខភាព និងអគារពាណិជ្ជកម្ម រងផលប៉ះពាល់ផងដែរ ។វិទ្យាស្ថាន INDECI និយាយថា រដ្ឋបាលតំបន់ Ayacucho និងអាជ្ញាធរក្នុងស្រុក បានសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌រួមទាំងសម្ភារៈប្រក់ដំបូលផ្ទះ ជម្រក ចំណីអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងទៀតដល់អ្នករងផលប៉ះពាល់ ។គ្រឿងចក្រធន់ធ្ងន់ រួមទាំងរថយន្តដឹកសំរាម ត្រូវបានបញ្ជូនឲ្យទៅបោសសម្អាត និងស្តាដងផ្លូវឡើងវិញ ក្នុងនោះទាហានប៉េរូ ៥២នាក់ កំពុងជួយនៅតាមតំបន់រស់នៅរបស់អ្នកស្រុក និងតាមផ្លូវជនបទ ដែលបន្តបិទចំពោះការធ្វើចរាចរណ៍ ៕

មនុស្សយ៉ាងហោច ២៣នាក់ស្លាប់ ក្នុងទឹកជំនន់នៅទីក្រុង Nairobi ប្រទេសកេនយ៉ា

2026/03/08 11:48:23 am        107
ទឹកជំនន់ដ៏គំហក់វាយប្រហារទាំងយប់ទីក្រុង Nairobi ប្រទេសកេនយ៉ា បណ្តាលឲ្យមនុស្សយ៉ាងហោច២៣នាក់ បាត់បង់អាយុជីវិត ស្របពេលដែលក្រុមជួយសង្រ្គោះ និងក្រុមនគរបាលជួយជនរងគ្រោះចេញពីផ្លូវរងការជន់លិច សំណង់អគារបាក់ និងរថយន្តរងការខូចខាត ។រថយន្តនគរបាល បានធ្វើដំណើរឆ្លងកាត់សង្កាត់រងការជន់លិច ដើម្បីស្រង់សាកសពមនុស្សចេញពីកម្ទេចកម្ទីរដែលរាយប៉ាយពាសពេញផ្លូវ ហើយរថយន្តត្រូវបានគេបោះបង់ចោលក្នុងទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្កាត់Grogan Road ហើយនិងស្រុកឧស្សាហកម្មជុំវិញ ។រថយន្តត្រូវបានក្រឡាប់ ឬត្រូវទឹកហូរនាំយកទៅ ក្នុងនោះអ្នកស្រុកមួយចំនួនមិនអាចគេចផុតពីទឹកជំនន់បានឡើយ។លោក John Mwai គឺជាអ្នកបើកបររថយន្តក្រុងមួយរូបនៅក្នុងទីក្រុងNairobiនិយាយថា រថយន្តរបស់លោកបានជាប់ក្នុងទឹកជំនន់ក្រោយស្ទះចរាចរណ៍រាប់ម៉ោង ។ លោកថា រូបលោក និងអ្នកដំណើរក្នុងរថយន្តរបស់លោក បានធ្វើការរួមគ្នាដើម្បីទៅដល់ទីសុវត្ថិភាព ដោយផ្តលអាទិភាពមុនគេដល់ស្រ្តី និងកុមារពេលដែលរថយន្តក្រុងរបស់លោកចាប់ផ្តើមទឹកហូរចូល ។យោងតាមការអះអាងរបស់ក្រសួងឧតុនិយមកេនយ៉ាបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្តបង្អុរចុះរហូតដល់យប់ថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM