ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

មន្ត្រីមន្ទីរបញ្ចកោណ៖អាមេរិក ចាយលុយប្រហែល ៦ពាន់លានដុល្លារក្នុងសប្តាហ៍ដំបូងនៃសង្គ្រាមអ៊ីរ៉ង់

2026/03/09 10:47:24 am        130
មន្ត្រីមន្ទីរបញ្ចកោណបានប្រាប់សភាថា សប្តាហ៍ដំបូងនៃយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់បានចាយលុយប្រហែល ៦ពាន់លានដុល្លារ ដោយចំណាយប្រហែល ៤ពាន់លានដុល្លារលើគ្រាប់រំសេវ និងប្រព័ន្ធស្ទាក់ចាប់មីស៊ីលទំនើប។យោងតាមកាសែត New York Times ប្រហែល ៤ពាន់លានដុល្លារត្រូវបានចាយសម្រាប់ការចំណាយលើគ្រាប់រំសេវ និងឧបករណ៍ស្ទាក់ចាប់មីស៊ីលទំនើបដែលត្រូវបានផលិតឡើងដើម្បីបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់។តួលេខនេះ ត្រូវបានបង្ហាញអំឡុងពេលពិភាក្សាក្នុងសភាកាលពីចុងសប្តាហ៍នេះ ដែលក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់ក៏បានចង្អុលបង្ហាញផងដែរថា មូលនិធិបន្ថែមនឹងត្រូវបានទាមទារដើម្បីរក្សាប្រតិបត្តិការ និងបំពេញស្តុកដែលអស់។ យោងតាមកាសែតប្រចាំថ្ងៃរបស់អាមេរិកខាងលើ គោលដៅអ៊ីរ៉ង់ប្រហែល៤.០០០ កន្លែង ត្រូវបានវាយប្រហារ រួមទាំងជើងទម្របាញ់មីស៊ីល នាវាកងទ័ពជើងទឹក និងប្រព័ន្ធការពារដែនអាកាស ដែលធ្វើឲ្យខូចសមត្ថភាពរបស់ទីក្រុងតេអេរ៉ង់យ៉ាងខ្លាំងក្នុងការសងសឹក ។ ឧត្តមនាវីឯក Brad Cooper ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា ការបាញ់មីស៊ីលផ្លោងរបស់អ៊ីរ៉ង់បានធ្លាក់ចុះ ៩០% ចាប់តាំងពីថ្ងៃដំបូងនៃការប្រយុទ្ធ ខណៈការវាយប្រហារដោយយានដ្រូនបានធ្លាក់ចុះ ៨៣%។ យ៉ាងណាក៏ដោយ ប្រទេសនេះនៅតែមានឃ្លាំងអាវុធដ៏គួរឱ្យខ្លាច រួមទាំងកម្មវិធីមីស៊ីលប្រមាណ ៥០% របស់ខ្លួន។អ៊ីរ៉ង់បានសងសឹកដោយការបាញ់ស្រោចដាក់គោលដៅលើមូលដ្ឋានយោធា អគារការទូត និងកងកម្លាំងអាមេរិកទូទាំងតំបន់ ព្រមទាំងទីក្រុងជាច្រើនរបស់អ៊ីស្រាអែល៕

សហរដ្ឋអាមេរិក និយាយថាខ្លួននឹងមិនវាយប្រហារវិស័យថាមពលរបស់អ៊ីរ៉ង់ទេ

2026/03/09 10:43:26 am        136
រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright បាននិយាយកាលពីថ្ងៃអាទិត្យ ទី៨ ខែមីនា ថា សហរដ្ឋអាមេរិកនឹងបញ្ចៀសហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ខណៈខ្លួនកំពុងធ្វើសង្គ្រាមរួមជាមួយអ៊ីស្រាអែលប្រឆាំងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ដោយតម្លៃប្រេងហក់ឡើងខ្លាំង លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា ការរំខានដល់ឧស្សាហកម្មប្រេងនិងឧស្ម័ន នឹងមានរយៈពេលខ្លីប៉ុណ្ណោះ ជា «ករណីអាក្រក់បំផុត មានរយៈពេល ពីរ ឬបីសប្តាហ៍ មិនរហូតដល់រាប់ខែទេ»។អ៊ីស្រាអែល បានវាយប្រហារទីតាំងស្តុកប្រេងនៅក្នុង និងជុំវិញទីក្រុងតេអេរ៉ង់ បង្កឱ្យមានអគ្គិភ័យដ៏ធំក្នុងការវាយប្រហារបែបនេះជាលើកដំបូងដែលត្រូវបានរាយការណ៍ចាប់តាំងពីសង្គ្រាមចាប់ផ្តើមកាលពីចុងសប្តាហ៍មុន។ លោក Wright ទំនងជាបាននិយាយសម្រាលពីរឿងនេះ។លោក Wright បាននិយាយថា «សហរដ្ឋអាមេរិក មិនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលទេ។ ពុំមានផែនការដើម្បីកំណត់គោលដៅឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ឧស្សាហកម្មឧស្ម័នធម្មជាតិរបស់ប្រទេសនេះ ឬអ្វីៗអំពីឧស្សាហកម្មថាមពលរបស់ពួកគេទេ»។ សង្គ្រាមនេះ បានបិទច្រកសមុទ្រ Hormuz ស្ទើរតែទាំងស្រុង ដែលតាមរយៈនេះ ប្រេងឆៅជិត២០ភាគរយរបស់ពិភពលោក និងឧស្ម័នធម្មជាតិរាវប្រហែល២០ភាគរយជាធម្មតាឆ្លងកាត់ច្រកសមុទ្រ Hormuz ។ក្រុមហ៊ុនធានារ៉ាប់រង AAA របស់សហរដ្ឋអាមេរិក បាននិយាយថា តម្លៃប្រេងសាំងនៅស្ថានីយប្រេងរបស់សហរដ្ឋអាមេរិកបានកើនឡើង១៦ភាគរយ និងប្រេងម៉ាស៊ូតកើនឡើង២២ភាគរយ។ គេហទំព័រ GasBuddy និយាយថា ប្រេងម៉ាស៊ូត ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការដឹកជញ្ជូនទំនិញ មិនធ្លាប់មានតម្លៃថ្លៃបែបនេះទេចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចរបស់លោក Trump ទៅចិនទំនងមិននាំមកនូវវឌ្ឍភាពនោះទេ ខណៈមានបំណងរក្សាស្ថិរភាព

2026/03/09 10:14:16 am        92
បុគ្គលចំនួនប្រាំរូប ដែលត្រូវបានរាយការណ៍អំពីការរៀបចំសម្រាប់ជំនួប បាននិយយាថា កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping នៅខែនេះ ទំនងជាមិនបង្កើតបានឱកាសសម្រាប់ការកំណត់ឡើងវិញនូវទំនាក់ទំនងធុរកិច្ច និងវិនិយោគមានកម្រិតនោះទេ។ បណ្ដាមេដឹកនាំធុរកិច្ចអាមេរិកនៅដំណាក់កាលនេះ ពុំធានាបាននូវដំណើរគណៈប្រតិភូនាយកប្រតិបត្តិ ដែលមនុស្សមួយចំនួនបានត្រៀមទុកនោះទេ។ ម្យ៉ាងវិញទៀត ពុំមានសូចនាករណាមួយបង្ហាញថា ទីក្រុងប៉េកាំងកំពុង ត្រៀមការពារការវិនិយោគដែលខ្លួនបានស្វែងរកក្នុងតំណាងក្រុមហ៊ុនចិនដែរ។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងសម្លឹងមើលការរក្សាស្ថិរភាពដែលបានកំណត់លក្ខណៈទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកចាប់តាំងពីចុងឆ្នាំមុន បន្ទាប់ពីរយៈពេលដ៏ជូរចត់ត្រូវបានបង្កឡើងដោយសង្គ្រាមពន្ធរបស់លោក Trump និងការរឹតត្បិតរបស់ប្រទេសចិនលើការនាំចេញរ៉ែដ៏កម្រ។ ប៉ុន្តែក្រុមហ៊ុនអាមេរិកមួយចំនួនក៏បានបង្ហាញក្តីសង្ឃឹមផងដែរថាដំណើរទស្សនកិច្ចរបស់លោក Trump អាចទៅឆ្ងាយជាងភ្លើងខៀវសម្រាប់កិច្ចព្រមព្រៀងលើការទិញសណ្តែកសៀង និងយន្តហោះ Boeing របស់ចិន ដែលកំពុងត្រូវបានពិចារណារួចហើយ។មន្ត្រីអាមេរិកមួយរូបបានប្រាប់សារព័ត៌មាន Reuters កាលពីខែមុនថា លោក Trump នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា ខាងមុខនេះ។ ប្រទេសចិនមិនទាន់បានបញ្ជាក់ពីដំណើរទស្សនកិច្ចនេះនៅឡើយទេ ប៉ុន្តែអ្នកការទូតជាន់ខ្ពស់របស់ខ្លួនបាននិយាយកាលពីថ្ងៃអាទិត្យថា របៀបវារៈសម្រាប់ការផ្លាស់ប្តូរគឺ នៅលើតុ៕

ក្រុមហេសបូឡា និយាយថាកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែលដែលចុះចតនៅខាងកើតលីបង់

2026/03/09 09:59:17 am        207
ក្រុមហេសបូឡា នៅថ្ងៃចន្ទ ទី៩ ខែមីនានេះ បាននិយាយថា ខ្លួនកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល ដែលបានចុះចតនៅភាគខាងកើតប្រទេសលីបង់ដោយឧទ្ធម្ភាគចក្រឆ្លងកាត់ព្រំដែនប្រទេសស៊ីរី ក្នុងពេលមានសង្គ្រាមថ្មីរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនៅប្រទេសលីបង់បាននិយាយថាខ្លួនបានឃើញ «ការជ្រៀតចូលនៃឧទ្ធម្ភាគចក្រសត្រូវអ៊ីស្រាអែលប្រហែល១៥គ្រឿង» ពីខាងប្រទេសស៊ីរីនៅព្រំដែនភាគខាងកើតប្រទេសលីបង់។ក្រុមនេះបាននិយាយថាយន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារឧទ្ធម្ភាគចក្រនិងកងកម្លាំងជ្រៀតចូលដោយប្រើប្រាស់អាវុធដ៏សមស្រប ហើយការប្រឈមមុខដាក់គ្នា កំពុងនៅបន្ត។ប្រជាជនរាប់ម៉ឺននាក់នៅក្នុងទីក្រុងបេរូត រដ្ឋធានីប្រទេសលីបង់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ចាប់តាំងពីកងទ័ពអ៊ីស្រាអែលបានចេញបញ្ជាមិនធ្លាប់មានពីមុនមកសម្រាប់ប្រជាជននៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ឱ្យជម្លៀសចេញជាបន្ទាន់។យោធាអ៊ីស្រាអែល ក៏បានព្រមានប្រជាជនកុំឱ្យធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសលីបង់ ដោយនិយាយថា ការធ្វើដំណើរណាមួយក្នុងទិសដៅនោះអាចធ្វើឱ្យជីវិតរបស់ពួកគេជួបគ្រោះថ្នាក់ ហើយពួកគេនឹងត្រូវបានផ្តល់ព័ត៌មាននៅពេលដែលមានសុវត្ថិភាពក្នុងការវិលត្រឡប់ទៅលំនៅឋានវិញ។ អង្គការ UNHCR ជាទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានប្រកាសពីស្ថានភាពនៅក្នុងប្រទេសលីបង់ ថា ជាគ្រាអាសន្នមនុស្សធម៌ដ៏ធំ។

មនុស្សជាងកន្លះលាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងនៅលីបង់ ខណៈអ៊ីស្រាអែលបង្កើនការវាយប្រហារ

2026/03/09 09:56:26 am        106
មនុស្សជាងកន្លះលាននាក់នៅក្នុងប្រទេសលីបង់ត្រូវបានចុះឈ្មោះជាអ្នកភៀសខ្លួនចេញពីផ្ទះសម្បែងបន្ទាប់ពីការប្រយុទ្ធគ្នាបានចាប់ផ្តើមឡើងវិញរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្រោយសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃសៅរ៍២៨កុម្ភៈមក។មនុស្សរាប់ម៉ឺននាក់ក្នុងរដ្ឋធានីបេរូត (Beirut) ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានចាប់តាំងពីកងទ័ពអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានចេញបញ្ជាជម្លៀសមិនធ្លាប់មានឲ្យប្រជាពលរដ្ឋក្នុងតំបន់នានាភាគខាងត្បូងរដ្ឋធានីចាកចេញជាបន្ទាន់ ដែលបានក្លាយជាការជម្លៀសទ្រង់ទ្រាយធំលើកដំបូងសម្រាប់តំបន់នេះ។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលីបង់ លោកស្រី Haneen Sayed បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា ចំនួនសរុបរបស់អ្នកបានចុះឈ្មោះនៅលើគេហទំព័រដែលមានទំនាក់ទំនងជាមួយក្រសួង បានឈានដល់ ៥១៧.០០០ នាក់ រួមទាំង ១១៧.២២៨ នាក់នៅក្នុងជម្រករដ្ឋាភិបាល ចាប់តាំងពីការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់បានចាប់ផ្តើមឡើងវិញកាលពីថ្ងៃចន្ទសប្ដាហ៍មុន។ការប្រកាសនេះបានកើតឡើង ខណៈអ៊ីស្រាអែលបានពង្រីកយុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់ ដោយវាយប្រហារជាលើកដំបូងចូលទៅក្នុងកណ្ដាលរដ្ឋធានីបេរូត ជាការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងជម្លោះដែលបានសម្លាប់មនុស្ស ៣៩៤ នាក់នៅប្រទេសលីបង់ក្នុងរយៈពេលមួយសប្តាហ៍ រួមទាំងកុមារ ៨៣ នាក់ ស្ត្រី ៤២ នាក់ និងបុគ្គលិកជួយសង្គ្រោះ ៩ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់។កាលពីព្រឹកថ្ងៃអាទិត្យ៨មីនា យានដ្រូនរបស់អ៊ីស្រាអែលមួយគ្រឿងបានវាយប្រហារបន្ទប់សណ្ឋាគារមួយនៅតំបន់ Raouche ជាសង្កាត់មាត់សមុទ្ររបស់រដ្ឋធានីលីបង់ និងជាទីពេញនិយមសម្រាប់អ្នកទេសចរ។ប្រទេសលីបង់ត្រូវបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមឡើងវិញកាលពីថ្ងៃចន្ទ ២មីនាសប្ដាហ៍មុន នៅពេលក្រុមហេសបូឡាបានបាញ់រ៉ូកែត និងយានដ្រូនចូលក្នុងប្រទេសអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីខែមុន៕

លោកTrump ការពារការសម្រេចចិត្តសង្គ្រាមនៅអ៊ីរ៉ង់ខណៈតម្លៃប្រេងឡើងលើសពី១០០ដុល្លារក្នុង១បារ៉ែល

2026/03/09 09:32:42 am        139
តម្លៃប្រេងបានហក់ឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែលជាលើកដំបូងក្នុងរយៈពេលជិតបួនឆ្នាំមកនេះកាលពីថ្ងៃអាទិត្យ ទី៨ ខែមីនា ដោយសារការព្រួយបារម្ភថាសង្គ្រាមនៅមជ្ឈិមបូព៌ាដែលកំពុងរីកធំអាចបង្កើតការរំខានដល់ការផ្គត់ផ្គង់អូសបន្លាយពេលយូរ។ សន្ទស្សន៍ប្រេងឆៅទាំង West Texas Intermediate (WTI) និងប្រេង Brent បានកើនឡើងជាង១៥ភាគរយ ខណៈទីផ្សារបានបើកកាលពីល្ងាចថ្ងៃអាទិត្យ ដោយឈានដល់កម្រិតមិនធ្លាប់មានចាប់តាំងពីខែដំបូងនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។ ទោះជាយ៉ាងណា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានច្រានចោលការកើនឡើងនេះថាជា «កិច្ចប្រឹងប្រែង» ដើម្បីលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបញ្ជាក់ជាថ្មីនូវការទទូចរបស់សេតវិមានថាការកើនឡើង គឺបណ្តោះអាសន្ន។ លោកបានសរសេរនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «តម្លៃប្រេងក្នុងរយៈពេលខ្លី នឹងធ្លាក់ចុះយ៉ាងឆាប់រហ័សនៅពេលដែលការបំផ្លាញការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់បញ្ចប់ ជាកិច្ចប្រឹងប្រែងដើម្បីសហរដ្ឋអាមេរិក និងពិភពលោក សុវត្ថិភាព និងសន្តិភាព»។ លោកបានអះអាងថា «មានតែមនុស្សឆោតល្ងង់ប៉ុណ្ណោះ ដែលគិតផ្សេងពីនេះ»។ ចរាចរណ៍តាមសមុទ្រនៅច្រកសមុទ្រ Hormuz ដែលប្រេងឆៅនិងឧស្ម័នសកល២០ភាគរយឆ្លងកាត់ ស្ទើរតែឈប់ដំណើរការចាប់តាំងពីសង្គ្រាមចាប់ផ្តើមនៅថ្ងៃទី២៨ខែកុម្ភៈ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតប្រេង និងឧស្ម័ននៅជុំវិញតំបន់ឈូងសមុទ្របានចាប់ផ្តើមកាត់បន្ថយទិន្នផល ខណៈការវាយប្រហាររបស់អ៊ីស្រាអែលលើឃ្លាំងប្រេងឥន្ធនៈនៅទីក្រុងតេអេរ៉ង់បានបង្កើនការព្រួយបារម្ភពីការវាយប្រហារសងសឹកលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជិតខាង។ កាលពីថ្ងៃអាទិត្យ ប្រធានថាមពលរបស់លោក Trump គឺលោក Chris Wright បានអះអាងថាការរំខាននេះនឹងមានរយៈពេលខ្លីប៉ុណ្ណោះ។ រដ្ឋមន្ត្រីថាមពលអាមេរិកបានប្រាប់ CNN ថា «ករណីអាក្រក់បំផុត អាចមានរយៈពេលពីរឬបីសប្តាហ៍ ពុំមែនរហូតដល់រាប់ខែទេ ព្រោះពិភពលោកត្រូវបានផ្គត់ផ្គង់ប្រេងយ៉ាងល្អ»។

អ៊ីរ៉ង់ តែងតាំងលោក Mojtaba Khamenei កូនប្រុសលោក Ali Khamenei ជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់

2026/03/09 08:32:02 am        138
ក្រុមបព្វជិតកាន់អំណាចរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ៨មីនា បានតែងតាំងកូនប្រុសរបស់មេដឹកនាំដែលត្រូវបានសម្លាប់គឺលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មីរបស់ប្រទេសនេះ នៅចំពោះមុខការគំរាមកំហែងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងរូបលោក។ប្រាំបួនថ្ងៃបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល បានសម្លាប់លោក Ali Khamenei និងបានធ្វើឱ្យមជ្ឈិមបូព៌ាធ្លាក់ចូលក្នុងសង្គ្រាម សភាអ្នកជំនាញរបស់រដ្ឋាភិបាលបព្វជិតបានកោះប្រជុំដើម្បីជ្រើសរើសមេដឹកនាំបន្ទាប់របស់ពួកគេ។ ស្ថាប័នបព្វជិតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Mojtaba Khamenei វ័យ៥៦ ឆ្នាំ ត្រូវបានតែងតាំង និងណែនាំជាមេដឹកនាំទីបីនៃប្រព័ន្ធពិសិដ្ឋរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដោយផ្អែកលើការបោះឆ្នោតសម្រេចរបស់ក្រុមអ្នកតំណាងដ៏គួរឱ្យគោរពនៃសភាអ្នកជំនាញ ។ ស្ថាប័ននេះបាននិយាយថា ស្ថាប័នបព្វជិត មិនស្ទាក់ស្ទើរសូម្បីតែមួយនាទីក្នុងការជ្រើសរើសមេដឹកនាំថ្មីឡើយ ទោះបីជា ការឈ្លានពានយ៉ាងសាហាវពីអាមេរិក និងរបបជ្វីហ្វក៏ដោយ។លោក Mojtaba ជាបព្វជិតជាន់ខ្ពស់មួយរូបដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ (IRGC) ត្រូវបានមើលឃើញជាយូរមកហើយពីស្ថាប័នកាន់អំណាចរបស់អ៊ីរ៉ង់ថាជាអ្នកស្នងតំណែងដ៏មានសក្តានុពីឪពុករបស់លោក ដែលត្រូវបានសម្លាប់បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់។ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់បានបដិសេធដោយលើកឡើងថា លោក Mojtaba Khamenei នៅក្មេង និងជាមនុស្សគីឡូស្រាល ហើយបានទទូចម្តងទៀតកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក គួរតែមានសិទ្ធិនិយាយនៅក្នុងការតែងតាំងមេដឹកនាំថ្មី៕

ប្រភព៖ អាមេរិក នឹងបញ្ជូនប្រព័ន្ធប្រឆាំងដ្រូនទៅមជ្ឈិមបូព៌ា បន្ទាប់ពីការប្រើប្រាស់ជោគជ័យនៅអ៊ុយក្រែន

2026/03/08 05:51:48 pm        136
មន្ត្រីអាមេរិកពីររូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃសុក្រកន្លងទៅថា ប្រព័ន្ធប្រឆាំងយានដ្រូនរបស់សហរដ្ឋអាមេរិក ដែលត្រូវបញ្ចាក់ថាមានប្រសិទ្ធភាពក្នុងការកម្ចាត់ដ្រូនរុស្ស៊ីនៅជម្លោះអ៊ុយក្រែន នឹងត្រូវបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា នាពេលឆាប់ៗនេះ ដើម្បីពង្រឹងការការពាររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងយានដ្រូនរបស់អ៊ីរ៉ង់។ប្រភពមន្ត្រីការពារជាតិអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ទោះបីជាសហរដ្ឋអាមេរិក បានប្រើប្រាស់ប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូត និង THAAD ដើម្បីបាញ់ទម្លាក់មីស៊ីលរបស់អ៊ីរ៉ង់ ដោយជោគជ័យក៏ដោយ ក៏ប៉ុន្តែ បច្ចុប្បន្នមានប្រព័ន្ធការពារប្រឆាំងយានដ្រូនដែលមានប្រសិទ្ធភាពក្នុងកម្រិតកំណត់ប៉ុណ្ណោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។ប្រភពមន្ត្រីអាមេរិកមួយរូបទៀតបាននិយាយថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិក ក្នុងការទប់ទល់នឹងដ្រូនប្រភេទ Shahed របស់អ៊ីរ៉ង់ គឺមានសភាព «គួរឱ្យខកចិត្ត» ជាពិសេសដោយសារតែដ្រូនដែលបាញ់ដោយអ៊ីរ៉ង់ គឺជាជំនាន់ធម្មតាបំផុតនៃប្រភេទដ្រូនដែលរុស្ស៊ីកំពុងបន្តកែលម្អ និងធ្វើបច្ចុប្បន្នភាពឥតឈប់ឈរនៅក្នុងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។កិច្ចប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពប្រឆាំងដ្រូនរបស់អាមេរិកនៅមជ្ឈិមបូព៌ា បានបង្ហាញពីក្តីបារម្ភលើការរៀបចំផែនការសម្រាប់ការសងសឹករបស់អ៊ីរ៉ង់នៅទូទាំងតំបន់ ចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។ អ៊ីរ៉ង់ សន្យាឈប់វាយប្រហារបណ្តាប្រទេសនៅឈូងសមុទ្រពែក្សទៀតហើយ។ នៅមុននោះ បណ្ដារដ្ឋឈូងសមុទ្រទាំងនោះបានត្អូញត្អែរថា ពួកគេពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីត្រៀមលក្ខណៈសម្រាប់ហ្វូងដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ដែលបាញ់ស្រោចលើទឹកដីរបស់ពួកគេនោះទេ៕

កងទ័ពនីហ្សេរីយ៉ា សម្លាប់ពួកសកម្មប្រយុទ្ធជាង ៤០នាក់ ក្នុងការប៉ះទង្គិចនៅរដ្ឋភាគពាយព្យដ៏ហិង្សា

2026/03/08 05:49:17 pm        103
រដ្ឋាភិបាលប្រចាំរដ្ឋ Katsina របស់នីហ្សេរីយ៉ា បាននិយាយកាលពីថ្ងៃសៅរ៍ (៧ មីនា) ថា កងទ័ពនីហ្សេរីយ៉ា បានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ៤៥ នាក់ នៅក្នុងតំបន់ភាគពាយព្យនៃប្រទេស។លោក Nasir Mua’zu ស្នងការរដ្ឋទទួលបន្ទុកសន្តិសុខផ្ទៃក្នុង និងកិច្ចការក្នុងស្រុក បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ះទង្គិចរវាងកងទ័ព និងក្រុមខ្មាន់កាំភ្លើងទាំងនោះ បានកើតឡើងកាលពីថ្ងៃសុក្រកន្លងទៅ នៅក្នុងតំបន់ Danmusa នៃរដ្ឋ Katsina។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីមានការព្យាយាមមិនបានសម្រេចរបស់ក្រុមខ្មាន់កាំភ្លើង ក្នុងការលួចសត្វពាហនៈរបស់អ្នកស្រុក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។គួរឱ្យដឹងថា នីហ្សេរីយ៉ាកំពុងប្រឈមមុខនឹងវិបត្តិសន្តិសុខដ៏ស្មុគស្មាញបំផុតពីសំណាក់ក្រុមប្រដាប់អាវុធផ្សេងៗគ្នា ជាពិសេសនៅភាគខាងជើងនៃប្រទេស។ សហរដ្ឋអាមេរិក បានបញ្ជូនកងទ័ពទៅកាន់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ ដើម្បីជួយផ្តល់ប្រឹក្សាដល់កងទ័ពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងអសន្តិសុខ។ក្នុងចំណោមក្រុមសកម្មប្រយុទ្ធអ៊ិស្លាមនិយមដែលលេចធ្លោជាងគេ រួមមានក្រុម Boko Haram និងក្រុមផ្ដាច់ខ្លួនផ្សេងទៀតដែលមានសម្ព័ន្ធភាពជាមួយក្រុមរដ្ឋអ៊ិស្លាម (ISIS) និងត្រូវបានគេស្គាល់ថាជា «រដ្ឋអ៊ិស្លាមខេត្តអាហ្វ្រិកខាងលិច» (ISWAP)។ ក្រៅពីនេះ ក៏មានក្រុម Lakurawa ដែលមានទំនាក់ទំនងជាមួយ ISIS ក៏ដូចជាក្រុម «ចោរប្លន់» ផ្សេងទៀត ដែលជំនាញខាងចាប់ជំរិតទារប្រាក់ និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ផងដែរ៕

ទឹកជំនន់វាយប្រហារភាគខាងជើងអូស្ត្រាលី ខណៈអាជ្ញាធរព្រមានអ្នកស្រុកពី «សត្វក្រពើគ្រប់ទីកន្លែង»

2026/03/08 05:46:42 pm        112
នគរបាលនៅរដ្ឋភាគខាងជើង Northern Territory នៃប្រទេសអូស្ត្រាលី បានព្រមានអំពី «វត្តមានសត្វក្រពើនៅគ្រប់ទីកន្លែង» នៅថ្ងៃអាទិត្យ (៨ មីនា) នេះ បន្ទាប់ពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរបានវាយប្រហារនៅតំបន់នោះ ហើយបាននិយាយថា អាជ្ញាធរបានជម្លៀសមនុស្សជាង ១ពាន់នាក់នៅទូទាំងរដ្ឋ ទៅកាន់ទីជម្រកសុវត្ថិភាព បន្ទាប់ពីមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។រដ្ឋនេះបានជួបប្រទះភ្លៀងធ្លាក់យ៉ាងខ្លាំងពេញមួយចុងសប្តាហ៍ ដោយក្នុងនោះទីក្រុង Katherine បានមើលឃើញគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ១៩៩៨ មក។ នគរបាលបានជម្លៀសមនុស្សជាង ១ពាន់នាក់ នៅទូទាំងដែនដីនេះកាលពីថ្ងៃសៅរ៍កន្លងទៅ ដោយប្រើឧទ្ធម្ភាគចក្រ និងយន្តហោះដើម្បីទៅកាន់សហគមន៍ដាច់ស្រយាល។លោក Shaun Gill មន្រ្តីនគរបាលជាន់ខ្ពស់ក្នុងតំបន់ បានប្រាប់អ្នកសារព័ត៌មានថា៖ «គ្រោះទឹកជំនន់នេះធ្ងន់ធ្ងរខ្លាំងណាស់»។ លោកបន្តថា យ៉ាងហោចណាស់មានផ្ទះសម្បែងចំនួន ៩០ ខ្នង ពុំមានអគ្គិសនីប្រើប្រាស់នោះទេ ហើយបានព្រមានអ្នកស្រុកកុំឱ្យចុះហែលទឹកលេងឱ្យសោះ ព្រោះ «មានសត្វក្រពើនៅគ្រប់ទីកន្លែងទាំងអស់»។អភិបាលរដ្ឋ Northern Territory បាននិយាយថា សាលារៀនមួយចំនួននឹងនៅតែបន្តបិទទ្វាររហូតដល់ថ្ងៃចន្ទ ស្អែកនេះ ដោយសារតែទឹកជំនន់។ សត្វក្រពើទឹកប្រៃ និងទឹកសាបជាង ១០ម៉ឺនក្បាល ត្រូវបានគេប៉ាន់ប្រមាណថា កំពុងរស់នៅពាសពេញភាគខាងជើងនៃប្រទេសអូស្ត្រាលី។ ដែនដីភាគខាងជើងដ៏ធំល្វឹងល្វើយនេះ គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានប្រជាជនរស់នៅតិចតួចបំផុតរបស់ប្រទេសនេះ ហើយតែងតែរងគ្រោះដោយសារអាកាសធាតុធ្ងន់ធ្ងរជាញឹកញាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM